ម៉ាថាយ ២១:១–១១; យ៉ូហាន ១២:២៧–៣៦
ការយាងចូលដោយជោគជ័យរបស់ព្រះអង្គសង្គ្រោះ
ព្រះអង្គសង្គ្រោះបានយាងចូលក្រុងយេរូសាឡិមដោយជោគជ័យ ក្នុងអំឡុងពេលដែលប្រជាជនបានសរសើរ និងថ្វាយបង្គំទ្រង់ដោយស្រែកថា « ហូសាណា » ( សូមមើល ម៉ាថាយ ២១:៩ ) ។ បន្ទាប់មក ព្រះយេស៊ូវបានបង្រៀនប្រជាជនអំពីបេសកកម្មរបស់ទ្រង់ដើម្បីសង្គ្រោះពួកគេ ។ មេរៀននេះរួមបញ្ចូលទិដ្ឋភាពទូទៅនៃសប្តាហ៍ចុងក្រោយរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះជន្មរមែងស្លាប់ ដែលអាចជួយអ្នកឲ្យមានអារម្មណ៍ថាមានសេចក្ដីគោរព និងគារវភាពកាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់ក្នុងការសង្គ្រោះយើង ។
សេចក្ដីត្រូវការដើម្បីមានការសង្គ្រោះ
សូមគិតអំពីគ្រាមួយដែលអ្នកស្ថិតនៅក្នុងស្ថានភាពលំបាក ហើយត្រូវការឲ្យអ្នកផ្សេងទៀតមកជួយ ឬសង្គ្រោះអ្នក ។
-
ហេតុអ្វីបានជាអ្នកត្រូវការជំនួយ ឬការសង្គ្រោះ ?
-
តើមានអ្វីអាចកើតឡើង ប្រសិនបើអ្នកមិនបានទទួលជំនួយទេនោះ ?
-
តើបទពិសោធន៍នេះមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះបុគ្គលដែលបានជួយ ឬសង្គ្រោះអ្នកយ៉ាងដូចម្តេចដែរ ?
ពួកយើងទាំងអស់គ្នាត្រូវការព្រះចេស្ដាដ៏សង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងទាំងអស់គ្នាប្រព្រឹត្តខុស ដែលយើងមិនអាចធ្វើឲ្យវាដូចដើមវិញបាន យើងជួបប្រទះនឹងការបាត់បង់ ដែលយើងមិនអាចយកមកវិញបាន ហើយជួបនឹងការឈឺចាប់ ការបៀតបៀន សោកនាដកម្ម បន្ទុកធ្ងន់ និងការខកបំណង ដែលយើងមិនអាចទ្រាំទ្រតែម្នាក់ឯងបាន ។សូមពិចារណាពីតម្រូវការរបស់អ្នកដើម្បីមានព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអ្វីដែលអ្នកត្រូវការ ដើម្បីមានព្រះចេស្ដាដ៏សង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទជួយដល់អ្នក ។
នៅក្នុងមេរៀននេះ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីស្វែងយល់បន្ថែមទៀតអំពីមូលហេតុដែលព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទអាចជួយសង្រ្គោះយើងបានពីរាល់កំហុស ការបាត់បង់ ការឈឺចាប់ និងស្ថានភាពដែលយើងមិនអាចជួសជុលបាន ។
ការយាងចូលដោយជោគជ័យរបស់ព្រះយេស៊ូវគ្រីស្ទ
