« តើមានវិធីដ៏ល្អបំផុតអ្វីខ្លះ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ គ្រួសារ និងមិត្តភក្ដិ ( ឆ្នាំ ២០២០ )
« តើមានវិធីដ៏ល្អបំផុតអ្វីខ្លះ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ គ្រួសារ និងមិត្តភក្ដិ
តើមានវិធីដ៏ល្អបំផុតអ្វីខ្លះ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ?
ការលើកស្ទួយមនុស្សដទៃ
ខណៈដែលការប្រតិព័ទ្ធភេទដូចគ្នាគឺពុំមែនជាអំពើបាបក្ដី តែវាអាចជាឧបសគ្គមួយ ។ ខណៈដែលមនុស្សម្នាក់ប្រហែលជាមិនបានជ្រើសរើសដើម្បីមានអារម្មណ៍ទាំងនេះក្ដី តែគាត់ ឬនាងអាចតាំងចិត្តដើម្បីរក្សាបទបញ្ញត្តិទាំងឡាយរបស់ព្រះ ។ ឪពុកម្ដាយនៃកូនដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា ឬស្គាល់ថាជាមនុស្សខ្ទើយគួរតែជ្រើសរើសដើម្បីស្រឡាញ់ ហើយឱបក្រសោបកូនម្នាក់នោះ ។ ក្នុងនាមជាសហគមន៍នៃសមាជិកសាសនាចក្រ នោះយើងគួរតែជ្រើសរើសបង្កើតជាសហគមន៍មួយដែលមានការស្វាគមន៍ ។
« ជាបឋម វាសំខាន់ខ្លាំងណាស់ដែលយើងយល់ថា មនុស្សគ្រប់គ្នាស្ថិតក្នុងកន្លែងខុសគ្នានៅតាមមាគ៌ានេះ ហើយថាយើងគួរតែបង្កើតឲ្យមានអារម្មណ៍ញាណដឹងពីមនុស្សដែលនៅជុំវិញខ្លួនយើង ។
« ខ្ញុំស្គាល់មនុស្សដែលមកកាន់ព្រះវិហាររាល់ថ្ងៃអាទិត្យ ដើម្បីពួកគេអាចទទួលបានការបំផុសគំនិត និងលើកស្ទួយ ហើយក៏ស្គាល់អ្នកដែលដើរចេញដោយសារមានអារម្មណ៍ថាត្រូវបានគេកាត់សេចក្ដី និងមិនត្រូវបានគេស្រឡាញ់ ។ មិនត្រូវការ ។ ដូចថាវាគ្មានកន្លែងសម្រាប់ពួកគេទេនៅក្នុងសាសនាចក្រនេះ ។ យើងត្រូវធ្វើការណ៍នេះខុសពីមុន ។ យើងត្រូវដឹងឲ្យបានច្បាស់ពីគោលបំណងនៃការមកកាន់ព្រះវិហារនៅថ្ងៃអាទិត្យ ហើយធ្វើឲ្យប្រាកដថា មនុស្សគ្រប់គ្នាដែលមកនោះមានអារម្មណ៍ថាមានគេស្រឡាញ់ ត្រូវការ ទទួលយក និងលើកស្ទួយ ។ មនុស្សគ្រប់រូបមានឧបសគ្គ ដែលយើងមិនទាំងដឹងផង ។ ហើយវាសំខាន់ណាស់ដែលយើងត្រូវដឹងថា ព្រះស្រឡាញ់មនុស្សគ្រប់គ្នានៅជុំវិញខ្លួនយើង ហើយថាយើងត្រូវមើលទៅពួកគេតាមរយៈកែវភ្នែកដូចជាព្រះគ្រីស្ទ ។ ហើយយើងមិនត្រូវបណ្តោយឲ្យការវិនិច្ឆ័យ ដឹកនាំផ្លូវ ដែលយើងប្រាស្រ័យទាក់ទងនឹងមនុស្សដទៃឡើយ ។ វាពិតជាមិនត្រឹមត្រូវសោះឡើយ ។ ខ្ញុំមានអារម្មណ៍ថា ព្រះអម្ចាស់ដាក់យើងឲ្យនៅកន្លែងដែលយើងត្រូវនៅ ហើយភ្ជាប់យើងនឹងមនុស្សដែលនៅជុំវិញខ្លួនយើងដោយមានគោលបំណងមួយ ។ ដោយសារវាពុំមែនគ្រាន់តែអំពីការរីកចម្រើនរបស់យើងផ្ទាល់នោះទេ ប៉ុន្ដែវាក៏ជាការជួយមនុស្សដទៃឲ្យរីកចម្រើនផងដែរ ។ ហើយខ្ញុំទទួលស្គាល់ថា យើងនៅកន្លែងដែលយើងនៅ ដើម្បីយើងអាចស្រឡាញ់ និងលើកស្ទួយមនុស្សដទៃ ។
