« ៣៣. កំណត់ត្រា និងរបាយការណ៍ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ៣៣. កំណត់ត្រា និងរបាយការណ៍ » ក្បួនខ្នាតទូទៅ ។
៣៣.
កំណត់ត្រា និងរបាយការណ៍
៣៣.០
សេចក្តីផ្ដើម
នីតិវិធីនៅក្នុងជំពូកនេះអនុវត្តជាទូទៅចំពោះអង្គភាពទាំងឡាយ ដែលប្រើឧបករណ៍រក្សាកំណត់ត្រាតាមអនឡាញរបស់សាសនាចក្រ រួមមាន ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស. ) ឧបករណ៍សមាជិក និង បញ្ជីរាយនាម និងផែនទីវួដ ។ អង្គភាពទាំងឡាយដែលមិនអាចចូលប្រើឧបករណ៍ទាំងនោះ គួរតែធ្វើការជាមួយនឹងនាយកដ្ឋានសេវាកម្មសកល ឬការិយាល័យប្រចាំតំបន់ ។
ការរក្សាកំណត់ត្រាតែងតែជាផ្នែកដ៏សំខាន់នៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ។ ឧទាហរណ៍ ៖
អ័ដាមបានរក្សា « សៀវភៅរំឭកមួយ » ( ម៉ូសេ ៦:៥ ) ។
មរ៉ូណៃបានបង្រៀនថា ឈ្មោះរបស់អ្នកទាំងឡាយដែលបានទទួលបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទត្រូវបានកត់ត្រាទុក ដើម្បី « ឲ្យពួកគេអាចបាននឹកចាំ ហើយចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ » ( មរ៉ូណៃ ៦:៤ ) ។
យ៉ូសែប ស្ម៊ីធ បានណែនាំថា អ្នកកត់បញ្ជីម្នាក់គួរតែត្រូវបានហៅនៅក្នុងគ្រប់វួដទាំងអស់ ដើម្បី « កត់បញ្ជីអំពីសេចក្ដីពិតនៅចំពោះព្រះអម្ចាស់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:២ ) ។ លោកក៏បានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់នៃការរក្សាកំណត់ត្រាយ៉ាងឧស្សាហ៍ ពេលដែលលោកបានសរសេរថា « អ្វីក៏ដោយដែលអ្នកកត់ត្រានៅផែនដី នោះនឹងត្រូវបានកត់ទុកនៅស្ថានសួគ៌ដែរ ហើយអ្វីក៏ដោយដែលអ្នកមិនកត់ត្រានៅផែនដី នោះនឹងមិនត្រូវបានកត់ត្រាទុកនៅស្ថានសួគ៌ដែរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:៨; សូមមើលផងដែរ ខទី ២–៩ ) ។
៣៣.១
ទិដ្ឋភាពទូទៅនៃកំណត់ត្រាសាសនាចក្រ
កំណត់ត្រាសាសនាចក្រគឺពិសិដ្ឋ ។ ព័ត៌មាននៅក្នុងកំណត់ត្រាទាំងនេះគឺជាព័ត៌មានរសើប ហើយគួរតែត្រូវបានការពារថែរក្សា ។ ប្រព័ន្ធកំណត់ត្រាសាសនាចក្រអនុញ្ញាតឲ្យចូលទៅប្រើព័ត៌មានសមាជិកភាព ដោយផ្អែកលើការហៅបម្រើទាំងឡាយ ។ មានតែអស់អ្នកទាំងឡាយណាដែលត្រូវបានផ្ដល់សិទ្ធិអំណាចប៉ុណ្ណោះ ដែលគួរទទួលបានសិទ្ធិចូលប្រើ ។ ពួកគាត់គួរតែប្រើព័ត៌មាននេះ សម្រាប់តែគោលបំណងជាក់លាក់ចំពោះការហៅបម្រើរបស់ពួកគាត់ប៉ុណ្ណោះ ( សូមមើល ៣៣.៨ ) ។
កំណត់ត្រាអាចជួយថ្នាក់ដឹកនាំឲ្យ ៖
-
កំណត់ថានរណាដែលអាចនឹងត្រូវការការថែទាំជាពិសេស ។
-
កំណត់ថាពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះណាខ្លះ ដែលបុគ្គលម្នាក់បានទទួល ឬអាចនឹងត្រូវការ ។
-
កំណត់ទីតាំងសមាជិក ។
ប្រភេទកំណត់ត្រាដូចខាងក្រោមត្រូវបានរក្សាទុកនៅក្នុងអង្គភាពសាសនាចក្រ ៖
-
របាយការណ៍ការចូលរួមរបស់សមាជិក ( សូមមើល ៣៣.៥ ) ។
-
កំណត់ត្រាសមាជិកភាព ( សូមមើល ៣៣.៦ ) ។
-
កំណត់ត្រាប្រវត្តិសាស្ត្រ ( សូមមើល ៣៣.៧ ) ។
-
កំណត់ហេតុហិរញ្ញវត្ថុ ( សូមមើល ជំពូកទី ៣៤ ) ។
៣៣.២
ការណែនាំទូទៅសម្រាប់ស្មៀន
គ្រប់ស្មៀនទាំងអស់គួរតែមានភាពសុចរិតដោយគ្មានសង្ស័យ ហើយធ្វើតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ។ ពួកគាត់គួរតែ ៖
-
មានភាពស័ក្ដិសមសម្រាប់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
-
ជាអ្នករក្សាកំណត់ត្រាដ៏ប្រុងប្រយ័ត្ន ។
-
ជាគ្រូបង្រៀន និងអ្នកចាត់ចែងកិច្ចការរដ្ឋបាលដ៏មានសមត្ថភាព ។
ស្មៀនគួរតែធ្វើតាមគោលនយោបាយបច្ចុប្បន្ន ដើម្បីការពារមូលនិធិរបស់សាសនាចក្រ ព្រមទាំងធានាថាកំណត់ត្រាសាសនាចក្រមានភាពត្រឹមត្រូវ ។ ស្មៀនទាំងឡាយជូនដំណឹងទៅកាន់ថ្នាក់ដឹកនាំបព្វជិតភាពភ្លាមៗ នូវភាពមិនត្រឹមត្រូវណាក៏ដោយ ។ ប្រសិនបើជួបការលំបាកនៅក្នុងការដោះស្រាយភាពមិនត្រឹមត្រូវទាំងឡាយ ស្មៀនគួរតែទាក់ទងទៅការិយាល័យកំណត់ត្រាសម្ងាត់ នៅទីស្នាក់ការកណ្ដាលរបស់សាសនាចក្រ ។ ព័ត៌មានទំនាក់ទំនងមានដូចខាងក្រោម ៖
ទូរសព្ទ ៖ ១-៨០១-២៤០-២០៥៣ ឬ ១-៨០០-៤៥៣-៣៨៦០ លេខខ្នែង ២-២០៥៣
ទូរសព្ទដោយឥតគិតថ្លៃ ( ទូរសព្ទទំនាក់ទំនងសេវាកម្មទូទាំងពិភពលោក ) ៖ ៨៥៥-៥៣៧-៤៣៥៧
អ៊ីម៉ែល ៖ ConfidentialRecords@ChurchofJesusChrist.org
រយៈពេលនៃការបម្រើរបស់ស្មៀន គួរតែមានពេលគ្រប់គ្រាន់ដើម្បីឲ្យពួកគាត់រៀនអំពីកាតព្វកិច្ចរបស់ពួកគាត់ ហើយរក្សានូវនិរន្តរភាពនៅក្នុងការងាររបស់ពួកគាត់ ( សូមមើល ៣០.៥ ) ។ ដោយសារពួកគាត់មិនមែនជាសមាជិកនៃគណៈប្រធានស្តេក ឬគណៈប៊ីស្សព នោះពួកគាត់មិនចាំបាច់ត្រូវដោះលែងឡើយ នៅពេលគណៈប្រធានស្តេក ឬគណៈប៊ីស្សពត្រូវបានរៀបចំសាឡើងវិញនោះ ។
៣៣.៣
កំណត់ត្រា និងរបាយការណ៍ស្តេក
៣៣.៣.១
គណៈប្រធានស្តេក
ប្រធានស្តេកមើលការខុសត្រូវលើការរក្សាកំណត់ត្រារបស់ស្តេក ។ គាត់អាចបែងចែកកិច្ចការនេះភាគច្រើនទៅដល់ទីប្រឹក្សា និងស្មៀនរបស់គាត់បាន ។ គាត់ត្រូវប្រាកដថា ពួកគេធ្វើតាមគោលនយោបាយ និងនីតិវិធីទាំងឡាយរបស់សាសនាចក្រ ។
៣៣.៣.២
ស្មៀនស្តេក
គ្រប់ស្តេកទាំងអស់គួរតែមានស្មៀនស្តេក ដែលមានសមត្ថភាព និងបំពេញមុខងារ ។ គាត់ត្រូវបានហៅ និងធ្វើពិធីញែកចេញដោយសមាជិកម្នាក់នៃគណៈប្រធានស្តេក ។ គាត់គួរតែកាន់បព្វជិតភាពម៉ិលគីស្សាដែក ហើយមានភាពស័ក្តិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ គាត់ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាស្តេក ។ គាត់ចូលរួមការប្រជុំទាំងឡាយដូចដែលបានចែងនៅក្នុង ២៩.៣ ។
ស្មៀនស្តេកត្រូវបានណែនាំដោយគណៈប្រធានស្តេក ហើយធ្វើការនៅក្រោមការដឹកនាំរបស់ពួកគាត់ ។ ជំនួយការស្មៀនស្តេកអាចត្រូវបានហៅដើម្បីជួយបាន ( សូមមើល ៣៣.៣.៣ ) ។
៣៣.៣.២.១
ការទទួលខុសត្រូវលើការរក្សាកំណត់ត្រា
ស្មៀនស្ដេក ឬជំនួយការស្មៀនដែលបានចាត់តាំង មានការទទួលខុសត្រូវដូចខាងក្រោម ៖
-
ផ្តល់ការគាំទ្រផ្នែករដ្ឋបាលដល់គណៈប្រធានស្តេក ។
-
រក្សាកំណត់ត្រានៃការចាត់តាំង និងការសម្រេចចិត្ត ដែលបានធ្វើឡើងនៅក្នុងការប្រជុំថ្នាក់ដឹកនាំស្តេក ។
