« ស្វែងរករបៀបសមរម្យនានាដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់អ្នក » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន ( ឆ្នាំ២០២៣ )
« ស្វែងរករបៀបសមរម្យនានាដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់អ្នក » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន
គោលការណ៍នៃការបង្រៀនដូចជាព្រះគ្រីស្ទ ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន
ស្វែងរករបៀបសមរម្យនានាដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់អ្នក ។
ជំនាញ
ផ្ញើសំបុត្រទៅកាន់ឪពុកម្ដាយរបស់សិស្ស អំពីចំណុចវិជ្ជមានដែលអ្នកបានកត់សម្គាល់ឃើញអំពីកូនរបស់ពួកគាត់ ។
កំណត់និយមន័យ
របៀបដ៏មានឥទ្ធិពលមួយដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់អ្នកសម្រាប់សិស្សម្នាក់ គឺតាមរយៈការផ្ញើសារវិជ្ជមានមួយទៅកាន់ឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្ស អំពីអ្វីមួយជាក់លាក់ដែលអ្នកបានកត់សម្គាល់ឃើញអំពីសិស្សនោះ ។ សារនេះនឹងកាន់តែមានប្រសិទ្ធិភាព ប្រសិនបើអ្នក ៖
-
អធិស្ឋានសូមការណែនាំអំពីសិស្សណាម្នាក់ដែលអ្នកគួរផ្តោតទៅលើ និងអ្វីដែលគួរចែកចាយជាមួយឪពុកម្តាយ ឬអាណាព្យាបាល ។
-
ចាប់ផ្តើមសារដោយការណែនាំខ្លួនឯង ។
-
ថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះឱកាសដែលមានសិស្សរូបនេះនៅក្នុងថ្នាក់ ។
-
ប្រាប់អ្វីមួយដែលវិជ្ជមាន និងជាក់លាក់ដែលអ្នកបានសង្កេតឃើញឲ្យបានច្បាស់លាស់ និងសាមញ្ញ ។
ពេលអ្នកប្រាប់ពីចំណុចវិជ្ជមានដែលអ្នកបានសង្កេតឃើញទៅកាន់ឪពុកម្ដាយដោយចិត្តស្មោះសរ និងប្រកបដោយការអធិស្ឋានហើយ នោះសិស្សនឹងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់អ្នកតាមរបៀបដ៏មានឥទ្ធិពល ។
គំរូ
បងប្រុស ខាម៉ាហ្គូ ស្រឡាញ់សិស្សរបស់គាត់ ហើយពិតជាចង់ប្រាស្រ័យទាក់ទងដោយសេចក្ដីស្រឡាញ់តាមរបៀបដ៏សមរម្យ ។ គាត់អធិស្ឋានដើម្បីដឹងថា តើសិស្សរូបណាដែលគាត់អាចចែកចាយសារវិជ្ជមានប្រាប់ទៅកាន់ឪពុក ឬម្តាយពួកគេបាន ហើយមានអារម្មណ៍បំផុសគំនិតឲ្យសរសេរទៅកាន់ឪពុកម្តាយរបស់ ជែកសុន ។ គាត់កត់សម្គាល់ឃើញថា គាត់មិនចាំចាច់សុំឲ្យ ជែកសុន យកព្រះគម្ពីររបស់គាត់មកទេ ហើយថា ជែកសុន តែងតែមានឆន្ទៈជួយ ។ បងប្រុស ខាម៉ាហ្គូ ផ្ញើអ៊ីម៉ែលមួយដែលនិយាយថា ៖
-
ជូនចំពោះបងប្រុស និងបងស្រី ឌូវ៉ល
-
ខ្ញុំឈ្មោះ ខាម៉ាហ្គូ ហើយខ្ញុំជាគ្រូបង្រៀនថ្នាក់សិក្ខាសាលារបស់ ជែកសុន ។ ខ្ញុំពិតជាមានអំណរណាស់ដែលមានគាត់ក្នុងថ្នាក់របស់ខ្ញុំ ។ ខ្ញុំគ្រាន់តែចង់ឲ្យបងប្រុសបងស្រីដឹងថា ជែកសុន តែងតែយកព្រះគម្ពីររបស់គាត់មកថ្នាក់រៀន ហើយតែងមានឆន្ទៈជួយគ្រប់អ្វីដែលខ្ញុំត្រូវការ ។ សូមអរគុណចំពោះអ្វីៗទាំងអស់ដែលបងកំពុងធ្វើដើម្បីជួយ និងគាំទ្រគាត់ ។
