ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣
ពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ
ព្រះអង្គសង្គ្រោះបានប្រើពាក្យប្រៀបប្រដូចអំពីវាលស្រែស្រូវសាលី និងស្រងែ ( ស្មៅមានជាតិពុល ) ដើម្បីបង្រៀនអំពីមនុស្សសុចរិត ដែលត្រូវបានប្រមូលផ្តុំ និងពួកទុច្ចរិត ដែលត្រូវបានដុត មុនពេលទ្រង់យាងត្រឡប់មកវិញ ។ មេរៀននេះមានបំណងដើម្បីបង្កើនបំណងប្រាថ្នារបស់អ្នកឲ្យចូលរួមក្នុងការប្រមូលផ្ដុំពួកសាសន៍អ៊ីស្រាអែល ។
ពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ
សូមសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ។ ប្រសិនបើមានឪពុកម្តាយ ឬសមាជិកគ្រួសារ អ្នកអាចពិភាក្សាសំណួរនេះជាមួយពួកគាត់បាន ។
-
តើអ្នកណាជាមនុស្សដំបូងគេក្នុងគ្រួសាររបស់អ្នក ដែលបានចូលរួមក្នុងសាសនាចក្រ ?
-
តើអ្នកណាបានជួយអញ្ជើញពួកគាត់ឲ្យមកព្រះវិហារ ?
-
តើសមាជិកភាពនៅក្នុងព្រះវិហាររបស់សមាជិកគ្រួសាររូបនេះ បានជះឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
-
តើការសម្រេចចិត្តរបស់អ្នកដើម្បីរក្សាសេចក្តីសញ្ញារបស់អ្នកជាមួយព្រះ អាចមានឥទ្ធិពលលើអ្នកដទៃយ៉ាងដូចម្តេច ?
នៅក្នុង ម៉ាថាយ ១៣ ព្រះអម្ចាស់បានប្រើពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ ដើម្បីបង្រៀនអំពីការប្រមូលផ្ដុំមនុស្សឲ្យចូលមកក្នុងសាសនាចក្ររបស់ទ្រង់ ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើការបំផុសគំនិតពីព្រះវិញ្ញាណ ដើម្បីជួយអ្នកឲ្យយល់ពីមូលហេតុ ដែលព្រះអម្ចាស់ប្រមូលរាស្រ្តរបស់ទ្រង់ និងរបៀបដែលអ្នកអាចចូលរួមបាន ។
សូមសិក្សាពាក្យប្រៀបប្រដូចនៅក្នុង ម៉ាថាយ ១៣:២៤–៣០ ។ វាអាចមានគុណប្រយោជន៍ក្នុងការដឹងថា ស្រងែគឺជា « ជាស្មៅ ឬល្បះពុល ដែលមានរូបរាងដូចជាស្រូវសាលី ។ គេមិនអាចស្គាល់ថាជាស្រងែ ឬជាស្រូវសាលីបានទេ ដរាបដល់ធំពេញលេញ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ស្រងែ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
ដើម្បីជួយអ្នកឲ្យសិក្សា សូមប្រើលំនាំទាំងបួនជំហាននេះ ៖
-
ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។
-
ធ្វើការប្រៀបធៀបខាងវិញ្ញាណ ។
-
ស្វែងយល់ពីមេរៀនដ៏មានតម្លៃ ។
-
កំណត់ការអនុវត្តផ្ទាល់ខ្លួន ។
១ . សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើអ្នកបានរកឃើញព័ត៌មានលម្អិតអ្វីខ្លះ នៅក្នុងពាក្យប្រៀបប្រដូចនេះដែលមានសារៈសំខាន់ ?
-
តើអ្នកបានធ្វើការប្រៀបធៀបខាងវិញ្ញាណអ្វីខ្លះ ?
-
តើមេរៀនដ៏មានតម្លៃអ្វីខ្លះដែលអ្នកបានរកឃើញ ?
-
តើអ្នកអាចអនុវត្តមេរៀនចេញពីពាក្យប្រៀបប្រដូចនេះ ទៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
ការបកស្រាយរបស់ព្រះអម្ចាស់អំពីពាក្យប្រៀបប្រដូចនេះ
សូមអាន ម៉ាថាយ ១៣:៣៦–៤៣ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីពាក្យប្រៀបប្រដូចនេះ ។
-
តើការពន្យល់របស់ព្រះអង្គសង្គ្រោះបន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់អ្នកអំពីរឿងប្រៀបប្រដូចនេះ ?
នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ព្រះអម្ចាស់បានចែកចាយរបៀបមួយ ដែលពាក្យប្រៀបប្រដូចនេះនឹងត្រូវបានបំពេញ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៤–៦៥ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានសន្យាថានឹងធ្វើមុនការយាងមកជាលើកទីពីរ ។ វាអាចមានគុណប្រយោជន៍ក្នុងការដឹងថា ជង្រុកគឺជាជង្រុកស្រូវ ឬឃ្លាំងដែលគ្រាប់ធញ្ញជាតិត្រូវបានរក្សាទុក ។
-
តើយើងរៀនអ្វីខ្លះអំពីព្រះអម្ចាស់មកពីខគម្ពីរទាំងនេះ ?
ការប្រមូលផ្ដុំអ៊ីស្រាអែល
ប្រធាន ណិលសុន បានបង្រៀនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអម្ចាស់ ដើម្បីប្រមូលរាស្ត្ររបស់ទ្រង់នៅថ្ងៃចុងក្រោយ ។ សូមមើល « ទុកឲ្យព្រះឈ្នះ » ពីលេខកូដម៉ោង ៤:០៧ ដល់ ៥:៤៨ ឬអានអត្ថបទខាងក្រោមនេះ ។ អ្នកក៏អាចរកឃើញបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ផ្សេងទៀតដោយខ្លួនឯង ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅអំពីការប្រមូលផ្ដុំអ៊ីស្រាអែលផងដែរ ។
តួនាទីរបស់អ្នកនៅក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល
សូមមើលវីដេអូ « Gatherers in the Kingdom » ( ១:៥០ ) ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមពីប្រធាន រ័សុល អិម ណិលសុន ដោយរកមើលថា តើការប្រមូលផ្ដុំអ៊ីស្រាអែលទាក់ទងនឹងអ្នកយ៉ាងដូចម្តេច ៖
យុវវ័យដ៏អស្ចារ្យជាទីស្រឡាញ់របស់ខ្ញុំអើយ—ក្មួយៗត្រូវបានបញ្ជូនមកកាន់ផែនដីនៅគ្រាដ៏ជាក់លាក់នេះ ជាគ្រាដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រនៃពិភពលោក ដើម្បីជួយប្រមូលផ្ដុំអ៊ីស្រាអែល ! គ្មានអ្វី កើតឡើងនៅលើផែនដីនេះក្នុងពេលនេះ ដែលសំខាន់ជាងកិច្ចការនេះនោះទេ ។ គ្មានអ្វី ដែលមានសារៈសំខាន់ខ្លាំងជាងនេះនោះទេ ។ គ្មាន ទាល់តែសោះ ។
ការប្រមូលផ្ដុំនេះគួរតែមានអត្ថន័យ ទាំងស្រុង ចំពោះក្មួយៗ ។ នេះ គឺជា បេសកកម្មដែលក្មួយៗត្រូវបានបញ្ជូនមកផែនដី ។
ដូច្នេះ សំណួររបស់ខ្ញុំចំពោះក្មួយៗគឺថា « តើក្មួយៗយល់ព្រមចូលបម្រើក្នុងកងទ័ពយុវវ័យរបស់ព្រះអម្ចាស់ ដើម្បីជួយប្រមូលផ្ដុំអ៊ីស្រាអែលដែរឬទេ ? »
( ប្រធាន រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « ក្ដីសង្ឃឹមនៃអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានយុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែមទៅនឹង New Era និង Ensign ទំព័រ ១២ នៅលើគេហទំព័រ ChurchofJesusChrist.org )
៣ . សូមបំពេញអ្វីខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
សូមសរសេរកថាខណ្ឌមួយ ឬច្រើនអំពីគំនិត និងចំណាប់អារម្មណ៍របស់អ្នកអំពីការប្រមូលផ្ដុំអ៊ីស្រាអែល និងពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ ។ សូមអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបំផុសគំនិត និងអារម្មណ៍របស់អ្នក នៅពេលអ្នកសរសេរ ។ សំណួរខាងក្រោមនេះអាចជួយអ្នកឲ្យសម្រេចចិត្តថាត្រូវសរសេរអ្វី ប៉ុន្តែវាគ្រាន់តែជាការណែនាំប៉ុណ្ណោះ ។
-
តើអ្នកមានសំណួរអ្វីខ្លះអំពីការប្រមូលផ្ដុំអ៊ីស្រាអែល ដែលអ្នកអាចឆ្លើយបាននៅពេលនេះ ?