-
តាមដានជាមួយនឹងការចាត់តាំងទាំងឡាយ ។
-
ធ្វើឲ្យបា្រកដថា កំណត់ត្រា និងរបាយការណ៍ទាំងឡាយមានភាពត្រឹមត្រូវ និងទាន់ពេលវេលា ។
ស្មៀនស្តេកគួរស្គាល់ឧបករណ៍រក្សាកំណត់ត្រារបស់សាសនាចក្រ ( សូមមើល ៣៣.០ ) ។ គាត់ប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីជួយថ្នាក់ដឹកនាំឲ្យកំណត់ ៖
-
សេចក្ដីត្រូវការរបស់សមាជិក និងអង្គការទាំងឡាយ ។
-
ការធ្វើឲ្យមានធនធានទាំងឡាយ រួមទាំងខាងហិរញ្ញវត្ថុផងដែរ ។
-
និន្នាការ ភាពខ្លាំង និងភាពទន់ខ្សោយរបស់ស្តេក ។
-
ផ្នែកទាំងឡាយដែលព្រួយបារម្ភ ។
កាតព្វកិច្ចនៃការរក្សាកំណត់ត្រាផ្សេងៗទៀតអាចរួមមាន ៖
-
ការធ្វើឲ្យប្រាកដថា ការតែងតាំងបព្វជិតភាពម៉ិលគីស្សាដែកត្រូវបានកត់ត្រាទុកដោយត្រឹមត្រូវ និងឆាប់រហ័ស ។
-
ការធ្វើឲ្យប័ណ្ណចូលព្រះវិហារបរិសុទ្ធសកម្ម ។
-
ការបន្ថែមព័ត៌មានវេជ្ជសាស្ត្រទៅលើពាក្យស្នើរបស់អ្នកផ្សព្វផ្សាយសាសនា ។
-
ការរៀបចំ ទម្រង់បែបបទអ្នកកាន់តំណែងដែលបានគាំទ្រ និងរបាយការណ៍សន្និសីទស្តេកសម្រាប់សន្និសីទស្តេក ។
-
ការមើលខុសត្រូវលើការផ្ទេរកំណត់ត្រាវួដ នៅពេលវួដថ្មីត្រូវបានបង្កើតឡើង ឬត្រូវបានបញ្ឈប់ ឬព្រំប្រទល់ត្រូវបានផ្លាស់ប្ដូរ ។
-
ការកត់ត្រាព័ត៌មានសម្រាប់ក្រុមប្រឹក្សាសមាជិកភាពស្តេក ( សូមមើល ៣២.៩.៦ ) ។
-
ការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុ ( សូមមើល ៣៤.១.២ ) ។
៣៣.៣.២.២
ការពិនិត្យមើលកំណត់ត្រា និងរបាយការណ៍វួដឡើងវិញ
ស្មៀនស្តេកជួបប្រជុំជាមួយស្មៀនវួដថ្មី ភ្លាមៗបន្ទាប់ពីគាត់ត្រូវបានហៅឲ្យបម្រើ ។ គាត់ជួបជាមួយនឹងស្មៀនវួដញឹកញាប់តាមដែលត្រូវការ ប៉ុន្តែយ៉ាងតិចណាស់ពីរដងក្នុងមួយឆ្នាំ ។ ការប្រជុំទាំងនេះត្រូវបានធ្វើឡើងដើម្បីប្រាកដថា ៖
-
កំណត់ត្រាដង្វាយមួយភាគក្នុងដប់ និងកំណត់ត្រាហិរញ្ញវត្ថុផ្សេងៗទៀតត្រូវបានកត់ត្រាដោយត្រឹមត្រូវ ( សូមមើល ៣៤.១.២ និង ៣៤.២.២ ) ។
-
កំណត់ត្រាសមាជិកភាពត្រូវបានធ្វើបច្ចុប្បន្នភាពភ្លាមៗ និងដោយត្រឹមត្រូវ ។
-
ស្មៀនវួដស្គាល់ឧបករណ៍រក្សាកំណត់ត្រារបស់សាសនាចក្រ ។
-
វិញ្ញាបនបត្រនៃការប្រសិទ្ធពរ ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ និងការតែងតាំងបព្វជិតភាពត្រូវបានផ្តល់ទៅឲ្យសមាជិកក្នុងវួដ ។
-
សវនកម្មកំណត់ត្រាសមាជិកភាពប្រចាំឆ្នាំត្រូវបានធ្វើឡើង ហើយការលើកលែងសវនកម្មទាំងអស់គឺត្រូវបានកែសម្រួលភ្លាមៗ ( សូមមើល ៣៣.៦.១៩ ) ។
-
ប្រវត្តិសាស្រ្តប្រចាំឆ្នាំរបស់វួដត្រូវបានបញ្ជូនទៅកាន់ស្តេកនៅចុងឆ្នាំនីមួយៗ ( សូមមើល ៣៣.៧ ) ។
៣៣.៣.២.៣
សវនកម្ម
៣៣.៣.២.៤
កំណត់ត្រាប្រវត្តិសាស្រ្តស្តេក
សូមមើល ៣៣.៧ ។
៣៣.៣.៣
ជំនួយការស្មៀនស្តេក
ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់អាចហៅ និងធ្វើពិធីញែកចេញដល់ជំនួយការស្មៀនស្តេកម្នាក់ ឬច្រើននាក់ តាមដែលត្រូវការ ។ បងប្អូនប្រុសទាំងនេះគួរតែជាអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ដែលមានភាពស័ក្តិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ពួកគាត់ធ្វើការក្រោមការដឹកនាំរបស់គណៈប្រធានស្តេក និងស្មៀនស្តេក ។
បើចាំបាច់ ជំនួយការស្មៀនម្នាក់អាចត្រូវបានហៅឲ្យបំពេញតំណែងនីមួយៗដូចតទៅនេះ ៖
៣៣.៤
កំណត់ត្រា និងរបាយការណ៍វួដ
៣៣.៤.១
គណៈប៊ីស្សព
ប៊ីស្សពមើលការខុសត្រូវលើការរក្សាកំណត់ត្រាវួដ ។ គាត់អាចបែងចែកកិច្ចការនេះភាគច្រើនទៅដល់ទីប្រឹក្សា និងស្មៀនរបស់គាត់ ។ គាត់ត្រូវប្រាកដថា ពួកគេធ្វើតាមគោលនយោបាយ និងនីតិវិធីទាំងឡាយរបស់សាសនាចក្រ ។
៣៣.៤.២
ស្មៀនវួដ
នៅគ្រប់វួដគួរមានស្មៀនវួដដែលមានសមត្ថភាព និងបំពេញមុខងារ ។ គាត់ត្រូវបានចេញអនុសាសន៍ដោយគណៈប៊ីស្សព ហើយត្រូវបានហៅ និងធ្វើពិធីញែកចេញ ដោយសមាជិកមួយរូបនៃគណៈប្រធានស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមួយរូប ។ គាត់គួរតែកាន់បព្វជិតភាពម៉ិលគីស្សាដែក ហើយមានភាពស័ក្តិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
ស្មៀនវួដត្រូវបានបំពាក់បំប៉នដោយគណៈប៊ីស្សព និងដោយស្មៀនស្តេក ។ គាត់ធ្វើការនៅក្រោមការដឹកនាំរបស់គណៈប៊ីស្សព ។ ជំនួយការស្មៀនវួដអាចត្រូវបានហៅឲ្យជួយ ( សូមមើល ៣៣.៤.៣
៣៣.៤.២.១
ការទទួលខុសត្រូវលើការរក្សាកំណត់ត្រា
ស្មៀនវួដ ឬជំនួយការស្មៀនដែលបានចាត់តាំង មានការទទួលខុសត្រូវដូចខាងក្រោម ៖
-
ផ្តល់ការគាំទ្រផ្នែករដ្ឋបាលដល់គណៈប៊ីស្សព ។
-
រក្សាកំណត់ត្រានៃការចាត់តាំង និងការសម្រេចចិត្ត ដែលបានធ្វើឡើងនៅក្នុងការប្រជុំថ្នាក់ដឹកនាំវួដ ។
-
តាមដានជាមួយនឹងការចាត់តាំងទាំងឡាយ ។
-
ធ្វើឲ្យបា្រកដថា កំណត់ត្រា និងរបាយការណ៍ទាំងឡាយមានភាពត្រឹមត្រូវ និងទាន់ពេលវេលា ។
-
កំណត់ពីពិធីបរិសុទ្ធទាំងឡាយដែលតម្រូវការសច្ចាប័ន ( សូមមើល ៣៨.២.៦ និង ១៨.១០.៣ ) ។
ស្មៀនវួដគួរស្គាល់ឧបករណ៍រក្សាកំណត់ត្រារបស់សាសនាចក្រ ( សូមមើល ៣៣.០ ) ។ គាត់ប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីជួយថ្នាក់ដឹកនាំឲ្យកំណត់ ៖
-
សេចក្ដីត្រូវការរបស់សមាជិក និងអង្គការទាំងឡាយ ។
-
ការធ្វើឲ្យមានធនធានទាំងឡាយ រួមទាំងហិរញ្ញវត្ថុផងដែរ ។
-
និន្នាការ ភាពខ្លាំង និងភាពទន់ខ្សោយរបស់វួដ ។
-
ផ្នែកទាំងឡាយដែលព្រួយបារម្ភ ។
នៅពេលប្រមូលផ្តុំរបាយការណ៍អំពីការចូលរួមរបស់សមាជិក នោះស្មៀនធ្វើការជាមួយលេខា ដើម្បីដោះស្រាយបញ្ហាតូចៗទាំងឡាយ ។ គាត់ពិភាក្សាពីបញ្ហាធ្ងន់ធ្ងរទាំងឡាយជាមួយនឹងប៊ីស្សព ។
ស្មៀនវួដ ឬជំនួយការស្មៀនវួដបង្ហាញសមាជិកពីរបៀបដើម្បីមើលព័ត៌មានសមាជិកភាពរបស់ពួកគេនៅក្នុង កម្មវិធីឧបករណ៍សមាជិក ។ គាត់ក៏អាចផ្ដល់ដល់ពួកគេនូវរបាយការណ៍ដែលបោះពុម្ពផងដែរ ប្រសិនបើពួកគេស្នើសុំ ។ ស្មៀនវួដលើកទឹកចិត្តដល់សមាជិកឲ្យរាយការណ៍ពីរាល់កំហុសនៅក្នុងព័ត៌មានសមាជិកភាពរបស់ពួកគេ ។
កាតព្វកិច្ចនៃការរក្សាកំណត់ត្រាផ្សេងៗទៀតអាចរួមមាន ៖
-
