លូកា ១:៣៩–៧៩
មានសេចក្តីរីករាយ ក៏ពោលសរសើរដល់ព្រះ
អំឡុងពេលមានគភ៌ព្រះយេស៊ូវ ម៉ារាបានទៅជួបបងប្អូនជីដូនមួយរបស់នាង ឈ្មោះអេលីសាបិត ហើយមានសេចក្តីរីករាយជាមួយនឹងនាងក្នុងសេចក្តីល្អរបស់ព្រះ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សស្គាល់សេចក្ដីល្អរបស់ព្រះ និងពោលសរសើរសេចក្ដីល្អនោះ ។
-
ហេតុអ្វីអ្នកគិតថា យើងច្រៀងទំនុកតម្កើងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជាផ្នែកមួយនៃការថ្វាយបង្គំរបស់យើងដល់ទ្រង់ទាំងទ្វេ ?
-
តើទំនុកតម្កើង ឬឃ្លាមួយណាចេញពីទំនុកតម្កើង ដែលបង្ហាញពីសេចក្ដីល្អរបស់ទ្រង់ទាំងទ្វេ ?
សូមចំណាយពេលបន្តិចដើម្បីគិតពីអារម្មណ៍របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមសញ្ជឹងគិតពីហេតុផលដែលអ្នកត្រូវពោលសរសើរទ្រង់ទាំងទ្វេ និងភាពញឹកញាប់ដែលអ្នកបង្ហាញអារម្មណ៍របស់អ្នកអំពីទ្រង់ទាំងទ្វេ ។
នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសគិតកាន់តែច្បាស់អំពីមូលហេតុ និងវិធីដែលអ្នកអាចពោលសរសើរព្រះ ហើយរីករាយនឹងព្រះជន្ម និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។
ម៉ារា និងអេលីសាបិត រីករាយនឹងសេចក្ដីល្អរបស់ព្រះជាមួយគ្នា
ខណៈពេល ម៉ារា មានគភ៌ព្រះយេស៊ូវ នាងបានទៅលេង អេលីសាបិត ដែលជាបងជីដូនមួយរបស់នាងដែលមានផ្ទៃពោះ ប្រកបដោយអព្ភូតហេតុដែរ ។ នៅពេល ម៉ារា បានមកដល់ កូនរបស់ អេលីសាបិត ដែលនឹងក្លាយជា យ៉ូហាន បាទីស្ទ « នៅក្នុងពោះ [ របស់ អេលីសាបិត ] ក៏បង្រះដោយសេចក្តីអំណរ » ( លូកា ១:៤៤ ) ។ អព្ភូតហេតុនេះបានបង្កើតជាការសន្ទនារវាង ម៉ារា និងអេលីសាបិត ដែលម៉ារាបានរីករាយពោលសរសើរដល់ព្រះ ។
សូមអាន លូកា ១:៤៦–៥៥ ។ នៅពេលអ្នកសិក្សាពាក្យសម្ដីរបស់ ម៉ារា សូមផ្អាក និងគិតពិចារណាពីអត្ថន័យនៃពាក្យ ឬឃ្លាជាក់លាក់ទាំងឡាយ ។ ការផ្អាក និងការសញ្ជឹងគិតពិចារណាអាចអញ្ជើញការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យយល់ពីបទគម្ពីរកាន់តែស៊ីជម្រៅ ។ ឧទាហរណ៍ អ្នកអាចផ្អាកនៅពាក្យ « ទាប » ឬ « បាវបម្រើ » នៅក្នុង ខទី ៤៨ ។ ពាក្យទាំងនេះអាចផ្តល់នូវការយល់ដឹងអំពីការបន្ទាបខ្លួន និងការគោរពរបស់ ម៉ារា ចំពោះព្រះ ។ ពាក្យនៅក្នុងខគម្ពីរនេះអាចជួយអ្នកឲ្យឃើញថា ព្រះស្គាល់ និងស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ដោយមិនគិតពីស្ថានភាពរបស់ពួកគេឡើយ ។ ប្រសិនបើវាមានអត្ថប្រយោជន៍ សូមពិចារណារកមើលអត្ថន័យនៃពាក្យដែលអ្នកមិនយល់ ដោយប្រើវចនានុក្រម ឬសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ដែលមាននៅលើ ChurchofJesusChrist.org ។
-
តើពាក្យណាដែលអ្នកឈប់ដើម្បីគិតអំពីវា ? តើអ្នកបានរៀនអ្វីខ្លះ ?
-
តើសេចក្តីពិតអ្វីខ្លះអំពីព្រះដែលអ្នករៀនពីទីបន្ទាល់របស់ម៉ារា ?
