« ៣៤. ហិរញ្ញវត្ថុ និងសវនកម្ម » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ៣៤. ហិរញ្ញវត្ថុ និងសវនកម្ម » ក្បួនខ្នាតទូទៅ ។
៣៤.
ហិរញ្ញវត្ថុ និងសវនកម្ម
៣៤.០
សេចក្តីផ្ដើម
ដង្វាយមួយភាគក្នុងដប់ និងដង្វាយនានាអនុញ្ញាតឲ្យសាសនាចក្របន្តធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះអម្ចាស់ ( សូមមើល ១.២ ) ។ មូលនិធិទាំងនេះគឺពិសិដ្ឋណាស់ ។ វាតំណាងឲ្យការលះបង់ និងសេចក្ដីជំនឿរបស់សមាជិកសាសនាចក្រនេះ ( សូមមើល ម៉ាកុស ១២:៤១–៤៤ ) ។
ការប្រើប្រាស់មួយចំនួននៃដង្វាយមួយភាគក្នុងដប់ និងដង្វាយនានានៅក្នុងការគាំទ្រដល់កិច្ចការរបស់ព្រះអម្ចាស់រួមមាន ៖
-
ការសាងសង់ និងការថែទាំព្រះវិហារបរិសុទ្ធ សាលាប្រជុំ និងអគារផ្សេងទៀតរបស់សាសនាចក្រ ។
-
ការគាំទ្រសកម្មភាព និងប្រតិបត្តិការទាំងឡាយរបស់សាសនាចក្រ និងក្រុមជំនុំក្នុងមូលដ្ឋានរបស់សាសនាចក្រ ។
-
ការចែកចាយដំណឹងល្អនៅទូទាំងពិភពលោក ។
-
ការគាំទ្រដល់កម្មវិធីទាំងឡាយរបស់សាសនាចក្រ ដូចជាការអប់រំ និងពង្សប្រវត្តិ ។
-
ការផ្ដល់អាហារ ជម្រក និងតម្រូវការចាំបាច់ផ្សេងៗទៀត ដល់មនុស្សដែលត្រូវការជំនួយ ។
ប្រធានស្តេក និងប៊ីស្សពមានកាតព្វកិច្ចដ៏ពិសិដ្ឋមួយ ដើម្បីមើលខុសត្រូវមូលនិធិរបស់សាសនាចក្រ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧២:៩–១០ ) ។ មូលនិធិទាំងនេះគួរតែត្រូវបានប្រើប្រាស់ដោយសមាជិកដែលមានសិទ្ធិអំណាច សម្រាប់គោលបំណងសាសនាចក្រដែលបានអនុញ្ញាតប៉ុណ្ណោះ ។ មូលនិធិសាសនាចក្រត្រូវមានការទទួលខុសត្រូវ និងការការពារដោយប្រុងប្រយ័ត្ន ។
៣៤.១
ថ្នាក់ដឹកនាំខាងហិរញ្ញវត្ថុស្តេក
៣៤.១.១
គណៈប្រធានស្តេក
ប្រធានស្តេកមានការទទួលខុសត្រូវដូចខាងក្រោមចំពោះហិរញ្ញវត្ថុនៅក្នុងស្តេក ។ គាត់អាចបែងចែកកិច្ចការនេះមួយចំនួនទៅដល់ទីប្រឹក្សា និងស្មៀនរបស់គាត់ ។
ប្រធានស្តេក ៖
-
បង្រៀន និងបំផុសដល់សមាជិកឲ្យថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ ហើយថ្វាយដង្វាយដោយចិត្តសប្បុរស ( សូមមើល ៣៤.៣ ) ។
-
ធ្វើឲ្យប្រាកដថា មូលនិធិស្តេកត្រូវបានចាត់ចែង និងទទួលខុសត្រូវដោយត្រឹមត្រូវ ( សូមមើល ៣៤.៥ ) ។
-
ពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុជារៀងរាល់ខែ ហើយធ្វើឲ្យប្រាកដថា ចំណុចសកម្មភាពទាំងឡាយត្រូវបានដោះស្រាយភ្លាមៗ ។
-
ធ្វើឲ្យប្រាកដថា គណៈប៊ីស្សព ថ្នាក់ដឹកនាំអង្គការទាំងឡាយ និងស្មៀន រៀនពីការទទួលខុសត្រូវរបស់ពួកគាត់ចំពោះមូលនិធិពិសិដ្ឋរបស់សាសនាចក្រ ។
-
រៀបចំ និងគ្រប់គ្រងថវិកាប្រចាំឆ្នាំរបស់ស្តេក ( សូមមើល ៣៤.៦ ) ។
-
ធ្វើឲ្យប្រាកដថា មានការគោរពតាមគោលការណ៍ណែនាំអំពីថវិកាឧបត្ថម្ភរបស់ស្តេក ( សូមមើល ៣៤.៦.២ ) ។
-
ប្រឹក្សាជាមួយនឹងប៊ីស្សពម្នាក់ៗជាទៀងទាត់ដើម្បីពិភាក្សាពីហិរញ្ញវត្ថុរបស់វួដ ។
-
បញ្ជាក់ថា វួដនីមួយៗធ្វើការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់ប្រចាំឆ្នាំ ។
-
ធ្វើឲ្យប្រាកដថា ពាក្យសម្ងាត់ដើម្បីចូលទៅប្រព័ន្ធហិរញ្ញវត្ថុរបស់សាសនាចក្រ គឺពុំត្រូវចែកចាយសោះឡើយ ។
-
ធ្វើឲ្យប្រាកដថា គណៈកម្មការសវនកម្មស្តេកត្រូវបានរៀបចំឡើង និងដំណើរការដោយត្រឹមត្រូវ ( សូមមើល ៣៤.៧.១ ) ។
-
មានពេលដើម្បីឆ្លើយសំណួរ អំឡុងពេលសវនកម្មលើកំណត់ត្រាហិរញ្ញវត្ថុស្តេក ( សូមមើល ៣៤.៧ ) ។
-
ពិនិត្យមើលសវនកម្មរបស់ស្តេក និងកំណត់ត្រាហិរញ្ញវត្ថុរបស់វួដ ហើយធ្វើឲ្យប្រាកដថា ចំណុចសកម្មភាពទាំងឡាយត្រូវបានដោះស្រាយភ្លាមៗ ( សូមមើល ៣៤.៧ ) ។
-
ធ្វើឲ្យប្រាកដថា ស្តេក និងវួដធ្វើតាមច្បាប់ពន្ធដែលអនុវត្តទាំងអស់ ( សូមមើល ៣៤.៨ ) ។
៣៤.១.២
ស្មៀនស្តេក
ប្រធានស្តេកចាត់ឲ្យស្មៀនស្តេក ឬជំនួយការស្មៀនស្តេកជួយក្នុងការរក្សាបញ្ជីការហិរញ្ញវត្ថុស្តេក ។ ស្មៀនគួរតែធ្វើតាមគោលនយោបាយបច្ចុប្បន្ន ដើម្បីការពារមូលនិធិរបស់សាសនាចក្រ ព្រមទាំងធានាថាកំណត់ត្រាសាសនាចក្រមានភាពត្រឹមត្រូវ ។
ស្មៀនមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
កត់ត្រា និងដាក់បញ្ញើគ្រប់មូលនិធិដែលបានទទួលជាមួយនឹងសមាជិកម្នាក់នៃគណៈប្រធានស្តេក ។
-
ពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុជារៀងរាល់ខែ ហើយធ្វើឲ្យប្រាកដថា ចំណុចសកម្មភាពទាំងឡាយត្រូវបានដោះស្រាយភ្លាមៗ ។
-
ជួយដល់គណៈប្រធានស្តេកឲ្យរៀបចំថវិកាស្តេកប្រចាំឆ្នាំ ( សូមមើល ៣៤.៦.១ និង ៣៤.៦.២ ) ។
-
បញ្ជាក់ថា វួដនីមួយៗបានបញ្ជូនរបាយការណ៍ការប្រកាសដង្វាយមួយភាគក្នុងដប់ ។
-
ចូលរួមនៅក្នុងសវនកម្មហិរញ្ញវត្ថុដែលធ្វើឡើងដោយសវនករស្តេក និងធ្វើសកម្មភាពកែតម្រូវនានា ប្រសិនបើចាំបាច់ ( សូមមើល ៣៤.៧ ) ។
-
ជួយគណៈប៊ីស្សពជាមួយនឹងការបំពាក់បំប៉នស្មៀនវួដ ។
ស្មៀនគួរតែកាន់បព្វជិតភាពម៉ិលគីស្សាដែក ហើយមានភាពស័ក្តិសមកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ សម្រាប់ព័ត៌មានបន្ថែមអំពីការហៅស្មៀនស្តេក សូមមើល ៣៣.៣.២ និង ៣៣.៣.៣ ។
៣៤.២
ថ្នាក់ដឹកនាំខាងហិរញ្ញវត្ថុវួដ
៣៤.២.១
គណៈប៊ីស្សព
ប៊ីស្សពមានការទទួលខុសត្រូវដូចខាងក្រោមចំពោះហិរញ្ញវត្ថុនៅក្នុងវួដ ។ គាត់អាចបែងចែកកិច្ចការនេះមួយចំនួនទៅដល់ទីប្រឹក្សា និងស្មៀនរបស់គាត់ ។
ប៊ីស្សព ៖
-
បង្រៀន និងបំផុសដល់សមាជិកឲ្យថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ ហើយថ្វាយដង្វាយដោយចិត្តសប្បុរស ( សូមមើល ៣៤.៣ ) ។
-
ធ្វើឲ្យប្រាកដថា មូលនិធិវួដត្រូវបានប្រើប្រាស់ និងទទួលខុសត្រូវដោយត្រឹមត្រូវ ( សូមមើល ៣៤.៥ ) ។
-
ពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុជារៀងរាល់ខែ ហើយធ្វើឲ្យប្រាកដថា ចំណុចសកម្មភាពទាំងឡាយត្រូវបានដោះស្រាយភ្លាមៗ ។
