វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១
ម៉ាថាយ ១–២; លូកា ១–២; យ៉ូហាន ១
នេះជាមេរៀនដំបូងនៃមេរៀនវាយតម្លៃតាមកាលកំណត់ជាច្រើន ដែលអ្នកនឹងចូលរួមពេញមួយការសិក្សារបស់អ្នកក្នុងព្រះគម្ពីរសញ្ញាថ្មី ។ មេរៀនទាំងនេះមានបំណងដើម្បីជួយ អ្នកឲ្យវាយតម្លៃពីគោលដៅ ការរៀនសូត្រ និងការរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នក ។
គោលបំណងនៃមេរៀនវាយតម្លៃ
សូមគូររូបភាពរុក្ខជាតិសាមញ្ញមួយតាមដំណាក់កាលលូតលាស់របស់វាខុសៗគ្នា ។ រូបភាពដែលបានបង្ហាញនេះអាចជួយអ្នកបាន ។ ពេលអ្នកគូររូបនេះ សូមពិចារណាពីរបៀបដែលអ្នកនឹងឆ្លើយសំណួរខាងក្រោមនេះ ។ នៅពេលអ្នកគូររូបរួចហើយ សូមសរសេរចម្លើយរបស់អ្នកចំពោះសំណួរនេះនៅលើក្រដាសដដែល ។
-
តើការរីកចម្រើនខាងវិញ្ញាណរបស់អ្នកស្រដៀងគ្នានឹងការលូតលាស់របស់រុក្ខជាតិយ៉ាងដូចម្តេច ?
ប្រធាន អិម រ័សុល បាឡឺដ ប្រធានស្តីទីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីសកម្មភាពមួយចំនួនដែលយើងអាចធ្វើបាន ដើម្បីបង្កើនការរីកចម្រើនខាងវិញ្ញាណរបស់យើង ហើយផ្តោតលើគោលដៅដ៏នៅអស់កល្បជានិច្ចរបស់យើង ៖
អស់ជាច្រើនឆ្នាំមកហើយ ខ្ញុំបានអង្កេតឃើញថា អស់អ្នកដែលសម្រេចបានកិច្ចការច្រើនបំផុតក្នុងពិភពលោកនេះ គឺជាអ្នកដែលមានទស្សនវិស័យសម្រាប់ជីវិតខ្លួន ដោយមានគោលដៅផ្តោតលើទស្សនវិស័យ និងយុទ្ធសាស្ត្ររបស់ខ្លួនអំពីរបៀបធ្វើកិច្ចការ ដើម្បីឲ្យសម្រេចបានគោលដៅទាំងនោះ ។ ការដឹងពីទីកន្លែងដែលអ្នកនឹងទៅ និងរបៀបដែលអ្នករំពឹងថាទៅដល់ទីនោះ អាចនាំឲ្យជីវិតមានន័យ មានគោលបំណង និងមានការសម្រេចបាន ។ …
ការ ត្រឡប់ ទៅកាន់ទីវត្តមាន [ របស់ព្រះ ] វិញ និងការ ទទួល ពរជ័យដ៏នៅអស់កល្បជានិច្ច ដែលកើតមកពីការចុះ ហើយរក្សាសេចក្តីសញ្ញាគឺជាគោលដៅសំខាន់បំផុតដែលយើងអាចកំណត់បាន ។ …
ខ្ញុំបានឃើញថា ដើម្បីបន្តផ្តោតលើ ការត្រឡប់ទៅវិញ និង ការទទួល ពរជ័យដែលបានសន្យា នោះខ្ញុំត្រូវតែចំណាយពេលជាទៀងទាត់សួរខ្លួនខ្ញុំថា « តើខ្ញុំធ្វើបានប៉ុណ្ណាហើយ ? »
វាដូចជាការសម្ភាសមួយផ្ទាល់ខ្លួន ជាឯកជនជាមួយខ្លួនឯង ។ ហើយប្រសិនបើវាស្ដាប់ទៅដូចជាចម្លែកនោះ ចូរគិតអំពីសំណួរនេះ ៖ តើមាននរណានៅក្នុងលោកនេះ ដែលស្គាល់បងប្អូនច្បាស់ជាងខ្លួនបងប្អូននោះ ? បងប្អូនស្គាល់គំនិត សកម្មភាពឯកជន បំណងប្រាថ្នា និងក្តីសុបិនខ្លួនឯង គោលដៅ និងផែនការខ្លួនឯង ។ ហើយបងប្អូនស្គាល់ពីរបៀបដែលបងប្អូនរីកចម្រើននៅលើផ្លូវនៃ ការត្រឡប់ និង ការទទួល ជាងនរណាៗទាំងអស់ ។
( អិម រ័សុល បាឡឺដ « Return and Receive » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៤ )
-
តើអ្នកបានរៀនអ្វីខ្លះពីប្រធាន បាឡឺដ អំពីការវាស់ស្ទង់ការរីកចម្រើនខាងវិញ្ញាណជាទៀងទាត់ ?
