ការហៅ​ក្នុង​បេសកកម្ម
២.ការរៀបចំ និង​សកម្មភាព​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា


ព្រះយេស៊ូវ​កំពុង​បង្រៀន​ពួកសិស្ស

ការរៀបចំ និង​សកម្មភាព​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា

២.០

សេចក្តី​ផ្ដើម

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « អ្នក​រាល់​គ្នា​ត្រូវ​រៀបចំ​ខ្លួន ហើយ​តាំង​ឲ្យ​មនុស្ស [ ទាំង​ប្រុស និង​ស្រី ] មាន​ការ​កាន់កាប់​ត្រួតត្រា​រៀងៗ​ខ្លួន [ របស់​ពួកគេ ] » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:១១ ) ។ វគ្គ​នេះ​នៃ​ក្បួន​ខ្នាត​នេះ ពិពណ៌នា​អំពី​ការរៀបចំ​របស់​បេសកកម្ម និង​ពន្យល់​ពី​របៀប​ដែល​អ្នក​អាច​ធ្វើ​កិច្ចការ និង​រស់នៅ​ឲ្យ​បាន​ល្អ​បំផុត ជាមួយ​នឹង​ដៃគូ​ម្នាក់ ចូលរួម​ក្នុង​សកម្មភាព​បេសកកម្ម ដាក់​ផែនការ​កាលវិភាគ​ប្រចាំ​ថ្ងៃ និង​បម្រើ​មនុស្ស​ដទៃ​ទៀត ដោយ​សេចក្ដី​ស្រឡាញ់​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:៤៤–៤៧ ) ។

ដើម្បី​ភាពច្បាស់លាស់ បទដ្ឋាន​ទាំងនេះ​ប្រើ​វចនសព្ទ ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេងដើម្បី​សំដៅ​លើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​មាន​ការចាត់តាំង​ជា​ថ្នាក់​ដឹកនាំ ដូចជា ដៃគូ​រៀមច្បង អ្នកដឹកនាំ​បំពាក់បំប៉ន​ជា​ស៊ីស្ទើរ ឬ​អ្នកដឹកនាំ​ហ្សូន ។ ថ្នាក់​ដឹកនាំ​បេសកកម្មសំដៅ​លើ​ប្រធាន​បេសកកម្ម​របស់​អ្នក ដែល​កាន់​កូនសោ​បព្វជិតភាព និង​ភរិយា​របស់​លោក ។

បទដ្ឋាន​ទាំងនេះ​ក៏​ប្រើ​សម្រាប់​ពាក្យ​ប៊ីស្សព ប្រធាន ស្តេក វួដ និង ស្តេក សូម​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ដែល​ទាក់ទង​ដោយ​សមរម្យ ចំពោះ​ប្រធាន​សាខា ប្រធាន​មណ្ឌល សាខា និង​សមាជិក​មណ្ឌល ។

២.១

ថ្នាក់ដឹកនាំ​បេសកកម្ម

ទំនួល​ខុសត្រូវ​ដ៏​សំខាន់​បំផុត​របស់​អ្នក មិន​ថា​នៅក្នុង​ការចាត់តាំង​ជា​ថ្នាក់​ដឹកនាំ​ណា​ឡើយ គឺ​ការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​ស្មោះត្រង់ និង​លះបង់ ។ ដំបូន្មាន​នេះ​ពី​ព្រះអម្ចាស់​ដែល​បាន​កត់ត្រា​នៅ​ក្នុង​គោលលទ្ធិ​និង​សេចក្តីសញ្ញា​ក៏​អនុវត្ត​ចំពោះ​អ្នក​ដែរ​« ការណ៍​ដែល​នឹង​មាន​តម្លៃ​បំផុត​ចំពោះ​អ្នក គឺ​ដើម្បី​ផ្សាយ​ប្រាប់​ពី​ការ​ប្រែ​ចិត្ត​ដល់ [ ជំនាន់ ] នេះ ដើម្បី​ឲ្យ​អ្នក​អាច​នាំ​ព្រលឹង​ទាំង​ឡាយ​មក​រក​យើង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៥:៦ ) ។

២.១.១

អ្នកដឹកនាំ​បេសកកម្ម ៖ ប្រធាន​បេសកកម្ម​របស់​អ្នក និង​ភរិយា​លោក

ប្រធាន​បេសកកម្ម​របស់​អ្នក និង​ភរិយា​លោក ដែល​បម្រើ​ជាមួយ​គ្នា គឺជា​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក ត្រូវ​បាន​ហៅ​ដោយ​ព្រះ និង​ញែកចេញ​ដើម្បី​ដឹកនាំ​បេសកកម្ម​នេះ ។ ពួកគាត់​ទាំងពីរ​ស្រឡាញ់ និង​បម្រើ​អ្នក ជួយ​អ្នក​ឲ្យ​បំពេញ​គោលបំណង​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ហើយ​ជួយ​ថែរក្សា​អ្នក​ឲ្យ​មាន​សុវត្ថិភាព និង​រីករាយ ។

ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក មាន​ទំនួល​ខុសត្រូវ​ជា​ច្រើន​សម្រាប់​បេសកកម្ម ។ ពួកគាត់​នឹង​ធ្វើ​កិច្ចការ​រួម​គ្នា​ដើម្បី​គាំទ្រ និង​លើក​ទឹក​ចិត្ត​អ្នក ស្ដាប់​កង្វល់​របស់អ្នក ឆ្លើយ​សំណួរ វាយតម្លៃ​លើ​ការរីកចម្រើន និង​ផ្ដល់​ការប្រឹក្សា ។ ដោយសារ​ប្រធាន​បេសកកម្ម​របស់​អ្នក កាន់​កូនសោ​បព្វជិតភាព​ជាក់លាក់​នានា នោះ​លោក​ដើរ​តួ​ជា​ចៅក្រម​ទូទៅ​នៅក្នុង​បេសកកម្ម ។ ការរំលង​ខាង​ផ្លូវ​ភេទ និង​អំពើបាប​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត គប្បី​ត្រូវបាន​សារភាព​ទៅ​កាន់​ប្រធាន​បេសកកម្ម​របស់​អ្នក ( សូមមើល ម៉ូសាយ ២៦:២៩–៣០ ) ។ សូម​មាន​ភាពស្មោះត្រង់​ទាំងស្រុង​ជាមួយ​នឹង​លោក ។ លោក​នឹង​ជួយ​អ្នក​ឲ្យ​ប្រែ​ចិត្ត ( សូមមើល ដើម្បី​កម្លាំង​នៃ​យុវជន​[ ឆ្នាំ ២០១១ ] ២៨–២៩ ) ។

អ្នក​អាច​អញ្ជើញ​ភរិយា​របស់​ប្រធាន​បេសកកម្ម អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង ឬ​ដៃគូ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ឲ្យ​ចូលរួម​ក្នុង​ការសម្ភាស​ណា​ក៏​ដោយ​ជាមួយ​នឹង​ប្រធាន​បេសកកម្ម ។ ការសម្រេច​ចិត្ត​របស់​អ្នក​ដើម្បី​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ចូលរួម​ជាមួយ​អ្នក មិន​បន្ថយ​នូវ​សេចក្ដី​ស្រឡាញ់ ការខ្វល់ខ្វាយ ឬ​ការកោត​សរសើរ​របស់​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក​ចំពោះ​អ្នក​នោះ​ទេ ។

២.១.២

គណៈប្រធានបេសកកម្ម

ប្រធាន​បេសកកម្ម​របស់​អ្នក ធ្វើ​ជា​អធិបតី​ក្នុង​បេសកកម្ម​ដោយ​មាន​កូនសោ​បព្វជិតភាព ។ លោក​ជា​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​បេសកកម្ម ដែល​មាន​ទីប្រឹក្សា​ពីរ​រូប ។

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​បេសកកម្ម ដូចជា​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ស្តេក ឬ​គណៈប៊ីស្សព​ដែរ ពួកលោក​ជួយ​រៀបចំ និង​ជួយ​ក្នុង​កិច្ចការ​នោះ ។ ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​បេសកកម្ម ពុំ​ដោះស្រាយ​បញ្ហា​អំពី​ភាពស្អាតស្អំ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ទេ ។

២.១.៣

ការរៀបចំ​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​បេសកកម្ម

ប្រធាន​បេសកកម្ម​របស់​អ្នក​ប្រើប្រាស់​វិវរណៈ និង​កូនសោ​បព្វជិតភាព ដើម្បី​រៀបចំ​កិច្ចការ​នោះ ។ លោក​ចាត់តាំង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ឲ្យ​ធ្វើ​ជា​អ្នកបំពាក់បំប៉ន ដៃគូ​រៀមច្បង អ្នកដឹកនាំ​មណ្ឌល អ្នកដឹកនាំ​បំពាក់បំប៉ន​ជា​ស៊ីស្ទើរ អ្នកដឹកនាំ​ហ្សូន និង​ជំនួយការ ។ ជំនួយការ អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ការិយាល័យ និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ដទៃ​ទៀត ពុំ​ធ្វើ​ការចាត់តាំង​ភាពជា​អ្នក​ដឹកនាំ ឬ​ចាត់តាំង​តំបន់​ដែល​អ្នក​បម្រើ​នោះ​ទេ ។ ទោះជា​យ៉ាង​ណា ប្រធាន​បេសកកម្ម​អាច​ប្រឹក្សា​នឹង​ភរិយា​លោក ឬ​ជំនួយការ​របស់​លោក អំពី​ការចាត់តាំង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក និង​ជំនួយការ អ្នកដឹកនាំ​ហ្សូន និង​អ្នកដឹកនាំ​បំពាក់បំប៉ន​ជា​ស៊ីស្ទើរ គឺជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម ។ ថ្នាក់​ដឹកនាំ​ទាំងនេះ ប្រឹក្សា​អំពី​ការបំពេញ​តម្រូវការ​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ដាក់​ផែនការ​ដើម្បី​ជួយ​ដល់​ការរីក​ចម្រើន​របស់​បេសកកម្ម និង​ដើម្បី​ជំរុញ​កិច្ចការ​ឲ្យ​ទៅមុខ ។