-
ធ្វើឲ្យប្រាកដថា ថ្នាក់ដឹកនាំអង្គការជំនួយទាំងឡាយ និងស្មៀន រៀនពីការទទួលខុសត្រូវរបស់ពួកគេចំពោះមូលនិធិពិសិដ្ឋរបស់សាសនាចក្រ ។
-
រៀបចំ និងគ្រប់គ្រងថវិកាប្រចាំឆ្នាំរបស់វួដ ( សូមមើល ៣៤.៦ ) ។
-
ធ្វើឲ្យប្រាកដថា មានការគោរពតាមគោលការណ៍ណែនាំអំពីថវិកាឧបត្ថម្ភរបស់វួដ ( សូមមើល ៣៤.៦.២ ) ។
-
ដឹកនាំការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់ជាមួយនឹងសមាជិកវួដជាប្រចាំឆ្នាំ ។
-
ធ្វើឲ្យប្រាកដថា ពាក្យសម្ងាត់ដើម្បីចូលទៅប្រព័ន្ធហិរញ្ញវត្ថុរបស់សាសនាចក្រ គឺពុំត្រូវចែកចាយសោះឡើយ ។
-
មានពេលដើម្បីឆ្លើយសំណួរ អំឡុងពេលសវនកម្មលើកំណត់ត្រាហិរញ្ញវត្ថុរបស់វួដ ហើយធ្វើឲ្យប្រាកដថា ចំណុចសកម្មភាពទាំងឡាយត្រូវបានដោះស្រាយភ្លាមៗ ( សូមមើល ៣៤.៧ ) ។
៣៤.២.២
ស្មៀនវួដ
ប៊ីស្សពចាត់ឲ្យស្មៀនវួដ ឬជំនួយការស្មៀនវួដជួយក្នុងការរក្សាបញ្ជីការហិរញ្ញវត្ថុវួដ ។ ស្មៀនគួរតែធ្វើតាមគោលនយោបាយបច្ចុប្បន្ន ដើម្បីការពារមូលនិធិរបស់សាសនាចក្រ ព្រមទាំងធានាថាកំណត់ត្រាសាសនាចក្រមានភាពត្រឹមត្រូវ ។
ស្មៀនមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
កត់ត្រា និងដាក់បញ្ញើគ្រប់មូលនិធិដែលបានទទួលជាមួយនឹងសមាជិកម្នាក់នៃគណៈប៊ីស្សព ។
-
ពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុជារៀងរាល់ខែ ហើយធ្វើឲ្យប្រាកដថា ចំណុចសកម្មភាពទាំងឡាយត្រូវបានដោះស្រាយភ្លាមៗ ។
-
ជួយដល់គណៈប៊ីស្សពរៀបចំថវិកាវួដប្រចាំឆ្នាំ ( សូមមើល ៣៤.៦.១ និង ៣៤.៦.២ ) ។
-
ធ្វើឲ្យប្រាកដថា សមាជិកអាចចូលទៅមើលរបាយការណ៍នៃការបរិច្ចាគរបស់ពួកគេ និងជួយពួកគេតាមដែលត្រូវការ ។
-
ជួយប៊ីស្សពឲ្យរៀបចំសម្រាប់ការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់ ។
-
ចូលរួមនៅក្នុងសវនកម្មហិរញ្ញវត្ថុដែលធ្វើឡើងដោយសវនករស្តេក និងធ្វើសកម្មភាពកែតម្រូវនានា ប្រសិនបើចាំបាច់ ( សូមមើល ៣៤.៧ ) ។
ស្មៀនគួរតែកាន់បព្វជិតភាពម៉ិលគីស្សាដែក ហើយមានភាពស័ក្តិសមកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ សម្រាប់ព័ត៌មានបន្ថែមអំពីការហៅស្មៀនវួដ សូមមើល ៣៣.៤.២ និង ៣៣.៤.៣ ។
៣៤.៣
ការបរិច្ចាគ
ថ្នាក់ដឹកនាំសាសនាចក្របង្រៀនសមាជិកអំពីគោលការណ៍នៃដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ហើយលើកទឹកចិត្តសមាជិកឲ្យរស់នៅតាមគោលការណ៍ទាំងនេះ ។ បុគ្គលណាដែលមិនមែនជាសមាជិកសាសនាចក្រក៏អាចធ្វើការបរិច្ចាគផងដែរ ។ ទោះជាយ៉ាងណា មានតែសមាជិកសាសនាចក្រប៉ុណ្ណោះដែលអាចថ្វាយដង្វាយមួយភាគក្នុងដប់បាន ។
សមាជិកត្រូវបានលើកទឹកចិត្តឲ្យធ្វើការបរិច្ចាគរបស់ពួកគេតាមអនឡាញ នៅកន្លែងដែលអាចធ្វើទៅបាន ( សូមមើលគេហទំព័រ donations.ChurchofJesusChrist.org ) ។ សមាជិកក៏អាចប្រគល់ការបរិច្ចាគរបស់ពួកគេ និងទម្រង់បែបបទដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗដែលបានបំពេញរួចរបស់ពួកគេទៅឲ្យប៊ីស្សព ឬទីប្រឹក្សាមួយរូបរបស់គាត់បានផងដែរ ( សូមមើល ៣៤.៥.២ ) ។
៣៤.៣.១
ដង្វាយមួយភាគក្នុងដប់
ដង្វាយមួយភាគក្នុងដប់គឺជាការបង់ចំណូលមួយភាគក្នុងដប់របស់មនុស្សម្នាក់ទៅកាន់សាសនាចក្ររបស់ព្រះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩:៣–៤ ។ ការប្រាក់ ត្រូវបានយល់ថាជាចំណូល ) ។ សមាជិកទាំងអស់ដែលមានប្រាក់ចំណូលគួរតែបង់ដង្វាយមួយភាគក្នុងដប់ ។
ប្រជាជនក្នុងសេចក្ដីសញ្ញារបស់ព្រះអម្ចាស់បានរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់តាំងពីបុរាណមក ( សូមមើល លោកុប្បត្តិ ១៤:១៨–២០; លេវីវិន័យ ២៧:៣០–៣២ ) ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « ដង្វាយ១ភាគ១០នៃរាស្ត្ររបស់យើង … នឹងត្រូវទៅជាក្រឹត្យវិន័យដែលនៅអចិន្ត្រៃយ៍ចំពោះពួកគេជារៀងដរាបតទៅ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:៣–៤ ) ។
ដង្វាយមួយភាគក្នុងដប់គឺបរិសុទ្ធចំពោះព្រះអម្ចាស់ ហើយសមាជិកគោរពដល់ទ្រង់តាមរយៈការថ្វាយដង្វាយមួយភាគក្នុងដប់ ។ នេះគឺជាការបង្ហាញពីសេចក្ដីជំនឿលើព្រះ និងការសន្យារបស់ទ្រង់ ។ អស់អ្នកទាំងឡាយដែលថ្វាយដង្វាយមួយភាគក្នុងដប់ ទទួលការសន្យានេះមកពីព្រះអម្ចាស់ ៖ « ល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ » ( ម៉ាឡាគី ៣:១០ ) ។
៣៤.៣.១.១
ការប្រើប្រាស់មូលនិធិដង្វាយមួយភាគក្នុងដប់
ដង្វាយមួយភាគក្នុងដប់តែងតែត្រូវបានប្រើប្រាស់សម្រាប់គោលបំណងទាំងឡាយរបស់ព្រះអម្ចាស់ តាមដែលបានណែនាំដោយក្រុមប្រឹក្សាលើការចាត់ចែងដង្វាយមួយភាគក្នុងដប់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២០ ) ។ គោលបំណងមួយចំនួនទាំងនេះមានពន្យល់នៅក្នុង ៣៤.០ ។
៣៤.៣.១.២
ការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់
ប៊ីស្សពធ្វើការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់នៅជិតដំណាច់ឆ្នាំនីមួយៗ ។ នៅក្នុងស្ថានភាពនានាដ៏កម្រ នៅពេលប៊ីស្សពអវត្តមាន នោះប្រធានស្តេកអាចអនុញ្ញាតឲ្យទីប្រឹក្សារបស់ប៊ីស្សពមួយរូបដឹកនាំការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់បាន ។
សមាជិកទាំងអស់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់ ដើម្បី ៖
-
ធ្វើឲ្យប្រាកដថា កំណត់ត្រាការបរិច្ចាគរបស់ពួកគេគឺត្រឹមត្រូវ ។
-
ថ្លែងការណ៍ទៅប៊ីស្សពពីស្ថានភាពជាអ្នកបង់ដង្វាយមួយភាគក្នុងដប់របស់ពួកគេ ។
ប្រសិនបើអាចធ្វើទៅបាន សមាជិកក្រុមគ្រួសារទាំងអស់ រួមទាំងកុមារ គួរតែចូលរួមក្នុងការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់ជាមួយគ្នា ។
អំឡុងការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់ ប៊ីស្សពបង្ហាញពីអំណរគុណដល់សមាជិកចំពោះភាពស្មោះត្រង់របស់ពួកគេ ។ គាត់ក៏បង្រៀនអំពីគោលការណ៍ដង្វាយមួយភាគក្នុងដប់ លើកទឹកចិត្តពួកគេឲ្យបង់ដង្វាយតមអាហារដោយចិត្តសប្បុរស និងពិភាក្សាអំពីបញ្ហាពាក់ព័ន្ធផ្សេងៗទៀតផងដែរ ។
ការណែនាំសម្រាប់ការផ្ទៀងផ្ទាត់ដង្វាយមួយភាគក្នុងដប់ ត្រូវបានផ្តល់ឲ្យដោយទីស្នាក់ការកណ្តាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់ដែលបានចាត់តាំង ។
៣៤.៣.២
ដង្វាយតមអាហារ
ថ្នាក់ដឹកនាំសាសនាចក្រលើកទឹកចិត្តសមាជិកឲ្យរស់នៅតាមច្បាប់តមអាហារ ។ ការណ៍នេះរួមមានទាំងការផ្ដល់ដង្វាយតមអាហារដោយសប្បុរសផងដែរ ( សូមមើល ២២.២.២ ) ។
នៅក្នុងវួដខ្លះ ប៊ីស្សពអាចឲ្យសិទ្ធិដល់ពួកអ្នកកាន់បព្វជិតភាពអើរ៉ុន ដើម្បីប្រមូលដង្វាយតមអាហារ ។ ក្នុងការធ្វើការសម្រេចចិត្តនេះ ប៊ីស្សពពិចារណាលើចំនួនអ្នកកាន់បព្វជិតភាពអើរ៉ុនដែលមាន គិតដល់សុវត្ថិភាពរបស់ពួកគេ និងពរជ័យដល់សមាជិកដែលមិនអាចមកចូលរួមបរិច្ចាគបាន ។
អ្នកកាន់បព្វជិតភាពគួរទៅជាគូៗ នៅពេលប្រមូលដង្វាយតមអាហារ ។ ពួកគេត្រូវប្រគល់ដង្វាយនោះទៅឲ្យសមាជិកមួយរូបនៃគណៈប៊ីស្សពឲ្យបានឆាប់រហ័ស ។
សមាជិកមិនត្រូវផ្តល់ការបរិច្ចាគដទៃទៀតដូចជា ដង្វាយមួយភាគក្នុងដប់ ឬដង្វាយផ្សេងៗទៅកាន់អ្នកដែលទៅប្រមូលដង្វាយតមអាហារឡើយ ។
សេចក្តីណែនាំសម្រាប់ការប្រើប្រាស់មូលនិធិដង្វាយតមអាហារត្រូវបានផ្តល់ឲ្យនៅក្នុង ២២.៥.២ ។
៣៤.៣.៣
មូលនិធិអ្នកផ្សព្វផ្សាយសាសនា
ការបរិច្ចាគសម្រាប់មូលនិធិអ្នកផ្សព្វផ្សាយសាសនាវួដ ត្រូវបានប្រើប្រាស់ជាចម្បង ដើម្បីបំពេញបង្គ្រប់ដល់ការតាំងចិត្តបរិច្ចាគរបស់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងចេញពីវួដនោះ ( សូមមើល ២៤.៣.៤ ) ។ មូលនិធិដែលមិនត្រូវការអាចត្រូវបានប្រើប្រាស់ ដើម្បីបំពេញការតាំងចិត្តរបស់អ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតក្នុងស្តេក ឬក្រុមប្រឹក្សាសម្របសម្រួល ។ មូលនិធិអ្នកផ្សព្វផ្សាយសាសនាវួដ មិនគួរត្រូវបានបញ្ជូនទៅកាន់អ្នកផ្សព្វផ្សាយណាម្នាក់ដោយផ្ទាល់នោះទេ ។ មូលនិធិទាំងនេះពុំគួរប្រើប្រាស់សម្រាប់សកម្មភាពអ្នកផ្សព្វផ្សាយសាសនាណាមួយនៅក្នុងវួដ ឬស្តេកនោះទេ ។
ការបរិច្ចាគសម្រាប់មូលនិធិអ្នកផ្សព្វផ្សាយសាសនាទូទៅ ត្រូវបានប្រើប្រាស់ដោយសាសនាចក្រក្នុងកិច្ចខិតខំផ្សព្វផ្សាយសាសនារបស់សាសនាចក្រទាំងស្រុង ។
ប្រធានស្តេក និងប៊ីស្សពគួរតែបញ្ជូនមូលនិធិផ្សព្វផ្សាយសាសនាដែលលើសពីតម្រូវការសមហេតុផលរបស់ស្តេក និងវួដទៅកាន់មូលនិធិអ្នកផ្សព្វផ្សាយសាសនាទូទៅនៅទីស្នាក់ការកណ្តាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់ ។
សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិអ្នកផ្សព្វផ្សាយសាសនា និងការផ្តល់ហិរញ្ញវត្ថុសម្រាប់ការបម្រើអ្នកផ្សព្វផ្សាយសាសនា សូមមើល ២៤.៦ ។
៣៤.៣.៤
ការបរិច្ចាគបន្ថែម
សមាជិកអាចបរិច្ចាគផ្នែកហិរញ្ញវត្ថុទៅកាន់ផ្នែកដែលបានអនុម័តបន្ថែមផ្សេងៗទៀតបាន ។ ប្រសិនបើអ្នកថ្វាយដង្វាយប្រើបែបបទដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ នោះពួកគេសរសេរឈ្មោះប្រភេទនៃការបរិច្ចាគនោះនៅក្នុងផ្នែក « ផ្សេងៗ » នៃទម្រង់បែបបទនោះ ។
ស្តេក និងវួដមិនគួរបង្កើតប្រភេទនានានៅក្នុងផ្នែក « ផ្សេងៗ » ដើម្បីស្នើសុំ ប្រមូល ឬចំណាយមូលនិធិសម្រាប់គម្រោងនានា ដែលមិនត្រូវបានអនុម័តដោយគណៈប្រធានតំបន់នោះទេ ។ សម្រាប់បញ្ជីនៃប្រភេទដែលបានអនុម័ត សមាជិកគួរតែទាក់ទងទៅស្មៀនវួដ ។
៣៤.៣.៥
ការងារសប្បុរសធម៌
ការងារសប្បុរសធម៌នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជានាយកដ្ឋានមួយនៃការិយាល័យគណៈប៊ីស្សពជាអធិបតី ។ នាយកដ្ឋាននេះសម្របសម្រួលការបរិច្ចាគផ្នែកការងារសប្បុរសធម៌ដោយស្ម័គ្រចិត្តទៅកាន់សាសនាចក្រ និងការងារសប្បុរសធម៌ និងសកម្មភាពដែលទាក់ទងរបស់សាសនាចក្រ ក្រៅពីដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗទៀត ។ ជំនួយនៅក្នុងការធ្វើការបរិច្ចាគនានាអាចត្រូវបានទទួលតាមរយៈការទាក់ទងទៅកាន់ការិយាល័យផ្នែកការងារសប្បុរសធម៌ដូចខាងក្រោម ៖
Philanthropies
1450 North University Avenue
Provo, UT 84604-6080
ទូរសព្ទ ៖ ១-៨០១-៣៥៦-៥៣០០ ឬ ២-៨០០-៥២៥-៨០៧៤
អ៊ីម៉ែល ៖ philanthropies@ChurchofJesusChrist.org
៣៤.៣.៦
ការបរិច្ចាគជាសម្ភារទាំងឡាយ រួមទាំងដង្វាយមួយភាគក្នុងដប់
ជាធម្មតា សាសនាចក្រមិនលើកទឹកចិត្តឲ្យធ្វើការបរិច្ចាគជាសម្ភារ ( មិនមែនជាសាច់ប្រាក់ ) ជាដង្វាយមួយភាគក្នុងដប និងដង្វាយផ្សេងៗទៀតនោះទេ ។ វាប្រសើរជាងសម្រាប់សមាជិក ដើម្បីចាត់ចែងទ្រព្យសម្បត្តិដោយពួកគេផ្ទាល់សិន ហើយបន្ទាប់មកថ្វាយដង្វាយមួយភាគក្នុងដប់ និងវិភាគទានផ្សេងៗជាសាច់ប្រាក់ ។ ទោះជាយ៉ាងណា ដង្វាយជាសម្ភារអាចត្រូវបានទទួលនៅក្នុងករណីជាក់លាក់នានា ។ ដង្វាយបែបនោះអាចជាការអនុវត្តជាធម្មតានៅក្នុងតំបន់មួយចំនួនក្នុងពិភពលោក ។
សាសនាចក្រទទួលយក (១) ប័ណ្ណភាគហ៊ុន មូលប័ណ្ណ ឬមូលធនបត្រដែលអាចលក់បានលើទីផ្សារភ្លាមៗ និង (២) ដីធ្លីមួយចំនួន ដែលអាចលក់បាននៅលើទីផ្សារ ។ ប្រសិនបើសមាជិកចង់បរិច្ចាគរបស់ទាំងនេះ ឬរបស់ផ្សេងៗទៀត នោះប្រធានស្តេកទាក់ទងទៅទីស្នាក់ការកណ្តាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់ស្នើសុំការអនុម័ត មុនពេលអនុញ្ញាតឲ្យប៊ីស្សពទទួលយករបស់ទាំងនោះ ។
បង្កាន់ដៃចេញទៅឲ្យសមាជិកដែលបង់ដង្វាយជាសម្ភារ ត្រូវបានចេញឲ្យដោយទីស្នាក់ការកណ្តាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់តែប៉ុណ្ណោះ ។