ដើម្បីជួយអ្នកឲ្យវាស់ដឹងពីការរីកចម្រើនរបស់អ្នកជាទៀងទាត់ នោះមេរៀនខ្លះៗរបស់អ្នកនឹងដើរតួជាការវាយតម្លៃលើការរៀនសូត្រ ។ មេរៀនទាំងនេះអាចត្រូវបានចាត់ទុកថាជាឱកាសដើម្បីសញ្ជឹងគិត និងអបអរដល់របៀបដែលអ្នកបានរៀនសូត្រ និងកែលម្អ ។ មេរៀនទាំងនេះក៏អាចជាឱកាស ដើម្បីកំណត់ពីអ្វីដែលអ្នកនៅតែត្រូវរៀនសូត្រ ឬរបៀបដែលអ្នកនៅតែអាចកែលម្អបាន ។
ការមករកព្រះយេស៊ូវគ្រីស្ទ និងការក្លាយជាសិស្សរបស់ទ្រង់
គោលបំណងដ៏សំខាន់មួយនៃថ្នាក់សិក្ខាសាលាគឺ ដើម្បីជួយអ្នកឲ្យមករកព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែពេញលេញ និងក្លាយជាសិស្សរបស់ទ្រង់ ឬជាអ្នកដើរតាមទ្រង់ ។ ការស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាព្រះគម្ពីររបស់យើង និងវិវរណៈផ្ទាល់ខ្លួន គឺជាធាតុផ្សំដ៏សំខាន់នៃការដើរតាមព្រះយេស៊ូវគ្រីស្ទ ។
សូមចំណាយពេលពីរបីនាទី ដើម្បីវាយតម្លៃលើការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងការខិតខំរបស់អ្នកដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន ។ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នេះគឺជាសំណួរមួយចំនួនដើម្បីជួយអ្នកឲ្យវាយតម្លៃ ៖
-
តើការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នកដំណើរការយ៉ាងដូចម្ដេចដែរ ? តើអ្នកបានកែលម្អសមត្ថភាពរបស់អ្នកត្រង់ណាខ្លះ ដើម្បីសិក្សា និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ? តើផ្នែកមួយណានៃការសិក្សាព្រះគម្ពីររបស់អ្នកដែលពិបាក ឬមិនដំណើរការល្អ ដែលអ្នកចង់កែលម្អនោះ ?
-
តើអ្នកមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធបង្រៀន ឬបំផុសគំនិតដល់អ្នកនៅឆ្នាំនេះតាមរបៀបណា ? តើអ្នកមានសំណួរអ្វីខ្លះអំពីការទទួលវិវរណៈផ្ទាល់ខ្លួន ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកឱកាសបន្ថែមទៀត ដើម្បីស្ដាប់ឮព្រះសូរសៀងនៃព្រះវិញ្ញាណ ?
បង្ហាញការរៀនសូត្ររបស់អ្នក
សូមជ្រើសរើសធ្វើសកម្មភាពមួយ ឬទាំងពីរនៃសកម្មភាពខាងក្រោមនេះ ដើម្បីបង្ហាញពីអ្វីដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់ចេញពីការសិក្សារបស់អ្នកនៅក្នុង ម៉ាថាយ ១ – ២ ; លូកា ១ – ២ និង យ៉ូហាន ១ ។ អ្នកអាចមើលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកឡើងវិញ ដើម្បីរំឭកអ្នកអំពីសេចក្ដីពិតដែលអ្នកបានរៀនសូត្រ ។
ជម្រើស ក ៖ គំនូរមួយដែលអញ្ជើញមនុស្សដទៃឲ្យមើលទៅ « នុ៎ះន៍ កូនចៀមនៃព្រះ »
នៅក្នុង យ៉ូហាន ១ យើងអានការអញ្ជើញរបស់ យ៉ូហាន បាទីស្ទ ឲ្យអ្នកដើរតាមគាត់មើលទៅ « នុ៎ះន៍ កូនចៀមនៃព្រះ » ( យ៉ូហាន ១:៣៦ ) ។ អត្ថន័យមួយនៃពាក្យដែល នុ៎ះន៍ គឺត្រូវក្រឡេកទៅមើល កត់សម្គាល់ឬយកចិត្តទុកដាក់លើអ្វីមួយ ឬនរណាម្នាក់ ។