២.១.៤

ទំនួល​ខុសត្រូវ​របស់​ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង

ដូចជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​ដែរ ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ធ្វើ​តាម​ការប្រឹក្សា​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី « បម្រើ [ ព្រះ ] ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង [ របស់​ពួកគេ ] » និង « នឹក​ចាំ​ពី​សេចក្ដី​ជំនឿ គុណធម៌ តម្រិះ សេចក្ដី​អត់​សង្កត់ សេចក្ដី​អត់ធន់ សេចក្ដី​រាប់​អាន​គ្នា​ជា​បង​ប្អូន សេចក្ដី​កោតខ្លាច​ដល់​ព្រះ សេចក្ដី​សប្បុរស សេចក្ដី​ទាប​រាបសា សេចក្ដី​ឧស្សាហ៍ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤:២, ៦ ) ។ ការចាត់តាំង​ភាពជា​អ្នកដឹកនាំ ពុំ​ចង្អុល​បង្ហាញ​អំពី​ការទទួល​ស្គាល់​ពិសេស ឬ​ការដំឡើង​តំណែង ឬ​ជា​ការឆ្លុះ​បញ្ចាំង​ពី​តម្លៃ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​នោះ​ទេ ។

ថ្នាក់​ដឹកនាំ​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​មាន​ទំនួល​ខុសត្រូវ​ដើម្បី ៖

  • ស្វែងរក បង្រៀន ជ្រមុជទឹក និង​ចង​មិត្តភាព​នឹង​មនុស្ស ។

  • សូម​ធ្វើ​ជា​គំរូ​តាម​បទដ្ឋាន​អ្នកផ្សព្វផ្សាយសាសនា​សម្រាប់​អាកប្បកិរិយា ( សូមមើល៣.០ ) ។

  • បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត និង​ដឹកនាំ​ការផ្លាស់ប្ដូរ​ដៃគូ ( សូមមើល ២.៣.១ ) ។

  • ចែកចាយ​ព័ត៌មាន និងការណែនាំ​ពី​ក្រុម​ប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ពួកគេ​ដឹកនាំ ។

  • ស្រឡាញ់ និង​ធ្វើ​ជា​មិត្តភក្ដិ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដទៃ​ទៀត ។ ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​តម្លៃ​នៃ​កិច្ចខិតខំ​របស់​ពួកគេ ។

  • ស្ដាប់​កង្វល់​របស់ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដទៃ​ទៀត ។ ផ្ដល់​ការគាំទ្រ និង​ការលើក​ទឹកចិត្ត ។

  • កែតម្រូវ​ពួក​អ្នកផ្សព្វផ្សាយសាសនា​ដទៃ​ទៀត​ដោយ​ចិត្ត​សប្បុរស និង​ដោយ​ឯកជន តាម​ការ​ចាំបាច់​ដោយ​មាន « សេចក្ដី​ស្រឡាញ់​ដ៏​ច្រើន​ឡើង » ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៤១–៤៣ ) ។

  • ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន និង​សមាជិក ។

ដូច​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​ដែរ ពួក​អែលឌើរ និង​ពួក​ស៊ីស្ទើរ ដែល​មាន​ការចាត់តាំង​ជា​ថ្នាក់​ដឹកនាំ គប្បី​អនុវត្ត​នូវ​ភាព​ជា​អ្នក​ដឹកនាំ​ដែល​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ។ ប្រសិន​បើ​ចរិយា​មាយាទ​របស់​អ្នក​ផ្សព្វផ្សាយ​ណា​ម្នាក់ រួម​ទាំង​ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ផងដែរ ហាក់​បី​ដូច​ជា​មិន​ខ្ជាប់ខ្ជួន​នឹង​ព្រះបញ្ញត្តិ និង​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា សូម​ពិភាក្សា​បញ្ហា​នោះជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ ។ ប្រសិន​បើ​បញ្ហា​នោះមិន​ត្រូវបាន​ដោះស្រាយ​នៅ​ពេល​នោះ​ទេ សូម​ចែកចាយ​កង្វល់​របស់​អ្នក​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​របស់​អ្នក ឬ​ជាមួយ​ប្រធាន​បេសកកម្ម​របស់​អ្នក មិន​ត្រូវ​ចែកចាយ​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត សមាជិក ឬ​មិត្តភក្ដិ​នោះ​ទេ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការចាត់តាំង និង​ទំនួល​ខុសត្រូវ​ជាក់លាក់​នានា​របស់​ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង ( អ្នកបំពាក់បំប៉ន ដៃគូ​រៀមច្បង អ្នកដឹកនាំ​មណ្ឌល អ្នកដឹកនាំ​បំពាក់បំប៉ន​ជា​ស៊ីស្ទើរ អ្នកដឹកនាំ​ហ្សូន និង​ជំនួយការ​ប្រធាន​បេសកកម្ម ) សូមមើល វគ្គ ៧.១ « ទំនួល​ខុសត្រូវ​របស់​ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង » ។

២.១.៥

ទំនួល​ខុសត្រូវ​ផ្ទាល់​ខ្លួន

« តម្កើង​ការងារ [ របស់​អ្នក ] ថ្វាយ​ព្រះ​អម្ចាស់ » ( យ៉ាកុប ១:១៩ ) មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ ហើយ « ត្រូវ​ប្រព្រឹត្ត​អ្វីៗ​ដោយ [ ខ្លួន​អ្នក ] » ( នីហ្វៃទី២ ២:១៦ ) តាមរយៈ​ការទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​ធ្វើ​តាម​ព្រះវិញ្ញាណ ។ ពេល​អ្នក​មាន​សំណួរ ឬ​កង្វល់ ៖

  • អនុវត្ត​ការបង្រៀន​ដើម្បី « សិក្សា​ក្នុង​គំនិត​របស់​អ្នក រួចហើយ … សូម​ដល់​យើង បើ​សិន​ជា​ការណ៍​នោះ​ត្រឹម​ត្រូវ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៨ ) ។

  • សូម​ស្វែងរក​ការដឹកនាំ​តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ ( ជាពិសេស ព្រះគម្ពីរ​មរមន ) ប្រកាស​ដំណឹងល្អ​របស់​យើង ការបង្រៀន​របស់​ព្យាការី​ដែល​នៅ​រស់ និង​បទដ្ឋាន​ទាំងនេះ ។

ប្រសិន​បើ​អ្នក​ត្រូវការ​ជំនួយ​បន្ថែម​ទៀត បន្ទាប់​ពី​ការអនុវត្ត​តាម​គោលការណ៍​ទាំងនេះ​ហើយ សូម​សួរ​ដល់​ដៃគូ ឬ​ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​របស់​អ្នក ។ ជា​ញឹកញាប់ ពួកគេ​អាច​ជួយ​អ្នក​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក និង​ដោះស្រាយ​កង្វល់​របស់​អ្នក ។ ប្រសិន​បើ​ពួកគេ​មិន​អាច​ជួយ​បាន​ទេ សូម​ទាក់ទង​ទៅ​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក ឬ​ឪពុក​ម្ដាយ​អ្នក ឬ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​នៅ​ផ្ទះ​របស់​អ្នក ។ សូម​កុំ​ទាក់ទង​ទៅ​ទីស្នាក់ការ​កណ្ដាល​របស់​សាសនាចក្រ ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នោះ អ្នក​នឹង​ត្រូវបាន​បញ្ជូន​ត្រឡប់​មក​ប្រធាន​បេសកកម្ម​របស់​អ្នក​វិញ ។

សូម​និយាយ​ជាមួយ​ប្រធាន​បេសកកម្ម​របស់​អ្នក អំពី​បញ្ហា​ភាពស័ក្ដិសម ។ សូម​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​បេសកកម្ម​របស់​អ្នក អំពី​កង្វល់​ទាក់ទង​នឹង​សុវត្ថិភាព​បន្ទាន់ រួម​ទាំង​ការរំលោភ​បំពាន ឬ​បញ្ហា​ផ្សេងៗ​ទៀត ដែល​មិន​អាច​ដោះស្រាយ​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​បាន ។

វា​អាច​នឹង​មាន​គ្រា​ទាំងឡាយ អំឡុង​បេសកកម្ម​របស់អ្នក ពេល​ដែល​អ្នក​ឃើញ​ថា​វា​ពិបាក​ដើម្បី​ផ្ដោត​លើ​កិច្ចការ​របស់​អ្នក ដោយសារ​តែ​ឧបសគ្គ​ថ្មីៗ បញ្ហា​ផ្ទាល់​ខ្លួន ឬ​គ្រួសារ ឬ​សូម្បី​តែ​ជា​បទពិសោធន៍​ពី​អតីតកាល ។ វា​ជា​រឿង​ដែល​គួរ​យល់​បាន ។ សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការចែកចាយ​កង្វល់​របស់​អ្នក​ជាមួយ​នឹង​ដៃគូ​អ្នក ថ្នាក់ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​របស់អ្នក ឬ​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​អ្នក​ណា​ម្នាក់​ក៏​បាន ហើយ​ស្វែងរក​ជំនួយ ។

សូម​ចងចាំ​អំពី​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ៖« ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ ។ ចូរមើល​ស្នាម​ទាំង​ឡាយ​ដែល​នៅ​ចំហៀង​យើង ហើយ​ព្រម​ទាំង​ស្នាម​ដែកគោល​នៅ​ដៃ និង​ជើង​របស់​យើង​ចុះ ចូរ​មាន​ចិត្ត​ស្មោះត្រង់​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹងគ្រងនគរ​ស្ថាន​សួគ៌​ទុកជា​មរតក ។ អាម៉ែន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៦–៣៧ ) ។

