« ៣១. ការសម្ភាស និងការប្រជុំផ្សេងៗទៀតជាមួយសមាជិក » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ៣១. ការសម្ភាស និងការប្រជុំផ្សេងៗទៀតជាមួយសមាជិក » ក្បួនខ្នាតទូទៅ ។
៣១.
ការសម្ភាស និងការប្រជុំផ្សេងៗទៀតជាមួយសមាជិក
៣១.០
សេចក្តីផ្ដើម
ជាញឹកញាប់ ព្រះយេស៊ូវគ្រីស្ទធ្វើការងារបម្រើដល់មនុស្សដទៃទៀតម្នាក់ម្ដងៗ ( ជាឧទាហរណ៍ សូមមើល យ៉ូហាន ៤:៥–២៦; នីហ្វៃទី៣ ១៧:២១ ) ។ ទ្រង់ស្រឡាញ់បុត្រាបុត្រីម្នាក់ៗរបស់ព្រះ ។ ទ្រង់ជួយពួកគេជាលក្ខណៈបុគ្គល ។
ក្នុងនាមជាអ្នកដឹកនាំសាសនាចក្រ និងជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ អ្នកក៏មានឱកាសដើម្បីជួយដល់បុត្រាបុត្រីរបស់ព្រះជាលក្ខណៈបុគ្គលផងដែរ នៅក្នុងការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ ។ របៀបដ៏សំខាន់មួយ ដែលអ្នកអាចធ្វើការណ៍នេះបាន គឺតាមរយៈការសម្ភាស និងការប្រជុំមួយទល់នឹងមួយផ្សេងៗទៀត ។ ការបម្រើដ៏មានអត្ថន័យបំផុតមួយចំនួនរបស់អ្នក នឹងកើតឡើងមួយទល់នឹងមួយ ។ នៅក្នុងទម្រង់ទាំងនេះ អ្នកអាចផ្ដល់ក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទបាន ដោយជួយលើក « ដៃដែលរោយ » និងចម្រើនកម្លាំងដល់ « ក្បាលជង្គង់ដែលញ័រ » ផងដែរ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:៥ ) ។
នៅក្នុងជំពូកនេះ ពាក្យថា សម្ភាស សំដៅដល់ការប្រជុំរវាងអ្នកដឹកនាំម្នាក់ និងបុគ្គលម្នាក់ ដើម្បីកំណត់ថាតើបុគ្គលនោះគួរតែចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬទទួលការហៅមួយដែរឬទេ ( សូមមើល ៣១.២ ) ។ ជាទូទៅ ការសម្ភាសទាំងនេះត្រូវបានធ្វើឡើងដោយសមាជិកម្នាក់នៃគណៈប៊ីស្សព ឬគណៈប្រធានស្តេក ។ ពាក្យថា សម្ភាស ក៏សំដៅដល់ការសម្ភាសអំពីការងារបម្រើដែលត្រូវបានធ្វើឡើងដោយសមាជិកមួយរូបនៃគណៈប្រធានសមាគមសង្រ្គោះ ឬគណៈប្រធានកូរ៉ុមអែលឌើរផងដែរ ( សូមមើល ២១.៣ ) ។
ជាការបន្ថែមទៅលើការសម្ភាសទាំងនេះ មានមូលហេតុដទៃទៀតជាច្រើន ដែលអ្នកដឹកនាំសាសនាចក្រម្នាក់ជួបជាមួយនឹងសមាជិកដោយឡែកៗពីគ្នា ( សូមមើល ៣១.៣ ) ។ ឧទាហរណ៍ គណៈប៊ីស្សពដាក់កាលវិភាគប្រជុំជាទៀងទាត់ជាមួយនឹងយុវវ័យម្នាក់ៗនៅក្នុងវួដ ( សូមមើល ៣១.៣.១ ) ។ ទោះបីជាអ្នកមិនបម្រើនៅក្នុងគណៈប៊ីស្សពក៏ដោយ ក៏ប៊ីស្សពអាចសុំឲ្យអ្នកជួបជាមួយនឹងសមាជិកម្នាក់ដែលកំពុងត្រូវការជំនួយ ដើម្បីផ្ដល់ការគាំទ្រ និងការងារបម្រើជាបន្តបន្ទាប់បានដែរ ។ ឬសមាជិកម្នាក់អាចមករកអ្នក នៅពេលគាត់កំពុងប្រឈមនឹងឧបសគ្គផ្ទាល់ខ្លួន ឬគ្រួសារ ។
ជំពូកនេះអាចជួយដល់ថ្នាក់ដឹកនាំទាំងអស់ ដែលមានឱកាសដើម្បីជួបជាមួយនឹងសមាជិកដោយឡែកៗពីគ្នា ។ ថ្នាក់ដឹកនាំទាំងនេះអាចរួមមានថ្នាក់ដឹកនាំសមាគមសង្គ្រោះ កូរ៉ុមអែលឌើរ និងយុវនារី បងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ឬអ្នកដទៃទៀតដែលប៊ីស្សពចាត់តាំង ។
៣១.១
គោលការណ៍ណែនាំ
៣១.១.១
ការរៀបចំខ្លួនខាងវិញ្ញាណ
ប្រសិនបើអ្នកមានការទទួលខុសត្រូវដើម្បីជួបជាមួយនឹងសមាជិកម្នាក់ នោះព្រះអម្ចាស់នឹងប្រទានពរដល់អ្នកឲ្យមានការបំផុសគំនិតដែលអ្នកត្រូវការ នៅពេលដែលអ្នកស្វែងរកការបំផុសគំនិតនោះ ។ សូមរៀបចំខ្លួនអ្នកខាងវិញ្ញាណ តាមរយៈការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងការរស់នៅដោយសុចរិត ។ សូមស្ដាប់ការខ្សឹបរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់នឹងដឹកនាំអ្នកជាមួយនឹងចំណាប់អារម្មណ៍ គំនិត និងអារម្មណ៍នានា ។ ទ្រង់អាចជួយអ្នកឲ្យចងចាំការបង្រៀន ដែលអ្នកបានរៀននៅក្នុងព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីថ្ងៃចុងក្រោយ ដែលអាចជួយដល់បុគ្គលដែលអ្នកកំពុងជួបជាមួយនោះបាន ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៥; ១០០:៥–៨ ) ។
បណ្ណាល័យដំណឹងល្អមានការប្រមូលផ្ដុំនៃ ធនធានការប្រឹក្សា ។ កាលដែលអ្នករៀបចំដើម្បីជួបជាមួយសមាជិកម្នាក់ សូមពិចារណារំឭកពីព័ត៌មានអំពីប្រធានបទទាំងឡាយ ដែលអនុវត្តចំពោះគាត់ ។
ព្រះវិញ្ញាណបរិសុទ្ធក៏អាចដឹកនាំសមាជិកដែលអ្នកកំពុងតែជួបនោះផងដែរ ។ អ្នកអាចពិចារណាពីការអញ្ជើញគាត់ឲ្យរៀបចំខ្លួនខាងវិញ្ញាណសម្រាប់ការប្រជុំរបស់អ្នកផងដែរ ។
សូមពិចារណាធ្វើការអធិស្ឋានជាមួយនឹងសមាជិកនោះ ពេលដែលអ្នកចាប់ផ្ដើមការប្រជុំ ។ ការណ៍នេះអញ្ជើញឲ្យមាននូវស្មារតីនៃការបន្ទាបខ្លួន និងសេចក្ដីជំនឿ កាលដែលអ្នកទូលសូមដល់ព្រះរួមគ្នា ដើម្បីបានជំនួយទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៣២; ២៩:៦ ) ។
អំឡុងការសម្ភាស ឬការប្រជុំនោះ បញ្ហា ឬសំណួរមួយអាចលេចឡើង ដែលអ្នកមានអារម្មណ៍ថាមិនបានរៀបចំខ្លួនដើម្បីដោះស្រាយ ។ អ្នកអាចផ្ដល់យោបល់ថា អ្នក និងសមាជិកនោះ ម្នាក់ៗស្វែងរកការណែនាំរបស់ព្រះអម្ចាស់—ឧទាហរណ៍ តាមរយៈការសិក្សា ការអធិស្ឋាន និងការតមអាហារ ។ អ្នកក៏អាចយោងទៅព័ត៌មានដែលទាក់ទងនៅក្នុង ធនធានការប្រឹក្សា ឬ ជួយដល់ជីវិត នៅក្នុងបណ្ណាល័យដំណឹងល្អបានផងដែរ ។ បន្ទាប់មក អ្នកអាចជួបគ្នាម្ដងទៀត ដើម្បីពិភាក្សាអំពីបញ្ហានោះបន្ថែមទៀត ។
ប្រសិនបើសមាជិកបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ សូមបញ្ជូនគាត់ឲ្យទៅជួបប៊ីស្សព ។
៣១.១.២
ជួយសមាជិកឲ្យមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះ
ក្នុងនាមជាអ្នកដឹកនាំសាសនាចក្រ អ្នកគឺជាអ្នកតំណាងឲ្យព្រះអង្គសង្គ្រោះ ។ ផ្នែកដ៏សំខាន់មួយនៃបេសកកម្មរបស់ទ្រង់ គឺដើម្បីប្រាស្រ័យទាក់ទងសេចក្ដីស្រឡាញ់របស់ព្រះទៅកាន់បុត្រាបុត្រីរបស់ទ្រង់ ( សូមមើល យ៉ូហាន ៣:១៦–១៧ ) ។ ពេលសមាជិកមកកាន់អ្នកដើម្បីទទួលការសម្ភាស ឬសុំជំនួយជាមួយនឹងឧបសគ្គផ្ទាល់ខ្លួនមួយ ជាញឹកញាប់អ្វីដែលពួកគេត្រូវការបំផុតនោះគឺ ដើម្បីបានដឹងថាព្រះវរបិតាសួគ៌ស្រឡាញ់ពួកគេ ។ សេចក្ដីស្រឡាញ់នេះអាចពង្រឹងពួកគេ និងបំផុសពួកគេឲ្យមករកព្រះគ្រីស្ទ ប្រែចិត្តពីអំពើបាប និងធ្វើការជ្រើសរើសល្អៗ ។
