ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ២
ការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យរៀន និងអនុវត្តគោលការណ៍នានាក្នុងការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យរៀនពិនិត្យមើលបញ្ហា ដោយមានទស្សនវិស័យដ៏អស់កល្បជានិច្ច ដើម្បីអាចមើលឃើញបញ្ហាកាន់តែច្បាស់ ។
សំណួរ និងបញ្ហាប្រឈម
ពេលខ្លះ យើងជួបបញ្ហាប្រឈម ឬការសាកល្បងដែលអាចសាកល្បងសេចក្ដីជំនឿរបស់យើងបាន ។ ប្រធាន រ័សុល អិម ណិលសុន បានចែករំលែកការសាកល្បងបែបនេះមួយ ដែលចៅប្រសារស្រីរបស់លោកបានឆ្លងកាត់ ។
សូមមើលសុន្ទរកថា « ទុកឲ្យព្រះឈ្នះ » ពីលេខកូដម៉ោង ៥:៥០ ដល់ ៦:៣៩ ឬអានអត្ថបទខាងក្រោម ៖
មិនយូរប៉ុន្មានកន្លងទៅ ភរិយារបស់ចៅប្រុសយើងម្នាក់ជួបបញ្ហាស្មុគស្មាញខាងវិញ្ញាណ ។ ខ្ញុំនឹងហៅនាងថា « ជីល » ។ ទោះជាមានការតមអាហារ ការអធិស្ឋាន និងការប្រសិទ្ធពរបព្វជិតភាពក្តី ក៏ឪពុករបស់ជីលនៅតែឈឺដដែល ។ នាងមានសេចក្តីភ័យខ្លាចណាស់ ថានាងនឹងបាត់បង់ទាំងឪពុករបស់នាង និងទីបន្ទាល់របស់នាង ។
នៅពេលល្ងាចមួយ ភរិយារបស់ខ្ញុំ ស៊ីស្ទើរ វេនឌី ណិលសុន បានប្រាប់ខ្ញុំពីស្ថានភាពរបស់ជីល ។ នៅព្រឹកស្អែក វេនឌី មានចិត្តចង់ចែករំលែកជាមួយ ជីល ថា ការឆ្លើយតបរបស់ខ្ញុំទៅនឹងការពុះពារខាងវិញ្ញាណរបស់នាងគឺមានពាក្យតែមួយម៉ាត់ប៉ុណ្ណោះ ! ពាក្យនេះគឺ មើលជិត ។
( រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៣ )
ពាក្យ មើលជិត មានន័យថាមើលមិនឃើញជិត ឬឆ្ងាយ ។
-
តើមានសេចក្តីពិតអ្វីខ្លះអំពីព្រះ និងផែនការរបស់ទ្រង់ដែលអាចជួយ ជីល មិនឲ្យភ័យខ្លាចខ្លាំងអំពីអ្វីដែលអាចនឹងកើតឡើងនាពេលអនាគត ?
សូមគិតអំពីបញ្ហាប្រឈម ឬសំណួរដែលអ្នកកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ ។ ការណ៍នេះអាចដូចគ្នានឹងអ្វីដែលអ្នកបានរកឃើញនៅក្នុងមេរៀន « ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ១ » ។
-
ហេតុអ្វីបានជាអ្នកចង់បាន និងត្រូវការជំនួយចំពោះសំណួរ ឬបញ្ហាប្រឈមនេះ ?
