កូរិនថូស ទី១ ១៣
« សេចក្ដីសប្បុរសមិនដែលផុតឡើយ »
ព្រះយេស៊ូវគ្រីស្ទបានបង្ហាញសេចក្តីស្រឡាញ់ដ៏អស្ចារ្យជារៀងរាល់ថ្ងៃក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ។ ទីបំផុតទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់ដោយស្ម័គ្រព្រះទ័យបូជាព្រះជន្មរបស់ទ្រង់ដើម្បីយើង ។ សាវកប៉ុលបានសរសេរយ៉ាងលម្អិតអំពីសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ឬសេចក្ដីសប្បុរស និងមូលហេតុដែលយើងគួរចង់ទទួលបានសេចក្ដីស្រឡាញ់នោះ ។ គោលបំណងនៃមេរៀននេះជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទចំពោះអ្នក និងដើម្បីជួយអ្នកឲ្យស្វែងរកអំណោយទាននៃសេចក្តីសប្បុរស ដើម្បីទទួលនូវសេចក្តីស្រឡាញ់នោះចំពោះអ្នកដទៃ ។
ទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ
សូមគិតពីនរណាម្នាក់ដែលអ្នកចង់មានទំនាក់ទំនងជាមួយឲ្យបានកាន់តែល្អ ។
-
ហេតុអ្វីអ្នកចង់ឲ្យទំនាក់ទំនងនេះបានប្រសើរឡើង ?
-
តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីជួយដល់ទំនាក់ទំនងនេះ ? តើអ្វីដែលមានប្រសិទ្ធភាព ? តើអ្វីដែលគ្មានប្រសិទ្ធភាព ?
-
តើអ្នកគិតថាការបង្ហាញសេចក្ដីស្រឡាញ់ខ្លាំងជាងនេះ អាចមានឥទ្ធិពលអ្វីដល់ទំនាក់ទំនងនោះ ?
នៅពេលអ្នកសិក្សា កូរិនថូស ទី១ ១៣ សូមរកមើលវិធីដែលអ្នកអាចស្រឡាញ់អ្នកដទៃ ដូចព្រះអង្គសង្គ្រោះស្រឡាញ់ដែរ ។ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីអនុវត្តអ្វីដែលអ្នកកំពុងរៀនចំពោះស្ថានភាពបច្ចុប្បន្នរបស់អ្នក ។
សេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទ
បន្ទាប់ពីបង្រៀនសមាជិកសាសនាចក្រនៅក្រុងកូរិនថូសអំពីអំណោយទានខាងវិញ្ញាណរួចហើយ នោះសាវកប៉ុលបានមានប្រសាសន៍ថា លោកនឹងបង្ហាញពួកគេនូវ « ផ្លូវមួយដ៏ប្រសើរលើសលែងទៅទៀត » ដើម្បីរស់នៅ ( កូរិនថូស ទី១ ១២:៣១ ) ។ សូមអាន កូរិនថូស ទី១ ១៣:១–៣ ដោយស្វែងរកផ្លូវដ៏ប្រសើរលើសលែងនេះ ។
-
តើអ្នកដឹងអ្វីខ្លះអំពីសេចក្ដីសប្បុរស ដែលជួយអ្នកឲ្យយល់ថា ហេតុអ្វីវាសំខាន់ខ្លាំងដូច្នេះ ?
ព្រះគម្ពីរមរមនអាចជួយយើងឲ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃសេចក្តីសប្បុរស ។ នៅជិតចុងបញ្ចប់នៃកំណត់ត្រាបុរាណនេះ មរ៉ូណៃបានបញ្ចូលពាក្យខ្លះរបស់មរមនជាឪពុកលោក ។ មរមនបានគូសបញ្ជាក់ពីធាតុនៃសេចក្តីសប្បុរស ហើយបានផ្តល់និយមន័យនៃសេចក្តីសប្បុរស ( សូមមើល មរ៉ូណៃ ៧:៤៣–៤៨ ) ។
សូមអាន មរ៉ូណៃ ៧:៤៦–៤៧ ដោយស្វែងរកអ្វីដែលអ្នកអាចរៀនអំពីសេចក្ដីសប្បុរស ។
-
តើសេចក្ដីពិតអ្វីខ្លះ ដែលអ្នករៀនអំពីសេចក្ដីសប្បុរសពីខគម្ពីរទាំងនេះ ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
សេចក្ដីសប្បុរសគឺជា « សេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » [ មរ៉ូណៃ ៧:៤៧ ] មិនមែនជា អំពើឡើយ ប៉ុន្តែជា លក្ខខណ្ឌ ឬស្ថានភាពនៃជីវិត ។ សេចក្ដីសប្បុរស គឺទទួលបានតាមរយៈភាពជោគជ័យនៃទង្វើដែលបានមកពីការប្រែចិត្តជឿ ។ សេចក្ដីសប្បុរស គឺជាអ្វីមួយដែលមនុស្សម្នាក់ប្រែក្លាយ ។
( ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៤ )
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន អូក បន្ថែមដល់ការយល់ដឹងរបស់អ្នកអំពីសេចក្ដីសប្បុរសដោយរបៀបណា ?