ព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយអញ្ជើញឲ្យមានព្រះវិញ្ញាណ និងបង្រៀនគោលលទ្ធិដ៏បរិសុទ្ធ ។ សូមប្រើប្រាស់វាជាញឹកញាប់ ជាមួយនឹងការយល់ចិត្ត និងសេចក្ដីស្រឡាញ់ នៅពេលដែលអ្នកជួបជាមួយនឹងសមាជិកទាំងឡាយ ។ សូមប្រើវាដើម្បីបំផុសគំនិត និងលើកទឹកចិត្ត មិនមែនដើម្បីផ្ដន្ទាទោស បង្ខិតបង្ខំ ឬបណ្តាលឲ្យមានការភ័យខ្លាចនោះទេ ( សូមមើល លូកា ៩:៥៦ ) ។
សូមដាក់កាលវិភាគឲ្យមានពេលច្រើនសម្រាប់ការប្រជុំនោះ ។ សមាជិកមិនគួរមានអារម្មណ៍ថា អ្នកជាប់រវល់ពេកនោះទេ ។ សូមផ្ដល់ការយកចិត្តទុកដាក់របស់អ្នកទាំងស្រុងដល់គាត់ ។
៣១.១.៣
ជួយសមាជិកឲ្យទាញយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ
ព្រះយេស៊ូវគ្រីស្ទបានលើកដាក់មកលើអង្គទ្រង់នូវអំពើបាបទាំងឡាយរបស់យើង « ដើម្បីទ្រង់អាចលុបចោលនូវអំពើរំលងទាំងឡាយ [ របស់យើង ] ស្របតាមព្រះចេស្ដានៃការដោះលែងរបស់ទ្រង់ » ( អាលម៉ា ៧:១៣ ) ។ ទ្រង់ក៏បានលើកដាក់លើអង្គទ្រង់នូវសេចក្ដីទុក្ខវេទនា ការឈឺចាប់ និងជំងឺរបស់យើង « ដើម្បីទ្រង់អាចដឹង … តើត្រូវជួយរាស្ត្រទ្រង់បែបណា » ផងដែរ ( សូមមើល អាលម៉ា ៧:១១–១២ ) ។
សូមលើកទឹកចិត្តសមាជិកឲ្យបែរទៅរកទ្រង់ ។ សូមជួយពួកគេឲ្យទាញយកព្រះចេស្ដារបស់ទ្រង់ ដើម្បីពង្រឹង លួងលោម និងប្រោសលោះ ។ ព្រះចេស្ដានេះបានមកតាមរយៈការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ធ្វើតាមគំរូរបស់ទ្រង់ ទទួលពិធីបរិសុទ្ធនៃបព្វជិតភាព រក្សាសេចក្ដីសញ្ញា និងធ្វើតាមការបំផុសមកពីព្រះវិញ្ញាណបរិសុទ្ធ ។
៣១.១.៤
ជួយសមាជិកឲ្យមានអារម្មណ៍ស្រួលក្នុងចិត្ត និងសុវត្ថិភាព
សមាជិកមួយចំនួនមានបទពិសោធន៍ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថប់បារម្ភ ឬសន្ធប់ នៅពេលពួកគេជួបជាមួយនឹងអ្នកដឹកនាំសាសនាចក្រម្នាក់ ។ សូមស្វែងរករបៀបដើម្បីជួយឲ្យពួកគេមានអារម្មណ៍ស្ងប់ មានអារម្មណ៍ថាមានសុវត្ថិភាព និងស្រួលក្នុងចិត្ត ។ សូមស្វែងយល់ពីសមាជិកពីអ្វីដែលអ្នកអាចធ្វើបានដើម្បីជួយដល់ពួកគេ ។
តែងតែផ្តល់ឲ្យសមាជិកនូវជម្រើសនៃការមាននរណាម្នាក់ផ្សេងទៀតនៅជាមួយក្នុងពេលសម្ភាស ឬការប្រជុំជានិច្ច ។ នៅពេលជួបជាមួយនឹងសមាជិកម្នាក់ដែលមានភេទផ្ទុយគ្នា កុមារ ឬយុវវ័យ ត្រូវប្រាកដថាមានឪពុក ឬម្ដាយ ឬមជ្ឈិមវ័យម្នាក់ទៀតនៅជាមួយ ។ គាត់អាចចូលរួមក្នុងការប្រជុំ ឬចាំនៅខាងក្រៅបន្ទប់ អាស្រ័យទៅលើជម្រើសរបស់សមាជិកដែលអ្នកកំពុងជួបនោះ ។
ប្រសិនបើការប្រជុំនៅសាលាប្រជុំធ្វើឲ្យសមាជិកនោះមិនមានភាពងាយស្រួល សូមធ្វើការសម្រេចចិត្តជាមួយគ្នាពីកន្លែងផ្សេងមួយដើម្បីជួបគ្នា ។ សូមរកកន្លែងមួយដែលព្រះវិញ្ញាណបរិសុទ្ធអាចមានវត្តមាន ហើយអ្នកអាចរក្សាទំនុកចិត្តបាន ។ សូមពិចារណាពីសុវត្ថិភាពរបស់ខ្លួនអ្នកផ្ទាល់ និងរបស់សមាជិកនោះផងដែរ ។ សម្រាប់ព័ត៌មានអំពីការជួបជាមួយសមាជិកតាមអនឡាញ សូមមើល ៣១.៤ ។
ផ្នែកដ៏សំខាន់មួយទៀតនៃការជួយសមាជិកឲ្យមានអារម្មណ៍ថាមានសុវត្ថិភាព គឺការរក្សាភាពសម្ងាត់ ។ សូមអះអាងដល់សមាជិកឡើងវិញថា ការសន្ទនារបស់អ្នកនឹងជាការសម្ងាត់ ។
កុំចែកចាយព័ត៌មានសម្ងាត់ជាមួយនរណាម្នាក់ឡើយ—រួមទាំងស្វាមី ឬភរិយារបស់អ្នក ឬថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតផងដែរ—លើកលែងតែសមាជិកនោះផ្ដល់ការអនុញ្ញាត ។ សូមបន្តរក្សាបញ្ហាបែបនោះទុកជាសម្ងាត់ សូម្បីតែបន្ទាប់ពីពេលដែលអ្នកត្រូវបានដោះលែងហើយក្ដី ។ ការបំពានលើភាពសម្ងាត់អាចប៉ះពាល់ដល់សេចក្តីជំនឿ ការទុកចិត្ត និងទីបន្ទាល់របស់សមាជិក ។ សមាជិកទំនងជាស្វែងរកជំនួយពីថ្នាក់ដឹកនាំសាសនាចក្រ ប្រសិនបើពួកគេដឹងថា អ្វីដែលពួកគេចែកចាយនឹងត្រូវបានរក្សាទុកជាការសម្ងាត់ ។
សម្រាប់ព័ត៌មានបន្ថែមអំពីភាពសម្ងាត់ សូមមើល ៣២.៤.៤ ។
៣១.១.៥
សួរសំណួរដែលបំផុសគំនិត ហើយស្ដាប់ដោយប្រុងប្រយ័ត្ន
ពេលជួបជាមួយនឹងសមាជិក សូមសួរសំណួរដែលជួយអ្នកឲ្យយល់ពីស្ថានភាពរបស់គាត់ ។ សូមផ្ដល់ឱកាសឲ្យសមាជិកបង្ហាញគំនិត និងអារម្មណ៍របស់គាត់ដោយសេរី ។
ពេលសមាជិកកំពុងនិយាយ សូមស្ដាប់ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ។ សូមព្យាយាមយល់ឲ្យបានច្បាស់លាស់សិនមុននឹងឆ្លើយតប ។ ប្រសិនបើចាំបាច់ សូមសួរសំណួរតាមដាន ដើម្បីប្រាកដថាអ្នកយល់ ។ ប៉ុន្តែ សូមកុំសួរគាស់កកាយដោយមិនចាំបាច់ ។
ការស្ដាប់ជួយស្ថាបនាសេចក្ដីទុកចិត្ត ។ វាជួយអ្នកដទៃទៀតឲ្យមានអារម្មណ៍ថា មានគេយល់ ឲ្យតម្លៃ និងស្រឡាញ់ ។ ជានិច្ចជាកាល មនុស្សត្រូវការនរណាម្នាក់ដែលពួកគេទុកចិត្ត ដើម្បីស្តាប់ពួកគេ នៅពេលពួកគេខិតខំឆ្លងកាត់ឧបសគ្គទាំងឡាយ ។ ការស្ដាប់ក៏អាចជួយអ្នកឲ្យបើកដួងចិត្តអ្នកចំពោះការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធផងដែរ ។
៣១.១.៦
លើកទឹកចិត្តឲ្យមានភាពខ្លួនទីពឹងខ្លួន
ដោយសារតែសេចក្ដីស្រឡាញ់របស់អ្នកចំពោះសមាជិក អ្នកអាចនឹងចង់ផ្ដល់ដំណោះស្រាយភ្លាមៗចំពោះបញ្ហារបស់ពួកគេ ។ ទោះជាយ៉ាងណា អ្នកនឹងផ្ដល់ពរជ័យដល់ពួកគេកាន់តែច្រើន ដោយការជួយពួកគេឲ្យស្វែងរកដំណោះស្រាយដោយខ្លួនពួកគេ ហើយធ្វើការសម្រេចចិត្តដោយខ្លួនគេ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៨ ) ។
សូមជួយពួកគេឲ្យចេះវិភាគបញ្ហា ឬសំណួររបស់ពួកគេនៅក្នុងបរិបទនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសេចក្តីសង្គ្រោះ ។ សូមបង្រៀនពួកគេពីរបៀបដើម្បីស្វែងរកការណែនាំពីព្រះអម្ចាស់ តាមរយៈព្រះគម្ពីរ ប្រសាសន៍របស់ពួកព្យាការីដែលនៅរស់ និងវិវរណៈផ្ទាល់ខ្លួន ។ តាមរបៀបនេះ អ្នកជួយសមាជិកឲ្យរៀបចំខ្លួន ដើម្បីប្រឈមនឹងឧបសគ្គផ្សេងៗទៀតនាពេលអនាគត ។ ពួកគេក៏នឹងអាចជួយអ្នកដទៃបានកាន់តែល្អ រួមទាំងគ្រួសាររបស់ពួកគេផងដែរ ។
