កូរិនថូស ទី២ ៧
« ដ្បិតអ្នករាល់គ្នាបានកើតទុក្ខព្រួយបែបដែលគាប់ព្រះហឫទ័យដល់ព្រះ »
វាអាចជាការលំបាកក្នុងការដឹងថា តើយើងបានប្រែចិត្តពេញលេញឬអត់ ។ តើអ្នកធ្លាប់ស្មុគស្មាញដើម្បីដឹងថាតើអ្នកបានប្រែចិត្តពេញលេញឬអត់ដែរឬទេ ? នៅក្នុងសំបុត្រដំបូងរបស់លោកទៅកាន់ក្រុងកូរិនថូស សាវកប៉ុលបានប្រដៅពួកបរិសុទ្ធនៅក្រុងកូរិនថូសមួយចំនួនចំពោះអំពើបាបរបស់ពួកគេ ។ ដោយអំណរ និងការពេញចិត្តរបស់លោក ក្រោយមកប៉ុលបានទទួលដំណឹងថា ពួកបរិសុទ្ធនៅក្រុងកូរិនថូសបានដកពិសោធន៍នូវការប្រែចិត្តពិតប្រាកដ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីសមាសភាគសំខាន់មួយនៃការប្រែចិត្តពិត ហើយជួយអ្នកឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ
សូមអានសាច់រឿងដូចតទៅនេះ ។ នៅក្នុងកិច្ចសម្ភាសន៍ទទួលបណ្ណ័ចូលព្រះវិហារបរិសុទ្ធ ដើម្បីរៀបអាពាហ៍ពិពាហ៍ មានយុវនារីម្នាក់បានសារភាពពីអំពើបាបពីអតីតកាលរបស់់នាងមួយចំនួនទៅកាន់ប៊ីស្សពរបស់នាង ។ បន្ទាប់ពីការពិភាក្សាក្រោយមកទៀត ប៊ីស្សពនោះបានដឹងថា យុវនារីរូបនោះពុំបានប្រែចិត្តពិតប្រាកដពីអំពើបាបនាងឡើយ ហើយថាអំពើបាបនាងគឺមានសភាពធ្ងន់ធ្ងរល្មម ដែលធ្វើឲ្យនាងគ្មានភាពស័ក្ដិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ ។ ប៊ីស្សពរូបនោះពន្យល់ថា យុវនារីម្នាក់នោះនឹងត្រូវតែរង់ចាំរហូតដល់នាងបានប្រែចិត្តពេញលេញសិន ដើម្បីទទួលបានប័ណ្ណនោះ ។ នាងបានភ័យខ្លាច ហើយក៏ប្រកាសថា នាងបានប្រែចិត្តហើយ ដោយសារនាងមិនបានធ្វើអំពើបាបទាំងនោះយូរមកហើយ ។ ប៊ីស្សពរូបនោះបានពន្យល់ថា ការគ្រាន់តែឈប់ពីអំពើបាបនោះ វាពុំមែនជាការប្រែចិត្តពេញលេញនោះទេ ហើយគាត់អញ្ជើញនាងឲ្យចាប់ផ្ដើមដំណើរការនៃការប្រែចិត្តពិតប្រាកដដោយស្មោះត្រង់ ។
យុវនារីពន្យល់ដល់ប៊ីស្សពថា នាងពិបាកចិត្តខ្លាំងណាស់ ព្រោះនាងបានប្រាប់អ្នកដទៃរួចហើយអំពីពិធីមង្គលការ និងបានរៀបចំផែនការប្រារព្ធពិធីនោះរួចហើយ ។ នាងព្រួយបារម្ភអំពីភាពអាម៉ាស់នៃការពន្យារពេលផែនការរៀបការរបស់នាង និងអំពីរបៀបដែលនាងនឹងប្រាប់គូដណ្តឹង និងឪពុកម្តាយរបស់នាង ។ នាងសួរថា តើមានផ្លូវសម្រាប់នាងដើម្បីឆ្ពោះទៅមុខនូវពិធីមង្គលការដូចដែលបានគ្រោងទុកដែរឬទេ ហើយបន្តធ្វើការតាមរយៈដំណើរការប្រែចិត្តនៅពេលក្រោយ ។
-
ដោយផ្អែកទៅលើការឆ្លើយតបរបស់យុវនារីនោះទៅកាន់ប៊ីស្សព តើអ្វីទៅដែលនាងទំនងជាខ្វល់ខ្វាយខ្លាំងជាងគេបំផុតនោះ ?
