យ៉ូហាន ៤ ផ្នែកទី ២
ទឹករស់
ព្រះយេស៊ូវបានបង្រៀនស្ត្រីសាសន៍សាម៉ារីនៅឯមាត់អណ្តូងទឹក អំពីទឹករស់ដែលទ្រង់បានប្រទាន ។ មេរៀននេះមានគោលបំណងដើម្បីជួយអ្នកឲ្យយល់បន្ថែមទៀតអំពីទឹករស់ ដែលព្រះអង្គសង្រ្គោះបានប្រទាន ៖ តើវាជាអ្វី ហេតុអ្វីអ្នកត្រូវការវា ហើយតើអ្នកអាចទទួលបានវាដោយរបៀបណា ។
ផ្លូវទៅកាន់សុភមង្គល និងភាពពេញលេញ
អែលឌើរ លូរែន អ៊ី ខូប៊្រីតហ្គ នៃក្រុមចិតសិបនាក់ បានបង្រៀន ៖
មានផ្លូវតែមួយគត់ដែលនាំទៅរកសុភមង្គល និងភាពពេញលេញ ។ [ ព្រះយេស៊ូវគ្រីស្ទ ] គឺជាផ្លូវ ។ គ្រប់ផ្លូវផ្សេងៗ រាល់ផ្លូវណាមួយផ្សេង មិនថាផ្លូវណាទេ គឺជាភាពល្ងីល្ងើ ។
ទ្រង់ប្រទាននូវអណ្តូងទឹករស់ ។ យើងអាចផឹកហើយមិនចេះស្រេកទឹកទៀត ឬក៏យើងល្ងង់មិនផឹកហើយបន្ដនៅតែស្រេកទឹកទៀត ។
( ឡរិន អ៊ី ខ័រប្រ៊ិច « The Way,” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៤ )
-
តើពេលខ្លះមនុស្សងាកទៅរកអ្វី ដើម្បីមានសុភមង្គល និងភាពពេញលេញ ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ស្រេកឃ្លានខាងវិញ្ញាណ ឬមិនស្កប់ចិត្ត ?
-
ហេតុអ្វីបានជាអ្នកគិតថា ពេលខ្លះមនុស្សងាកទៅរកអ្វីដែលមិននាំមកនូវការស្កប់ចិត្តយូរអង្វែង ?
-
តើព្រះយេស៊ូវគ្រីស្ទប្រទានអ្វីខ្លះ ដែលនាំមកនូវសុភមង្គល និងភាពពេញលេញដ៏យូរអង្វែង ?
សូមគិតអំពីរបៀបដែលសំណួរទាំងនេះទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ តើមានអ្វីដែលអ្នកងាកទៅរក ដើម្បីទទួលបានសុភមង្គល និងភាពពេញលេញ តែតាមពិតទៅ វាមិនបានបំពេញតាមបំណងប្រាថ្នាទាំងនោះទេ ? តើអ្នកធ្លាប់មានបទពិសោធន៍អ្វីខ្លះ នៅពេលដែលអ្នកមានអារម្មណ៍ថាមានសេចក្ដីសុខសាន្ដ និងសុភមង្គលយូរអង្វែងដែលអាចកើតមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ?