៣១.១.៧
គាំទ្រដល់ការខិតខំដើម្បីប្រែចិត្ត
ពេលខ្លះសមាជិកម្នាក់អាចស្វែងរកជំនួយដើម្បីប្រែចិត្តពីអំពើបាប ។ មានអ្វីៗជាច្រើន ដែលអ្នកអាចធ្វើបាន ដើម្បីបំផុសឲ្យមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងលើកទឹកចិត្តសមាជិកនោះឲ្យស្វែងរកការអភ័យទោស ។
មានតែប៊ីស្សព ឬប្រធានស្តេកប៉ុណ្ណោះ ដែលអាចជួយបុគ្គលម្នាក់ឲ្យដោះស្រាយអំពើបាបធ្ងន់ធ្ងរបាន ។ ការណ៍មួយចំនួនទាំងនេះមាននៅក្នុង ៣២.៦ ។ ប្រសិនបើសមាជិកនោះបានប្រព្រឹត្តអំពើបាបណាមួយទាំងនេះ គាត់គួរតែជួបជាមួយនឹងប៊ីស្សព ឬប្រធានស្ដេកភ្លាមៗ ។
ប៊ីស្សព និងប្រធានស្តេកម្នាក់ៗគឺជា « ចៅក្រមនៅអ៊ីស្រាអែល » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៧២ ) ។ តាមរយៈសិទ្ធិអំណាចនេះ ពួកគាត់ជួយសមាជិកឲ្យប្រែចិត្តពីអំពើបាប និងមករកព្រះគ្រីស្ទ ដែលទ្រង់អត់ទោសដល់អំពើបាប ( សូមមើល ៣២.១ និង ៣២.៣ ) ។
នៅក្នុងការទទួលខុសត្រូវទាំងនេះ ថ្នាក់ដឹកនាំទាំងនេះតំណាងឲ្យព្រះអម្ចាស់ ។ ពួកគាត់ខិតខំប្រើ « សេចក្ដីជំនុំជម្រះដែល [ ទ្រង់ ] នឹងប្រទានដល់ [ ពួកគាត់ ] ( នីហ្វៃទី៣ ២៧:២៧ ) ។ ពួកគាត់បង្រៀនថា ការប្រែចិត្តរាប់បញ្ចូលទាំងការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការមានវិញ្ញាណទន់ទាប ការបោះបង់ចោលអំពើបាប ការស្វែងរកការអភ័យទោស ការធ្វើខ្លួនឲ្យល្អឡើងវិញ និងការរក្សាបទបញ្ញត្តិទាំងឡាយដោយមានការប្តេជ្ញាចិត្តជាថ្មី ។
ដើម្បីជួយពួកគាត់ឲ្យបំពេញតួនាទីរបស់ពួកគាត់ ប៊ីស្សព និងប្រធានស្តេកត្រូវបានប្រទានពរជាមួយនឹងអំណោយទានខាងវិញ្ញាណនៃការដឹងខុសត្រូវ ។ អំណោយទាននេះជួយពួកគាត់ឲ្យដឹងពីសេចក្ដីពិត យល់ពីដួងចិត្តរបស់សមាជិក និងរកឃើញសេចក្ដីត្រូវការរបស់សមាជិកនោះ ( សូមមើល ពង្សាវតារក្សត្រ ទី១ ៣:៦–១២; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:២៧–២៨ ) ។
ទោះបីជាការសារភាពធ្វើឡើងជាមួយនឹង « ចៅក្រមនៅអ៊ីស្រាអែល » មួយរូបក្ដី ដោយមានការអនុញ្ញាតរបស់សមាជិកនោះ ថ្នាក់ដឹកនាំដទៃទៀតអាចផ្ដល់ការគាំទ្រនៅក្នុងកិច្ចខិតខំរបស់គាត់ដើម្បីប្រែចិត្តបាន ។ ការណ៍នេះមានប្រយោជន៍ជាពិសេស នៅពេលដែលការប្រែចិត្តនឹងត្រូវការពេលយូរ ។ សូមមើលផ្នែកចុងក្រោយនៃ ៣២.៨.១ សម្រាប់គោលការណ៍ណែនាំទាំងឡាយ ។
៣១.១.៨
ឆ្លើយតបដោយសមរម្យចំពោះការរំលោភបំពាន
ការរំលោភបំពានមិនត្រូវបានអត់ឱនឲ្យឡើយនៅគ្រប់ទម្រង់ទាំងអស់ ។ សូមទទួលយកការរាយការណ៍អំពីការរំលោភបំពានដោយហ្មត់ចត់ ។ ប្រសិនបើអ្នកបានដឹងថា នរណាម្នាក់ទទួលរងការរំលោភបំពាន សូមរាយការណ៍ទៅកាន់អាជ្ញាធរស៊ីវិល ហើយប្រឹក្សាជាមួយនឹងប៊ីស្សព ។ គោលការណ៍ណែនាំសម្រាប់ការរាយការណ៍ និងការឆ្លើយតបចំពោះការរំលោភបំពាន ត្រូវបានផ្តល់ឲ្យនៅក្នុង ៣៨.៦.២ ។
សម្រាប់ព័ត៌មានអំពីអ្វីដែលប៊ីស្សព និងប្រធានស្ដេកគួរធ្វើ នៅពេលពួកគាត់ដឹងអំពីការរំលោភបំពាន សូមមើល ៣៨.៦.២.១ ។
សម្រាប់ព័ត៌មានបន្ថែមអំពីការជួយជនរងគ្រោះនៃការរំលោភបំពាន សូមមើល « ការរំលោភបំពាន ( ជំនួយសម្រាប់ជនរងគ្រោះ ) » នៅក្នុង ធនធានការប្រឹក្សា ។ អ្នកក៏អាចណែនាំដល់សមាជិកនូវ ធនធានដ៏មានប្រយោជន៍អំពីការរំលោភបំពាន នៅក្នុង ជួយដល់ជីវិត ផងដែរ ។
សម្រាប់ព័ត៌មានស្ដីពីការជួយដល់ជនរងគ្រោះនៃការរំលោភសេពសន្ថវៈ ឬការបំពារបំពានលើផ្លូវភេទផ្សេងទៀត សូមមើល ៣៨.៦.១៨.២ ។
៣១.២
ការសម្ភាស
៣១.២.១
គោលបំណងនៃកិច្ចសម្ភាស
ជាទូទៅ ថ្នាក់ដឹកនាំសាសនាចក្រសម្ភាសសមាជិកទាំងឡាយ ដើម្បីកំណត់ថាពួកគេ ៖
-
បានរៀបចំខ្លួនជាស្រេចដើម្បីទទួល ឬចូលរួមនៅក្នុងពិធីបរិសុទ្ធមួយ ។
-
គួរតែត្រូវបានហៅឲ្យមានតំណែងមួយនៅក្នុងសាសនាចក្រ ។
ការសម្ភាសប្រភេទនេះភាគច្រើនបំផុត ត្រូវបានដឹកនាំដោយសមាជិកម្នាក់នៃគណៈប៊ីស្សព ឬគណៈប្រធានស្តេក ។ ការសម្ភាសទាំងនេះមិនអាចត្រូវបានបែងចែកទៅឲ្យថ្នាក់ដឹកនាំវួដផ្សេងទៀតបានទេ ។ ទោះជាយ៉ាងណា ប្រធានស្តេកមួយរូបអាចបែងចែកការសម្ភាសមួយចំនួនទៅទីប្រឹក្សាជាន់ខ្ពស់បាន ដូចមានចែងនៅក្នុងតារាងនៃការហៅទាំងឡាយ ( សូមមើល ៣០.៨ ) ។
៣១.២.២
ប្រភេទទាំងឡាយនៃការសម្ភាស
ប៊ីស្សពត្រូវបានហៅថាជា « ចៅក្រមទូទៅ » នៅក្នុងវួដរបស់គាត់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៧៤; សូមមើលផងដែរ ៧.១.៣ ) ។ ប្រធានស្តេកក៏បម្រើជាចៅក្រមទូទៅផងដែរ ( សូមមើល ៦.២.៣ ) ។ ថ្នាក់ដឹកនាំទាំងនេះកាន់កូនសោបព្វជិតភាពដើម្បីផ្ដល់សិទ្ធិអំណាចដល់ពិធីបរិសុទ្ធទាំងឡាយ ។ ដោយសារមូលហេតុទាំងនេះហើយ ទើបមានការសម្ភាសជាក់លាក់ទាំងឡាយ ដែលមានតែពួកគាត់ប៉ុណ្ណោះទើបអាចធ្វើបាន ។ ពួកគាត់អាចបែងចែកការសម្ភាសផ្សេងៗទៀតទៅកាន់ទីប្រឹក្សាបាន ។ តារាងខាងក្រោមនេះបង្ហាញពីអ្នកដែលអាចដឹកនាំការសម្ភាសនីមួយៗ ។
អ្នកដែលអាចដឹកនាំការសម្ភាស |
គោលបំណងនៃការសម្ភាស |
---|---|
អ្នកដែលអាចដឹកនាំការសម្ភាស ប៊ីស្សពតែប៉ុណ្ណោះ | គោលបំណងនៃការសម្ភាស
|
អ្នកដែលអាចដឹកនាំការសម្ភាស ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលគាត់ចាត់តាំង | គោលបំណងនៃការសម្ភាស
|
អ្នកដែលអាចដឹកនាំការសម្ភាស ប្រធានស្តេកតែប៉ុណ្ណោះ | គោលបំណងនៃការសម្ភាស
|
អ្នកដែលអាចដឹកនាំការសម្ភាស ប្រធានស្តេក ឬទីប្រឹក្សាម្នាក់ដែលគាត់ចាត់តាំង | គោលបំណងនៃការសម្ភាស
|
អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្ភាសពួកអ្នកប្រែចិត្តជឿសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ( សូមមើល ៣១.២.៣.២ ) ។
សមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះធ្វើការសម្ភាសអំពីការងារបម្រើ ( សូមមើល ២១.៣ ) ។
៣១.២.៣
ការសម្ភាសសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
៣១.២.៣.១
កុមារជាសមាជិកដែលមានក្នុងកំណត់ត្រា
ប៊ីស្សពកាន់កូនសោបព្វជិតភាពសម្រាប់ការធ្វើពិធីបុណ្យជ្រមុជទឹកឲ្យសមាជិកអាយុ ៨ ឆ្នាំ ដែលមានកំណត់ត្រាក្នុងវួដរបស់គាត់ ។ ដោយសារហេតុផលនេះហើយ ទើបគាត់ ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ធ្វើការសម្ភាសបុគ្គលទាំងឡាយខាងក្រោមនេះសម្រាប់ពិធីបុណ្យជ្រមុជទឹក ៖
-
កុមារអាយុ ៨ ឆ្នាំដែលជាសមាជិកមានកំណត់ត្រា ។
-
កុមារអាយុ ៨ ឆ្នាំ ដែលមិនមែនជាសមាជិកក្នុងកំណត់ត្រា ប៉ុន្តែមានឪពុក ឬម្តាយ ឬអាណាព្យាបាលម្នាក់ជាសមាជិក ។
-
សមាជិកដែលមានក្នុងកំណត់ត្រាដែលមានអាយុ ៩ ឆ្នាំឡើងទៅ ដែលពិធីបុណ្យជ្រមុជទឹករបស់ពួកគេត្រូវបានពន្យារពេល ដោយសារតែពិការភាពខាងបញ្ញា ។
នៅក្នុងការសម្ភាស សមាជិកគណៈប៊ីស្សពធ្វើឲ្យប្រាកដថា កុមារយល់ពីគោលបំណងនៃពិធីបុណ្យជ្រមុជទឹក ( សូមមើល នីហ្វៃទី២ ៣១:៥–២០ ) ។ គាត់ក៏ត្រូវប្រាកដផងដែរថា កុមារនោះយល់អំពីសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ហើយបានតាំងចិត្តរស់នៅតាមសេចក្តីសញ្ញានោះ ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ គាត់មិនចាំបាច់ប្រើប្រាស់បញ្ជីសំណួរជាក់លាក់នោះទេ ។ នេះមិនមែនជាការសម្ភាសដើម្បីកំណត់ពីភាពស័ក្ដិសមនោះទេ ដោយសារតែ « កូនក្មេងតូចពុំចាំបាច់មានការប្រែចិត្ត » ឡើយ ( មរ៉ូណៃ ៨:១១ ) ។
តម្រូវឲ្យមានការអនុញ្ញាតពីឪពុកម្ដាយ ឬអាណាព្យាបាល មុនពេលដែលអនីតិជនអាចទទួលបុណ្យជ្រមុជទឹកបាន ( សូមមើល ៣៨.២.៨.២ ) ។
៣១.២.៣.២
អ្នកប្រែចិត្តជឿ
ប្រធានបេសកកម្មកាន់កូនសោបព្វជិតភាព សម្រាប់ការធ្វើពិធីបុណ្យជ្រមុជទឹកដល់ពួកអ្នកប្រែចិត្តជឿ ។ ដោយសារមូលហេតុនេះហើយ ទើបអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងម្នាក់សម្ភាស ៖
-
បុគ្គលអាយុ ៩ ឆ្នាំឡើងទៅ ដែលមិនធ្លាប់ទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ពីមុនមក ។ សូមមើល ៣១.២.៣.១ សម្រាប់ករណីលើកលែងចំពោះបុគ្គលដែលមានពិការភាពខាងបញ្ញា ។
-
កុមារអាយុ ៨ ឆ្នាំឡើងទៅ ដែលឪពុកម្ដាយមិនមែនជាសមាជិកក្នុងសាសនាចក្រ ។
-
កុមារអាយុ ៨ ឆ្នាំឡើងទៅ ដែលមានឪពុក ឬម្ដាយម្នាក់ ដែលនឹងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ផងដែរ ។
អ្នកផ្សព្វផ្សាយសាសនាជាអ្នកដឹកនាំមណ្ឌល ឬហ្សូនដឹកនាំការសម្ភាសនោះ ។ សម្រាប់ព័ត៌មានអំពីស្ថានភាពដែលតម្រូវឲ្យមានការផ្ដល់សិទ្ធិអំណាចជាពិសេស សូមមើល ៣៨.២.៨.៧ ។
អ្នកដែលនឹងប្រែចិត្តជឿម្នាក់ៗគួរតែជួបនឹងប៊ីស្សព មុនពេលពិធីបុណ្យជ្រមុជទឹក ។ ទោះជាយ៉ាងណា ប៊ីស្សពមិនសម្ភាសគាត់សម្រាប់ពិធីបុណ្យជ្រមុជទឹកនោះទេ ។ ហើយគាត់ក៏មិនកំណត់ពីភាពស័ក្ដិសមដែរ ។ គោលបំណងនៃការជួបនេះគឺដើម្បីស្ថាបនាទំនាក់ទំនងជាមួយបុគ្គលនោះ ។
នៅក្នុងការសម្ភាស អ្នកផ្សព្វផ្សាយសាសនាធ្វើតាមការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកំណត់ថាតើបុគ្គលនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចដែលបានរៀបរាប់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ ដែរឬទេ ( សូមមើលផងដែរ ម៉ូសាយ ១៨:៨–១០; មរ៉ូណៃ ៦:១–៤ ) ។ អ្នកផ្សព្វផ្សាយសាសនាប្រើសំណួរដូចខាងក្រោមនេះ ៖ គាត់សម្របសំណួរទាំងនេះទៅតាមអាយុ និងភាពចាស់ទុំ និងស្ថានភាពរបស់បុគ្គលនោះ ។
-
តើអ្នកជឿថា ព្រះគឺជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ចរបស់យើងដែរឬទេ ? តើអ្នកជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ និងជាព្រះអង្គសង្រ្គោះ និងជាព្រះប្រោសលោះនៃពិភពលោកដែរឬទេ ?
-
តើអ្នកជឿថា សាសនាចក្រ និងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានស្តារឡើងវិញ តាមរយៈព្យាការីយ៉ូសែប ស្ម៊ីធដែរឬទេ ? តើអ្នកជឿថា [ ប្រធានសាសនាចក្របច្ចុប្បន្ន ] គឺជាព្យាការីមួយរូបរបស់ព្រះដែរឬទេ ? តើការណ៍នេះមានន័យយ៉ាងណាចំពោះអ្នក ?
-
តើការប្រែចិត្តមានន័យយ៉ាងណាចំពោះអ្នក ? តើអ្នកមានអារម្មណ៍ថា អ្នកបានប្រែចិត្តពីអំពើបាបពីអតីតកាលរបស់អ្នកហើយឬនៅ ?
-
អ្នកបានត្រូវបង្រៀនថា សមាជិកភាពនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមមាននូវការរស់នៅតាមបទដ្ឋានរបស់ដំណឹងល្អផងដែរ ។ តើអ្នកយល់អ្វីខ្លះអំពីបទដ្ឋានដូចខាងក្រោមនេះ ? តើអ្នកយល់ព្រមគោរពតាមបទដ្ឋានទាំងនេះដែរឬទេ ?
-
ច្បាប់ព្រហ្មចារីភាព ដែលហាមឃាត់រាល់ទំនាក់ទំនងផ្លូវភេទនៅក្រៅចំណងអាពាហ៍ពិពាហ៍ស្របច្បាប់រវាងបុរសម្នាក់ និងស្ត្រីម្នាក់
-
ច្បាប់ដង្វាយមួយភាគក្នុងដប់
-
ពាក្យសម្តីនៃប្រាជ្ញាវាងវៃ
-
ការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ រួមទាំងការទទួលទានសាក្រាម៉ង់ប្រចាំសប្តាហ៍ និងការបម្រើដល់អ្នកដទៃទៀតផងដែរ
-
-
តើអ្នកធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែរឬទេ ? ប្រសិនបើមាន តើឥឡូវនេះអ្នកស្ថិតនៅក្នុងការព្យួរទោស ដោយមានលក្ខខណ្ឌ ឬការដោះលែងឲ្យរួចពីទោសដែរឬទេ ?
-
តើអ្នកធ្លាប់ចូលរួមនៅក្នុងការពន្លូតកូនដែរឬទេ ? ( សូមមើល ៣៨.៦.១ ) ។
-
នៅពេលអ្នកទទួលបុណ្យជ្រមុជទឹក អ្នកចុះសេចក្ដីសញ្ញាជាមួយព្រះថា អ្នកព្រមលើកដាក់មកលើខ្លួនអ្នកនូវព្រះនាមនៃព្រះគ្រីស្ទ បម្រើអ្នកដទៃទៀត ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេលទាំងអស់ និងរក្សាព្រះបញ្ញត្តិរបស់ទ្រង់ពេញមួយជីវិតរបស់អ្នក ។ តើអ្នករៀបចំខ្លួនហើយឬនៅ ដើម្បីរក្សាសេចក្ដីសញ្ញានេះ ហើយព្យាយាមដើម្បីស្មោះត្រង់នឹងសេចក្ដីសញ្ញានេះ ?