-
ហេតុអ្វីបានជាការផ្តោតអារម្មណ៍របស់នាងអាចធ្វើឲ្យវាពិបាកក្នុងការប្រែចិត្តយ៉ាងពេញលេញ ?
សូមសញ្ជឹងគិតពីអ្វីដែលយុវនារីម្នាក់នេះមិនយល់ពេញលេញអំពីការប្រែចិត្ត ។ នៅពេលអ្នកបន្តមេរៀននេះ សូមរកមើលគោលការណ៍ដែលអាចជួយដល់យុវនារីម្នាក់នេះ ។ សូមសញ្ជឹងគិតផងដែរ ប្រសិនបើអ្នកត្រូវការគោលការណ៍នេះនៅក្នុងការប្រែចិត្តផ្ទាល់ខ្លួនរបស់អ្នក ។
សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ
គោលបំណងមួយរបស់ប៉ុលក្នុងការសរសេរសំបុត្រមុនៗរបស់លោកទៅកាន់ពួកកូរិនថូស គឺដើម្បីលើកទឹកចិត្តបុគ្គលមួយចំនួនឲ្យប្រែចិត្ត ។ នៅក្នុងសំបុត្រតាមដានរបស់លោក ប៉ុលបានសរសើរមនុស្សដែលលោកបាននាំឲ្យប្រែចិត្តចំពោះការប្រែចិត្តដោយស្មោះរបស់ពួកគេ ហើយបានបង្រៀនអំពីផ្នែកសំខាន់នៃការប្រែចិត្ត ។
សូមអាន កូរិនថូស ទី២ ៧:៨–១១ ដោយស្វែងរកការយល់ដឹងដែលប៉ុលផ្តល់ជូនអំពីការប្រែចិត្ត ដែលអាចជួយដល់យុវនារីនៅក្នុងសាច់រឿងនោះបាន ។ ( សូមកំណត់ចំណាំថា ពាក្យ ប្រែចិត្ត ដែលប្រើនៅក្នុង ខទី ៨ មានន័យថាសោកស្ដាយ ) ។ អ្នកក៏អាចមានវីដេអូព្រះគម្ពីរប៊ីប « Godly Sorrow Worketh Repentance » ( ១:៤០ ) ផងដែរ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org និងផ្ទៀងតាមព្រះគម្ពីររបស់អ្នក ។
សម្រាប់ការយល់ឃើញពីព្រះគម្ពីរមរមនអំពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ សូមអាន អាលម៉ា ៣៦:១២–១៣; ៤២:២៩ ។
-
តើអ្នកទទួលបានការយល់ដឹងអ្វីខ្លះដែលនឹងមានប្រយោជន៍ដល់យុវនារីនៅក្នុងសាច់រឿងនេះ ?
-
តើការបង្រៀនទាំងនោះអាចនឹងមានប្រយោជន៍យ៉ាងដូចម្ដេចចំពោះអ្នក ?
សេចក្តីពិតមួយដែលអ្នកប្រហែលជាបានរកឃើញគឺថា សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះនាំទៅរកការប្រែចិត្តដោយស្មោះ ។
-
តើការសោកសៅប្រភេទណាទៀតដែលប៉ុលបានលើកឡើងនៅក្នុង ខទី ១០ ?
-
តើអ្នកបានសង្កេតឃើញអ្វីនៅក្នុងសាច់រឿងនេះដែលបង្ហាញពីប្រភេទនៃអារម្មណ៍សោកសៅរបស់យុវនារីនោះ ?
សូមបង្កើតជួរឈរពីរក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នកដោយគូសបន្ទាត់នៅកណ្តាលទំព័រ ។ សូមសរសេរ សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ នៅផ្នែកខាងលើនៃជួរឈរមួយ និង សេចក្ដីព្រួយខាងលោកិយ នៅផ្នែកខាងលើនៃជួរឈរមួយទៀត ។
សូមបន្ថែមគំនិតរបស់អ្នកទៅកាន់សំណួរខាងក្រោម នៅក្រោមចំណងជើងនីមួយៗ ។
-
តើប៉ុលបង្រៀនអ្វីខ្លះនៅក្នុង ខទី ៨–១០ អំពីភាពខុសគ្នារវាងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងសេចក្ដីព្រួយខាងលោកិយ ?
