ម៉ាថាយ ២៦:១–២៥
« ព្រះអម្ចាស់អើយ តើទូលបង្គំឬអី ? »
មុនបុណ្យរំលង ម៉ារាបានចាក់ប្រេងលាបព្រះអង្គសង្គ្រោះដោយប្រេងក្រអូបដ៏មានតម្លៃ ហើយយូដាសបានឃុបឃិតជាមួយនឹងពួកសង្គ្រាជ និងពួកអាចារ្យដើម្បីធ្វើគុតព្រះយេស៊ូវ ។ ក្នុងអំឡុងពេលសោយអាហារនៃបុណ្យរំលង ព្រះយេស៊ូវបានប្រកាសថានឹងមានគេក្បត់ទ្រង់ ។ ពួកសាវកបានសួរថា តើនរណានឹងក្បត់ព្រះអង្គសង្គ្រោះ ដោយសួរថា « ព្រះអម្ចាស់អើយ តើទូលបង្គំឬអី ? » មេរៀននេះអាចជួយអ្នកឲ្យប្រើព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរ ដើម្បីពិនិត្យមើលជីវិតរបស់អ្នក និងកំណត់ផ្នែកដែលអ្នកត្រូវកែលម្អ ។
របៀបដែលយើងប្រព្រឹត្តចំពោះអ្វីដែលយើងឲ្យតម្លៃ
សូមគិតអំពីមនុស្សម្នាក់ដែលសំខាន់ចំពោះអ្នក ។
-
ហេតុអ្វីបានជាមនុស្សនេះមានសារៈសំខាន់ដល់ម្ល៉េះចំពោះអ្នក ?
-
តើទង្វើរបស់អ្នកបង្ហាញថា មនុស្សម្នាក់នេះសំខាន់ប៉ុណ្ណាចំពោះអ្នក ?
នៅក្នុងផ្នែកនៃមេរៀននេះ អ្នកនឹងសិក្សាពីរបៀបដែលបុគ្គលមួយចំនួនបានបង្ហាញដោយសកម្មភាពរបស់ពួកគេថាតើពួកគេស្រឡាញ់ និងដឹងគុណព្រះអង្គសង្គ្រោះប៉ុណ្ណា ។ នៅពេលអ្នកសិក្សា សូមពិចារណាថាតើព្រះអង្គសង្គ្រោះមានសារៈសំខាន់យ៉ាងណាចំពោះអ្នក និងអ្វីដែលអ្នកអាចធ្វើដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់អ្នកចំពោះទ្រង់ ។ពីរបីថ្ងៃមុនពេលព្រះយេស៊ូវបានប្រមូលពួកសាវករបស់ទ្រង់ជួបជុំគ្នាដើម្បីទទួលទានអាហារនៅបុណ្យរំលងចុងក្រោយរបស់ទ្រង់ នោះទ្រង់បានទៅបេថានី ដើម្បីនៅជាមួយពួកអ្នកដើរតាមទ្រង់មួយចំនួន ( សូមមើល ម៉ាថាយ ២៦:៦ ; យ៉ូហាន ១២:១ ) ។
សូមអាន យ៉ូហាន ១២:៣–៨ ដើម្បីរៀនអំពីអ្វីដែលម៉ារាបានធ្វើសម្រាប់ព្រះអង្គសង្គ្រោះ ពេលទ្រង់គង់នៅភូមិបេថានី ។
-
តើទង្វើរបស់ម៉ារាបង្ហាញអ្វីខ្លះអំពីរបៀបដែលនាងស្រឡាញ់ និងដឹងគុណព្រះអង្គសង្គ្រោះ ?
-
តើអ្នកអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្រ្គោះនៅក្នុងដំណើររឿងនេះ ?
-
តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះ បន្ទាប់ពីបានសញ្ជឹងគិតពីសេចក្តីពិតទាំងនេះអំពីព្រះអង្គសង្គ្រោះ ?
