ចំណេះចំណានខាងគោលលទ្ធិ ៖ កូរិនថូស ទី១ ១៥:៤០–៤២
មានកម្រិតនៃសិរីល្អចំនួនបីក្នុងដំណើររស់ឡើងវិញ
នៅក្នុងមេរៀនមុន « កូរិនថូស ទី១ ១៥:៣២–៥៤ » អ្នកបានរៀនអំពីកម្រិតនៃសិរីល្អចំនួនបីក្នុងដំណើររស់ឡើងវិញ ។ អ្នកក៏បានរៀនផងដែរថា ព្រះវរបិតាសួគ៌របស់យើងនឹងប្រទានសិរីល្អសេឡេស្ទាលដល់មនុស្សស្មោះត្រង់ តាមរយៈព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ កូរិនថូស ទី១ ១៥:៤០–៤២ ពន្យល់ពីគោលលទ្ធិ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។
ទន្ទេញ និងពន្យល់
សូមបំពេញជំហានខាងក្រោមដើម្បីជួយអ្នកឲ្យទន្ទេញ និងពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុង កូរិនថូស ទី១ ១៥:៤០–៤២ ៖
-
សូមសរសេរ « កូរិនថូស ទី១ ១៥:៤០–៤២ ៖ នៅក្នុងដំណើររស់ឡើងវិញ មានកម្រិតសិរីល្អចំនួនបី » កាត់ក្បាលទំព័រនៅលើក្រដាសមួយសន្លឹក ។
-
សូមគូររូបព្រះអាទិត្យនៅក្រោមឃ្លា ព្រះចន្ទនៅក្រោមព្រះអាទិត្យ និងផ្កាយមួយនៅក្រោមព្រះចន្ទ ។
-
សូមអាន កូរិនថូស ទី១ ១៥:៤០–៤២ ហើយដាក់ស្លាកឈ្មោះគំនូរនីមួយៗរបស់អ្នកជាមួយនឹងសិរីល្អដែលវាតំណាងឲ្យ ។ ( សូមកំណត់ចំណាំថា ការបកប្រែដោយយ៉ូសែប ស្ម៊ីធ អំពី កូរិនថូស ទី១ ១៥:៤០ បន្ថែមសេចក្ដីយោងទៅនឹងសិរីល្អទេឡេស្ទាល [ នៅក្នុង កូរិនថូស ទី១ ១៥:៤០លេខយោងក ] ) ។
-
សូមក្រឡេកមើលគំនូររបស់អ្នក ខណៈពេលកំពុងនិយាយឡើងវិញ នូវសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងចិត្តរបស់អ្នក រហូតដល់អ្នកមានអារម្មណ៍ថា មានទំនុកចិត្តថាអ្នកចេះសេចក្ដីយោងបទគម្ពីរទាំងនោះច្បាស់ ។
-
តើអ្នកនឹងពន្យល់ពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះដល់នរណាម្នាក់ ដែលមិនយល់ពីអ្វីដែលកើតឡើងក្រោយពីសេចក្ដីស្លាប់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ដោយរបៀបណា ? សូមសរសេរការពន្យល់តាមគំនិតរបស់អ្នកផ្ទាល់ ។
រៀនអនុវត្ត
ការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយយើងជាមួយនឹងស្ថានភាពជីវិតពិត និងសំណួរសំខាន់ៗដែលយើងមានបាន ។
សូមអានសាច់រឿងខាងក្រោមនេះ ហើយសូមជ្រើសរើសយកសាច់រឿងមួយណា ដែលអ្នកចង់ផ្តោតទៅលើសកម្មភាពបន្ទាប់ ។
-
ជូលា ព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែនាងតែងមានអារម្មណ៍ថាត្រូវបានគេថ្កោលទោសដោយសារតែភាពទន់ខ្សោយរបស់នាង ។ នាងជឿថាមនុស្សផ្សេងទៀតនឹងបានទៅនគរសេឡេស្ទាល ប៉ុន្តែនាងសង្ស័យថានាងប្រហែលជាមិនអាចធ្វើបានទេ ។
-
ម៉ារីយ៉ា ទើបតែបានស្តាប់សុន្ទរកថាដ៏អស្ចារ្យមួយអំពីអំណោយទាននៃដំណើររស់ឡើងវិញដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងប្រទានដល់មនុស្សគ្រប់គ្នា ។ នាងឆ្ងល់ថា « ហេតុអ្វីបានជាខ្ញុំគួរប្រែចិត្ត ឬរក្សាបទបញ្ញត្តិទាំងឡាយ ប្រសិនបើមនុស្សគ្រប់គ្នានឹងត្រូវបានរស់ឡើងវិញក្នុងរូបកាយអមតៈដ៏ឥតខ្ចោះនោះ ? »
នៅក្នុងមេរៀនមុន អ្នកបានសិក្សាអំពីសេចក្ដីពិតខាងក្រោមដែលបានបង្រៀននៅក្នុង កូរិនថូស ទី១ ១៥:៤០–៤២ ៖ នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ មាននគរនៃសិរីល្អខុសៗគ្នាសម្រាប់រូបកាយដែលបានរស់ឡើងវិញ ។ សូមប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងសេចក្តីពិតដែលបានបង្រៀននៅក្នុង កូរិនថូស ទី១ ១៥:៤០–៤២ ដើម្បីជួយទាំង ជូលា ឬ ម៉ារីយ៉ា អំពីកង្វល់ ឬសំណួររបស់នាង ។