មុនពេលយាងចូលទៅក្រុងយេរូសាឡិមជាលើកចុងក្រោយ ព្រះយេស៊ូវបានបង្គាប់ពួកសិស្សរបស់ទ្រង់ឲ្យយកកូនលាមួយក្បាលមកថ្វាយទ្រង់ ដែលគេស្គាល់ផងដែរថាជាសត្វលាជំទង់ ។ ពួកសិស្សបានគ្របលើមេលា និងកូនវាដោយសម្លៀកបំពាក់របស់ពួកគេ ហើយពួកគេបានយាងព្រះអង្គសង្គ្រោះឲ្យគង់នៅលើកូនលាជំទង់នោះ ( សូមមើល ម៉ាថាយ ២១:១–៧; យ៉ូហាន ១២:១៤–១៥ ) ។
សូមអាន ម៉ាថាយ ២១:៨–១១ និង យ៉ូហាន ១២:១២–១៣ ដោយរកមើលរបៀបដែលប្រជាជនបានឆ្លើយតបនឹងព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់យាងចូលក្រុងយេរូសាឡិម ។ នៅពេលអ្នកអាន សូមស្រមៃថា ខ្លួនអ្នកមានវត្តមាននៅទីនោះដែរ ។
មនុស្សជាច្រើនបានស្រែកថា « ហូសាណា » ដែលជាពាក្យភាសាហេព្រើរ « ដែលមានន័យថា ‹ សូមជួយសង្គ្រោះយើងខ្ញុំ › ហើយដែលត្រូវប្រើក្នុងការសរសើរ និងការអំពាវនាវ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ហូសាណា » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីអត្ថន័យនៃប្រតិកម្មរបស់ប្រជាជនចំពោះការយាងចូលទៅក្នុងក្រុងយេរូសាឡិមរបស់ព្រះអង្គសង្គ្រោះ ៖
មានតែពួកស្ដេច និងពួកអ្នកចម្បាំងប៉ុណ្ណោះ ដែលបានទទួលការគោរពមួយដ៏អស្ចារ្យបែបនេះ ។ … នៅក្នុងចំណោមសម្រែកហ៊ោសរសើរ និងការទទូចអង្វរចំពោះសេចក្ដីសង្គ្រោះ និងការរំដោះ យើងឃើញពួកសិស្សបានតម្រៀបធាងស្លឹកចាកនៅតាមផ្លូវរបស់ព្រះអម្ចាស់យើង ដែលជាតំណាងឲ្យជ័យជម្នះ និងភាពជោគជ័យ ។ ទិដ្ឋភាពទាំងស្រុងដ៏អស្ចារ្យនេះដែលបានគិតទុកជាមុនអំពីការប្រមូលផ្ដុំនាពេលអនាគត នៅពេលដែល « មនុស្ស ១ ហ្វូងយ៉ាងធំ » … នឹងឈរ « នៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ » ស្រែកបន្លឺសំឡេងថា « សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង » ។ ( វិវរណៈ ៧:៩–១០ ) ។
( Doctrinal New Testament Commentary [ ឆ្នាំ ១៩៦៥ ] ១:៥៧៨ )
១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកអាចនឹងនិយាយ ធ្វើ និងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកមានវត្តមានក្នុងអំឡុងពេលការយាងចូលដោយជោគជ័យរបស់ព្រះអង្គសង្រ្គោះទៅក្រុងយេរូសាឡិម ? ហេតុអ្វីទៅ ?
-
តើពេលណាដែលអ្នកមានអារម្មណ៍ចង់ស្រែក « ហូសាណា » ( ថ្វាយការសរសើរ និងការដឹងគុណដោយស្មោះ ) ចំពោះព្រះយេស៊ូវគ្រីស្ទ ?
-
ហេតុអ្វីបានជាអ្នកអាចស្រែក « ហូសាណា » សម្រាប់ព្រះអង្គសង្គ្រោះឥឡូវនេះបាន ? នៅក្នុងអនាគតកាល ?
