ម៉ាថាយ ១៦:១៣–១៨
« ទ្រង់ជាព្រះគ្រីស្ទ »
ព្រះយេស៊ូវបានសួរពួកសិស្សរបស់ទ្រង់ថា តើមនុស្សផ្សេងទៀតគិតថាទ្រង់ជានរណា ហើយតើពួកសាវកផ្ទាល់ជឿអ្វីខ្លះអំពីទ្រង់ ។ ពេត្រុស បានឆ្លើយតបដោយថ្លែងទីបន្ទាល់របស់លោកថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ព្រោះលោកបានទទួលដោយវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ និងស្គាល់ពីសារៈសំខាន់នៃការទទួលទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ មកពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
ទូលទៅកាន់ព្រះអង្គសង្គ្រោះ
សូមស្រមៃថាអ្នក និងមិត្តភក្តិជិតស្និទ្ធពីរបីនាក់មានឱកាសទូលទៅកាន់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកគិតថា វានឹងមានទិដ្ឋភាពយ៉ាងណាដែលបានទូលទៅកាន់ព្រះអង្គសង្រ្គោះ ?
-
ប្រសិនបើទ្រង់សួរអ្នកថា តើមនុស្សសព្វថ្ងៃនេះគិត ឬនិយាយអំពីទ្រង់ដូចម្តេចខ្លះ តើអ្នកនឹងទូលអ្វី ?
សូមអាន ម៉ាថាយ ១៦:១៣–១៤ ដើម្បីមើលពីរបៀបដែលពួកសិស្សរបស់ទ្រង់បានឆ្លើយសំណួរស្រដៀងគ្នានេះ ។
សូមអាន ហើយគូសចំណាំសំណួរបន្ទាប់របស់ព្រះអង្គសង្គ្រោះ ជាសំណួរដែលមានលក្ខណៈកាន់តែផ្ទាល់ខ្លួន ដែលមាននៅក្នុង ម៉ាថាយ ១៦:១៥ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក អំពីរបៀបដែលអ្នកនឹងទូលទៅកាន់ទ្រង់ ប្រសិនបើព្រះអង្គសង្គ្រោះសួរសំណួរនេះមកកាន់អ្នក ។
កាលអ្នកបន្តសិក្សាមេរៀននេះ សូមគិតអំពីអ្វីដែលអ្នកបានធ្វើ ឬអាចធ្វើបាន ដើម្បីទទួល ឬពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។
ព្រះគម្ពីរកត់ត្រាតែចម្លើយរបស់សាវក ពេត្រុស ចំពោះសំណួររបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះ ។
សូមអាន ម៉ាថាយ ១៦:១៦ ហើយគូសចំណាំពីរបៀបដែល ពេត្រុស បានឆ្លើយ ។
-
តើវាមានន័យយ៉ាងដូចម្តេចដែលថា ព្រះយេស៊ូវ គឺជា « ព្រះគ្រីស្ទ » ?
-
តើវាមានន័យយ៉ាងដូចម្តេចដែលថា ទ្រង់ គឺជា « ព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ? »
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការឆ្លើយសំណួរទាំងនេះ សូមមើល « ព្រះយេស៊ូវគ្រីស្ទ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ « ព្រះដែលបានចាក់ប្រេងតាំង » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
សូមពិចារណាគូសចំណាំ ម៉ាថាយ ១៦:១៧ ដើម្បីចងចាំថាព្រះអង្គសង្គ្រោះបានមានបន្ទូលមក ពេត្រុស ថាទ្រង់បាន « ប្រទានពរ » ដោយសារទីបន្ទាល់របស់លោក ។
សូមពិនិត្យឡើងវិញនូវសាច់រឿងខាងក្រោម ហើយស្វែងរករបៀបដែលការមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទអាចជាពរជ័យនៅក្នុងសាច់រឿងនោះ ។
-
អ្នកបានជួបការលំបាកនឹងលក្ខខណ្ឌ ឬជំងឺដែលបានដាក់កំហិតលើសកម្មភាពរូបកាយរបស់អ្នក
-
អ្នកបានក្លាយជាអ្នកមានបំផុត ឬអ្នកក្របំផុត
-
អ្នកមានអារម្មណ៍ថាត្រូវបានគេមើលរំលង ឬដូចជាអ្នកមិនចុះចំណោមនឹងគេ
-
អ្នកបានបាត់បង់មនុស្សជាទីស្រឡាញ់
-
តើប្រតិកម្មរបស់អ្នកចំពោះកាលៈទេសៈទាំងនេះអាចខុសគ្នាយ៉ាងដូចម្តេច ប្រសិនបើអ្នកមិនមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទនោះ ?