សូមចងចាំថា វាមិនអីទេដែលជួបប្រទះទុក្ខព្រួយ និងការឈឺចាប់នោះ។ សូម្បីតែព្រះយេស៊ូវក៏ព្រួយព្រះហឬទ័យចំពោះអ្នកដែលទ្រង់ស្រឡាញ់ដែរ ( សូមមើល យ៉ូហាន ១១:៣២–៣៦ ) ។ នៅពេលយើងមើលទៅកាលៈទេសៈរបស់យើងដោយមានទស្សនវិស័យដ៏អស់កល្បមួយ នោះព្រះអម្ចាស់អាចជួយយើងឲ្យគ្រប់គ្រងអារម្មណ៍ទាំងនេះបាន ។ សូមរកមើលសេចក្តីពិតនៅក្នុងមេរៀននេះ ដែលអាចជួយអ្នកអនុវត្តគោលការណ៍នេះចំពោះសំណួរ និងបញ្ហាប្រឈមផ្ទាល់ខ្លួនរបស់អ្នក ។
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
នៅពេលដែលយើងជួបនឹងបញ្ហាប្រឈមក្នុងជីវិត ឬប្រឈមនឹងសំណួរដែលគ្មានចម្លើយ នោះគោលការណ៍ខាងក្រោមនេះស្ដីពីការទទួលបានចំណេះដឹងខាងវិញ្ញាណ អាចជួយយើងបាន ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
នៅក្នុងមេរៀននេះ យើងនឹងផ្តោតលើសេចក្តីពិតដែលថា នៅពេលដែលយើងពិនិត្យមើលបញ្ហាដោយមានទស្សនវិស័យដ៏អស់កល្បមួយ នោះព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យមើលឃើញបញ្ហាទាំងនោះកាន់តែច្បាស់ ។
សូមសិក្សា កថាខណ្ឌទី ៨ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ និងវគ្គបទគម្ពីរខាងក្រោមនេះយ៉ាងហោចណាស់មួយ ។ សូមគូសចំណាំពាក្យ ឬឃ្លាដែលអាចជួយ ជីល ឲ្យមើលឃើញការសាកល្បងរបស់នាងដោយមានទស្សនវិស័យដ៏អស់កល្បមួយ ។
របៀបពិនិត្យមើលសំណួរ ឬក្តីបារម្ភនានាដោយមានទស្សនវិស័យដ៏អស់កល្បមួយ
នៅពេលយើងមានសំណួរ ឬក្តីបារម្ភ នោះដំណើរការមួយដែលយើងអាចអនុវត្តបាន ដើម្បីជួយយើងឲ្យមើលឃើញអ្វីៗចេញពីទស្សនវិស័យដ៏អស់កល្បមួយគឺត្រូវ ៖
-
កំណត់ការសន្មតណាមួយ ដែលយើងកំពុងតែមាន ដែលអាចនាំឲ្យមានការយល់ច្រឡំអំពីព្រះវរបិតាសួគ៌ ឬផែនការរបស់ទ្រង់ ។
-
កំណត់សេចក្ដីពិតអំពីព្រះវរបិតាសួគ៌ ឬផែនការរបស់ទ្រង់ ដែលកែតម្រូវការសន្មតទាំងនេះ ។
-
គិតពីសំណួរនោះឡើងវិញ ដោយពិចារណាវាជាមួយទស្សនវិស័យដ៏អស់កល្បមួយ ឬដោយការកែសម្រួលសំណួរនោះ ដើម្បីសញ្ជឹងគិតពីសេចក្ដីពិតនៃដំណឹងល្អ ។
សូមមើល « Examining Questions with an Eternal Perspective » ( ២:៥៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីមើលពីរបៀបដែលស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ឡូរេន បានប្រើដំណើរការនេះ ដើម្បីជួយដល់មិត្តរបស់នាង ។
-
តើវីដេអូនេះបានជួយអ្នកឲ្យយល់ដឹងអ្វីខ្លះ អំពីការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយនោះ ?
-
តើ ឡូរេន បានប្រើជំហានទាំងបី ដែលយើងទើបតែបានកំណត់នេះយ៉ាងដូចម្តេច ?
