ថ្នាក់​សិក្ខាសាលា
យ៉ូហាន ៣:១៤–១៧


យ៉ូហាន ៣:១៤–១៧

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ »

ព្រះយេស៊ូវ​ត្រឡប់​ទៅ​សួនច្បារ​វិញ​ដើម្បី​បន្ត​អធិស្ឋាន ហើយ​ទទួលរង​នូវ​ការឈឺចាប់​យ៉ាង​ខ្លាំង ។

ដូច​បាន​កត់ត្រា​នៅក្នុង យ៉ូហាន ៣ ព្រះយេស៊ូវ​បាន​បង្រៀន​នីកូដេម​អំពី​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់ នៅពេល​ទ្រង់​មាន​បន្ទូល​ថា « នោះ​កូន​មនុស្ស​នឹង​ត្រូវ [ បាន ] គេ​លើក​លោក​ឡើងយ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​កូន​មនុស្ស​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ » ( យ៉ូហាន ៣:១៤–១៥ ) ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « នៅពេល​យើង​វិនិយោគ​ពេលវេលា​ក្នុង​ការរៀន​សូត្រ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់ នោះ​យើង​ខិត​ចូល​ទៅធាតុ​គន្លឹះ [ មួយ ] ទៀត ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់ ៖ គឺ​យើង​ជ្រើសរើស​ដើម្បី​មាន​ជំនឿ​ទៅលើ​ទ្រង់ ហើយ​ធ្វើ​តាម​ទ្រង់ » ( « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០ ) ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​ពង្រឹង​សេចក្តី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​អ្នក​រៀនសូត្រ​បន្ថែម​ទៀត​អំពី​ដង្វាយធួន​របស់​ទ្រង់ ។

តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​អ្វី ?

ព្រះយេស៊ូវគ្រីស្ទ​អធិស្ឋាន​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី
ព្រះគ្រីស្ទ​ព្យួរលើ​ឈើឆ្កាង​នៅ​កាល់វ៉ារី

សូម​មើលទៅ​រូបភាព​របស់​ព្រះយេស៊ូវ​នៅ​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង ហើយ​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបតំណាង​ទិនានុប្បវត្តិ១. សូម​បំពេញ​សេចក្ដីថ្លែង​ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  • ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះយេស៊ូវគ្រីស្ទ​មកកាន់​ផែនដី​នេះ ដើម្បី​ធ្វើ​ដង្វាយធួន​ជំនួស​យើង ដើម្បី …

  • រឿង​មួយ​ចំនួន​ដែល​ព្រះយេស៊ូវ​បាន​ដក​ពិសោធន៍​នៅក្នុង​សួនច្បារ​គែតសេម៉ានី​រួមមាន …

  • ព្រះយេស៊ូវ​បាន​សុគត​នៅលើ​ឈើឆ្កាង ពីព្រោះ …

  • ប្រសិនបើ​ព្រះយេស៊ូវ​មិន​បាន​រងទុក្ខ​នៅ​សួនច្បារ​គែតសេម៉ានី និង​សុគត​នៅលើ​ឈើឆ្កាង​ទេ នោះ …

នៅក្នុង​មេរៀន​នេះ អ្នក​នឹង​រៀន​បន្ថែម​ទៀត​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌​បាន​បង្ហាញ នៅពេល​ដែល​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​មកកាន់​ពិភពលោក​នេះ ។ នៅពេល​អ្នក​សិក្សា សូម​យកចិត្ត​ទុកដាក់​លើ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​ជួយ​អ្នកឲ្យ​ដឹងគុណ​ជាងមុន ចំពោះ​ពលិកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​អ្នក និង​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ទ្រង់ ។

ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ

វគ្គបទគម្ពីរ និង​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​បង្រៀន​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ចំណាយ​ពេល ១០ ទៅ ១៥ នាទី​អាន​ប្រភព​ទាំងនេះ​ដោយ​យកចិត្ត​ទុកដាក់ ( ឬ​ប្រភព​ផ្សេងទៀត​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ដែល​អ្នក​ចាប់​អារម្មណ៍​ចង់​រៀនសូត្រ ឬ​ដែល​អ្នក​បាន​រកឃើញ​មុន​មេរៀន​នេះ ) ។ ពេល​អ្នក​អាន សូម​គិត​អំពី​របៀប​ដែល​ប្រភព​ទាំងនេះ​នីមួយៗ ជួយ​អ្នកឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​អ្នក និង​មូលហេតុ​នៃ​ការធ្វើ​ដូច្នោះ ។

អែលឌើរ ថាត អរ ខាលីស្ទើរ នៃ​ពួកចិតសិប​នាក់​បាន​បង្រៀន ៖

បងប្រុស ថាត អរ ខាលីស្ទើរ

ដូច្នេះ​តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អ្វី ? ក្នុង​ន័យ​មួយ វាគឺជា​បណ្ដុំ​ព្រឹត្តិការណ៍​ដ៏​ទេវភាព​ដែល​បាន​ចាប់ផ្ដើម​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី បាន​បន្ត​នៅ​លើ​ឈើឆ្កាង ហើយ​បាន​បញ្ចប់​ជាមួយ​នឹង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​ចេញ​ពី​ផ្នូរ ។ វា​ត្រូវ​បាន​ជំរុញ​ចិត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​យើង​ម្នាក់ៗ​ពុំអាច​យល់​បាន ។ វា​តម្រូវ​ឲ្យ​មាន​អង្គ​ដែល​គ្មាន​អំពើបាប ដែល​មាន​ព្រះចេស្ដា​ជានិរន្តរ​លើ​ធាតុ​ទាំងឡាយ—សូម្បី​តែ​សេចក្ដី​ស្លាប់ ជា​អង្គ​ដែល​មាន​សមត្ថភាព​គ្មាន​ដែន​កំណត់​ដើម្បី​រងទុក្ខ​នូវ​លទ្ធផល​នៃ​រាល់​អំពើ​បាប និង​ជំងឺ​របស់​យើង ហើយ​ជា​អង្គ​ដែល​យាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦ ] ។ នេះ​គឺជា​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ—នេះ​គឺជា​ដង្វាយធួន​របស់​ទ្រង់ ។

ចុះ​តើ​គោលបំណង​របស់​វា​គឺជាអ្វី ? វា​គឺ​ដើម្បី​ធ្វើ​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះវិញ ប្រែក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ហើយ​មាន​អំណរ​ដ៏​ពេញលេញ​មួយ ។ ការណ៍​នេះ​អាច​សម្រេច​បាន​តាមរយៈ​ការយក​ឈ្នះ​លើ​ឧបសគ្គ​បួន​យ៉ាង ៖

  1. សេចក្ដីស្លាប់​ខាង​រាងកាយ

  2. សេចក្ដីស្លាប់​ខាង​វិញ្ញាណ ដែល​កើត​មាន​ដោយសារ​អ័ដាម និង​អំពើបាប​របស់​យើង

  3. ទុក្ខវេទនា និង​ជំងឺ​របស់​យើង

  4. ភាពទន់ខ្សោយ និង​ភាពពុំ​ល្អ​ឥត​ខ្ចោះ​របស់​យើង

( ថាត អរ ខាលីស្ទើរ « The Atonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥ )

រូបតំណាង​ទិនានុប្បវត្តិ ២. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ជា​ប្រយោគ​យ៉ាង​ហោច​ណាស់​បី​ប្រយោគ ។

  • តើ​អ្នក​មាន​អារម្មណ៍ ឬ​ការយល់ដឹង​អ្វីខ្លះ នៅពេល​អ្នក​សិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ?

តើ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​ត្រូវបាន​បង្ហាញ​យ៉ាង​ដូចម្តេច ពេល​ទ្រង់​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​នោះ ?

