កូរិនថូស ទី១ ១៥:៣២–៥៤
រូបកាយសេឡេស្ទាល ទេរេទ្រាល និងទេឡេស្ទាល
ហេតុអ្វីបានជាវាមានតម្លៃក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទ ទោះបីជាអ្នកដទៃមើលទៅហាក់ដូចជាទទួលបានសុភមង្គលនៅក្នុងអំពើបាបនោះក្ដី ? ប៉ុលបានពន្យល់ពីមូលហេតុមួយតាមរយៈការបង្រៀនពួកកូរិនថូសអំពីកម្រិតនៃសិរីល្អផ្សេងៗគ្នាក្នុងដំណើររស់ឡើងវិញ ។ មេរៀននេះអាចជួយអ្នកឲ្យខិតខំដើម្បីមានភាពស័ក្តិសមទទួលបានការរស់ឡើងវិញនៃនគរសេឡេស្ទាល តាមរយៈព្រះយេស៊ូវគ្រីស្ទ ។
ពរជ័យនាពេលអនាគតនៅក្នុងផែនការរបស់ព្រះ
-
ប្រសិនបើអ្នកដឹងថា គ្រូរបស់អ្នកនឹងផ្តល់រង្វាន់ដល់មនុស្សគ្រប់គ្នាដែលស្លៀកពាក់ពណ៌ជាក់លាក់ណាមួយនៅថ្ងៃនេះ តើវានឹងប៉ះពាល់ដល់ជម្រើសសម្លៀកបំពាក់របស់អ្នកដែរឬទេ ?
-
តើអ្នកនឹងអន់ចិត្តដែរឬទេ ប្រសិនបើអ្នកដឹងអំពីរង្វាន់ បន្ទាប់ពីវាហួសពេលទៅហើយនោះ ? ហេតុអ្វីអន់ចិត្ត ឬហេតុអ្វីមិនអន់ចិត្ត ?
ដោយសារព្រះវរបិតាសួគ៌ស្រឡាញ់យើង ទ្រង់បានប្រាប់យើងពីអ្វីដែលកើតឡើងបន្ទាប់ពីជីវិតនេះ ហើយការជ្រើសរើសមួយណានឹងនាំទៅរកសុភមង្គល ឬការសោកស្ដាយ ។ នៅពេលអ្នកសិក្សាបទគម្ពីរនៅថ្ងៃនេះ សូមរកមើលសេចក្ដីពិតដែលអាចជំរុញអ្នកឲ្យធ្វើការជ្រើសរើសដែលនាំទៅរកសុភមង្គលដ៏នៅអស់កល្បជានិច្ច ។
នៅក្នុង កូរិនថូស ទី១ ១៥:១–២៩ សាវកប៉ុលបានកែតម្រូវជំនឿមិនពិតថា « ពួកស្លាប់ [ នឹង ] មិនរស់ឡើងវិញមែន » ( កូរិនថូស ទី១ ១៥:១៣ ) ។ បន្ទាប់មក លោកបានព្រមានពួកកូរិនថូសកុំឲ្យចាញ់បោកដោយអាកប្បកិរិយារបស់មនុស្សដែលនិយាយ ៖ « ចូរយើងស៊ីផឹកទៅចុះ ដ្បិតស្អែកយើងត្រូវស្លាប់ហើយ » ( កូរិនថូស ទី១ ១៥:៣២ ) ដែលបង្ហាញពីជំនឿខុសឆ្គងថា គ្មានជីវិតបន្ទាប់ពីស្លាប់ ហេតុដូច្នេះហើយអ្វីដែលយើងធ្វើនៅក្នុងជីវិតនេះ គឺមិនសំខាន់នោះទេ ។
ជំនឿមិនពិតមួយទៀតគឺថា ទោះបីជាការជ្រើសរើសរបស់យើងយ៉ាងណាក៏ដោយ ក៏ព្រះនឹងប្រទានពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ចដែរ ( សូមមើល នីហ្វៃទី២ ២៨:៨; អាលម៉ា ១:៤ ) ។
-
តើជំនឿខុសឆ្គងដែលថាគ្មានជីវិតបន្ទាប់ពីការស្លាប់ ឬថាព្រះនឹងប្រទានពរដល់មនុស្សគ្រប់រូបនូវជីវិតដ៏នៅអស់កល្បជានិច្ច ជះឥទ្ធិពលលើការសម្រេចចិត្ត និងអាកប្បកិរិយារបស់យើងយ៉ាងដូចម្ដេច ? ហេតុអ្វី ?