ការធ្វើឲ្យប្រាកដថា ការតែងតាំងទាំងឡាយត្រូវបានកត់ត្រាទុកដោយត្រឹមត្រូវ និងឆាប់រហ័ស ។
-
ការរៀបចំ ទម្រង់បែបបទអ្នកកាន់តំណែងដែលបានគាំទ្រ សម្រាប់សន្និសីទវួដ ។
-
ការកត់ត្រាព័ត៌មានសម្រាប់ក្រុមប្រឹក្សាសមាជិកភាពវួដ ( សូមមើល ៣២.៩.៦ ) ។
-
ការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុ ( សូមមើល ៣៤.២.២ ) ។
៣៣.៤.២.២
ការបង្រៀនស្មៀន និងលេខា
ស្មៀនវួដបង្រៀនជំនួយការស្មៀនវួដ និងលេខាកូរ៉ុម និងអង្គការជំនួយ ។ គាត់ជួយពួកគេឲ្យយល់ថា ព័ត៌មានមកពីឧបករណ៍រក្សាកំណត់ត្រារបស់សាសនាចក្រអាចជួយដល់ថ្នាក់ដឹកនាំដោយរបៀបណា ។
ការបង្រៀននេះមានសារៈសំខាន់ជាពិសេស នៅពេលដែល ៖
-
ជំនួយការស្មៀនវួដ និងលេខាកូរ៉ុម និងអង្គការជំនួយទើបត្រូវបានហៅថ្មីៗ ។
-
ឧបករណ៍រក្សាកំណត់ត្រារបស់សាសនាចក្រត្រូវបានណែនាំឲ្យស្គាល់ និងត្រូវបានធ្វើបច្ចុប្បន្នភាព ។
-
កំណត់ត្រាមិនត្រូវបានបំពេញដោយត្រឹមត្រូវ ។
៣៣.៤.២.៣
កំណត់ត្រាប្រវត្តិសាស្រ្តវួដ
សូមមើល ៣៣.៧ ។
៣៣.៤.៣
ជំនួយការស្មៀនវួដ
ជំនួយការស្មៀនវួដអាចត្រូវបានហៅតាមសេចក្តីត្រូវការ ។ ពួកគេត្រូវបានចេញអនុសាសន៍ដោយគណៈប៊ីស្សព ហើយត្រូវបានហៅ និងធ្វើពិធីញែកចេញ ដោយសមាជិកមួយរូបនៃគណៈប្រធានស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង ។ បងប្អូនប្រុសទាំងនេះគួរតែកាន់បព្វជិតភាពម៉ិលគីស្សាដែក ឬបព្វជិតភាពអើរ៉ុន ។ ពួកគាត់ក៏គួរតែមានភាពស័ក្ដិសមកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធផងដែរ ។ ប្រសិនបើជំនួយការស្មៀនវួដត្រូវបានចាត់តាំងឲ្យទៅខាងហិរញ្ញវត្ថុ នោះគាត់គួរតែកាន់បព្វជិតភាពមិលគីស្សាដែក ។ ជំនួយការស្មៀនវួដធ្វើការនៅក្រោមការណែនាំរបស់គណៈប៊ីស្សព និងស្មៀនវួដ ។
បើចាំបាច់ ជំនួយការស្មៀនម្នាក់អាចត្រូវបានហៅឲ្យបំពេញតំណែងនីមួយៗដូចតទៅនេះ ៖
៣៣.៤.៤
ថ្នាក់ដឹកនាំបព្វជិតភាព និងអង្គការ
ថ្នាក់ដឹកនាំកូរ៉ុម និងថ្នាក់ដឹកនាំអង្គការជំនួយមើលខុសត្រូវលើការរក្សាកំណត់ត្រានៅក្នុងអង្គការរបស់ពួកគាត់ ។ ពួកគាត់អាចចាត់លេខាឲ្យធ្វើការងារនេះភាគច្រើន ។ ពួកគាត់ធ្វើការជាមួយនឹងលេខា ដើម្បីធ្វើឲ្យប្រាកដថា កំណត់ត្រា និងរបាយការណ៍ទាំងឡាយមានភាពត្រឹមត្រូវ និងទាន់ពេលវេលា ។
៣៣.៥
របាយការណ៍អំពីការចូលរួមរបស់សមាជិក
របាយការណ៍ស្ដីពីការចូលរួមរបស់សមាជិកជួយដល់ថ្នាក់ដឹកនាំឲ្យផ្តោតទៅលើការរីកចម្រើន និងសេចក្តីត្រូវការរបស់សមាជិក ។ នៅពេលអាចធ្វើបាន របាយការណ៍ទាំងនេះគួរតែត្រូវបានត្រួតពិនិត្យតាមប្រព័ន្ធអេឡិចត្រូនិចជាជាងបោះពុម្ពចេញមក ។ នៅពេលរបាយការណ៍ដែលបោះពុម្ពគឺជាការចាំបាច់ ពួកគាត់គួរតែធ្វើវាដោយប្រុងប្រយ័ត្ន ដើម្បីគោរពដល់ឯកជនភាពរបស់សមាជិក និងដើម្បីអនុវត្តតាមច្បាប់ការពារទិន្នន័យក្នុងតំបន់ ។
៣៣.៥.១
ប្រភេទនៃរបាយការណ៍
៣៣.៥.១.១
របាយការណ៍វត្តមាន
វត្តមាននៅការប្រជុំសាក្រាម៉ង់ និងការប្រជុំបព្វជិតភាព និងអង្គការជំនួយនៅថ្ងៃអាទិត្យ ត្រូវបានកត់ត្រាដោយប្រព័ន្ធអេឡិចត្រូនិច ដោយប្រើ ធ.ថ.ស. ឬ ឧបករណ៍សមាជិក ។
ការប្រជុំសាក្រាម៉ង់ ។ វត្តមាននៅក្នុងការប្រជុំសាក្រាម៉ង់ត្រូវបានកត់ត្រារៀងរាល់សប្ដាហ៍ ដោយស្មៀនវួដ ឬជំនួយការស្មៀនវួដ ។ ការរាប់ចំនួនគឺជាចំនួនដែលចូលរួមនៅក្នុងការប្រជុំដោយផ្ទាល់ ឬដោយមើលតាមការផ្សាយផ្ទាល់ រួមទាំងភ្ញៀវផងដែរ ។ សមាជិកវួដដែលអវត្តមាន ដោយសារតែពួកគេមានកិច្ចការចាត់តាំងឲ្យទៅកន្លែងផ្សេងទៀត ឬចូលរួមនៅក្នុងវួដដទៃទៀត គឺត្រូវបានរាប់នៅវួដដែលពួកគេចូលរួមនោះ ។
ការប្រជុំកូរ៉ុម និងការប្រជុំអង្គការនានានៅថ្ងៃអាទិត្យ ។ វត្តមានត្រូវបានកត់ត្រាជារៀងរាល់សប្ដាហ៍ដោយលេខា និងអ្នកប្រឹក្សារបស់កូរ៉ុម និងអង្គការជំនួយ ។ ថ្នាក់ដឹកនាំយុវវ័យក៏អាចជួយក្នុងការកត់ត្រាវត្តមានផងដែរ ។ ការរាប់ចំនួនគឺជាចំនួនដែលចូលរួមនៅក្នុងការប្រជុំដោយផ្ទាល់ ឬដោយមើលតាមការផ្សាយផ្ទាល់ រួមទាំងភ្ញៀវផងដែរ ។ សមាជិកដែលកំពុងបម្រើនៅក្នុងអង្គការបឋមសិក្សា ឬជាថ្នាក់ដឹកនាំយុវវ័យនៅក្នុងវួដ ក៏ត្រូវបានបញ្ចូលថាមានវត្តមានផងដែរ ។ សមាជិកដែលចូលរួមវួដផ្សេងទៀតគឺត្រូវបានរាប់នៅវួដដែលពួកគេចូលរួមនោះ ។
ស្មៀនវួដអាចកត់ត្រាវត្តមានជំនួសអង្គការជំនួយបាន ។
៣៣.៥.១.២
របាយការណ៍សម្ភាសការងារបម្រើ
សូមមើល ២១.៣ ។
៣៣.៥.១.៣
របាយការណ៍ប្រចាំត្រីមាស
គ្រប់តួលេខនៅក្នុងរបាយការណ៍តំណាងឲ្យសមាជិកម្នាក់ៗដែលមានសេចក្តីត្រូវការជាពិសេស ( សូមមើល ហេលេមិន ១៥:១៣ ) ។ ថ្នាក់ដឹកនាំស្វែងរកការដឹកនាំមកពីព្រះអម្ចាស់ នៅពេលពួកគាត់ពិចារណាថា តើនរណាអាចនឹងត្រូវការជំនួយពីពួកគាត់ ។
របាយការណ៍ប្រចាំត្រីមាស មាននូវព័ត៌មានដ៏មានប្រយោជន៍ ដែលអាចផ្ដល់ការយល់ដឹងដល់ថ្នាក់ដឹកនាំទាំងឡាយ កាលដែលពួកគាត់ស្វែងរកការបំផុសគំនិតអំពីកិច្ចខិតខំក្នុងការងារបម្រើរបស់ពួកគាត់ ។ របាយការណ៍មាននៅក្នុងឧបករណ៍សមាជិក ឬ ធ.ថ.ស. ។
ថ្នាក់ដឹកនាំស្ដេក និងវួដយោងទៅ របាយការណ៍ប្រចាំត្រីមាស ជាទៀងទាត់ ដើម្បីពិនិត្យមើលការរីកចម្រើនរបស់បុគ្គលម្នាក់ៗ ។ របាយការណ៍រួមមានព័ត៌មានអំពី ៖
-
ស្ថានភាពប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋ និងរបស់យុវវ័យ ។
-
បុរសអាយុ ១៨–២៥ ឆ្នាំដែលកំពុងបម្រើ ឬដែលធ្លាប់បម្រើបេសកកម្មពេញម៉ោង ។
-
ស្ថានភាពនៃការសម្ភាសការងារបម្រើ ( សូមមើល ២១.៣ ) ។
-
ពួកអែលឌើរបម្រុងដែលត្រូវការការគាំទ្រក្នុងការរៀបចំ ដើម្បីទទួលបព្វជិតភាពម៉ិលគីស្សាដែក ។
-
វត្តមានការប្រជុំថ្ងៃអាទិត្យសម្រាប់កុមារ យុវវ័យ យុវមជ្ឈិមវ័យនៅលីវ និងមជ្ឈិមវ័យ ( សូមមើល ៣៣.៥.១.១ ) ។
-
ការរីកចម្រើនរបស់សមាជិកថ្មី ដែលបានទទួលបុណ្យជ្រមុជទឹក ហើយបានបញ្ជាក់ក្នុងរយៈពេល ១២ ខែកន្លងទៅ ។
វត្តមាន និងការសម្ភាសការងារបម្រើទាំងអស់ត្រូវបានកត់ត្រានៅក្នុងឧបករណ៍សមាជិក ឬ ធ.ថ.ស. ។ ព័ត៌មាននេះបំពេញផ្នែកដែលត្រូវគ្នានៃ របាយការណ៍ប្រចាំត្រីមាស ដោយស្វ័យប្រវត្តិ ។
