ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ១
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យរៀន និងអនុវត្តតាមគោលការណ៍នានាក្នុងការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងដើម្បីជួយអ្នកឲ្យយល់ ហើយអនុវត្តគោលការណ៍ជាក់លាក់នៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលមានបញ្ហាប្រឈមលំបាកៗ និងមានសំណួរកើតឡើង ។
ពេលជួបឧបសគ្គ និងសំណួរកើតឡើង
ក្នុងអំឡុងពេលជីវិតរមែងស្លាប់ យើងទាំងអស់គ្នាជួបប្រទះនឹងឧបសគ្គ និងសំណួរទាំងឡាយដែលមិនងាយស្រួលដោះស្រាយ ។ សូមអានសាច់រឿងដូចតទៅនេះ ខណៈកំពុងគិតអំពីបទពិសោធន៍ស្រដៀងគ្នានេះ អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ធ្លាប់មាន ។
យុវជនម្នាក់មានសំណួរជាច្រើនអំពីគោលនយោបាយសាសនាចក្រ ហើយចាប់ផ្ដើមឆ្ងល់ថាតើសាសនាចក្រពិតដែលឬទេ ។
យុវនារីម្នាក់ឃើញការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលសួរសំណួរអំពីគោលលទ្ធិនៃសាសនាចក្រ ។ ឥឡូវនាងចាប់ផ្ដើមឆ្ងល់អំពីគោលលទ្ធិនោះខ្លួនឯងដែរ ។
យុវនារីម្នាក់ឆ្ងល់ថាតើការអធិស្ឋានពិតជាត្រូវបានឆ្លើយ បន្ទាប់ពីប្អូនប្រុសរបស់នាងបានរងទុក្ខ និងស្លាប់ដោយសារជំងឺ ទោះបីជាមានការអធិស្ឋាន និងពរជ័យដែលបានផ្តល់ឲ្យជំនួសគាត់ក៏ដោយ ។
-
តើវិធីផ្សេងៗទៀតអ្វីខ្លះ ដែលមនុស្សអាចជ្រើសរើសឆ្លើយតប នៅពេលដែលពួកគេប្រឈមមុខនឹងឧបសគ្គ ឬសំណួរដ៏លំបាកៗដូចនេះ ?
សូមចំណាយពេលមួយភ្លែតដើម្បីជញ្ជឹងគិតពីបទពិសោធន៍របស់អ្នកដែលប្រឈមនឹងឧបសគ្គ និងសំណួរលំបាកៗ ។ វាអាចជាប្រយោជន៍ ដើម្បីគិតអំពីសំណួរដូចតទៅនេះនេះ ៖ តើអ្នកមានជោគជ័យក្នុងការស្វែងរកចម្លើយដែរឬទេ ? តើអ្វីទៅដែលបានជួយអ្នកស្វែងរកភាពសុខសាន្ត ? តើអ្វីដែលមិនបានជួយ ?
-
តើមានសំណួរ ឬឧបសគ្គអ្វីខ្លះដែលអ្នកមាន ( ឬដែលមនុស្សផ្សេងៗទៀតដែលអ្នកស្គាល់មាន ) ដែលមិនងាយស្រួលដោះស្រាយ ?
-
ហេតុអ្វីអ្នកគិតថា ព្រះវរបិតាសួគ៌អនុញ្ញាតឲ្យយើងមានសំណួរដែលមិនទាន់បានដោះស្រាយ ជាជាងតែងតែផ្តល់ចម្លើយដល់យើងជានិច្ច ?