សូមអាន កូរិនថូស ទី១ ១៥:៤០–៤២ ដោយរកមើលការបង្រៀនរបស់ប៉ុលអំពីការរស់ឡើងវិញនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។ វាមានប្រយោជន៍ក្នុងការដឹងថា ការបកប្រែដោយយ៉ូសែប ស្ម៊ីធ នៃ កូរិនថូស ទី១ ១៥:៤០ ក៏សំដៅទៅលើរូបកាយទេឡេស្ទាលផងដែរ ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងសេចក្ដីពិតថា នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ មានកម្រិតនៃសិរីល្អខុសៗគ្នាសម្រាប់រូបកាយដែលបានរស់ឡើងវិញ ?
នគរនៃសិរីល្អ
សូមសញ្ជឹងគិតកន្លែងដែលអ្នកឃើញខ្លួនឯងនៅលើផ្លូវទៅកាន់នគរសេឡេស្ទាលនេះ ។ តើអ្នកពឹងផ្អែកលើព្រះអង្គសង្គ្រោះដើម្បីជួយអ្នកឲ្យរស់នៅក្នុងរបៀបមួយ ដែលអ្នកអាចទទួលបានពរជ័យទាំងនេះដែរឬទេ ?
តើយើងពិតជាអាចសម្រេចបានសិរីល្អសេឡេស្ទាលដែរឬទេ ?
មនុស្សមួយចំនួនមានអារម្មណ៍បាក់ទឹកចិត្ត នៅពេលដែលពួកគេដឹងថាពួកគេនៅចម្ងាយប៉ុន្មានពីការរស់ជាជីវិតសេឡេស្ទាលនៅលើផែនដី ។ សូមអានអ្វីដែលអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពី ការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់យើង ឬមើលវីដេអូ « God among Us » ចាប់ពីនាទីទី ៥:០១ ដល់នាទីទី ៦:៥៨ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
រូបភាពរូបថតផ្លូវការរបស់អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឆ្នាំ ២០០៦ ។ ត្រូវបានហៅបម្រើជាទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថតផ្លូវការនៅក្នុងឆ្នាំ ២០០៨ ជំនួសរូបថតដែលបានថតនៅក្នុងឆ្នាំ ២០០៤ ។ដួងចិត្តខ្ញុំពោរពេញដោយការដឹងគុណចំពោះព្រះវរបិតាសួគ៌របស់ខ្ញុំ ។ ខ្ញុំដឹងថា ទ្រង់មិនផ្ដន្ទាទោសកូនចៅទ្រង់ឲ្យជំពប់ដួលក្នុងជីវិតរមែងស្លាប់នេះ ដោយគ្មានក្ដីសង្ឃឹមថានឹងមានអនាគតដ៏ត្រចះត្រចង់ និងដ៏នៅអស់កល្បជានិច្ចនោះឡើយ ។ ទ្រង់បានប្រទានការណែនាំ ដែលបង្ហាញពីផ្លូវត្រឡប់ទៅកាន់ទ្រង់វិញ ។ ហើយចំណុចសំខាន់នៃអ្វីៗទាំងអស់គឺ ព្រះរាជបុត្រាស្ងួនភ្ញាទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងការពលិកម្មរបស់ទ្រង់សម្រាប់យើង ។ …
យើងទាំងអស់គ្នាគឺជាទារក បើប្រៀបធៀបទៅនឹងអង្គដែលមានសិរីល្អ និងមហស្ចារ្យដែលយើងត្រូវបានរចនាឲ្យប្រែក្លាយនោះ ។ គ្មានបុគ្គលរមែងស្លាប់ណារីកចម្រើនពីការវារទៅការដើរទៅការរត់ ដោយមិនជំពប់ដួល ទង្គិច និងមានរបួសជាញឹកញយនោះទេ ។ នោះគឺជារបៀបដែលយើងរៀន ។
( ឌៀថើរ អេហ្វ អុជដូហ្វ « God among Us » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨–៩ )
-
តើសេចក្ដីថ្លែងការណ៍របស់អែលឌើរ អុជដូហ្វ ជួយអ្នកឲ្យយល់អំពីព្រះវរបិតាសួគ៌អ្វីខ្លះ ?
-
តើវាមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះទ្រង់ និងទំនាក់ទំនងរបស់អ្នកជាមួយទ្រង់យ៉ាងដូចម្តេច ?
-
តើអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលអ្នកបានរៀនថ្ងៃនេះ ?
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
ចុះបើយើងព្យាយាមរស់នៅដោយស្មោះត្រង់ក្នុងជីវិតនេះ ប៉ុន្តែនៅតែមិនល្អឥតខ្ចោះពេលយើងស្លាប់វិញនោះ ?
ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) បានពន្យល់ ៖
រូបភាពរូបថតបញ្ឈរពាក់កណ្តាលខ្លួនផ្នែកខាងមុខរបស់ព្យាការី យ៉ូសែប ស៊្មីធ ជុញ្ញ័រ ។ ក្បាលរបស់យ៉ូសែបងាកទៅខាងក្នុងទំហំបីភាគបួន ដៃស្តាំច្រត់ចង្កេះ ហើយដៃឆ្វេងរបស់លោកកាន់ក្រដាស ។ លោកពាក់អាវធំពណ៌ត្នោតចាស់ និងពាក់អាវពណ៌ស ព្រមទាំងក្រវ៉ាត់ក ។នៅពេលអ្នកឡើងជណ្ដើរ អ្នកត្រូវតែចាប់ផ្ដើមពីកាំក្រោមគេមុន ហើយឡើងមួយកាំម្ដងៗ រហូតដល់អ្នកមកដល់កំពូល គឺដូចគ្នានឹងគោលការណ៍នានានៃដំណឹងល្អ—អ្នកត្រូវតែចាប់ផ្ដើមពីចំណុចដំបូង ហើយបន្តទៅរហូតទាល់តែអ្នករៀននូវគ្រប់គោលការណ៍នៃភាពតម្កើងឡើង ។ ប៉ុន្តែវានឹងមហិមា បន្ទាប់ពីអ្នកបានឆ្លងកាត់វាំងនន មុនពេលអ្នករៀនពីវាទាំងអស់ ។ នៅក្នុងពិភពលោកនេះមិនអាចយល់អ្វីៗទាំងអស់បានទេ វានឹងជាកិច្ចការមហិមាមួយដើម្បីរៀនអំពីសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់យើង ហួសពីសេចក្ដីស្លាប់ទៅទៀត ។
( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៦៨ )
តើ « គេបានកប់ទៅជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយឡើយ » ( កូរិនថូស ទី១ ១៥:៤២ ) មានន័យដូចម្ដេច ?
ប៉ុលបានប្រៀបធៀបរូបកាយរមែងស្លាប់ទៅនឹងគ្រាប់ពូជដែលមិនល្អឥតខ្ចោះ ឬពុករលួយ ( សូមមើល កូរិនថូស ទី១ ១៥:៣៧–៣៨, ៤២ ) ។ បន្ទាប់ពីយើងស្លាប់ទៅ ហើយត្រូវបានគេកប់ ( សាបព្រោះ ឬដាំ ) នៅថ្ងៃណាមួយ យើងនឹងងើបពីផ្នូរ ដូចជារុក្ខជាតិដុះចេញពីផែនដីដែរ ។ រូបកាយដែលបានរស់ឡើងវិញរបស់យើងនឹងលែងពុករលួយទៀតហើយ ប៉ុន្តែនឹងត្រូវបានឥតខ្ចោះតាមរយៈព្រះចេស្ដានៃព្រះ ។
តើនរណានឹងទទួលបានសិរីល្អសេឡេស្ទាល ?
នគរសេឡេស្ទាលគឺជាទីកន្លែងដែលបានរៀបចំសម្រាប់អ្នកទាំងឡាយដែល « បានទទួលទីបន្ទាល់ពីព្រះយេស៊ូវ » និងបាន « ធ្វើឲ្យល្អឥតខ្ចោះតាមរយៈព្រះយេស៊ូវដ៏ជាអ្នកកណ្ដាលនៃសេចក្ដីសញ្ញាថ្មី ដែលបាននាំមកនូវដង្វាយធួនដ៏ល្អឥតខ្ចោះនេះ តាមរយៈការច្រួចព្រះលោហិតរបស់ព្រះអង្គផ្ទាល់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥១, ៦៩ ) ។ ដើម្បីទទួលបានអំណោយនេះ យើងត្រូវតែទទួលពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ គោរពតាមព្រះបញ្ញត្តិទាំងឡាយ និងប្រែចិត្តពីអំពើបាបរបស់យើង ។ សម្រាប់ការពន្យល់លម្អិតបន្ថែមអំពីអ្នកទាំងឡាយណាដែលនឹងទទួលសិរីល្អសេឡេស្ទាល សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០–៧០; ៧៦:៩២–៩៦ ។
( Gospel Topics « Kingdoms of Glory » topics.ChurchofJesusChrist.org )