៣៤.៣.៧
ការបរិច្ចាគពុំអាចប្រគល់សងវិញបានទេ
នៅពេលដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗត្រូវបានប្រគល់ជូនដល់សាសនាចក្រ នោះដង្វាយទាំងនោះជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ។ វាត្រូវបានឧទ្ទិសថ្វាយទ្រង់ ។ ការបរិច្ចាគទាំងអស់បែបនេះគឺជាដង្វាយដោយស្ម័គ្រចិត្ត ។ ការបរិច្ចាគទាំងនេះត្រូវបានធ្វើឡើងដោយអ្នកថ្វាយដង្វាយ ដោយមិនចង់ទាមទារតាមគោលបំណង មិនចង់បានអំណាចគ្រប់គ្រង មិនចង់បានភាពជាម្ចាស់កម្មសិទ្ធិតាមទម្រង់ណាមួយឡើយ ឬក៏រំពឹងចង់បានផលប្រយោជន៍ណាមួយ ក្រៅតែពីពរជ័យរបស់ព្រះអម្ចាស់ឡើយ ។
ប្រធានស្តេក និងប៊ីស្សពជូនដំណឹងទៅដល់អ្នកទាំងឡាយណា ដែលបរិច្ចាគដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗថា ការបរិច្ចាគទាំងនេះមិនអាចដកយកវិញបានទេ ។ ហើយមូលនិធិអ្នកផ្សព្វផ្សាយសាសនាដែលបានបង់ទុកជាមុនក៏មិនអាចដកយកមកវិញបានដែរ ។
៣៤.៤
ភាពសម្ងាត់នៃដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ
ចំនួននៃដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ដែលត្រូវបានបង់ដោយអ្នកថ្វាយដង្វាយ គឺជាការសម្ងាត់ ។ មានតែប៊ីស្សព និងអ្នកទាំងឡាយណា ដែលបានទទួលការអនុញ្ញាតឲ្យចាត់ចែង និងពិនិត្យមើលការបរិច្ចាគទាំងនេះប៉ុណ្ណោះ ដែលគួរតែដឹងអំពីព័ត៌មាននេះ ។ គណៈប្រធានស្តេក គណៈប៊ីស្សព និងស្មៀន មិនគួរពិភាក្សាពីស្ថានភាពដង្វាយមួយភាគក្នុងដប់របស់សមាជិកម្នាក់ដោយមិនសមរម្យនោះឡើយ ។ ហើយពួកគាត់ក៏មិនគួរពិភាក្សាអំពីចំនួនសរុបនៃដង្វាយមួយភាគក្នុងដប់ ឬដង្វាយផ្សេងៗទៀតដែលបានទទួលនោះដែរ ។
៣៤.៥
ការចាត់ចែងមូលនិធិសាសនាចក្រ
ប្រធានស្តេក និងប៊ីស្សពត្រូវប្រាកដថា មូលនិធិទាំងអស់របស់សាសនាចក្រត្រូវបានចាត់ចែងយ៉ាងត្រឹមត្រូវ ។ នេះជាការទទួលខុសត្រូវដ៏ពិសិដ្ឋមួយនៃការហៅបម្រើរបស់ពួកគាត់ ។ គោលការណ៍ទូទៅត្រូវបានចែងតាមផ្នែកខាងក្រោមនេះ ។ គណៈប៊ីស្សព និងស្មៀនត្រូវបានលើកទឹកចិត្តឲ្យមើលវីដេអូ « Sacred Funds, Sacred Responsibilities » យ៉ាងហោចណាស់ម្ដងក្នុងមួយឆ្នាំ ។
៣៤.៥.១
គោលការណ៍ភាពជាដៃគូ
គោលការណ៍ភាពជាដៃគូតម្រូវឲ្យមានមនុស្សពីរនាក់—សមាជិកមួយរូបនៃគណៈប៊ីស្សព និងស្មៀនម្នាក់ ឬសមាជិកពីររូបនៃគណៈប៊ីស្សព—ចូលរួមយ៉ាងសកម្ម នៅពេលកត់ត្រា និងបញ្ចេញមូលនិធិរបស់សាសនាចក្រ ។ គោលការណ៍នេះគឺចាំបាច់ ដើម្បីការពារមូលនិធិពិសិដ្ឋ និងការពារថ្នាក់ដឹកនាំរបស់សាសនាចក្រ ។
ថ្នាក់ដឹកនាំគួរតែការពារ និងមិនដែលចែកចាយពាក្យសម្ងាត់របស់ពួកគាត់ឡើយ ( សូមមើល ៣៣.៩.១.១ ) ។
៣៤.៥.២
ការទទួលដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ
ព្រះអម្ចាស់បានប្រទានការជឿជាក់ដ៏ពិសិដ្ឋមួយដល់ប៊ីស្សពឲ្យទទួល និងមើលការខុសត្រូវលើដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗទៀតរបស់ពួកបរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០–៣៣; ១១៩ ) ។ មានតែប៊ីស្សព និងទីប្រឹក្សារបស់គាត់ប៉ុណ្ណោះ ដែលអាចទទួលដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗបាន ។ ភរិយារបស់គណៈប៊ីស្សព សមាជិកផ្សេងទៀតនៃក្រុមគ្រួសាររបស់ពួកគាត់ ស្មៀន ឬសមាជិកនៃវួដផ្សេងទៀត មិនត្រូវទទួលការបរិច្ចាគទាំងនេះទេ មិនថាក្នុងកាលៈទេសៈណាឡើយ ។ មានករណីលើកលែង តែនៅពេលអ្នកកាន់បព្វជិតភាពអើរ៉ុនត្រូវបានចាត់ឲ្យប្រមូលដង្វាយតមអាហារប៉ុណ្ណោះ ( សូមមើល ៣៤.៣.២ ) ។
មូលប្បទានបត្រទាំងឡាយគួរតែបង់ទៅកាន់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សាច់ប្រាក់ដែលបានទទួលដោយគណៈប៊ីស្សព គួរតែត្រូវបានកត់ត្រា និងដាក់បញ្ញើឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ថ្នាក់ដឹកនាំ និងសមាជិកសាសនាចក្រមិនគួរទុកដង្វាយចោលដោយគ្មានអ្នកនៅមើលនោះទេ ។
៣៤.៥.៣
ការបញ្ជាក់ និងការកត់ត្រាដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ
ការបរិច្ចាគទាំងឡាយគួរតែត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ និងកត់ត្រានៅថ្ងៃអាទិត្យដែលពួកគាត់បានទទួលការបរិច្ចាគនោះ ។ សមាជិកមួយរូបនៃគណៈប៊ីស្សព និងស្មៀនម្នាក់ ឬសមាជិកពីររូបនៃគណៈប៊ីស្សព បើកស្រោមសំបុត្រនីមួយៗជាមួយគ្នា ។ ពួកគាត់បញ្ជាក់ថា មូលនិធិដែលបានភ្ជាប់មកជាមួយនោះ គឺមានចំនួនដូចគ្នានឹងចំនួនដែលបានសរសេរនៅលើទម្រង់បែបបទដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ។ ពួកគាត់កត់ត្រាដង្វាយនីមួយៗឲ្យបានត្រឹមត្រូវ ។ ប្រសិនបើចំនួនមូលនិធិ និងចំនួនដែលបានសរសេរខុសគ្នា នោះពួកគាត់ទាក់ទងទៅកាន់អ្នកបរិច្ចាគភ្លាមៗ ដើម្បីដោះស្រាយនូវភាពខុសគ្នានេះ ។
៣៤.៥.៤
ការដាក់បញ្ញើដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ
ការដាក់បញ្ញើគួរតែត្រូវបានរៀបចំ បន្ទាប់ពីការធ្វើឲ្យប្រាកដថា ចំនួនដែលបានកត់ត្រាគឺដូចគ្នានឹងចំនួនមូលនិធិដែលបានទទួល ។
នៅទីណាដែលមានធនាគារទទួលប្រាក់បញ្ញើ ២៤ ម៉ោង នោះសមាជិកនៃគណៈប៊ីស្សព និងអ្នកកាន់បព្វជិតភាពម្នាក់ទៀតដាក់បញ្ញើមូលនិធិនៅក្នុងធនាគារនៅក្នុងថ្ងៃតែមួយដែលមូលនិធិត្រូវបានបើក និងបញ្ជាក់ផ្ទៀងផ្ទាត់ ។
នៅទីណាដែលគ្មានធនាគារទទួលប្រាក់បញ្ញើ ២៤ ម៉ោងទេ ហើយធនាគារត្រូវបិទនៅថ្ងៃអាទិត្យ នោះប៊ីស្សពចាត់ឲ្យអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកមួយរូបឲ្យទៅដាក់ប្រាក់បញ្ញើនៅថ្ងៃបន្ទាប់ដែលជាថ្ងៃធ្វើការ ។ ជាធម្មតា បុគ្គលនេះគួរតែជាសមាជិកម្នាក់នៃគណៈប៊ីស្សព ។ គាត់មានការទទួលខុសត្រូវលើមូលនិធិទាំងនេះ ។ គាត់គួរតែ ៖
-