នៅក្នុង ម៉ាថាយ ២៦:៣–៥ យើងរៀនថា ពួកសម្តេចសង្ឃបានប្រឹក្សាគ្នាអំពីរបៀបដែលពួកគេអាចនឹងធ្វើគត់ព្រះយេស៊ូវ ។ សូមអាន ម៉ាថាយ ២៦:១៤–១៦ ដោយរកមើលអ្វីដែលបានកើតឡើងភ្លាមៗ បន្ទាប់ពីម៉ារាបានចាក់ប្រេងតាំងព្រះយេស៊ូវនៅបេថានី ។
វាប្រហែលជាគួរឲ្យចាប់អារម្មណ៍ក្នុងការដឹងថា ការក្បត់របស់យូដាសចំពោះព្រះយេស៊ូវសម្រាប់ប្រាក់សាមសិបបំណែកបានបំពេញការព្យាករណ៍របស់ព្យាការីសាការីក្នុងព្រះគម្ពីរសញ្ញាចាស់ ( សូមមើល សាការី ១១:១២ ) ។ ម្យ៉ាងទៀត យោងទៅតាមក្រឹត្យវិន័យរបស់ម៉ូសេ ប្រាក់សាមសិបបំណែក គឺជាតម្លៃដែលត្រូវបានប្រើដើម្បីផ្តល់សំណងដល់ម្ចាស់សម្រាប់ការស្លាប់របស់ទាសករ ( សូមមើល និក្ខមនំ ២១:៣២ ) ។
-
តើអ្នករៀនអ្វីខ្លះពីការប្រៀបធៀបទង្វើរបស់ម៉ារាទៅនឹងទង្វើរបស់យូដាស ?
សូមចំណាយពេលបន្តិច ដើម្បីពិនិត្យមើលសប្តាហ៍របស់អ្នកមកទល់ពេលនេះ ។
-
តើអ្នកមានឱកាសអ្វីខ្លះដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះអង្គសង្គ្រោះ ?
-
តើមានពេលណាខ្លះដែលអ្នកចង់ធ្វើឲ្យបានល្អជាងនេះ ?
-
តើអ្នកអាចនឹងធ្វើអ្វីផ្សេងទៀតនៅពេលអនាគត ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់ឲ្យកាន់តែពេញលេញ ?
ការពិចារណាអំពីរបៀបដែលព្រះបន្ទូលរបស់ព្រះយេស៊ូវអនុវត្តចំពោះយើង
ព្រះយេស៊ូវបានចូលរួមក្នុងអាហារបុណ្យរំលង ដែលគេស្គាល់ថាជាអាហារចុងក្រោយជាមួយពួកសាវករបស់ទ្រង់ប៉ុន្មានថ្ងៃបន្ទាប់ពីម៉ារាបានចាក់ប្រេងតាំងទ្រង់ ។ សូមអាន ម៉ាថាយ ២៦:២០–២១ ដោយរកមើលការប្រកាសដែលព្រះអង្គសង្គ្រោះបានធ្វើអំឡុងពេលអាហារនេះ ។
-
ប្រសិនបើអ្នកជាសាវកម្នាក់ តើអ្នកប្រហែលនឹងគិតពីរឿងអ្វីខ្លះនៅគ្រានេះ ?
សូមអាន ម៉ាថាយ ២៦:២២ ដើម្បីមើលពីរបៀបដែលពួកសាវកបានឆ្លើយតប ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះជាសមាជិកក្នុងគណៈប្រធានទីមួយ បានចែកចាយមេរៀនមួយ ដែលយើងអាចរៀនពីការឆ្លើយតបរបស់ពួកសាវកបាន ។ អ្នកគួរតែមើលវីដេអូ « Lord Is it I? » មាននៅគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១:០៩ ដល់ ២:៣០ ឬអានអត្ថបទខាងក្រោម ។
ពួកសិស្សមិនបានសង្ស័យលើសេចក្ដីពិតនូវអ្វីដែល [ ព្រះយេស៊ូវ ] មានបន្ទូលឡើយ ។ ឬក៏មើលជុំវិញខ្លួន ចង្អុលទៅមនុស្សម្នាក់ផ្សេងទៀត ហើយទូលសួរថា « តើគាត់មែនទេ ? »
ផ្ទុយទៅវិញ « នោះគ្រប់គ្នាមានសេចក្ដីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទូលបង្គំឬអី ? » [ ម៉ាថាយ ២៦:២២ ; បានគូសបញ្ជាក់បន្ថែម ] ។
ខ្ញុំចង់ដឹងថាតើពួកយើងម្នាក់ៗនឹងធ្វើអ្វីខ្លះ ។ … តើយើងនឹងក្រឡេកមើលអ្នកនៅជុំវិញខ្លួនយើង ហើយគិតក្នុងចិត្តថា « ទ្រង់ប្រហែលជាមានព្រះបន្ទូលពីបងប្រុស ចនសុន ហើយមើលទៅ ។ ខ្ញុំតែងងឿងឆ្ងល់ពីគាត់ » ឬ « ខ្ញុំរីករាយដែលបងប្រុស ប្រោន នៅទីនេះ ។ គាត់ពិតជាត្រូវការស្ដាប់ឮសារលិខិតនេះ » ? ឬតើយើងនឹងមើលមកខ្លួនឯង ហើយទូលសួរសំណួរដ៏សំខាន់នោះ ដូចជាពួកសាវកពីបុរាណ ៖ « តើទូលបង្គំឬអី ? »