សម្រាប់ការណែនាំទាំងឡាយ ប្រសិនបើបុគ្គលឆ្លើយដោយអះអាងថាពិតចំពោះសំណួរទី ៥ ឬ ៦ សូមមើល ៣៨.២.៨.៧ ។ សូមមើលផងដែរ ៣៨.២.៨.៨ ។
ប្រសិនបើបុគ្គលនោះបានរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹក នោះអ្នកសម្ភាសបំពេញកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ( សូមមើល ១៨.៨.៣ ) ។
៣១.២.៤
ការសម្ភាសសម្រាប់ការតែងតាំងឲ្យមានតំណែងមួយក្នុងបព្វជិតភាពអើរ៉ុន
ប៊ីស្សពកាន់កូនសោបព្វជិតភាពសម្រាប់ការប្រគល់បព្វជិតភាពអើរ៉ុន ។ គាត់ក៏កាន់កូនសោបព្វជិតភាពសម្រាប់ការតែងតាំងតំណែងឌីកុន គ្រូ និងសង្ឃផងដែរ ។ ប៊ីស្សព ឬក៏ទីប្រឹក្សាដែលបានចាត់មួយរូប សម្ភាសអ្នកទាំងឡាយដែលត្រូវតែងតាំងជាឌីកុន ឬគ្រូ ដើម្បីកំណត់ថាតើពួកគេបានរៀបចំខាងវិញ្ញាណឬទេ ។ ប៊ីស្សពសម្ភាសអ្នកទាំងឡាយដែលនឹងត្រូវតែងតាំងជាសង្ឃ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ១៨.១០.២ ។
៣១.២.៥
ការសម្ភាសប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។ ការចូលព្រះវិហារបរិសុទ្ធ និងការចូលរួមនៅក្នុងពិធីបរិសុទ្ធទាំងឡាយដែលមាននៅក្នុងនោះ គឺជាឯកសិទ្ធិដ៏ពិសិដ្ឋមួយ ។ ឯកសិទ្ធិនេះត្រូវបានរក្សាទុកសម្រាប់អ្នកទាំងឡាយ ដែលបានរៀបចំខ្លួនខាងវិញ្ញាណ ហើយខិតខំរស់នៅតាមបទដ្ឋានរបស់ព្រះអម្ចាស់ ដូចដែលបានកំណត់ដោយថ្នាក់ដឹកនាំបព្វជិតភាពដែលមានសិទ្ធិអំណាច ។
ដើម្បីធ្វើការកំណត់នេះ ថ្នាក់ដឹកនាំបព្វជិតភាពសម្ភាសសមាជិក ដោយប្រើប្រាស់សំណួរទាំងឡាយនៅក្នុង ធ.ថ.ស. ( សូមមើលផងដែរនូវគោលការណ៍ណែនាំនៅក្នុង ២៦.៣ ) ។ ថ្នាក់ដឹកនាំមិនគួរបន្ថែម ឬដកការតម្រូវណាមួយចេញឡើយ ។ ទោះជាយ៉ាងណា ពួកគាត់អាចសម្របសម្រួលសំណួរទៅតាមអាយុ និងស្ថានភាពរបស់សមាជិកបាន ។
៣១.២.៦
ការសម្ភាសសម្រាប់ការតែងតាំងឲ្យមានតំណែងមួយក្នុងបព្វជិតភាពម៉ិលគីស្សាដែក
ប្រធានស្តេកកាន់កូនសោបព្វជិតភាពសម្រាប់ការប្រគល់បព្វជិតភាពម៉ិលគីស្សាដែក ។ គាត់ក៏កាន់កូនសោសម្រាប់ការតែងតាំងតំណែងអែលឌើរ និងសង្ឃជាន់ខ្ពស់ផងដែរ ។
ដោយមានការអនុម័តមកពីគណៈប្រធានស្តេក នោះប៊ីស្សពសម្ភាសសមាជិក ដោយប្រើប្រាស់សំណួរទាំងឡាយដែលបានផ្ដល់ឲ្យខាងក្រោមនេះ ។ មុនពេលធ្វើដូច្នោះ គាត់ផ្ទៀងផ្ទាត់ថា កំណត់ត្រាសមាជិកភាពរបស់បុគ្គលនោះមិនរួមបញ្ចូលនូវការចារចំណាំ ការដាក់កំហិតលើពិធីបរិសុទ្ធ ឬការដាក់កំហិតលើសមាជិកភាពសាសនាចក្រឡើយ ។
បន្ទាប់ពីការសម្ភាស ប្រសិនបើប៊ីស្សពមានអារម្មណ៍ថា សមាជិកនោះបានរៀបចំខ្លួនដើម្បីទទួលការតែងតាំងហើយ នោះគាត់បំពេញ និងបញ្ជូន កំណត់ត្រាតែងតាំងបព្វជិតភាពម៉ិលគីស្សាដែក ។ បន្ទាប់មក សមាជិកមួយរូបនៃគណៈប្រធានស្តេកសម្ភាសសមាជិកនោះ ហើយគាត់ក៏ប្រើប្រាស់សំណួរទាំងឡាយខាងក្រោមនេះដែរ ។
បុរសម្នាក់ដែលទទួលបព្វជិតភាពម៉ិលគីស្សាដែក ចូលទៅក្នុងសម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព ។ ការណ៍នេះត្រូវបានពិពណ៌នានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៣៣–៤៤ ។ អំឡុងពេលសម្ភាស ប៊ីស្សព និងសមាជិកគណៈប្រធានស្តេកធ្វើឲ្យប្រាកដថា សមាជិករូបនោះយល់ពីសម្បថ និងសេចក្ដីសញ្ញានេះ ហើយយល់ព្រមរស់នៅតាមវា ។ បន្ទាប់មក អ្នកដឹកនាំនោះសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកមានសេចក្តីជំនឿ និងទីបន្ទាល់ទៅលើព្រះជាព្រះវរបិតាដ៏អស់កល្ប ជាព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
-
តើអ្នកមានទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់ ក្នុងនាមជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះដែរឬទេ ?
-
តើអ្នកមានទីបន្ទាល់អំពីការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
-
តើអ្នកគំាទ្រប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយថាជា ព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ហើយជាបុគ្គលតែម្នាក់គត់នៅលើផែនដី ដែលមានសិទ្ធិអំណាចឲ្យអនុវត្តកូនសោបព្វជិតភាពទំាងអស់ដែរឬទេ ?
តើអ្នកគំាទ្រសមាជិកគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថាជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដែរឬទេ ?
តើអ្នកគំាទ្រអ្នកមានសិទ្ធិអំណាចទូទៅផ្សេងទៀត និងថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៃសាសនាចក្រដែរឬទេ ?
-
ព្រះអម្ចាស់បានមានបន្ទូលថា គ្រប់ការណ៍ទាំងអស់គឺត្រូវ « ធ្វើដោយភាពស្អាតបាត » នៅចំពោះទ្រង់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤១ ) ។
តើអ្នកព្យាយាមដើម្បីមានភាពស្អាតបាតផ្នែកសីលធម៌នៅក្នុងគំនិត និងអាកប្បកិរិយារបស់អ្នកដែរឬទេ ?
តើអ្នកគោរពតាមច្បាប់ព្រហ្មចារីភាពដែរឬទេ ?
-
តើអ្នកធ្វើតាមការបង្រៀននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ទាំងអាកប្បកិរិយាផ្ទាល់ខ្លួន និងជាសាធារណៈជាមួយសមាជិកក្នុងគ្រួសារអ្នក និងអ្នកដទៃដែរឬទេ ?
-
តើអ្នកគាំទ្រ ឬលើកកម្ពស់ដល់ការបង្រៀន ការអនុវត្ត ឬគោលលទ្ធិណាមួយដែលផ្ទុយទៅនឹងការបង្រៀន ការអនុវត្ត ឬគោលលទ្ធិរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែរឬទេ ?
-
តើអ្នកព្យាយាមដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ទាំងនៅក្នុងគេហដ្ឋាន និងនៅសាសនាចក្រ ចូលរួមការប្រជុំរបស់អ្នក រៀបចំខ្លួន និងមានភាពស័ក្ដិសមទទួលទានសាក្រាម៉ង់ ហើយរស់នៅក្នុងជីវិតរបស់អ្នកស្របទៅតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយនៃដំណឹងល្អដែរឬទេ ?
-
តើអ្នកព្យាយាមមានភាពស្មោះត្រង់នៅគ្រប់កិច្ចការដែលអ្នកធ្វើដែរឬទេ ?
-
តើអ្នកជាអ្នកបង់ដង្វាយមួយភាគក្នុងដប់ពេញលេញឬទេ ?
-
តើអ្នកយល់ និងគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃដែរឬទេ ?
-
តើអ្នកមានជាប់កាតព្វកិច្ចខាងហិរញ្ញវត្ថុ ឬកាតព្វកិច្ចដទៃទៀតណាមួយជាមួយនឹងអតីតស្វាមី ឬភរិយា ឬកូនៗរបស់អ្នកដែរឬទេ ?
បើមាន តើអ្នកបានអនុវត្តតាមកាតព្វកិច្ចទំាងនោះដែរឬទេ ?
-
តើមានអំពើបាបធ្ងន់ធ្ងរនៅក្នុងជីវិតរបស់អ្នក ដែលអ្នកចាំបាច់ត្រូវដោះស្រាយជាមួយនឹងអ្នកមានសិទ្ធិអំណាចបព្វជិតភាព ជាចំណែកនៃការប្រែចិត្តរបស់អ្នកដែរឬទេ ?
-
តើអ្នកគិតថា ខ្លួនអ្នកស័ក្ដិសមនឹងត្រូវបានតែងតាំងឲ្យមានតំណែងមួយនៅក្នុងបព្វជិតភាពម៉ិលគីស្សាដែកដែរឬទេ ?
