យ៉ាកុប ១
« សូមដល់ព្រះ »
តើអ្នកមានអារម្មណ៍ថា អ្នកអាចសុំជំនួយពីព្រះនៅពេលដែលអ្នកមានសំណួរដែលគ្មានចម្លើយ ឬត្រូវការប្រាជ្ញារបស់ទ្រង់ក្នុងការធ្វើការសម្រេចចិត្តដ៏សំខាន់ៗដែរឬទេ ? យ៉ាកុបបានប្រកាសថា អ្នកណាដែលខ្វះប្រាជ្ញាអាច « សូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធាឥតបន្ទោសផង … នោះទ្រង់នឹងប្រទានឲ្យ » ( យ៉ាកុប ១:៥ ) ។ គោលបំណងនៃមេរៀននេះគឺដើម្បីពង្រឹងទីបន្ទាល់របស់អ្នកថា ព្រះវរបិតាសួគ៌នឹងប្រទានប្រាជ្ញាដល់អ្នកក្នុងការឆ្លើយតបនឹងការអធិស្ឋានរបស់អ្នក ។
ចម្លើយសំខាន់ៗ
សូមមើលសំណួរនីមួយៗខាងក្រោម ហើយសញ្ជឹងគិតរឿងទាំងនេះសម្រាប់សំណួរនីមួយៗ ៖ (១) តើខ្ញុំបានទទួលចម្លើយពីព្រះដែរឬទេ ? ( ២ ) តើខ្ញុំកំពុងស្វែងរកចម្លើយដែលខ្ញុំមិនទាន់បានទទួលពីព្រះដែរឬទេ ? ( ៣ ) តើខ្ញុំមិនចាប់អារម្មណ៍ស្វែងរកចម្លើយទេឬអី ?
-
តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជាសាសនាចក្រពិតឬទេ ?
-
តើព្រះយេស៊ូវគ្រីស្ទពិតជាព្រះអង្គសង្គ្រោះរបស់ខ្ញុំមែនដែរឬទេ ?
-
តើខ្ញុំគួរផ្តោតលើអ្វីខ្លះដើម្បីធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើង ?
នៅពេលអ្នកសិក្សាពាក្យសម្តីរបស់សាវកយ៉ាកុបនៅក្នុង យ៉ាកុប ១ សូមរកមើលគោលការណ៍ដែលអាចជួយអ្នកស្វែងរកចម្លើយចំពោះសំណួរសំខាន់ៗនៅក្នុងជីវិតរបស់អ្នក ។
សូមអានព័ត៌មានខាងក្រោមអំពីយ៉ាកុប ។ សូមគិតអំពីសំណួរអ្វីខ្លះដែលលោកប្រហែលជាបានស្វែងរកចម្លើយពេញមួយជីវិតរបស់លោក ។
-
លោកប្រហែលជាប្អូនប្រុសរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « យ៉ាកុប, ប្អូនប្រុសរបស់ព្រះអម្ចាស់ » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
ដូចប្អូនប្រុសផ្សេងទៀតរបស់ព្រះអម្ចាស់ដែរ លោកប្រហែលជាមិនបានជឿឡើយកាលពីដំបូងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ( សូមមើល យ៉ូហាន ៧:៣–៥ ) ។
-
ក្រោយមក យ៉ាកុបបានក្លាយជាសាវក ហើយយោងតាមអ្នកនិពន្ធដែលជាពួកគ្រីស្ទានពីជំនាន់ដើមថា លោកគឺជាប៊ីស្សពដំបូងគេរបស់សាសនាចក្រនៅក្នុងក្រុងយេរូសាឡិម ( សូមមើល កិច្ចការ ១២:១៦–១៧; ២១:១៧–១៨; កាឡាទី ១:១៨–១៩; ២:៩ ) ។
សូមអាន យ៉ាកុប ១:១ ដើម្បីរកមើលថា តើយ៉ាកុបបានសរសេរទៅនរណា ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាកខនឃី ( ឆ្នាំ ១៩១៥–ឆ្នាំ ១៩៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា « យ៉ាកុបបានថ្លែងទៅកាន់ …មនុស្សមិនទាន់ត្រូវបានប្រមូលផ្តុំនៅឡើយ មិនទាន់ទទួលបានដំណឹងល្អនៅឡើយ មិនទាន់បានចូលមកក្នុងក្រោលនៃព្រះគ្រីស្ទនៅឡើយ » ( Doctrinal New Testament Commentary [ ឆ្នាំ ១៩៧៣ ], ៣:២៤៣ ) ។
-
តើសំណួរអ្វីខ្លះដែលមនុស្សមិនទាន់បានទទួលដំណឹងល្អអាចមាន ?
សូមអាន យ៉ាកុប ១:៥–៦ ដោយស្វែងរកសេចក្ដីពិត ដែលយ៉ាកុបបានបង្រៀននោះអាចជួយយើង នៅពេលយើងមានសំណួរសំខាន់ៗ ហើយអាចជួយអ្នកដែលកំពុងស្វែងរកសេចក្តីពិតនៃដំណឹងល្អ ។ ( វាអាចមានប្រយោជន៍ក្នុងការដឹងថា ការស្ដីបន្ទោស មានន័យថា ស្វែងរកកំហុស ឬដើម្បីស្តីបន្ទោស ) ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នករៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ចេញពីវគ្គបទគម្ពីរនេះ ?
សេចក្តីពិតមួយដែលបានរកឃើញនៅក្នុងវគ្គបទគម្ពីរនេះ គឺថា ព្រះនឹងប្រទានពរដល់យើងឲ្យមានប្រាជ្ញា ប្រសិនបើយើងទូលសូមទ្រង់ដោយចិត្តជឿ ។
-
តើអ្នកគិតថា « សូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ » មានន័យដូចម្តេច ? ( យ៉ាកុប ១:៦ ) ។
-
ហេតុអ្វីអ្នកគិតថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកងាកទៅរកទ្រង់សម្រាប់ចម្លើយនានា ?