២.២

ដៃគូ

ព្រះអម្ចាស់​ហៅ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ទ្រង់​ក្នុង​ភាពជា​ដៃគូ ។ « ចូរ​ឲ្យ​ពួក​គេ​ទៅ​ដោយ​គូៗ ហើយ​ចូរ​ឲ្យ​ពួក​គេ​ផ្សាយ​តាម​ផ្លូវ​តាម​របៀប​នោះ នៅ​គ្រប់​ទី​ជំនុំ ដោយ​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក និង​ដោយ​ការ​ដាក់​ដៃ​លើ​នៅ​ក្បែរ​ច្រាំង​ទឹក » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:១០ ) ។ អ្នក​នឹង​ធ្វើការ​ជាមួយ​ដៃគូ​ផ្សេងៗ​ក្នុង​បេសកកម្ម​របស់​អ្នក ។ ដៃគូ ៖

  • មាន​ភាពសាមគ្គី​គ្នា​នៅក្នុង​កិច្ចការ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​គ្នា ។

  • គាំទ្រ​សុខុមាលភាព​របស់​គ្នា​ទៅវិញ​ទៅមក ខាង​វិញ្ញាណ សតិ​អារម្មណ៍ និង​រាងកាយ ។

  • ព្យាយាម​ថែ​រក្សា​គ្នា​ឲ្យ​មាន​សុវត្ថិភាព ។

  • ទទួល​ខុសត្រូវ​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក ក្នុង​ការកាន់​តាម​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ។

២.២.១

ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក

ដៃគូ​គប្បី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ការរៀនសូត្រ លូតលាស់ និង​អភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤ និង « តើ​ខ្ញុំ​អាច​អភិវឌ្ឍ​លក្ខណៈ​ឲ្យ​ដូចជា​ព្រះគ្រីស្ទ​យ៉ាង​ដូច​ម្តេច ? » នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង [ ឆ្នាំ ២០១៨ ] ជំពូក ៦ ) ។ ការរៀន​ពី​ភាពអត់ធ្មត់ និង​សេចក្ដី​ស្រឡាញ់ ការអនុវត្ត​ការអភ័យទោស និង​ការទទួល​យក​បុគ្គលិក​លក្ខណៈ​ខុស​គ្នា នឹង​ផ្ដល់​ពរជ័យ​ដល់​អ្នក​អស់​មួយ​ជីវិត​អ្នក ។

ក្នុង​នាម​ជា​ដៃគូ ៖

  • ស្រឡាញ់ គោរព និង​ពង្រឹង​គ្នា​ទៅវិញ​ទៅមក ។

  • សិក្សា​ជាមួយ​គ្នា​ជា​រៀងរាល់​ថ្ងៃ និង​អធិស្ឋាន​ជាមួយ​គ្នា​ឲ្យ​បាន​ញឹកញាប់​ក្នុង​មួយ​ថ្ងៃៗ ។

  • បន្ទាប​ខ្លួន ហើយ​ទទួល​ស្គាល់​ពី​ភាពខ្លាំង​របស់​គ្នា​ទៅវិញ​ទៅ​មក ។

  • ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែរ ។

  • ចៀសវាង​ការរិះគន់ និង​ការឈ្លោះ​ប្រកែក​គ្នា ។

  • ចៀសវាង​ការនិយាយ​អវិជ្ជមាន​អំពី​គ្នា​ទៅវិញ​ទៅ​មក ទៅ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ដល់​សមាជិក​សាសនាចក្រ ឬ​គ្រួសារ និង​មិត្តភក្ដិ​នៅ​ផ្ទះ ។

ប្រសិន​បើ​អ្នក​កត់សម្គាល់​ថា​មាន​ស្ថានភាព ឬ​អាកប្បកិរិយា​មិន​សមរម្យ​ណា​មួយ សូម​ពិភាក្សា​វា​ជាមួយ​ដៃគូ​របស់​អ្នក ។ ប្រសិន​បើ​បញ្ហា​នោះ​មិន​ត្រូវ​បាន​ដោះស្រាយ ឬ​ប្រសិន​បើ​ដៃគូ​របស់​អ្នក​កំពុង​ប្រព្រឹត្ត​ការរំលោភ​បំពាន សូម​មាន​ចិត្ត​ក្លាហាន និង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ដៃគូ​របស់​អ្នក ដើម្បី​សុំ​ជំនួយ​ពី​ប្រធាន​បេសកកម្ម​របស់​អ្នក ( សូមមើល ៣.៩.២ ) ។

២.២.២

ការនៅ​ជាមួយ​គ្នា

ការនៅ​ជាមួយ​នឹង​ដៃគូ​របស់​អ្នក នឹង​ជួយ​ផ្ដល់​ការការពារ​ពី​គ្រោះថ្នាក់​ខាង​រាងកាយ និង​ខាង​វិញ្ញាណ ពី​ការចោទប្រកាន់​ខុសឆ្គង និង​ភាពឯកោ ។ ចូរ​គោរព​តាម​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​នេះ​នៅ​គ្រប់​ពេល និ​ងគ្រប់​ទីកន្លែង ។ ចូរ​កុំ​នៅ​ម្នាក់​ឯង​ឡើយ ។

  • អ្នក​គួរតែ​អាច​មើលឃើញ និង​ឮ​ដៃគូ​របស់​អ្នក​នៅ​គ្រប់​ពេល​ទាំងអស់ លើកលែង​តែ​ពេល​អ្នក​នៅក្នុង​បន្ទប់​ទឹក នៅក្នុង​ការសម្ភាស​ជាមួយ​នឹង​អ្នកដឹកនាំ​បេសកកម្ម​ម្នាក់ ឬ​ធ្វើ​ការ​សម្ភាស​បុណ្យ​ជ្រមុជ​ទឹក ( សូមមើល ២.៣.៦ ) ។

  • អ្នក​គួរ​តែ​ដេក​នៅក្នុង​បន្ទប់​តែ​មួយ ប៉ុន្តែ​មិន​មែន​នៅ​លើ​គ្រែ​តែមួយ​ទេ ។

  • នៅពេល​ធ្វើ​កិច្ចការ​ផ្ទាល់ខ្លួន​ខណៈ​នៅក្នុង​ផ្ទះ​របស់​អ្នក សូម​ប្រើ​សុភវិនិច្ឆ័យ​ដើម្បី​ការពារ​ខ្លួន​អ្នក និង​ធ្វើតាម​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​អំពី​អាកប្បកិរិយា​( សូមមើល៣.០ ) ។

  • ចូរ​កុំ​បង្កើត​ពេល​វេលា​ដើម្បី​នៅ​ម្នាក់​ឯង ។ ឧទាហរណ៍ កុំ​ចូល​គេង​យប់ពេក ឬ​ក្រោក​មុន​ដៃគូ​របស់​អ្នក ។

  • ប្រសិន​បើ​អ្នក និង​ដៃគូ​អ្នក​បែក​គ្នា សូម​ទាក់ទង​ទៅ​ប្រធាន​បេសកកម្ម​របស់​អ្នក​ភ្លាម ។

២.២.៣

ការធ្វើការ​នៅក្នុង​តំបន់​របស់​អ្នក

« ទៅ​ធ្វើ​ការ​ដោយ​សមត្ថ​ភាព [ របស់​អ្នក ] » ( យ៉ាកុប ៥:៧២ ) ហើយ​ផ្តោត​កិច្ច​ខិតខំ​របស់​អ្នក នៅក្នុង​តំបន់​បង្រៀន​ដែល​បាន​ចាត់តាំង​របស់​អ្នក ។ ចូរ​ផ្តោត​លើ​កិច្ចការ​របស់​អ្នក នៅក្នុង​តំបន់​ដែល​អ្នក​ទំនង​ជា​នឹង​ជួយ​មនុស្ស​ឲ្យ​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា ។ ឧទាហរណ៍ ចូរ​ផ្ដោត​លើ​តំបន់​ម្ដុំៗ​ក្បែរ​អគារ​ព្រះវិហារ ឬ​នៅក្នុង​តំបន់​ដែល​សមាជិក​មាន​ការតាំង​ចិត្ត​រស់​នៅ ។ សូម​ចងចាំ​ពី​ការសន្យា​របស់​ព្រះអម្ចាស់ ៖« អស់​អ្នក​ណា​ដែល​ទទួល​អ្នក នោះ​យើង​ក៏​នឹង​នៅ​ទី​នោះ​ដែរ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៨៨ ) ។

អ្នក​អាច​ចាកចេញ​ពី​តំបន់​ចាត់តាំង​របស់​អ្នក​សម្រាប់​ការផ្លាស់ប្ដូរ​ដៃគូ ( សូមមើល ២.៣.១ ) ឬ​ការផ្លាស់ប្ដូរ​តំបន់ ( សូមមើល ២.៣.២ ) ។ ប្រសិន​បើ​អ្នក​ត្រូវ​ចាកចេញ​ពី​តំបន់​របស់​អ្នក​សម្រាប់​មូលហេតុ​ណា​មួយ​ផ្សេង​ទៀត សូម​ស្នើ​សុំ​ការអនុញ្ញាត​ពី​អ្នក​ដឹកនាំ​មណ្ឌល​របស់​អ្នក ដើម្បី​ចាកចេញ​ពី​តំបន់​របស់​អ្នក ដែល​នៅក្នុង​មណ្ឌល​របស់​អ្នក ឬ​ពី​អ្នក​ដឹកនាំ​ហ្សូន​របស់​អ្នក ប្រសិន​បើ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​មណ្ឌល​របស់​អ្នក ។ អ្នក​ត្រូវការ​ការអនុញ្ញាត​ពី​ប្រធាន​បេសកកម្ម​របស់​អ្នក ឬ​ពីមនុស្ស​ម្នាក់​ដែល​លោក​បាន​ចាត់តាំង ដើម្បី​ចាកចេញ​ពី​ហ្សូន​របស់​អ្នក ។