៣១.៣
ឱកាសផ្សេងៗទៀតសម្រាប់ថ្នាក់ដឹកនាំជួបជាមួយសមាជិក
ថ្នាក់ដឹកនាំមានឱកាសជាច្រើនដើម្បីជួបនឹងសមាជិកដោយឡែកៗពីគ្នា ។ ឧទាហរណ៍ ៖
-
សមាជិកអាចសុំជួបជាមួយនឹងអ្នកដឹកនាំសាសនាចក្ររបស់ពួកគេ នៅពេលពួកគេត្រូវការការណែនាំខាងវិញ្ញាណ ឬមានបញ្ហាផ្ទាល់ខ្លួនជាទម្ងន់ ។ នៅក្នុងករណីមួយចំនួន អ្នកដឹកនាំអាចមានអារម្មណ៍បំផុសឲ្យរៀបចំការប្រជុំមួយជាមួយសមាជិកម្នាក់ ។ សមាជិកមិនត្រូវបានលើកទឹកចិត្តឲ្យទាក់ទងទៅពួកអ្នកមានសិទ្ធិអំណាចទូទៅ អំពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ( សូមមើល ៣៨.៨.២៤ ) ។
ដើម្បីចំណាយពេលកាន់តែច្រើនជាមួយនឹងយុវវ័យ នោះប៊ីស្សពអាចបែងចែកការប្រជុំទាំងនេះមួយចំនួនទៅថ្នាក់ដឹកនាំផ្សេងទៀតនៅក្នុងវួដបាន ។ សមាជិកនៃគណៈប្រធានសមាគមសង្គ្រោះ កូរ៉ុមអែលឌើរ និងយុវនារីអាចជួយបានជាពិសេស ។ ទោះជាយ៉ាងណា ប៊ីស្សពមិនអាចបែងចែកបញ្ហាទាំងឡាយ ដែលតម្រូវឲ្យមានតួនាទីរបស់គាត់ជាចៅក្រមទូទៅម្នាក់ ដូចជាការប្រែចិត្តពីអំពើបាបធ្ងន់ធ្ងរនោះទេ ។
-
ប៊ីស្សព ឬនរណាម្នាក់ដែលគាត់ចាត់តាំង ជួបជាមួយនឹងសមាជិកដែលមានតម្រូវការខាងសាច់ឈាម ( សូមមើល ៣១.៣.៤ និង ២២.៦ ) ។
-
ប្រធានកូរ៉ុមអែលឌើរជួបជាមួយនឹងសមាជិកកូរ៉ុមម្នាក់ៗដោយឡែកៗពីគ្នាមួយឆ្នាំម្ដង ។ ពួកគាត់ពិភាក្សាពីសុខុមាលភាពរបស់សមាជិក និងគ្រួសាររបស់គាត់ ។ ពួកគាត់ក៏ពិភាក្សាអំពីកាតព្វកិច្ចបព្វជិតភាពរបស់គាត់ផងដែរ ។ ( សូមមើល ៨.៣.៣.២ ) ។
-
ប្រធានសមាគមសង្គ្រោះជួបជាមួយនឹងសមាជិកសមាគមសង្គ្រោះម្នាក់ៗដោយឡែកៗពីគ្នាមួយឆ្នាំម្ដង ។ ពួកគាត់ពិភាក្សាពីសុខុមាលភាពរបស់បងប្អូនស្រី និងគ្រួសាររបស់គាត់ ។ ( សូមមើល ៩.៣.២.២ ) ។
-
សមាជិកនៃគណៈប៊ីស្សពជួបជាមួយនឹងកុមារអាយុ ១១ ឆ្នាំ ពេលដែលគាត់ ឬនាងចេញពីអង្គការបឋមសិក្សា ទៅកាន់កូរ៉ុមឌីកុន ឬថ្នាក់យុវនារី ។ អំឡុងការសម្ភាសនោះ សមាជិកនៃគណៈប៊ីស្សពក៏សម្ភាសយុវជន ដើម្បីទទួលបព្វជិតភាពអើរ៉ុនផងដែរ ( សូមមើល ១៨.១០.២ ) ។
-
សមាជិកមួយរូបនៃគណៈប៊ីស្សពជួបជាមួយនឹងសមាជិកដែលកំពុងចូលបម្រើក្នុងកងទ័ព ( សូមមើល ៣៨.៩.២ ) ។
-
សមាជិកមួយរូបនៃគណៈប៊ីស្សពជួបជាមួយនឹងយុវវ័យម្នាក់ៗពីរដងក្នុងមួយឆ្នាំ ( សូមមើល ៣១.៣.១ ) ។
-
សមាជិកមួយរូបនៃគណៈប៊ីស្សពជួបនឹងយុវមជ្ឈិមវ័យនៅលីវម្នាក់ៗយ៉ាងហោចណាស់មួយឆ្នាំម្ដង ( សូមមើល ៣១.៣.២ ) ។
-
សមាជិកនៃគណៈប្រធានស្តេក គណៈប៊ីស្សព និងថ្នាក់ដឹកនាំផ្សេងៗទៀត ជួបប្រជុំជាទៀងទាត់ជាមួយនឹងថ្នាក់ដឹកនាំដែលបម្រើនៅក្រោមការដឹកនាំរបស់ពួកគាត់ ( សូមមើល ៣១.៣.៣ ) ។
នៅពេលដែលថ្នាក់ដឹកនាំជួបជាមួយសមាជិក នោះពួកគាត់ធ្វើតាមគោលការណ៍នៅក្នុង ៣១.១ ។
សម្រាប់ព័ត៌មានដ៏មានប្រយោជន៍អំពីប្រធានបទជាក់លាក់ទាំងឡាយ ដែលអាចលេចឡើងពេលជួបជាមួយនឹងសមាជិក សូមមើល ធនធានការប្រឹក្សា នៅក្នុងបណ្ណាល័យដំណឹងល្អ ។ ថ្នាក់ដឹកនាំក៏អាចណែនាំដល់សមាជិកឲ្យមើលព័ត៌មាននៅក្នុង ជួយដល់ជីវិត ផងដែរ ។
៣១.៣.១
ការជួបជាមួយយុវវ័យ
ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ប៊ីស្សពគឺ ត្រូវជួយជំនាន់ដែលកំពុងពេញវ័យនៅក្នុងវួដរបស់គាត់ឲ្យរីកចម្រើនខាងវិញ្ញាណ ។ របៀបមួយដ៏សំខាន់ដែលគាត់ធ្វើការណ៍នេះ គឺតាមរយៈការជួបជាមួយនឹងយុវវ័យដោយឡែកៗពីគ្នា ( ឬដោយមានវត្តមានរបស់មជ្ឈិមវ័យម្នាក់ទៀត; សូមមើល ៣១.១.៤ ) ។ ប៊ីស្សព ឬទីប្រឹក្សាមួយរូបរបស់គាត់ជួបជាមួយនឹងយុវវ័យពីរដងក្នុងមួយឆ្នាំ ។ យ៉ាងហោចណាស់ ការប្រជុំរាល់ឆ្នាំទាំងនេះគួរតែធ្វើឡើងជាមួយប៊ីស្សព ។ ដោយចាប់ផ្ដើមនៅឆ្នាំដែលយុវវ័យឈានចូលអាយុ ១៦ ឆ្នាំ ការប្រជុំទាំងពីរនៅក្នុងឆ្នាំនោះគួរតែធ្វើឡើងជាមួយប៊ីស្សព បើអាចធ្វើទៅបាន ។
បន្ថែមលើការប្រជុំទាំងនេះ យុវវ័យមិនគួរមានអារម្មណ៍រុញរាក្នុងការប្រឹក្សាជាមួយនឹងប៊ីស្សព នៅពេលណាដែលពួកគេត្រូវការការណែនាំ ឬការគាំទ្រនោះទេ ។ ប៊ីស្សពខិតខំស្ថាបនាទំនាក់ទំនងដ៏រឹងមាំ និងទុកចិត្តជាមួយនឹងយុវវ័យ ដើម្បីឲ្យពួកគេមានអារម្មណ៍ស្រណុកចិត្តក្នុងការប្រឹក្សាជាមួយគាត់ ។
ប្រធានយុវនារីក៏មានតួនាទីដើម្បីផ្ដល់ការងារបម្រើដល់យុវនារីម្នាក់ៗផងដែរ ។ គាត់អាចធ្វើការណ៍នេះបាន ដោយការជួបជាមួយនឹងយុវនារីមួយទល់នឹងមួយ ( ឬដោយមានវត្តមានរបស់មជ្ឈិមវ័យម្នាក់ទៀត; សូមមើល ៣១.១.៤ ) ។
នៅពេលដែលពួកគាត់ជួបជាមួយនឹងយុវវ័យ ថ្នាក់ដឹកនាំធ្វើតាមគោលការណ៍នៅក្នុង ៣១.១ ។ គោលការណ៍ជាច្រើនទាំងនេះមានសារៈសំខាន់ជាពិសេស នៅពេលជួបជាមួយនឹងយុវវ័យ ។
៣១.៣.១.១
ការប្រាស្រ័យទាក់ទងជាមួយឪពុកម្ដាយ
ក្នុងកិច្ចខិតខំរបស់ពួកគាត់ដើម្បីពង្រឹងយុវវ័យ ថ្នាក់ដឹកនាំធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងឪពុកម្ដាយ ។ ពួកគាត់ខិតខំគាំទ្រដល់ឪពុកម្ដាយ នៅក្នុងទំនួលខុសត្រូវរបស់ពួកគេក្នុងការបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់កូនៗរបស់ខ្លួន ។
ថ្នាក់ដឹកនាំចែកចាយព័ត៌មានខាងក្រោមនេះជាមួយនឹងយុវវ័យ និងឪពុកម្ដាយរបស់ពួកគេ មុនពេលការជួបលើកដំបូង ៖
-
ឪពុកម្តាយមានការទទួលខុសត្រូវជាចម្បងដើម្បីបង្រៀន និងចិញ្ចឹមបីបាច់កូនៗរបស់ពួកគាត់ ។
-
ប៊ីស្សព ឬទីប្រឹក្សាមួយរូបរបស់គាត់ជួបជាមួយនឹងយុវវ័យម្នាក់ៗពីរដងក្នុងមួយឆ្នាំ ។ ប្រធានយុវនារីក៏អាចជួបជាមួយនឹងយុវនារីម្នាក់ៗម្ដងម្កាលផងដែរ ។ នៅក្នុងការប្រជុំទាំងនេះ ថ្នាក់ដឹកនាំអាចឆ្លើយសំណួរ ផ្ដល់ការគាំទ្រ ផ្ដល់ការចាត់តាំង និងពិភាក្សាពីប្រធានបទទាំងឡាយដែលមានរាយនៅក្នុង ៣១.៣.១.២ ។
-
ដើម្បីជួយយុវវ័យឲ្យរៀបចំខ្លួនខាងវិញ្ញាណ នោះតម្រូវឲ្យមានកិច្ចសម្ភាសទាំងឡាយសម្រាប់កិច្ចការពិសិដ្ឋ ដូចជាប័ណ្ណចូលព្រះវិហារបរិសុទ្ធ ការតែងតាំងបព្វជិតភាព និងការហៅបម្រើបេសកកម្ម ។ ថ្នាក់ដឹកនាំធ្វើការជាមួយនឹងឪពុកម្ដាយ ដើម្បីជួយយុវវ័យឲ្យរៀបចំខ្លួនទទួលកិច្ចសម្ភាសទាំងនេះ ។
