ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
តែងតែ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស ។


« តែងតែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ ( ឆ្នាំ​២០២៣ )

« តែងតែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ

គោលការណ៍​ទាំងឡាយ​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ

តែងតែ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស ។

ជំនាញ

សួរ​សំណួរ​ដើម្បី​វាយ​តម្លៃ​ការរៀនសូត្រ​មុន​នឹង​បន្ត​មេរៀន​ទៀត ។

បុរស​ម្នាក់​កំពុង​បង្រៀន​សិស្ស

កំណត់​និយមន័យ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ អញ្ជើញ​យើង​ឲ្យ​ពិចារណា​នូវ​សំណួរ​ដូច​តទៅ​នេះ ៖ « តើ​សិស្ស​ដែល​អ្នក​បង្រៀន​ដឹង​ទេ​ថា អ្នក​ចាប់​អារម្មណ៍​លើ​ការរៀន​សូត្រ​របស់​ពួកគេ ជាជាង​ការខំ​បញ្ចប់​មេរៀន​តែ​មួយ​មុខ ? » គ្រូបង្រៀន​អាច​បង្ហាញ​ថា ពួកគេ​ចាប់​អារម្មណ៍​លើ​ការសិក្សា​របស់​សិស្ស ដោយ​ការសួរ​សំណួរ​ឲ្យ​ច្បាស់លាស់ មុនពេល​បន្ត​ទៅ​ផ្នែក​បន្ទាប់​ទៀត​នៃ​មេរៀន ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន គ្រូបង្រៀន​ត្រូវ​ចំណាយ​ពេល​មួយ​នាទី​បន្ទាប់ពី​បាន​ពិភាក្សា​ពី​គោលការណ៍ ប្រធានបទ ឬ​សំណួរ​មួយ​ហើយ ដើម្បី​សួរ​សំណួរ​បញ្ជាក់​អំពី​អ្វី​ដែល​សិស្ស​កំពុង​យល់ ។ ឧទាហរណ៍​មួយ​ចំនួន​នៃ​សំណួរ​ទាំងនេះ​រួមមាន ៖

  • តើ​អ្នក​កំពុង​តែ​រៀន​អ្វីខ្លះ ?

  • តើ​អ្នក​នៅតែ​មាន​សំណួរ​អ្វី​ខ្លះអំពី​អ្វី​ដែល​យើង​កំពុង​តែ​រៀន​នេះ ?

  • តើ​មាន​អ្វី​ផ្សេងទៀត​ដែល​អ្នក​កំពុង​តែ​មាន​ចម្ងល់​ដែរ​ឬទេ ?

  • តើ​មាន​ការយល់​ច្រឡំ ឬ​មិន​ច្បាស់​ចំពោះ​ការណ៍​ទាំងនេះ​ដែរឬទេ ?

សំណួរ​ទាំងនេះ​វាយតម្លៃ​អំពី​ការរៀនសូត្រ និង​ការយល់ដឹង​របស់​សិស្ស ហើយ​មិន​គួរ​សួរ​តាម​របៀប​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​អាម៉ាស់​នោះ​ឡើយ ។ ការសួរ​សំណួរ​ទាំងនេះ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​គ្រូបង្រៀន​ម្នាក់​ដឹង​អំពី​របៀប​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ត្រូវការ​របស់​សិស្ស ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

  • បន្ទាប់​ពី​ការពិភាក្សា​អំពី​សេចក្ដី​ជំនឿ​ហើយ បងស្រី រ៉ូប៊ីនសុន ផ្អាកបន្តិច ហើយ​សួរ​ថា ៖ « មុន​នឹង​យើង​បន្ត​ទៅបណ្តុំ​បទគម្ពីរ​បន្ទាប់ តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ប្អូនៗ​កំពុង​ឆ្ងល់​អំពី​សេចក្ដី​ជំនឿ​ដែរ​ឬទេ ? »

  • បន្ទាប់​ពី​សិក្សា​ព្រះគម្ពីរ​អំពី​ការ​យាង​មក​ជា​លើក​ទី​ពីរ បងប្រុស មូន បាន​សួរ​ថា « តើ​ប្អូនៗ​នឹង​ពិពណ៌នា​នូវ​អ្វី​ដែល​ប្អូនៗ​កំពុង​រៀន​អំពី​ការយាង​មក​ជា​លើក​ទីពីរ​ដោយ​របៀប​ណា ? »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:4

អនុវត្ត

  1. តើ​សំណួរ​អ្វី​ដែល​អ្នក​អាច​សួរ​បាន ដើម្បី​វាយ​តម្លៃ​អំពី​ការយល់ដឹង​របស់​សិស្ស​បន្ទាប់​ពី​ការពិភាក្សា​អំពី​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨:២–៣ ?