ក្នុងឃ្លាដ៏សាមញ្ញនេះ « ព្រះអម្ចាស់អើយ តើទូលបង្គំឬអី ? » គឺការចាប់ផ្ដើមនៃប្រាជ្ញា និងមាគ៌ាឆ្ពោះទៅកាន់ការប្រែចិត្តជឿផ្ទាល់ខ្លួន និងការផ្លាស់ប្ដូរដ៏យូរអង្វែង ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Lord, Is It I? ? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥៦ )
សេចក្តីពិតមួយ ដែលយើងអាចរៀនពីសេចក្តីថ្លែងការណ៍នេះ និងគំរូរបស់ពួកសាវកគឺថា ការរៀនពិសោធន៍ជីវិតរបស់យើងផ្ទាល់ យោងទៅតាមព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ជួយយើងឲ្យនៅលើផ្លូវទៅកាន់ការប្រែចិត្តជឿផ្ទាល់ខ្លួន និងការផ្លាស់ប្តូរដ៏យូរអង្វែង ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីសួរខ្លួនយើងពីរបៀបដែលព្រះបន្ទូលរបស់ព្រះអម្ចាស់អនុវត្តចំពោះយើង ជាជាងការសន្មតថាព្រះបន្ទូលទ្រង់មានន័យសម្រាប់អ្នកផ្សេង ?
-
តើមានស្ថានភាពអ្វីខ្លះក្នុងជីវិតរបស់អ្នក ដែលអ្នកអាចសួរថា « ព្រះអម្ចាស់អើយ តើទូលបង្គំឬអី ? »
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចលើកទឹកចិត្តអ្នកឲ្យសួរថា « ព្រះអម្ចាស់អើយ តើទូលបង្គំឬអី ? »
ប្រធាន អុជដូហ្វ បានចែកចាយឧទាហរណ៍ពីរអំពីប្រភពដែលយើងអាចប្រើដើម្បីជួយយើងឲ្យពិសោធន៍ជីវិតយើងខាងវិញ្ញាណ ៖
ខ្ញុំសូមផ្តល់យោបល់ថា ព្រះគម្ពីរបរិសុទ្ធ និងសុន្ទរកថាដែលផ្ដល់ឲ្យក្នុងសន្និសីទទូទៅគឺជាកញ្ចក់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពមួយដែលយើងអាចយកមកឆ្លុះមើលខ្លួនឯងបាន ។
កាលបងប្អូនស្ដាប់ឮ ឬអានពាក្យសម្ដីនៃពួកព្យាការីពីបុរាណ និងសម័យទំនើប សូមចៀសវាងកុំគិតពីរបៀបដែលពាក្យសម្ដីទាំងនោះអនុវត្តចំពោះអ្នកដទៃឡើយ ហើយសួរនូវសំណួរដ៏សាមញ្ញនេះថា ៖ « ព្រះអម្ចាស់អើយ តើទូលបង្គំឬអី ? »
( ឌៀថើរ អេហ្វ អុជដូហ្វ « Lord, Is It I? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ៥៨ )
សូមចំណាយពេលមួយភ្លែតដើម្បីគិតថា តើវាញឹកញាប់ប៉ុណ្ណាដែលអ្នកព្យាយាមអនុវត្តតាមបទគម្ពីរ ឬការបង្រៀនពីសន្និសីទទូទៅមកកាន់ជីវិតរបស់អ្នក ។ សូមគិតអំពីពរជ័យដែលអ្នកមានបទពិសោធន៍សម្រាប់ការខិតខំរបស់អ្នកដើម្បីបញ្ចូលព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅក្នុងជីវិតរបស់អ្នក ។
រៀនអនុវត្តព្រះបន្ទូលរបស់ព្រះអម្ចាស់ក្នុងជីវិតរបស់អ្នក
សូមសិក្សាយ៉ាងហោចណាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួនបីខាងក្រោមនេះ ។ នៅពេលអ្នកសិក្សា សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកំណត់ពីរបៀបដែលព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងវគ្គបទគម្ពីរទាំងនេះអនុវត្តចំពោះអ្នក ។ អ្នកក៏ប្រហែលចង់សិក្សាសុន្ទរកថាសន្និសីទទូទៅថ្មីៗជាផ្នែកមួយនៃសកម្មភាពនេះផងដែរ ។
១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើការបង្រៀនអ្វីខ្លះដែលអ្នករកឃើញថាអាចអនុវត្តបានចំពោះស្ថានភាពជីវិតបច្ចុប្បន្នរបស់អ្នក ?
