២
ការរៀបចំ និងសកម្មភាពរបស់អ្នកផ្សព្វផ្សាយសាសនា
២.០
សេចក្តីផ្ដើម
ព្រះអម្ចាស់បានមានព្រះបន្ទូលថា « អ្នករាល់គ្នាត្រូវរៀបចំខ្លួន ហើយតាំងឲ្យមនុស្ស [ ទាំងប្រុស និងស្រី ] មានការកាន់កាប់ត្រួតត្រារៀងៗខ្លួន [ របស់ពួកគេ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១១ ) ។ វគ្គនេះនៃក្បួនខ្នាតនេះ ពិពណ៌នាអំពីការរៀបចំរបស់បេសកកម្ម និងពន្យល់ពីរបៀបដែលអ្នកអាចធ្វើកិច្ចការ និងរស់នៅឲ្យបានល្អបំផុត ជាមួយនឹងដៃគូម្នាក់ ចូលរួមក្នុងសកម្មភាពបេសកកម្ម ដាក់ផែនការកាលវិភាគប្រចាំថ្ងៃ និងបម្រើមនុស្សដទៃទៀត ដោយសេចក្ដីស្រឡាញ់សុទ្ធសាធរបស់ព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:៤៤–៤៧ ) ។
ដើម្បីភាពច្បាស់លាស់ បទដ្ឋានទាំងនេះប្រើវចនសព្ទ ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងដើម្បីសំដៅលើពួកអ្នកផ្សព្វផ្សាយសាសនាដែលមានការចាត់តាំងជាថ្នាក់ដឹកនាំ ដូចជា ដៃគូរៀមច្បង អ្នកដឹកនាំបំពាក់បំប៉នជាស៊ីស្ទើរ ឬអ្នកដឹកនាំហ្សូន ។ ថ្នាក់ដឹកនាំបេសកកម្មសំដៅលើប្រធានបេសកកម្មរបស់អ្នក ដែលកាន់កូនសោបព្វជិតភាព និងភរិយារបស់លោក ។
បទដ្ឋានទាំងនេះក៏ប្រើសម្រាប់ពាក្យប៊ីស្សព ប្រធាន ស្តេក វួដ និង ស្តេក សូមអនុវត្តតាមគោលការណ៍ណែនាំដែលទាក់ទងដោយសមរម្យ ចំពោះប្រធានសាខា ប្រធានមណ្ឌល សាខា និងសមាជិកមណ្ឌល ។
២.១
ថ្នាក់ដឹកនាំបេសកកម្ម
ទំនួលខុសត្រូវដ៏សំខាន់បំផុតរបស់អ្នក មិនថានៅក្នុងការចាត់តាំងជាថ្នាក់ដឹកនាំណាឡើយ គឺការធ្វើជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ដែលស្មោះត្រង់ និងលះបង់ ។ ដំបូន្មាននេះពីព្រះអម្ចាស់ដែលបានកត់ត្រានៅក្នុងគោលលទ្ធិនិងសេចក្តីសញ្ញាក៏អនុវត្តចំពោះអ្នកដែរ« ការណ៍ដែលនឹងមានតម្លៃបំផុតចំពោះអ្នក គឺដើម្បីផ្សាយប្រាប់ពីការប្រែចិត្តដល់ [ ជំនាន់ ] នេះ ដើម្បីឲ្យអ្នកអាចនាំព្រលឹងទាំងឡាយមករកយើង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៥:៦ ) ។
២.១.១
អ្នកដឹកនាំបេសកកម្ម ៖ ប្រធានបេសកកម្មរបស់អ្នក និងភរិយាលោក
ប្រធានបេសកកម្មរបស់អ្នក និងភរិយាលោក ដែលបម្រើជាមួយគ្នា គឺជាថ្នាក់ដឹកនាំបេសកកម្មរបស់អ្នក ត្រូវបានហៅដោយព្រះ និងញែកចេញដើម្បីដឹកនាំបេសកកម្មនេះ ។ ពួកគាត់ទាំងពីរស្រឡាញ់ និងបម្រើអ្នក ជួយអ្នកឲ្យបំពេញគោលបំណងរបស់អ្នកក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ហើយជួយថែរក្សាអ្នកឲ្យមានសុវត្ថិភាព និងរីករាយ ។
ថ្នាក់ដឹកនាំបេសកកម្មរបស់អ្នក មានទំនួលខុសត្រូវជាច្រើនសម្រាប់បេសកកម្ម ។ ពួកគាត់នឹងធ្វើកិច្ចការរួមគ្នាដើម្បីគាំទ្រ និងលើកទឹកចិត្តអ្នក ស្ដាប់កង្វល់របស់អ្នក ឆ្លើយសំណួរ វាយតម្លៃលើការរីកចម្រើន និងផ្ដល់ការប្រឹក្សា ។ ដោយសារប្រធានបេសកកម្មរបស់អ្នក កាន់កូនសោបព្វជិតភាពជាក់លាក់នានា នោះលោកដើរតួជាចៅក្រមទូទៅនៅក្នុងបេសកកម្ម ។ ការរំលងខាងផ្លូវភេទ និងអំពើបាបធ្ងន់ធ្ងរផ្សេងៗទៀត គប្បីត្រូវបានសារភាពទៅកាន់ប្រធានបេសកកម្មរបស់អ្នក ( សូមមើល ម៉ូសាយ ២៦:២៩–៣០ ) ។ សូមមានភាពស្មោះត្រង់ទាំងស្រុងជាមួយនឹងលោក ។ លោកនឹងជួយអ្នកឲ្យប្រែចិត្ត ( សូមមើល ដើម្បីកម្លាំងនៃយុវជន[ ឆ្នាំ ២០១១ ] ២៨–២៩ ) ។
អ្នកអាចអញ្ជើញភរិយារបស់ប្រធានបេសកកម្ម អ្នកផ្សព្វផ្សាយសាសនារៀមច្បង ឬដៃគូផ្សព្វផ្សាយសាសនារបស់អ្នក ឲ្យចូលរួមក្នុងការសម្ភាសណាក៏ដោយជាមួយនឹងប្រធានបេសកកម្ម ។ ការសម្រេចចិត្តរបស់អ្នកដើម្បីអញ្ជើញនរណាម្នាក់ឲ្យចូលរួមជាមួយអ្នក មិនបន្ថយនូវសេចក្ដីស្រឡាញ់ ការខ្វល់ខ្វាយ ឬការកោតសរសើររបស់ថ្នាក់ដឹកនាំបេសកកម្មរបស់អ្នកចំពោះអ្នកនោះទេ ។
២.១.២
គណៈប្រធានបេសកកម្ម
ប្រធានបេសកកម្មរបស់អ្នក ធ្វើជាអធិបតីក្នុងបេសកកម្មដោយមានកូនសោបព្វជិតភាព ។ លោកជាសមាជិកមួយរូបនៃគណៈប្រធានបេសកកម្ម ដែលមានទីប្រឹក្សាពីររូប ។
ទីប្រឹក្សានៅក្នុងគណៈប្រធានបេសកកម្ម ដូចជាទីប្រឹក្សានៅក្នុងគណៈប្រធានស្តេក ឬគណៈប៊ីស្សពដែរ ពួកលោកជួយរៀបចំ និងជួយក្នុងកិច្ចការនោះ ។ ទីប្រឹក្សានៅក្នុងគណៈប្រធានបេសកកម្ម ពុំដោះស្រាយបញ្ហាអំពីភាពស្អាតស្អំរបស់អ្នកផ្សព្វផ្សាយសាសនាទេ ។
២.១.៣
ការរៀបចំភាពជាអ្នកដឹកនាំក្នុងបេសកកម្ម
ប្រធានបេសកកម្មរបស់អ្នកប្រើប្រាស់វិវរណៈ និងកូនសោបព្វជិតភាព ដើម្បីរៀបចំកិច្ចការនោះ ។ លោកចាត់តាំងពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងឲ្យធ្វើជាអ្នកបំពាក់បំប៉ន ដៃគូរៀមច្បង អ្នកដឹកនាំមណ្ឌល អ្នកដឹកនាំបំពាក់បំប៉នជាស៊ីស្ទើរ អ្នកដឹកនាំហ្សូន និងជំនួយការ ។ ជំនួយការ អ្នកផ្សព្វផ្សាយសាសនានៅការិយាល័យ និងអ្នកផ្សព្វផ្សាយសាសនាដទៃទៀត ពុំធ្វើការចាត់តាំងភាពជាអ្នកដឹកនាំ ឬចាត់តាំងតំបន់ដែលអ្នកបម្រើនោះទេ ។ ទោះជាយ៉ាងណា ប្រធានបេសកកម្មអាចប្រឹក្សានឹងភរិយាលោក ឬជំនួយការរបស់លោក អំពីការចាត់តាំងរបស់អ្នកផ្សព្វផ្សាយសាសនា ។
ថ្នាក់ដឹកនាំបេសកកម្មរបស់អ្នក និងជំនួយការ អ្នកដឹកនាំហ្សូន និងអ្នកដឹកនាំបំពាក់បំប៉នជាស៊ីស្ទើរ គឺជាសមាជិកនៃក្រុមប្រឹក្សាថ្នាក់ដឹកនាំបេសកកម្ម ។ ថ្នាក់ដឹកនាំទាំងនេះ ប្រឹក្សាអំពីការបំពេញតម្រូវការរបស់ពួកអ្នកផ្សព្វផ្សាយសាសនា និងដាក់ផែនការដើម្បីជួយដល់ការរីកចម្រើនរបស់បេសកកម្ម និងដើម្បីជំរុញកិច្ចការឲ្យទៅមុខ ។
២.១.៤
ទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង
ដូចជាពួកអ្នកផ្សព្វផ្សាយសាសនាទាំងអស់ដែរ ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងធ្វើតាមការប្រឹក្សារបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បី « បម្រើ [ ព្រះ ] ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង [ របស់ពួកគេ ] » និង « នឹកចាំពីសេចក្ដីជំនឿ គុណធម៌ តម្រិះ សេចក្ដីអត់សង្កត់ សេចក្ដីអត់ធន់ សេចក្ដីរាប់អានគ្នាជាបងប្អូន សេចក្ដីកោតខ្លាចដល់ព្រះ សេចក្ដីសប្បុរស សេចក្ដីទាបរាបសា សេចក្ដីឧស្សាហ៍ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤:២, ៦ ) ។ ការចាត់តាំងភាពជាអ្នកដឹកនាំ ពុំចង្អុលបង្ហាញអំពីការទទួលស្គាល់ពិសេស ឬការដំឡើងតំណែង ឬជាការឆ្លុះបញ្ចាំងពីតម្លៃរបស់អ្នកផ្សព្វផ្សាយសាសនាម្នាក់នោះទេ ។
ថ្នាក់ដឹកនាំផ្សព្វផ្សាយសាសនាវ័យក្មេងមានទំនួលខុសត្រូវដើម្បី ៖
-
ស្វែងរក បង្រៀន ជ្រមុជទឹក និងចងមិត្តភាពនឹងមនុស្ស ។
-
សូមធ្វើជាគំរូតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់អាកប្បកិរិយា ( សូមមើល៣.០ ) ។
-
បំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត និងដឹកនាំការផ្លាស់ប្ដូរដៃគូ ( សូមមើល ២.៣.១ ) ។
-
ចែកចាយព័ត៌មាន និងការណែនាំពីក្រុមប្រឹក្សាថ្នាក់ដឹកនាំបេសកកម្ម ជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាដែលពួកគេដឹកនាំ ។
-
ស្រឡាញ់ និងធ្វើជាមិត្តភក្ដិនឹងពួកអ្នកផ្សព្វផ្សាយសាសនាដទៃទៀត ។ ជួយពួកគេឲ្យស្គាល់ពីតម្លៃនៃកិច្ចខិតខំរបស់ពួកគេ ។
-
ស្ដាប់កង្វល់របស់ពួកអ្នកផ្សព្វផ្សាយសាសនាដទៃទៀត ។ ផ្ដល់ការគាំទ្រ និងការលើកទឹកចិត្ត ។
-
កែតម្រូវពួកអ្នកផ្សព្វផ្សាយសាសនាដទៃទៀតដោយចិត្តសប្បុរស និងដោយឯកជន តាមការចាំបាច់ដោយមាន « សេចក្ដីស្រឡាញ់ដ៏ច្រើនឡើង » ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៤១–៤៣ ) ។
-
ធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្នុងមូលដ្ឋាន និងសមាជិក ។
ដូចជាពួកអ្នកផ្សព្វផ្សាយសាសនាទាំងអស់ដែរ ពួកអែលឌើរ និងពួកស៊ីស្ទើរ ដែលមានការចាត់តាំងជាថ្នាក់ដឹកនាំ គប្បីអនុវត្តនូវភាពជាអ្នកដឹកនាំដែលមានលក្ខណៈដូចព្រះគ្រីស្ទ ។ ប្រសិនបើចរិយាមាយាទរបស់អ្នកផ្សព្វផ្សាយណាម្នាក់ រួមទាំងថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផងដែរ ហាក់បីដូចជាមិនខ្ជាប់ខ្ជួននឹងព្រះបញ្ញត្តិ និងបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា សូមពិភាក្សាបញ្ហានោះជាមួយនឹងអ្នកផ្សព្វផ្សាយសាសនានោះ ។ ប្រសិនបើបញ្ហានោះមិនត្រូវបានដោះស្រាយនៅពេលនោះទេ សូមចែកចាយកង្វល់របស់អ្នកជាមួយនឹងថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងរបស់អ្នក ឬជាមួយប្រធានបេសកកម្មរបស់អ្នក មិនត្រូវចែកចាយជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត សមាជិក ឬមិត្តភក្ដិនោះទេ ។
សម្រាប់ព័ត៌មានបន្ថែមទៀតអំពីការចាត់តាំង និងទំនួលខុសត្រូវជាក់លាក់នានារបស់ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ( អ្នកបំពាក់បំប៉ន ដៃគូរៀមច្បង អ្នកដឹកនាំមណ្ឌល អ្នកដឹកនាំបំពាក់បំប៉នជាស៊ីស្ទើរ អ្នកដឹកនាំហ្សូន និងជំនួយការប្រធានបេសកកម្ម ) សូមមើល វគ្គ ៧.១ « ទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង » ។
២.១.៥
ទំនួលខុសត្រូវផ្ទាល់ខ្លួន
« តម្កើងការងារ [ របស់អ្នក ] ថ្វាយព្រះអម្ចាស់ » ( យ៉ាកុប ១:១៩ ) មានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ ហើយ « ត្រូវប្រព្រឹត្តអ្វីៗដោយ [ ខ្លួនអ្នក ] » ( នីហ្វៃទី២ ២:១៦ ) តាមរយៈការទុកចិត្តលើព្រះអម្ចាស់ និងធ្វើតាមព្រះវិញ្ញាណ ។ ពេលអ្នកមានសំណួរ ឬកង្វល់ ៖
-
អនុវត្តការបង្រៀនដើម្បី « សិក្សាក្នុងគំនិតរបស់អ្នក រួចហើយ … សូមដល់យើង បើសិនជាការណ៍នោះត្រឹមត្រូវ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៨ ) ។
-
សូមស្វែងរកការដឹកនាំតាមរយៈវិវរណៈផ្ទាល់ខ្លួន ការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ ( ជាពិសេស ព្រះគម្ពីរមរមន ) ប្រកាសដំណឹងល្អរបស់យើង ការបង្រៀនរបស់ព្យាការីដែលនៅរស់ និងបទដ្ឋានទាំងនេះ ។
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមទៀត បន្ទាប់ពីការអនុវត្តតាមគោលការណ៍ទាំងនេះហើយ សូមសួរដល់ដៃគូ ឬថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងរបស់អ្នក ។ ជាញឹកញាប់ ពួកគេអាចជួយអ្នកឲ្យស្វែងរកចម្លើយចំពោះសំណួររបស់អ្នក និងដោះស្រាយកង្វល់របស់អ្នក ។ ប្រសិនបើពួកគេមិនអាចជួយបានទេ សូមទាក់ទងទៅថ្នាក់ដឹកនាំបេសកកម្មរបស់អ្នក ឬឪពុកម្ដាយអ្នក ឬថ្នាក់ដឹកនាំបព្វជិតភាពនៅផ្ទះរបស់អ្នក ។ សូមកុំទាក់ទងទៅទីស្នាក់ការកណ្ដាលរបស់សាសនាចក្រ ។ ប្រសិនបើអ្នកធ្វើដូច្នោះ អ្នកនឹងត្រូវបានបញ្ជូនត្រឡប់មកប្រធានបេសកកម្មរបស់អ្នកវិញ ។
សូមនិយាយជាមួយប្រធានបេសកកម្មរបស់អ្នក អំពីបញ្ហាភាពស័ក្ដិសម ។ សូមនិយាយជាមួយថ្នាក់ដឹកនាំបេសកកម្មរបស់អ្នក អំពីកង្វល់ទាក់ទងនឹងសុវត្ថិភាពបន្ទាន់ រួមទាំងការរំលោភបំពាន ឬបញ្ហាផ្សេងៗទៀត ដែលមិនអាចដោះស្រាយជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតបាន ។