  2. សូម​មើល​មេរៀន​បន្ទាប់​នៅក្នុង​កម្មវិធី​សិក្សា ។ សូម​សរសេរ​សំណួរ​មួយ​ចំនួន​ដែល​អ្នកអាច​សួរ​បាន ដើម្បី​វាយតម្លៃ​ការយល់ដឹង​របស់​សិស្ស​អំពី​ប្រធាន​បទ​មួយ មុន​ពេល​បន្ត​ទៅ​មុខ​ទៀត ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​សំណួរ​បែប​​នេះ​អាច​ជួយ​អ្នក​ឲ្យ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស​ដោយ​របៀប​ណា ?

រួម​បញ្ចូល

  • នៅ​ពីរ​សប្តាហ៍​បន្ទាប់​ទៀត សូម​សួរ​សំណួរ​ដើម្បី​វាយតម្លៃ​ការរៀនសូត្រ​របស់​សិស្ស មុន​នឹង​បន្ត​មេរៀន​ទៅមុខ​ទៀត ។ សូម​យក​ចិត្តទុក​ដាក់​ចំពោះ​ការឆ្លើយតប និង​ការបំផុស​គំនិត​របស់​សិស្ស​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​បញ្ចូល​ជំនាញ​នេះ​ទៅក្នុង​បទពិសោធន៍​ក្នុង​ថ្នាក់ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • « An Evening with Elder David A. Bednar » ( ជំនួប​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org

ជំនាញ

ស្តាប់ និង​សង្កេត​មើល​សិស្សដើម្បី​សួរ​សំណួរ​តាម​ដាន ។

ស្ត្រី​ម្នាក់​កំពុង​បង្រៀន​នៅក្នុង​ថ្នាក់រៀន

កំណត់​និយមន័យ

គ្រូបង្រៀន​ដែល​សួរ​សំណួរ​តាមដាន​ដ៏មាន​ប្រសិទ្ធភាព សង្កេត​មើល​សិស្ស​របស់​ខ្លួន​ដោយ​ប្រុងប្រយ័ត្ន​នៅក្នុង​ថ្នាក់ ហើយ​ស្តាប់​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ចម្លើយ និង​សំណួរ​របស់​ពួកគេ ។ វិធី​មួយចំនួន​ដើម្បី​រៀបចំ​សំណួរ​តាមដាន​គឺ ៖

  • ស្តាប់​ដោយ​យកចិត្ត​ទុកដាក់ ដោយ​ផ្តោត​ទៅលើ​អ្វី​ដែល​សិស្ស​កំពុង​និយាយ រួមទាំង​ការបញ្ចេញ​អារម្មណ៍ និង​សំឡេង​ផងដែរ ។

  • សង្កេត​មើល​ទឹកមុខ កាយវិការ ឬ​អ្វី​ដែល​សិស្ស​កំពុង​ធ្វើ ។

  • នៅពេល​ស្តាប់ និង​សង្កេត​មើល សូម​សួរ​ខ្លួនឯង​ថា « តើ​ខ្ញុំ​ចង់​ដឹង​អ្វី​បន្ថែម​ទៀត​ទាក់ទង​ទៅនឹង​ការអធិប្បាយ សំនួរ ឬ​សិស្ស​ទាំងនេះ ? » បន្ទាប់​មក សូម​សួរ​សិស្ស​អំពី​អ្វី​ដែល​អ្នក​ចង់​ដឹង ។

សំណួរ​តាមដាន​អាច​ចាប់ផ្តើម​ដោយ « សូម​ប្រាប់​ខ្ញុំ​បន្ថែម​ទៀត​អំពី … » ឬ « គ្រូ​បាន​កត់​សម្គាល់​ឃើញ​ការរំជួល​ចិត្ត​ខ្លះៗ ពេល​ប្អូន​ចែកចាយ ។ តើ​ប្អូន​អាច​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​អារម្មណ៍​របស់ប្អូន​បាន​ទេ ? » ចំណុច​នេះ​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន​នៅតែ​ផ្តោត​អារម្មណ៍​ទៅ​លើ​សិស្ស ហើយ​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចូលរួមចំណែក​ក្នុង​កម្រិត​កាន់តែ​ជ្រាលជ្រៅ ។ បន្ថែមពី​នេះទៀត ​វា​អញ្ជើញ​វិវរណៈ​មកពី​ព្រះវិញ្ញាណ​សម្រាប់​ទាំង​សិស្ស និង​គ្រូបង្រៀន ។