-
ដោយក្ដីស្មោះស្ម័គ្រ
-
បងប្រុស ខាម៉ាហ្គូ
អនុវត្ត
សូមសរសេរសារវិជ្ជមានមួយទៅកាន់ឪពុក ឬម្ដាយសម្រាប់ស្ថានភាពដូចខាងក្រោម ៖
-
ស៊ូសាន ហាក់ដូចជាអង្គុយនៅឆ្ងាយដាច់ពីគេក្នុងថ្នាក់ ហើយអ្នកចង់បង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះនាង ។ នៅពេលអ្នកកំពុងអធិស្ឋានអំពីវា អ្នកសម្គាល់ឃើញថា គាត់ស្ម័គ្រចិត្តជួយសិស្សម្នាក់ដែលកំពុងមានបញ្ហាក្នងការស្វែងរកបទគម្ពីរ ។
-
សូមគិតអំពីសិស្សម្នាក់របស់អ្នកដែលតែងតែជួយពង្រឹងសិស្សក្នុងថ្នាក់របស់អ្នក ។ សូមពិចារណាប្រកបដោយការអធិស្ឋាន ហើយប្រាប់សិស្សនោះនូវអ្វីមួយដែលអ្នកបានសង្កេតឃើញអំពីគាត់ ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើការណ៍នេះអាចមានឥទ្ធិពលអ្វីខ្លះដល់សិស្សម្នាក់ៗ និងទំនាក់ទំនងរបស់ពួកគេជាមួយព្រះអង្គសង្គ្រោះក្នុងពេលកន្លងមក ? តើវាអាចមានឥទ្ធិពលដល់ការចូលរួមរបស់សិស្ស ឬអារម្មណ៍នៃការមានចំណែកក្នុងថ្នាក់ដោយរបៀបណា ?
-
សូមពិចារណាពីពេលមួយដែលការបង្ហាញសេចក្តីស្រឡាញ់ ឬអំណរគុណរបស់នរណាម្នាក់ បានពង្រឹងដល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះអង្គសង្គ្រោះ ។
រួមបញ្ចូល
-
សូមចាប់ផ្តើមដោយការជ្រើសរើសសិស្សម្នាក់ ឬពីរនាក់ក្នុងមួយថ្ងៃដែលអ្នកទទួលអារម្មណ៍ឲ្យរៀនប្រើជំនាញនេះជាមួយគ្នា ។ សូមបន្តធ្វើដូច្នេះរហូតដល់វាក្លាយជារឿងធម្មតា ហើយដរាបណាដែលព្រះវិញ្ញាណដឹកនាំ ។
តើចង់បានបន្ថែមទៀតទេ ?
-
ជីន ប៊ី ប៊ីងហាំ « Teaching Truth in the Language of Love » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org
ជំនាញ
ថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះ នៅពេលដែលវាពិបាកសម្រាប់អ្នកក្នុងការទទួលអារម្មណ៍ ឬបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដែលអ្នកបង្រៀន ។
កំណត់និយមន័យ
ពេលខ្លះគ្រូបង្រៀនអាចពិបាកក្នុងការទទួលអារម្មណ៍ ឬបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះមនុស្សដែលពួកគេបង្រៀន ។ នៅពេលនេះ គ្រូបង្រៀនគួរតែព្យាយាមធ្វើទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលមានសម្រាប់សិស្ស ។ ដើម្បីធ្វើបែបនេះបាន គ្រូបង្រៀនស្វែងរកជំនួយពីព្រះអម្ចាស់ដោយការអធិស្ឋាន ឬអធិស្ឋានក្នុងចិត្តរបស់ពួកគេជានិច្ច សម្លឹងមើលភ្នែកសិស្សនោះ ហើយសម្តែងនូវភាពស្មោះត្រង់ថា ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះស្រឡាញ់សិស្សរូបនោះ ។ ការប្រាស្រ័យទាក់ទងគឺជាសេចក្ដីស្រឡាញ់ដ៏ទេវភាព ដែលនឹងអនុញ្ញាតឲ្យគ្រូបង្រៀនទទួលអារម្មណ៍អំពីអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យចំពោះសិស្ស ដែលនឹងជួយគ្រូបង្រៀនឲ្យចាប់ផ្ដើមមានអារម្មណ៍នៃសេចក្តីស្រឡាញ់ពោះសិស្សផ្ទាល់ដូចគ្នាដែរ ។