ទាំង ប៉ុល ព្រះគម្ពីរសញ្ញាថ្មី និង មរមន នៅក្នុងព្រះគម្ពីរមរមន បានប្រើពាក្យ និងឃ្លាស្រដៀងគ្នា ដើម្បីពិពណ៌នាអំពីសេចក្តីសប្បុរស ។ តាមរយៈការយល់ពីពាក្យសម្ដីរបស់ពួកលោក នោះយើងអាចដឹងពីអ្វីដែលត្រូវធ្វើ ហើយទីបំផុតដឹងពីរបៀបក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។
គំរូដ៏ល្អឥតខ្ចោះ
ព្រះយេស៊ូវគ្រីស្ទ គឺជាគំរូដ៏ល្អឥតខ្ចោះនៃការពិពណ៌នាទាំងអស់អំពីសេចក្តីសប្បុរស ។ ដោយប្រើអ្វីដែលអ្នកបានសរសេរអំពីសេចក្ដីសប្បុរសនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគិតអំពីឧទាហរណ៍នៅក្នុងព្រះគម្ពីរ នៅពេលព្រះយេស៊ូវគ្រីស្ទបានបង្ហាញសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ទ្រង់ ។ រូបភាពខាងក្រោម អាចជួយអ្នកភ្ជាប់ព្រះអង្គសង្គ្រោះទៅនឹងឃ្លាដែលអ្នកបានសិក្សា ។
-
តើព្រះអង្គសង្គ្រោះបានបង្ហាញសេចក្តីសប្បុរសក្នុងស្ថានភាពនីមួយៗទាំងនេះដោយរបៀបណា ?
-
តើអ្នកបានឃើញដោយផ្ទាល់ភ្នែកនូវសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះអ្នក ឬអ្នកដទៃយ៉ាងដូចម្ដេច ?
-
តើការគិតអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះអ្នកជះឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះទ្រង់យ៉ាងដូចម្ដេច ?
ការរស់នៅក្នុងជីវិតប្រកបដោយសេចក្ដីសប្បុរស
ព្យាការីមរមនបានបញ្ចប់ការបង្រៀនរបស់លោកអំពីសេចក្ដីសប្បុរស ដោយមានការអញ្ជើញជាបន្ទាន់មួយឲ្យធ្វើតាម ។ សូមអាន មរ៉ូណៃ ៧:៤៨ រកមើលការអញ្ជើញនេះ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះ ដែលជួយអ្នកឲ្យយល់ពីអ្វីដែលត្រូវធ្វើដើម្បីទទួលបានអំណោយទាននៃសេចក្ដីសប្បុរស ?
ពេញមួយព្រះជន្មរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញថា នៅគ្រប់ស្ថានភាពទាំងអស់ សេចក្ដីសប្បុរសអាចធ្វើទៅបាន ។ សូមព្យាយាមស្រមៃមើលថា តើវានឹងមានឥទ្ធិពលអ្វីខ្លះកើតមានដល់ជីវិតរបស់អ្នក ប្រសិនបើអ្នកធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីសេចក្តីសប្បុរសក្នុងគ្រប់ស្ថានភាពទាំងអស់ ។ សូមគិតពីទំនាក់ទំនងជាក់លាក់ ដែលអ្នកបានគិតនៅពេលចាប់ផ្តើមមេរៀន ។ សូមពិចារណាអំពីការមានសេចក្ដីសប្បុរសកាន់តែច្រើននឹងផ្តល់ពរដល់ទំនាក់ទំនងនោះដោយរបៀបណាខ្លះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើយើងអាចបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកដទៃដោយរបៀបណា ?
អែលឌើរ ម៉ាវិន ជេ អាស្តុន ( ឆ្នាំ ១៩១៥–១៩៩៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សេចក្តីសប្បុរសកើតឡើង នៅពេលយើងមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក នៅពេលយើងមិនវិនិច្ឆ័យ ឬចាត់ថ្នាក់អ្នកដទៃ ពោលគឺនៅពេលយើងគ្រាន់តែទទួលយកគ្នាទៅវិញទៅមកយ៉ាងសាមញ្ញ ឬស្ងៀមស្ងាត់ ។ សេចក្ដីសប្បុរសគឺជាការទទួលយកភាពខុសគ្នា ភាពទន់ខ្សោយ និងភាពខ្វះចន្លោះរបស់នរណាម្នាក់ មានភាពអត់ធន់ដល់នរណាម្នាក់ដែលមិនគាំទ្រយើង ឬរារាំងមិនឲ្យកំហឹងឆាប់កើតឡើង នៅពេលនរណាម្នាក់មិនព្រមដោះស្រាយអ្វីមួយតាមរបៀបដែលយើងសង្ឃឹមចង់បាន ។ សេចក្ដីសប្បុរសជាការបដិសេធមិនកេងចំណេញលើភាពទន់ខ្សោយរបស់អ្នកដទៃ និងការមានឆន្ទៈក្នុងការអភ័យទោសដល់នរណាម្នាក់ដែលបានធ្វើឲ្យយើងឈឺចាប់ ។ សេចក្ដីសប្បុរសគឺជាការរំពឹងចង់បានអ្វីដែលល្អបំផុតសម្រាប់គ្នាទៅវិញទៅមក ។
( ម៉ាវីន ជេ អាស្តុន « The Tongue Can Be a Sharp Sword » Ensign ខែ ឧសភា ឆ្នាំ ១៩៩២ ទំព័រ ១៩ )
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានបង្រៀនអំពីសេចក្ដីសប្បុរសនៅក្នុងសារលិខិតសន្និសីទទូទៅរបស់លោក « Charity Never Faileth » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២២–១២៥ ) ។ អ្នកប្រហែលជាចង់មើលវីដេអូនៃសារលិខិតនេះ នៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១៥:០៥ ដល់នាទីទី ១៧:២២ ។
ហេតុអ្វីសេចក្ដីសប្បុរសដែលជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះយេស៊ូវគ្រីស្ទនឹងមិនចេះផុតរលត់ ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សេចក្ដីសប្បុរសពិត … ត្រូវបានបង្ហាញយ៉ាងច្បាស់ និងយ៉ាងបរិសុទ្ធនៅក្នុងសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ដ៏ខ្ពង់ខ្ពស់បំផុត និងដ៏ធួនរបស់ព្រះគ្រីស្ទសម្រាប់យើង ។ … វាគឺជាសេចក្ដីសប្បុរស—ជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ទ្រង់មានសម្រាប់យើង—គឺថាបើគ្មានវាទេ យើងនឹងគ្មានជាអ្វីទាំងអស់ គ្មានសង្ឃឹម គឺជាបុរស និងស្ត្រីដែលវេទនាបំផុត ។ ពិតណាស់ ពួកអ្នកដែលមានសេចក្ដីសប្បុរស នឹងទទួលបានពរជ័យនៃសេចក្ដីស្រឡាញ់របស់ទ្រង់នៅថ្ងៃចុងក្រោយ—ដង្វាយធួន ដំណើររស់ឡើងវិញ ជីវិតដ៏នៅអស់កល្បជានិច្ច ការសន្យាដ៏អស់កល្ប—ពិតណាស់ នឹងបានស្រួលទាំងអស់ដល់អ្នកនោះហើយ ។ …
ជីវិតមាននូវការភ័យខ្លាច និងបរាជ័យ ។ ពេលខ្លះអ្វីៗខកខានមិនបានដល់គោលដៅ ។ ជួនកាលមនុស្សខ្លះធ្វើឲ្យយើងបរាជ័យ ឬសេដ្ឋកិច្ច ឬពាណិជ្ជកម្ម ឬរដ្ឋាភិបាលធ្វើឲ្យយើងបរាជ័យ ។ ប៉ុន្ដែមានរឿងមួយ ទោះក្នុងពេលនេះ ឬភាពដ៏នៅអស់កល្បជានិច្ចក្ដី គឺ មិន ដែលធ្វើឲ្យយើងបរាជ័យនោះឡើយ—គឺសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។
( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ៣៣៦–៣៣៧ )