ពេលមានសំណួរកើតឡើង វាសំខាន់ក្នុងការចងចាំថា ព្រះអម្ចាស់ជំរុញឲ្យយើងសួរសំណួរ និងស្វែងរកចម្លើយ ( សូមមើល ម៉ាថាយ ៧:៧–៨; យ៉ាកុប ១:៥–៦; គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១ ) ។ ការសួរសំណួរ និងការស្វែងរកចម្លើយគឺជាផ្នែកដ៏សំខាន់មួយនៃការខិតខំរបស់យើងដើម្បីរៀនសេចក្ដីពិត បន្ទាប់មកដោយអនុវត្ត និងរស់នៅតាមអ្វីដែលយើងបានរៀននៅក្នុងដំណើររបស់យើងដើម្បីក្លាយទៅដូចជាព្រះអង្គសង្រ្គោះ និងព្រះវរបិតាសួគ៌របស់យើង ។
គោលការណ៍បីយ៉ាងដែលអាចដឹកនាំយើងនៅពេលយើងព្យាយាមដោះស្រាយសំណួរ ឬបញ្ហានានា ហើយរីកចម្រើនក្នុងការយល់ដឹងរបស់យើងអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ច រួមមាន ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
គោលការណ៍ទាំងបីនេះអាចមានសារៈសំខាន់ដើម្បីប្រើប្រាស់ នៅពេលអ្នកប្រឈមនឹងសំណួរ និងកង្វល់ទាំងឡាយដែលមិនងាយស្រួលដោះស្រាយ ឬនៅពេលអ្នកជួបការសាកល្បង ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
មេរៀននេះមានបំណងជួយអ្នកឲ្យយល់ពីគោលការណ៍ដូចតទៅនេះ ៖ នៅពេលយើងធ្វើសកម្មភាពដោយសេចក្តីជំនឿ នោះព្រះអម្ចាស់ប្រទានសេចក្ដីសុខ និងកម្លាំងដល់យើង ខណៈដែលយើងស្វែងរកចម្លើយចំពោះសំណួរ និងកង្វល់ទាំងឡាយរបស់យើង ។
សូមធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅអំពីអត្ថន័យនៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿ ដោយបញ្ចប់សកម្មភាពរៀនសូត្រខាងក្រោមនេះ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការសិក្សាជាមួយនរណាម្នាក់ទៀត ដើម្បីអ្នកអាចអនុវត្តការពន្យល់ពីការយល់ដឹងរបស់អ្នក និងរៀនពីអ្នកដទៃទៀត ។
តើការធ្វើសកម្មភាពដោយសេចក្ដីជំនឿមានន័យដូចម្ដេច ?
សូមអាន ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) « ការទទួលបានចំណេះខាងវិញ្ញាណ » កថាខណ្ឌទី ១–២ និង ៥–៧ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ នៅពេលអ្នកសិក្សា សូមរកមើលអត្ថន័យនៃការធ្វើសកម្មភាពដោយសេចក្តីជំនឿ និងអ្វីដែលអាចជួយអ្នកឲ្យអនុវត្តគោលការណ៍នេះ នៅពេលអ្នកមានសំណួរ ។
សេចក្តីជំនឿពុំមែនកើតមានចំពោះយើងដោយចៃដន្យ ឬនៅជាប់នឹងយើងដោយសារតែមរតករបស់បងច្បងឡើយ ។ … សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជាអំណោយមួយពីស្ថានសួគ៌ដែលប្រទានមក នៅពេលយើងជ្រើសរើសជឿ និងនៅពេលយើងស្វះស្វែងរកវា ហើយតោងជាប់នឹងវា ។ អនាគតនៃសេចក្តីជំនឿរបស់អ្នក គឺពុំមែនកើតមកពីភាពចៃដន្យនោះទេ ប៉ុន្តែមកពីជម្រើសវិញ ។
សេចក្តីជំនឿពុំទាមទារនូវចម្លើយចំពោះគ្រប់សំណួរនោះទេ ប៉ុន្តែវាស្វែងរកការបញ្ជាក់ និងការលើកទឹកចិត្តឲ្យឈានឆ្ពោះទៅមុខ ទោះបីជាពេលខ្លះយើងអាចទទួលស្គាល់ថា « ខ្ញុំពុំចេះគ្រប់យ៉ាងនោះទេ ប៉ុន្តែខ្ញុំដឹងគ្រប់គ្រាន់ ដើម្បីបន្តដើរនៅលើផ្លូវនៃភាពជាសិស្ស » ។
ការបន្តជ្រមុជខ្លួនឯងនៅក្នុងមន្ទិលសង្ស័យឥតឈប់ឈរ នឹងធ្វើឲ្យសេចក្តីជំនឿរបស់មនុស្សម្នាក់លើព្រះយេស៊ូវគ្រីស្ទ និងការស្តារឡើងវិញទន់ខ្សោយ ដោយសារចម្លើយមកពីមនុស្សដែលមានជំនឿតិច និងមនុស្សដែលគ្មានជំនឿ ។ « មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ » [ កូរិនថូស ទី១ ២:១៤ ] ។ …
ទោះបីជាភ្លើងនៃសេចក្តីជំនឿដំបូងរបស់អ្នកអាចមានតិចតួចក្តី ជម្រើសសុចរិតនាំមកនូវទំនុកចិត្តកាន់តែខ្លាំងលើព្រះ ហើយសេចក្តីជំនឿរបស់អ្នករីកចម្រើន ។
( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៥–៦៧ ) ។
-
ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅពេលយើងមានសំណួរ និងកង្វល់នោះ ?
-
តើអ្នកបានរៀនអ្វីខ្លះពីអត្ថបទអំណានទាំងនេះ អំពីអត្ថន័យនៃការធ្វើសកម្មភាពដោយសេចក្តីជំនឿ ?
