ម៉ាថាយ ២៦:២៦–៣០; លូកា ២២:១៩–២០
ពិធីសាក្រាម៉ង់
នៅកន្លែងដែលគេស្គាល់ថាជាបន្ទប់ជាន់លើ ព្រះអង្គសង្គ្រោះ « បានអង្គុយជាមួយសិស្សទាំងដប់ពីរនាក់ » ( ម៉ាថាយ ២៦:២០ ) ហើយបានធ្វើពិធីបុណ្យរំលងជាលើកចុងក្រោយកាលនៅក្នុងអំឡុងព្រះជន្មរមែងស្លាប់ ។ ក្នុងអំឡុងពេលអាហារបុណ្យរំលងចុងក្រោយនេះ ព្រះយេស៊ូវគ្រីស្ទបានតាំងពិធីបរិសុទ្ធនៃសាក្រាម៉ង់ឡើង ជាវិធីថ្មីសម្រាប់ពួកសិស្សទ្រង់ក្នុងការចងចាំទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ និងមានអារម្មណ៍ថាមានសារៈសំខាន់ក្នុងការចងចាំព្រះអង្គសង្គ្រោះ នៅពេលអ្នកទទួលទានសាក្រាម៉ង់ ។
សារៈសំខាន់នៃពិធីសាក្រាម៉ង់
តើអ្នកអាចឆ្លើយតបយ៉ាងណា ប្រសិនបើមាននរណាម្នាក់ចង់សួរអ្នកនូវសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីបានជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទៅព្រះវិហាររៀងរាល់ថ្ងៃអាទិត្យ ?
ហេតុផលសំខាន់មួយដែលយើងទៅថ្វាយបង្គំនៅព្រះវិហារគឺដើម្បីទទួលទានសាក្រាម៉ង់ ។ ស៊ិស្ទើរ ឆារិល អេ អេសព្លិន អតីតគណៈប្រធានអង្គការបឋមសិក្សាទូទៅ បានចែកចាយការប្រាស្រ័យទាក់ទងគ្នាមួយ ដែលបានកើតឡើងរវាងបុរសអាយុ ៩៦ ឆ្នាំ និងកូនប្រុសរបស់គាត់ ដែលបកស្រាយបំភ្លឺអំពីតួនាទីដ៏សំខាន់នៃការទទួលសាក្រាម៉ង់ ដែលជាផ្នែកមួយនៃការថ្វាយបង្គំនៅព្រះវិហារ ។
ព្រះយេស៊ូវគ្រីស្ទបានតាំងពិធីសាក្រាម៉ង់នេះឡើង
ព្រះយេស៊ូវគ្រីស្ទបានចូលរួមក្នុងពិធីបុណ្យរំលងមុនការរងទុក្ខរបស់ទ្រង់នៅក្នុងសួនគែតសេម៉ានី និងការសុគតនៅលើឈើឆ្កាង ។ ព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ថាជាអាហារចុងក្រោយ ។ បន្ទាប់ពីព្រះអង្គសង្គ្រោះសោយអាហារបុណ្យរំលងជាមួយនឹងពួកសាវកទ្រង់ នោះទ្រង់បានតាំងពិធីបរិសុទ្ធសាក្រាម៉ង់នេះឡើង ។
សូមអាន ម៉ាថាយ ២៦:២៦–៣០ និង លូកា ២២:១៩–២០ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនពួកសាវករបស់ទ្រង់អំពីគោលបំណងនៃពិធីសាក្រាម៉ង់ ។ អ្នកគួរគូសចំណាំពាក្យ ឬឃ្លាសំខាន់ៗ ។ អ្នកក៏គួរមើលវីដេអូ « Always Remember Him » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ០:៥៣ ផងដែរ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្វីជាគោលបំណងរបស់ព្រះអង្គសង្គ្រោះក្នុងការតាំងពិធីបរិសុទ្ធនៃសាក្រាម៉ង់ឡើង ?
សេចក្តីពិតមួយដែលយើងអាចរៀនពីវគ្គបទគម្ពីរទាំងនេះគឺថា ព្រះយេស៊ូវគ្រីស្ទបានតាំងពីធីសាក្រាម៉ង់នេះឡើងដើម្បីជួយឲ្យយើងចងចាំដល់ទ្រង់ ។ទោះបីជាព្រះអង្គសង្គ្រោះមិនទាន់បានជួបប្រទះនឹងការរងទុក្ខវេទនា និងទុក្ខព្រួយនៃពលិកម្មដ៏ធួនរបស់ទ្រង់ក៏ដោយ ក៏ពិធីបរិសុទ្ធ និងនិមិត្តរូបដែលទ្រង់កំពុងបង្រៀនពួកសាវករបស់ទ្រង់ គឺដើម្បីជួយឲ្យពួកគេចងចាំទ្រង់ និងអំណោយទាននៃដង្វាយធួនរបស់ទ្រង់ដែរ ។
-
តើបទគម្ពីរ ឬបទពិសោធន៍ផ្ទាល់ខ្លួនអ្វីខ្លះបានជួយអ្នកឲ្យសញ្ជឹងគិតអំពីការលះបង់ដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់អ្នក ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះព្រះអង្គសង្គ្រោះ ពេលអ្នកអានខគម្ពីរទាំងនេះ ឬគិតអំពីបទពិសោធន៍ទាំងនេះ ?
