« មាត្រានៃសេចក្ដីជំនឿ » ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅណែនាំកុមារ ( ឆ្នាំ ២០១៩ )
« មាត្រានៃសេចក្ដីជំនឿ » ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅណែនាំកុមារ
មាត្រានៃសេចក្ដីជំនឿ
១. យើងខ្ញុំជឿដល់ព្រះ គឺព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច និងដល់ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទហើយដល់ព្រះវិញ្ញាណបរិសុទ្ធ ។
២. យើងខ្ញុំជឿថា មនុស្សទាំងអស់នឹងត្រូវទទួលទោសចំពោះអំពើបាបរបស់ខ្លួនផ្ទាល់ គឺមិនមែនចំពោះអំពើរំលងរបស់លោកអ័ដាមទេ ។
៣. យើងខ្ញុំជឿថា តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ នោះមនុស្សលោកទាំងអស់អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រឹត្យវិន័យ និង ពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ ។
៤.យើងខ្ញុំជឿថា គោលការណ៍ទីមួយ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អគឺ ៖ ទីមួយ សេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទីពីរ ការប្រែចិត្ត ទីបី បុណ្យជ្រមុជទឹក ដោយការពន្លិចសម្រាប់ការផ្ដាច់បាប ទីបួន ការដាក់ដៃលើសម្រាប់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ។
៥.យើងខ្ញុំជឿថា មនុស្សត្រូវតែបានហៅពីព្រះ ដោយការព្យាករណ៍ និងដោយការដាក់ដៃលើ ដោយអ្នកទាំងឡាយណាដែលមានសិទ្ធិអំណាច ដើម្បីនឹងផ្សាយដំណឹងល្អ ហើយប្រព្រឹត្តពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ ។
៦. យើងខ្ញុំជឿចំពោះការរៀបចំដូចគ្នា ដូចដែលមាននៅក្នុងសាសនាចក្រពីអតីតកាលដូចជា ពួកសាវក ពួកព្យាការី ពួកគ្រូគង្វាល ពួកគ្រូ ពួកគ្រូផ្សាយដំណឹងល្អជាដើម ។
៧. យើងខ្ញុំជឿដល់អំណោយទានខាងភាសា ការព្យាករណ៍ វិវរណៈ ការនិមិត្ត ការប្រោសឲ្យជា ការបកប្រែភាសាជាដើម ។
៨. យើងខ្ញុំជឿថា ព្រះគម្ពីរប៊ីបគឺជាព្រះបន្ទូលនៃព្រះ បើសិនជាបានបកប្រែត្រឹមត្រូវ យើងខ្ញុំក៏ជឿដែរថា ព្រះគម្ពីរមរមនជាព្រះបន្ទូលនៃព្រះ ។
៩. យើងខ្ញុំជឿចំពោះការណ៍ទាំងអស់ ដែលទ្រង់បានបើកសម្ដែងមក និងការណ៍ទាំងអស់ ដែលទ្រង់បើកសម្ដែងនៅពេលឥឡូវនេះ ហើយយើងខ្ញុំជឿថា ទ្រង់នឹងបើកសម្ដែងនូវការណ៍ដ៏ធំ និងសំខាន់ៗជាច្រើន ដែលទាក់ទងទៅនឹងនគរនៃព្រះ ។
១០. យើងខ្ញុំជឿចំពោះការប្រមូលដ៏ពិតប្រាកដនៃសាសន៍អ៊ីស្រាអែល និងចំពោះការសាងឡើងវិញនូវពូជទាំង ១០ អំបូរ ថាក្រុងស៊ីយ៉ូន ( ក្រុងយេរូសាឡិមថ្មី ) នឹងត្រូវបានស្ថាបនានៅលើទ្វីបអាមេរិក ថាព្រះគ្រីស្ទនឹងគ្រងរាជ្យនៅលើផែនដីផ្ទាល់ ហើយថាផែនដីនឹងបានផ្លាស់ប្ដូរសារជាថ្មី ហើយនឹងទទួលសិរីល្អដ៏ប្រកបដោយភាពបរមសុខ ។
១១. យើងខ្ញុំសូមអះអាងយកសិទ្ធិក្នុងការថ្វាយបង្គំព្រះដ៏មានមហិទ្ធិឫទ្ធិ ស្របតាមការណែនាំនៃសម្បជញ្ញៈរបស់យើងខ្ញុំ ហើយសូមបណ្ដោយឲ្យមនុស្សទាំងអស់មានសិទ្ធិដូចគ្នា ចូរឲ្យគេថ្វាយបង្គំតាមរបៀបណា នៅទីណា ឬអ្វីក៏ដោយដែលគេប្រាថ្នា ។
១២. យើងខ្ញុំជឿចំពោះការនៅក្រោមអំណាចស្ដេច ប្រធានាធិបតី អ្នកគ្រប់គ្រង និង ចៅក្រមទាំងឡាយក្នុងការគោរពប្រតិបត្តិ និង ការគាំទ្រច្បាប់ ។
១៣. យើងខ្ញុំជឿ លើការប្រព្រឹត្តដោយទៀងត្រង់ ត្រឹមត្រូវ បរិសុទ្ធ សប្បុរស គុណធម៌ ហើយលើការធ្វើល្អដល់មនុស្សទាំងអស់ ពិតមែនហើយ យើងខ្ញុំអាចនិយាយបានថា យើងខ្ញុំដើរតាមសេចក្ដីដាស់តឿនរបស់ប៉ុល—យើងខ្ញុំជឿដល់អ្វីៗទាំងអស់ យើងខ្ញុំសង្ឃឹមដល់អ្វីៗទាំងអស់ យើងខ្ញុំបានទ្រាំទ្រអ្វីៗជាច្រើន ហើយសង្ឃឹមថានឹងអាចទ្រាំទ្រអ្វីៗទាំងអស់បានដែរ ។ ហើយបើសិនជាមានអ្វីណាមួយដែលប្រកបដោយគុណធម៌គួរស្រឡាញ់ ឬ ឈ្មោះល្អ ឬ ក៏គួរឲ្យសរសើរ នោះយើងខ្ញុំស្វែងរករបស់ផងទាំងនេះហើយ ។
យ៉ូសែប ស្ម៊ីធ ។