យ៉ាកុប ២
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ »
តើអាចមានភាពខុសគ្នារវាងអ្នកដែលនិយាយថា ពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ និងអ្នកដែលអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទដែរឬទេ ? យ៉ាកុបបានផ្ដល់នូវភាពខុសគ្នាដ៏សំខាន់មួយថា សេចក្ដីជំនឿពិតទៅលើព្រះយេស៊ូវគ្រីស្ទត្រូវបានឆ្លុះបញ្ចាំង មិនត្រឹមតែនៅក្នុងអ្វីដែលមនុស្សម្នាក់គិត ឬនិយាយប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងអ្វីដែលពួកគេធ្វើដែរ ។ មេរៀននេះនឹងអនុញ្ញាតឲ្យអ្នកពិនិត្យមើលពីរបៀប ដែលអ្នកអាចអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទបានពេញលេញជាងមុន តាមរយៈទង្វើសុចរិត ។
ការទទួលបានពរជ័យ—ដូចជាការបង្កាត់ភ្លើង
តើអ្នកកំពុងស្វែងរកពរជ័យ ឬចម្លើយចំពោះការអធិស្ឋានមកពីព្រះវរបិតាសួគ៌ឬ ? វាអាចមានប្រយោជន៍ ដើម្បីប្រៀបធៀបដំណើរការនៃការស្វែងរកពរជ័យទាំងនេះ ទៅនឹងការបង្កាត់ភ្លើងដើម្បីទទួលពន្លឺ និងកម្តៅពីវា ។
-
តើអ្នកនឹងធ្វើជំហានអ្វីខ្លះដើម្បីបង្កាត់ភ្លើង ?
-
តើសកម្មភាពនៃការគូសឈើគូសមានសារៈសំខាន់ប៉ុនណា ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីរៀនពីរបៀបដែលការទទួលពរជ័យគឺដូចជាការបង្កាត់ភ្លើង ។ អ្នកក៏អាចមើលវីដេអូ « Abound with Blessings » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១:០២ ដល់ ៣:២៧ ។
ចូរយើងប្រដូចពរជ័យពីស្ថានសួគ៌ទៅនឹងគំនរឈើដ៏ធំមួយ ។… [ វា ] មានចំនួនប្រេងដ៏ច្រើនមហិមាដែលអាចបង្កើតជាភ្លើង និងកម្តៅបានរយៈពេលច្រើនថ្ងៃ ។ …
ដើម្បីឲ្យភាយថាមពលកម្តៅពីគំនរឧសនោះ គេត្រូវការគូសឈើគូស ហើយដុតកម្ទេចឧសនោះឲ្យឆេះសិន ។ កម្ទេចឧសនឹងឆេះភ្លាម ហើយធ្វើឲ្យកំណាត់ឈើធំៗឆេះដែរ ។ …
ការគូសឈើគូស ហើយដុតកម្ទេចឧសនោះគឺជាទង្វើតូចតាច ដែលអាចបង្កើតថាមពលប៉ូតង់ស្យែលឲ្យឧសនោះឆេះភាយចេញមកបាន ។ មិនថាគំនរឧសនោះធំប៉ុណ្ណាឡើយ ប្រសិនបើពុំមានគូសឈើគូសទេ នោះភ្លើងពុំឆេះឡើយ ។ …
ស្រដៀងគ្នានេះដែរ ភាគច្រើនពរជ័យដែលព្រះមានព្រះទ័យប្រទានដល់យើង តម្រូវឲ្យមានសកម្មភាពពីយើង—សកម្មភាពនោះផ្តោតទៅលើសេចក្តីជំនឿយើងទៅលើព្រះយេស៊ូវគ្រីស្ទ ។… ជារឿយៗ សកម្មភាពដែលតម្រូវឲ្យមានគឺតូចតាច ពេលប្រៀបធៀបទៅនឹងពរជ័យដែលយើងទទួលបាននៅទីបំផុត ។
( ឌែល ជី រិនឡាន់ « Abound with Blessings » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧០ )
-
តើអ្នកទទួលបានការយល់ដឹងអ្វីខ្លះពីពាក្យប្រដូចរបស់អែលឌើរ រិនឡាន់ ?
-
តើអ្នកគិតថា ការធ្វើសកម្មភាពដោយ « ផ្ដោតសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ » មានន័យដូចម្ដេច ?
សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទតាមវិធីណាខ្លះ ? តើសកម្មភាពអ្វីខ្លះដែលអ្នកនឹងធ្វើដោយសារសេចក្ដីជំនឿនេះ ?
-
តើចម្លើយនិងពរជ័យអ្វីផ្សេងទៀតដែលអ្នកបានទទួលពីព្រះ នៅពេលអ្នកបានអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ? តើមានវិធីបន្ថែមទៀតដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់មានព្រះទ័យឲ្យអ្នកធ្វើសកម្មភាពដោយសេចក្ដីជំនឿដែរឬទេ ? ហេតុអ្វី ?
សូមអធិស្ឋានទូលសុំឲ្យព្រះវរបិតាសួគ៌ដឹកនាំអ្នក នៅពេលអ្នកស្វែងរកចម្លើយចំពោះសំណួរទាំងនេះ អំឡុងពេលការសិក្សារបស់អ្នក ។
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
យ៉ាកុបបានប្រើការប្រៀបប្រដូចមួយទៀត ដើម្បីបង្រៀនយើងអំពីសារៈសំខាន់នៃការធ្វើសកម្មភាពដោយសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។
សូមអាន យ៉ាកុប ២:១៤–១៦ ហើយព្យាយាមស្រមៃមើលថា អ្នកនឹងគិតយ៉ាងណា ប្រសិនបើអ្នកបានឃើញស្ថានភាពនេះ ។ ( ពាក្យ « អាក្រាត » នៅក្នុង ខទី ១៥ មានន័យថាស្លៀកពាក់តោកយ៉ាក ) ។
-
តើអ្នករៀនអ្វីខ្លះមកពីការប្រៀបប្រដូចរបស់យ៉ាកុប ?