ពេលព្រះយេស៊ូវយាងចូលទៅក្រុងយេរូសាឡិមនៅលើសត្វលាជំទង់ មានមនុស្សជាច្រើនបានទទួលស្គាល់នេះថាជាការប្រកាសជាសាធារណៈថា ទ្រង់មិនត្រឹមតែជាព្រះមែស៊ីដែលបានសន្យាប៉ុណ្ណោះទេ ប៉ុន្ដែទ្រង់ថែមទាំងជាស្ដេចនៃអ៊ីស្រាអែលដែលបានសន្យាផងដែរ ។ មនុស្សជាច្រើនបានឃើញថា វាគឺជាការបំពេញការព្យាករនៅក្នុងព្រះគម្ពីរ ដូចបានកត់ត្រានៅក្នុង សាការី ៩:៩ ។
មនុស្សជាច្រើនបានគិតថា ព្រះមែស៊ីនឹងជាមេដឹកនាំយោធាដ៏អស្ចារ្យ ដែលនឹងជួយសង្គ្រោះពួកគេចេញពីការជិះជាន់របស់ពួករ៉ូម ។ ពួកគេយល់ខុសអំពីបេសកកម្មដ៏សង្គ្រោះរបស់ព្រះអង្គសង្គ្រោះ ។
-
តើព្រះវរបិតាសួគ៌បានបញ្ជូនព្រះយេស៊ូវគ្រីស្ទមកដើម្បីសង្គ្រោះយើងចេញពីអ្វី ?
ព្រះរាជបំណង និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ
បន្ទាប់ពីការយាងចូលដោយជោគជ័យរបស់ព្រះអង្គសង្រ្គោះ នោះ « មានសាសន៍ក្រេកខ្លះ » ដែលបានមកក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរំលង បានស្នើសុំចូលគាល់ទ្រង់ ( សូមមើល យ៉ូហាន ១២:២០–២១ ) ។ នៅពេលព្រះយេស៊ូវបានត្រាស់ដឹងពីសំណើរបស់ពួកគេ នោះទ្រង់បានបង្រៀនអំពីការរងទុក្ខ ការសុគត និងការរស់ឡើងវិញរបស់ទ្រង់ដែលនឹងកើតមានឡើងនាពេលខាងមុខនេះ ។ ទ្រង់បានពន្យល់ថា ព្រឹត្តិការណ៍ចុងក្រោយទាំងនេះនៅក្នុងក្រុងយេរូសាឡិម រួមទាំងការឆ្កាងដែលជិតមកដល់របស់ទ្រង់ គឺជាគោលបំណងទាំងមូលសម្រាប់ការយាងមកផែនដីរបស់ទ្រង់ ( សូមមើល យ៉ូហាន ១២:២៣–៣៣ ) ។
សូមអាន យ៉ូហាន ១២:២៧–២៨, ៣២–៣៣ ហើយរកមើលអ្វីដែលព្រះយេស៊ូវបានមានបន្ទូលអំពីព្រះរាជបំណង និងបេសកកម្មរបស់ទ្រង់ ។ ( សូមកត់ចំណាំថា សំឡេងដែលឮចេញពីស្ថានសួគ៌នោះ គឺជាព្រះសូរសៀងរបស់ព្រះវរបិតាសួគ៌ ដែលបង្ហាញនូវទំនុកចិត្តថា ព្រះយេស៊ូវគ្រីស្ទនឹងធ្វើដង្វាយធួនរបស់ទ្រង់ ) ។
-
តើព្រះយេស៊ូវបានបង្រៀនអ្វីខ្លះអំពីព្រះរាជបំណង និងបេសកកម្មរបស់ទ្រង់ ?
-
តើទំនុកចិត្តរបស់ព្រះវរបិតាសួគ៌លើព្រះយេស៊ូវគ្រីស្ទ អាចបង្កើនទំនុកចិត្តរបស់អ្នកលើសមត្ថភាព និងព្រះឆន្ទៈរបស់ព្រះអង្គសង្គ្រោះក្នុងការសង្គ្រោះអ្នកដោយរបៀបណា ?