គ្រប់វួដទាំងអស់បំពេញ និងបញ្ជូន របាយការណ៍ប្រចាំត្រីមាស ទៅកាន់ទីស្នាក់ការកណ្ដាលសាសនាចក្រ ។ ស្មៀនពិនិត្យមើលរបាយការណ៍នេះឡើងវិញជាមួយនឹងប៊ីស្សព ហើយបញ្ជូនវាពីមុនថ្ងៃទី ១៥ នៃខែបន្ទាប់ពីចុងត្រីមាសនោះ ។
គណៈប្រធានស្តេកអាចពិនិត្យមើល របាយការណ៍ប្រចាំត្រីមាស ដែលបានបញ្ជូនដោយវួដនីមួយៗឡើងវិញបាន ។ ការណ៍នេះនឹងជួយពួកគាត់ឲ្យពិនិត្យមើលពីការរីកចម្រើន ហើយដឹងថាកន្លែងណាដែលត្រូវការការគាំទ្រ និងការបង្រៀន ។ សមាជិកក្រុមប្រឹក្សាស្តេកក៏អាចមើល របាយការណ៍ប្រចាំត្រីមាស នីមួយៗបានផងដែរ ។
៣៣.៥.២
បញ្ជីសមាជិកភាព
ឧបករណ៍រក្សាកំណត់ត្រារបស់សាសនាចក្រ ផ្ដល់ដល់ថ្នាក់ដឹកនាំនូវមធ្យោបាយដើម្បីចូលទៅកាន់បញ្ជីសមាជិកភាព ។ បញ្ជីទាំងនេះអាចជួយថ្នាក់ដឹកនាំឲ្យកំណត់ ៖
-
សមាជិកដែលមិនទាន់បានទទួលពិធីបរិសុទ្ធដែលពួកគេអាចទទួលបាន ។
-
យុវជន និងយុវនារីដែលអាចបម្រើបេសកកម្មបាន ។
-
យុវវ័យដែលមិនមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាព ។
-
យុវវ័យដែលត្រូវការដាក់កាលវិភាគដើម្បីជួបជាមួយនឹងសមាជិកមួយរូបនៃគណៈប៊ីស្សព ។
ថ្នាក់ដឹកនាំកូរ៉ុម និងថ្នាក់ដឹកនាំអង្គការគួរតែទទួលបានបញ្ជីនៃអ្នកទាំងឡាយណាដែលនៅក្នុងកូរ៉ុម និងអង្គការរបស់ពួកគាត់ ។
៣៣.៦
កំណត់ត្រាសមាជិកភាព
កំណត់ត្រាសមាជិកភាពរួមមានឈ្មោះ ព័ត៌មានទំនាក់ទំនង ព័ត៌មានពិស្ដារអំពីពិធីបរិសុទ្ធ និងព័ត៌មានសំខាន់ៗផ្សេងទៀត ។ វួដគួរតែមានកំណត់ត្រាសមាជិកភាពសម្រាប់សមាជិកម្នាក់ៗដែលរស់នៅក្នុងព្រំប្រទល់វួដ ។
កំណត់ត្រាសមាជិកភាពត្រូវបានរក្សាទុកនៅក្នុងវួដ ជាកន្លែងដែលសមាជិករស់នៅ ។ ករណីលើកលែងទាំងឡាយ ដែលគួរតែជាករណីកម្រ តម្រូវឲ្យមានការយល់ព្រមមកពីប៊ីស្សព និងប្រធានស្តេក ដែលជាប់ទាក់ទង ។ ដើម្បីស្នើសុំការលើកលែងមួយ នោះប្រធានស្តេកប្រើ ធ.ថ.ស. ដើម្បីផ្ញើលិខិតមួយច្បាប់ទៅកាន់ការិយាល័យគណៈប្រធានទីមួយ ។
កំណត់ត្រាសមាជិកភាពគឺជាមធ្យោបាយតែមួយគត់ដើម្បីកត់ត្រាពិធីបរិសុទ្ធ និងសកម្មភាពជាផ្លូវការផ្សេងទៀតនៅក្នុងកំណត់ត្រាអចិន្ត្រៃយ៍របស់សាសនាចក្រ ។ ហេតុដូច្នោះហើយ ប៊ីស្សពធ្វើឲ្យប្រាកដថា ស្មៀនរក្សាកំណត់ត្រាត្រឹមត្រូវ ។ គាត់ក៏ធ្វើឲ្យប្រាកដផងដែរថា ស្មៀនធ្វើបច្ចុប្បន្នភាពព័ត៌មានដោយប្រើប្រាស់ ធ.ថ.ស. ផងដែរ ។ វាសំខាន់ខ្លាំងណាស់ដើម្បីធ្វើដូចខាងក្រោមនេះភ្លាមៗ ៖
-
កត់ត្រាព័ត៌មានពិធីបរិសុទ្ធ ។
-
ផ្លាស់ប្ដូរកំណត់ត្រារបស់សមាជិកដែលប្ដូរចូល ឬចេញពីវួដ ។
-
បង្កើតកំណត់ត្រាសម្រាប់សមាជិកថ្មី និងកូនដែលទើបកើតមកក្នុងគ្រួសារនៃឪពុកម្ដាយដែលជាសមាជិក ។
-
កត់ត្រាមរណភាពរបស់សមាជិក ។
-
កត់ត្រាអាពាហ៍ពិពាហ៍ និងព័ត៌មានគ្រួសារ ។
ប៊ីស្សព ឬប្រធានស្តេកត្រូវប្រាកដថា កំណត់ហេតុសមាជិកភាពមួយ ស្ថិតនៅក្នុងវួដដែលត្រឹមត្រូវ មុននឹងសមាជិកម្នាក់ត្រូវបានសម្ភាសដើម្បីទទួល ៖
-
ការហៅបម្រើមួយនៅក្នុងសាសនាចក្រ ។
-
បណ្ណ័ចូលព្រះវិហារបរិសុទ្ធ ។
-
បព្វជិតភាពម៉ិលគីស្សាដែក ឬដើម្បីត្រូវបានតែងតាំងតំណែងមួយនៅក្នុងបព្វជិតភាពនោះ ។
គាត់ក៏ត្រូវប្រាកដផងដែរថា កំណត់ត្រាពុំរួមបញ្ចូលចំណុចណាមួយខាងក្រោមនេះទេ ៖
-
ការចារចំណាំ
-
សេចក្ដីអធិប្បាយអំពីការដាក់កំហិតការផ្សារភ្ជាប់ ឬការដាក់កំហិតពិធីបរិសុទ្ធ
-
ការដាក់កំហិតសមាជិកភាពជាផ្លូវការ
ជួនកាល សមាជិកម្នាក់មិនបានរស់នៅក្នុងវួដដដែលជាប់គ្នារយៈពេលយ៉ាងហោចណាស់មួយឆ្នាំនោះទេ ។ ក្នុងករណីនោះ ប៊ីស្សពទាក់ទងទៅប៊ីស្សពមុន ពីមុនពេលធ្វើការសម្ភាសមួយ ដើម្បីកំណត់ថា ប្រសិនបើមានបញ្ហាណាមួយអំពីភាពស័ក្ដិសមដែលត្រូវពិចារណាដែរឬទេ ។
ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កំណត់ត្រាសមាជិកភាពមិនត្រូវផ្តល់ទៅឲ្យ ឬបង្ហាញដល់នរណាម្នាក់ ក្រៅពីប៊ីស្សព ឬស្មៀនឡើយ ។
សមាជិកអាចមើលព័ត៌មានសមាជិកភាពសម្រាប់ខ្លួនពួកគេ និងសម្រាប់កូនៗដែលរស់នៅក្នុងបន្ទុកនៅក្នុង កម្មវិធីឧបករណ៍សមាជិក ។ ពួកគេក៏អាចស្នើសុំច្បាប់បោះពុម្ពនៃសេចក្ដីសង្ខេបពិធីបរិសុទ្ធនីមួយៗរបស់ពួកគេពីស្មៀនផងដែរ ។ ប្រសិនបើរកឃើញថាមានកំហុសណាមួយ នោះស្មៀនត្រូវប្រាកដថា កំហុសទាំងនោះត្រូវបានកែតម្រូវនៅលើកំណត់ត្រាសមាជិកភាព ។
សេចក្ដីណែនាំពីរបៀបដើម្បីបង្កើតកំណត់ត្រាសមាជិកភាពមាននៅក្នុង ធ.ថ.ស. ។ សេចក្ដីណែនាំពីរបៀបកត់ត្រាអាពាហ៍ពិពាហ៍ ឬមរណភាពក៏មានផងដែរ ។
សម្រាប់ស្ថានភាពទាំងឡាយដែលមិនបានលើកឡើងនៅក្នុងផ្នែកនេះ ថ្នាក់ដឹកនាំគួរតែទាក់ទងទៅនាយកដ្ឋានសេវាកម្មសាកល ឬការិយាល័យប្រចាំតំបន់ ។
៣៣.៦.១
ឈ្មោះដែលត្រូវបានប្រើប្រាស់នៅក្នុងកំណត់ត្រាសាសនាចក្រ
ឈ្មោះពេញស្របច្បាប់របស់បុគ្គលម្នាក់ ដូចបានកំណត់ដោយច្បាប់ ឬទំនៀមទម្លាប់តាមតំបន់ គួរតែត្រូវបានប្រើប្រាស់នៅក្នុងកំណត់ត្រាសមាជិកភាព និងវិញ្ញាបនបត្រពិធីបរិសុទ្ធ ។
៣៣.៦.២
សមាជិកក្នុងកំណត់ត្រា
បុគ្គលម្នាក់ៗដូចខាងក្រោមគឺជាសមាជិកក្នុងកំណត់ត្រា ហើយគួរតែមានកំណត់ត្រាសមាជិកភាព ៖
-
អ្នកដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងទទួលពិធីបញ្ជាក់
-
អ្នកដែលមានអាយុក្រោម ៩ ឆ្នាំ ហើយបានទទួលការប្រសិទ្ធពរ ប៉ុន្តែមិនទាន់បានទទួលបុណ្យជ្រមុជទឹកទេ
-
អ្នកដែលគ្មានការទទួលខុសត្រូវ ដោយសារតែពិការផ្នែកបញ្ញា ដោយមិនគិតអំពីអាយុ
-
កុមារដែលមិនបានទទួលការប្រសិទ្ធពរដែលមានអាយុក្រោម ៨ ឆ្នាំ ពេលដែលចំនុចទាំងពីរខាងក្រោមនេះអនុវត្ត ៖
-
យ៉ាងហោចណាស់មានឪពុក ឬម្ដាយ ឬជីតា ឬជីដូនម្នាក់ជាសមាជិកសាសនាចក្រ ។
-
ទាំងឪពុកទាំងម្ដាយផ្ដល់ការអនុញ្ញាតឲ្យបង្កើតកំណត់ត្រាមួយ ។ ( ប្រសិនបើមានតែឪពុក ឬម្តាយម្នាក់មានសិទ្ធិថែរក្សាស្របច្បាប់លើកុមារ នោះការអនុញ្ញាតរបស់ឪពុក ឬម្តាយនោះគឺគ្រប់គ្រាន់ហើយ ) ។
-