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ យ៉ូហាន ៣:១៦ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដូច្នេះ​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយ​ស្រួល ។ អ្នក​នឹង​រៀន​បន្ថែម​អំពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​នៅ​ក្នុង​មេរៀន​ក្រោយ ។

សេចក្តីពិត​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សង្កត់ធ្ងន់ នៅពេល​ទ្រង់​បាន​បង្រៀន​នីកូដេម​អំពី​ដង្វាយធួន​របស់​ទ្រង់ ( សូមមើល យ៉ូហាន ៣:១៤–១៧ ) គឺ​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់​ខ្លាំង​ណាស់ រហូតដល់​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​ឲ្យ​មក​ធួន​នឹង​អំពើបាប​ជំនួស​យើង ។

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​អំពី​របៀប​ដែល​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ត្រូវបាន​បង្ហាញ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ៖

ប្រធាន ដាល្លិន អេក អូក

មិនមាន​ភស្ដុតាង​ណា​អស្ចារ្យ​ជាង​ការប្រកាស​ដោយ​សាវក​យ៉ូហាន​អំពី​អំណាច និង​ភាពល្អ​ឥតខ្ចោះ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏និរន្ដរ​របស់​ព្រះ​ឡើយ ៖ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ » ( យ៉ូហាន ៣:១៦ ) ។ សាវក​មួយ​រូប​ទៀត​បាន​សរសេរ​ថា ព្រះ « មិន​បាន​សំចៃ​ទុក​នូវ​ព្រះរាជបុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទៅ​ជំនួស​យើង​រាល់​គ្នា » ( រ៉ូម ៨:៣២ ) ។ សូម​គិត​មើល​ចុះ​ថា តើ​ព្រះវរបិតាសួគ៌​របស់​យើង​ឈឺចាប់​ក្នុង​ព្រះទ័យ​ខ្លាំង​ប៉ុណ្ណា ដែល​បាន​បញ្ជូន​ព្រះរាជបុត្រា​តែ​មួយ​របស់​ទ្រង់​ឲ្យ​មក​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​ដែល​ពុំ​អាច​យល់​បាន សម្រាប់​អំពើ​បាប​របស់​យើង​នោះ ។ នោះ​គឺ​ភស្តុតាង​ដ៏​អស្ចារ្យ​បំផុត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួក​យើង​ម្នាក់ៗ !

( ដាល្លិន អេក អូក « Love and Law » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៦ )

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញ​ពី​សេចក្ដី​ថ្លែងការណ៍​នេះ ?

សូមមើល​វីដេអូ « For God So Loved the World » ( ៤:៤៨ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ហើយ​រកមើល​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ ។

4:48

For God So Loved the World

Give thanks for the Lord Jesus Christ: His life, His atoning sacrifice, and His Resurrection. John 3:16

រូបតំណាង​ទិនានុប្បវត្តិ ៣. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ប្រយោគ​ពីរ ឬ​បី​ដែល​ពិពណ៌នា​អំពី​គំនិត ឬ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​ខ្ញុំ​អាច​ទទួលបាន​អំណាច ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់ខ្ញុំ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់​យ៉ាង​ដូចម្តេច ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ដូច​ខាងក្រោម​នេះ អំពី​ការអញ្ជើញ​ឲ្យមាន​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​របស់​យើង ៖

ប្រធាន រ័សុល អិម ណិលសុន

ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ យើង​សំដៅ​បេសកកម្ម​របស់​ទ្រង់​ថា​ជា​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ធ្វើ​ឲ្យ​ការ​រស់ឡើងវិញ​ក្លាយជា​ការពិត​ចំពោះ​មនុស្ស​ទាំងអស់ ហើយ​បាន​ធ្វើ​ឲ្យ​មាន​ជីវិតដ៏នៅ​អស់កល្បជានិច្ច​ចំពោះអស់​អ្នក​ដែល​ប្រែចិត្តពី​អំពើបាប​របស់​ពួកគេ ហើយ​ទទួល​យក និង​រក្សា​ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញា​សំខាន់ៗ​ទាំងឡាយ ។ …