-
តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ធ្លាប់មានបទពិសោធន៍អ្វីខ្លះ ដែលទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទមានគុណប្រយោជន៍ ?
ទីបន្ទាល់
សូមស្រមៃថា មាននរណាម្នាក់និយាយមកអ្នកថា « អស្ចារ្យហើយដែល ពេត្រុស មានទីបន្ទាល់ ប៉ុន្តែលោកបាននៅជាមួយព្រះអង្គសង្គ្រោះជារៀងរាល់ថ្ងៃ ។ តើខ្ញុំអាចទទួលទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដោយមិនបាននៅជាមួយទ្រង់សោះដោយរបៀបណា ? » នៅពេលអ្នកសិក្សាមេរៀនផ្នែកនេះ សូមគិតអំពីរបៀបដែលអ្នកនឹងឆ្លើយតប ។
សូមអាន ម៉ាថាយ ១៦:១៧ ដោយស្វែងរកការពិតមួយអំពីរបៀបដែលយើងទទួលទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។( កំណត់ចំណាំ ៖ « អ្នក » មានន័យថា « កូនយ៉ូណាស » ) ។
-
តើអ្នកបានរកឃើញសេចក្តីពិតអ្វីខ្លះ ពីរបៀបទទួលទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ?
អ្នកប្រហែលជាបានរកឃើញសេចក្តីពិតមួយដែលស្រដៀងដូចខាងក្រោមនេះ ៖ ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទបានមកពីវិវរណៈ ដែលទទួលបានពីព្រះវរបិតាសួគ៌ ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា ព្រះវរបិតាសួគ៌យើងជាប្រភពនៃវិវរណៈ ?
-
ហេតុអ្វីបានជាព្រះវរបិតាសួគ៌មានព្រះទ័យចង់បើកសម្តែងដល់យើងពីសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ ?
ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដែលបានទទួលពីព្រះវរបិតានេះ គឺត្រូវបានបើកសម្តែងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល កូរិនថូស ទី១ ១២:៣ ) ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
សេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាសាក្សីដល់អ្នកគឺថា ព្រះយេស៊ូវ គឺជា ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។
( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )
សូមចងចាំថា ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទគឺមានលក្ខណៈផ្ទាល់ខ្លួន និងមានភាពខុសគ្នាខ្លាំងសម្រាប់យើងម្នាក់ៗ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរថា តើទីបន្ទាល់ណាមួយដែលមានដូចខាងក្រោមនេះ ពិពណ៌នាអំពីអារម្មណ៍អ្នកបានល្អបំផុត ៖
-
ខ្ញុំបានទទួលទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែចង់ឲ្យទីបន្ទាល់នេះកាន់តែរឹងមាំ ។
-
ខ្ញុំមិនមានអារម្មណ៍ថា ខ្ញុំបានទទួលទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះវិញ្ញាណបរិសុទ្ធឡើយ ។
-
ទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ គឺរឹងមាំដូចជាខ្ញុំចង់បាន ។
-
ខ្ញុំមិនយល់ថា ហេតុអ្វីខ្ញុំចង់បានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទនោះទេ ។
សូមចាំទុកក្នុងចិត្ត នៅពេលអ្នកមានអារម្មណ៍ថា អ្នកនៅជាមួយទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ កាលដែលអ្នកធ្វើសកម្មភាពមួយ ឬច្រើនដូចខាងក្រោមនេះ ។ របៀបមួយដែលយើងទទួលវិវរណៈពីព្រះវិញ្ញាណបរិសុទ្ធ គឺតាមរយៈគំនិត និងអារម្មណ៍ ។ សូមយកចិត្តទុកដាក់លើគំនិត និងអារម្មណ៍របស់អ្នកដែលជួយអ្នកចង់បាន ទទួលបាន ឬពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាព ក ៖ តើយើងអាចធ្វើអ្វីខ្លះដើម្បីទទួលបាន ឬដើម្បីពង្រឹងទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ?