ប្រសិន​បើ​អ្នក​ត្រូវ​ចេញ​ពី​តំបន់​ចាត់តាំង​របស់​អ្នក ដោយសារ​តែ​ការបន្ទាន់​មួយ ដូចជា​គ្រោះ​ធម្មជាតិ ឬ​ការបំពាន ឬ​ដើម្បី​ស្វែងរក​ការព្យាបាល​បន្ទាន់ នោះ​សូម​ស្វែងរក​សុវត្ថិភាព ឬ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ជាមុន ហើយ​បន្ទាប់​មក​ទាក់ទង​ទៅ​ប្រធាន​បេសកកម្ម ឬ​ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​របស់​អ្នក ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។

២.២.៤

ការធ្វើការ​ជាមួយ​នឹង​មនុស្ស​នៅក្រៅ​តំបន់​របស់​អ្នក

អំឡុង​បេសកកម្ម​របស់​អ្នក អ្នក​ទំនង​ជា​នឹង​ជួប​មនុស្ស​ដែល​រស់នៅ​ក្រៅ​តំបន់​ចាត់តាំង​របស់​អ្នក ។ ប្រសិន​បើ​ពួកគេ​ចាប់​អារម្មណ៍​ក្នុង​ការរៀន​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ អ្នក​អាច ៖

  • ចែកចាយ​សារលិខិត​មួយ​ជាមួយ​ពួកគេ ។

  • ភ្ជាប់​ទំនាក់ទំនង​នឹង​ពួកគេ​នៅលើ​បណ្ដាញ​សង្គម​ដែល​បាន​អនុញ្ញាត ( សូមមើល ៧.៥.៦ ) ។

  • បញ្ជូន​ពួកគេ​ទៅ​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បម្រើ​នៅ​កន្លែង​ដែល​ពួកគេ​រស់នៅ ហើយ​ចែកចាយ​ព័ត៌មាន​អំពី​ពួកគេ​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ចាត់តាំង​នៅ​តំបន់​នោះ ( សូមមើល ២.៣.៤ ) ។

  • ដោយ​មាន​ការអនុញ្ញាត​ពី​ប្រធាន​បេសកកម្ម​របស់​អ្នក សូម​ប្រើប្រាស់​បច្ចេកវិទ្យា ( សូមមើល ៧.៥.៤ ) ដើម្បី​ធ្វើការ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បម្រើ​នៅ​កន្លែង​ដែល​បុគ្គល​នោះ​រស់នៅ ដើម្បី​ជួយ​បង្រៀន និង​គាំទ្រ​ពួកគេ ។ ដោយ​មាន​ការអនុញ្ញាត អ្នក​ក៏​អាច​អញ្ជើញ​គ្រួសារ និង​មិត្តភក្ដិ​របស់​អ្នក​ផ្ទាល់​ឲ្យ​ជួយ​បង្រៀន​ពួកគេ​ផងដែរ ( សូមមើល ៣.៩.៥ ) ។

នៅពេល​ធ្វើការ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ឬ​ជាមួយ​សមាជិក ទាំង​នៅ​ខាងក្នុង និង​ខាងក្រៅ​តំបន់ ឬ​បេសកកម្ម​របស់​អ្នក ៖

  • សូម​ប្រឹក្សា​ជាមួយ​គ្នា ដើម្បី​ដឹង​ពី​របៀប​ដើម្បី​ជួយ​ដល់​បុគ្គល​ដែល​ចាប់​អារម្មណ៍​នោះ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​មាន​ការគោរព​ដល់​ពេលវេលា​របស់​សមាជិក ឬ​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ។

  • សូម​ទុក​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រូវបាន​ចាត់តាំង​ទៅ​តំបន់​ដែល​បុគ្គល​នោះ​រស់នៅ ដឹកនាំ​ការបង្រៀន ឲ្យ​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយសម​ហេតុផល ។

២.៣

សកម្មភាព​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចូលរួម​នៅក្នុង​សកម្មភាព​ផ្សេងៗ ដើម្បី​បំពេញ​តាម​បញ្ជា​របស់​ព្រះអម្ចាស់​ឲ្យ « រៀបចំ​អ្វីៗ​ដែល​ត្រូវ​ការ​គ្រប់​មុខ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៩ ) ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ។ សកម្មភាព​ទាំងនេះ​រួមមាន ការចូលរួម​ក្នុង​ការផ្លាស់ប្ដូរ​ដៃគូ និង​ការផ្លាស់ប្ដូរ​តំបន់ ការធ្វើការ​ជាមួយ​សមាជិក ការឆ្លើយតប​ទៅ​នឹង​ការបញ្ជូន​សាសនាគន់ការី ការបង្រៀន ការចូលរួម​ក្នុង​ក្រុមប្រឹក្សា និង​ការប្រជុំ ព្រមទាំង​ការបម្រើ ។ ពួក​អែលឌើរ​ក៏​អាច​ដឹកនាំ​ការសម្ភាស​បុណ្យ​ជ្រមុជ​ទឹក​ផងដែរ ដែល​ជា​ផ្នែក​នៃ​សកម្មភាព​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ ។

២.៣.១

ការផ្លាស់ប្ដូរ​ដៃគូ

នៅក្នុង​ការផ្លាស់ប្ដូរ​ដៃគូ ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង ដូចជា អ្នកដឹកនាំ​បំពាក់បំប៉ន​ជា​ស៊ីស្ទើរ ឬ​ជំនួយការ​ប្រធាន ធ្វើការ​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ទៀត ។ អំឡុង​ការផ្លាស់ប្ដូរ​នេះ អ្នក​ដឹកនាំ​នឹង​បង្រៀន បំពាក់បំប៉ន និង​រៀន​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ ។ អ្នក​ដឹកនាំ​នឹង​ធ្វើតាម​ការប្រឹក្សា​របស់​ព្រះអម្ចាស់ ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ដើម្បី​ពង្រឹង​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត « ដោយ​គ្រប់​វាចា [ របស់​ពួកគេ ] ដោយ​គ្រប់​សេចក្ដី​អធិស្ឋាន [ របស់​ពួកគេ ] ដោយ​គ្រប់​សេចក្ដី​ដាស់តឿន [ របស់​ពួកគេ ] និង​ដោយ​គ្រប់​ការ​ប្រព្រឹត្តិ [ របស់​ពួកគេ ] » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨:៧ ) ។

ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង ទទួល​ខុសត្រូវ​លើ​ផែនការ​ផ្លាស់ប្ដូរ​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ពួកគេ​ដឹកនាំ​នោះ ។ ពួក​ស៊ីស្ទើរ​ដឹកនាំ​ការផ្លាស់ប្ដូរ​ទាំងឡាយ ជាមួយ​នឹង​ពួក​ស៊ីស្ទើរ​ផ្សេង​ទៀត ហើយ​ពួក​អែលឌើរ​ដឹកនាំ​ការផ្លាស់ប្ដូរ​ទាំងឡាយ ជាមួយ​នឹង​ពួក​អែលឌើរ​ផ្សេង​ទៀត ។

នៅក្នុង​បេសកកម្ម​ភាគ​ច្រើន ជាទូទៅ ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ដឹកនាំ​ការផ្លាស់ប្ដូរ​ដៃគូ​ម្ដង​ក្នុង​ការផ្លាស់ប្ដូរ​តំបន់​មួយ ។

  • អ្នក​ដឹកនាំ​មណ្ឌល​ដឹកនាំ​ការផ្លាស់ប្ដូរ​ទាំងឡាយ ជាមួយ​នឹង​អែលឌើរ​នៅក្នុង​មណ្ឌល​របស់​ពួកគេ ។

  • អ្នក​ដឹកនាំ​ហ្សូន​ដឹកនាំ​ការផ្លាស់ទាំងឡាយ ជាមួយ​នឹង​អ្នក​ដឹកនាំ​មណ្ឌល និង​ជាមួយ​ពួក​អែលឌើរ​ផ្សេង​ទៀត​នៅក្នុង​ហ្សូន​របស់​ពួកគេ តាម​ដែល​ចាំបាច់ ។

  • អ្នកដឹកនាំ​បំពាក់បំប៉ន​ជា​ស៊ីស្ទើរ ដឹកនាំ​ការផ្លាស់ប្ដូរ​ទាំងឡាយ ជាមួយ​នឹង​ស៊ីស្ទើរ​ម្នាក់ៗ​នៅក្នុង​ហ្សូន ឬ​ហ្សូន​ទាំងឡាយ​ដែល​បាន​ចាត់តាំង​ដល់​ពួកគេ ។

  • ជំនួយការ​ប្រធាន​ដឹកនាំ​ការផ្លាស់ប្ដូរ​ទាំងឡាយ ជាមួយ​នឹង​អ្នក​ដឹកនាំ​ហ្សូន ឬ​ពួក​អែលឌើរ​ផ្សេង​ទៀត តាម​ដែល​ត្រូវបាន​ណែនាំ​ដោយ​ប្រធាន​បេសកកម្ម ។

  • ជា​ទូទៅ ការផ្លាស់ប្ដូរ​ដៃគូ​មួយ​មាន​រយៈពេល​ប្រហែល​ជា ២៤ ម៉ោង ។ សម្រាប់​ការផ្លាស់ប្ដូរ​ដៃគូ​នីមួយៗ ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​គួរតែ ៖

    • ដឹកនាំ​ការផ្លាស់ប្ដូរ​ដៃគូ​នៅក្នុង​តំបន់​របស់​ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​នោះ ។ ពេល​ខ្លះ ការផ្លាស់ប្ដូរ​ក៏​អាច​ត្រូវបាន​ដឹកនាំ​នៅក្នុង​តំបន់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​ផងដែរ ពេល​ដែល​សមរម្យ ។