គំរូ
-
បងស្រី ក្លាកសុន កំពុងស្មុគ្រស្មាញជាមួយនឹងឥរិយាបថរំខានរបស់ ថមមី នៅក្នុងថ្នាក់រៀន ហើយមានការព្រួយបារម្ភថា រឿងនេះបានប៉ះពាល់ដល់អារម្មណ៍ផ្ទាល់ខ្លួនរបស់នាងចំពោះគាត់ ។ នាងអធិស្ឋានស្វែងរកជំនួយពីព្រះអម្ចាស់ មុនពេលគាត់ចាប់ផ្ដើមបង្រៀន ។ នៅពេលដែល ថមមី មកដល់ នោះបងស្រី ក្លាកសុន ចាប់ដៃគាត់ សម្លឹងមើលគាត់ ហើយនិយាយថា « ថមមី អ្នកគ្រូសង្ឃឹមថា ប្អូនដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់ប្អូនខ្លាំងប៉ុនណា » ។
-
បងប្រុស ស្តូន ប្រឈមមុខនឹងបញ្ហាតានតឹងមួយចំនួននៅក្នុងគ្រួសាររបស់គាត់ ហើយមានអារម្មណ៍ធ្លាក់ទឹកចិត្ត ។ នៅពេលដែលគាត់ចាប់ផ្ដើមបង្រៀន គាត់ពោលពាក្យអធិស្ឋាននៅក្នុងដួងចិត្តរបស់គាត់ថា « បងប្អូនប្រុសស្រី ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ » ។ ពេលគាត់ពោលពាក្យបែបនេះហើយ បងប្រុស ស្តូន មានអារម្មណ៍កាន់តែមានក្តីស្រឡាញ់ចំពោះសិស្សរបស់គាត់ ហើយភាពតានតឹងរបស់គាត់បានធូរស្រាលបន្តិចម្តងៗ ពេលគាត់បន្តបង្រៀនមេរៀននេះ ។
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
-
សូមគិតដល់សិស្សរបស់អ្នក ហើយស្វែងរកសិស្សម្នាក់ ឬពីរនាក់ដែលអ្នកពិបាកក្នុងការបង្ហាញសេចក្តីស្រឡាញ់ចំពោះពួកគេ ។ សូមសរសេរនូវអ្វីដែលអ្នកអាចនិយាយទៅកាន់សិស្ស ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ទេវភាពរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ នៅពេលដែលអ្នកបានសរសេរនូវអ្វីដែលអ្នកអាចនិយាយហើយ សូមអនុវត្តដោយនិយាយពាក្យទាំងនោះឮៗ ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកបានរៀនអ្វីខ្លះ ពេលដែលអ្នកបានអនុវត្តការស្វែងរកវិធីដើម្បីប្រាស្រ័យទាក់ទងដោយសេចក្ដីស្រឡាញ់ដ៏ទេវភាពចំពោះសិស្សរបស់អ្នក ?
-
តើយើងអាចបង្ហាញអំពីសេចក្ដីស្រឡាញ់ដ៏ទេវភាពដែលមានឥទ្ធិពលទាំងទៅលើអ្នកផ្ដល់ និងអ្នកទទួលដោយរបៀបណា ?
រួមបញ្ចូល
-
សូមមើលបញ្ជីឈ្មោះថ្នាក់របស់អ្នក ហើយស្វែងរកសិស្សយ៉ាងហោចណាស់ម្នាក់ ដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅសប្តាហ៍នេះបាន ។ សូមបន្តធ្វើបែបនេះជាទៀងទាត់ រហូតដល់អ្នកបានធ្វើបែបនេះដល់សិស្សរបស់អ្នកទាំងអស់គ្នា ។ រួចហើយ សូមបន្តធ្វើវាទៀត !
តើចង់បានបន្ថែមទៀតទេ ?
-
ស៊ូសាន អេច ផតធ័រ « សេចក្តីស្រឡាញ់នៃព្រះ ៖ សេចក្ដីរីករាយបំផុតដល់ព្រលឹង » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៣៣–៣៥
-
ឌៀថើរ អេហ្វ អុជដូហ្វ « The Love of God » Liahona ខែវិច្ឆិកា ឆ្នាំ២០០៩ ទំព័រ ២១–២៤