… សេចក្តីសញ្ញា​របស់​យើង​ចង​ភ្ជាប់​យើងទៅ​នឹង​ទ្រង់ ហើយ​ប្រទាន​ដល់​យើង​នូវ​ព្រះចេស្ដា​របស់​ព្រះ ។ ក្នុងនាម​ជា​សិស្ស​ស្មោះត្រង់ យើង​ប្រែចិត្ត ហើយ​ដើរ​តាម​ទ្រង់​ចូល​ទៅ​ក្នុង​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ យើង​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ដើម្បី​ទទួល​បាន​ពិធី​បរិសុទ្ធ​សំខាន់ៗ​ដទៃ​ទៀត ។ …

បុរស​ស្ត្រី​ដែល​រក្សា​សេចក្ដីសញ្ញា ព្យាយាម​រក​វិធី​ដើម្បី​រក្សា​ខ្លួន​ពួកគេ​ពុំ​ឲ្យ​ប្រឡាក់​ស្នាម​ពី​លោកិយ ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​រារាំង​ពួកគេ​ពីការ​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ។

( រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០, ៤១ ) ។

តើ​ខ្ញុំ​អាច​ដឹង​បាន​យ៉ាង​ដូចម្តេច ប្រសិនបើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះចេស្ដា​របស់​ទ្រង់​កំពុង​ដំណើរការ​ក្នុង​ជីវិត​ខ្ញុំ​នោះ ?

ប្រធាន ហែនរី ប៊ី អាវរិង ក្នុង​គណៈ​ប្រធាន​ទី​មួយ​បាន​បង្រៀន ៖

ប្រធាន ហែនរី ប៊ី អាវរិង

ប្រសិន​បើ​អ្នកទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​សព្វថ្ងៃ​នេះ អ្នក​អាច​យក​វា​ធ្វើ​ជា​ភស្ដុតាង​ថា ដង្វាយធួន [ របស់​ព្រះយេស៊ូវគ្រីស្ទ ] កំពុង​ដំណើរការ​នៅក្នុង​ជីវិត​របស់​អ្នក​ហើយ ។ ដោយសារ​ហេតុផល​នោះ និង​អ្វីផ្សេង​ទៀត​ជាច្រើន អ្នក​អាច​ធ្វើឲ្យ​ខ្លួន​អ្នក​ស្ថិត​នៅក្នុង​កន្លែង និង​កិច្ចការ​ដែល​អញ្ជើញ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

( ហែនរី ប៊ី អាវរិង « Gifts of the Spirit for Hard Times » Ensign ខែ មិថុនា ឆ្នាំ ២០០៧ ទំព័រ ២៣ )

តើ​ខ្ញុំ​អាច​រៀន​បន្ថែម​ទៀត​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ឯណា ?

សូម​ពិចារណា​ធ្វើឲ្យ​ការយល់ដឹង​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ដោយ​ការប្រើប្រាស់​ជំនួយ​ការសិក្សា​ព្រះគម្ពីរ​ដូចជា Gospel Topics ដែល​មាន​ចំណងជើង​ថា « Atonement of Jesus Christ » ( ChurchofJesusChrist.org ) ឬ​ដោយ​រកមើល « ធ្វើ​ឲ្យ​ធួន, ដង្វាយ​ធួន » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ( scriptures.ChurchofJesusChrist.org ) ។ ជំនួយ​ការសិក្សា​ព្រះគម្ពីរ​ទាំងនេះ​មាន​នូវ​ការយល់ដឹង​ដ៏មាន​តម្លៃ បទគម្ពីរ សុន្ទរកថា វីដេអូ និង​ធនធាន​ផ្សេងទៀត ដែល​បង្រៀន​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។