នៅពេលអ្នកបន្តការសិក្សា គិតអំពីគំនិត អារម្មណ៍ និងបទពិសោធន៍ដែលអ្នកមាន នៅពេលអ្នកបានស្វែងរកប្រាជ្ញា ឬចម្លើយចំពោះសំណួររបស់អ្នកពីព្រះ ។
គំរូរបស់យ៉ូសែប ស្ម៊ីធ
វាអាចមានប្រយោជន៍ក្នុងការសញ្ជឹងគិតពីគំរូនៃគោលការណ៍ដែលព្រះនឹងប្រទានពរដល់យើងឲ្យមានប្រាជ្ញា ប្រសិនបើយើងទូលសូមទ្រង់ដោយសេចក្តីជំនឿ ។ ការស្វែងរកប្រាជ្ញាពីព្រះជះឥទ្ធិពលយ៉ាងខ្លាំងដល់យ៉ូសែប ស្ម៊ីធ ។
សូមមើលវីដេអូ « Joseph Smith: The Prophet of the Restoration » ចាប់ពីនាទីទី ៥:០៧ ដល់ ៨:៤២ ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ដោយរកមើល របៀបដែលសេចក្ដីពិតនេះជះឥទ្ធិពលដល់ជីវិតរបស់យ៉ូសែប ។
បទពិសោធន៍របស់អ្នក
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
ហេតុអ្វីវាសំខាន់ដើម្បីទទួលបានប្រាជ្ញាពីព្រះ ហើយទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនពីទ្រង់ ?
សូមគិតអំពីសំណួរមុនពេលអ្នកមើលវីដេអូ « Origin » ( ៤:៥៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖
តើព្រះពិតជា សព្វព្រះទ័យ មានបន្ទូលមកកាន់អ្នកមែនទេ ? ពិតណាស់ !…
អ្នកពុំចាំបាច់ឆ្ងល់ថា តើអ្វីគឺពិតនោះទេ [ សូមមើល មរ៉ូណៃ ១០:៥ ] ។ អ្នកពុំចាំបាច់ឆ្ងល់ថា អ្នកគួរទុកចិត្តនរណាទើបអាចមានសុវត្ថិភាពនោះទេ ។ តាមរយៈវិវរណៈផ្ទាល់ខ្លួន អ្នកអាចទទួលបានសាក្សីដោយផ្ទាល់ថា ព្រះគម្ពីរមរមនគឺជាបន្ទូលរបស់ព្រះ ថាយ៉ូសែប ស៊្មីធ គឺជាព្យាការី ហើយថានេះគឺជាសាសនាចក្ររបស់ព្រះអម្ចាស់ ។ មិនថាមនុស្សដទៃនិយាយ ឬធ្វើអ្វីនោះទេ គ្មាននរណាម្នាក់អាចដកយកនូវសាក្សីមួយដែលកើតនៅក្នុងដួងចិត្ត និងគំនិតរបស់អ្នកអំពីអ្វីដែលជាការពិតបានឡើយ ។ …
យើងគឺជាពួកអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាសាក្សីដល់អ្នកគឺថា ព្រះយេស៊ូវ គឺជា ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។ ទ្រង់មានព្រះជន្មរស់ !
( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥–៩៦ )
យ៉ាកុប ១:៦ ។ តើ « សូមដោយចិត្តជឿ » មានន័យដូចម្ដេច ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានយោងទៅ យ៉ាកុប ១:៥–៦ ហើយបានពន្យល់ថា ៖
សូមកត់សម្គាល់ពីតម្រូវការនៃការសូមដោយចិត្តជឿ ដែលខ្ញុំយល់ថា វាសំដៅលើភាពចាំបាច់ក្នុងការមិនគ្រាន់តែបង្ហាញវាប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើកាតព្វកិច្ចពីរគឺទូលអង្វរ និងអនុវត្តដែលជាតម្រូវការដើម្បីទូលអង្វរ និងធ្វើសកម្មភាព ។ …
សំណួររបស់យ៉ូសែបមិនគ្រាន់តែផ្តោតលើអ្វីដែលលោកត្រូវដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏លើអ្វីដែលត្រូវ ធ្វើ ផងដែរ ! ការអធិស្ឋានរបស់លោកមិនមែនសាមញ្ញទេថា « តើព្រះវិហារមួយណាត្រឹមត្រូវ ? » សំណួររបស់លោកគឺសួរថា « តើព្រះវិហារមួយណាដែលលោកគួរចូលរួម ? » យ៉ូសែបបានទៅឯព្រៃដើម្បីសូមដោយចិត្តជឿ ហើយលោកតាំងចិត្តធ្វើសកម្មភាព ។
សេចក្ដីជំនឿពិតគឺផ្ដោតនៅក្នុង និងលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយតែងតែដឹកនាំទៅរកសកម្មភាពសុចរិត ។ … យើងបន្តទៅមុខ ហើយតស៊ូក្នុងកិច្ចការឧទ្ទិសនៃការអធិស្ឋាន បន្ទាប់ពីយើងនិយាយ « អាម៉ែន » ដោយធ្វើតាមអ្វីដែលយើងបានសម្តែងចំពោះព្រះវរបិតាសួគ៌ ។
ការសួរដោយសេចក្ដីជំនឿតម្រូវឲ្យមានភាពស្មោះត្រង់ ការខិតខំ ការតាំងចិត្ត និងការតស៊ូ ។
( សូមមើល ដេវីឌ អេ បែដណា « Ask in Faith » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៤–៩៥ )