    • ដាក់​ផែនការ​ការផ្លាស់ប្ដូរ​ដៃគូ​ជាមុន ។

    • ធ្វើការ​ជាមួយ​គ្នា ដើម្បី​ដាក់​គោលដៅ​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ អំពី​អ្វី​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ក្នុង​អំឡុង​ពេល​ផ្លាស់ប្ដូរ​នោះ ។ ចូលរួម​នៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា រួម​ទាំង ការស្វែងរក ការបង្រៀន ការសិក្សា​ជា​ដៃគូ ការសិក្សា​ភាសា ( បើ​មាន ) ការដាក់​ផែនការ​ប្រចាំ​ថ្ងៃ និង​ការចង​មិត្តភាព ។

    • បំពាក់​បំប៉ន​ដោយ​ប្រើប្រាស់​ព្រះគម្ពីរ និង​គោលការណ៍​ទាំងឡាយ​ចេញ​ពី ប្រកាស​ដំណឹងល្អ​របស់​យើង ។

    • រំឭក និង​ពិភាក្សា​អំពី​មនុស្ស​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​កំពុង​ធ្វើការ​ជាមួយ ឬ​កំពុង​បង្រៀន ។

    • ផ្ដល់​មតិ​យោបល់​មាន​ប្រយោជន៍ ជាក់លាក់ ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ រួម​ទាំង​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​ធ្វើ​បាន​ល្អ និង​របៀប​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​អាច​កែលម្អ​ឲ្យ​ប្រសើរ​ឡើង ។

    • បើក​ចិត្ត​ចំពោះ​មតិយោបល់​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ លើ​ផ្នែក​នានា​ដើម្បី​កែលម្អ ។

    • រំឭក និង​ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​បាន​រៀន អំឡុង​ការផ្លាស់ប្ដូរ​ដៃគូ​នោះ ។

    • រាយការណ៍​អំពី​ការផ្លាស់ប្ដូរ​ដៃគូ​នោះ នៅក្នុង​សំបុត្រ​ប្រចាំ​សប្ដាហ៍​ទៅកាន់​ប្រធាន​បេសកកម្ម ។

២.៣.២

ការផ្ទេរប្រាក់

ការិយាល័យ​បេសកកម្ម នឹង​រៀបចំ​ការធ្វើ​ដំណើរ​របស់​អ្នក អំឡុង​ពេល​ផ្លាស់ប្ដូរ​តំបន់ ដើម្បី​កុំ​ឲ្យ​អ្នក​នៅ​តែ​ម្នាក់​ឯង ។ ក្នុង​ករណី​មួយ​ចំនួន ដោយសារ​តែ​ចម្ងាយ និង​ហេតុផល​ផ្សេងៗ​ទៀត ប្រធាន​បេសកកម្ម​របស់​អ្នក​អាច​នឹង​ណែនាំ​ផ្សេង​ពី​នោះ​វិញ ។ នៅក្នុង​ស្ថានភាព​ទាំងនេះ សូម​មាន​ការប្រុង​ប្រយ័ត្ន​ជា​ពិសេស ប្រើ​សុភវិនិច្ឆ័យ ហើយ​ធ្វើ​តាម​ព្រះវិញ្ញាណ ។

នៅពេល​អ្នក​ផ្លាស់ប្ដូរ​តំបន់ ៖

  • ទៅកាន់​តំបន់​ថ្មី​របស់​អ្នក​តែម្ដង ដើម្បី​ចូលរួម​នឹង​ដៃគូ​ថ្មី​របស់​អ្នក ។

  • កុំ​ញ៉ាំ ឬ​ផឹក​អ្វី​ដែល​អ្នក​បាន​ទុក​ចោល​ដោយ​មិន​បាន​មើល ខណៈ​ពេល​ធ្វើ​ដំណើរ ។

  • ពេល​អ្នក​ធ្វើ​ដំណើរ ត្រូវ​ប្រាកដ​ថា ទូរសព្ទ​របស់​អ្នក​មាន​ថ្ម​គ្រប់គ្រាន់​សម្រាប់​ការធ្វើ​ដំណើរ​នោះ ។ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ក្នុង​រយៈ​ពេល​យូរ​ជាង​បី​ម៉ោង សូម​ទាក់ទង​ទៅ​ការិយាល័យ​បេសកកម្ម​ឲ្យ​បាន​ទៀងទាត់ ។

ប្រសិន​បើ​ដៃគូ​របស់​អ្នក​ជា​អ្នក​ផ្លាស់ប្ដូរ​តំបន់ ហើយ​អ្នក​មិន​ផ្លាស់ប្ដូរ ចូរ​ធ្វើការ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត តាម​ដែល​បាន​ចាត់តាំង​ដោយ​ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​របស់​អ្នក រហូត​ទាល់តែ​ដៃគូ​ថ្មី​របស់​អ្នក​មក​ដល់ ។

២.៣.៣

ឱកាស​ដើម្បី​បង្រៀន​ជាមួយ​សមាជិក

អញ្ជើញ​សមាជិក​ឲ្យ​ចូលរួម​នឹង​អ្នក ក្នុង​របៀប​ធម្មតា ពេល​អ្នក​ស្វែងរក បង្រៀន ជ្រមុជ​ទឹក និង​ចង​មិត្តភាព ។ លើក​ទឹក​ចិត្ត ហើយ​ជួយ​សមាជិក​ឲ្យ​ធ្វើ​ជា​មិត្តភក្ដិ​នឹង​មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន និង​ដើម្បី​អញ្ជើញ​មនុស្ស​ទាំងនោះ​ឲ្យ​ចូលរួម​នៅក្នុង​សកម្មភាព​វួដ និង​សកម្មភាព​គ្រួសារ ។ សុំ​សមាជិក​ឲ្យ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​ទាក់ទង និង​ទីបន្ទាល់​របស់​ពួកគេ ។

ពួក​អ្នកផ្សព្វផ្សាយសាសនា​ត្រូវការ​បន្ត​នៅ​ជាមួយ​គ្នា​ក្នុង​ភាព​ជា​ដៃគូ ។ ទោះ​ជា​យ៉ាងណា​ពុំ​មាន​ការផ្លាស់ប្ដូរ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាមួយ​នឹង​សមាជិក​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា សមាជិក​ស្រី ( យ៉ាង​ហោច​ណាស់​អាយុ ១៦ ឆ្នាំ ប៉ុន្តែ​ចូរ​ធ្វើ​តាម​គោលការណ៍​ណែនាំ​ដែល​ផ្អែក​លើ​ច្បាប់​ក្នុង​មូលដ្ឋាន ) អាច​អម​ដំណើរ និង​បង្រៀន​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​ពីរ​នាក់ ឬ​ច្រើន​ជាង​នោះ ។ សមាជិក​បុរស ( យ៉ាង​ហោច​ណាស់​អាយុ ១៦ ឆ្នាំ ប៉ុន្តែ​ចូរ​ធ្វើ​តាម​គោលការណ៍​ណែនាំ​ដែល​ផ្អែក​លើ​ច្បាប់​ក្នុង​មូលដ្ឋាន ) អាច​អម​ដំណើរ និង​បង្រៀន​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​អែលឌើរ​ពីរ​នាក់ ឬ​ច្រើន​ជាង​នោះ ។ គូ​ស្វាមី​ភរិយា​ដែល​រៀបការ អាច​បង្រៀន​ជាមួយ​នឹង​ពួក​ស៊ីស្ទើរ ឬ​ពួក​អែលឌើរ​បាន ។

២.៣.៤

មនុស្ស​ដែល​គេ​ណែនាំ

ការបញ្ជូន​សាសនាគន់ការី គឺ​ជា​ពេល​ដែល​នរណា​ម្នាក់​បាន​ធ្វើ​សំណើ​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាក់ទង​ទៅ​គាត់ ឬ​នាង ។

ពេល​ធ្វើការ​ជាមួយ​មនុស្ស​ដែល​ត្រូវបាន​បញ្ជូន​ដល់​អ្នក ៖

  • ទាក់ទង​ទៅ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា សមាជិក ឬ​បុគ្គល​ទាំងឡាយ ដែល​បាន​ធ្វើ​ការបញ្ជូន​សាសនាគន់ការី​នោះ ប្រសិន​បើ​អាច​ធ្វើ​បាន ។ ប្រឹក្សា​ជាមួយ​ពួកគេ​អំពី​របៀប​ដើម្បី​ជួយ​បុគ្គល​នោះ ។

  • ព្យាយាម​ទាក់ទង​ទៅ​បុគ្គល​នោះ ដែល​ត្រូវបាន​បញ្ជូន​មក ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជា​ទូទៅ​នៅក្នុង​រយៈពេល ២៤ ម៉ោង ។

  • ស្ដាប់ ហើយ​រៀន​ពី​របៀប​ដើម្បី​ជួយ​បុគ្គល​ដែល​ត្រូវបាន​បញ្ជូន​មក​នោះ ។

  • បំពេញ​តាម​ចំណុច​ដែល​បាន​ស្នើ ។

  • បង្រៀន​តាម​សេចក្ដី​ត្រូវការ និង​ចំណាប់​អារម្មណ៍​របស់​បុគ្គល​នោះ ។

  • បន្ត​ធ្វើការ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា សមាជិក ឬ​បុគ្គល​ទាំងឡាយ ដែល​បាន​ធ្វើ​ការបញ្ជូន​សាសនាគន់ការី​នោះ ( សូមមើល ២.២.៤ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការបញ្ជូន​សាសនា​គន់ការី សូមមើល « ការបញ្ជូន​សាសនាគន់ការី​ពី​សមាជិក អ្នកផ្សព្វផ្សាយ​សាសនា និង​ទីស្នាក់ការ​កណ្ដាល​នៃ​សាសនាចក្រ » នៅក្នុង « តើ​ខ្ញុំ​អាច​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន​ដោយ​របៀបណា ? » នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូក ៩ ។