សូមគិតអំពីរបៀបដែលដំណើរការដូចគ្នានេះអាចជួយ ជីល ដែលជាចៅស្រីមកពីដំណើររឿងដែលប្រធាន ណិលសុន បានចែករំលែកនេះ ។
ប្រធាន ណិលសុន បានចែករំលែកពីរបៀបដែល ជីល មានពរជ័យដោយការអភិវឌ្ឍទស្សនវិស័យដ៏អស់កល្បមួយ តាមរយៈការសាកល្បងរបស់នាង ។ សូមមើលសុន្ទរកថា « ទុកឲ្យព្រះឈ្នះ » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៦:៥៨ ដល់ ៨:២៤ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ៖
បន្ទាប់ពីប៉ារបស់ ជីល បានទទួលមរណភាព ពាក្យ មើលជិត នៅតែបន្តឮនៅក្នុងចិត្តរបស់នាង ។ នាងបានបើកចិត្តរបស់នាងដើម្បីយល់កាន់តែច្បាស់ពីពាក្យនេះ ហើយ មើលជិត មានន័យថា « ដែលមើលឃើញតែជិតៗ » ។ ហើយគំនិតរបស់នាងបានចាប់ផ្តើមផ្លាស់ប្តូរ ។ បន្ទាប់មក ជីល បាននិយាយថា « ពាក្យ មើលជិត នាំឲ្យខ្ញុំឈប់ ហើយគិត ហើយបានព្យាបាល ។ ឥឡូវ ពាក្យនេះធ្វើឲ្យខ្ញុំមានសន្តិភាព ។ វារំឭកខ្ញុំឲ្យពង្រីកទស្សនវិស័យរបស់ខ្ញុំ ហើយស្វែងរកភាពអស់កល្បជានិច្ច ។ វារំឭកខ្ញុំថា ពិតជាមានផែនការដ៏ទេវភាពមែន ហើយប៉ារបស់ខ្ញុំនៅតែមានជីវិត ហើយស្រឡាញ់ និងមើលថែរក្សាខ្ញុំ ។ មើលជិត បានដឹកនាំខ្ញុំទៅរកព្រះ » ។
ខ្ញុំមានមោទនភាពចំពោះចៅប្រសារស្រីដ៏មានតម្លៃរបស់យើងខ្លាំងណាស់ ។ នៅអំឡុងពេលដ៏រំជួលចិត្តនៅក្នុងជីវិតរបស់នាង ចៅស្រី ជីល ជាទីស្រឡាញ់ បានរៀនចេះឱបក្រសោបតាមព្រះទ័យរបស់ព្រះសម្រាប់ប៉ារបស់នាង ព្រមជាមួយទស្សនវិស័យដ៏នៅអស់កល្បជានិច្ចក្នុងជីវិតនាងផ្ទាល់ ។ តាមរយៈ ការជ្រើសរើស ដើម្បីទុកឲ្យព្រះឈ្នះ នាងទទួលបានសេចក្តីសុខសាន្ត ។
( រ័សុល អិម ណិលសុន « Let God Prevail » ទំព័រ ៩៣ )
-
តើ ជីល បានទទួលពរជ័យយ៉ាងដូចម្ដេច នៅពេលនាងបានរក្សាទស្សនវិស័យដ៏អស់កល្បមួយនោះ ?
សូមពិចារណាពីបញ្ហាប្រឈម ឬសំណួរដែលអ្នកបានរកឃើញពីមុនមកនៅក្នុងមេរៀននេះ ។ សូមធ្វើការតាមរយៈសំណួរ ឬបញ្ហាប្រឈមរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដោយប្រើជំហានទាំងបីដែលអ្នកទើបតែបានរៀននេះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
តើការរក្សាទស្សនវិស័យដ៏អស់កល្បមួយអាចជួយខ្ញុំបានដោយរបៀបណា នៅពេលខ្ញុំមានទុក្ខព្រួយ ឬការបាត់បង់នោះ ?