វាអាចនឹងមានគ្រាទាំងឡាយ អំឡុងបេសកកម្មរបស់អ្នក ពេលដែលអ្នកឃើញថាវាពិបាកដើម្បីផ្ដោតលើកិច្ចការរបស់អ្នក ដោយសារតែឧបសគ្គថ្មីៗ បញ្ហាផ្ទាល់ខ្លួន ឬគ្រួសារ ឬសូម្បីតែជាបទពិសោធន៍ពីអតីតកាល ។ វាជារឿងដែលគួរយល់បាន ។ សូមកុំស្ទាក់ស្ទើរក្នុងការចែកចាយកង្វល់របស់អ្នកជាមួយនឹងដៃគូអ្នក ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងរបស់អ្នក ឬថ្នាក់ដឹកនាំបេសកកម្មរបស់អ្នកណាម្នាក់ក៏បាន ហើយស្វែងរកជំនួយ ។
សូមចងចាំអំពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ៖« ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ ។ ចូរមើលស្នាមទាំងឡាយដែលនៅចំហៀងយើង ហើយព្រមទាំងស្នាមដែកគោលនៅដៃ និងជើងរបស់យើងចុះ ចូរមានចិត្តស្មោះត្រង់កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងគ្រងនគរស្ថានសួគ៌ទុកជាមរតក ។ អាម៉ែន » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៣៦–៣៧ ) ។
២.២
ដៃគូ
ព្រះអម្ចាស់ហៅពួកអ្នកផ្សព្វផ្សាយសាសនាឲ្យផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់ក្នុងភាពជាដៃគូ ។ « ចូរឲ្យពួកគេទៅដោយគូៗ ហើយចូរឲ្យពួកគេផ្សាយតាមផ្លូវតាមរបៀបនោះ នៅគ្រប់ទីជំនុំ ដោយធ្វើបុណ្យជ្រមុជដោយទឹក និងដោយការដាក់ដៃលើនៅក្បែរច្រាំងទឹក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១០ ) ។ អ្នកនឹងធ្វើការជាមួយដៃគូផ្សេងៗក្នុងបេសកកម្មរបស់អ្នក ។ ដៃគូ ៖
-
មានភាពសាមគ្គីគ្នានៅក្នុងកិច្ចការ ហើយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទជាមួយគ្នា ។
-
គាំទ្រសុខុមាលភាពរបស់គ្នាទៅវិញទៅមក ខាងវិញ្ញាណ សតិអារម្មណ៍ និងរាងកាយ ។
-
ព្យាយាមថែរក្សាគ្នាឲ្យមានសុវត្ថិភាព ។
-
ទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក ក្នុងការកាន់តាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា ។
២.២.១
ការគាំទ្រគ្នាទៅវិញទៅមក
ដៃគូគប្បីជួយគ្នាទៅវិញទៅមកក្នុងការរៀនសូត្រ លូតលាស់ និងអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤ និង « តើខ្ញុំអាចអភិវឌ្ឍលក្ខណៈឲ្យដូចជាព្រះគ្រីស្ទយ៉ាងដូចម្តេច ? » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង [ ឆ្នាំ ២០១៨ ] ជំពូក ៦ ) ។ ការរៀនពីភាពអត់ធ្មត់ និងសេចក្ដីស្រឡាញ់ ការអនុវត្តការអភ័យទោស និងការទទួលយកបុគ្គលិកលក្ខណៈខុសគ្នា នឹងផ្ដល់ពរជ័យដល់អ្នកអស់មួយជីវិតអ្នក ។
ក្នុងនាមជាដៃគូ ៖
-
ស្រឡាញ់ គោរព និងពង្រឹងគ្នាទៅវិញទៅមក ។
-
សិក្សាជាមួយគ្នាជារៀងរាល់ថ្ងៃ និងអធិស្ឋានជាមួយគ្នាឲ្យបានញឹកញាប់ក្នុងមួយថ្ងៃៗ ។
-
បន្ទាបខ្លួន ហើយទទួលស្គាល់ពីភាពខ្លាំងរបស់គ្នាទៅវិញទៅមក ។
-
ប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដូចជាអ្នកចង់ឲ្យគេប្រព្រឹត្តចំពោះអ្នកដែរ ។
-
ចៀសវាងការរិះគន់ និងការឈ្លោះប្រកែកគ្នា ។
-
ចៀសវាងការនិយាយអវិជ្ជមានអំពីគ្នាទៅវិញទៅមក ទៅដល់ពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ដល់សមាជិកសាសនាចក្រ ឬគ្រួសារ និងមិត្តភក្ដិនៅផ្ទះ ។
ប្រសិនបើអ្នកកត់សម្គាល់ថាមានស្ថានភាព ឬអាកប្បកិរិយាមិនសមរម្យណាមួយ សូមពិភាក្សាវាជាមួយដៃគូរបស់អ្នក ។ ប្រសិនបើបញ្ហានោះមិនត្រូវបានដោះស្រាយ ឬប្រសិនបើដៃគូរបស់អ្នកកំពុងប្រព្រឹត្តការរំលោភបំពាន សូមមានចិត្តក្លាហាន និងមានសេចក្ដីស្រឡាញ់ចំពោះដៃគូរបស់អ្នក ដើម្បីសុំជំនួយពីប្រធានបេសកកម្មរបស់អ្នក ( សូមមើល ៣.៩.២ ) ។
២.២.២
ការនៅជាមួយគ្នា
ការនៅជាមួយនឹងដៃគូរបស់អ្នក នឹងជួយផ្ដល់ការការពារពីគ្រោះថ្នាក់ខាងរាងកាយ និងខាងវិញ្ញាណ ពីការចោទប្រកាន់ខុសឆ្គង និងភាពឯកោ ។ ចូរគោរពតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនានេះនៅគ្រប់ពេល និងគ្រប់ទីកន្លែង ។ ចូរកុំនៅម្នាក់ឯងឡើយ ។
-
អ្នកគួរតែអាចមើលឃើញ និងឮដៃគូរបស់អ្នកនៅគ្រប់ពេលទាំងអស់ លើកលែងតែពេលអ្នកនៅក្នុងបន្ទប់ទឹក នៅក្នុងការសម្ភាសជាមួយនឹងអ្នកដឹកនាំបេសកកម្មម្នាក់ ឬធ្វើការសម្ភាសបុណ្យជ្រមុជទឹក ( សូមមើល ២.៣.៦ ) ។
-
អ្នកគួរតែដេកនៅក្នុងបន្ទប់តែមួយ ប៉ុន្តែមិនមែននៅលើគ្រែតែមួយទេ ។
-
នៅពេលធ្វើកិច្ចការផ្ទាល់ខ្លួនខណៈនៅក្នុងផ្ទះរបស់អ្នក សូមប្រើសុភវិនិច្ឆ័យដើម្បីការពារខ្លួនអ្នក និងធ្វើតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនាអំពីអាកប្បកិរិយា( សូមមើល៣.០ ) ។
-
ចូរកុំបង្កើតពេលវេលាដើម្បីនៅម្នាក់ឯង ។ ឧទាហរណ៍ កុំចូលគេងយប់ពេក ឬក្រោកមុនដៃគូរបស់អ្នក ។
-
ប្រសិនបើអ្នក និងដៃគូអ្នកបែកគ្នា សូមទាក់ទងទៅប្រធានបេសកកម្មរបស់អ្នកភ្លាម ។
២.២.៣
ការធ្វើការនៅក្នុងតំបន់របស់អ្នក
« ទៅធ្វើការដោយសមត្ថភាព [ របស់អ្នក ] » ( យ៉ាកុប ៥:៧២ ) ហើយផ្តោតកិច្ចខិតខំរបស់អ្នក នៅក្នុងតំបន់បង្រៀនដែលបានចាត់តាំងរបស់អ្នក ។ ចូរផ្តោតលើកិច្ចការរបស់អ្នក នៅក្នុងតំបន់ដែលអ្នកទំនងជានឹងជួយមនុស្សឲ្យធ្វើ និងរក្សាសេចក្ដីសញ្ញា ។ ឧទាហរណ៍ ចូរផ្ដោតលើតំបន់ម្ដុំៗក្បែរអគារព្រះវិហារ ឬនៅក្នុងតំបន់ដែលសមាជិកមានការតាំងចិត្តរស់នៅ ។ សូមចងចាំពីការសន្យារបស់ព្រះអម្ចាស់ ៖« អស់អ្នកណាដែលទទួលអ្នក នោះយើងក៏នឹងនៅទីនោះដែរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៨ ) ។