ទឹករស់
សូមរំឭកដល់ការសិក្សា យ៉ូហាន ៤ របស់អ្នកនៅក្នុងមេរៀនមុន ដែលព្រះយេស៊ូវបានបង្រៀនស្ត្រីសាសន៍សាម៉ារីអំពីទឹករស់ដែលជា « ជានិមិត្តរូបមួយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្ដីបង្រៀនរបស់ទ្រង់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ទឹករស់ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org) ។
សូមស្រមៃថា អ្នកត្រូវបានស្នើសុំឲ្យរៀបចំសុន្ទរកថាសម្រាប់ការប្រជុំសាក្រាម៉ង់អំពីទឹករស់ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទាន ។ ជាផ្នែកមួយនៃសុន្ទរកថារបស់អ្នក អ្នកត្រូវបានស្នើសុំឲ្យកំណត់ថា (១) តើទឹករស់គឺជាអ្វី (២) ហេតុអ្វីយើងត្រូវការវា និង (៣) របៀបដែលយើងអាចទទួលវាពីព្រះអង្គសង្គ្រោះ ។ ដោយប្រើបទគម្ពីរ សេចក្តីថ្លែងការណ៍ និងសំណួរខាងក្រោមនេះ ព្រមទាំងជំនួយបន្ថែម ដែលអ្នកអាចរកបានដោយខ្លួនឯង សូមរៀបចំគំនិត និងត្រៀមសុន្ទរកថារបស់អ្នក ។
ទឹករស់
សូមអានវគ្គបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដោយរកមើលការយល់ដឹងអំពីទឹករស់ដែលព្រះយេស៊ូវគ្រីស្ទបានប្រទាន ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« ទឹករស់ដែលបានយោងទៅនៅក្នុង [ យ៉ូហាន ៤:១០ ] គឺជាការតំណាងឲ្យព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ហើយដោយសារទឹកចាំបាច់សម្រាប់ទ្រទ្រង់ជីវិតឲ្យរស់នៅបាន នោះព្រះអង្គសង្គ្រោះ និងគោលលទ្ធិ គោលការណ៍ ព្រមទាំងពិធីបរិសុទ្ធទាំងឡាយរបស់ទ្រង់គឺចាំបាច់សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នក និងខ្ញុំត្រូវការទឹករស់របស់ទ្រង់រាល់ថ្ងៃ និងក្នុងការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីទ្រទ្រង់ការលូតលាស់ និងការអភិវឌ្ឍខាងវិញ្ញាណរបស់យើង ។ព្រះគម្ពីរមាននូវព្រះបន្ទូលរបស់ព្រះគ្រីស្ទ ហើយជាអាងនៃទឹករស់ដែលយើងមានសិទ្ធិប្រើបាន ហើយដែលយើងអាចផឹកបានយ៉ាងច្រើន និងយូរអង្វែង ។ អ្នក និងខ្ញុំត្រូវតែមើលទៅ ហើយមកឯព្រះគ្រីស្ទ ដែលជា « ប្រភពនៃទឹករស់ » ( នីហ្វៃទី១ ១១:២៥ ; ប្រៀបធៀបនឹង អេធើរ ៨:២៦ ; ១២:២៨ ) តាមរយៈការអាន ( សូមមើល ម៉ូសាយ ១:៥ ) ការសិក្សា [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:១ ] ការស្រាវជ្រាវ ( សូមមើល យ៉ូហាន ៥:៣៩ ; អាលម៉ា ១៧:២ ) និងការទទួលទាន ( សូមមើល នីហ្វៃទី២ ៣២:៣ ) ព្រះបន្ទូលនៃព្រះគ្រីស្ទដែលមាននៅក្នុងព្រះគម្ពីរដ៏បរិសុទ្ធ ។ តាមរយៈការធ្វើដូច្នេះ យើងអាចទទួលបានទាំងការណែនាំ និងការការពារខាងវិញ្ញាណអំឡុងដំណើរជីវិតរមែងស្លាប់របស់យើង ។
( ដេវីឌ អេ បែដណា « A Reservoir of Living Water » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ១ នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