-
តើអ្នកគិតថាមានភាពខុសគ្នាអ្វីបន្ថែមទៀតរវាងសេចក្ដីព្រួយទាំងពីរប្រភេទនេះដែរឬទេ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ហើយរកមើលការយល់ដឹងបន្ថែមអំពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងសេចក្ដីព្រួយខាងលោកិយ ។ សូមបន្ថែមការយល់ឃើញទាំងនេះទៅក្នុងតារាងរបស់អ្នក ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្ដល់និយមន័យនៃសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះនេះ ៖
[ សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះមានន័យថា ] មានអារម្មណ៍សោកសៅ និងវិប្បដិសារីយ៉ាងជ្រាលជ្រៅចំពោះអាកប្បកិរិយាដែលបន្ថែមការឈឺចាប់ និងការរងទុក្ខដល់ព្រះអង្គសង្គ្រោះ នៅពេលដែលព្រលឹងរបស់យើងដកនូវការបដិសេធ ឬការដោះសារចេញ ។ …
ប្រហែលជាការភ្ញាក់រឭកដ៏ធំបំផុតក្នុងជីវិតនេះចំពោះបុត្រាឬបុត្រីនៃព្រះដែលជាចំណុចដ៏សំខាន់បំផុតខាងវិញ្ញាណគឺការដឹងខ្លួនថា ការបង់ថ្លៃរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់អំពើបាបគឺមានពិត ហើយថាការរងទុក្ខរបស់ទ្រង់មិនមែនសម្រាប់តែមនុស្សផ្សេងទេ—ប៉ុន្តែវាក៏សម្រាប់អ្នក និងរូបខ្ញុំផងដែរ !… នៅពេលយើងយល់រឿងខាងវិញ្ញាណថាទ្រង់បានរងទុក្ខសម្រាប់អំពើបាបរបស់យើង នោះយើងមានអារម្មណ៍សោកសៅសម្រាប់ខ្លួនយើង ចំពោះការធ្វើឲ្យទ្រង់ឈឺចាប់ ។ យើងដឹងថាវាជាផ្នែកមួយនៃផែនការនៃព្រះវរបិតាយើង ប៉ុន្តែយើងមានអារម្មណ៍លើសលប់នឹងអំណោយទានដែលទ្រង់កំពុងប្រទានដល់យើង ។ ភាពអស្ចារ្យ ការដឹងគុណ ការថ្វាយបង្គំព្រះអង្គសង្គ្រោះ ដែលបានធ្វើកិច្ចការនេះសម្រាប់យើង នាំយើងឲ្យលុតជង្គង់ ខណៈដែលវិញ្ញាណរបស់យើងពោរពេញដោយសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ។
( នែល អិល អាន់ឌើរសិន The Divine Gift of Forgiveness [ ឆ្នាំ ២០១៩ ] ទំព័រ ១៤៩, ១៥០ )
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះជាគណៈប្រធានទីមួយ បានថ្លែងដូចខាងក្រោមនេះអំពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ៖
សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ បំផុសឲ្យមានការផ្លាស់ប្ដូរ និងក្ដីសង្ឃឹមតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីព្រួយខាងលោកិយ បំផ្លាញយើង ដកយកក្ដីសង្ឃឹម ហើយនាំយើងទៅរកការល្បួងបន្ថែមទៀត ។
សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ នាំទៅរកការប្រែចិត្តជឿ និងការផ្លាស់ប្ដូរដួងចិត្ត ។ វាធ្វើឲ្យយើងស្អប់អំពើបាប ហើយស្រឡាញ់សេចក្ដីល្អ ។ វាលើកទឹកចិត្តយើងឲ្យក្រោកឈរ ហើយដើរក្នុងពន្លឺនៃសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ។ ការប្រែចិត្តពិតគឺការផ្លាស់ប្ដូរ ពុំមែនជាទារុណកម្ម ឬការដាក់ទោសនោះឡើយ ។ មែនហើយ ការសោកស្ដាយ និងវិប្បដិសារីពិតចំពោះការមិនគោរពប្រតិបត្តិ ជារឿយៗមានការឈឺចាប់ ហើយជាជំហានដ៏សំខាន់មួយក្នុងដំណើរការប្រែចិត្តដ៏ពិសិដ្ឋនេះ ។ តែពេលកំហុសនាំទៅរកការស្អប់ ឬការពារខ្លួនឯងពីការក្រោកឈរម្ដងទៀត នោះវាកំពុងរារាំង ជាជាងលើកទឹកចិត្តឲ្យយើងប្រែចិត្ត ។