អ្នកអាចចាកចេញពីតំបន់ចាត់តាំងរបស់អ្នកសម្រាប់ការផ្លាស់ប្ដូរដៃគូ ( សូមមើល ២.៣.១ ) ឬការផ្លាស់ប្ដូរតំបន់ ( សូមមើល ២.៣.២ ) ។ ប្រសិនបើអ្នកត្រូវចាកចេញពីតំបន់របស់អ្នកសម្រាប់មូលហេតុណាមួយផ្សេងទៀត សូមស្នើសុំការអនុញ្ញាតពីអ្នកដឹកនាំមណ្ឌលរបស់អ្នក ដើម្បីចាកចេញពីតំបន់របស់អ្នក ដែលនៅក្នុងមណ្ឌលរបស់អ្នក ឬពីអ្នកដឹកនាំហ្សូនរបស់អ្នក ប្រសិនបើអ្នកត្រូវធ្វើដំណើរចេញក្រៅមណ្ឌលរបស់អ្នក ។ អ្នកត្រូវការការអនុញ្ញាតពីប្រធានបេសកកម្មរបស់អ្នក ឬពីមនុស្សម្នាក់ដែលលោកបានចាត់តាំង ដើម្បីចាកចេញពីហ្សូនរបស់អ្នក ។
ប្រសិនបើអ្នកត្រូវចេញពីតំបន់ចាត់តាំងរបស់អ្នក ដោយសារតែការបន្ទាន់មួយ ដូចជាគ្រោះធម្មជាតិ ឬការបំពាន ឬដើម្បីស្វែងរកការព្យាបាលបន្ទាន់ នោះសូមស្វែងរកសុវត្ថិភាព ឬការថែទាំផ្នែកវេជ្ជសាស្ត្រជាមុន ហើយបន្ទាប់មកទាក់ទងទៅប្រធានបេសកកម្ម ឬថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងរបស់អ្នក ឲ្យបានឆាប់បំផុតតាមដែលអ្នកអាចធ្វើបាន ។
២.២.៤
ការធ្វើការជាមួយនឹងមនុស្សនៅក្រៅតំបន់របស់អ្នក
អំឡុងបេសកកម្មរបស់អ្នក អ្នកទំនងជានឹងជួបមនុស្សដែលរស់នៅក្រៅតំបន់ចាត់តាំងរបស់អ្នក ។ ប្រសិនបើពួកគេចាប់អារម្មណ៍ក្នុងការរៀនអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ អ្នកអាច ៖
-
ចែកចាយសារលិខិតមួយជាមួយពួកគេ ។
-
ភ្ជាប់ទំនាក់ទំនងនឹងពួកគេនៅលើបណ្ដាញសង្គមដែលបានអនុញ្ញាត ( សូមមើល ៧.៥.៦ ) ។
-
បញ្ជូនពួកគេទៅឲ្យពួកអ្នកផ្សព្វផ្សាយសាសនាដែលបម្រើនៅកន្លែងដែលពួកគេរស់នៅ ហើយចែកចាយព័ត៌មានអំពីពួកគេជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាដែលបានចាត់តាំងនៅតំបន់នោះ ( សូមមើល ២.៣.៤ ) ។
-
ដោយមានការអនុញ្ញាតពីប្រធានបេសកកម្មរបស់អ្នក សូមប្រើប្រាស់បច្ចេកវិទ្យា ( សូមមើល ៧.៥.៤ ) ដើម្បីធ្វើការជាមួយពួកអ្នកផ្សព្វផ្សាយសាសនាដែលបម្រើនៅកន្លែងដែលបុគ្គលនោះរស់នៅ ដើម្បីជួយបង្រៀន និងគាំទ្រពួកគេ ។ ដោយមានការអនុញ្ញាត អ្នកក៏អាចអញ្ជើញគ្រួសារ និងមិត្តភក្ដិរបស់អ្នកផ្ទាល់ឲ្យជួយបង្រៀនពួកគេផងដែរ ( សូមមើល ៣.៩.៥ ) ។
នៅពេលធ្វើការជាមួយពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ឬជាមួយសមាជិក ទាំងនៅខាងក្នុង និងខាងក្រៅតំបន់ ឬបេសកកម្មរបស់អ្នក ៖
-
សូមប្រឹក្សាជាមួយគ្នា ដើម្បីដឹងពីរបៀបដើម្បីជួយដល់បុគ្គលដែលចាប់អារម្មណ៍នោះឲ្យបានល្អបំផុត ដើម្បីខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
សូមមានការគោរពដល់ពេលវេលារបស់សមាជិក ឬរបស់ពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ។
-
សូមទុកឲ្យពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រូវបានចាត់តាំងទៅតំបន់ដែលបុគ្គលនោះរស់នៅ ដឹកនាំការបង្រៀន ឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានដោយសមហេតុផល ។
២.៣
សកម្មភាពកិច្ចការអ្នកផ្សព្វផ្សាយសាសនា
ពួកអ្នកផ្សព្វផ្សាយសាសនាចូលរួមនៅក្នុងសកម្មភាពផ្សេងៗ ដើម្បីបំពេញតាមបញ្ជារបស់ព្រះអម្ចាស់ឲ្យ « រៀបចំអ្វីៗដែលត្រូវការគ្រប់មុខ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩ ) ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។ សកម្មភាពទាំងនេះរួមមាន ការចូលរួមក្នុងការផ្លាស់ប្ដូរដៃគូ និងការផ្លាស់ប្ដូរតំបន់ ការធ្វើការជាមួយសមាជិក ការឆ្លើយតបទៅនឹងការបញ្ជូនសាសនាគន់ការី ការបង្រៀន ការចូលរួមក្នុងក្រុមប្រឹក្សា និងការប្រជុំ ព្រមទាំងការបម្រើ ។ ពួកអែលឌើរក៏អាចដឹកនាំការសម្ភាសបុណ្យជ្រមុជទឹកផងដែរ ដែលជាផ្នែកនៃសកម្មភាពអ្នកផ្សព្វផ្សាយសាសនារបស់ពួកគេ ។
២.៣.១
ការផ្លាស់ប្ដូរដៃគូ
នៅក្នុងការផ្លាស់ប្ដូរដៃគូ ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ដូចជា អ្នកដឹកនាំបំពាក់បំប៉នជាស៊ីស្ទើរ ឬជំនួយការប្រធាន ធ្វើការជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាម្នាក់ទៀត ។ អំឡុងការផ្លាស់ប្ដូរនេះ អ្នកដឹកនាំនឹងបង្រៀន បំពាក់បំប៉ន និងរៀនពីអ្នកផ្សព្វផ្សាយសាសនានោះ ។ អ្នកដឹកនាំនឹងធ្វើតាមការប្រឹក្សារបស់ព្រះអម្ចាស់ ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ដើម្បីពង្រឹងដល់អ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត « ដោយគ្រប់វាចា [ របស់ពួកគេ ] ដោយគ្រប់សេចក្ដីអធិស្ឋាន [ របស់ពួកគេ ] ដោយគ្រប់សេចក្ដីដាស់តឿន [ របស់ពួកគេ ] និងដោយគ្រប់ការប្រព្រឹត្តិ [ របស់ពួកគេ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៧ ) ។
ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ទទួលខុសត្រូវលើផែនការផ្លាស់ប្ដូរជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាដែលពួកគេដឹកនាំនោះ ។ ពួកស៊ីស្ទើរដឹកនាំការផ្លាស់ប្ដូរទាំងឡាយ ជាមួយនឹងពួកស៊ីស្ទើរផ្សេងទៀត ហើយពួកអែលឌើរដឹកនាំការផ្លាស់ប្ដូរទាំងឡាយ ជាមួយនឹងពួកអែលឌើរផ្សេងទៀត ។
នៅក្នុងបេសកកម្មភាគច្រើន ជាទូទៅ ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងដឹកនាំការផ្លាស់ប្ដូរដៃគូម្ដងក្នុងការផ្លាស់ប្ដូរតំបន់មួយ ។
-
អ្នកដឹកនាំមណ្ឌលដឹកនាំការផ្លាស់ប្ដូរទាំងឡាយ ជាមួយនឹងអែលឌើរនៅក្នុងមណ្ឌលរបស់ពួកគេ ។
-