មានមនុស្សជាច្រើនអង្គុយនៅតុពិធីជប់លៀងនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយគ្រាន់តែបរិភោគច្បិចៗនៅឯពិធីបុណ្យដែលគេដាក់នៅមុខពួកគេប៉ុណ្ណោះ ។ ពួកគេដើរតាមចលនា—ដោយប្រហែលជាចូលរួមការប្រជុំរបស់ពួកគេ ក្រឡេកមើលបទគម្ពីរ ហើយធ្វើការអធិស្ឋានដដែលៗ—ប៉ុន្តែដួងចិត្តរបស់ពួកគេនៅឆ្ងាយ ។ ប្រសិនបើពួកគេស្មោះត្រង់ នោះពួកគេនឹងសារភាពថា ពួកគេចាប់អារម្មណ៍លើពាក្យចចាមអារ៉ាមក្នុងភូមិថ្មីៗបំផុត និន្នាការទីផ្សារភាគហ៊ុន និងកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្ត ជាងលើភាពអស្ចារ្យ និងការងារបម្រើដ៏ផ្អែមល្ហែមនៃព្រះវិញ្ញាណបរិសុទ្ធ ។តើអ្នកចង់ទទួលទានទឹករស់នេះ ហើយស្គាល់អណ្តូងដ៏ទេវភាពដែលកំពុងផុសឡើងនៅក្នុងខ្លួនអ្នក ដែលនាំទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ចដែរឬទេ ?ដូច្នេះ ចូរកុំខ្លាចឡើយ ។ សូមជឿឲ្យអស់ពីដួងចិត្តរបស់អ្នក ។ សូមអភិវឌ្ឍនូវសេចក្ដីជំនឿមួយដ៏រឹងមាំលើព្រះរាជបុត្រានៃព្រះ ។ ចូរឲ្យដួងចិត្តរបស់យើងពោរពេញដោយការអធិស្ឋានដ៏ស្មោះត្រង់ ។ សូមបំពេញគំនិតរបស់អ្នកដោយចំណេះដឹងអំពីទ្រង់ ។ សូមបោះបង់ចោលនូវភាពទន់ខ្សោយរបស់អ្នក ។ សូមដើរនៅក្នុងបរិសុទ្ធភាព និងភាពសុខដុមជាមួយនឹងព្រះបញ្ញត្តិទាំងឡាយ ។
( យ៉ូសែប ប៊ី វ៉ឺតលីន « The Abundant Life » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ១០០ )
ដោយផ្អែកលើអ្វីដែលអ្នកបានរៀនពីការសិក្សាធនធានទាំងនេះ ឬពីធនធានអ្នកដទៃទៀត សូមចាប់ផ្តើមបង្កើតគ្រោងសម្រាប់សុន្ទរកថារបស់អ្នក ។ សូមប្រាកដថា គម្រោងសុន្ទរកថារបស់អ្នកឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ ។ សូមគិតផងដែរអំពីរបៀបដែលអ្នកអាចថ្លែងពីអារម្មណ៍របស់អ្នក អំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងសុន្ទរកថារបស់អ្នក ។ សូមពិចារណាចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលអ្នកធ្លាប់មានក្នុងការទទួលទានទឹករស់របស់ព្រះអង្គសង្គ្រោះ និងរបៀបដែលបទពិសោធន៍ទាំងនោះមានឥទ្ធិពលលើអ្នក ។
-
តើទឹករស់ដែលបានប្រទានដោយព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ?
-
ហេតុអ្វីយើងត្រូវការទឹករស់របស់ព្រះអង្គសង្គ្រោះ ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានទឹករស់ពីព្រះអង្គសង្គ្រោះ ?
-
តើការដឹងថា ព្រះអង្គសង្គ្រោះចង់ឲ្យមនុស្សគ្រប់គ្នាទទួលទានទឹករស់របស់ទ្រង់ មានឥទ្ធិពលយ៉ាងណាទៅលើអារម្មណ៍របស់អ្នកចំពោះទ្រង់ ?
១ . សូមសរសេរគ្រោងសម្រាប់សុន្ទរកថារបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ គម្រោងសុន្ទរកថារបស់អ្នកនឹងត្រូវបញ្ជូនទៅគ្រូបង្រៀនរបស់អ្នក ។
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
តើទឹករស់ដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យទាក់ទងនឹងសាក្រាម៉ង់យ៉ាងដូចម្តេច ?