បុគ្គលដែលមានអាយុចាប់ពី ៩ ឆ្នាំឡើងទៅ ដែលមានកំណត់ត្រាសមាជិកភាព ប៉ុន្តែមិនទាន់បានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់មិនត្រូវបានរាប់ថាជាសមាជិកមានកំណត់ត្រាទេ ។ ទោះជាយ៉ាងណាក៏ដោយវួដដែលបុគ្គលនោះរស់នៅ រក្សាកំណត់ត្រាសមាជិកភាពនោះ រហូតដល់បុគ្គលនោះមានអាយុ ១៨ ឆ្នាំ ។ នៅគ្រានោះ ប្រសិនបើបុគ្គលនោះជ្រើសរើសថាមិនទទួលពិធីបុណ្យជ្រមុជទឹកទេ នោះប៊ីស្សពធ្វើការលុបចោលកំណត់ត្រាសមាជិកភាពនោះ ។ ការណ៍នេះតម្រូវឲ្យមានការអនុញ្ញាតរបស់ប្រធានស្តេក ។
កំណត់ត្រាមិនត្រូវបានលុបចោលឡើយ សម្រាប់អស់អ្នកដែលមិនបានជ្រមុជទឹកដោយសារតែពិការភាពខាងបញ្ញានោះ លុះត្រាតែបានស្នើដោយបុគ្គលផ្ទាល់ ឬអាណាព្យាបាលស្របច្បាប់ រួមមានឪពុក ឬម្ដាយជាដើម ។
៣៣.៦.៣
កំណត់ត្រានៃសមាជិកវួដថ្មី
ស្មៀនវួដ ឬជំនួយការស្មៀនវួដទាក់ទងទៅសមាជិកវួដថ្មីភ្លាម បន្ទាប់ពីកំណត់ត្រាសមាជិកភាពរបស់ពួកគេមកដល់ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃសេចក្តីសង្ខេបនៃពិធីបរិសុទ្ធនីមួយៗ ។
សម្រាប់សេចក្តីណែនាំអំពីការណែនាំឲ្យស្គាល់សមាជិកថ្មី បន្ទាប់ពីកំណត់ត្រារបស់ពួកគេត្រូវបានទទួល ឬបន្ទាប់ពីពួកគេបានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សូមមើល ២៩.២.១.១ ។
៣៣.៦.៤
កំណត់ត្រានៃសមាជិកដែលផ្លាស់គេហដ្ឋាន ឬឃ្លាតឆ្ងាយពីគេហដ្ឋានជាបណ្ដោះអាសន្ន
ថ្នាក់ដឹកនាំវួដ បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ និងស្មៀនទទួលបាននូវអាសយដ្ឋានថ្មីរបស់សមាជិកភ្លាមៗ នៅពេលដែលពួកគេបានដឹងថា សមាជិកមានបំណងចង់ផ្លាស់ទីលំនៅ ។ ស្មៀនផ្លាស់ប្ដូរកំណត់ត្រាទៅវួដថ្មី នៅពេលដែលសមាជិកផ្លាស់ប្ដូរទីលំនៅពិតមែន ។ ស្មៀនក៏អាចស្នើសុំកំណត់ត្រារបស់សមាជិកដែលផ្លាស់ចូលវួដរបស់ពួកគេ នៅពេលដែលកំណត់ត្រានោះមិនទាន់បានផ្ញើមកពីវួដពីមុននៅឡើយផងដែរ ។
ប្រសិនបើស្មៀនមិនអាចស្វែងរកព័ត៌មានអំពីទីកន្លែងដែលសមាជិកបានផ្លាស់ទីលំនៅទេ នោះកំណត់ត្រាត្រូវបានផ្លាស់ប្ដូរទៅបញ្ជីស្វែងរកសមាជិកដែលបាត់នៅក្នុង ធ.ថ.ស. ។ ថ្នាក់ដឹកនាំកូរ៉ុមអែលឌើរ និងថ្នាក់ដឹកនាំសមាគមសង្រ្គោះពិនិត្យមើលរបាយការណ៍ជាទៀងទាត់ ហើយប្រើធនធានដែលមាន ដើម្បីស្វែងរកទីកន្លែងរបស់សមាជិកទាំងនេះ ។ សមាជិកក្រុមប្រឹក្សាវួដដទៃទៀត ឬពួកអ្នកផ្សព្វផ្សាយសាសនាអាចនឹងជួយបាន ។
ប្រសិនបើរកឃើញទីកន្លែងរបស់សមាជិកនោះ ស្មៀនផ្លាស់ប្ដូរកំណត់ត្រាទៅតាមទីកន្លែងនោះ ។ ប្រសិនបើរកមិនឃើញទីកន្លែងរបស់សមាជិកនោះ បន្ទាប់ពីប្រើប្រាស់ធនធានស្វែងរកទាំងអស់ហើយ នោះស្មៀនទទួលការអនុញ្ញាតពីប៊ីស្សព ដើម្បីបញ្ជូនកំណត់ត្រានោះទៅទីស្នាក់ការកណ្ដាលរបស់សាសនាចក្រវិញ ។
កំណត់ត្រានៅក្នុងបញ្ជីស្វែងរកសមាជិកដែលបាត់ នៅតែត្រូវបានចាត់តាំងទៅវួដនោះ ប៉ុន្តែវាមិនលេចឡើងនៅក្នុងបញ្ជីសមាជិក និងរបាយការណ៍ឡើយ ហើយវាមិនមានបញ្ចូលនៅក្នុងស្ថិតិរបស់វួដនោះទេ ។
នៅពេលបុគ្គលម្នាក់ផ្លាស់ចេញពីវួដយូរជាងបីខែ នោះស្មៀនផ្លាស់ប្ដូរកំណត់ត្រាសមាជិកភាពទៅកាន់វួដថ្មី លើកលែងតែសមាជិកមានបំណងវិលត្រលប់មកវិញ បន្ទាប់ពីការចាកចេញសម្រាប់ការងារបណ្តោះអាសន្ន ឬការងារតាមរដូវ ឬសាលារៀន ដែលអាចមានរយៈពេលយូរជាងបីខែ ។
នៅពេលបុគ្គលម្នាក់ផ្លាស់ចេញពីវួដរយៈពេលតិចជាងបីខែ និងមានបំណងវិលត្រឡប់មកវិញ នោះកំណត់ត្រាសមាជិកភាពត្រូវបានរក្សាទុកនៅក្នុងវួដនោះ ។
ប្រសិនបើថ្នាក់ដឹកនាំមិនដឹងប្រាកដថា បុគ្គលម្នាក់នឹងទៅយូរប៉ុណ្ណាទេ នោះពួកគាត់រក្សាទុកកំណត់ត្រានៅក្នុងវួដណា ដែលអាចនឹងបំពេញសេចក្តីត្រូវការរបស់បុគ្គលបានយ៉ាងល្អបំផុត ។
៣៣.៦.៥
កំណត់ត្រាសមាជិកក្រៅអង្គភាព
កំណត់ត្រាសមាជិកភាពរបស់បុគ្គលម្នាក់អាចត្រូវបានរក្សាទុកនៅក្នុងតែវួដមួយប៉ុណ្ណោះក្នុងពេលមួយ ។ មានតែប៊ីស្សពនៃវួដនេះទេ ដែលអាចមើលការខុសត្រូវលើការធ្វើបច្ចុប្បន្នភាពដល់កំណត់ត្រាសមាជិកភាព ការធ្វើពិធីបរិសុទ្ធ និងការធ្វើកិច្ចសម្ភាសសម្រាប់សមាជិកបាន ។
ស្ថានភាពមួយចំនួនតម្រូវថា ឈ្មោះសមាជិក និងព័ត៌មានទំនាក់ទំនងរបស់សមាជិកកត់ត្រានៅក្នុងវួដទីពីរ ( សូមមើល ៣៣.៦.១១ និង ៣៣.៦.១៣ សម្រាប់ឧទាហរណ៍នានា ) ។ នៅក្នុងករណីទាំងនេះ ស្មៀននៃវួដទីពីរបង្កើតកំណត់ត្រាសមាជិកក្រៅអង្គភាពមួយ ។ គាត់ប្រើ ធ.ថ.ស. ដើម្បីបោះពុម្ពកំណត់ត្រានេះ ។
សមាជិកដែលមានកំណត់ត្រាសមាជិកក្រៅអង្គភាពអាចទទួលបានការហៅបម្រើមួយនៅក្នុងវួដនោះ ។ ពួកគេក៏ត្រូវបានរាប់បញ្ចូលនៅក្នុងសៀវភៅរាយឈ្មោះ និងអាសយដ្ឋាន ក៏ដូចជាបញ្ជីវត្តមានផងដែរ ។
៣៣.៦.៦
កំណត់ត្រារបស់សមាជិកដែលកំពុងបម្រើនៅក្រៅវួដដើមរបស់ពួកគេ
៣៣.៦.៦.១
កំណត់ត្រារបស់សមាជិកដែលមានការចាត់តាំងដទៃទៀតរបស់សាសនាចក្រ
ប្រសិនបើសមាជិកមានការចាត់តាំងរបស់សាសនាចក្រនៅក្រៅវួដដើមរបស់ពួកគេ នោះកំណត់ត្រាសមាជិកភាព និងកំណត់ត្រាហិរញ្ញវត្ថុរបស់ពួកគេ ត្រូវបានរក្សាទុកនៅក្នុងវួដដើម ។ ប្រសិនបើការចាត់តាំងនោះ តម្រូវឲ្យសមាជិកផ្លាស់ចេញពីវួដដើមរបស់ពួកគេសម្រាប់រយៈពេលបីខែ ឬច្រើនជាងនោះ ហើយប្រសិនបើកូនៗរបស់ពួកគេទៅតាមពួកគេ នោះកំណត់ត្រាសមាជិកភាពរបស់ពួកគាត់ត្រូវបានផ្លាស់ទៅឲ្យវួដថ្មី ។ ( សូមមើល ៣៣.៦.៤ ) ។
៣៣.៦.៦.២
កំណត់ត្រារបស់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោង
សូមមើល ២៤.៦.២.៨ ។
៣៣.៦.៧
កំណត់ត្រារបស់យុវមជ្ឈិមវ័យនៅលីវ
យុវមជ្ឈិមវ័យនៅលីវដែលមានអាយុពី ១៨ ទៅ ៣០ ឆ្នាំ អាចជ្រើសរើសដើម្បីធ្វើជាសមាជិកនៅវួដដើមក៏បាន ឬវួដ យ.ម.ល. ក៏បាន ប្រសិនបើមានវួដដូច្នេះមួយត្រូវបានបង្កើតឡើងនៅក្នុងតំបន់របស់ពួកគេ ។ ប្រសិនបើពួកគេជ្រើសរើសវួដ យ.ម.ល. នោះពួកគេចូលរួមនៅវួដដែលបានចាត់តាំងនៅក្នុងព្រំប្រទល់វួដដែលពួកគេរស់នៅ ។ ពួកគេក៏ផ្ដល់ព័ត៌មានទៅប៊ីស្សពអំពីវួដដើមរបស់ពួកគេដើម្បីគាត់បានដឹងផងដែរ ។ កំណត់ត្រាសមាជិកភាពត្រូវបានរក្សាទុកនៅវួដដែលពួកគេចូលរួម ។
គោលការណ៍ទាំងនេះក៏អនុវត្តចំពោះមជ្ឈិមវ័យនៅលីវ ដែលមានអាយុពី ៣១ ដល់ ៤៥ ឆ្នាំ ដែលជ្រើសរើសដើម្បីធ្វើជាសមាជិកនៅវួដមជ្ឈិមវ័យនៅលីវផងដែរ ។
៣៣.៦.៨
កំណត់ត្រានៃសមាជិកដែលស្នាក់នៅក្នុងមន្ទីរពេទ្យ ឬ មជ្ឈមណ្ឌលថែទាំ