អ្នកដឹកនាំហ្សូនដឹកនាំការផ្លាស់ទាំងឡាយ ជាមួយនឹងអ្នកដឹកនាំមណ្ឌល និងជាមួយពួកអែលឌើរផ្សេងទៀតនៅក្នុងហ្សូនរបស់ពួកគេ តាមដែលចាំបាច់ ។
-
អ្នកដឹកនាំបំពាក់បំប៉នជាស៊ីស្ទើរ ដឹកនាំការផ្លាស់ប្ដូរទាំងឡាយ ជាមួយនឹងស៊ីស្ទើរម្នាក់ៗនៅក្នុងហ្សូន ឬហ្សូនទាំងឡាយដែលបានចាត់តាំងដល់ពួកគេ ។
-
ជំនួយការប្រធានដឹកនាំការផ្លាស់ប្ដូរទាំងឡាយ ជាមួយនឹងអ្នកដឹកនាំហ្សូន ឬពួកអែលឌើរផ្សេងទៀត តាមដែលត្រូវបានណែនាំដោយប្រធានបេសកកម្ម ។
-
ជាទូទៅ ការផ្លាស់ប្ដូរដៃគូមួយមានរយៈពេលប្រហែលជា ២៤ ម៉ោង ។ សម្រាប់ការផ្លាស់ប្ដូរដៃគូនីមួយៗ ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងគួរតែ ៖
-
ដឹកនាំការផ្លាស់ប្ដូរដៃគូនៅក្នុងតំបន់របស់ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនោះ ។ ពេលខ្លះ ការផ្លាស់ប្ដូរក៏អាចត្រូវបានដឹកនាំនៅក្នុងតំបន់របស់អ្នកផ្សព្វផ្សាយសាសនានោះផងដែរ ពេលដែលសមរម្យ ។
-
ដាក់ផែនការការផ្លាស់ប្ដូរដៃគូជាមុន ។
-
ធ្វើការជាមួយគ្នា ដើម្បីដាក់គោលដៅជាមួយអ្នកផ្សព្វផ្សាយសាសនានោះ អំពីអ្វីដែលត្រូវសម្រេចឲ្យបានក្នុងអំឡុងពេលផ្លាស់ប្ដូរនោះ ។ ចូលរួមនៅគ្រប់ផ្នែកទាំងអស់នៃកិច្ចការអ្នកផ្សព្វផ្សាយសាសនា រួមទាំង ការស្វែងរក ការបង្រៀន ការសិក្សាជាដៃគូ ការសិក្សាភាសា ( បើមាន ) ការដាក់ផែនការប្រចាំថ្ងៃ និងការចងមិត្តភាព ។
-
បំពាក់បំប៉នដោយប្រើប្រាស់ព្រះគម្ពីរ និងគោលការណ៍ទាំងឡាយចេញពី ប្រកាសដំណឹងល្អរបស់យើង ។
-
រំឭក និងពិភាក្សាអំពីមនុស្សដែលអ្នកផ្សព្វផ្សាយសាសនានោះកំពុងធ្វើការជាមួយ ឬកំពុងបង្រៀន ។
-
ផ្ដល់មតិយោបល់មានប្រយោជន៍ ជាក់លាក់ ដល់អ្នកផ្សព្វផ្សាយសាសនានោះ រួមទាំងអ្វីដែលអ្នកផ្សព្វផ្សាយសាសនានោះធ្វើបានល្អ និងរបៀបដែលអ្នកផ្សព្វផ្សាយសាសនានោះអាចកែលម្អឲ្យប្រសើរឡើង ។
-
បើកចិត្តចំពោះមតិយោបល់ពីអ្នកផ្សព្វផ្សាយសាសនានោះ លើផ្នែកនានាដើម្បីកែលម្អ ។
-
រំឭក និងពិភាក្សាអំពីអ្វីដែលអ្នកផ្សព្វផ្សាយសាសនាម្នាក់ៗបានរៀន អំឡុងការផ្លាស់ប្ដូរដៃគូនោះ ។
-
រាយការណ៍អំពីការផ្លាស់ប្ដូរដៃគូនោះ នៅក្នុងសំបុត្រប្រចាំសប្ដាហ៍ទៅកាន់ប្រធានបេសកកម្ម ។
-
២.៣.២
ការផ្ទេរប្រាក់
ការិយាល័យបេសកកម្ម នឹងរៀបចំការធ្វើដំណើររបស់អ្នក អំឡុងពេលផ្លាស់ប្ដូរតំបន់ ដើម្បីកុំឲ្យអ្នកនៅតែម្នាក់ឯង ។ ក្នុងករណីមួយចំនួន ដោយសារតែចម្ងាយ និងហេតុផលផ្សេងៗទៀត ប្រធានបេសកកម្មរបស់អ្នកអាចនឹងណែនាំផ្សេងពីនោះវិញ ។ នៅក្នុងស្ថានភាពទាំងនេះ សូមមានការប្រុងប្រយ័ត្នជាពិសេស ប្រើសុភវិនិច្ឆ័យ ហើយធ្វើតាមព្រះវិញ្ញាណ ។
នៅពេលអ្នកផ្លាស់ប្ដូរតំបន់ ៖
-
ទៅកាន់តំបន់ថ្មីរបស់អ្នកតែម្ដង ដើម្បីចូលរួមនឹងដៃគូថ្មីរបស់អ្នក ។
-
កុំញ៉ាំ ឬផឹកអ្វីដែលអ្នកបានទុកចោលដោយមិនបានមើល ខណៈពេលធ្វើដំណើរ ។
-
ពេលអ្នកធ្វើដំណើរ ត្រូវប្រាកដថា ទូរសព្ទរបស់អ្នកមានថ្មគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរនោះ ។ ប្រសិនបើអ្នកធ្វើដំណើរតែម្នាក់ឯងក្នុងរយៈពេលយូរជាងបីម៉ោង សូមទាក់ទងទៅការិយាល័យបេសកកម្មឲ្យបានទៀងទាត់ ។
ប្រសិនបើដៃគូរបស់អ្នកជាអ្នកផ្លាស់ប្ដូរតំបន់ ហើយអ្នកមិនផ្លាស់ប្ដូរ ចូរធ្វើការជាមួយពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត តាមដែលបានចាត់តាំងដោយថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងរបស់អ្នក រហូតទាល់តែដៃគូថ្មីរបស់អ្នកមកដល់ ។
២.៣.៣
ឱកាសដើម្បីបង្រៀនជាមួយសមាជិក
អញ្ជើញសមាជិកឲ្យចូលរួមនឹងអ្នក ក្នុងរបៀបធម្មតា ពេលអ្នកស្វែងរក បង្រៀន ជ្រមុជទឹក និងចងមិត្តភាព ។ លើកទឹកចិត្ត ហើយជួយសមាជិកឲ្យធ្វើជាមិត្តភក្ដិនឹងមនុស្សដែលអ្នកកំពុងបង្រៀន និងដើម្បីអញ្ជើញមនុស្សទាំងនោះឲ្យចូលរួមនៅក្នុងសកម្មភាពវួដ និងសកម្មភាពគ្រួសារ ។ សុំសមាជិកឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលទាក់ទង និងទីបន្ទាល់របស់ពួកគេ ។
ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវការបន្តនៅជាមួយគ្នាក្នុងភាពជាដៃគូ ។ ទោះជាយ៉ាងណាពុំមានការផ្លាស់ប្ដូរអ្នកផ្សព្វផ្សាយសាសនាជាមួយនឹងសមាជិកនោះទេ ។ ទោះជាយ៉ាងណា សមាជិកស្រី ( យ៉ាងហោចណាស់អាយុ ១៦ ឆ្នាំ ប៉ុន្តែចូរធ្វើតាមគោលការណ៍ណែនាំដែលផ្អែកលើច្បាប់ក្នុងមូលដ្ឋាន ) អាចអមដំណើរ និងបង្រៀនជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរពីរនាក់ ឬច្រើនជាងនោះ ។ សមាជិកបុរស ( យ៉ាងហោចណាស់អាយុ ១៦ ឆ្នាំ ប៉ុន្តែចូរធ្វើតាមគោលការណ៍ណែនាំដែលផ្អែកលើច្បាប់ក្នុងមូលដ្ឋាន ) អាចអមដំណើរ និងបង្រៀនជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាជាអែលឌើរពីរនាក់ ឬច្រើនជាងនោះ ។ គូស្វាមីភរិយាដែលរៀបការ អាចបង្រៀនជាមួយនឹងពួកស៊ីស្ទើរ ឬពួកអែលឌើរបាន ។
២.៣.៤
មនុស្សដែលគេណែនាំ
ការបញ្ជូនសាសនាគន់ការី គឺជាពេលដែលនរណាម្នាក់បានធ្វើសំណើឲ្យពួកអ្នកផ្សព្វផ្សាយសាសនាទាក់ទងទៅគាត់ ឬនាង ។
ពេលធ្វើការជាមួយមនុស្សដែលត្រូវបានបញ្ជូនដល់អ្នក ៖
-
ទាក់ទងទៅពួកអ្នកផ្សព្វផ្សាយសាសនា សមាជិក ឬបុគ្គលទាំងឡាយ ដែលបានធ្វើការបញ្ជូនសាសនាគន់ការីនោះ ប្រសិនបើអាចធ្វើបាន ។ ប្រឹក្សាជាមួយពួកគេអំពីរបៀបដើម្បីជួយបុគ្គលនោះ ។
-
ព្យាយាមទាក់ទងទៅបុគ្គលនោះ ដែលត្រូវបានបញ្ជូនមក ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ជាទូទៅនៅក្នុងរយៈពេល ២៤ ម៉ោង ។