-
ឪពុកម្ដាយលើកទឹកចិត្តដល់កូនៗរបស់ខ្លួនឲ្យប្រឹក្សាជាមួយនឹងប៊ីស្សព ឬអ្នកដឹកនាំសាសនាចក្រម្នាក់ទៀត នៅពេលពួកគេត្រូវការជំនួយទាក់ទងនឹងការណែនាំខាងវិញ្ញាណ ឬការប្រែចិត្ត ។
-
នៅពេលយុវវ័យម្នាក់ជួបជាមួយនឹងអ្នកដឹកនាំសាសនាចក្រម្នាក់ នោះឪពុក ឬម្តាយ ឬមជ្ឈិមវ័យម្នាក់ផ្សេងទៀតត្រូវតែមានវត្តមាន ។ យុវវ័យអាចអញ្ជើញមជ្ឈិមវ័យនោះឲ្យចូលរួមនៅក្នុងការប្រជុំ ឬរង់ចាំនៅខាងក្រៅបន្ទប់ ។
៣១.៣.១.២
ប្រធានបទដើម្បីពិភាក្សា
គោលបំណងចម្បងនៃការប្រជុំទាំងឡាយជាមួយនឹងយុវវ័យ គឺដើម្បីស្ថាបនាសេចក្តីជំនឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងជួយយុវវ័យឲ្យដើរតាមទ្រង់ទាំងទ្វេ ។ ការប្រជុំទាំងនេះគួរតែជាបទពិសោធន៍ខាងវិញ្ញាណមួយ ដែលលើកស្ទួយ ។ ថ្នាក់ដឹកនាំខិតខំជួយយុវវ័យម្នាក់ៗឲ្យទទួលអារម្មណ៍ស្រឡាញ់ លើកទឹកចិត្ត និងបំផុសគំនិត ដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
យុវវ័យ និងថ្នាក់ដឹកនាំគួរតែពិភាក្សាអំពី ៖
-
បទពិសោធន៍ខាងវិញ្ញាណដែលកំពុងស្ថាបនាទីបន្ទាល់របស់យុវវ័យអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញ ។
-
របៀបដែលយុវវ័យរក្សាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់គាត់ ។
-
ការរៀបចំរបស់យុវវ័យ ដើម្បីចុះ និងកាន់តាមសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
-
គោលដៅផ្ទាល់ខ្លួនរបស់យុវវ័យ ដើម្បីក្លាយឲ្យកាន់តែដូចជាព្រះអង្គសង្គ្រោះនៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិត ( សូមមើល « កុមារ និងយុវវ័យ » ) ។
-
សារៈសំខាន់នៃការអធិស្ឋាន និងការសិក្សាព្រះគម្ពីរជាលក្ខណៈផ្ទាល់ខ្លួន ។
-
របៀបដើម្បីពង្រឹងទំនាក់ទំនងជាមួយនឹងឪពុកម្ដាយ និងសមាជិកគ្រួសារផ្សេងទៀត ។
-
គោលការណ៍ និងបទដ្ឋាននៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។
-
របៀបទាំងឡាយដែលយុវវ័យអាចចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ( សូមមើល ១.២ ) ។
-
ជាមួយនឹងយុវជន បទពិសោធន៍របស់គាត់ក្នុងការបំពេញកាតព្វកិច្ចបព្វជិតភាពរបស់គាត់ និងការរៀបចំរបស់គាត់ដើម្បីបានតែងតាំងដល់មុខតំណែងបព្វជិតភាពបន្ទាប់ទៀត ។
-
ពរជ័យនៃការចូលរួមក្នុងថ្នាក់សិក្ខាសាលា ។
-
ការរៀបចំដើម្បីបម្រើបេសកកម្មពេញម៉ោង ( សូមមើល ២៤.៣ ) ។ ព្រះអម្ចាស់រំពឹងឲ្យយុវជនម្នាក់ៗដែលមានលទ្ធភាពរៀបចំខ្លួនធ្វើការបម្រើនេះ ។ យុវនារីដែលមានបំណងចង់បម្រើ ក៏គួរតែរៀបចំខ្លួនផងដែរ ។ ថ្នាក់ដឹកនាំគួរតែយល់ពីអ្នកទាំងឡាយដែលត្រូវបានលើកលែងពីការបម្រើបេសកកម្មពេញម៉ោងមួយ ( សូមមើល ២៤.៤.៤ ) ។ សម្រាប់ព័ត៌មានអំពីបេសកកម្មផ្នែកសេវាកម្ម សូមមើល ២៤.២.២ ។
នៅពេលពិភាក្សាគ្នាពីការគោរពប្រតិបត្តិតាមបទបញ្ញតិ្តទាំងឡាយ នោះថ្នាក់ដឹកនាំអាចប្រើប្រាស់សំណួរសម្ភាសប័ណ្ណចូលព្រះវិហារបរិសុទ្ធបាន និងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។ ពួកគាត់ធ្វើឲ្យប្រាកដថា ការពិភាក្សាអំពីភាពស្អាតស្អំខាងសីលធម៌ មិនលើកទឹកចិត្តឲ្យមានការចង់ដឹងចង់ឃើញ ឬការធ្វើពិសោធន៍នោះឡើយ ។
៣១.៣.២
ការប្រជុំជាមួយយុវមជ្ឈិមវ័យនៅលីវ
ប៊ីស្សពដាក់អាទិភាពដ៏ខ្ពស់លើការរីកចម្រើនខាងវិញ្ញាណរបស់យុវមជ្ឈិមវ័យនៅលីវនៅក្នុងវួដរបស់គាត់ ។ គាត់ ឬទីប្រឹក្សាមួយរូបដែលគាត់ចាត់តាំង ជួបជាមួយនឹងយុវមជ្ឈិមវ័យនៅលីវម្នាក់ៗយ៉ាងហោចណាស់មួយឆ្នាំម្ដង ។
សមាជិកនៃគណៈប៊ីស្សព និងយុវមជ្ឈិមវ័យនៅលីវអាចពិភាក្សាអំពីចំណុចដែលទាក់ទងដែលមាននៅក្នុង ៣១.៣.១.២ ។ ពួកគាត់ក៏អាចពិភាក្សាពីបញ្ហានានា ដែលមានសារៈសំខាន់ជាពិសេសដល់យុវមជ្ឈិមវ័យ ដូចជាការអភិវឌ្ឍភាពខ្លួនទីពឹងខ្លួនផងដែរ ។
៣១.៣.៣
ការជួបនឹងសមាជិកបម្បីពិភាក្សាពីការហៅបម្រើ និងការទទួលខុសត្រូវរបស់ពួកគេ
គណៈប្រធានស្តេក គណៈប៊ីស្សព និងថ្នាក់ដឹកនាំផ្សេងទៀតជួយជាមួយសមាជិកដោយឡែកៗពីគ្នា ដែលរាយការណ៍មកកាន់ពួកគាត់អំពីការហៅបម្រើរបស់ពួកគេ ។ ឧទាហរណ៍ ៖
-
ប្រធានស្ដេកជួបជាទៀងទាត់ជាមួយនឹងប៊ីស្សពម្នាក់ៗនៅក្នុងស្ដេក ( សូមមើល ៦.២.១.២ ) ។
-
សមាជិកមួយរូបនៃគណៈប្រធានស្តេកជួបជាទៀងទាត់ជាមួយនឹងប្រធានកូរ៉ុមអែលឌើរម្នាក់ៗនៅក្នុងស្តេក ( សូមមើល ៨.៣.១ ) ។
-
ប៊ីស្សពជួបជាមួយប្រធានសមាគមសង្រ្គោះជារៀងរាល់ខែ ( សូមមើល ៩.៣.១ ) ។ គាត់ក៏ជួបជាទៀងទាត់ជាមួយនឹងប្រធានកូរ៉ុមអែលឌើរ និងប្រធានយុវនារីផងដែរ ( សូមមើល ៨.៣.១ និង ១១.៣.១ ) ។
-
សមាជិកមួយរូបនៃគណៈប៊ីស្សពជួបជាទៀងទាត់ជាមួយនឹងប្រធានអង្គការបឋមសិក្សា និងប្រធានសាលាថ្ងៃអាទិត្យ ( សូមមើល ១២.៣.១ និង ១៣.២.១ ) ។
-
សមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះ ជួបជាមួយនឹងបងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ ( សូមមើល ២១.៣ ) ។
នៅក្នុងការប្រជុំទាំងនេះ អ្នកដឹកនាំបំផុស និងណែនាំសមាជិកអំពីការទទួលខុសត្រូវរបស់គាត់ ។ អ្នកដឹកនាំបង្ហាញការដឹងគុណសម្រាប់ការបម្រើរបស់សមាជិក ហើយផ្ដល់ការលើកទឹកចិត្ត ។ សមាជិករាយការណ៍ពីការរីកចម្រើន និងសុខុមាលភាពរបស់មនុស្សដែលគាត់បម្រើ ។ ពួកគាត់ពិភាក្សាពីគោលដៅ ឧបសគ្គ និងឱកាសនានាជាមួយគ្នា ។ នៅពេលដែលសមរម្យ ពួកគាត់ក៏ពិនិត្យមើលពីថវិកា និងការចំណាយផងដែរ ។
៣១.៣.៤
ការជួបនឹងសមាជិកដើម្បីពិភាក្សាពីសេចក្ដីត្រូវការខាងសាច់ឈាម និងភាពខ្លួនទីពឹងខ្លួន
ការមើលថែដល់អស់អ្នកដែលមានសេចក្ដីត្រូវការ គឺជាផ្នែកមួយនៃកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ( សូមមើល ១.២ ) ។ ពេលដែលថ្នាក់ដឹកនាំជួបជាមួយនឹងសមាជិក ដែលមានសេចក្ដីត្រូវការខាងសាច់ឈាម ពួកគាត់ជួយពួកគេឲ្យដោះស្រាយសេចក្ដីត្រូវការក្នុងរយៈពេលខ្លី ហើយស្ថាបនាភាពខ្លួនទីពឹងខ្លួនសម្រាប់រយៈពេលវែង ( សូមមើល ២២.៣ ) ។