២.៣.៥

ការប្រជុំ និង​ក្រុមប្រឹក្សា

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រឹក្សា​ជាមួយ​គ្នា ពេល​ពួកគេ​ផ្ដល់ និង​ទទួល​ការបំពាក់​បំប៉ន និង​ពេល​ដែល​ពួកគេ​ដាក់​ផែនការ និង​សម្រប​សម្រួល​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ការប្រជុំ និង​ក្រុម​ប្រឹក្សា​គួរតែ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង​គួរតែ​ជា​ពេល​វេលា​មួយ​សម្រាប់​វិវរណៈ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣២ ) ។ ជាង​នោះ​ទៅ​ទៀត ការជួបជុំ​គ្នា​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក និង​រីករាយ​នឹង​ការងារ​របស់​អ្នក​ជាមួយ​គ្នា ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:៨៥០:២២ ) ។

ការប្រជុំ​ទាំងឡាយ​ដែល​ត្រូវបាន​រៀបចំ​ដោយ​ដៃគូ​អ្នក​ផ្សព្វផ្សាយ​សាសនា ថ្នាក់​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង និង​ថ្នាក់​ដឹកនាំ​បេសកកម្ម រួម​មាន​ដូច​ខាង​ក្រោម​នេះ ៖

  • ពេល​វេលា​ដាក់​ផែនការ​ប្រចាំ​ថ្ងៃ និង​ប្រចាំ​សប្ដាហ៍

  • ការប្រជុំ​ក្រុម​ប្រឹក្សា​មណ្ឌល

  • សន្និសីទ​ហ្សូន

  • ការប្រជុំ​ក្រុម​ប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម

ការប្រជុំ​នានា​ដែល​រៀបចំ​ដោយ​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន រួម​មាន​ដូច​ខាងក្រោម​នេះ ៖

  • ការប្រជុំ​សម្របសម្រួល​អ្នក​ផ្សព្វផ្សាយ​សាសនា

  • ការប្រជុំ​ក្រុម​ប្រឹក្សា​វួដ

២.៣.៦

ការសម្ភាស​បុណ្យ​ជ្រមុជ​ទឹក

ពេល​ដឹកនាំ​ការសម្ភាស​បុណ្យ​ជ្រមុជ​ទឹក អែលឌើរ​គប្បី ៖

  • រំឭក​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៧ ។

  • ធ្វើ​តាម​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • សួរ​សំណួរ​សម្រាប់​ការសម្ភាស​បុណ្យ​ជ្រមុជ​ទឹក ដែល​មាន​នៅក្នុង​វគ្គ « ពិធីបុណ្យ​ជ្រមុជ​ទឹក និង ពិធីបញ្ជាក់ ៖​សំណរ​និង​ចម្លើយ »​វគ្គ​នៃ​ជំពូក​ទី​១២​នៅ​ក្នុង​ប្រកាស​ដំណឹង​របស់​យើង ។

  • សម្រប​សម្រួល​សំណួរ​ទៅ​តាម​អាយុ និង​ភាពចាស់ទុំ​របស់​បុគ្គល​នោះ ។

  • សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូរ៉ុម​អែលឌើរ ឬ​អ្នកដឹកនាំ​បេសកកម្ម​វួដ​ត្រូវ​ដឹង​ជាមុន អំពី​ការសម្ភាស​បុណ្យ​ជ្រមុជ​ទឹក​នោះ ។

ប្រសិន​បើ​បេក្ខជន​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ​ចង់​បាន គាត់ ឬ​នាង​អាច​អញ្ជើញ​ឪពុក/ម្ដាយ ស្វាមី/ភរិយា ឬ​មជ្ឈិមវ័យ​ផ្សេង​ទៀត ឲ្យ​ចូលរួម​ក្នុង​ការសម្ភាស​បុណ្យ​ជ្រមុជ​ទឹក​នោះ​បាន ។ សូម​យល់​ដល់​អារម្មណ៍​របស់​មនុស្ស​ម្នាក់ ពេល​ដែល​ស្វាមី/ភរិយា ឬ​កូន​ជា​អនីតិជន​របស់​គាត់​កំពុង​ទទួល​ការសម្ភាស ។ សូម​ធ្វើ​តាម​គោលការណ៍​ណែនាំ​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង សម្រាប់​ការសម្ភាស និង​ការទទួល​បាន​ការអនុញ្ញាត​ដើម្បី​ជ្រមុជ​ទឹក​ស្វាមី/ភរិយា និង​កូន​ជា​អនីតិជន ( សូមមើល « របៀប​ដើម្បី​ដឹកនាំ​ការសម្ភាស » នៅក្នុង « តើ​ខ្ញុំ​ត្រូវ​រៀបចំ​មនុស្ស​សម្រាប់​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់​ដោយ​របៀប​ណា ? » នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូក ១២ ) ។

អ្នក​ដឹកនាំ​មណ្ឌល​សម្ភាស​បេក្ខជន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដែល​បង្រៀន​ដោយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​មណ្ឌល​របស់​ពួកគេ រួម​ទាំង​អស់​អ្នក​ដែល​បង្រៀន​ដោយ​ជំនួយការ​ប្រធាន អ្នកដឹកនាំ​ហ្សូន និង​អ្នកដឹកនាំ​បំពាក់បំប៉ន​ជា​ស៊ីស្ទើរ ដែល​នៅក្នុង​មណ្ឌល​របស់​ពួកគេ​ផងដែរ ។

អ្នក​ដឹកនាំ​ហ្សូន​សម្ភាស​បេក្ខជន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដែល​បង្រៀន​ដោយ​អ្នក​ដឹកនាំ​មណ្ឌល​នៅក្នុង​ហ្សូន​របស់​ពួកគេ ។

ប្រសិន​បើ​អ្នក​ដឹកនាំ​មណ្ឌល ឬ​អ្នក​ដឹកនាំ​ហ្សូន​ដែល​បាន​ចាត់តាំង មិន​មាន​ពេល​ទេ ប្រធាន​បេសកកម្ម​អាច​ចាត់តាំង​អែលឌើរ​ម្នាក់​ទៀត​ឲ្យ​ដឹកនាំ​ការសម្ភាស​បាន ។

២.៣.៧

ពិធីបុណ្យ​ជ្រមុជទឹក

សូម​ធ្វើការ​ជាមួយ​នឹង​ប្រធាន​កូរ៉ុម​អែលឌើរ ឬ​អ្នកដឹកនាំ​បេសកកម្ម​វួដ ដើម្បី​របៀបចំ​ពិធី​បុណ្យ​ជ្រមុជទឹក ( សូមមើល « កម្មវិធី​បុណ្យ​ជ្រមុជទឹក » នៅក្នុង « តើ​ខ្ញុំ​ត្រូវ​រៀបចំ​មនុស្ស​សម្រាប់​ពិធី​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ដោយ​របៀប​ណា ? » នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូក ១២ ) ។ សូម​ចាប់​ផ្ដើម​ការរៀបចំ​កម្មវិធី​បុណ្យ​ជ្រមុជទឹក ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ។

២.៤

សកម្មភាព និង​កាលវិភាគ​ប្រចាំ​ថ្ងៃ

សូម​ដាក់​ផែនការ​កាលវិភាគ​របស់​អ្នក ដើម្បី​បំពេញ​តាម​គោលបំណង​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក និង​ផ្តោត​លើ​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដទៃ​ទៀត ។ សូម​ចងចាំ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ​ ៖​« ហើយ​បើ​សិន​ជា​អ្នក​ត្រូវ​ធ្វើ​ការ​អស់​មួយ​ជីវិត​អ្នក ដោយ​ស្រែក​ប្រាប់​ពី​ការប្រែ​ចិត្ត​ដល់​ប្រជាជន​នេះ ហើយ​គ្រាន់​តែ​នាំ​ព្រលឹង​មួយ​គត់​មក​រក​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ជាមួយ​អ្នកនោះនៅក្នុងនគរនៃព្រះវរបិតារបស់យើង ! »​( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១៦ ) ។

២.៤.១

សកម្មភាព​ប្រចាំ​ថ្ងៃ​ជា​ធម្មតា

សូម​ដាក់​បញ្ចូល​សកម្មភាព​ខាង​ក្រោម​នេះ​នៅក្នុង​កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់​អ្នក ៖

  • ដាក់ និង​រំឭក​គោលដៅ​ផ្ទាល់​ខ្លួន គោលដៅ​ដៃគូ និង​គោលដៅ​បេសកកម្ម ។

  • ដាក់​ផែនការ​កាលវិភាគ​របស់​អ្នក​សម្រាប់​ថ្ងៃ​នោះ ។

  • រៀបចំ​មេរៀន ។

  • សូម​សិក្សា​ព្រះគម្ពីរ ប្រកាស​ដំណឹង​ល្អ​របស់​យើងការបង្រៀន​របស់​ព្យាការី និង​សាវក​នៅរស់ និង​ធនធាន​ដែល​មាន​ការអនុម័ត​ផ្សេងៗ​ទៀត ( សូមមើល ២.៤.៤  ) ។

  • សូម​រំឭក​ប្រធានបទ​សុខភាព ឬ​សុវត្ថិភាព​មួយ ឬ​ការការពារ​មួយ​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា ( សូមមើល ៤.០–៤.៧ ) ។

  • ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។

  • ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្នុង​មូលដ្ឋាន ។

  • បម្រើ​អ្នក​ដទៃ​នៅក្នុង​សកម្មភាព​ដែល​បាន​ដាក់​ផែនការ និង​ដែល​មិនបាន​ដាក់​ផែនការ ។

  • មើល​ថែ​តម្រូវការ​ផ្ទាល់​ខ្លួន ដូចជា​ការទទួលទាន​អាហារ និង​ការរៀបចំ​សម្រាប់​មួយ​ថ្ងៃៗ ។