-
ស្ដាប់ ហើយរៀនពីរបៀបដើម្បីជួយបុគ្គលដែលត្រូវបានបញ្ជូនមកនោះ ។
-
បំពេញតាមចំណុចដែលបានស្នើ ។
-
បង្រៀនតាមសេចក្ដីត្រូវការ និងចំណាប់អារម្មណ៍របស់បុគ្គលនោះ ។
-
បន្តធ្វើការជាមួយពួកអ្នកផ្សព្វផ្សាយសាសនា សមាជិក ឬបុគ្គលទាំងឡាយ ដែលបានធ្វើការបញ្ជូនសាសនាគន់ការីនោះ ( សូមមើល ២.២.៤ ) ។
សម្រាប់ព័ត៌មានបន្ថែមទៀតអំពីការបញ្ជូនសាសនាគន់ការី សូមមើល « ការបញ្ជូនសាសនាគន់ការីពីសមាជិក អ្នកផ្សព្វផ្សាយសាសនា និងទីស្នាក់ការកណ្ដាលនៃសាសនាចក្រ » នៅក្នុង « តើខ្ញុំអាចស្វែងរកមនុស្សដើម្បីបង្រៀនដោយរបៀបណា ? » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ជំពូក ៩ ។
២.៣.៥
ការប្រជុំ និងក្រុមប្រឹក្សា
ពួកអ្នកផ្សព្វផ្សាយសាសនាប្រឹក្សាជាមួយគ្នា ពេលពួកគេផ្ដល់ និងទទួលការបំពាក់បំប៉ន និងពេលដែលពួកគេដាក់ផែនការ និងសម្របសម្រួលកិច្ចការអ្នកផ្សព្វផ្សាយសាសនា ។ ការប្រជុំ និងក្រុមប្រឹក្សាគួរតែយាងអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់ និងគួរតែជាពេលវេលាមួយសម្រាប់វិវរណៈ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៣២ ) ។ ជាងនោះទៅទៀត ការជួបជុំគ្នាក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា នឹងផ្ដល់ឱកាសឲ្យអ្នកស្អាងគ្នាទៅវិញទៅមក និងរីករាយនឹងការងាររបស់អ្នកជាមួយគ្នា ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:៨; ៥០:២២ ) ។
ការប្រជុំទាំងឡាយដែលត្រូវបានរៀបចំដោយដៃគូអ្នកផ្សព្វផ្សាយសាសនា ថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង និងថ្នាក់ដឹកនាំបេសកកម្ម រួមមានដូចខាងក្រោមនេះ ៖
-
ពេលវេលាដាក់ផែនការប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍
-
ការប្រជុំក្រុមប្រឹក្សាមណ្ឌល
-
សន្និសីទហ្សូន
-
ការប្រជុំក្រុមប្រឹក្សាថ្នាក់ដឹកនាំបេសកកម្ម
ការប្រជុំនានាដែលរៀបចំដោយថ្នាក់ដឹកនាំក្នុងមូលដ្ឋាន រួមមានដូចខាងក្រោមនេះ ៖
-
ការប្រជុំសម្របសម្រួលអ្នកផ្សព្វផ្សាយសាសនា
-
ការប្រជុំក្រុមប្រឹក្សាវួដ
២.៣.៦
ការសម្ភាសបុណ្យជ្រមុជទឹក
ពេលដឹកនាំការសម្ភាសបុណ្យជ្រមុជទឹក អែលឌើរគប្បី ៖
-
រំឭកអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ។
-
ធ្វើតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
-
សួរសំណួរសម្រាប់ការសម្ភាសបុណ្យជ្រមុជទឹក ដែលមាននៅក្នុងវគ្គ « ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ ៖សំណរនិងចម្លើយ »វគ្គនៃជំពូកទី១២នៅក្នុងប្រកាសដំណឹងរបស់យើង ។
-
សម្របសម្រួលសំណួរទៅតាមអាយុ និងភាពចាស់ទុំរបស់បុគ្គលនោះ ។
-
សូមធ្វើឲ្យប្រាកដថាកូរ៉ុមអែលឌើរ ឬអ្នកដឹកនាំបេសកកម្មវួដត្រូវដឹងជាមុន អំពីការសម្ភាសបុណ្យជ្រមុជទឹកនោះ ។
ប្រសិនបើបេក្ខជនត្រូវទទួលបុណ្យជ្រមុជទឹកនោះចង់បាន គាត់ ឬនាងអាចអញ្ជើញឪពុក/ម្ដាយ ស្វាមី/ភរិយា ឬមជ្ឈិមវ័យផ្សេងទៀត ឲ្យចូលរួមក្នុងការសម្ភាសបុណ្យជ្រមុជទឹកនោះបាន ។ សូមយល់ដល់អារម្មណ៍របស់មនុស្សម្នាក់ ពេលដែលស្វាមី/ភរិយា ឬកូនជាអនីតិជនរបស់គាត់កំពុងទទួលការសម្ភាស ។ សូមធ្វើតាមគោលការណ៍ណែនាំនៅក្នុង ប្រកាសដំណឹងល្អរបស់យើង សម្រាប់ការសម្ភាស និងការទទួលបានការអនុញ្ញាតដើម្បីជ្រមុជទឹកស្វាមី/ភរិយា និងកូនជាអនីតិជន ( សូមមើល « របៀបដើម្បីដឹកនាំការសម្ភាស » នៅក្នុង « តើខ្ញុំត្រូវរៀបចំមនុស្សសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ដោយរបៀបណា ? » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ជំពូក ១២ ) ។
អ្នកដឹកនាំមណ្ឌលសម្ភាសបេក្ខជនទទួលបុណ្យជ្រមុជទឹក ដែលបង្រៀនដោយពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងមណ្ឌលរបស់ពួកគេ រួមទាំងអស់អ្នកដែលបង្រៀនដោយជំនួយការប្រធាន អ្នកដឹកនាំហ្សូន និងអ្នកដឹកនាំបំពាក់បំប៉នជាស៊ីស្ទើរ ដែលនៅក្នុងមណ្ឌលរបស់ពួកគេផងដែរ ។
អ្នកដឹកនាំហ្សូនសម្ភាសបេក្ខជនទទួលបុណ្យជ្រមុជទឹក ដែលបង្រៀនដោយអ្នកដឹកនាំមណ្ឌលនៅក្នុងហ្សូនរបស់ពួកគេ ។
ប្រសិនបើអ្នកដឹកនាំមណ្ឌល ឬអ្នកដឹកនាំហ្សូនដែលបានចាត់តាំង មិនមានពេលទេ ប្រធានបេសកកម្មអាចចាត់តាំងអែលឌើរម្នាក់ទៀតឲ្យដឹកនាំការសម្ភាសបាន ។
២.៣.៧
ពិធីបុណ្យជ្រមុជទឹក
សូមធ្វើការជាមួយនឹងប្រធានកូរ៉ុមអែលឌើរ ឬអ្នកដឹកនាំបេសកកម្មវួដ ដើម្បីរបៀបចំពិធីបុណ្យជ្រមុជទឹក ( សូមមើល « កម្មវិធីបុណ្យជ្រមុជទឹក » នៅក្នុង « តើខ្ញុំត្រូវរៀបចំមនុស្សសម្រាប់ពិធីជ្រមុជទឹក និងពិធីបញ្ជាក់ដោយរបៀបណា ? » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ជំពូក ១២ ) ។ សូមចាប់ផ្ដើមការរៀបចំកម្មវិធីបុណ្យជ្រមុជទឹក ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
២.៤
សកម្មភាព និងកាលវិភាគប្រចាំថ្ងៃ
សូមដាក់ផែនការកាលវិភាគរបស់អ្នក ដើម្បីបំពេញតាមគោលបំណងអ្នកផ្សព្វផ្សាយសាសនារបស់អ្នក និងផ្តោតលើសេចក្ដីត្រូវការរបស់មនុស្សដទៃទៀត ។ សូមចងចាំអ្វីដែលព្រះអម្ចាស់បានសន្យាចំពោះអ្នកដែលត្រូវបានហៅឲ្យផ្សាយដំណឹងល្អ ៖« ហើយបើសិនជាអ្នកត្រូវធ្វើការអស់មួយជីវិតអ្នក ដោយស្រែកប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ ហើយគ្រាន់តែនាំព្រលឹងមួយគត់មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាជាមួយអ្នកនោះនៅក្នុងនគរនៃព្រះវរបិតារបស់យើង ! »( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១៦ ) ។