យើងអាចរីករាយនៅក្នុងសេចក្ដីល្អរបស់ព្រះ
សេចក្ដីពិតមួយដែលយើងអាចរៀនពីបទពិសោធន៍របស់ ម៉ារា គឺថា នៅពេលយើងពិចារណាពីឥទ្ធិពលរបស់ព្រះក្នុងជីវិតយើង នោះយើងអាចរីករាយបាន ។
-
ហេតុអ្វីបានជាអ្នកគិតថា ការទទួលស្គាល់ព្រះពររបស់ព្រះក្នុងជីវិតរបស់អ្នកអាចជួយឲ្យអ្នកមានអំណរ ?
អែលឌើរ ឌែល ជី រេនឡាន់ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែករំលែកពីរបៀបដែលការចងចាំសេចក្ដីល្អរបស់ព្រះបានប្រទានពរដល់លោក ។
កាលខ្ញុំពិចារណាពីអំណោយទានមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់យើង ខ្ញុំបានដឹងពីសេចក្ដីស្រឡាញ់ដ៏និរន្ដរ៍របស់ទ្រង់ ព្រមទាំងសេចក្ដីមេត្តាករុណាដ៏មិនអាចយល់បានរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់ [ សូមមើល នីហ្វៃទី២ ២៦:៣៣ ] ។ ចំណេះដឹងនេះបានផ្លាស់ប្ដូរខ្ញុំ ហើយវានឹងផ្លាស់ប្ដូរបងប្អូនផងដែរ ។
( ឌែល ជី រេនឡាន់ « Consider the Goodness and Greatness of God » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤៤ )
សូមបំពេញជំហានខាងក្រោមដើម្បីជួយអ្នកឲ្យស្គាល់ពីព្រះពររបស់ព្រះវរបិតាសួគ៌ និងពោលពាក្យសរសើរទ្រង់ចំពោះសេចក្ដីល្អរបស់ទ្រង់ ។
ជំហានទី ១ ៖
សូមពិចារណាពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ។
-
តើពរជ័យអ្វីខ្លះពីព្រះវរបិតាសួគ៌ដែលអ្នកមានអំណរគុណបំផុត ?
-
តើពរជ័យទាំងនេះជួយឲ្យអ្នកយល់ពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអ្វីខ្លះ ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍រីករាយ ដោយសារតែការស្គាល់ពីពរជ័យរបស់ព្រះសម្រាប់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ?
-
តើដំណើររឿង ឬខគម្ពីរណាខ្លះដែលជួយអ្នកឲ្យចង់ពោលសរសើរព្រះ ?
ជំហានទី ២ ៖ សូមជ្រើសរើសរបៀបដែលអ្នកនឹងពោលសរសើរព្រះ ។ នេះគឺជាគំនិតមួយចំនួនដែលអ្នកអាចជ្រើសរើសបាន ៖
-
និពន្ធកំណាព្យ ឬចម្រៀង ។
-
គូររូបភាព ។
-
ថ្វាយការអធិស្ឋានដោយការដឹងគុណ ។
-
ថ្លែងទីបន្ទាល់របស់អ្នកទៅកាន់នរណាម្នាក់ ។
-
សរសេរនៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ។
-
ចែករំលែកអារម្មណ៍របស់អ្នកអំពីព្រះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
អ្នកក៏អាចប្រើគំនិតផ្ទាល់ខ្លួនរបស់អ្នកផងដែរ ។ នៅពេលដែលអ្នកបានធ្វើការជ្រើសរើសរួចហើយ សូមចាប់ផ្តើមធ្វើសកម្មភាព ។ ប្រសិនបើមិនអាចចាប់ផ្តើមឥឡូវនេះទេ សូមសរសេរផែនការលម្អិតនៃអ្វីដែលអ្នកនឹងធ្វើ ។ ឧទាហរណ៍ ប្រសិនបើអ្នកចង់ថ្វាយការអធិស្ឋាននៃអំណរគុណ នោះអ្នកអាចសរសេរពីពេលវេលា និងទីកន្លែងដែលអ្នកនឹងអធិស្ឋាន និងអ្វីដែលអ្នកអាចថ្លែងអំណរគុណ ។ អ្នកអាចចែកចាយគំនិតរបស់អ្នកជាមួយឪពុក ឬម្តាយ ឬថ្នាក់ដឹកនាំក្នុងសាសនាចក្រដែលអាចរំឭកអ្នកឲ្យអនុវត្តផែនការរបស់អ្នកបាន ។
១ . សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក នូវការពិពណ៌នាអំពីអ្វីដែលអ្នកបានធ្វើដើម្បីពោលសរសើរដល់ព្រះ និងមូលហេតុដែលអ្នកជ្រើសរើសវិធីនេះ ។
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
លូកា ១:៤៦–៥៥
។; ហេតុអ្វី ម៉ារា ពោលសរសើរព្រះអម្ចាស់ ?