ប៊ីស្សពអាចចាត់តាំងអ្នកដទៃទៀតនៅក្នុងវួដ ដូចជាគណៈប្រធានសមាគមសង្គ្រោះ និងគណៈប្រធានកូរ៉ុមអែលឌើរ ដើម្បីជួបជាមួយនឹងសមាជិកដែលមានសេចក្ដីត្រូវការខាងសាច់ឈាម ។ ទោះជាយ៉ាងណា មានតែប៊ីស្សពប៉ុណ្ណោះទើបអាចអនុម័តការប្រើប្រាស់មូលនិធិដង្វាយតមអាហារបាន ( សូមមើល ២២.៦.១ ) ។
គោលការណ៍ និងគោលនយោបាយបន្ថែមទៀតដើម្បីជួយដល់អ្នកទាំងឡាយដែលមានសេចក្ដីត្រូវការខាងសាច់ឈាម មានពិពណ៌នានៅក្នុង ជំពូកទី ២២ ។
៣១.៣.៥
ការជួបនឹងសមាជិកអំពីអាពាហ៍ពិពាហ៍ និងការលែងលះ
ថ្នាក់ដឹកនាំសាសនាចក្រមិនគួរផ្តល់ប្រឹក្សាឲ្យបុគ្គលម្នាក់រៀបការនឹងបុគ្គលណាម្នាក់ឡើយ ។ ហើយក៏មិនគួរផ្តល់ប្រឹក្សាឲ្យបុគ្គលម្នាក់លែងលះប្តី ឬប្រពន្ធរបស់គាត់នោះដែរ ។ ខណៈដែលការលែងលះគឺជាជម្រើសដ៏សមរម្យនៅក្នុងស្ថានភាពមួយចំនួន ក៏ការសម្រេចចិត្តបែបនោះត្រូវតែស្ថិតនៅលើបុគ្គលនោះប៉ុណ្ណោះ ។
ដោយធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណ នោះជាញឹកញាប់ ថ្នាក់ដឹកនាំសាសនាចក្រជួបជាមួយនឹងស្វាមីភរិយា និងបុគ្គលទាំងឡាយ ដែលកំពុងបែកបាក់គ្នា ឬដែលនឹងលែងលះគ្នា ។ ថ្នាក់ដឹកនាំក៏អាចខិតខំជួយគូស្វាមីភរិយាឲ្យពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ ។ ពួកគាត់បង្រៀនអំពីកម្លាំង និងការព្យាបាលដែលបានមកពីការរក្សាសេចក្ដីសញ្ញាទាំងឡាយ ដែលពួកគេបានចុះជាមួយនឹងព្រះអម្ចាស់ និងការរស់នៅតាមការបង្រៀនរបស់ទ្រង់ ។ ការបង្រៀនទាំងនេះរួមមាន សេចក្ដីជំនឿ ការប្រែចិត្ត ការអភ័យទោស សេចក្ដីស្រឡាញ់ និងការអធិស្ឋាន ។
សមាជិកដែលបានបែកបាក់ពីប្តី ឬប្រពន្ធរបស់គាត់ ឬនឹងត្រូវលែងលះគ្នា មិនគួរណាត់ដើរលេងជាគូឡើយ រហូតដល់លិខិតលែងលះគ្នាត្រូវបានសម្រេចចេញស្របច្បាប់ជាមុនសិន ។
៣១.៣.៦
ការប្រឹក្សា និងការព្យាបាលប្រកបដោយវិជ្ជាជីវៈ
ថ្នាក់ដឹកនាំសាសនាចក្រពុំត្រូវបានហៅឲ្យធ្វើជាអ្នកប្រឹក្សាដែលមានវិជ្ជាជីវៈ ឬដើម្បីផ្ដល់ការព្យាបាលនោះទេ ។ ជំនួយដែលពួកគាត់ផ្ដល់ឲ្យគឺខាងវិញ្ញាណ ដោយផ្តោតលើការពង្រឹង ការលួងលោម អំណាចនៃការប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ថែមពីលើជំនួយដ៏សំខាន់ និងដ៏បំផុសគំនិតនេះ នោះសមាជិកអាចនឹងទទួលបានប្រយោជន៍មកពីការប្រឹក្សាដែលមានវិជ្ជាជីវៈ នៅកន្លែងណាដែលមានការប្រឹក្សានេះ ។ ការប្រឹក្សា ឬការព្យាបាលបែបនេះអាចជួយសមាជិកឲ្យយល់ និងឆ្លើយតបនឹងឧបសគ្គក្នុងជីវិត តាមរបៀបដ៏ល្អប្រសើរ ។
ការជួបនឹងអ្នកប្រឹក្សាដែលមានវិជ្ជាជីវៈ ដើម្បីទទួលបានការយល់ដឹង និងជំនាញនានាសម្រាប់ខុសុមាលភាពខាងសតិអារម្មណ៍ គឺពុំមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ។ ផ្ទុយទៅវិញ វាអាចជាសញ្ញានៃការបន្ទាបខ្លួន និងភាពខ្លាំង ។
សមាជិកគួរតែជ្រើសរើសអ្នកប្រឹក្សាដែលមានវិជ្ជាជីវៈដែលមានកិត្តិនាម និងមានអាជ្ញាប័ណ្ណត្រឹមត្រូវដោយប្រុងប្រយ័ត្ន ។ អ្នកប្រឹក្សាគួរតែគោរពដល់សិទ្ធិជ្រើសរើស គុណតម្លៃ និងជំនឿរបស់អ្នកដែលស្វែងរកជំនួយនោះ ។ ការរួមបញ្ចូលគុណតម្លៃទាំងនេះគឺជារឿងសមរម្យតាមក្រមសីលធម៌នៅក្នុងការប្រឹក្សាដែលមានវិជ្ជាជីវៈ ។
សាសនាចក្រប្រឆាំងនឹងការព្យាបាលណាមួយ រួមមានការកែប្រែ ឬការព្យាបាលដើម្បីកែប្រែការមានអារម្មណ៍ខាងផ្លូវភេទ ឬអត្តសញ្ញាណភេទ ដែលបណ្ដាលឲ្យបុគ្គលម្នាក់រងការរំលោភបំពានពីការអនុវត្តបែបនេះ ។ ( សូមមើល « ការប្រតិព័ទ្ធភេទដូចគ្នា » និង « បុគ្គលប្ដូរភេទ » នៅក្នុង ជួយដល់ជីវិត ) ។
នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ប៊ីស្សព និងប្រធានស្តេកអាចទាក់ទងទៅសេវាកម្មគ្រួសារ ដើម្បីកំណត់ពីធនធានដែលផ្តល់នូវការប្រឹក្សាដែលមានវិជ្ជាជីវៈ ដែលសមស្របទៅតាមគោលការណ៍នៃដំណឹងល្អ ។ ព័ត៌មានទំនាក់ទំនងត្រូវបានផ្តល់ឲ្យដូចខាងក្រោម ៖
១-៨០១-២៤០-១៧១១
១-៨០០-៤៥៣-៣៨៦០ លេខខ្នែង ២-១៧១១
FamilyServices.ChurchofJesusChrist.org
នៅក្នុងតំបន់ផ្សេងទៀត ថ្នាក់ដឹកនាំអាចទាក់ទងទៅបុគ្គលិកសេវាកម្មគ្រួសារ ឬអ្នកគ្រប់គ្រងផ្នែកសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួននៅក្នុងការិយាល័យតំបន់បាន ។
ប្រសិនបើសមាជិកមិនអាចបង់ថ្លៃសម្រាប់ការប្រឹក្សាដែលមានវិជ្ជាជីវៈដោយខ្លួនឯង ឬតាមរយៈការធានារ៉ាប់រងបានទេ នោះប៊ីស្សពអាចប្រើដង្វាយតមអាហារដើម្បីជួយបាន ( សូមមើល ២២.៤ ) ។
៣១.៤
ការជួបជាមួយនឹងសមាជិកពីចម្ងាយ
ជាធម្មតា ថ្នាក់ដឹកនាំជួបជាមួយសមាជិកដោយផ្ទាល់សម្រាប់ការសម្ភាសនានា និងដើម្បីផ្ដល់ជំនួយខាងវិញ្ញាណ និងការងារបម្រើ ។ ទោះជាយ៉ាងណា ជាការលើកលែង ពួកគាត់អាចជួបពីចម្ងាយបាន នៅពេលដែលការជួបដោយផ្ទាល់ពុំអាចធ្វើទៅបាន ។ ឧទាហរណ៍ សមាជិកម្នាក់អាចជួបជាមួយនឹងអ្នកដឹកនាំម្នាក់ពីចម្ងាយបាន នៅពេលដែលសមាជិកនោះ ៖
-
រស់នៅតំបន់ដាច់ស្រយាល ហើយលទ្ធភាពក្នុងការធ្វើដំណើរមានកំណត់ ។
-
មានបញ្ហាសុខភាពខាងរាងកាយ ផ្លូវចិត្ត ឬខាងសតិអារម្មណ៍ ។
-
ថែទាំដល់នរណាម្នាក់ដែលនៅផ្ទះ ហើយមិនអាចទុកឲ្យនៅតែម្នាក់ឯងបាន ។
ការសម្ភាសរវាងប្រធានបេសកកម្ម និងអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ក៏អាចត្រូវបានធ្វើឡើងពីចម្ងាយផងដែរ នៅកន្លែងដែលបានអនុម័ត ។
ការសម្ភាស និងការប្រជុំផ្សេងៗទៀតរវាងថ្នាក់ដឹកនាំ និងសមាជិកមិនគួរត្រូវបានថតនោះទេ ។
ដូចគ្នានឹងការសម្ភាស និងការប្រជុំផ្ទាល់ដែរ សមាជិកអាចអញ្ជើញនរណាម្នាក់ផ្សេងទៀតឲ្យនៅជាមួយក្នុងពេលសម្ភាស ឬការប្រជុំពីចម្ងាយបាន ។
ពេលការសម្ភាសសម្រាប់ប័ណ្ណចូលព្រះវិហារបរិសុទ្ធត្រូវបានធ្វើឡើងពីចម្ងាយ នោះប័ណ្ណចូលព្រះវិហារបរិសុទ្ធអាចត្រូវបានផ្ញើទៅសមាជិក បន្ទាប់ពីចុះហត្ថលេខាដោយថ្នាក់ដឹកនាំបព្វជិតភាពហើយ ។ ទោះជាយ៉ាងណា ស្មៀនស្ដេកមិនគួរធ្វើឲ្យវាសកម្មឡើយ រហូតទាល់តែគាត់បានបញ្ជាក់ថា សមាជិកនោះបានទទួលប័ណ្ណនេះហើយសិន ។