ពេលបម្រើជាទីប្រឹក្សាទីពីរក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ ស៊ីស្ទើរ ឆារិល អេ អេសព្លិន បានបង្រៀន ៖
ព្រលឹងវិញ្ញាណរបស់យើងដែលមានរបួស អាចត្រូវបានជា ហើយបំពេញជាថ្មី មិនគ្រាន់តែដោយសារនំប៉័ង និងទឹក ដែលរំឭកយើងអំពីពលិកម្មនៃព្រះកាយ និងលោហិតរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែដោយសារជានិមិត្តរូបរំឭកយើងផងថា ទ្រង់តែងតែជា « នំប៉័ងជីវិត » [ យ៉ូហាន ៦:៤៨ ] និងជា « ទឹករស់ » [ យ៉ូហាន ៤:១០ ] របស់យើងជានិច្ច ។
បន្ទាប់ពីការបម្រើសាក្រាម៉ង់ដល់ពួកសាសន៍នីហ្វៃ ព្រះយេស៊ូវ មានបន្ទូលថា ៖
« អ្នកណាទទួលទាននំប៉័ងនេះ គឺទទួលទានរូបកាយយើងទៅក្នុងព្រលឹងអ្នកនោះ ហើយអ្នកណាផឹកស្រាទំពាំងបាយជូរនេះ គឺផឹកលោហិតយើងទៅក្នុងព្រលឹងអ្នកនោះ ហើយព្រលឹងអ្នកនោះនឹងពុំចេះស្រេកឃ្លានឡើយ តែបានឆ្អែតជានិច្ច ។
« ឥឡូវនេះ កាលបណ្ដាជនគ្រប់គ្នាបានបរិភោគ នឹងផឹករួចហើយ មើលចុះ ពួកគេបានពោរពេញទៅដោយព្រះវិញ្ញាណ » [ នីហ្វៃទី៣ ២០:៨–៩ ] ។
តាមបន្ទូលទាំងនេះ ព្រះគ្រីស្ទបង្រៀនយើងថា ព្រះវិញ្ញាណព្យាបាល ហើយបំពេញព្រលឹងរបស់យើង ។ ពរជ័យដែលបានសន្យានៃពិធីសាក្រាម៉ង់គឺថា យើងនឹង « តែងតែមានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយ [ យើង ] ជានិច្ច » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ] ។
( ឆារិល អេ អេសព្លិន « The Sacrament—a Renewal for the Soul » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៣ )
តើទឹករស់របស់ព្រះអង្គសង្គ្រោះអាចជួយខ្ញុំឲ្យយកឈ្នះលើឥទ្ធិពលអាក្រក់របស់ពិភពលោកនេះយ៉ាងដូចម្តេច ?
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២៧–២០០៧) នៃគណៈប្រធានទីមួយបានបង្រៀន ៖
ភាគច្រើននៃការបំពុលខាងវិញ្ញាណដែលចូលមកក្នុងជីវិតរបស់យើង កើតឡើងតាមរយៈអ៊ីនធឺណិត ហ្គេមកំព្យូទ័រ កម្មវិធីទូរទស្សន៍ និងភាពយន្តដែលមានការចាប់អារម្មណ៍ខ្ពស់ ឬបង្ហាញជាលក្ខណៈក្រាហ្វិកនូវគុណលក្ខណៈមូលដ្ឋានរបស់មនុស្សជាតិ ។ ដោយសារយើងរស់នៅក្នុងបរិយាកាសបែបនេះ នោះយើងត្រូវបង្កើនកម្លាំងខាងវិញ្ញាណ ។
អេណុស និយាយពីការស្រេកឃ្លាននៃព្រលឹងរបស់លោក ហើយអំពាវនាវអស់ពេញមួយថ្ងៃ ហើយដល់ពេលយប់ក្នុងការទូលអង្វរសម្រាប់ព្រលឹងរបស់លោក [ សូមមើល អេណុស ១:៤ ] ។ លោកចង់បានអាហារបំប៉នខាងវិញ្ញាណ ដែលធ្វើឲ្យបាត់ស្រេកចំពោះសេចក្តីពិតខាងវិញ្ញាណ ។ ដូចដែលព្រះអង្គសង្គ្រោះនៃពិភពលោកបានមានបន្ទូលទៅកាន់ស្ត្រីនៅមាត់អណ្តូងទឹកនៅស្រុកសាម៉ារីថា « អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច » [ យ៉ូហាន ៤:១៤ ] ។
( ជែមស៍ អ៊ី ហ្វោស្ត « Spiritual Nutrients » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៥៥ )