កំណត់ត្រានៃសមាជិកដែលស្នាក់នៅក្នុងមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលថែទាំ គួរតែស្ថិតនៅក្នុងវួដដែលអាចបម្រើដល់ពួកគាត់យ៉ាងល្អបំផុត ។ នៅក្នុងករណីភាគច្រើនបំផុត វួដនោះគឺជាវួដដែលជាទីតាំងនៃមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលថែទាំនោះ ។
៣៣.៦.៩
កំណត់ត្រារបស់សមាជិកកំពុងបម្រើយោធា
នៅពេលសមាជិកចូលវគ្គបណ្តុះបណ្តាលសម្រាប់ការបម្រើយោធា នោះកំណត់ត្រាសមាជិកភាពគឺត្រូវបានរក្សាទុកនៅក្នុងវួដដើម រហូតដល់គាត់ត្រូវបានចាត់ឲ្យទៅមូលដ្ឋានឈរជើងក្នុងរយៈពេលយូរជាងនោះ ។ នៅពេលនោះ សមាជិកគួរតែទាក់ទងទៅវួដដើម ហើយផ្តល់ឈ្មោះ ព្រមទាំងអាសយដ្ឋាននៃវួដថ្មី ។
៣៣.៦.១០
កំណត់ត្រារបស់សមាជិកដែលពិការភាពខាងបញ្ញា
ចំពោះបុគ្គលមានអាយុ ៨ ឆ្នាំឡើងទៅ ដែលមានពិការភាពខាងបញ្ញា នោះឪពុកម្តាយរបស់គេ ( បើមាន ) និងប៊ីស្សពពិភាក្សាជាមួយគ្នា ដើម្បីកំណត់ថាតើបុគ្គលរូបនេះមានការទទួលខុសត្រូវដែរឬទេ ។ ប្រសិនបើបុគ្គលរូបនេះត្រូវបានកំណត់ថា គ្មានការទទួលខុសត្រូវទេ នោះប៊ីស្សព ឬស្មៀនសរសេរថា « គ្មានការទទួលខុសត្រូវ » នៅក្នុងផ្នែកពិធីបុណ្យជ្រមុជទឹកនៃកំណត់ត្រាសមាជិកភាពរបស់បុគ្គលនោះនៅក្នុង ធ.ថ.ស. ។ កំណត់ត្រានេះមិនត្រូវបានលុបចោលឡើយ ។ ពិធីបរិសុទ្ធទាំងឡាយគឺមិនចាំបាច់ទេសម្រាប់បុគ្គលម្នាក់ ដែលកំណត់ត្រាបញ្ជាក់ថា គាត់គ្មានការទទួលខុសត្រូវ ។
ជួនកាលបុគ្គលម្នាក់ ឪពុកម្ដាយរបស់គាត់ និងប៊ីស្សពពិភាក្សាជាមួយគ្នានៅពេលក្រោយមកទៀត ហើយកំណត់ថា បុគ្គលម្នាក់មានការទទួលខុសត្រូវ បន្ទាប់ពីកំណត់ត្រាត្រូវបានកត់ចំណាំថា « គ្មានការទទួលខុសត្រូវ » ។ នៅក្នុងករណីនោះ ប៊ីស្សព ឬស្មៀន ( ដោយមានការអនុញ្ញាតពីប៊ីស្សព ) អាចលុបចោលការចង្អុលប្រាប់ថា « គ្មានការទទួលខុសត្រូវ » នោះបាន ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៨.២.៤ ។
៣៣.៦.១១
កំណត់ត្រានៃសមាជិកដែលថ្លង់ ឬពិបាកក្នុងការស្ដាប់
សមាជិកដែលប្រើប្រាស់ភាសា-គ និងសមាជិកគ្រួសារជិតដិត ឬអាណាព្យាបាលស្របច្បាប់របស់ពួកគេ អាចជ្រើសរើសដើម្បីមានកំណត់ត្រាសមាជិកភាពសាសនាចក្ររបស់ពួកគេនៅទីកន្លែងណាមួយដូចខាងក្រោមនេះ ៖
-
វួដតាមភូមិសាស្ដ្ររបស់ពួកគេ
-
វួដមួយសម្រាប់សមាជិកថ្លង់ និងពិបាកក្នុងការស្ដាប់ ដែលរស់នៅក្នុងព្រំប្រទល់របស់វួដនោះ
-
វួដមួយដែលបម្រើដល់ក្រុមសមាជិកថ្លង់ និងពិបាកក្នុងការស្ដាប់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ដ្រដែលបានកំណត់ជាក់លាក់ដោយប្រធានស្ដេក ឬប្រធានតំបន់
នៅក្នុងស្ថានភាពនេះ កំណត់ត្រាបុគ្គល ឬកំណត់ត្រាគ្រួសារអាចនៅក្នុងអង្គភាពតែមួយបាន ហើយពួកគេអាចជាសមាជិកក្រៅអង្គភាពរបស់អង្គភាពមួយទៀត ។ ឧទាហរណ៍ សមាជិកខ្លះនៃគ្រួសារមួយអាចមានកំណត់ត្រារបស់ពួកគេនៅក្នុងអង្គភាពសម្រាប់សមាជិកថ្លង់ និងពិបាកក្នុងការស្ដាប់ ហើយពួកគេអាចជាសមាជិកនៅក្នុងវួដមួយដែលនៅក្រៅអង្គភាពតាមភូមិសាស្ត្ររបស់ពួកគេ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៣.៦.៥ ។
សមាជិកដែលថ្លង់ ឬពិបាកក្នុងការស្ដាប់អាចចូលរួមពីចម្ងាយក្នុងវួដ ឬក្រុមមួយដែលបានរៀបចំឡើងសម្រាប់សមាជិកដែលថ្លង់ ឬពិបាកក្នុងការស្ដាប់ នៅក្រៅតំបន់ភូមិសាស្ដ្ររបស់សមាជិកនោះ ។ ពួកគេអាចធ្វើដូច្នោះបាន ទោះបីជាកំណត់ត្រារបស់ពួកគេមិននៅក្នុងអង្គភាពនោះក្ដី ។ ពីមុនចូលរួមពីចម្ងាយ ពួកគេគួរតែទាក់ទងទៅប៊ីស្សពនៃវួដនោះ ហើយជូនដំណឹងដល់គាត់ពីបំណងប្រាថ្នារបស់ពួកគេក្នុងការចូលរួម ។
៣៣.៦.១២
កំណត់ត្រានៃកូនចិញ្ចឹម
កំណត់ត្រានៃកូនចិញ្ចឹម អាចត្រូវបានបង្កើតឡើង ឬធ្វើបច្ចុប្បន្នភាព បន្ទាប់ពីការសុំកូនមកចិញ្ចឹមត្រូវបានបញ្ចប់សព្វគ្រប់តែប៉ុណ្ណោះ ។ ឈ្មោះនៅលើកំណត់ត្រាគួរតែអនុលោមទៅតាមក្រឹត្យក្រមនៃការសុំកូនមកចិញ្ចឹម ។ កំណត់ត្រានៃឪពុកម្តាយចិញ្ចឹមអាចត្រូវបានធ្វើបច្ចុប្បន្នភាព បន្ទាប់ពីការសុំកូនមកចិញ្ចឹមត្រូវបានបញ្ចប់សព្វគ្រប់តែប៉ុណ្ណោះ ។
៣៣.៦.១៣
កំណត់ត្រានៃកុមារដែលឪពុកម្តាយលែងលះគ្នា
កំណត់ហេតុសមាជិកភាពទាំងអស់ប្រើប្រាស់ឈ្មោះផ្លូវការរបស់បុគ្គលម្នាក់ ដូចដែលបានកំណត់ដោយច្បាប់ ឬទំនៀមទម្លាប់មូលដ្ឋាន ។ នេះរួមមានទាំងកូនៗរបស់ឪពុកម្ដាយដែលបានលែងលះផងដែរ ។ ឈ្មោះផ្លូវការនៅក្នុងកំណត់ត្រាសមាជិកភាព គួរតែត្រូវបានកត់ត្រានៅលើវិញ្ញាបនបត្រនៃការប្រសិទ្ធិពរ និងពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាព ។
ជារឿយៗ កុមារដែលមានឪពុកម្តាយលែងលះគ្នា ចូលរួមការប្រជុំនៅព្រះវិហារទាំងពីរក្នុងវួដរបស់ឪពុក និងម្តាយ ។ ខណៈដែលមានតែអង្គភាពមួយអាចរក្សាទុក និងធ្វើបច្ចុប្បន្នភាពកំណត់ត្រាសមាជិកភាពផ្លូវការរបស់កុមារនោះបាន កំណត់ត្រាសមាជិកក្រៅអង្គភាពមួយអាចត្រូវបានបង្កើតឡើងនៅក្នុងវួដមួយទៀតដែលគាត់ចូលរួម ( សូមមើល ៣៣.៦.៥ ) ។ ការណ៍នេះអនុញ្ញាតឲ្យឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់កុមារនេះបញ្ចូលក្នុងបញ្ជីឈ្មោះក្នុងវួដ និងបញ្ជីឈ្មោះក្នុងថ្នាក់ ។
កុមារដែលមានកំណត់ត្រាសមាជិកក្រៅអង្គភាពអាចទទួលបានការហៅបម្រើមួយនៅក្នុងអង្គភាពនោះផងដែរ ។ ការណ៍នេះអាចជួយធានាថា ពួកគេត្រូវបានរាប់បញ្ចូល និងអាចចូលរួមយ៉ាងពេញលេញនៅគ្រប់ទីកន្លែងដែលពួកគេចូលរួម ។
៣៣.៦.១៤
កំណត់ត្រាដែលមានការចារចំណាំ
សូមមើល ៣២.១៤.៥ ។
៣៣.៦.១៥
ការដាក់កំហិតលើការប្ដូរទីលំនៅលើកំណត់ត្រាសមាជិកភាព
ប្រសិនបើសមាជិកផ្លាស់ទីលំនៅ ខណៈការដាក់កំហិតសមាជិកភាពជាផ្លូវការ ឬមានបញ្ហាធ្ងន់ធ្ងរណាមួយទៀតមិនទាន់បញ្ចប់ នោះប៊ីស្សព ឬស្មៀនដែលទទួលការអនុញ្ញាត អាចដាក់កំហិតលើការប្ដូរទីលំនៅនៅលើកំណត់ត្រាសមាជិកភាពនោះបាន ។ គាត់ប្រើ ធ.ថ.ស. ដើម្បីធ្វើការណ៍នេះ ។
កំណត់ត្រាដែលមានការដាក់កំហិតលើការប្ដូរទីលំនៅ មិនត្រូវផ្លាស់ទៅអង្គភាពថ្មីមួយទេ រហូតដល់អ្នកដឹកនាំបព្វជិតភាពដែលបានដាក់កំហិតនោះ អនុញ្ញាតឲ្យដកការដាក់កំហិតនោះចេញសិន ។
៣៣.៦.១៦
កំណត់ត្រាចេញមកពីឯកសារ « មិនស្គាល់អាសយដ្ឋាន »