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ពីរបៀបរក្សាទស្សនវិស័យដ៏អស់កល្បជានិច្ច ដែលបានជួយលោក នៅពេលភរិយារបស់លោក ស៊ីស្ទើរ ឌេនហ្សេល បានស្លាប់ភ្លាមៗ ហើយនៅពេលដែលកូនស្រីរបស់លោក វេនឌី បានទទួលមរណភាព បន្ទាប់ពីការប្រយុទ្ធដ៏យូរជាមួយនឹងជំងឺមហារីក ៖
នៅឆ្នាំ ២០០៥ បន្ទាប់ពីរៀបការបានជិត ៦០ ឆ្នាំ ឌេនហ្សេល ភរិយាជាទីស្រឡាញ់របស់ខ្ញុំបានទទួលមរណភាពដោយមិនបានរំពឹងទុក ។ ខ្ញុំបានឈឺចាប់ស្ទើរតែមិនអាចទ្រាំទ្របានអស់មួយរយៈ ។ ប៉ុន្តែសារលិខិតនៃបុណ្យអ៊ីស្ទើរ និងការសន្យានៃការរស់ឡើងវិញបានជួយដល់រូបខ្ញុំ ។
( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៤ )
យើងនឹកកូនស្រីរបស់យើងខ្លាំងណាស់ ។ ទោះជាយ៉ាងណា ដោយសារតែដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ យើងមិនបារម្ភអំពីគាត់ទេ ។ នៅពេលយើងបន្ដគោរពសេចក្ដីសញ្ញារបស់យើងជាមួយព្រះ នោះយើងរស់នៅជួបជុំគ្នានឹងគាត់ម្ដងទៀត ។ ទន្ទឹមនឹងនោះ យើងកំពុងបម្រើព្រះអម្ចាស់នៅទីនេះ ហើយគាត់កំពុងបម្រើទ្រង់នៅទីនោះ—ក្នុងស្ថានបរមសុខ ។
( រ័សុល អិម ណិលសុន « Come, Follow Me » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៨ )
ហេតុអ្វីការសន្មតរបស់យើងសំខាន់ ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានចែកចាយ ៖
ដោយសារពួកបរិសុទ្ធថ្ងៃចុងក្រោយដឹងពីផែនការរបស់ព្រះវរបិតាសួគ៌របស់យើងសម្រាប់បុត្រាបុត្រីរបស់ទ្រង់ នោះយើងដឹងថា ជីវិតរមែងស្លាប់នេះមិនមែនជាការប្រព្រឹត្ដតែមួយ ដែលកើតមានរវាងអតីតកាលដែលយើងពុំស្គាល់ និងអនាគតដែលយើងមិនដឹងច្បាស់លាស់នោះទេ ។ ជីវិតនេះគឺប្រៀបបាននឹងឈុតឆាកទីពីរនៅក្នុងរឿងដែលមានបីឈុតឆាក ។ គោលបំណងរបស់វាត្រូវបានកំណត់តាមរយៈអ្វីដែលត្រូវបានបើកសម្ដែងអំពីជីវិតខាងវិញ្ញាណរបស់យើងក្នុងឈុតឆាកទី ១ និងជោគវាសនាដ៏នៅអស់កល្បជានិច្ចរបស់យើងក្នុងឈុតឆាកទី ៣ ។ ដោយសារចំណេះដឹងរបស់យើងអំពីផែនការនេះ និងសេចក្តីពិតផ្សេងទៀតដែលព្រះបានបើកសម្តែង នោះយើងចាប់ផ្តើមជាមួយនឹងការគិតផ្សេងពីអស់អ្នកដែលគ្មានចំណេះដឹងដូចយើង ។ ជាលទ្ធផល យើងបានសម្រេចនូវការសន្និដ្ឋានផ្សេងៗអំពីប្រធានបទសំខាន់ៗជាច្រើន ដែលមនុស្សដទៃគ្រាន់តែវិនិច្ឆ័យតាមមតិផ្ទាល់ខ្លួនគេអំពីជីវិតរមែងស្លាប់នេះប៉ុណ្ណោះ ។
( ដាល្លិន អេក អូក « As He Thinketh in His Heart » [ ជំនួបពេលល្ងាចជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ ] ទំព័រ ៣–៤ )
តើខ្ញុំអាចគិតឡើងវិញពីសំណួរ និងក្ដីបារម្ភរបស់ខ្ញុំដោយរបៀបណា ដើម្បីមើលឃើញសំណួរ និងក្ដីបារម្ភនោះចេញពីទស្សនវិស័យដ៏នៅអស់កល្បមួយ ?