ធ្វើឲ្យប្រាកដថា មូលនិធិត្រូវបានរក្សាទុកដោយសុវត្ថិភាពរហូតដល់មូលនិធិទាំងនោះត្រូវបានដាក់បញ្ញើ ។
-
ទទួលបានវិក្កយបត្រដាក់ប្រាក់បញ្ញើ ដែលបង្ហាញពីកាលបរិច្ឆេទ និងចំនួនប្រាក់ដែលដាក់បញ្ញើ ។
ជាងនេះទៅទៀត សមាជិកមួយរូបនៃគណៈប៊ីស្សព និងស្មៀនម្នាក់ ឬសមាជិកពីររូបនៃគណៈប៊ីស្សព គួរតែបំពេញទម្រង់ការដូចខាងក្រោម នៅថ្ងៃអាទិត្យបន្ទាប់ មុនពេលដំណើរការដង្វាយនានាសម្រាប់ថ្ងៃនោះ ៖
-
ប្រៀបធៀបវិក្កយបត្រដាក់ប្រាក់បញ្ញើ ទៅនឹងកំណត់ត្រាដាក់ប្រាក់បញ្ញើ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ថា ចំនួនត្រឹមត្រូវត្រូវបានដាក់បញ្ញើ ។
-
ចុះហត្ថលេខាលើវិក្កយបត្រដាក់ប្រាក់បញ្ញើ ហើយដាក់រៀបចំជាឯកសារជាមួយនឹងព័ត៌មានដង្វាយនៃសប្តាហ៍មុន ។
៣៤.៥.៥
ការការពារមូលនិធិសាសនាចក្រ
សមាជិកដែលទទួលខុសត្រូវលើមូលនិធិសាសនាចក្រមិនត្រូវទុកមូលនិធិទាំងនោះនៅក្នុងសាលាប្រជុំពេញមួយយប់ ឬទុកមូលនិធិទាំងនេះដោយគ្មានអ្នកមើលខុសត្រូវគ្រប់ពេលវេលានោះទេ ដូចជាក្នុងពេលប្រជុំ និងសកម្មភាពទាំងឡាយ ។
៣៤.៥.៦
របាយការណ៍ដង្វាយ
របាយការណ៍នៃការបរិច្ចាគរបស់អ្នកបង់ដង្វាយមានសម្រាប់សមាជិកទាំងអស់នៅគេហទំព័រ donations.ChurchofJesusChrist.org ។ ថ្នាក់ដឹកនាំគួរតែលើកទឹកចិត្តសមាជិកឲ្យពិនិត្យមើលរបាយការណ៍អ្នកថ្វាយដង្វាយរបស់ពួកគេជាទៀងទាត់ ។ នៅកន្លែងណាដែលអនុវត្ត របាយការណ៍ពន្ធផ្លូវការក៏មាននៅគេហទំព័រ donations.ChurchofJesusChrist.org ផងដែរ មកពីអង្គភាពក្នុងមូលដ្ឋាន ឬមកពីការិយាល័យតំបន់ ។
៣៤.៥.៧
ការគ្រប់គ្រងការទូទាត់ប្រាក់របស់ស្តេក និងវួដ
មូលនិធិស្តេកទាំងអស់ត្រូវបានគ្រប់គ្រងនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សាសនាចក្រ ។ ប្រធានស្តេកគ្រប់គ្រងហិរញ្ញវត្ថុរបស់ស្តេក ។ ទីប្រឹក្សារបស់គាត់ និងស្មៀនជួយដល់គាត់ ។ ទីប្រឹក្សាដែលបម្រើជាប្រធានគណៈកម្មការសវនកម្មស្តេក ជាទូទៅមិនគួរជាប់ទាក់ទងនៅក្នុងការរក្សាកំណត់ត្រាហិរញ្ញវត្ថុស្តេកនោះទេ ។
មូលនិធិវួដទាំងអស់ត្រូវបានគ្រប់គ្រងនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សាសនាចក្រ ។ ប៊ីស្សពគ្រប់គ្រងហិរញ្ញវត្ថុរបស់វួដ ។ ទីប្រឹក្សារបស់គាត់ និងស្មៀនជួយដល់គាត់ ។
ជាទូទៅ ការទូទាត់ប្រាក់ត្រូវបានធ្វើឡើងតាមរយៈការផ្ទេរមូលនិធិតាមអេឡិចត្រូនិច ឬមូលប្បទានបត្រ ។ ក្នុងតំបន់ខ្លះ អង្គភាពទាំងអស់អាចត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កាតធនាគារ ។
គ្មានការចំណាយរបស់ស្តេក ឬវួដអាចត្រូវបានចំណាយ ឬទូទាត់ដោយគ្មានការអនុញ្ញាតពីអ្នកកាន់តំណែងជាអធិបតីនោះទេ ។
ថ្នាក់ដឹកនាំដែលបានទទួលសិទ្ធិអំណាចត្រូវតែអនុម័តលើការទូទាត់ប្រាក់នីមួយៗ ។ ម្នាក់ក្នុងចំណោមពីរនាក់នេះគួរតែជាសមាជិកម្នាក់មកពីគណៈប្រធានស្តេក ឬគណៈប៊ីស្សព ។ ទោះបីជាទីប្រឹក្សាអាចមានសិទ្ធិចុះហត្ថលេខាលើការទូទាត់ប្រាក់ក្ដី ក៏ប្រធានស្តេក ឬប៊ីស្សពត្រូវតែពិនិត្យមើលលើការទូទាត់ប្រាក់នីមួយៗនោះដែរ ។ ថ្នាក់ដឹកនាំមិនគួរអនុម័តលើការទូទាត់ប្រាក់មួយសម្រាប់ពួកគាត់ខ្លួនឯងនោះទេ ។
ការចារអនុម័តរបស់ប្រធានស្តេកទាមទារឲ្យមាន ពីមុនប៊ីស្សពអាចប្រើប្រាស់ដង្វាយតមអាហារ ឬអនុម័តការបញ្ជាទិញរបស់ប៊ីស្សពសម្រាប់ខ្លួនគាត់ ឬគ្រួសាររបស់គាត់ ។ តម្រូវឲ្យមានការអនុម័តជាលាយលក្ខណ៍អក្សររបស់គណៈប្រធានតំបន់ ពីមុនប៊ីស្សពអាចប្រើប្រាស់ដង្វាយតមអាហារ ឬអនុម័តការបញ្ជាទិញរបស់ប៊ីស្សពសម្រាប់ប្រធានស្តេក ឬគ្រួសាររបស់គាត់ ។ សូមមើល ២២.៥.១.២ សម្រាប់គោលការណ៍ណែនាំទាំងឡាយ ។
សមាជិកម្នាក់ដែលស្នើសុំសំណង ផ្ដល់គ្រប់បង្កាន់ដៃ ឬវិក្កយបត្រជាក្រដាស ឬជាអេឡិចត្រូនិច ។ គាត់ក៏បញ្ចូលនូវគោលបំណង ចំនួន និងកាលបរិច្ឆេទនៃការទិញនោះផងដែរ ។
ប្រសិនបើមូលនិធិត្រូវបានអនុញ្ញាតឲ្យទៅដំណាក់កាលបន្ទាប់ទៀត នោះសមាជិកបញ្ជូនទម្រង់បែបបទស្នើសុំការទូទាត់ប្រាក់មួយ ដោយកត់ចំណាំពីគោលបំណង ចំនួន និងកាលបរិច្ឆេទ ។ ក្រោយពីការចំណាយនោះត្រូវបានបង់ហើយ បន្ទាប់មក សមាជិក ( ១ ) ផ្តល់បង្កាន់ដៃ ឬវិក្កយបត្រសម្រាប់មូលនិធិដែលបានចំណាយ និង ( ២ ) ប្រគល់រាល់មូលនិធិដែលមិនបានចំណាយត្រឡប់មកវិញ ។ មូលនិធិដែលប្រគល់មកវិញគួរតែត្រូវបានដាក់បញ្ញើវិញ ។
ថ្នាក់ដឹកនាំ និងស្មៀនដែលបានទទួលសិទ្ធិអំណាច មិនគួរអនុម័តការទូទាត់ប្រាក់ទាំងឡាយ ដោយមិនពិនិត្យឲ្យបានប្រុងប្រយ័ត្នលើការចំណាយ និងបង្កាន់ដៃ ឬវិក្កយបត្រឡើយ ។
ស្តេក និងវួដទាំងឡាយមិនអាចបើកគណនីធនាគារផ្ទាល់របស់ខ្លួន ឬរក្សាមូលនិធិសាច់ប្រាក់តិចតួចឡើយ ។
៣៤.៥.៧.១
ការទូទាត់ប្រាក់តាមអេឡិចត្រូនិច
ប្រសិនបើស្តេក ឬវួដប្រើប្រាស់ការទូទាត់ប្រាក់តាមអេឡិចត្រូនិច នោះសមាជិកត្រូវបានលើកទឹកចិត្តឲ្យបញ្ចូលព័ត៌មានគណនីធនាគារផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងផ្នែក គណនីសំណងដល់ការចំណាយ នៅក្រោម Settings នៅក្នុង Online Donations នៅគេហទំព័រ donations.ChurchofJesusChrist.org ។ វួដ ឬស្តេកមិនគួររក្សាព័ត៌មានគណនីធនាគាររបស់សមាជិកសោះឡើយ ទោះជាក្រដាស ឬជាអេឡេចត្រូនិចក៏ដោយ ។
៣៤.៥.៧.២
មូលប្បទានបត្រ
ប្រសិនបើស្តេក ឬវួដប្រើមូលប្បទានបត្រ មូលប្បទានបត្រមួយមិនគួរត្រូវបានចុះហត្ថលេខាទេ រហូតដល់មូលប្បទានបត្រនោះត្រូវបានបំពេញចប់សព្វគ្រប់សិន ។ សៀវភៅមូលប្បទានបត្រ និងមូលប្បទានបត្រទទេ គួរតែត្រូវបានតម្កល់ទុកនៅក្នុងកន្លែងដាក់ឯកសារ ឬទូរដែលចាក់សោ ។ សៀវភៅមូលប្បទានបត្រ និងមូលប្បទានបត្រទទេ មិនត្រូវទុកចោលដោយមិនអើពើឡើយ នៅពេលដែលសៀវភៅមូលប្បទានបត្រ និងមូលប្បទានបត្រទទេ មិនបានចាក់សោដោយសុវត្ថិភាពនោះ ។ ប្រសិនបើបាត់មូលប្បទានបត្រទទេណាមួយ នោះប្រធានស្តេក ឬប៊ីស្សពរាយការណ៍អំពីលេខមូលប្បទានបត្រទាំងនេះភ្លាមៗទៅកាន់ទីស្នាក់ការកណ្តាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់ ។