« យើងមិនអាចធ្វើជា ឬ សូម្បីតែហៅខ្លួនឯងថាជាសិស្សរបស់ព្រះគ្រីស្ទនោះទេ ប្រសិនបើយើងមិនជួយមនុស្សដទៃនៅតាមផ្លូវនេះទេនោះ ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមិនធ្វើឲ្យមនុស្សមានអារម្មណ៍ថា ពួកគេមិនសំខាន់នោះទេ ។ មានតែមនុស្សទេដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាពួកគេមិនសំខាន់ ។ ហើយយើងត្រូវតែកែលម្អចំពោះចំនុចនោះ ។ យើងត្រូវតែឆាប់ដឹង និងស្រឡាញ់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេមានឱកាសរីកចម្រើន ហើយរីកលូតលាស់ និងធ្វើជាមនុស្សដ៏ល្អបំផុតសម្រាប់ខ្លួនគេ ។ ពួកគេមានទេពកោសល្យ និងសមត្ថភាព ព្រមទាំងចរិយាសម្បត្តិដែលចាំបាច់នៅក្នុងនគរនៃព្រះ ។ ហើយប្រសិនបើយើងត្រូវស្ថាបនានគររបស់ព្រះនៅលើផែនដីនេះ នោះយើងត្រូវការមនុស្សគ្រប់គ្នាឲ្យមកធ្វើចំណែករបស់ពួកគេ ។ ហើយយើងត្រូវតែទទួលស្គាល់ការណ៍នោះ ។ នៅពេលដែលស្រមោលរបស់នរណាម្នាក់ធ្វើឲ្យងងឹតទ្វាររោងជំនុំ នោះពួកគេគួរតែមានអារម្មណ៍ថាបានឱបក្រសោប និងស្រឡាញ់ និងលើកស្ទួយ និងបំផុសគំនិតភ្លាមៗ នៅពេលពួកគេដើរចេញពីទ្វារនោះទៅ ហើយក្លាយជាមនុស្សកាន់តែប្រសើរឡើង ។ ពីព្រោះពួកគេដឹងថា ព្រះអម្ចាស់ស្រឡាញ់ពួកគេ ។ ហើយពីព្រោះពួកគេមានមិត្តភក្ដិនៅក្នុងសេចក្ដីជំនឿរបស់ពួកគេ » ( ខារ៉ូល អេហ្វ ម៉ាក់ខនឃី « Lifting Others » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ការបម្រើ និងការស្រឡាញ់អ្នកជិតខាងរបស់អ្នក
« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់ពីព្រលឹង ហើយអស់អំពីគំនិតឯង ។ នេះជាបញ្ញត្តិយ៉ាងសំខាន់ទី ១ ។ ហើយបញ្ញត្តិទី ២ ក៏បែបដូចគ្នាគឺថា « ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ( ម៉ាថាយ ២២:៣៧–៣៩ ) ។
« នេះជាសេចក្ដីបញ្ញត្តិរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ( យ៉ូហាន ១៥:១២ ) ។
យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ តាមរយៈការរក្សាបទបញ្ញត្តិរបស់ទ្រង់ ( សូមមើល យ៉ូហាន ១៤:១៥ ) និងតាមរយៈការស្រឡាញ់គ្នាទៅវិញទៅមក ( សូមមើល យ៉ូហាន ១៣:៣៤ ) ។ ប្រសិនបើអ្នកមានសមាជិកគ្រួសារ ឬមិត្តម្នាក់ដែលជាប់ទាក់ទងនឹងការប្រតិព័ទ្ធភេទដូចគ្នា ឬស្គាល់ថាជាមនុស្សខ្ទើយ សូមស្រឡាញ់ពួកគេ ។ ប្រធាន ហិនរី ប៊ី អាវរិង បានសង្កេតឃើញ ៖
« ប្រសិនបើអ្នកចង់នៅជិតនឹងនរណាម្នាក់ដែលអ្នកស្រឡាញ់ ប៉ុន្តែជាអ្នកដែលនៅបែកពីអ្នក នោះអ្នកដឹងថាត្រូវធ្វើយ៉ាងណាហើយ ។ អ្នកនឹងរកវិធីមួយដើម្បីនិយាយនឹងពួកគេ អ្នកនឹងស្ដាប់ពួកគេ ហើយអ្នកនឹងរកឃើញដំណោះស្រាយធ្វើរឿងទាំងឡាយសម្រាប់គ្នាទៅវិញទៅមក ។ កាលណាវាកើតឡើងកាន់តែញឹកញាប់ ហើយបន្ដទៅកាន់តែយូរ នោះចំណងនៃសេចក្ដីស្រឡាញ់នឹងមានកាន់តែជ្រាលជ្រៅ ។ ប្រសិនបើពេលវេលាជាច្រើនបានកន្លងផុតទៅដោយគ្មានការនិយាយ ការស្ដាប់ និងធ្វើអ្វីបន្ដិចសោះនោះ នោះចំណងទំនាក់ទំនងនឹងត្រូវទន់ខ្សោយ ។