ខទី ៤៦–៥៥ នៃគម្ពីរ លូកា ១ ត្រូវបានស្គាល់តាំងពីបុរាណថាជាបទចម្រៀងរបស់ ម៉ារា ។ ការពោលសរសើរតម្កើងទាំងនេះផ្សារភ្ជាប់ការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទជាមួយអតីតកាលដ៏ពិសិដ្ឋរបស់អ៊ីស្រាអែល ។ ពាក្យទាំងនេះអបអរដល់សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ម្តងហើយម្តងទៀត ដើម្បីឈោងទៅប្រទានពរ និងលើកតម្កើងប្រជាជនរបស់ទ្រង់—ជាពិសេសអស់អ្នកដែល « រាបសា » ( លូកា ១:៥២ ) ។
លូកា ១:៥៣
។; តើព្រះចម្អែត « មនុស្សស្រេកឃ្លានដោយសេចក្ដីល្អ » យ៉ាងដូចម្ដេច ?
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យមករកទ្រង់ ហើយបានចម្អែតដោយ ៖
ខ្ញុំសូមអធិស្ឋាននៅព្រឹកនេះថា អស់អ្នកដែលស្រេកឃ្លាន ហើយពេលខ្លះវង្វេង នឹងឮការអញ្ជើញនេះពីទ្រង់ដែលជានំបុ័ងនៃជីវិត ជាប្រភពទឹកនៃជីវិត ជាអ្នកគង្វាលល្អរបស់យើងទាំងអស់គ្នា ជាព្រះរាជបុត្រានៃព្រះ ៖ « អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ ចូរមករកខ្ញុំ ! … នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា » [ ម៉ាថាយ ១១:២៨–២៩ ] ។ ប្រាកដណាស់ ទ្រង់បានចម្អែតដល់ « មនុស្សស្រេកឃ្លានដោយសេចក្ដីល្អ » ដូចដែលម៉ារាជាមាតាផ្ទាល់របស់ទ្រង់បានថ្លែងទីបន្ទាល់ [ លូកា ១:៥៣ ] ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការអញ្ជើញមក ហើយបរិភោគនៅតុរបស់ព្រះអម្ចាស់ដែលជាសាសនាចក្រពិត និងសកម្មរបស់ទ្រង់ ត្រូវការដឹកនាំដោយព្យាការីពិត និងកំពុងនៅរស់ ។
( ជែហ្វ្រី អ័រ ហូឡិន « He Hath Filled the Hungry with Good Things » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៦៦ )
តើមានអ្វីអាចកើតឡើង នៅពេលយើងចងចាំដល់សេចក្ដីល្អរបស់ព្រះ ?
អែលឌើរ ឌីន អិម ដេវីស នៃពួកចិតសិបនាក់បានបង្រៀនដូចខាងក្រោមនេះអំពីអ្វីដែលនឹងកើតឡើង នៅពេលយើងស្គាល់ពីរបៀបដែលព្រះកំពុងប្រទានពរដល់យើង ៖
រៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃឈប់សម្រាក យើងមានឱកាសដ៏ពិសេសដើម្បីដកពិសោធន៍នូវភាពអស្ចារ្យនៃស្ថានសួគ៌ ហើយថ្វាយការសរសើររបស់យើងចំពោះព្រះសម្រាប់ព្រះទ័យសប្បុរស និងសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់ទ្រង់ ។ …
កាលយើងថ្វាយបង្គំ ចិត្តយើងសរសើរតម្កើងព្រះទាំងថ្ងៃទាំងយប់ ។
យើងគោរពទ្រង់ជាបន្តបន្ទាប់—នៅក្នុងសាលាប្រជុំ ផ្ទះ ព្រះវិហារបរិសុទ្ធ និងរាល់កិច្ចការរបស់យើង ។
នៅពេលយើងថ្វាយបង្គំ យើងបើកដួងចិត្តរបស់យើងចំពោះអំណាចនៃការព្យាបាលនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ជីវិតយើងក្លាយជាភស្តុតាង និងការស្តែងឲ្យឃើញនៃការថ្វាយបង្គំរបស់យើង ។
( ឌីន អិម ដេវីស « The Blessings of Worship » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៥–៩៥ ) ។