២.៤.១
សកម្មភាពប្រចាំថ្ងៃជាធម្មតា
សូមដាក់បញ្ចូលសកម្មភាពខាងក្រោមនេះនៅក្នុងកាលវិភាគប្រចាំថ្ងៃរបស់អ្នក ៖
-
ដាក់ និងរំឭកគោលដៅផ្ទាល់ខ្លួន គោលដៅដៃគូ និងគោលដៅបេសកកម្ម ។
-
ដាក់ផែនការកាលវិភាគរបស់អ្នកសម្រាប់ថ្ងៃនោះ ។
-
រៀបចំមេរៀន ។
-
សូមសិក្សាព្រះគម្ពីរ ប្រកាសដំណឹងល្អរបស់យើងការបង្រៀនរបស់ព្យាការី និងសាវកនៅរស់ និងធនធានដែលមានការអនុម័តផ្សេងៗទៀត ( សូមមើល ២.៤.៤ ) ។
-
សូមរំឭកប្រធានបទសុខភាព ឬសុវត្ថិភាពមួយ ឬការការពារមួយសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា ( សូមមើល ៤.០–៤.៧ ) ។
-
ស្វែងរកមនុស្សដើម្បីបង្រៀន ។
-
ធ្វើការជាមួយថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋាន ។
-
បម្រើអ្នកដទៃនៅក្នុងសកម្មភាពដែលបានដាក់ផែនការ និងដែលមិនបានដាក់ផែនការ ។
-
មើលថែតម្រូវការផ្ទាល់ខ្លួន ដូចជាការទទួលទានអាហារ និងការរៀបចំសម្រាប់មួយថ្ងៃៗ ។
២.៤.២
គំរូកាលវិភាគប្រចាំថ្ងៃ
កាលវិភាគប្រចាំថ្ងៃសម្រាប់បេសកកម្មរបស់អ្នក អាចមើលទៅដូចកាលវិភាគខាងក្រោមនេះ ។ កាលវិភាគប្រចាំថ្ងៃ អាចត្រូវបានកែសម្រួលដោយប្រធានបេសកកម្មសម្រាប់ថ្ងៃឈប់សម្រាក ព្រឹត្តិការណ៍ពិសេសៗនៅក្នុងបេសកកម្មរបស់អ្នកជាដើម ។
៦:៣០ ព្រឹក |
ចាប់ផ្ដើមថ្ងៃនេះ ។ |
៦:៣០–១០:០០ ព្រឹក |
អធិស្ឋាន ។ សកម្មភាព ( ៣០ នាទី ) ងូតទឹក ញ៉ាំអាហារពេលព្រឹក និងរៀបចំសម្រាប់ថ្ងៃនេះ ។ ការសិក្សាផ្ទាល់ខ្លួន ( ៦០ នាទី ) ។ ដាក់ផែនការ ( ៣០ នាទី ) ។ |
១០:០០ ព្រឹក–៩:០០ យប់ |
ស្វែងរក បង្រៀន និងបម្រើអ្នកដទៃ ។* ធ្វើបច្ចុប្បន្នភាពកំណត់ត្រាឌីជីថល ឬលើក្រដាស ពេលមួយថ្ងៃ ។ រំឭកដោយសង្ខេបនូវប្រធានបទសុខភាព ឬសុវត្ថិភាពមួយ ឬការការពារមួយសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា ។ សិក្សាជាដៃគូ និងរៀបចំមេរៀន ( ៣០ នាទី ) ។ សិក្សាឯកសារបន្ថែមសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា និងអ្នកបំពាក់បំប៉នថ្មី អំឡុង ១២ សប្ដាហ៍ដំបូងនៅក្នុងតំបន់បេសកកម្ម ( ៣០–៦០ នាទី ប្រសិនបើត្រូវអនុវត្ត ) ។ សិក្សាភាសាបេសកកម្មរបស់អ្នក ( ៣០–៦០ នាទី ប្រសិនបើត្រូវអនុវត្ត ) ។ ញ៉ាំអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ( ទាំងពីរមិនលើសពីពីរម៉ោងឡើយ ) ។ |
៩:០០ យប់ |
ត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ លើកលែងតែមានការណាត់បង្រៀនមួយ បើដូច្នោះ ត្រឡប់មកផ្ទះត្រឹមម៉ោង ៩:៣០ យប់ |
៩:០០–៩:៣០ យប់ |
សរសេរក្នុងទិនានុប្បវត្តិរបស់អ្នក រៀបចំចូលគេង និងអធិស្ឋាន ។ |
៩:៣០–១០:៣០ យប់ |
ចូលសម្រាក |
*សកម្មភាពប្រចាំថ្ងៃរបស់អ្នក គួរតែផ្តោតទៅលើការប្រាស្រ័យទាក់ទងនឹងមនុស្ស ។ ដាក់ផែនការ និងសកម្មភាពសិក្សារបស់អ្នកពេញមួយថ្ងៃ ដើម្បីចៀសវាងការនៅក្នុងផ្ទះរបស់អ្នកយូរ ។ ប្រសិនបើចម្ងាយ និងពេលវេលាអំណោយផល អ្នកអាចចាកចេញ និងត្រឡប់មកផ្ទះរបស់អ្នកវិញ ហើយធ្វើបែបនោះពេញមួយថ្ងៃ ដើម្បីបំពេញតម្រូវការទាំងនេះ ។
កាលវិភាគដែលត្រូវបានអនុម័តសម្រាប់បេសកកម្មរបស់អ្នក នឹងអនុញ្ញាតពេលវេលាឲ្យធ្វើការ សម្រាក និងផ្តោតយកចិត្តទុកដាក់ជាថ្មី ។ វាសំខាន់ដើម្បីសម្រាក និងទទួលអាហារដែលមានជីវជាតិឲ្យបានគ្រប់គ្រាន់ សម្រាប់សុខុមាលភាពខាងវិញ្ញាណ ខាងអារម្មណ៍ និងខាងរាងកាយរបស់អ្នក ។
២.៤.៣
ពេលវេលាដាក់គោលដៅ និងដាក់ផែនការ
ធ្វើការដាក់ផែនការជារៀងរាល់ថ្ងៃ និងរាល់សប្ដាហ៍ជាមួយដៃគូរបស់អ្នក ។ ពិចារណាពីសេចក្ដីត្រូវការរបស់មនុស្សដែលអ្នកកំពុងបង្រៀន និងរបៀបដើម្បីធ្វើការជាមួយសមាជិក ពេលអ្នករំឭកការរីកចម្រើន ដាក់គោលដៅ និងធ្វើផែនការសម្រាប់ថ្ងៃ និងសប្ដាហ៍នេះ ( សូមមើល « របៀបដើម្បីដាក់គោលដៅ » « ពេលវេលាដាក់ផែនការប្រចាំសប្ដាហ៍ » និង « ពេលវេលាដាក់ផែនការប្រចាំថ្ងៃ » នៅក្នុង « តើខ្ញុំត្រូវ ប្រើប្រាស់ពេលវេលាដោយឆ្លាតវៃដោយរបៀបណា ? » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ជំពូក ៨ ) ។
២.៤.៤
ពេលវេលាសិក្សា
សូមប្រើពេលវេលាសិក្សាផ្ទាល់ខ្លួន និងជាដៃគូ ដើម្បីផ្តោតលើព្រះគម្ពីរ ( ជាពិសេសលើ ព្រះគម្ពីរមរមន ) ប្រកាសដំណឹងល្អរបស់យើង ការបង្រៀនរបស់ព្យាការីនៅរស់ ( មាននៅក្នុងបណ្ណាល័យដំណឹងល្អ ) និងបទដ្ឋានទាំងនេះ ។ ធនធានដែលត្រូវបានអនុម័តទាំងនេះ អាចពង្រឹងចំណេះដឹង និងទីបន្ទាល់របស់អ្នក អំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងជួយអ្នកឲ្យរៀបចំដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់មនុស្សដែលអ្នកបង្រៀនផងដែរ ។
ប្រសិនបើអ្នកត្រូវបានចាត់តាំងឲ្យរៀនភាសាថ្មីមួយ នោះសូមសិក្សា និងអនុវត្តវាជារៀងរាល់ថ្ងៃ ។
ប្រសិនបើអ្នកជាអ្នកផ្សព្វផ្សាយសាសនាថ្មី សូមសិក្សាជាមួយអ្នកបំពាក់បំប៉នរបស់អ្នកបន្ថែមពី ៣០ ទៅ ៦០ នាទី ជារៀងរាល់ថ្ងៃ សម្រាប់រយៈពេល ១២ សប្ដាហ៍ដំបូងនៅក្នុងតំបន់បេសកកម្ម ( សូមមើល « សម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាថ្មី ៖ការសិក្សាភាពជាដៃគូបន្ថែម » នៅក្នុង« ការណែនាំ ៖ប្រកាសដំណឹងល្អរបស់យើង បានល្អបំផុតដោយរបៀបណា ? »នៅក្នុង ការប្រកាសដំណឹងល្អរបស់យើង ) ។