សូមធ្វើបញ្ជីសកម្មភាពមួយចំនួន ដែលអ្នកគិត និងទទួលអារម្មណ៍ថា អ្នកអាចធ្វើដើម្បីទទួលបាន ឬបង្កើនទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីបន្ថែមទៅក្នុងបញ្ជីរបស់អ្នក សូមគិតអំពីបទពិសោធន៍ដែល ពេត្រុស មានជាមួយព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ ឧទាហរណ៍ សូមមើល លូកា ៥:១–១១ និង ម៉ាថាយ ១៤:២២–៣៣ ។ សូមស្វែងរកជម្រើសដែល ពេត្រុស បានជ្រើសរើសពីបទពិសោធន៍ទាំងនោះ ដែលអាចជះឥទ្ធិពលលើទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ កាលដែលអ្នកសរសេរពីរបៀប ដែលអ្នកអាចធ្វើការជ្រើសរើសជម្រើសស្រដៀងៗគ្នា ។ សូមពិចារណាពីរបៀបដែលបទពិសោធន៍របស់ ពេត្រុស បង្ហាញពីសារៈសំខាន់នៃការមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាព ខ ៖ តើនរណាម្នាក់ដែលអ្នកទុកចិត្ត ទទួលបានទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
សូមហៅទូរសព្ទ ផ្ញើសារ ឬអ៊ីម៉ែលទៅឪពុកម្តាយ សមាជិកគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធ ។ សូមស្នើសុំឲ្យពួកគេចែករំលែកពីរបៀប ដែលពួកគេទទួលបានទីបន្ទាល់របស់ពួកគេ អំពីព្រះយេស៊ូវគ្រីស្ទ និងហេតុអ្វីបានជាវាសំខាន់ចំពោះពួកគេ ។ សូមសួរអំពីសកម្មភាពដែលពួកគេគិតថា មានគុណប្រយោជន៍បំផុតក្នុងការមានទីបន្ទាល់នោះ ។ សូមយកចិត្តទុកដាក់លើចំណាប់អារម្មណ៍ ដែលអ្នកទទួលបានអំពីរបៀប ដែលអ្នកអាចធ្វើតាមគំរូរបស់ពួកគេ ។
សកម្មភាព គ ៖ តើខ្ញុំអាចស្វែងយល់បន្ថែមអំពីការទទួលបានទីបន្ទាល់ អំពីព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅឯណា ?
សូមមើលវីដេអូ « Increase Your Testimony » ( ៤:៥៩ ) ឬ « The Hope of God’s Light » ( ៦:៤៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬអាន ឬមើលផ្នែកមួយនៃសុន្ទរកថា « Build a Fortress of Spirituality and Protection » ដោយ អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០៧–១០ ) ដោយស្វែងរកការយល់ដឹងអំពីរបៀប និងមូលហេតុ ដើម្បីស្វែងរកទីបន្ទាល់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
-
តើអ្នកគិត និងមានអារម្មណ៍យ៉ាងណា នៅពេលអ្នកបានអានសុន្ទរកថា ឬបានមើលវីដេអូនេះ ?
-
តើអ្នកអាចរកមើលបទពិសោធន៍ និងព័ត៌មានបន្ថែមពីទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៅកន្លែងណាទៀត ?
-
ហេតុអ្វីវាសំខាន់ដើម្បីបន្តរីកចម្រើន និងពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ?
១ . សូមឆ្លើយដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
សូមគិតអំពីនរណាម្នាក់ ដែលអាចទទួលបានអត្ថប្រយោជន៍ពីអ្វីដែលអ្នកបានរៀន ។ សូមសរសេរសំបុត្រខ្លីមួយពន្យល់ពួកគេពីអ្វីដែលអ្នកបានរៀន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ពួកគេបាន ។ សូមពិចារណាចែករំលែកទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលអ្នកទទួលបានទីបន្ទាល់នោះ ។
នៅពេលអ្នកសរសេរសំបុត្ររបស់អ្នករួចហើយ សូមផ្អាកបន្តិច ហើយស្តាប់ការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធអំពីអ្វី ដែលអ្នកត្រូវធ្វើដើម្បីទទួលបាន ឬពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរចំណាប់អារម្មណ៍ដែលអ្នកមាន នៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ហើយរៀបចំផែនការធ្វើសកម្មភាពតាមចំណាប់អារម្មណ៍នោះ ។
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
តើខ្ញុំអាចទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមមើលវីដេអូ « The Power of a Personal Testimony » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៩:២៧ ដល់ ១៣:១៩ ។
តើខ្ញុំអាចពង្រឹងទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅ បានចែកចាយគំនិតទាំងនេះ ៖
តើទីបន្ទាល់យើងបានស្ថាបនាលើគ្រឹះដ៏មាំនៃព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែរឬទេ ? ពេលព្យុះជីវិតបោកបក់មកលើយើង តើយើងទៅរកមើលសៀវភៅ ឬការចុះផ្សាយដោះស្រាយបញ្ហានៅតាមអ៊ីនធឺណិតយ៉ាងវីវក់ ដើម្បីទទួលបានជំនួយដែរឬទេ ? ការចំណាយពេលស្ថាបនា ហើយពង្រឹងចំណេះដឹង និងទីបន្ទាល់យើងអំពីព្រះយេស៊ូវគ្រីស្ទ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនក្នុងគ្រាជួបការសាកល្បង និងទុក្ខវេទនា ។ ការអានព្រះគម្ពីរប្រចាំថ្ងៃ និងការអានប្រសាសន៍របស់ពួកព្យាការីដែលនៅរស់ ការមានការអធិស្ឋានផ្ទាល់ខ្លួនដ៏មានន័យ ការទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ដោយយកចិត្តទុកដាក់ ការបម្រើដូចជាព្រះអង្គសង្គ្រោះនឹងធ្វើ—សកម្មភាពសាមញ្ញទាំងនេះក្លាយជាគ្រឹះសម្រាប់ជីវិតមួយដ៏រីករាយ ។
( ជីន ប៊ី ប៊ីងហាំ « That Your Joy Might Be Full » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័ ៨៧ )
តើការរស់នៅតាមទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ប៉ុណ្ណា ?