២.៤.២

គំរូ​កាលវិភាគ​ប្រចាំ​ថ្ងៃ

កាលវិភាគ​ប្រចាំ​ថ្ងៃ​សម្រាប់​បេសកកម្ម​របស់​អ្នក អាច​មើល​ទៅ​ដូច​កាលវិភាគ​ខាង​ក្រោម​នេះ ។ កាលវិភាគ​ប្រចាំ​ថ្ងៃ អាច​ត្រូវបាន​កែសម្រួល​ដោយ​ប្រធាន​បេសកកម្ម​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ព្រឹត្តិការណ៍​ពិសេសៗ​នៅក្នុង​បេសកកម្ម​របស់​អ្នក​ជា​ដើម ។

៦:៣០ ព្រឹក

ចាប់ផ្ដើម​ថ្ងៃ​នេះ ។

៦:៣០–១០:០០ ព្រឹក

អធិស្ឋាន ។

សកម្មភាព ( ៣០ នាទី )

ងូត​ទឹក ញ៉ាំ​អាហារ​ពេល​ព្រឹក និង​រៀបចំ​សម្រាប់​ថ្ងៃ​នេះ ។

ការសិក្សា​ផ្ទាល់​ខ្លួន ( ៦០ នាទី ) ។

ដាក់ផែនការ ( ៣០ នាទី ) ។

១០:០០ ព្រឹក–៩:០០ យប់

ស្វែងរក បង្រៀន និង​បម្រើ​អ្នក​ដទៃ ។*

ធ្វើ​បច្ចុប្បន្ន​ភាព​កំណត់ត្រា​ឌីជីថល ឬ​លើ​ក្រដាស ពេល​មួយ​ថ្ងៃ ។

រំឭក​ដោយ​សង្ខេប​នូវ​ប្រធានបទ​សុខភាព ឬ​សុវត្ថិភាព​មួយ ឬ​ការការពារ​មួយ​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា ។

សិក្សា​ជា​ដៃគូ និង​រៀបចំ​មេរៀន ( ៣០ នាទី ) ។

សិក្សា​ឯកសារ​បន្ថែម​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​អ្នក​បំពាក់​បំប៉ន​ថ្មី អំឡុង ១២ សប្ដាហ៍​ដំបូង​នៅក្នុង​តំបន់​បេសកកម្ម ( ៣០–៦០ នាទី ប្រសិន​បើ​ត្រូវ​អនុវត្ត ) ។

សិក្សា​ភាសា​បេសកកម្ម​របស់​អ្នក ( ៣០–៦០ នាទី ប្រសិន​បើ​ត្រូវ​អនុវត្ត ) ។

ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ និង​អាហារ​ពេលល្ងាច ( ទាំងពីរ​មិន​លើស​ពី​ពីរ​ម៉ោង​ឡើយ ) ។

៩:០០ យប់

ត្រឡប់​ទៅ​លំនៅដ្ឋាន​របស់​អ្នក​វិញ លើកលែង​តែ​មាន​ការណាត់​បង្រៀន​មួយ បើ​ដូច្នោះ ត្រឡប់​មក​ផ្ទះ​ត្រឹម​ម៉ោង ៩:៣០ យប់

៩:០០–៩:៣០ យប់

សរសេរ​ក្នុង​ទិនានុប្បវត្តិ​របស់​អ្នក រៀបចំ​ចូល​គេង និង​អធិស្ឋាន ។

៩:៣០–១០:៣០ យប់

ចូល​សម្រាក

*សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក គួរតែ​ផ្តោត​ទៅលើ​ការប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស ។ ដាក់​ផែនការ និង​សកម្មភាព​សិក្សា​របស់​អ្នក​ពេញ​មួយ​ថ្ងៃ ដើម្បី​ចៀសវាង​ការនៅ​ក្នុង​ផ្ទះ​របស់​អ្នក​យូរ ។ ប្រសិន​បើ​ចម្ងាយ និង​ពេលវេលា​អំណោយ​ផល អ្នក​អាច​ចាកចេញ និង​ត្រឡប់​មក​ផ្ទះ​របស់​អ្នក​វិញ ហើយ​ធ្វើ​បែប​នោះ​ពេញ​មួយ​ថ្ងៃ ដើម្បី​បំពេញ​តម្រូវការ​ទាំងនេះ ។

កាលវិភាគ​ដែល​ត្រូវបាន​អនុម័ត​សម្រាប់​បេសកកម្ម​របស់​អ្នក នឹង​អនុញ្ញាត​ពេល​វេលា​ឲ្យ​ធ្វើការ សម្រាក និង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ជា​ថ្មី ។ វា​សំខាន់​ដើម្បី​សម្រាក និង​ទទួល​អាហារ​ដែល​មាន​ជីវជាតិ​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​សុខុមាលភាព​ខាង​វិញ្ញាណ ខាង​អារម្មណ៍ និង​ខាងរាងកាយ​របស់​អ្នក ។

២.៤.៣

ពេល​វេលា​ដាក់​គោលដៅ និង​ដាក់​ផែនការ

ធ្វើ​ការដាក់​ផែនការ​ជា​រៀងរាល់​ថ្ងៃ និង​រាល់​សប្ដាហ៍​ជាមួយ​ដៃគូ​របស់​អ្នក ។ ពិចារណា​ពី​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន និង​របៀប​ដើម្បី​ធ្វើការ​ជាមួយ​សមាជិក ពេល​អ្នក​រំឭក​ការរីកចម្រើន ដាក់គោលដៅ និង​ធ្វើ​ផែនការ​សម្រាប់​ថ្ងៃ និង​សប្ដាហ៍​នេះ ( សូមមើល « របៀប​ដើម្បី​ដាក់​គោលដៅ » « ពេលវេលា​ដាក់​ផែនការ​ប្រចាំ​សប្ដាហ៍ » និង « ពេលវេលា​ដាក់​ផែនការ​ប្រចាំ​ថ្ងៃ » នៅក្នុង « តើ​ខ្ញុំ​ត្រូវ ប្រើប្រាស់​ពេលវេលា​ដោយ​ឆ្លាតវៃ​ដោយ​របៀប​ណា ? » នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូក ៨ ) ។

២.៤.៤

ពេលវេលា​សិក្សា

សូម​ប្រើ​ពេលវេលា​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​ដៃគូ ដើម្បី​ផ្តោត​លើ​ព្រះគម្ពីរ ( ជា​ពិសេស​លើ ព្រះគម្ពីរ​មរមន ) ប្រកាស​ដំណឹងល្អ​របស់​យើង ការបង្រៀន​របស់​ព្យាការី​នៅ​រស់ ( មាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) និង​បទដ្ឋាន​ទាំងនេះ ។ ធនធាន​ដែល​ត្រូវបាន​អនុម័ត​ទាំងនេះ អាច​ពង្រឹង​ចំណេះដឹង និង​ទីបន្ទាល់​របស់​អ្នក អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ព្រម​ទាំង​ជួយ​អ្នក​ឲ្យ​រៀបចំ​ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដែល​អ្នក​បង្រៀន​ផងដែរ ។

ប្រសិន​បើ​អ្នក​ត្រូវបាន​ចាត់តាំង​ឲ្យ​រៀន​ភាសា​ថ្មី​មួយ នោះ​សូម​សិក្សា និង​អនុវត្ត​វា​ជា​រៀងរាល់​ថ្ងៃ ។

ប្រសិន​បើ​អ្នក​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី សូម​សិក្សា​ជាមួយ​អ្នកបំពាក់បំប៉ន​របស់​អ្នក​បន្ថែម​ពី ៣០ ទៅ ៦០ នាទី ជា​រៀងរាល់​ថ្ងៃ សម្រាប់​រយៈ​ពេល ១២ សប្ដាហ៍​ដំបូង​នៅក្នុង​តំបន់​បេសកកម្ម ( សូមមើល « សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី ៖​ការសិក្សា​ភាពជាដៃគូ​បន្ថែម » នៅ​ក្នុង​« ការណែនាំ ៖​ប្រកាស​ដំណឹងល្អ​របស់​យើង បាន​ល្អ​បំផុត​ដោយ​របៀប​ណា ? »​នៅក្នុង ការប្រកាស​ដំណឹងល្អ​របស់​យើង ) ។

២.៤.៥

អាហារ​ជាមួយ​មនុស្ស​ផ្សេង​ទៀត

ប្រសិន​បើ​អនុវត្ត​បាន ប្រធាន​បេសកកម្ម​របស់​អ្នក និង​ប្រធាន​ស្តេក​ក្នុង​មូលដ្ឋាន នឹង​ផ្ដល់​គោលការណ៍​ណែនាំ​សម្រាប់​ការដាក់​កាលវិភាគ​ទទួលទាន​អាហារ​ជាមួយ​មនុស្ស​នៅក្នុង​បេសកកម្ម​របស់​អ្នក ។ ពេល​សមាជិក ឬ​មនុស្ស​ផ្សេង​ទៀត​ផ្ដល់​អាហារ ៖

  • ចូរ​មាន​ការគោរព​ដល់​ស្ថានភាព និង​ពេល​វេលា​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

  • មាន​អំណរគុណ​ចំពោះ​អាហារ​ដែល​ពួកគេ​ផ្ដល់​ឲ្យ ។

  • សុំ​បង្រៀន​មេរៀន​រយៈ​ពេល ១៥ ឬ ២០ នាទី មុន ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ ដើម្បី​ពង្រឹង​ដល់​មនុស្ស​ដែល​អ្នក​សួរសុខទុក្ខ​នោះ និង​ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នក​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​ក្នុង​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ ។

មជ្ឈិមវ័យ​ម្នាក់​ទៀត​ដែល​មាន​ភេទ​ដូច​អ្នក គប្បី​មាន​វត្តមាន​ជាមួយ​អ្នក និង​ដៃគូ​អ្នក ពេល​អ្នក​ញ៉ាំ​អាហារ​ជាមួយ​មនុស្ស​ម្នាក់​ដែល​មាន​ភេទ​ផ្ទុយ​ពី​អ្នក ។