២.៤.៥
អាហារជាមួយមនុស្សផ្សេងទៀត
ប្រសិនបើអនុវត្តបាន ប្រធានបេសកកម្មរបស់អ្នក និងប្រធានស្តេកក្នុងមូលដ្ឋាន នឹងផ្ដល់គោលការណ៍ណែនាំសម្រាប់ការដាក់កាលវិភាគទទួលទានអាហារជាមួយមនុស្សនៅក្នុងបេសកកម្មរបស់អ្នក ។ ពេលសមាជិក ឬមនុស្សផ្សេងទៀតផ្ដល់អាហារ ៖
-
ចូរមានការគោរពដល់ស្ថានភាព និងពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេ ។
-
មានអំណរគុណចំពោះអាហារដែលពួកគេផ្ដល់ឲ្យ ។
-
សុំបង្រៀនមេរៀនរយៈពេល ១៥ ឬ ២០ នាទី មុន ឬបន្ទាប់ពីញ៉ាំអាហារ ដើម្បីពង្រឹងដល់មនុស្សដែលអ្នកសួរសុខទុក្ខនោះ និងដើម្បីផ្ដល់ឱកាសដល់អ្នកឲ្យអភិវឌ្ឍសមត្ថភាពរបស់អ្នកក្នុងការបង្រៀនដោយព្រះវិញ្ញាណ ។
មជ្ឈិមវ័យម្នាក់ទៀតដែលមានភេទដូចអ្នក គប្បីមានវត្តមានជាមួយអ្នក និងដៃគូអ្នក ពេលអ្នកញ៉ាំអាហារជាមួយមនុស្សម្នាក់ដែលមានភេទផ្ទុយពីអ្នក ។
២.៥
ថ្ងៃរៀបចំ
ប្រធានបេសកកម្មរបស់អ្នក នឹងចាត់តាំងថ្ងៃមួយជារៀងរាល់សប្ដាហ៍ ជាថ្ងៃរៀបចំមួយ ។ ថ្ងៃរៀបចំផ្ដល់ពេលវេលាឲ្យអ្នកទទួលកម្លាំងឡើងវិញខាងរាងកាយ ខាងវិញ្ញាណ និងខាងអារម្មណ៍ កាលដែលអ្នក « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។ វានឹងផ្ដល់ដល់អ្នក និងដៃគូរបស់អ្នកនូវឱកាសដើម្បីចំណាយពេលជាមួយពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត នៅក្នុងមណ្ឌលរបស់អ្នក និងដើម្បីរីករាយនឹងសកម្មភាពកម្សាន្តល្អៗជាមួយគ្នាផងដែរ ( សូមមើល ៣.៦ ) ។
សូមចងចាំការព្រមានចំពេលវេលារបស់ព្រះអម្ចាស់ ៖« ចូរកុំរត់លឿន ឬធ្វើការលើសជាងកម្លាំងដែលអ្នកមាន » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៤ ) និង « ចូរឆាប់ចូលដំណេក ប្រយោជន៍កុំឲ្យអ្នករាល់គ្នាអស់កម្លាំង ចូរឆាប់ក្រោក ប្រយោជន៍ឲ្យរូបកាយរបស់អ្នករាល់គ្នា និងគំនិតរបស់អ្នករាល់គ្នាអាចមានកម្លាំងក្លៀវក្លា » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២៤ ) ។
២.៥.១
សកម្មភាពថ្ងៃរៀបចំ
សកម្មភាពថ្ងៃរៀបចំអាចរួមមាន ( ប៉ុន្តែមិនដាក់កំហិតចំពោះ ) ខាងក្រោមនេះ ៖
២.៥.២
គំរូកាលវិភាគថ្ងៃរៀបចំ
កាលវិភាគថ្ងៃរៀបចំអាចមើលទៅដូចខាងក្រោមនេះ ៖
៦:៣០ ព្រឹក |
ចាប់ផ្ដើមថ្ងៃនេះ ។ |
៦:៣០-៨:០០ ព្រឹក |
អធិស្ឋាន ។ ងូតទឹក ញ៉ាំអាហារពេលព្រឹក និងរៀបចំសម្រាប់ថ្ងៃនេះ ។ ដាក់ផែនការ ( ៣០ នាទី ) ។ ការសិក្សាផ្ទាល់ខ្លួន ( 30 នាទី ) ។ |
៨:០០ ព្រឹក–៦:០០ ល្ងាច ។ |
ធ្វើសកម្មភាពថ្ងៃរៀបចំ ( សូមមើល ២.៥.១ ) ។ កំណត់ចំណាំ ៖សកម្មភាពថ្ងៃរៀបចំទាំងអស់ គួរតែបញ្ចប់ត្រឹមម៉ោង ៦:០០ ល្ងាច ។ |
៦:០០–៩:០០ យប់ ។ |
ស្វែងរក បង្រៀន និងបម្រើអ្នកដទៃ ។ |
៩:០០ យប់ |
ត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ ប្រសិនបើអ្នកមានការណាត់បង្រៀនមួយ នោះត្រូវត្រឡប់មកផ្ទះត្រឹមម៉ោង ៩:៣០ យប់ |
៩:០០–៩:៣០ យប់ |
សរសេរក្នុងទិនានុប្បវត្តិរបស់អ្នក រៀបចំចូលគេង និងអធិស្ឋាន ។ |
៩:៣០–១០:៣០ យប់ |
ចូលសម្រាក |
២.៦
សកម្មភាពថ្ងៃឈប់សម្រាក
ដាក់ផែនការនៅថ្ងៃឈប់សម្រាក ដែលជួយអ្នកឲ្យបំពេញគោលបំណងជាអ្នកផ្សព្វផ្សាយរបស់អ្នក ដើម្បីស្វែងរក បង្រៀន ជ្រមុជទឹក និងជួយមនុស្សផ្សេងទៀតឲ្យរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងក្លាយដូចជាពួកទ្រង់ ។ សូមចងចាំការបង្រៀនរបស់ព្រះអម្ចាស់អំពីថ្ងៃឈប់សម្រាក នៅក្នុង គោលលទ្ធិ និង សេចក្ដីជំនឿ ៥៩:១៣–១៩ និងកត់ចំណាំពីពាក្យ និងឃ្លាទាំងឡាយ ដែលប្រាប់ថា ថ្ងៃឈប់សម្រាកដ៏ពិតរួមមាន សេចក្ដីអំណរ ការត្រេកអរ ចិត្តអរសប្បាយ និងទឹកមុខរីករាយ ។
សកម្មភាពថ្ងៃឈប់សម្រាករួមមាន ការចូលរួមព្រះវិហារ សន្និសីទទូទៅ សម័យប្រជុំសន្និសីទស្តេកទូទៅនៅថ្ងៃអាទិត្យ និងការប្រជុំបន្ថែមទៀត ដូចជាក្រុមប្រឹក្សាវួដ ពេលត្រូវបានអញ្ជើញ ។ វាក៏រួមមានការចូលរួមនៅក្នុងការតមអាហារប្រចាំខែផងដែរ ។
នៅក្នុងកិច្ចខិតខំផ្សព្វផ្សាយសាសនារបស់អ្នក ព្រះអម្ចាស់ពុំបានសុំឲ្យអ្នកអត់អាហារទេ លើកលែងតែអំឡុងពេលការតមអាហារប្រចាំខែធម្មតា ឬឲ្យលះបង់ការដេក ដើម្បីធ្វើជាអ្នកផ្សព្វផ្សាយដែលកាន់តែលះបង់នោះទេ ។ អ្នកអាចតមម្ដងម្កាលសម្រាប់ហេតុផលពិសេសមួយ ប៉ុន្តែសូមកុំតមហួសពី ២៤ ម៉ោងក្នុងពេលម្ដង ។
២.៧
ការបម្រើនៅក្នុងសហគមន៍
អ្នកអាចរៀនធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដោយធ្វើការបម្រើដូចជាទ្រង់បានធ្វើ ។ សូមស្វែងរកឱកាសដើម្បីបម្រើដៃគូរបស់អ្នក មនុស្សដែលអ្នកកំពុងបង្រៀន សមាជិក និងមនុស្សផ្សេងទៀតនៅក្នុងសហគមន៍ « ដើម្បីឲ្យអ្នករាល់គ្នាអាចបានដឹងថា កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។
អ្នកគួរតែបម្រើដោយបំណងប្រាថ្នាដ៏ស្មោះសរ ដើម្បីជួយមនុស្សផ្សេងទៀតដោយមិនរំពឹងថាលទ្ធផលជាអ្វីនោះទេ ។ សូមធ្វើតាមច្បាប់នៃគម្រោងការបម្រើទាំងអស់ ( សូមមើល៧.២ ) ជាពិសេសអំពីការមិនបង្រៀនពេលកំពុងបម្រើ និងការមិនបម្រើនៅកន្លែងដែលអ្នកនឹងនៅជាមួយកូនក្មេងតែឯង ។ ប្រសិនបើនរណាម្នាក់បង្ហាញចំណាប់អារម្មណ៍នៅក្នុងសាររបស់អ្នក សូមឆ្លើយតបដោយសង្ខេប ហើយរៀបចំជួបពួកគេនៅពេល និងកន្លែងមួយផ្សេងទៀត ដើម្បីចែកចាយសារមួយ ។
សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលវគ្គ ៧.២ « គោលការណ៍ណែនាំសម្រាប់ការបម្រើ » ។