បងប្រុស ឆាដ អេច វិប អ្នកគ្រប់គ្រងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនាបានមានប្រសាសន៍ ៖
ប្រសិនបើយើងចាប់ផ្តើមដោយមានទស្សនវិស័យដ៏នៅអស់កល្បមួយ នោះយើងនឹងទៅដល់ការសន្និដ្ឋាន ដែលឆ្លុះបញ្ចាំងពីសេចក្តីពិតដ៏នៅអស់កល្បជានិច្ច ។ ប៉ុន្តែ ប្រសិនបើយើងចាប់ផ្តើមដោយមានការសន្មតខាងលោកិយ នោះយើងទំនងជានឹងឈានដល់ការសន្និដ្ឋានខាងលោកិយដែរ ។ ដូច្នេះ យើងប្រហែលជាត្រូវគិតឡើងវិញពីសំណួរមួយចំនួន ពីព្រោះយើងមិនទទួលយកការសន្មត ដែលពួកគេពឹងផ្អែកនោះទេ ។
ឧទាហរណ៍ អ្នកប្រហែលជាត្រូវបានគេសួរថា « តើមនុស្សពីរនាក់ដែលស្រឡាញ់គ្នាមិនអាចរៀបការនឹងគ្នាបានទេឬអី ? » ចេញពីទស្សនវិស័យខាងលោកិយភាគច្រើន នោះចម្លើយទំនងជាបាន ។ ប៉ុន្តែ សូមគិតអំពីអ្វីដែលអ្នកដឹងអំពីផែនការនៃសេចក្តីសង្គ្រោះ និងអំពីគោលបំណងរបស់ព្រះវរបិតាសួគ៌សម្រាប់អាពាហ៍ពិពាហ៍ ។ ផែនការនៃសេចក្តីសង្គ្រោះផ្តល់នូវទស្សនវិស័យដ៏នៅអស់កល្បមួយ និងការសន្មតនៃដំណឹងល្អដែលប្ដូររបៀបគិតពីសំណួរនេះ ។ សំណួរខ្លះដែលអ្នកអាចពិចារណាគឺ « ហេតុអ្វីបានជាគ្រួសារត្រូវបានតែងតាំងឡើងដោយព្រះ ? » ឬ « ហេតុអ្វីបានជាព្រះអម្ចាស់បង្កើតឲ្យមានអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រី ? » សូមគិតអំពីអ្វីដែលអ្នកដឹងអំពីបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌—តើពួកគេមកពីណា ហើយតើទ្រង់ចង់បានអ្វីសម្រាប់ពួកគេនាពេលឥឡូវនេះ និងនៅក្នុងភាពអស់កល្បជានិច្ច ។ សូមគិតអំពីមូលហេតុ ដែលទ្រង់បានប្រទានពរឲ្យយើងមានអំណាច ដើម្បីផ្សារភ្ជាប់ក្រុមគ្រួសារនៅក្នុងព្រះវិហារបរិសុទ្ធ ។ តើការយល់ដឹងរបស់អ្នកអំពីគោលការណ៍ទាំងនេះប្ដូរការគិតអំពីសំណួរនេះ និងអនុញ្ញាតឲ្យអ្នកមើលឃើញពីបញ្ហានេះ តាមរយៈពន្លឺនៃដំណឹងល្អបានយ៉ាងដូចម្ដេច ?
( ឆាត អេច វិប « That They May Know How to Come unto Him and Be Saved » [ ការប្រជុំធម្មនិដ្ឋាន Brigham Young University–Hawaii នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ byuh.edu )