២.៥

ថ្ងៃ​រៀបចំ

ប្រធាន​បេសកកម្ម​របស់​អ្នក នឹង​ចាត់តាំង​ថ្ងៃ​មួយ​ជា​រៀងរាល់​សប្ដាហ៍ ជា​ថ្ងៃ​រៀបចំ​មួយ ។ ថ្ងៃ​រៀបចំ​ផ្ដល់​ពេល​វេលា​ឲ្យ​អ្នក​ទទួល​កម្លាំង​ឡើង​វិញ​ខាង​រាងកាយ ខាង​វិញ្ញាណ និង​ខាង​អារម្មណ៍ កាលដែល​អ្នក « ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទី​កន្លែង » ( ម៉ូសាយ ១៨:៩ ) ។ វា​នឹង​ផ្ដល់​ដល់​អ្នក និង​ដៃគូ​របស់​អ្នក​នូវ​ឱកាស​ដើម្បី​ចំណាយ​ពេល​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត នៅក្នុង​មណ្ឌល​របស់​អ្នក និង​ដើម្បី​រីករាយ​នឹង​សកម្មភាព​កម្សាន្ត​ល្អៗ​ជាមួយ​គ្នា​ផងដែរ ( សូមមើល​ ៣.៦  ) ។

សូម​ចងចាំ​ការព្រមាន​ចំ​ពេលវេលា​របស់​ព្រះអម្ចាស់ ៖« ចូរ​កុំ​រត់​លឿន ឬ​ធ្វើ​ការ​លើស​ជាង​កម្លាំង​ដែល​អ្នក​មាន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៤ ) និង « ចូរ​ឆាប់​ចូល​ដំណេក ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អស់​កម្លាំង ចូរ​ឆាប់​ក្រោក ប្រយោជន៍​ឲ្យ​រូប​កាយ​របស់​អ្នក​រាល់​គ្នា និង​គំនិត​របស់​អ្នក​រាល់​គ្នា​អាច​មាន​កម្លាំង​ក្លៀវក្លា » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១២៤ ) ។

២.៥.១

សកម្មភាព​ថ្ងៃ​រៀបចំ

សកម្មភាព​ថ្ងៃ​រៀបចំ​អាច​រួម​មាន ( ប៉ុន្តែ​មិន​ដាក់​កំហិត​ចំពោះ ) ខាង​ក្រោម​នេះ ៖

  • ទាក់ទង​ទៅ​គ្រួសារ ប្រធាន​បេសកកម្ម និង​មិត្តភក្ដិ​របស់​អ្នក ( សូមមើល​៣.៩ )

  • បោក​សំលៀកបំពាក់

  • កាត់សក់ ឬ​ការសម្អិតសម្អាង​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត

  • ការសម្អាត

  • ការទិញ​ឥវ៉ាន់

  • ការសម្រាក

  • ការចូលរួម​នៅក្នុង​សកម្មភាព​កម្សាន្ត​ដែល​ត្រូវ​បាន​អនុម័ត ( សូមមើល ៣.៦ ) ។

២.៥.២

គំរូ​កាលវិភាគ​ថ្ងៃ​រៀបចំ

កាលវិភាគ​ថ្ងៃ​រៀបចំ​អាច​មើល​ទៅ​ដូច​ខាងក្រោម​នេះ ៖

៦:៣០ ព្រឹក

ចាប់ផ្ដើម​ថ្ងៃ​នេះ ។

៦:៣០-៨:០០ ព្រឹក

អធិស្ឋាន ។

ងូត​ទឹក ញ៉ាំ​អាហារ​ពេល​ព្រឹក និង​រៀបចំ​សម្រាប់​ថ្ងៃ​នេះ ។

ដាក់ផែនការ ( ៣០ នាទី ) ។

ការសិក្សា​ផ្ទាល់​ខ្លួន ( 30 នាទី ) ។

៨:០០ ព្រឹក–៦:០០ ល្ងាច ។

ធ្វើ​សកម្មភាព​ថ្ងៃ​រៀបចំ ( សូមមើល ២.៥.១ ) ។

កំណត់ចំណាំ ៖សកម្មភាព​ថ្ងៃ​រៀបចំ​ទាំងអស់ គួរតែ​បញ្ចប់​ត្រឹម​ម៉ោង ៦:០០ ល្ងាច ។

៦:០០–៩:០០ យប់ ។

ស្វែងរក បង្រៀន និង​បម្រើ​អ្នក​ដទៃ ។

៩:០០ យប់

ត្រឡប់​ទៅ​លំនៅដ្ឋាន​របស់​អ្នក​វិញ ប្រសិន​បើ​អ្នក​មាន​ការណាត់​បង្រៀន​មួយ នោះ​ត្រូវ​ត្រឡប់​មក​ផ្ទះ​ត្រឹម​ម៉ោង ៩:៣០ យប់

៩:០០–៩:៣០ យប់

សរសេរ​ក្នុង​ទិនានុប្បវត្តិ​របស់​អ្នក រៀបចំ​ចូល​គេង និង​អធិស្ឋាន ។

៩:៣០–១០:៣០ យប់

ចូល​សម្រាក

២.៦

សកម្មភាព​ថ្ងៃ​ឈប់​សម្រាក

ដាក់​ផែនការ​នៅ​ថ្ងៃឈប់​សម្រាក ដែល​ជួយ​អ្នក​ឲ្យ​បំពេញ​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយ​របស់​អ្នក ដើម្បី​ស្វែងរក បង្រៀន ជ្រមុជ​ទឹក និង​ជួយ​មនុស្ស​ផ្សេង​ទៀត​ឲ្យ​រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​ក្លាយ​ដូច​ជា​ពួក​ទ្រង់ ។ សូម​ចងចាំ​ការបង្រៀន​របស់​ព្រះអម្ចាស់​អំពី​ថ្ងៃ​ឈប់​សម្រាក នៅក្នុង គោលលទ្ធិ និង សេចក្ដី​ជំនឿ ៥៩:១៣–១៩ និង​កត់ចំណាំ​ពី​ពាក្យ និង​ឃ្លា​ទាំងឡាយ ដែល​ប្រាប់​ថា ថ្ងៃ​ឈប់​សម្រាក​ដ៏​ពិត​រួមមាន សេចក្ដី​អំណរ ការត្រេកអរ ចិត្ត​អរសប្បាយ និង​ទឹកមុខ​រីករាយ ។

សកម្មភាព​ថ្ងៃ​ឈប់​សម្រាក​រួមមាន ការចូលរួម​ព្រះវិហារ សន្និសីទ​ទូទៅ សម័យ​ប្រជុំ​សន្និសីទ​ស្តេក​ទូទៅ​នៅ​ថ្ងៃ​អាទិត្យ និង​ការប្រជុំ​បន្ថែម​ទៀត ដូចជា​ក្រុមប្រឹក្សា​វួដ ពេល​ត្រូវបាន​អញ្ជើញ ។ វា​ក៏​រួមមាន​ការចូលរួម​នៅក្នុង​ការតម​អាហារ​ប្រចាំ​ខែ​ផងដែរ ។

នៅ​ក្នុង​កិច្ច​ខិតខំ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ព្រះអម្ចាស់​ពុំ​បាន​សុំ​ឲ្យ​អ្នក​អត់​អាហារ​ទេ លើកលែង​តែ​អំឡុង​ពេល​ការតម​អាហារ​ប្រចាំ​ខែ​ធម្មតា ឬ​ឲ្យ​លះបង់​ការដេក ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ដែល​កាន់តែ​លះបង់​នោះ​ទេ ។ អ្នក​អាច​តម​ម្ដងម្កាល​សម្រាប់​ហេតុផល​ពិសេស​មួយ ប៉ុន្តែសូម​កុំ​តម​ហួស​ពី ២៤ ម៉ោង​ក្នុង​ពេល​ម្ដង ។

២.៧

ការបម្រើ​នៅក្នុង​សហគមន៍

អ្នក​អាច​រៀន​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​ធ្វើ​ការបម្រើ​ដូចជា​ទ្រង់​បាន​ធ្វើ ។ សូម​ស្វែងរក​ឱកាស​ដើម្បី​បម្រើ​ដៃគូ​របស់​អ្នក មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន សមាជិក និង​មនុស្ស​ផ្សេង​ទៀត​នៅក្នុង​សហគមន៍ « ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ដឹង​ថា កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។

អ្នក​គួរតែ​បម្រើ​ដោយ​បំណង​ប្រាថ្នា​ដ៏​ស្មោះ​សរ ដើម្បី​ជួយ​មនុស្ស​ផ្សេង​ទៀត​ដោយ​មិន​រំពឹង​ថា​លទ្ធផល​ជា​អ្វី​នោះ​ទេ ។ សូម​ធ្វើ​តាម​ច្បាប់​នៃ​គម្រោង​ការបម្រើ​ទាំងអស់ ( សូមមើល​៧.២ ) ជា​ពិសេស​អំពី​ការមិន​បង្រៀន​ពេល​កំពុង​បម្រើ និង​ការ​មិន​បម្រើ​នៅ​កន្លែង​ដែល​អ្នក​នឹង​នៅ​ជាមួយ​កូន​ក្មេង​តែ​ឯង ។ ប្រសិន​បើ​នរណា​ម្នាក់​បង្ហាញ​ចំណាប់​អារម្មណ៍​នៅក្នុង​សារ​របស់​អ្នក សូម​ឆ្លើយ​តប​ដោយ​សង្ខេប ហើយ​រៀបចំ​ជួប​ពួកគេ​នៅ​ពេល និង​កន្លែង​មួយ​ផ្សេង​ទៀត ដើម្បី​ចែកចាយ​សារ​មួយ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​មើល​វគ្គ ៧.២ « គោលការណ៍​ណែនាំ​សម្រាប់​ការបម្រើ » ។