ជួនកាល សមាជិកម្នាក់ត្រូវបានរកឃើញ ក្រោយពីកំណត់ត្រារបស់គាត់ត្រូវបានដាក់នៅក្នុង « ឯកសារអាសយដ្ឋានដែលមិនស្គាល់ » នៅទីស្នាក់ការកណ្ដាលរបស់សាសនាចក្រ ។ ក្នុងករណីនេះ ស្មៀនវួដដាក់ស្នើកំណត់ត្រានេះដោយប្រើ ធ.ថ.ស. ។ កំណត់ត្រានេះនឹងរួមបញ្ចូលសារលិខិតមួយ ដែលលើកទឹកចិត្តដល់គណៈប៊ីស្សព ថ្នាក់ដឹកនាំកូរ៉ុម និងថ្នាក់ដឹកនាំអង្គការជំនួយ ឲ្យទៅសួរសុខទុក្ខដល់បុគ្គលនោះភ្លាមៗតាមដែលអាចធ្វើទៅបាន និងដើម្បីផ្ដល់ការរាប់អាន ។ អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងក៏អាចត្រូវបានសុំឲ្យទៅសួរសុខទុក្ខ និងរាប់អានដល់សមាជិកទាំងនេះផងដែរ ។
៣៣.៦.១៧
ការកត់ត្រា និងការកែតម្រូវព័ត៌មានពិធីបរិសុទ្ធ
សូមមើល ជំពូកទី ១៨ ។
៣៣.៦.១៨
ការកត់ត្រា និងកែតម្រូវព័ត៌មានស៊ីវិល
សូមមើល ៣៣.៦ ។
៣៣.៦.១៩
សវនកម្មកំណត់ត្រាសមាជិកភាព
ជារៀងរាល់ឆ្នាំ ស្មៀនស្តេក ឬជំនួយការស្មៀនស្តេកត្រូវប្រាកដថា សវនកម្មកំណត់ត្រាសមាជិកភាព ត្រូវបានធ្វើឡើងនៅក្នុងវួដនីមួយៗដោយប្រើប្រាស់ ធ.ថ.ស. ។ ប្រធានស្តេកអាចហៅអ្នកដទៃៗទៀត ដែលមានបទពិសោធន៍នៅក្នុងការរក្សាកំណត់ត្រាសមាជិកភាពឲ្យជួយធ្វើសវនកម្មទាំងនេះ ។ សវនកម្មគួរតែត្រូវបានបញ្ចប់នៅត្រឹមថ្ងៃទី ៣០ ខែ មិថុនា ជារៀងរាល់ឆ្នាំ ។
៣៣.៧
កំណត់ត្រាប្រវត្តិសាស្ត្រ
៣៣.៧.១
ប្រវត្តិសាស្ដ្រវួដ និងស្ដេក
ព្រះអម្ចាស់បានបញ្ជាថា រឿងរ៉ាវ « ប្រវត្តិអំពីការណ៍ដ៏សំខាន់ៗទាំងឡាយ » ទាក់ទងនឹងសាសនាចក្ររបស់ទ្រង់ គឺត្រូវសរសេរទុក និងថែរក្សា ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៩:៣; សូមមើលផងដែរ ខទី ៥; អាលម៉ា ៣៧:២ ) ។
អង្គភាពនីមួយៗនៅក្នុងសាសនាចក្រត្រូវរៀបចំឯកសារសំខាន់ៗទាក់ទងនឹងអង្គភាពទុក ។ បញ្ហាទាំងនេះរួមមានដំណើររឿងប្រវត្តិសាស្ត្រមកពីថ្នាក់ដឹកនៃអង្គភាព ។ ការកំណត់ការណ៍ដ៏សំខាន់នឹងសម្រេចបានប្រសើរបំផុតតាមរយៈ ៖
-
ការគិតដល់កិច្ចខិតខំដើម្បីជួយបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
-
ការទទួលស្គាល់បទពិសោធន៍ដ៏មានន័យ ហើយបង្ហាញព្រះចេស្ដារបស់ព្រះនៅក្នុងជីវិតរបស់បុត្រាបុត្រីរបស់ទ្រង់ ។
ការរក្សាប្រវត្តិសាស្រ្តមួយគឺជាកិច្ចការខាងវិញ្ញាណ ដែលនឹងពង្រឹងដល់សេចក្ដីជំនឿរបស់អស់អ្នកដែលសរសេរ និងអានវា ។ ការរៀបចំជាឯកសារដំណើររឿងពេញមួយឆ្នាំនឹងកែលម្អគុណភាពនៃប្រវត្តិសាស្រ្តនោះ ។
គណៈប្រធានស្តេក ឬជំនួយការស្មៀនស្តេករៀបចំប្រវត្តិសាស្រ្តរបស់ស្តេក ។ គណៈប្រធានស្ដេកក៏អាចនឹងហៅអ្នកជំនាញខាងប្រវត្តិសាស្ត្រមួយរូបដើម្បីជួយផងដែរ ។ គណៈប៊ីស្សពធ្វើតាមវិធីសាស្ដ្រស្រដៀងគ្នានេះសម្រាប់វួដ ។ ការណែនាំមាននៅ Stake, District, and Mission Annual Histories នៅលើគេហទំព័រ ChurchofJesusChrist.org ។
៣៣.៧.២
ប្រវត្តិសាសនាចក្រ
នាយកដ្ឋានប្រវត្តិសាស្ត្រសាសនាចក្ររក្សាទុកកំណត់ត្រាជាប្រវត្តិសាស្ត្រប្រកបដោយការសម្រាំង រួមមានកំណត់ត្រាផ្ទាល់ខ្លួន សិល្បៈ និងវត្ថុបុរាណ « ជាការល្អដល់សាសនាចក្រ និងដល់តំណមនុស្សមានវ័យធំឡើង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៩:៨ ) ។ សំណួរទាំងឡាយអំពីតម្លៃនៃកំណត់ត្រាប្រវត្តិសាស្ត្រអាចនឹងសួរទៅកាន់ ៖
Church History Library
15 East North Temple Street
Salt Lake City, UT 84150-1600
ទូរសព្ទ ៖ ១–៨០១–២៤០–៥៦៩៦
អ៊ីម៉ែល ៖ history@ChurchofJesusChrist.org
៣៣.៨
ភាពសម្ងាត់នៃកំណត់ត្រាទាំងឡាយ
កំណត់ត្រាទាំងឡាយរបស់សាសនាចក្រគឺជាការសម្ងាត់ ទោះជាវាមាននៅលើក្រដាស ឬជាឌីជីថលក៏ដោយ ។ ទាំងនេះរួមមាន ៖
-
កំណត់ត្រាសមាជិកភាព ។
-
កំណត់ត្រាហិរញ្ញវត្ថុ ។
-
កំណត់ចំណាំមកពីការប្រជុំ ។
-
ទម្រង់បែបបទ និងឯកសារផ្លូវការ ( រួមមានកំណត់ត្រានៃក្រុមប្រឹក្សាសមាជិកភាព ) ។
-
កំណត់ចំណាំមកពីការសម្ភាសជាឯកជន ។
ថ្នាក់ដឹកនាំ និងស្មៀនត្រូវការពារកំណត់ត្រាសាសនាចក្រដោយការប្រើប្រាស់ ការរក្សាទុក និងការកម្ទេចចោលកំណត់ត្រាទាំងនោះ តាមរបៀបដែលការពារភាពជាឯកជនរបស់បុគ្គលម្នាក់ៗ ។ ថ្នាក់ដឹកនាំធានាឲ្យបានថា ព័ត៌មានដែលប្រមូលបានមកពីសមាជិកគឺ ៖
-
ត្រូវបានកម្រិតត្រឹមអ្វីដែលសាសនាចក្រតម្រូវឲ្យមាន ។
-
ត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងរបស់សាសនាដែលបានអនុម័តប៉ុណ្ណោះ ។
-
ត្រូវបានប្រគល់ទៅឲ្យអ្នកទាំងឡាយណា ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់វាតែប៉ុណ្ណោះ ។
ព័ត៌មានដែលត្រូវបានរក្សាទុកដោយអេឡិចត្រូនិច ត្រូវតែរក្សាឲ្យមានសុវត្ថិភាព និងការពារឲ្យបានត្រឹមត្រូវ ( សូមមើល ៣៣.៩.១ ) ។ ថ្នាក់ដឹកនាំត្រូវប្រាកដថា ទិន្នន័យដូច្នេះមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន ខាងនយោបាយ ឬពាណិជ្ជកម្មឡើយ ។ ព័ត៌មានមកពីកំណត់ត្រាសាសនាចក្រ រួមទាំងព័ត៌មានប្រវត្តិសាស្រ្ត មិនអាចត្រូវបានប្រគល់ទៅឲ្យបុគ្គល ឬភ្នាក់ងារណាមួយ ដែលធ្វើការស្រាវជ្រាវ ឬការស្ទង់មតិបានឡើយ ( សូមមើល ៣៨.៨.៣៦ ) ។
ថ្នាក់ដឹកនាំ និងសមាជិកត្រូវតែធ្វើតាមសេចក្ដីណែនាំនៅក្នុង ៣៨.៨.២១ ដើម្បីការពារបញ្ជីព័ត៌មានសមាជិករបស់ស្តេក និងវួដ ។
៣៣.៩
ការគ្រប់គ្រងកំណត់ត្រា
ថ្នាក់ដឹកនាំស្តេក និងថ្នាក់ដឹកនាំវួដគួរតែធ្វើឲ្យការគ្រប់គ្រងកំណត់ត្រាមានប្រសិទ្ធភាព ជាផ្នែកមួយនៃនីតិវិធីក្នុងការរក្សាកំណត់ត្រារបស់ពួកគាត់ ។ ចំណុចសំខាន់នៃការគ្រប់គ្រងកំណត់ត្រាចំនួនបីផ្នែកត្រូវបានចែងនៅក្នុងវគ្គនេះ ។
៣៣.៩.១
ការការពារ
កំណត់ត្រា របាយការណ៍ និងទិន្នន័យទាំងអស់របស់សាសនាចក្រ គួរតែត្រូវបានការពារទប់ទល់នឹងការចូលប្រើប្រាស់ ការផ្លាស់ប្តូរ ការបំផ្លាញ ឬការបង្ហាញឲ្យឃើញដោយគ្មានការអនុញ្ញាត ។ ព័ត៌មាននេះគួរតែត្រូវបានទុកនៅកន្លែងដែលមានសុវត្ថិភាព ។ កំណត់ត្រាដែលមានព័ត៌មានសម្ងាត់ខ្ពស់ រួមមានឯកសារបោះពុម្ពចេញពីកុំព្យូទ័រ គួរតែត្រូវបានទុកនៅក្នុងថតតុ ឬទូរចាក់សោ នៅក្នុងការិយាល័យរបស់ថ្នាក់ដឹកនាំ នៅពេលដែលឯកសារទាំងនោះមិនត្រូវបានយកមកប្រើប្រាស់ ។