-
តើការប្រមូលផ្ដុំអ៊ីស្រាអែលបង្រៀនអ្នកអ្វីខ្លះ អំពីការទុកព្រះទ័យរបស់ព្រះអង្គសង្គ្រោះមកលើអ្នក និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សគ្រប់រូប ?
-
តើអ្នកអាចជួយខ្លួនអ្នក និងអ្នកឯទៀតៗឲ្យជួបជុំជាមួយរាស្ដ្ររបស់ព្រះអម្ចាស់យ៉ាងដូចម្តេច ?
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
ហេតុអ្វីបានជាព្រះអម្ចាស់សព្វព្រះទ័យប្រមូលផ្ដុំរាស្ត្ររបស់ទ្រង់ ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះអម្ចាស់ប្រមូលរាស្ត្រទ្រង់ នៅពេលពួកគេទទួលយកទ្រង់ ហើយរក្សាព្រះបញ្ញត្តិរបស់ទ្រង់ ។ …
… ព្រះអម្ចាស់ប្រមូលរាស្ត្ររបស់ទ្រង់ដើម្បីថ្វាយបង្គំ ស្ថាបនាសាសនាចក្រ ទុកជាការការពារមួយ ហើយទទួលការប្រឹក្សា និងការណែនាំ ។ …
ព្យាការី យ៉ូសែប ស្ម៊ីធ បានប្រកាសថា នៅគ្រប់ជំនាន់ទាំងអស់ ព្រះរាជបំណងនៃការប្រមូលផ្ដុំ គឺជាការសង់ព្រះវិហារបរិសុទ្ធ ដើម្បីឲ្យបុត្រាបុត្រីរបស់ព្រះអម្ចាស់អាចទទួលពិធីបរិសុទ្ធដ៏ខ្ពស់បំផុត ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
( ដេវីឌ អេ បែដណា « The Spirit and Purposes of Gathering » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យព្រិកហាំ យ៉ង់–អាយដាហូ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០០៦ ] នៅលើគេហទំព័រ byui.edu )
តើអ្វីជាជង្រុក ដែលមនុស្សសុចរិតនឹងត្រូវប្រមូលផ្តុំដើម្បីឲ្យមានសុវត្ថិភាព ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ទំនាក់ទំនងដ៏សំខាន់ [ នេះ ] រវាងគោលការណ៍នៃការប្រមូលផ្ដុំ និងការសាងសង់ព្រះវិហារបរិសុទ្ធនេះត្រូវបានគូសបញ្ជាក់នៅក្នុងព្រះគម្ពីរមរមន ៖
« មើលចុះ ចម្ការទុំហើយ ហើយអ្នករាល់គ្នាមានពរហើយ ព្រោះអ្នករាល់គ្នាបានលូកកណ្ដៀវ ហើយបានច្រូតកាត់ដោយសមត្ថភាពរបស់ខ្លួន មែនហើយ គឺពេញមួយថ្ងៃ អ្នករាល់គ្នាបានធ្វើការ ហើយមើលចុះ កណ្ដាប់ស្រូវទាំងឡាយដែលអ្នកច្រូតបាន ! ហើយកណ្ដាប់ស្រូវទាំងនេះ នឹងត្រូវបានប្រមូលយកទៅទុកក្នុងជង្រុក ដើម្បីកុំឲ្យវាខាតបង់ » ( អាលម៉ា ២៦:៥ ) ។
កណ្ដាប់ស្រូវនៅក្នុងរឿងនេះ តំណាងឲ្យសមាជិកដែលទើបតែបានទទួលបុណ្យជ្រមុជទឹកក្នុងព្រះវិហារ ។ ជង្រុកគឺជាព្រះវិហារបរិសុទ្ធ ។
( ដេវីឌ អេ បែដណា « Honorably Hold a Name and Standing » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧ )
តើព្រះគម្ពីរមរមនមានតួនាទីអ្វីខ្លះក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ព្រះគម្ពីរមរមនគឺជាចំណុចសំខាន់នៃកិច្ចការនេះ ។ វាប្រកាសពីគោលលទ្ធិនៃការប្រមូលផ្ដុំ ។ វាធ្វើឲ្យមនុស្សរៀនពីព្រះយេស៊ូវគ្រីស្ទ ជឿលើដំណឹងល្អទ្រង់ ហើយចូលរួមនឹងព្រះវិហារទ្រង់ ។ តាមពិត បើគ្មានព្រះគម្ពីរមរមនទេ នោះការប្រមូលផ្ដុំអ៊ីស្រាអែលដែលបានសន្យាទុកក៏មិនកើតមានឡើងដែរ ។
( រ័សុល អិម ណិលសុន « The Gathering of Scattered Israel » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨០ )