ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ាកុប ១:៥–៦
« សូមដល់ព្រះ »
នៅក្នុងមេរៀនមុន « យ៉ាកុប ១ » អ្នកបានរៀនថា ព្រះប្រទានពរយើងឲ្យមានប្រាជ្ញា ប្រសិនបើយើងទូលសុំទ្រង់ដោយសេចក្តីជំនឿ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ យ៉ាកុប ១:៥–៦ ពន្យល់គោលលទ្ធិ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
ទន្ទេញ និងពន្យល់
សូមស្រមៃគិតថា មិត្តម្នាក់កំពុងពុះពារក្នុងការសម្រេចចិត្តដ៏សំខាន់មួយក្នុងជីវិតរបស់គាត់ ។ អ្នកដឹងថាមិត្តម្នាក់នេះមិនបានធំឡើងដោយជឿថា យើងអាចទូលដោយផ្ទាល់ទៅកាន់ព្រះនៅក្នុងការអធិស្ឋាននោះទេ ។
សូមរំឭកថានៅក្នុងមេរៀនមុន អ្នកបានសិក្សាសេចក្ដីពិតខាងក្រោមពី យ៉ាកុប ១:៥–៦ ៖ ព្រះនឹងប្រទានពរដល់យើងឲ្យមានប្រាជ្ញា ប្រសិនបើយើងទូលសូមពីទ្រង់ដោយសេចក្ដីជំនឿ ។
ការអាចស្វែងរក និងពន្យល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះអាចជួយអ្នក នៅពេលអ្នកចែកចាយដំណឹងល្អជាមួយអ្នកដទៃពេញមួយជីវិតរបស់អ្នក ។ ដើម្បីជួយអ្នកឲ្យតាំងចិត្តចងចាំវគ្គបទគម្ពីរនេះ សូមមើលរូបភាពនៃការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ នៅដើមមេរៀន ខណៈនិយាយឡើងវិញនូវឃ្លាបទគម្ពីរគន្លឹះខាងក្រោម និងសេចក្ដីយោងជាច្រើនដងតាមដែលអ្នកអាចធ្វើបានក្នុងរយៈពេលមួយនាទី ៖ « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ » ( យ៉ាកុប ១:៥–៦ ) ។
រៀនអនុវត្ត
យ៉ូសែប ស្ម៊ីធ គឺជាមនុស្សគំរូមួយក្នុងចំណោមមនុស្សគំរូជាច្រើនក្នុងព្រះគម្ពីរដែលបានទទួលពរ ដោយសារការធ្វើតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សម្រាប់ការរៀនអនុវត្តខាងក្រោម អ្នកនឹងសិក្សាឧទាហរណ៍មួយអំពីរបៀបដែលលោកបានអនុវត្តគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់លោក ។ មុននឹងអ្នកចាប់ផ្ដើម សូមចំណាយពេលខ្លះដើម្បីរំឭកដោយសង្ខេបអំពីគោលការណ៍នៅក្នុង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
-
សូមគិតអំពីអ្វីដែលអ្នកបានដឹងរួចហើយអំពីបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ ។ តើយ៉ូសែបមានសំណួរអ្វីខ្លះ ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១០ ) ។
-
ហេតុអ្វីវាសំខាន់សម្រាប់យើងក្នុងការស្វែងរកចម្លើយពីព្រះចំពោះសំណួរផ្ទាល់ខ្លួនដូច យ៉ូសែប ស្ម៊ីធ បានធ្វើដែរ ?
សូមគិតអំពីសំណួរដែលអ្នកមាន ឬគិតអំពីប្រាជ្ញាដែលអ្នកកំពុងស្វែងរក ។ នៅពេលអ្នកបញ្ចប់សកម្មភាពខាងក្រោម សូមគិតអំពីរបៀបដែលគំរូរបស់យ៉ូសែបក្នុងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ អាចជួយអ្នកក្នុងស្ថានភាពដែលទាមទារឲ្យមានប្រាជ្ញាពីព្រះ ។
សូមសិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១១–១៧ ហើយពិចារណាពីការគូសចំណាំឃ្លានីមួយៗ បង្ហាញពីរបៀបដែលយ៉ូសែបបានធ្វើតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណកាលវ័យជំទង់ ។ ទោះបីជាអ្នកប្រហែលជាធ្លាប់ដឹងរឿងរបស់លោករួចហើយក៏ដោយ សូមរកមើលព័ត៌មានលម្អិតនៅក្នុងខគម្ពីរទាំងនេះ ដែលបង្ហាញពីបំណងប្រាថ្នា អាកប្បកិរិយា និងជំនឿរបស់យ៉ូសែប លើសពីអ្វីដែលអ្នកបានកត់សម្គាល់ពីមុនមក ។
-
តើគំរូអ្វីខ្លះដែលអ្នកបានរកឃើញអំពីយ៉ូសែបដែលធ្វើសកម្មភាពដោយសេចក្ដីជំនឿ រក្សាទស្សនវិស័យដ៏នៅអស់កល្បមួយ និងការប្រើប្រាស់ប្រភពដែលបានតែងតាំងដ៏ទេវភាព ?