សូមរំឭកពីសំណួរ និងឧបសគ្គលំបាកៗដែលអ្នកកំពុងប្រឈម ឬពិនិត្យមើលសាច់រឿងនានាចាប់តាំងពីដើមមេរៀនមក ។ ដោយទុកសាច់រឿងមួយក្នុងចំណោមសាច់រឿងទាំងនេះនៅក្នុងគំនិត សូមហាត់អនុវត្តនូវអ្វីដែលអ្នកបានរៀនអំពីការធ្វើសកម្មភាពដោយសេចក្ដីជំនឿ ដោយឆ្លើយតបយ៉ាងលម្អិតតាមដែលអ្នកអាចធ្វើទៅបានចំពោះសំណួរខាងក្រោមនេះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
តើវាខុសឬ ប្រសិនបើមានសំណួរអំពីដំណឹងល្អនោះ ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៃគណៈប្រធានទីមួយបានបង្រៀនអំពីតម្លៃនៃសំណួរដ៏ស្មោះត្រង់ ៖
ជាធម្មតាទេដែលមានសំណួរនោះ—គ្រាប់ពូជនៃសំណួរស្មោះត្រង់តែងលេចពន្លកឡើង និងលូតលាស់ជាដើមឈើយល់ដឹងមួយដ៏ធំ ។ មានសមាជិកខ្លះពុំស្វិតស្វាញនឹងសំណួរប្រាកដប្រជា ឬធ្វើឲ្យអន់ចិត្តឡើយនៅពេលមួយ ឬផ្សេងទៀត ។ គោលបំណងនៃសាសនាចក្រគឺបីបាច់ និងបណ្ដុះគ្រាប់ពូជនៃសេចក្ដីជំនឿ—សូម្បីពេលខ្លះជាដីខ្សាច់នៃមន្ទិល និងភាពមិនប្រាកដក្ដី ។ សេចក្ដីជំនឿគឺត្រូវសង្ឃឹមលើការណ៍ដែលមើលពុំឃើញ តែពិត ។
ដូច្នេះ ប្អូនៗប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ—មិត្តជាទីស្រឡាញ់ខ្ញុំអើយ—ទីមួយសូមសង្ស័យពីមន្ទិលរបស់អ្នកពីមុនសង្ស័យចំពោះសេចក្ដីជំនឿអ្នក ។ យើងពុំត្រូវអនុញ្ញាតឲ្យមន្ទិលចាប់យើងជាអ្នកទោស ហើយបញ្ចៀសយើងពីសេចក្ដីស្រឡាញ់ព្រះ ភាពសុខសាន្ត និងអំណោយទាន ដែលបានមកពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទជាដាច់ខាត ។
( ឌៀថើរ អេស្វ អុជដូហ្វ « Come, Join with Us » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២៣ )
តើខ្ញុំអាចបង្កើនសមត្ថភាពរបស់ខ្ញុំក្នុងការធ្វើសកម្មភាពដោយសេចក្ដីជំនឿយ៉ាងដូចម្ដេច ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីដំណើរការមួយ ដែលយើងអាចធ្វើដើម្បីបង្កើនជំនឿរបស់យើង ៖
សេចក្ដីជំនឿរបស់យើងចម្រើនឡើងគ្រប់ពេល ដែលយើង អនុវត្ត សេចក្ដីជំនឿរបស់យើងទៅលើទ្រង់ ។ នោះគឺជាអត្ថន័យនៃការរៀនសូត្រដោយសារសេចក្ដីជំនឿ ។
ឧទាហរណ៍ ៖ រាល់ពេលដែលយើងមានជំនឿដើម្បីគោរពតាមក្រឹត្យវិន័យរបស់ទ្រង់—ទោះជាពេលដែលគំនិតលោកិយមិនឲ្យតម្លៃយើង—ឬរាល់ពេលដែលយើងមិនព្រមធ្វើតាមការកម្សាន្ដ ឬជំនឿដែលធ្វើឡើងដើម្បីបំបាក់សេចក្ដីសញ្ញា នោះយើងកំពុង អនុវត្ត សេចក្ដីជំនឿរបស់យើង ដែលនឹងនាំឲ្យ ចម្រើន សេចក្ដីជំនឿរបស់យើងហើយ ។
( រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥ )
សាច់រឿងជីវិតពិតរបស់បុគ្គលទាំងឡាយដែលធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមពិចារណាក្នុងការមើលវីដេអូមួយ ឬទាំងពីរខាងក្រោមនេះ ដោយស្វែងរកអ្វីដែលអ្នកអាចរៀនពីបុគ្គលទាំងនេះ ដែលអាចជួយអ្នកឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅពេលអ្នកមានសំណួរ ឬឧបសគ្គ លំបាកៗ ។