៣៤.៥.៧.៣
ការទូទាត់ប្រាក់តាមកាត
ប្រសិនបើស្តេក និងវួដប្រើប្រាស់ការទូទាត់ប្រាក់តាមកាតសម្រាប់ការចំណាយរបស់អង្គភាព នោះកាតត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការនៅចំណុចលក់ ឬសម្រាប់ការដកប្រាក់ ។ ប្រតិបត្តិការដែលប្រើកាត និងការដកប្រាក់ ត្រូវបានបញ្ចូលទៅប្រព័ន្ធហិរញ្ញវត្ថុសាសនាចក្រដោយស្វ័យប្រវត្តិ ។ ការប្រើប្រាស់កាតទាំងអស់គួរតែត្រូវបានកត់ត្រាភ្លាមៗ ។ ប្រសិនបើការប្រើប្រាស់ទាំងនេះមិនត្រូវបានកត់ត្រាទេ កាតនោះអាចត្រូវបានបិទការដំណើរការ ។
សមតុល្យការទូទាត់ប្រាក់តាមកាតទាំងអស់ គួរតែត្រូវបានធ្វើឲ្យនៅសូន្យយ៉ាងហោចណាស់ជារៀងរាល់ឆ្នាំ ។
៣៤.៥.៨
ប្រអប់សាច់ប្រាក់
ការិយាល័យប្រចាំតំបន់ផ្ដល់សេចក្ដីណែនាំជាក់លាក់សម្រាប់អង្គភាពទាំងឡាយ ដែលមិនអាចចូលប្រើគណនីធនាគារដែលបានផ្ដល់ឲ្យដោយសាសនាចក្រ ។
៣៤.៥.៩
ការរក្សាបញ្ជីការហិរញ្ញវត្ថុ
ស្តេក និងវួដនីមួយៗគួរតែរក្សាបញ្ជីការហិរញ្ញវត្ថុត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ។ បញ្ជីការទាំងនេះជួយដល់ប្រធានស្តេក និងប៊ីស្សពឲ្យមើលខុសត្រូវ និងការពារមូលនិធិដ៏ពិសិដ្ឋរបស់សាសនាចក្រ ។ កំណត់ត្រាត្រឹមត្រូវក៏ចាំបាច់ផងដែរសម្រាប់ ៖
-
ការរៀបចំថវិកា ។
-
ការគ្រប់គ្រងប្រាក់ឧបត្ថម្ភ ។
-
ការផ្ដល់ព័ត៌មានទៅកាន់សមាជិកអំពីការបរិច្ចាគហិរញ្ញវត្ថុរបស់ពួកគេ ។
-
ការឆ្លើយតបទៅកាន់សវនកម្ម ។
សម្រាប់ព័ត៌មានអំពីការប្រើប្រាស់ និងការថែរក្សាកំណត់ត្រា និងរបាយការណ៍ ស្មៀនគួរតែយោងទៅការណែនាំមកពីទីស្នាក់ការកណ្តាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់ ។ បញ្ជីការហិរញ្ញវត្ថុគួរតែត្រូវបានរក្សាទុកសម្រាប់រយៈពេលយ៉ាងហោចណាស់បីឆ្នាំ បូករួមទាំងឆ្នាំបច្ចុប្បន្នផងដែរ ។ ច្បាប់ក្នុងមូលដ្ឋានអាចនឹងតម្រូវឲ្យរក្សាទុកក្នុងរយៈពេលយូរជាងនេះ ។
៣៤.៦
ថវិកា និងការចំណាយ
កម្មវិធីថវិកាឧបត្ថម្ភផ្តល់មូលនិធិទូទៅនៃសាសនាចក្រដើម្បីទូទាត់សម្រាប់សកម្មភាព និងកម្មវិធីទាំងឡាយរបស់ស្តេក និងវួដ ។ កម្មវិធីនេះលុបបំបាត់ចោលនូវតម្រូវការ ដើម្បីទទួលការបរិច្ចាគថវិកាមកពីសមាជិក ។ ការបង់ដង្វាយមួយភាគក្នុងដប់ដោយស្មោះត្រង់បានធ្វើឲ្យមានថវិកាឧបត្ថម្ភ ។
ប្រសិនបើចាំបាច់ ថ្នាក់ដឹកនាំបព្វជិតភាពគួរតែកាត់បន្ថយសកម្មភាព ហើយធ្វើឲ្យសកម្មភាពមានភាពសាមញ្ញឲ្យស្ថិតតាមចំនួនថវិកាដែលមាន ។ សកម្មភាពភាគច្រើនបំផុតគួរតែមានលក្ខណៈសាមញ្ញ ហើយចំណាយបន្តិចបន្តួច ឬគ្មានចំណាយសោះ ។
៣៤.៦.១
ថវិការបស់ស្តេក និងវួដ
គ្រប់ស្តេក និងវួដរៀបចំ និងធ្វើប្រតិបត្តិការថវិកាប្រចាំឆ្នាំ ។ ប្រធានស្តេកគ្រប់គ្រងថវិកាស្តេក ហើយប៊ីស្សពគ្រប់គ្រងថវិកាវួដ ។ ពួកគាត់អាចចាត់តាំងទីប្រឹក្សាម្នាក់ឲ្យគ្រប់គ្រងថវិកា នៅក្រោមការណែនាំរបស់ពួកគាត់បាន ។ ពួកគាត់ក៏អាចចាត់ស្មៀនម្នាក់ឲ្យជួយរៀបចំ និងត្រួតពិនិត្យលើថវិកាផងដែរ ។
គណៈប្រធានស្តេក និងគណៈប៊ីស្សពចាប់ផ្តើមការរៀបចំថវិកាឲ្យបានល្អ មុនពេលចាប់ផ្តើមប្រតិទិនឆ្នាំនីមួយៗ ៖ គោលការណ៍ណែនាំទាំងឡាយត្រូវបានរៀបរាប់ដូចខាងក្រោមនេះ ៖
-
ពិនិត្យមើលលើចំនួនទឹកប្រាក់ដែលបានចំណាយក្នុងអំឡុងពេលឆ្នាំមុន ដើម្បីប្រាកដថាការចំណាយដែលបានចំណាយ ត្រូវបានគិតគូរដល់ ។
-
ស្នើសុំឲ្យអង្គការទាំងឡាយប៉ាន់ស្មានអំពីសេចក្តីត្រូវការថវិការបស់ពួកគេឲ្យលម្អិត ។
-
ប្រមូលផ្ដុំថវិកា ដោយប្រើប្រាស់ការអនុវត្តថវិកាដែលបានអនុម័ត ។ ថវិកាគួរតែធានាបានថា ការចំណាយដែលបានគ្រោងទុកមិនលើសពីមូលនិធិថវិកាដែលផ្តល់ឲ្យតាមការគ្រោងទុកទេ ។
ឧបករណ៍ថវិកាដែលមានបញ្ចូលនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសាសនាចក្រ គួរតែត្រូវបានប្រើប្រាស់នៅកន្លែងណាដែលមាន ។
៣៤.៦.២
ថវិកាឧបត្ថម្ភ
៣៤.៦.២.១
ការបែងចែងថវិកា
មូលនិធិថវិកាត្រូវបានបែងចែកជាត្រីមាស ដោយផ្អែកទៅលើការចូលរួមនៅក្នុងផ្នែកដូចខាងក្រោមនេះ ៖
-
ការប្រជុំសាក្រាម៉ង់
-
យុវជន
-
យុវនារី
-
អង្គការបឋមសិក្សាសម្រាប់កុមារអាយុពី ៧–១០ ឆ្នាំ
-
យុវមជ្ឈិមវ័យនៅលីវ
វាសំខាន់ដើម្បីរាយការណ៍ពីការចូលរួមដោយត្រឹមត្រូវ និងទាន់ពេល ( សូមមើល ៣៣.៥.១.១ ) ។
ពីមុនការបែងចែកប្រចាំឆមាសនីមួយៗ ប្រធានស្តេកទទួលព័ត៌មានអំពីចំនួនដើម្បីបែងចែក ។ បន្ទាប់មក គាត់កំណត់ថាតើចំនួនប៉ុន្មាននៃមូលនិធិ ត្រូវបានបែងចែកទៅកាន់វួដទាំងឡាយ ។ គាត់ធ្វើការជាមួយប៊ីស្សពដោយសាមគ្គីភាព និងការសហការគ្នា ដើម្បីធ្វើឲ្យប្រាកដថា ស្តេកនោះ និងវួដទាំងឡាយទទួលបានមូលនិធិត្រឹមត្រូវ និងគ្រប់គ្រាន់ ។ ប្រសិនបើមានការប្រែប្រួលដែលមើលមិនឃើញជាមុនកើតឡើង ដែលអាចនឹងចាំបាច់ធ្វើឲ្យមានការផ្លាស់ប្តូរការបែងចែកថវិកាដែលផ្ដល់ឲ្យពីមុន នោះប្រធានស្តេកត្រូវប្រាកដថា មានការកែសម្រួលធ្វើឡើងដោយត្រឹមត្រូវ ។
ប៊ីស្សពមើលការខុសត្រូវលើការបែងចែកមូលនិធិថវិកាឧបត្ថម្ភនៅក្នុងវួដ ។ គាត់ត្រូវប្រាកដថា អង្គការទាំងឡាយនៅក្នុងវួដត្រូវបានផ្តល់ថវិកាឲ្យត្រឹមត្រូវ និងគ្រប់គ្រាន់ ។
ថ្នាក់ដឹកនាំបព្វជិតភាពត្រូវប្រាកដថា ការបែងចែកថវិកា ព្រមទាំងសកម្មភាពទាំងឡាយសម្រាប់ក្រុមយុវជន និងយុវនារីមានសមធម៌ ហើយថាការបែងចែកទាំងឡាយសម្រាប់អង្គការបឋមសិក្សាគឺគ្រប់គ្រាន់ ។
៣៤.៦.២.២
ការប្រើប្រាស់ថវិកាដោយត្រឹមត្រូវ