« ព្រះគឺល្អឥតខ្ចោះ ព្រមទាំងមានគ្រប់ព្រះចេស្ដា ហើយអ្នក និងខ្ញុំគឺជាមនុស្សរមែងស្លាប់ ។ ប៉ុន្តែទ្រង់គឺជាព្រះវរបិតារបស់យើង ទ្រង់ស្រឡាញ់យើង ហើយទ្រង់ប្រទានឱកាសដូចគ្នានេះ ដើម្បីឲ្យយើងខិតទៅកាន់តែជិតនឹងទ្រង់ គឺដូចជាមិត្តដ៏ល្អម្នាក់នឹងធ្វើដែរ ។ ហើយអ្នកនឹងធ្វើវាតាមរបៀបដែលស្រដៀងគ្នានេះ ៖ ការនិយាយ ការស្ដាប់ និងការធ្វើ » ( « To Draw Closer to God » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៦៦ ) ។
អ្នកបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះតាមរយៈការស្រឡាញ់ និងការបម្រើដល់អ្នកដទៃ ។
« ហើយមើលចុះ យើងសូមប្រាប់អ្នកនូវការណ៍ទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចមានប្រាជ្ញា ដើម្បីឲ្យអ្នករាល់គ្នាអាចបានដឹងថា កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។
តើការស្រឡាញ់គ្នាទៅវិញទៅមកមានន័យយ៉ាងណា ? ស្រឡាញ់ ត្រូវតែចេះខ្វល់ខ្វាយ ។ ស្រឡាញ់ ត្រូវចេះស្ដាប់ ។ ស្រឡាញ់ ត្រូវចេះរាប់រកគ្នា ។ ស្រឡាញ់ ត្រូវចេះបំផុសគំនិត ។ សេចក្ដីស្រឡាញ់គឺជាចំណុចគ្រឹះដែលធ្វើឲ្យយើងក្លាយជាមនុស្ស ដ្បិតយើងជាកូនចៅរបស់ព្រះ ហើយ « ព្រះគឺជាសេចក្ដីស្រឡាញ់ » ( យ៉ូហាន ទី១ ៤:៨ ) ។ នៅពេលអាហារយប់ថ្ងៃចុងក្រោយ ព្រះអង្គសង្គ្រោះបានបង្រៀនថា « គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក » ( យ៉ូហាន ១៣:៣៥ ) ។
ការគោរពដល់ភាពខុសគ្នា
ប្រសិនបើអ្នកមានសមាជិកគ្រួសារ ឬមិត្តម្នាក់ដែលជាប់ទាក់ទងនឹងការប្រតិព័ទ្ធភេទដូចគ្នា ឬស្គាល់ថាជាមនុស្សខ្ទើយ សូមស្រឡាញ់ពួកគេ ។ បទបញ្ញត្តិឲ្យស្រឡាញ់គ្នាទៅវិញទៅមក រួមមានទាំងឲ្យស្រឡាញ់អ្នកទាំងឡាយណាដែលពុំយល់ឃើញអំពីពិភពលោកនេះ ដូចជាយើងយល់ឃើញផងដែរ ។
ដូចដែលប្រធាន ដាល្លិន អេក អូក បានពន្យល់ ៖
« ក្នុងទំនាក់ទំនង និងកាលៈទេសៈជាច្រើនក្នុងជីវិត យើងត្រូវតែរស់នៅក្នុងភាពខុសគ្នា ។ បើចាំបាច់ ភាពខុសគ្នារបស់យើងទាំងនេះពុំគួរបដិសេធ ឬបោះបង់ចោលនោះទេ ប៉ុន្តែក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ យើងគួរតែរៀនរស់នៅដោយសុខសាន្តជាមួយអ្នកដទៃ ដែលមិនរស់នៅតាមគុណតម្លៃដែលយើងរស់នៅតាម ឬដែលមិនទទួលយកការបង្រៀនដែលពួកគេបានមាន ។ ផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវរបិតា ដែលយើងដឹងតាមរយៈវិវរណៈនៃការព្យាករ បានដាក់ឲ្យយើងស្ថិតនៅក្នុងស្ថានភាពរមែងស្លាប់ ដែលយើងត្រូវរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ វារួមមានទាំងការស្រឡាញ់អ្នកជិតខាងខ្លួនដែលមានវប្បធម៌ និងជំនឿខុសគ្នា ដូចដែលទ្រង់ស្រឡាញ់យើងដែរ ។ ដូចជាព្យាការីក្នុងព្រះគម្ពីរមរមនម្នាក់បានបង្រៀនថា យើងត្រូវតែឆ្ពោះទៅមុខដោយមាន ‹ សេចក្ដីស្រឡាញ់របស់ព្រះ និងមនុស្សទាំងអស់ › ( នីហ្វៃទី២ ៣១:២០ ) » ( « Loving Others and Living with Differences » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨ ) ។