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌទី ៧៦ ប្រាប់យ៉ាងច្បាស់ថា « ក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧៩ ] គឺជាការសាកល្បងដ៏សាមញ្ញ និងចាំបាច់រវាងអស់អ្នកដែលនឹងគ្រងពរជ័យនគរសេឡេស្ទាល និងអ្នកដែលស្ថិតនៅកម្រិតទាបជាងគឺ នគរទេរេសស្ទ្រាល ។ ដើម្បីក្លាហាន យើងត្រូវផ្ដោតទៅលើព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ដើម្បីឈ្នះក្ដីស្លាប់ និងតាមរយៈការប្រែចិត្តរបស់យើង ដើម្បីសម្អាតយើងចេញពីអំពើបាប ហើយធ្វើតាមគោលលទ្ធិនៃព្រះគ្រីស្ទ ។ យើងក៏ត្រូវការពន្លឺ និងចំណេះដឹងអំពីព្រះជន្ម និងការបង្រៀនរបស់ព្រះសង្គ្រោះ ដើម្បីដឹកនាំយើងនៅលើមាគ៌ានៃសេចក្ដីសញ្ញា រួមមានពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផងដែរ ។ យើងត្រូវតែខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ទទួលទានព្រះបន្ទូលរបស់ទ្រង់ ហើយកាន់ខ្ជាប់ដល់ចុងបំផុត ។
( ឃ្វីនថិន អិល ឃុក « Valiant in the Testimony of Jesus » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៣ )
តើពួកសាវកសម័យទំនើបថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
សូមមើលវីដេអូ « Living Apostles Testify of Jesus Christ » ( ២:១៦ ) ឬវីដេអូផ្សេងទៀតដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org/prophets–and–apostles/what–are–the–prophets–testimonies ដើម្បីមើលឧទាហរណ៍ខ្លះៗ ។
តើថ្មដាដែលព្រះយេស៊ូវមានព្រះបន្ទូលថា ទ្រង់នឹងសង់សាសនាចក្ររបស់ទ្រង់នៅលើនោះគឺជាអ្វី ?
កាលដែលព្រះអង្គសង្គ្រោះបានបង្រៀនពេត្រុសអំពីវិវរណៈ នោះទ្រង់បានប្រើការលេងពាក្យមួយចំពោះឈ្មោះរបស់ពេត្រុស ដោយប្រកាសទៅស៊ីម៉ូនថា « អ្នកឈ្មោះពេត្រុស [ ពេត្រុស ] ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ [ ពេត្រា ] » ( ម៉ាថាយ ១៦:១៨ ) ។ ពាក្យជាភាសាក្រិក ពេត្រុស មានន័យថាថ្មដា ឬថ្មភ្នំតូចមួយដែលនៅតែឯង ។ ពាក្យជាភាសាក្រិក ពេត្រា ក៏អាចមានន័យផងដែរថាជា « ថ្មភ្នំមួយ » ប៉ុន្តែលើសពីនេះទៀត វាអាចសំដៅទៅលើដីថ្ម ថ្មស្រទាប់ ឬផ្ទាំងថ្មមួយដ៏ធំផងដែរ ។ ចេញពីពាក្យទាំងនេះយើងរៀនថា ពួកជំនុំពុំសង់ឡើងនៅលើពេត្រុស ដែលជាមនុស្សម្នាក់នោះទេ ប៉ុន្តែវាសង់ឡើងនៅលើស្រទាប់ថ្មនៃវិវរណៈវិញ ។