សូមអាន យ៉ាកុប ២:១៧–១៨, ២៦ ( សូមមើល យ៉ាកុប ១:២២ ផងដែរ ) ហើយរកមើលសេចក្ដីពិតដែលយ៉ាកុបបានបង្ហាញតាមរយៈការប្រៀបប្រដូចនេះ ។
-
តើអ្នកអាចសង្ខេបអ្វីដែលយ៉ាកុបបានបង្រៀនដោយរបៀបណា ?
វិធីមួយនៃការបញ្ជាក់ពីសេចក្តីពិតដែលយ៉ាកុបបានបង្រៀនគឺថា សេចក្តីជំនឿពិតទៅលើព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យមានទង្វើសុចរិត ។
ឧទាហរណ៍នៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿ
វាអាចជាការបំផុសគំនិត ក្នុងការគិតអំពីគំរូនៃអ្នកដែលធ្វើសកម្មភាពដោយសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ សូមអាន យ៉ាកុប ២:២១–២៥ ហើយរកមើលគំរូនៃអ្នកទាំងឡាយណានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានធ្វើសកម្មភាពដោយសេចក្តីជំនឿ ។
ការស្វែងរកពរជ័យតាមរយៈសកម្មភាពដែលបំផុសគំនិតដោយសេចក្តីជំនឿ
ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់ការអញ្ជើញដូចខាងក្រោមទាក់ទងនឹងសេចក្ដីជំនឿ និងសកម្មភាពរបស់យើង ៖
ដើម្បីធ្វើអ្វីៗបានល្អ វាតម្រូវឲ្យមានការខិតខំ ។ ការក្លាយជាសិស្សដ៏ពិតម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ គឺគ្មានករណីលើកលែងទេ ។ ការបង្កើនសេចក្តីជំនឿ និងការទុកចិត្តរបស់អ្នកលើទ្រង់ត្រូវការការខំប្រឹងប្រែង » ។ …
…តើអ្នកនឹងធ្វើអ្វីខ្លះ ប្រសិនបើអ្នកមានជំនឿ បន្ថែមទៀត នោះ ? សូមគិតពីការណ៍នេះ ។ សូមកត់ត្រាវាទុក ។ រួចហើយ សូម ទទួលសេចក្ដីជំនឿបន្ថែមទៀត តាមរយៈការធ្វើអ្វីមួយដែល តម្រូវឲ្យមានសេចក្ដីជំនឿបន្ថែមទៀត ។
( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ឆ្នាំ ២០២១ ទំព័រ ១០៣ )
សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកនឹងធ្វើអ្វីខ្លះ ប្រសិនបើអ្នកមានសេចក្ដីជំនឿបន្ថែមទៀតនោះ ?
-
តើមានជំហានអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីធ្វើតាមចំណាប់អារម្មណ៍របស់អ្នក ?
សូមចំណាយពេលមួយនាទី ដើម្បីចាប់ផ្តើមធ្វើសកម្មភាពតាមចំណាប់អារម្មណ៍របស់អ្នក ។ ឧទាហរណ៍ យោងតាមអ្វីដែលអ្នកទទួលអារម្មណ៍ថា អ្នកគួរធ្វើ នោះអ្នកអាចផ្ញើអត្ថបទ ផ្តល់ការអធិស្ឋាន ដាក់ការរំឭកនៅក្នុងប្រតិទិនរបស់អ្នក ឬរៀបចំផែនការអ្វីដែលអ្នកនឹងធ្វើបន្ទាប់ទៀត ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើការបង្រៀនរបស់យ៉ាកុបអំពីសេចក្ដីជំនឿ និងការប្រព្រឹត្តិផ្ទុយពីការបង្រៀនរបស់ប៉ុលឬទេ ?
នៅក្នុងបរិបទនៃ យ៉ាកុប ២:១៤ យ៉ាកុបបានប្រើពាក្យ ប្រព្រឹត្តតាម ខុសពីរបៀបដែលសាវកប៉ុលបានប្រើ ។ នៅពេលប៉ុលបានប្រើពាក្យ ការប្រព្រឹត្តិ គាត់បានសំដៅជាចម្បងទៅលើកិច្ចការនៃក្រឹត្យវិន័យរបស់ម៉ូសេ ( សូមមើល រ៉ូម ៣:២៧–៣១ និង កាឡាទី ២:១៥–១៦ ) ។ នៅពេលយ៉ាកុបបានប្រើពាក្យ ប្រព្រឹត្តតាម លោកសំដៅទៅលើសកម្មភាពនៃការលះបង់ ឬកិច្ចការនៃសេចក្ដីសុចរិត ។
សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ ប៉ុន្តែចុះតើការប្រព្រឹត្តតាមដែលគ្មានសេចក្ដីជំនឿវិញនោះ ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សេចក្ដីជំនឿពិតគឺផ្ដោតនៅក្នុង និងលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយតែងតែដឹកនាំទៅរកសកម្មភាពសុចរិត ។ … សកម្មភាពតែម្យ៉ាងពុំមែនជាសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះទេ ប៉ុន្តែការធ្វើសកម្មភាពស្របតាមគោលការណ៍ត្រឹមត្រូវ គឺជាធាតុមួយដ៏សំខាន់នៃសេចក្ដីជំនឿ ។
( សូមមើល ដេវីឌ អេ បែដណា « Ask in Faith » Liahona ខែ ឧសភា ឆ្នាំ ២០០៨, ៩៥ )