ប្រធានស្តេក និងប៊ីស្សពត្រូវប្រាកដថា មូលនិធិថវិកាឧបត្ថម្ភត្រូវបានចំណាយដោយឈ្លាសវៃ ។ មូលនិធិគួរតែត្រូវបានប្រើប្រាស់ ដើម្បីផ្ដល់ពរដល់មនុស្ស និងជួយពង្រីកគោលបំណងនៃដំណឹងល្អ ។ ថ្នាក់ដឹកនាំក៏ត្រូវប្រាកដថា ការចំណាយទាំងអស់ត្រូវស្ថិតនៅក្នុងកម្រិតថវិកាឧបត្ថម្ភផងដែរ ។
មូលនិធិថវិកាស្តេក និងវួដគួរតែត្រូវបានប្រើប្រាស់ដើម្បីបង់ថ្លៃសម្រាប់សកម្មភាព កម្មវិធី សៀវភៅសិក្សា និងសម្ភារទាំងអស់ ។ សមាជិកមិនគួរបង់ប្រាក់ដើម្បីចូលរួមនៅក្នុងសកម្មភាពនានានោះទេ ។ ពួកគេមិនគួរផ្តល់សម្ភារគ្រឿងប្រើប្រាស់ ចំណាយថ្លៃជួល ឬថ្លៃឲ្យចូល ឬថ្លៃការធ្វើដំណើរផ្លូវឆ្ងាយ ដោយផ្ទាល់ខ្លួននោះទេ ។ សមាជិកអាចផ្ដល់អាហារ ប្រសិនបើការធ្វើដូច្នោះមិនមែនជាបន្ទុកមួយទេនោះ ( សូមមើល ២០.៦.១ ) ។
សមាជិកដែលចង់បរិច្ចាគមូលនិធិបន្ថែមទៅឲ្យសាសនាចក្រ ពុំអាចដាក់កំណត់ថាមូលនិធិទាំងនោះគឺសម្រាប់ស្តេក ឬវួដបាននោះទេ ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំលើកទឹកចិត្តពួកគេឲ្យបរិច្ចាគមូលនិធិទៅក្នុងដង្វាយតមអាហារ មូលនិធិអ្នកផ្សាយសាសនា ជំនួយមនុស្សធម៌ ឬផ្នែកការបរិច្ចាគដែលមានការអនុញ្ញាតដទៃទៀត ។
ការចំណាយសម្រាប់ការសាងសង់អគារ ការថែទាំអគារ ទូរសព្ទ អគ្គិសនី កុំព្យូទ័រ ឬការធ្វើដំណើររបស់អ្នកដឹកនាំបព្វជិតភាព ត្រូវបានទូទាត់មកពីមូលនិធិសាសនាចក្រទូទៅ ស្របទៅតាមសេចក្តីណែនាំបច្ចុប្បន្ន ។
៣៤.៦.២.៣
ថវិកាដែលមិនត្រូវការ
មិនគួរចំណាយមូលនិធិថវិកាដែលផ្តល់ឲ្យដែលមិនត្រូវការនោះទេ ។ មូលនិធិវួដដែលមិនត្រូវការគួរប្រគល់ទៅឲ្យស្តេកវិញ ។ មូលនិធិស្តេកដែលមិនត្រូវការត្រូវប្រគល់ទៅឲ្យសាសនាចក្រវិញ ។
ក្នុងករណីលើកលែង ស្តេក និងវួដអាចរក្សាទុកមូលនិធិដែលមិនបានចំណាយខ្លះៗ ប្រសិនបើពួកគេត្រូវការសម្រាប់សកម្មភាពជាក់លាក់ ដែលបានរៀបផែនការសម្រាប់ឆ្នាំថ្មី ដូចជាសន្និសីទយុវវ័យជាដើម ។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកដែលសំខាន់នៃប្រាក់ឧបត្ថម្ភរបស់ស្តេក ឬវួដ មិនគួរត្រូវបានរក្សាទុកពីមួយឆ្នាំទៅមួយឆ្នាំទៀតឡើយ ។
៣៤.៦.៣
មូលនិធិសម្រាប់សកម្មភាពពិសេស និងគ្រឿងបរិក្ខារ
៣៤.៦.៣.១
សកម្មភាពស្តេក និងសកម្មភាពពហុស្តេក
ថ្នាក់ដឹកនាំក្នុងមូលដ្ឋានត្រូវបានលើកទឹកចិត្តឲ្យធ្វើសកម្មភាពស្តេក និងសកម្មភាពពហុស្តេក ដើម្បីផ្តល់ឱកាសបង្កើនសាមគ្គីភាព និងមិត្តភាព ជាពិសេសក្នុងចំណោមយុវវ័យ និងយុវមជ្ឈិមវ័យលីវ ។ ថ្នាក់ដឹកនាំត្រូវប្រាកដថា ពួកគាត់ចាត់ចែងមូលនិធិគ្រប់គ្រាន់ ដើម្បីគាំទ្រចំពោះចំនួនសកម្មភាពស្តេក និងសកម្មភាពពហុស្តេកដោយត្រឹមត្រូវ ។
ការផ្ដល់មូលនិធិសម្រាប់សកម្មភាពពហុស្តេកភាគច្រើនបំផុត បានមកពីមូលនិធិថវិកានៃស្តេកដែលចូលរួម ។ ការផ្ដល់មូលនិធិសម្រាប់សកម្មភាពប្រចាំតំបន់ អាចចេញមកពីតំបន់ ឬទីស្នាក់ការកណ្តាលនៃសាសនាចក្រ នៅពេលអនុម័តឲ្យ ។
៣៤.៦.៣.២
សកម្មភាព និងគ្រឿងបរិក្ខារពិសេស
សម្រាប់ព័ត៌មានអំពីសកម្មភាព និងគ្រឿងបរិក្ខារពិសេស សូមមើល ជំពូកទី ២០ ។
៣៤.៧
សវនកម្ម
៣៤.៧.១
គណៈកម្មការសវនកម្មស្តេក
ប្រធានស្តេករៀបចំគណៈកម្មការសវនកម្មស្តេក ។ គណៈកម្មការនេះធ្វើឲ្យប្រាកដថា ហិរញ្ញវត្ថុស្តេក និងវួដត្រូវបានចាត់ចែងស្របទៅតាមគោលនយោបាយសាសនាចក្រ ។ គណៈកម្មការនេះរួមមានទីប្រឹក្សាមួយរូបរបស់ប្រធានស្តេកជាប្រធានគណៈកម្មការ និងសមាជិកស្តេកពីរនាក់ផ្សេងទៀតដែលយល់ ឬអាចទទួលការបំពាក់បំប៉ននៅក្នុងបញ្ហាហិរញ្ញវត្ថុបាន ។ បងប្អូនប្រុស ឬបងប្អូនស្រីទាំងនេះគួរតែជាអ្នកដែលកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ។
ជាទូទៅ ទីប្រឹក្សាដែលបម្រើជាប្រធាន មិនគួរអនុម័តការទូទាត់ប្រាក់ ឬចូលរួមនៅក្នុងការរក្សាកំណត់ត្រាហិរញ្ញវត្ថុស្តេកឡើយ ។
សមាជិកគណៈកម្មការមិនគួរជាសវនករស្តេកឡើយ ។ ហើយពួកគាត់ក៏មិនគួរធ្វើការរក្សាកំណត់ត្រាហិរញ្ញវត្ថុស្តេក ឬវួដដែរ ។
៣៤.៧.២
សវនករស្តេក
ប្រធានស្តេក ឬទីប្រឹក្សារបស់គាត់ដែលជាប្រធាននៃគណៈកម្មការសវនកម្មស្តេក ហៅសវនករស្តេកយ៉ាងហោចណាស់ពីរនាក់ឲ្យបម្រើ ។ បងប្អូនប្រុស និងបងប្អូនស្រីទាំងនេះគួរតែជាអ្នកដែលកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ។ ប្រសិនបើអាចធ្វើទៅបាន ពួកគាត់គួរតែមានបទពិសោធន៍ផ្នែកគណនេយ្យ ឬសវនកម្ម ។ ពួកគាត់ត្រូវតែមានការអនុម័តពីគណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ ។ ទោះជាយ៉ាងណា ពួកគាត់ពុំត្រូវបានលើកដៃគាំទ្រនោះទេ ។ ប្រធានស្តេកកំណត់ថាតើពួកគាត់ត្រូវញែកចេញឬអត់ ។
ទីប្រឹក្សាជាន់ខ្ពស់អាចបម្រើជាសវនករស្តេកផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ស្មៀនស្តេក និងជំនួយការស្មៀនស្តេកពុំអាចត្រូវបានហៅឲ្យធ្វើជាសវនករទេ ។ អ្នកទាំងឡាយដែលបម្រើជាសវនករអាចមានការហៅដទៃទៀតផងដែរ ។
៣៤.៧.៣
សវនកម្មហិរញ្ញវត្ថុ
សវនករស្តេកធ្វើសវនកម្មកំណត់ត្រាហិរញ្ញវត្ថុរបស់ស្តេក វួដ សាខា និងមជ្ឈមណ្ឌលពង្សប្រវត្តិពីរដងក្នុងមួយឆ្នាំ ។ សវនករក៏ធ្វើសវនកម្មកំណត់ត្រាហិរញ្ញវត្ថុលើទ្រព្យសម្បត្តិខាងការកម្សាន្ដម្តងក្នុងមួយឆ្នាំផងដែរ ។ ទាំងនេះគឺជាឱកាសដើម្បីលើកទឹកចិត្ត គាំទ្រ ហើយបំពាក់បំប៉នអ្នកទាំងឡាយដែលត្រូវបានហៅឲ្យចាត់ចែងមូលនិធិនៃសាសនាចក្ររបស់ព្រះអម្ចាស់ដោយសេចក្ដីសប្បុរស ។
សវនករត្រូវធ្វើឲ្យប្រាកដថា ៖
-
ដង្វាយមួយភាគក្នុងដប់ និងការបរិច្ចាគផ្សេងៗទៀតត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ ។
-
មូលនិធិសាសនាចក្រត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ មានការទទួលខុសត្រូវ និងការការពារដោយប្រុងប្រយ័ត្ន ។
-
កំណត់ត្រាហិរញ្ញវត្ថុបានបំពេញចប់សព្វគ្រប់ និងត្រឹមត្រូវ ។