-
តើនិមិត្តសញ្ញានៃពិធីសាក្រាម៉ង់អាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ និងអាចធ្វើសម្រាប់អ្នកយ៉ាងដូចម្ដេច ?
ការបង្កើតគម្រោងមេរៀន
សូមស្រមៃថា អ្នកត្រូវបានស្នើសុំឲ្យបង្រៀនអំពីពិធីសាក្រាម៉ង់នៅក្នុងការពិភាក្សានៃការសិក្សាព្រះគម្ពីរនាពេលខាងមុខនៅក្នុងគេហដ្ឋានរបស់អ្នក ។ ដោយប្រើបទគម្ពីរដែលអ្នកទើបតែបានសិក្សា និងសេចក្ដីយោងផ្សេងទៀតដែលអ្នកជ្រើសរើស ( ដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « បុណ្យសាក្រាម៉ង់ » គេហទំព័រ scriptures.ChurchofJesusChrist.org ឬសុន្ទរកថាសន្និសីទទូទៅថ្មីៗ ) រៀបចំដើម្បីជួយអ្នកដទៃឲ្យយល់ និងទទួលអារម្មណ៍ពីសារៈសំខាន់នៃពិធីសាក្រាម៉ង់ ។
បន្ថែមលើនេះ អត្ថបទ « The Bread and the Water » ( Ensign ខែ កក្កដា ឆ្នាំ ២០១៧ ទំព័រ ៦៨–៦៩ ) ក៏អាចមានប្រយោជន៍ដែរ ។
គម្រោងមេរៀនរបស់អ្នកគួររួមបញ្ចូលដូចតទៅនេះ ៖ ( ១ ) វគ្គបទគម្ពីរមួយ ឬច្រើន ឬសេចក្តីថ្លែងការណ៍ដោយអ្នកដឹកនាំសាសនាចក្រអំពីពិធីសាក្រាម៉ង់ដើម្បីសិក្សា និងសញ្ជឹងគិត ( ២ ) យ៉ាងហោចណាស់សំណួរពីរដែលអ្នកអាចសួរដើម្បីយល់កាន់តែស៊ីជម្រៅ និង ( ៣ ) ការអញ្ជើញឲ្យអនុវត្តនូវសេចក្ដីពិតដែលអ្នកពិភាក្សា ។ សូមប្រើសំណួរមួយចំនួន ឬទាំងអស់ខាងក្រោមដើម្បីជួយណែនាំអ្នកក្នុងការបង្កើតគម្រោងមេរៀនរបស់អ្នក ។
-
តើពិធីសាក្រាម៉ង់ជាអ្វីទៅ ?
-
តើពិធីសាក្រាម៉ង់អាចជួយយើងឲ្យយល់កាន់តែច្បាស់អំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ដោយរបៀបណា ?
-
តើអ្វីបានជួយអ្នកឲ្យមានបទពិសោធន៍ដ៏មានអត្ថន័យ ពេលទទួលទានសាក្រាម៉ង់ ?
-
តើជីវិតរបស់អ្នកអាចខុសគ្នាយ៉ាងណា បើអ្នកចងចាំព្រះយេស៊ូវគ្រីស្ទបានញឹកញាប់ជាងនេះ ?
១. សូមកត់ត្រាគម្រោងមេរៀនរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
តើអ្វីទៅជាទំនាក់ទំនងរវាងបុណ្យរំលង និងពិធីសាក្រាម៉ង់ ?
តារាងផ្ទាំងព័ត៌មាន « The Passover Supper » ( New Era ខែ មេសា ឆ្នាំ ២០១៩ ទំព័រ ៨–៩ ) អាចជួយក្នុងការយល់ដឹងអំពីទំនាក់ទំនងរវាងបុណ្យរំលង និងពិធីសាក្រាម៉ង់ ។
ហេតុអ្វីបានជាយើងប្រើទឹកសម្រាប់ធ្វើពិធីសាក្រាម៉ង់ជំនួសឲ្យស្រា ?
គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:១–២ ចែងថា វាមិនមានបញ្ហាចំពោះអ្វីដែលត្រូវប្រើសម្រាប់ពិធីសាក្រាម៉ង់នោះទេ ដរាបណាវាត្រូវបានប្រារព្ធ « ដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ [ ព្រះគ្រីស្ទ ] » នោះ ( ខទី ២ ) ។ បច្ចុប្បន្ន ថ្នាក់ដឹកនាំសាសនាចក្រស្នើសុំឲ្យយើងប្រើទឹក នៅពេលយើងទទួលទានសាក្រាម៉ង់ ។
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យពិធីសាក្រាម៉ង់កាន់តែមានអត្ថន័យ ?
ប្រធាន ស្ទីវិន ចេ ឡាន់ ប្រធានយុវជនទូទៅ បានបង្រៀន ៖
រាល់ពេលដែលឌីកុនកាន់ថាសសាក្រាម៉ង់ នោះយើងនឹកឃើញដល់ដំណើររឿងដ៏ពិសិដ្ឋនៃអាហារចុងក្រោយ នៅសួនច្បារគែតសេម៉ានី កាល់វ៉ារី និងសួននៃផ្នូរសព ។ នៅពេលព្រះអង្គសង្គ្រោះមានព្រះបន្ទូលទៅសាវករបស់ទ្រង់ថា « ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ » [ លូកា ២២:១៩ ] នោះទ្រង់ក៏មានបន្ទូលបែបនោះរាប់ជំនាន់មកហើយមកកាន់យើងម្នាក់ៗ ។ ទ្រង់មានព្រះបន្ទូលអំពីអព្ភូតហេតុ មិនចេះចប់ដែលទ្រង់នឹងប្រទាន ពេលឌីកុន គ្រូ និងសង្ឃនាពេលអនាគតហុចនំប៉័ង និងទឹករបស់ទ្រង់ ហើយអញ្ជើញបុត្រាបុត្រីទ្រង់ឲ្យទទួលយកអំណោយទានដ៏ធួនរបស់ទ្រង់ ។
និមិត្តរូបសាក្រាម៉ង់ទាំងអស់ចង្អុលបង្ហាញយើងទៅរកអំណោយទាននោះ ។ យើងសញ្ជឹងគិតដល់នំប៉័ងដែលទ្រង់ធ្លាប់បានកាច់—និងនំប៉័ងដែលសង្ឃកំពុងកាច់នៅចំពោះមុខយើងនាពេលនេះ ។ យើងគិតដល់អត្ថន័យនៃទឹកដែលបានញែកចេញនាពេលនោះ និងពេលនេះ ដូចការអធិស្ឋានសាក្រាម៉ង់ទាំងនោះចេញពីមាត់សង្ឃវ័យក្មេងយ៉ាងមុតមាំ ទៅកាន់ដួងចិត្តរបស់យើង និងស្ថានសួគ៌ ហើយរំឭកដល់សេចក្ដីសញ្ញាដែលភ្ជាប់យើងទៅនឹងព្រះចេស្ដាដ៏ខ្លាំងនៃសេចក្ដីសង្គ្រោះរបស់ព្រះគ្រីស្ទ ។ យើងអាចគិតអំពីអត្ថន័យវា ពេលដែលឌីកុនហុចនំប៉័ង និងទឹកដ៏ពិសិដ្ឋឲ្យយើង ឈរនៅកន្លែងដែលព្រះយេស៊ូវនឹងឈរ បើទ្រង់គង់នៅទីនោះ ហើយចង់សម្រាលបន្ទុក និងការឈឺចាប់យើង ។
( ស្ទីវិន ជេ ឡាន់ « Finding Joy in Christ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៣៦ )
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានចែកចាយការប្រឹក្សាដូចខាងក្រោមនេះ ៖
នៅអំឡុងការប្រជុំសាក្រាម៉ង់—ហើយជាពិសេសអំឡុងការបម្រើនៃពិធីសាក្រាម៉ង់—យើងគប្បីសញ្ជឹងគិតលើការថ្វាយបង្គំ ហើយទប់អារម្មណ៍ពីអស់ទាំងសកម្មភាពផ្សេងៗទៀត ជាពិសេសពីអាកប្បកិរិយាដែលអាចរំខានដល់ការថ្វាយបង្គំរបស់អ្នកដទៃដែរ ។ សូម្បីតែអ្នកដេកលក់ស្ងាត់ៗដែលគិតថាមិនរំខានអ្នកដទៃក៏ដោយ ។ ការប្រជុំសាក្រាម៉ង់មិនមែនជាពេលមួយសម្រាប់អានសៀវភៅ ឬទស្សនាវដ្ដីនោះទេ ។ យុវវ័យអើយ វាមិនមែនជាពេលមួយសម្រាប់ខ្សឹបពីការសន្ទនាតាមទូរសព្ទ ឬសម្រាប់ផ្ញើសារទៅមនុស្សដែលនៅទីកន្លែងផ្សេងទៀតនោះទេ ។ ពេលយើងទទួលទានសាក្រាម៉ង់ យើងធ្វើសេចក្ដីសញ្ញាដ៏ពិសិដ្ឋមួយថា យើងនឹងតែងតែចងចាំព្រះអង្គសង្គ្រោះជានិច្ច ។ គួរឲ្យសោកស្ដាយណាស់ដែលឃើញមនុស្សបំពានលើសេចក្ដីសញ្ញានោះស្ទើរតែគ្រប់កិច្ចប្រជុំ ។
( ដាល្លិន អេក ដាល្លិន « Sacrament Meeting and the Sacrament » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៨–១៩ )