( សូមមើលឌៀថើរ អេស្វ អុជដូហ្វ « You Can Do It Now! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៥៦ )
សូមទស្សនាវីដេអូ « Repentance Is a Process That Brings Peace » ចាប់ពីនាទីទី ០:០០ ដល់នាទីទី ១:៣៩ ដើម្បីមើលពីរបៀបដែលមនុស្សម្នាក់បានពិពណ៌នាអំពីបទពិសោធន៍របស់នាងជាមួយនឹងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងរបៀបដែលវាបានផ្ដល់ពរដល់ជីវិតរបស់នាង ។
សូមសញ្ជឹងគិតមួយភ្លែតអំពីការខិតខំរបស់អ្នកផ្ទាល់ដើម្បីប្រែចិត្ត ។ សូមពិចារណាពីអ្វីដែលព្រះអង្គសង្គ្រោះទទួលអារម្មណ៍ និងបទពិសោធន៍ក្នុងការរងទុក្ខសម្រាប់អំពើបាបរបស់អ្នក ។ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបើកចិត្តអ្នកឲ្យកាន់តែពេញលេញដើម្បីទទួលអារម្មណ៍អំពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ហើយអញ្ជើញព្រះចេស្តាព្យាបាលរបស់ព្រះអង្គសង្គ្រោះមកក្នុងជីវិតអ្នក ? សូមពិចារណាសរសេរចម្លើយរបស់អ្នកចំពោះសំណួរនេះនៅក្នុងសៀវភៅកំណត់ហេតុ ឬសៀវភៅកត់ត្រាផ្ទាល់ខ្លួន ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើខ្ញុំអាចយល់កាន់តែច្បាស់ពីភាពខុសគ្នារវាងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងសេចក្ដីព្រួយខាងលោកិយដោយរបៀបណា ?
ខណៈកំពុងបម្រើជានាយកតំបន់នៃពួកចិតសិបនាក់ អែលឌើរ ឌី ឆាដ រីឆាដសុន បានថ្លែងថា ៖
ភាពខុសគ្នាដ៏សំខាន់មួយរវាង [ សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងសេចក្ដីព្រួយខាងលោកិយ ] គឺប្រភពរបស់វា ។ សេចក្ដីព្រួយខាងលោកិយត្រូវបានលើកតម្កើងដោយសាតាំង ។ វាគឺជាទុក្ខសោកនៃការជាប់អន្ទាក់ដោយមិនអាចបន្តធ្វើអំពើបាបទៀតបាន ឬងាកមកប្រឆាំងនឹងខ្លួនឯងដោយស្អប់ខ្លួនឯង ឬការមើលងាយខ្លួនឯង ។
ម៉្យាងវិញទៀត សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ គឺជាទុក្ខព្រួយដែលបានប្រទានជាអំណោយទានពីព្រះ ដល់អ្នកដែលមានឆន្ទៈចង់ទទួលយកវា ។ សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះដឹកនាំយើងទៅរកការទទួលស្គាល់យ៉ាងពេញលេញអំពីទំហំនៃអំពើបាបរបស់យើង ប៉ុន្តែជាមួយនឹងចំណេះដឹងថា យើងអាចរួចផុតពីអំពើបាបទាំងនោះបាន ។
( ឌី ឆាដ រីឆាដសុន « Forgiving Oneself » Ensign ខែ មីនា ឆ្នាំ ២០០៧ ទំព័រ ៣២ )
នៅខែ កញ្ញា ឆ្នាំ ២០១៩ ទស្សនារដ្ដី New Era បានបោះពុម្ភព័ត៌មានមួយដែលផ្អែកលើការបង្រៀនរបស់ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលអាចជួយអ្នកឲ្យបែងចែកបន្ថែមទៀតរវាងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងសេចក្តីព្រួយខាងលោកិយ ។ សូមរកវានៅទីនេះ ឌៀថើរ អេហ្វ អុជដូហ្វ « Godly Sorrow » New Era ខែ កញ្ញា ឆ្នាំ ២០១៩ ទំព័រ ៣២–៣៣ ។