អ្នកកាន់តំណែងជាអធិបតីរបស់អង្គភាព និងស្មៀនដែលបានចាត់តាំងខាងហិរញ្ញវត្ថុគួរតែមានពេល ដើម្បីឆ្លើយនឹងសំណួរ អំឡុងពេលធ្វើសវនកម្ម ។
ប្រធានស្តេក និងគណៈកម្មការសវនកម្មស្តេកពិនិត្យមើលសវនកម្មទាំងអស់ ។ បន្ទាប់ពីបានធ្វើការពិនិត្យឡើងវិញរួចហើយ ប្រធានគណៈកម្មការសវនកម្មស្ដេក និងប្រធានស្ដេកចុះហត្ថលេខាលើសវនកម្មនោះ ។ សវនកម្មអាចត្រូវចុះហត្ថលេខា និងដាក់បញ្ជូន មុនពេលករណីលើកលែងទាំងអស់ត្រូវបានកែតម្រូវ ។ ប្រធានស្តេក និងគណៈកម្មការសវនកម្មស្តេកធានាថា ករណីលើកលែងសវនកម្មនានាត្រូវបានកែតម្រូវភ្លាមៗ ។
៣៤.៧.៤
សវនករប្រចាំតំបន់ និងជំនួយការសវនករប្រចាំតំបន់
គណៈប្រធានតំបន់ធ្វើតាមសេចក្ដីណែនាំនៅក្នុង មគ្គទ្ទេសក៍សម្រាប់កម្មវិធីសវនកម្មតំបន់ នៅពេលហៅសវនករតំបន់ ឬជំនួយការសវនករតំបន់ម្នាក់ ។
៣៤.៧.៥
ការបាត់បង់ ការលួច ការកេងបន្លំ ឬការគៃបំបាត់មូលនិធិសាសនាចក្រ
ប្រធានស្តេក ឬប្រធាននៃគណៈកម្មការសវនកម្មស្តេក គួរតែត្រូវបានជូនដំណឹងភ្លាមៗ ប្រសិនបើ ៖
-
មូលនិធិសាសនាចក្របានបាត់ ឬត្រូវគេលួច ។
-
អ្នកដឹកនាំម្នាក់បានលួចបន្លំ ឬប្រើប្រាស់មូលនិធិសាសនាចក្រដោយមិនត្រឹមត្រូវ ។
ប្រធានស្តេក ឬប្រធាននៃគណៈកម្មការសវនកម្មស្តេក ជូនដំណឹងទៅនាយកដ្ឋានសវនកម្មសាសនាចក្រ ។ គាត់ជូនដំណឹងទៅកាន់អ្នកមើលការខុសត្រូវប្រចាំតំបន់ ប្រសិនបើអង្គភាពនោះនៅក្រៅសហរដ្ឋ និងប្រទេសកាណាដា ។
នាយកដ្ឋានសវនកម្មសាសនាចក្រ ( ឬអ្នកមើលការខុសត្រូវប្រចាំតំបន់ ) បញ្ជូនទម្រង់បែបបទរបាយការណ៍អំពីការបាត់បង់ទៅឲ្យប្រធានស្តេក ឬប្រធានគណៈកម្មការសវនកម្ម ។ នៅក្រោមការដឹកនាំរបស់នាយកដ្ឋានសវនកម្មសាសនាចក្រ ( ឬអ្នកមើលការខុសត្រូវប្រចាំតំបន់ ) ប្រធានស្តេក ឬប្រធានគណៈកម្មការសវនកម្មត្រូវប្រាកដថា បញ្ហានេះត្រូវបានស៊ើបអង្កេតដោយត្រឹមត្រូវ ។ គាត់ក៏ត្រូវប្រាកដផងដែរថា ទម្រង់បែបបទអំពីការបាត់បង់ត្រូវបានបំពេញត្រឹមត្រូវ ហើយបញ្ជូនទៅ ។
បន្ទាប់ពីការពិនិត្យបញ្ចប់ហើយ ប្រសិនបើនាយកដ្ឋានសវនកម្មសាសនាចក្រកំណត់ថា អ្នកដឹកនាំ ឬបុគ្គលិកសាសនាចក្រម្នាក់បានលួចបន្លំមូលនិធិ ឬទ្រព្យសម្បត្តិរបស់សាសនាចក្រ នោះសកម្មភាពលើសមាជិកភាពគួរតែត្រូវពិចារណា ។ គោលការណ៍ណែនាំទាំងឡាយមាននៅក្នុង ៣២.៦.៣.៣ ។
ប្រសិនបើរកឃើញនូវការប្រើប្រាស់មូលនិធិខុសឆ្គងយ៉ាងធ្ងន់ធ្ងរ នោះប្រធានស្តេក ឬប្រធានគណៈកម្មការសវនកម្មក៏ជូនដំណឹងទៅកាន់គណៈប្រធានតំបន់ផងដែរ ។
៣៤.៧.៦
ស្មៀនស្តេក ឬជំនួយការស្មៀនស្តេកដែលបានចាត់តាំងខាងហិរញ្ញវត្ថុ
គណៈកម្មការសវនកម្មស្ដេកអាចចាត់ស្មៀនស្ដេក ឬជំនួយការស្មៀនស្ដេក ដែលត្រូវបានចាត់តាំងឲ្យកាន់ខាងហិរញ្ញវត្ថុ ដើម្បីហ្វឹកហ្វឺនថ្នាក់ដឹកនាំវួដស្ដីពីគោលនយោបាយហិរញ្ញវត្ថុត្រឹមត្រូវ ។ គាត់ក៏ហ្វឹកហ្វឺនពួកគេអំពីនីតិវិធីដែលទាក់ទងទៅនឹងករណីលើកលែងដែលបង្ហាញដោយសវនកម្មផងដែរ ។
៣៤.៧.៧
សម្រាប់ព័ត៌មានបន្ថែម
សម្រាប់ព័ត៌មានបន្ថែមអំពីគណៈកម្មការសវនកម្ម សវនករ និងទម្រង់ការសវនកម្ម សូមមើល មជ្ឈមណ្ឌលជំនួយ នៅលើគេហទំព័រ ChurchofJesusChrist.org ។ គណៈកម្មការសវនកម្មស្តេកអាចនាំសំណួរទៅកាន់ជំនួយការសវនករប្រចាំតំបន់បាន ។
៣៤.៨
ពន្ធ
ព័ត៌មានអំពីពន្ធនៅក្នុងកថាខណ្ឌនេះអនុវត្តតែនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដាប៉ុណ្ណោះ ។ ប្រសិនបើថ្នាក់ដឹកនាំបព្វជិតភាពនៅក្នុងសហរដ្ឋ និងប្រទេសកាណាដាត្រូវការព័ត៌មានបន្ថែម នោះពួកគាត់គួរតែទាក់ទងទៅកាន់នាយកដ្ឋានរដ្ឋបាលផ្នែកពន្ធ ៖
Tax Administration
50 East North Temple Street, Room 2276
Salt Lake City, UT 84150-0022
ទូរសព្ទ ៖ ១–៨០១–២៤០–៤៤០៥ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–៤៤០៥
ថ្នាក់ដឹកនាំបព្វជិតភាពនៅក្រៅសហរដ្ឋ និងប្រទេសកាណាដាទាក់ទងទៅការិយាល័យប្រចាំតំបន់ ដើម្បីដោះស្រាយចម្ងល់អំពីពន្ធ ។
៣៤.៨.១
ស្ថានភាពអនុគ្រោះពន្ធ
ជាធម្មតាសាសនាចក្រត្រូវបានលើកលែងពន្ធពីការលក់ ទ្រព្យសម្បត្តិ ចំណូល និងពន្ធដទៃៗទៀត ដោយសារតែវាគឺជាអង្គការខាងសាសនាមួយ ។ អគារសាសនាចក្រ និងទ្រព្យសម្បត្តិដទៃទៀត ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងនៃការថ្វាយបង្គំ ការណែនាំខាងសាសនា និងសកម្មភាពដែលទាក់ទងនឹងសាសនាដទៃទៀត ។ ថ្នាក់ដឹកនាំស្តេក និងវួដត្រូវប្រាកដថា អគារសាសនាចក្រ មិនត្រូវបានប្រើប្រាស់សម្រាប់ខាងនយោបាយ អាជីវកម្ម ឬគោលបំណងវិនិយោគទុនឡើយ ដូចដែលបានចែងនៅក្នុង ៣៥.៥.២ ។ ការធ្វើដូច្នោះអាចនឹងបំពានច្បាប់ដែលអនុញ្ញាតនូវការលើកលែងពន្ធទៅលើទ្រព្យសម្បត្តិសាសនាចក្រ ។
វាមានសារៈសំខាន់ដែលថ្នាក់ដឹកនាំស្តេក និងវួដធ្វើតាមការណែនាំទាំងនេះដើម្បីរក្សាស្ថានភាពការអនុគ្រោះពន្ធរបស់សាសនាចក្រ ។ ប្រសិនបើស្តេក ឬវួដមួយធ្វើខុសឆ្គងនឹងស្ថានភាពការអនុគ្រោះពន្ធរបស់សាសនាចក្រ នោះអង្គភាពសាសនាចក្រដទៃទៀត អាចនឹងត្រូវទទួលរងឥទិ្ធពលនេះ ។
៣៤.៨.២
ពន្ធលើការលក់ និងពន្ធលើការប្រើប្រាស់
ច្បាប់ពន្ធស្ដីពីការលក់ និងពន្ធលើការប្រើប្រាស់ និងរបៀបដែលវាអនុវត្តចំពោះសាសនាចក្រមានភាពផ្សេងៗទៅតាមប្រទេស និងរដ្ឋ ។ ថ្នាក់ដឹកនាំទាក់ទងទៅនាយកដ្ឋានរដ្ឋបាលផ្នែកពន្ធរបស់សាសនាចក្រ ឬការិយាល័យប្រចាំតំបន់ដែលបានចាត់ ដើម្បីឲ្យដឹងថា តើសាសនាចក្រមានការលើកលែងពន្ធ ឬត្រូវបង់ពន្ធទាំងនោះឬអត់ ។
៣៤.៨.៣
ពន្ធលើទ្រព្យសម្បត្តិ
ផ្នែកគ្រប់គ្រងពន្ធរបស់សាសនាចក្របំពេញ និងបញ្ជូនឯកសារការលើកលែងពន្ធលើទ្រព្យសម្បត្តិទាំងអស់ ហើយបង់រាល់ពន្ធលើទ្រព្យសម្បត្តិដែលតម្រូវឲ្យបង់ ។ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានមិនតម្រូវឲ្យធ្វើសកម្មភាពអ្វីទាំងអស់ ។