នៅកន្លែងណាដែលអាចធ្វើទៅបាន កំណត់ត្រា របាយការណ៍ និងទិន្នន័យជាអេឡិចត្រូនិច គួរតែត្រូវធ្វើយ៉ាងណាកុំឲ្យគេអានបាន ហើយត្រូវការពារដោយការដាក់ពាក្យសម្ងាត់ ។ ឧបករណ៍ ឬស្តុកប្រព័ន្ធផ្សព្វផ្សាយដែលជាកម្មសិទ្ធិរបស់សាសនាចក្រដែលបានបាត់ ឬត្រូវបានគេលួច គួរតែត្រូវបានរាយការណ៍ភ្លាមៗនៅលើគេហទំព័រ incidents.ChurchofJesusChrist.org ។ ការប្រើប្រាស់ខុសនូវព័ត៌មានរបស់សាសនាចក្រក៏គួរតែត្រូវបានរាយការណ៍ផងដែរ ។
៣៣.៩.១.១
ឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់
ប្រធានស្តេក ប៊ីស្សព និងថ្នាក់ដឹកនាំផ្សេងទៀត មិនគួរចែកចាយឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់សាសនាចក្ររបស់ពួកគាត់ជាមួយនឹងទីប្រឹក្សា ស្មៀន លេខាប្រតិបត្តិ ឬអ្នកដទៃទៀតសោះឡើយ ។ ពួកគាត់ក៏មិនគួរទុកវានៅក្នុងឧបករណ៍ទាំងឡាយ ដែលអ្នកដទៃទៀតអាចមើលឃើញ ឬអាចចូលប្រើបានផងដែរ ។
ពាក្យសម្ងាត់គួរតែមានតួអក្សរ លេខ និងសញ្ញាចំនួន ១២ ឬវែងជាងនោះ ហើយមិនគួរងាយស្រួលក្នុងការទាយនោះទេ ។ ថ្នាក់ដឹកនាំត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ឲ្យបើកមុខងារការផ្ទៀងផ្ទាត់ពីរជំហាន ( ត្រូវបានគេស្គាល់ផងដែរថាជា ការបញ្ជាក់ភាពដើមតាមពហុកត្តា ) នៅលើគណនីសាសនាចក្ររបស់ពួកគាត់នៅពេលណាដែលអាចធ្វើទៅបាន ។
៣៣.៩.១.២
កុំព្យូទ័រ និងស្តុកទិន្នន័យដែលប្រើរួមគ្នា
ថ្នាក់ដឹកនាំ និងស្មៀនមិនគួររក្សាទុកព័ត៌មានសមាជិកភាព និងហិរញ្ញវត្ថុនៅក្នុងកុំព្យូទ័រដែលប្រើរួមគ្នា ដែលអាចត្រូវបានចូលប្រើដោយអ្នកដទៃទៀត ដែលមិនមានសិទ្ធិអំណាចដើម្បីមានព័ត៌មានទាំងនេះនោះទេ ។
៣៣.៩.១.៣
ភាពសម្ងាត់នៃទិន្នន័យ
ប្រទេសជាច្រើនបានបង្កើតការការពារទិន្នន័យ ដែលគ្រប់គ្រងដំណើរការនៃទិន្នន័យផ្ទាល់ខ្លួន ។ ការណ៍នេះរួមមានព័ត៌មាននៅក្នុងកំណត់ត្រាសមាជិកភាព និងកំណត់ត្រាសាសនាចក្រផ្សេងៗទៀត ដែលបង្ហាញពីអត្តសញ្ញាណរបស់បុគ្គលទាំងឡាយ ។ ថ្នាក់ដឹកនាំដែលមានសំណួរអំពីការអនុវត្តនៃច្បាប់ការពារទិន្នន័យ ទាក់ទងនឹងការគ្រប់គ្រងក្នុងមូលដ្ឋានរបស់កំណត់ត្រាសាសនាចក្រ អាចទាក់ទងទៅការិយាល័យភាពសម្ងាត់នៃទិន្នន័យរបស់សាសនាចក្រតាមអាសយដ្ឋានអ៊ីម៉ែល DataPrivacyOfficer@ChurchofJesusChrist.org ។
៣៣.៩.២
ការថែរក្សា
កំណត់ត្រាទាំងឡាយគួរតែត្រូវបានរក្សាទុក ដរាបណាកំណត់ត្រាទាំងនោះមានតម្រូវការសម្រាប់គោលបំណងរដ្ឋបាល ច្បាប់ និងគោលបំណងជាប្រវត្តិសាស្រ្តតែប៉ុណ្ណោះ ។ បញ្ជីការហិរញ្ញវត្ថុគួរតែត្រូវបានរក្សាទុកសម្រាប់រយៈពេលយ៉ាងហោចណាស់បីឆ្នាំ បូករួមទាំងឆ្នាំបច្ចុប្បន្នផងដែរ ។ ថ្នាក់ដឹកនាំដែលមានសំណួរអំពីរយៈពេលដែលត្រូវរក្សាទុកកំណត់ត្រា គួរតែទាក់ទងទៅនាយកដ្ឋានសេវាកម្មសកល ឬការិយាល័យប្រចាំតំបន់ ។
៣៣.៩.៣
ការកម្ទេចចោល
កំណត់ត្រាដែលលែងប្រើប្រាស់ ឬលែងត្រូវការតទៅទៀត គួរតែត្រូវបានកម្ទេចចោលតាមរបៀបមួយដែលព័ត៌មានមិនអាចយកមកវិញ ឬស្តារឡើងវិញបាន ។ នៅពេលលុបព័ត៌មានសមាជិកភាព ឬព័ត៌មានហិរញ្ញវត្ថុដែលជាឌីជីថល អ្នកដឹកនាំនោះត្រូវតែប្រាកដថា វាមិនអាចរកឃើញមកវិញតាមរយៈមធ្យោបាយណាមួយឡើយ ។
កំណត់ត្រាដែលមានតម្លៃខាងប្រវត្តិសាស្ត្រប្រកបដោយសក្តានុពល មិនគួរត្រូវបានបោះចោល បំផ្លាញចោល ឬដាក់ក្នុងមជ្ឈមណ្ឌលធនធានវួដ ( បណ្ណាល័យ ) នោះទេ ។ សំណួរទាំងឡាយអំពីតម្លៃនៃកំណត់ត្រាខាងប្រវត្តិសាស្រ្ត អាចត្រូវបានប្រាប់ទៅដល់បណ្ណាល័យប្រវតិ្តសាស្រ្តសាសនាចក្រ ( សូមមើលព័ត៌មានទាក់ទងនៅក្នុង ៣៣.៧.២ ) ។
៣៣.១០
អ្នកជំនាញខាងបច្ចេកវិទ្យាប្រចាំស្តេក និងវួដ
គណៈប្រធានស្តេកហៅសមាជិកស្ដេកម្នាក់ ឬច្រើននាក់ឲ្យបម្រើជាអ្នកជំនាញខាងបច្ចេកវិទ្យាប្រចាំស្តេក ។ គណៈប៊ីស្សពអាចហៅសមាជិកវួដម្នាក់ ឬច្រើននាក់ឲ្យបម្រើជាអ្នកជំនាញខាងបច្ចេកវិទ្យាប្រចាំវួដ ។ បុរស ស្ដ្រី និងយុវវ័យអាចបំពេញការហៅទាំងនេះបាន ។
អ្នកជំនាញខាងបច្ចេកវិទ្យាប្រចាំស្តេកបម្រើនៅក្រោមការដឹកនាំរបស់ស្មៀនស្ដេក ។ អ្នកជំនាញខាងបច្ចេកវិទ្យាប្រចាំវួដបម្រើនៅក្រោមការដឹកនាំរបស់ស្មៀនវួដ ឬលេខាប្រតិបត្តិវួដ ដូចដែលបានកំណត់ដោយប៊ីស្សព ។ ការទទួលខុសត្រូវរបស់ពួកគាត់អាចរួមមានដូចខាងក្រោម ៖
-
ជួយថ្នាក់ដឹកនាំស្តេក ឬថ្នាក់ដឹកនាំវួដជាមួយនឹងតម្រូវការខាងបច្ចេកវិទ្យា ។
-
បង្រៀនសមាជិកពីរបៀបចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ កម្មវិធី និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀតរបស់សាសនាចក្រ រួមទាំងគេហទំព័រ FamilySearch.org ផងដែរ ។
-
គាំទ្រដល់ថ្នាក់ដឹកនាំ និងគ្រូបង្រៀនដែលប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីបំពេញការហៅរបស់ពួកគាត់ ។
-
គ្រប់គ្រងការផ្សាយបន្ដផ្ទាល់នៃការប្រជុំ និងថ្នាក់រៀនសម្រាប់សមាជិកដែលមិនអាចចូលរួមបាន ( សូមមើល ២៩.៧ ) ។
លើសពីនេះ អ្នកជំនាញបចេ្ចកវិទ្យាប្រចាំស្តេកមានការទទួលខុសត្រូវដូចតទៅ សម្រាប់ការគ្រប់គ្រងកុំព្យូទ័ររបស់សាសនាចក្រនៅក្នុងស្តេក រួមមានទាំងកុំព្យូទ័រទាំងឡាយដែលនៅក្នុងមជ្ឈមណ្ឌលពង្សប្រវត្តិផងដែរ ៖
-
ធ្វើតាមការដឹកនាំមកពីគណៈប្រធានស្តេកអំពីការដាក់ ការចែកចាយ ការរៀបចំឡើងវិញ និងការដាក់កាលវិភាគលើគ្រប់កុំព្យូទ័រស្តេកទាំងអស់ ។
-
ថែរក្សាសារពើភណ្ឌ័នៃឧបករណ៍កុំព្យូទ័រដែលកំពុងមានទាំងអស់នៅក្នុងស្ដេក ដោយមានលេខសម្គាល់ ម៉ូដ សមត្ថភាព និងទីកន្លែងឧបករណ៍ ។
-
ត្រូវប្រាកដថា ( ១ ) កុំព្យូទ័រ សុសវែរ និងព័ត៌មានសម្ងាត់មានសុវត្ថិភាព ( ២ ) ឯកសារទិន្នន័យត្រូវបានថតចម្លងទុកជាទៀងទាត់ ។
-
ស្គាល់គោលនយោបាយទូទៅសម្រាប់កុំព្យូទ័រសាសនាចក្រ ( សូមមើល ៣៨.៨.៩ ) ។
-
ស្គាល់សេចក្តីណែនាំទាំងឡាយដើម្បីទទួលបាន និងគ្រប់គ្រងកុំព្យូទ័រសាសនាចក្រ ។
តាមការចាំបាច់ អ្នកជំនាញខាងបច្ចេកវិទ្យាប្រចាំស្តេកសម្របសម្រួលកិច្ចការរបស់អ្នកជំនាញខាងបច្ចេកវិទ្យាប្រចាំវួដ ។ ពួកគាត់ក៏ផ្ដល់ការណែនាំផងដែរ ។