សម្រាប់សកម្មភាពនេះ សូមបង្កើតអ្វីមួយដែលអាចជួយមនុស្សឲ្យមើលទៅ « នុ៎ះន៍ កូនចៀមនៃព្រះ » ឬផ្អាក ហើយពិចារណាអំពីទ្រង់ និងតួនាទីដែលទ្រង់មាននៅក្នុងជីវិតរបស់យើង ។ សូមចាប់ផ្តើមដោយគិតអំពីគុណលក្ខណៈ តួនាទី និងព្រះនាមរបស់ព្រះគ្រីស្ទដែលអ្នកបានរៀន ។ សូមស្វែងរកវគ្គបទគម្ពីរដែលអ្នកបានរៀនពីសេចក្ដីពិតទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាប្រើបទគម្ពីរមួយជាប្រធានបទសម្រាប់អ្វីដែលអ្នកបង្កើត ។ សម្រាប់សកម្មភាពនេះ អ្នកអាចធ្វើគម្រោងមួយនៃគម្រោងខាងក្រោមនេះ ៖
-
គូរបង្កើតអ្វីមួយដែលតំណាងឲ្យគុណលក្ខណៈ តួនាទី ព្រះនាម ឬព្រះបរមងាររបស់ព្រះគ្រីស្ទ ដែលមានអត្ថន័យពិសេសចំពោះអ្នក និងផ្តល់ការពន្យល់ពីអ្វីដែលអ្នកបានគូរនោះ ។
-
កត់ត្រាទុកនូវបទពិសោធន៍ផ្ទាល់ខ្លួនមួយ ដែលបានជួយអ្នកឲ្យយល់កាន់តែស៊ីជម្រៅអំពីព្រះអង្គសង្គ្រោះ ។
-
សុំឲ្យមិត្តរួមថ្នាក់ មិត្តភក្តិ ឬសមាជិកគ្រួសារចែករំលែកអ្វីដែលពួកគេបានឃើញអំពីព្រះគ្រីស្ទ ។ ប្រើគំនិតរបស់ពួកគេដើម្បីគូរគំនូររបស់អ្នក ។ ឧទាហរណ៍មួយចំនួនអាចជា ការសរសេរសៀវភៅកំណត់ហេតុ គំនូរសិល្បៈ ឬវីដេអូដែលបានកែសម្រួលនូវអ្វីដែលពួកគេចែករំលែក ។
ជម្រើស ខ ៖ ការណែនាំអំពីព្រះយេស៊ូវគ្រីស្ទ
ធ្វើបញ្ជីរាយព្រះបរមងារចំនួនបីរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកនឹងប្រើដើម្បីណែនាំនរណាម្នាក់ឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ។ កំណត់ និងដកស្រង់វគ្គបទគម្ពីរដែលអ្នកបានរកឃើញ ។ រួមបញ្ចូលការពន្យល់ខ្លីមួយអំពីអត្ថន័យនៃព្រះបរមងារនីមួយៗ និងរបៀបដែលជីវិតរបស់បុគ្គលម្នាក់អាចមានភាពខុសគ្នា ប្រសិនបើពួកគេស្គាល់ពីសារៈសំខាន់នៃព្រះបរមងារទាំងនេះ ។
រួមបញ្ចូលដំណើររឿងមួយក្នុងព្រះគម្ពីរ ឬបទពិសោធន៍ផ្ទាល់ខ្លួន ដែលព្រះអង្គសង្គ្រោះបង្ហាញពីព្រះបរមងារនីមួយៗដែលអ្នកបានជ្រើសរើសនោះ ។ ឧទាហរណ៍ អ្នកអាចសរសេរព្រះបរមងារ « អេម៉ាញូអែល » ដែលមានន័យថា « ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ » ( ម៉ាថាយ ១:២៣ ) ។ អ្នកអាចកំណត់ពីគ្រានៅក្នុងជីវិតរបស់អ្នក ឬជីវិតអ្នកដទៃដែលព្រះអង្គសង្គ្រោះបានគង់នៅ « ជាមួយ » អ្នក ឬពួកគេ ។
សកម្មភាពនេះអាចធ្វើបានតាមរយៈការបង្ហាញបែបសិល្បៈ ( ដូចជាការគូររូប ផ្ទាំងគំនូរ ឬរូបចម្លាក់ ) ឬគ្រាន់តែជាការសរសេររៀបរាប់ ។ សូមពិចារណារកមើលវិធីដើម្បីបន្តស្វែងរកព្រះបរមងាររបស់ព្រះអង្គសង្គ្រោះ នៅពេលអ្នកសិក្សាព្រះគម្ពីរសញ្ញាថ្មីនៅឆ្នាំនេះ ។
១ . ចែកចាយការពន្យល់អំពីការបង្កើតរបស់អ្នក ។ ពន្យល់ពីអ្វីដែលអ្នកបានធ្វើ និងមូលហេតុវា ។ ជាជម្រើស អ្នកអាចផ្ញើអ៊ីម៉ែលរូបភាពមួយទៅកាន់គ្រូបង្រៀន ឬមិត្តក្នុងថ្នាក់របស់អ្នក ឬចែកចាយវីដេអូមួយជាមួយនឹងពួកគេ នៅពេលអ្នកជួបគ្នាលើកក្រោយ ។