វិធីមួយដើម្បីសង្ខេបពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុង យ៉ូហាន ១២:២៧–២៨, ៣២–៣៣ គឺថា ព្រះយេស៊ូវគ្រីស្ទបានធ្វើដង្វាយធួនរបស់ទ្រង់ ដើម្បីទ្រង់អាចទាញមនុស្សទាំងអស់ឲ្យមកឯទ្រង់បាន ។
ព្រះអង្គសង្គ្រោះបានថ្លែងទីបន្ទាល់អំពីសេចក្តីពិតដូចគ្នានេះនៅក្នុង នីហ្វៃ ទី៣ ២៧:១៣–១៥ ។ សូមអានវគ្គបទគម្ពីរនេះ ដោយរកមើលអ្វីដែលខគម្ពីរទាំងនេះបន្ថែមដល់ការយល់ដឹងរបស់អ្នកអំពីសេចក្តីពិតនេះ ។ អ្នកអាចនឹងចង់យោងឆ្លង ឬភ្ជាប់វគ្គបទគម្ពីរនេះទៅកាន់ យ៉ូហាន ១២:៣២ ។
ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍នៃសប្តាហ៍ចុងក្រោយរបស់ព្រះអង្គសង្គ្រោះ
ព្រឹត្តិការណ៍ជាច្រើននៅក្នុងសប្តាហ៍ចុងក្រោយនៃព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ មានសារៈសំខាន់ចំពោះបេសកកម្ម និងព្រះរាជបំណងរបស់ទ្រង់ដើម្បីសង្គ្រោះយើង តាមរយៈការទាញយើងទៅរកទ្រង់ ។
ផ្ទាំងព័ត៌មានខាងក្រោមនេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រឹត្តិការណ៍ទាំងនេះ ។
សូមមើលទៅផ្ទាំងព័ត៌មាននេះ ។ សូមអានវគ្គបទគម្ពីរមួយចំនួន ដើម្បីដឹងឲ្យបានកាន់តែច្បាស់អំពីព្រឹត្តិការណ៍ដែលបានពិពណ៌នាមកនេះ ។ សូមគិតអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះបានរួមចំណែកដល់បេសកកម្មដ៏សង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ ហើយសញ្ជឹងគិតពីរបៀបដែលទ្រង់អាចជួយ និងសង្គ្រោះអ្នកបាន ដោយសារតែអ្វីដែលទ្រង់បានបង្រៀន និងបានធ្វើក្នុងអំឡុងសប្តាហ៍នេះ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរសំណួរដែលអ្នកមានអំពីព្រឹត្តិការណ៍ទាំងនេះ ហើយកត់ត្រាទុកអំពីព្រឹត្តិការណ៍ណាមួយ ដែលអ្នកចង់ស្វែងយល់បន្ថែម និងមូលហេតុ ។
២. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកមានសំណួរអ្វីខ្លះអំពីព្រឹត្តិការណ៍ទាំងនេះ ?
-
តើអ្នកចង់ស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍មួយណា ? ហេតុអ្វីទៅ ?
-
តើអ្នកគិតថា ការរៀនបន្ថែមទៀតអំពីព្រឹត្តិការណ៍ទាំងនេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសមត្ថភាព និងបំណងប្រាថ្នារបស់ព្រះយេស៊ូវគ្រីស្ទក្នុងការសង្គ្រោះយើងដោយរបៀបណា ?
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
តើការយាងចូលដោយជោគជ័យមានន័យយ៉ាងណាសម្រាប់ពួកសាសន៍យូដា ហើយតើវាអាចមានន័យយ៉ាងណាសម្រាប់យើង ?