គំរូ

  • ហ័ន ចែកចាយ​បទពិសោធន៍​មួយ​អំពី​ការអធិស្ឋាន​មួយ​ដែល​គ្រួសារ​របស់​គាត់​បាន​ទូល​សូម ។ ដោយ​ផ្អែក​លើ​សំឡេង​ក្តុកកួល​របស់​គាត់ ការអធិស្ឋាន​នោះ​ហាក់​ដូច​ជា​មាន​ន័យ​ខ្លាំង​ណាស់​ចំពោះ​គាត់ ។ ពេល​បងស្រី រីវើរ៉ា ស្តាប់ឮ​ហើយ គាត់​សួរ​ខ្លួនឯង​ថា « តើ​ខ្ញុំ​ចង់​ដឹង​អ្វី​បន្ថែម​ទៀត​អំពី​បទពិសោធន៍​នេះ ? » បងស្រី រីវើរ៉ា ចង់​ដឹងថា​តើ​គាត់​រៀន​អ្វី​អំពី​ព្រះវរបិតា​សួគ៌ ដូច្នេះ​បងស្រី​បាន​សួរថា « ហ័ន តើ​ប្អូន​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌​ចេញពី​បទពិសោធន៍​របស់​ប្អូន​ជាមួយនឹង​ការអធិស្ឋាន ? »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:9

អនុវត្ត

ពេល​អ្នក​អាន​មតិ​យោបល់​ខាង​ក្រោម​មកពី​សិស្ស សូម​សួរ​ខ្លួនឯង​ថា ​« តើ​ខ្ញុំ​ចង់​ដឹង​អ្វី​បន្ថែម​ទៀត ? » សូម​សរសេរ​សំណួរ​តាមដាន ដែល​អ្នក​អាច​សួរ​សិស្ស​ម្នាក់​នេះ​បាន ។

  • សិស្ស​ម្នាក់​និយាយ​ដោយ​ក្តីរំភើប​ថា « កាលពី​ថ្ងៃមុន ខ្ញុំ​កំពុង​អាន​បទគម្ពីរ ហើយ​បាន​រកឃើញ​ឃ្លា​មួយ​ដែល​ខ្ញុំ​ពិត​ជា​ត្រូវការ​ស្តាប់ឮ​ខ្លាំង​ណាស់ » ។

  • ដោយ​មាន​ការខក​ចិត្ត​បន្តិច​លើ​ផ្ទៃមុខ​របស់​នាង សិស្ស​ម្នាក់​បានសួរថា « តើ​ខ្ញុំ​អាច​ដឹង​បាន​ដោយ​របៀបណា​ថា តើ​ពេលណា​វា​ជា​គំនិត​របស់​ខ្ញុំ​ផ្ទាល់ ឬ​ពេលណា​ជា​ព្រះវិញ្ញាណបរិសុទ្ធ​កំពុង​មានបន្ទូល​ទៅ ? »

  • សិស្ស​ម្នាក់​និយាយ​ថា « បទគម្ពីរ​នេះ​រំឭក​ខ្ញុំ​អំពី​អ្វី​ដែល​ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​អំពី​ការធ្វើ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ » ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • ហេតុអ្វី​បានជា​ការស្ដាប់ និង​ការសង្កេត​មើល​មាន​សារៈសំខាន់ នៅពេល​សួរសំណួរ​តាមដាន ?

  • ហេតុអ្វី​បានជា​ការសួរសំណួរ​តាមដាន​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​បទពិសោធន៍​ការរៀនសូត្រ ?

រួម​បញ្ចូល

  • សូម​បង្កើត​ផែនការ​មួយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​បន្ត​ស្តាប់ និង​សង្កេត​មើល​ដើម្បី​សួរ​សំណួរ​តាមដាន ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ដេវីឌ អេ បែដណា និង ឆាដ អេច វិប « Discussion » ( ជំនួប​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ) បណ្ណាល័យ​ដំណឹងល្អ