-
តើពរជ័យអ្វីខ្លះដែលអ្នកគិតថាអ្នកអាចទទួលបានដោយការអនុវត្តតាមការបង្រៀនទាំងនេះក្នុងជីវិតរបស់អ្នក ?
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
ហេតុអ្វីបានជាម៉ារាបានចាក់ប្រេងតាំងព្រះយេស៊ូវ ?
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖
ការចាក់ប្រេងលើសិរសារបស់ភ្ញៀវម្នាក់ដោយប្រេងធម្មតា គឺធ្វើដើម្បីផ្ដល់កិត្តិយសដល់ភ្ញៀវនោះ ការចាក់ប្រេងនៅលើព្រះបាទាទ្រង់ក៏បង្ហាញពីទីសម្គាល់នៃការគោរពខុសពីធម្មតាដែរ ប៉ុន្តែការចាក់ប្រេងលើសិរសា និងព្រះបាទាដោយប្រេងទេព្វិរូ ហើយយ៉ាងច្រើនដូច្នេះ គឺជាទង្វើនៃការគោរពបូជាដោយកម្រដែលស្មើនឹងស្ដេច ។ ទង្វើរបស់ម៉ារាសម្តែងនូវសេចក្តីស្រឡាញ់ដ៏ខ្ពង់ខ្ពស់ វាគឺជាក្លិនក្រអូបដែលចេញពីដួងចិត្តពោរពេញដោយការថ្វាយបង្គំ និងមេត្រីភាព ។
( ជេមស៍ អ៊ី ថាល់មេហ្គ Jesus the Christ [ ឆ្នាំ ១៩១៦ ] ទំព័រ ៥១២ )
តើយើងអាចជៀសវាងការរិះគន់ខ្លួនឯងខ្លាំងពេក ខណៈពេលដែលយើងនៅតែទទួលស្គាល់ថាខ្លួនយើងត្រូវការការកែលម្អដោយរបៀបណា ?
ស៊ិស្ទើរ មីឈែល ឌី ក្រេហ្ក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានយុវនារីទូទៅ បានចែកចាយការយល់ឃើញដូចតទៅនេះ ៖
យើងគួរស្វាគមន៍អារម្មណ៍នៃភាពសោកសៅដ៏ទេវភាព ដែលហៅយើងឲ្យទៅកាន់ផ្លូវដ៏ខ្ពស់ជាងមួយ តាមរយៈការស្គាល់ ហើយចៀសវាងពីការក្លែងបន្លំរបស់សាតាំង—ជាការបាក់ទឹកចិត្តដែលរាំងស្ទះការរីកចម្រើនរបស់យើង ។ នេះគឺជាឱកាសមួយដ៏មានតម្លៃដែលសាតាំងជំរុញឲ្យយើងកើតមានអារម្មណ៍នេះជាញឹកញាប់ ។ យើងអាចជ្រើសដើរលើផ្លូវដ៏ខ្ពស់ជាង ដែលដឹកនាំយើងឲ្យស្វែងរកព្រះ ព្រមទាំងភាពសុខសាន្ត និងព្រះគុណរបស់ទ្រង់ ឬយើងអាចស្ដាប់តាមសាតាំងដែលបំពុលយើងជាមួយនឹងសារលិខិតថា យើងនឹងពុំល្អគ្រប់គ្រាន់ទេ ដូចជា ៖ ពុំសូវមាន ពុំសូវឆ្លាត ពុំស្អាតគ្រប់គ្រាន់ឡើយ គឺយើងគ្មានអ្វីល្អនោះទេ ។ ភាពសោកសៅរបស់យើងអាចជួយពង្រឹងយើងឲ្យកែលម្អ—ឬក៏បំផ្លាញយើង ។
( មីឈែល ឌី ក្រេហ្គ « Divine Discontent » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៣ )