ការយាងចូលដោយជោគជ័យរបស់ព្រះអង្គសង្រ្គោះទៅក្នុងក្រុងយេរូសាឡិម អំឡុងពេលប្រារព្ធពិធីបុណ្យរំលងបានបំពេញដោយផ្ទាល់នូវការព្យាករ ដែលបានកត់ត្រានៅក្នុង សាការី ៩:៩–១០ ហើយបានប្រកាសជាសាធារណៈថា ព្រះយេស៊ូវគឺជាព្រះមែស៊ី និងជាស្តេចនៃអ៊ីស្រាអែលដែលបានសន្យា ។ នៅសម័យបុរាណ សត្វលា ឬលាជំទង់គឺជានិមិត្តរូបនៃរាជវង្សសាសន៍យូដា ។ នៅអំឡុងពេលរបបរាជានិយមនៅក្នុងប្រទេសអ៊ីស្រាអែលកាលពីបុរាណ បន្ទាប់ពីការឡើងសោយរាជ្យរបស់ស្តេចសូល នោះសាសន៍យូដាបានប្រារព្ធពិធីឡើងសោយរាជ្យឡើងវិញប្រចាំឆ្នាំ ដែលមានស្តេចគង់លើសត្វលាជំទង់ទៅកាន់ក្រុងយេរូសាឡិម ។ អ្នកដំណើរបានឆ្ពោះទៅក្រុងយេរូសាឡិមពីខាងកើតក្រុង ហើយបានមកដល់ព្រះវិហារបរិសុទ្ធ ។ ពិធីសាសនាទាំងនេះបានបង្ហាញពីពេលវេលា ដែលព្រះមែស៊ីនឹងយាងមករករាស្ដ្ររបស់ទ្រង់តាមរបៀបដូចគ្នា ។ ដូច្នេះ នៅគ្រាដែលក្រុងយេរូសាឡិមពេញទៅដោយពួកសាសន៍យូដាដែលប្រារព្ធបុណ្យរំលង នោះព្រះយេស៊ូវបានចូលក្រុងយេរូសាឡិមក្នុងលក្ខណៈដែលបង្ហាញថា ទ្រង់គឺជាព្រះមែស៊ី ជាស្ដេចនៃសាសន៍អ៊ីស្រាអែល ។ ការគង់លើសត្វលាក៏បានបង្ហាញផងដែរថា ព្រះយេស៊ូវបានយាងមកក្នុងនាមជាព្រះអង្គសង្គ្រោះដ៏សុខសាន្ត និង « សុភាព » មិនមែនជាអ្នកដែលមានជ័យជម្នះលើសេះសឹកទេ ( សូមមើល សាការី ៩:៩–១០ ) ។
នៅឯការយាងមកជាលើកទីពីរ ព្រះយេស៊ូវនឹងយាងមកកាន់ផែនដីវិញដោយព្រះចេស្តា និងសិរីល្អដ៏អស្ចារ្យ ។ ជានិមិត្តរូបនៃសិរីល្អរបស់ទ្រង់ ទ្រង់នឹងយាងមកលើ « សេះស » ជាជាងគង់លើសត្វលា ដែលទ្រង់បានយាងចូលក្រុងយេរូសាឡិម ( សូមមើល វិវរណៈ ១៩:១១–១៦ ) ។ ទ្រង់ក៏នឹងយាងមកសោយរាជ្យជា « ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច » ផងដែរ ( វិវរណៈ ១៧:១៤ ; សូមមើលផងដែរ វិវរណៈ ១៩:១៦ ) ។
តើយើងអាចរៀនអ្វីខ្លះ មកពីការប្រើប្រាស់ស្លឹកចាកក្នុងការយាងមកដោយជោគជ័យ ?
អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
តាមប្រពៃណី ធាងចាកគឺជានិមិត្តរូបដ៏ពិសិដ្ឋដើម្បីបង្ហាញពីសេចក្តីអំណរនៅក្នុងព្រះអម្ចាស់របស់យើង ក៏ដូចជានៅក្នុង ជ័យជំនះរបស់ព្រះយេស៊ូវក្នុងក្រុងយេរូសាឡិម ជាកន្លែងដែល « បណ្តាមនុស្ស…យកធាងចាកចេញទៅទទួលទ្រង់ » [ យ៉ូហាន ១២:១២–១៣ ; សូមមើលផងដែរ ម៉ាថាយ ២១:៨–៩ ; ម៉ាកុស ១១:៨–១០ ] ។… ក្នុងគម្ពីរវិវរណៈ អ្នកដែលសរសើរដល់ព្រះ និងកូនចៀមធ្វើដូច្នេះដោយ « ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ » [ វិវរណៈ ៧:៩ ] ។ ជាមួយនឹង « សម្លៀកបំពាក់នៃសេចក្ដីសុចរិត » និង « មកុដនៃសិរីល្អ » នោះស្លឹកចាកក៏មាននៅក្នុងការអធិស្ឋានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ផងដែរ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៧៦ ] ។ …
( ហ្គើរីត ដបុលយូ ហ្គង « Hosanna and Hallelujah—The Living Jesus Christ: The Heart of Restoration and Easter » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៥៣ )