ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
បង្រៀន​ដោយ​ព្រះវិញ្ញាណ


« បង្រៀន​ដោយ​ព្រះវិញ្ញាណ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ ២០២២ )

« បង្រៀន​ដោយ​ព្រះវិញ្ញាណ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

រូបភាព
ព្រះអង្គសង្គ្រោះ​គង់​នៅ​ទីរហោស្ថាន​យូដា

យើង​គប្បី​រៀបចំ​ខ្លួន​យើង​ដើម្បី​បង្រៀន​ដោយ​ព្រះវិញ្ញាណ គឺ​ដូច​ព្រះអង្គសង្គ្រោះ​បាន​ចំណាយ​ពេល​ដើម្បី​រៀបចំព្រះកាយខាង​វិញ្ញាណ​សម្រាប់​ការងារ​បម្រើ​របស់​ទ្រង់ ។

បង្រៀន​ដោយ​ព្រះវិញ្ញាណ

នៅពេល​ព្រះអង្គសង្គ្រោះ​បាន​ត្រាស់​បង្គាប់​ឲ្យ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ នោះ​ទ្រង់​បាន​សន្យា​នឹង​ពួកលោក​ថា « ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ត្រូវ​ចាត់​ឲ្យ​មក ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​អ្វីៗ​ទាំងអស់ ដែល​អ្នករាល់គ្នា​ត្រូវ​និយាយ » ( គោលលទ្ធិ និង​សេចក្តីសញ្ញាត ១០០:៨; សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២:១៥–១៧; ៥០:១៧–២២ ) ។ ការសន្យា​ដូច​គ្នា​នេះ​អនុវត្ត​ចំពោះ​អស់​អ្នក​ដែល​បង្រៀន​ដំណឹងល្អ រួម​មាន​ទាំង​អ្នក​ផងដែរ ។ នៅពេល​អ្នក​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​អ្នក​អាច​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​អ្នក ដើម្បី​ណែនាំ​អ្នក ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត ទៅកាន់​គំនិត និង​ចិត្ត​នៃ​អស់​អ្នក​ដែល​អ្នក​បង្រៀន ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៨:២ ) ។ អ្នក​មិននៅ​ឯកោ​ទេ​នៅពេល​អ្នក​បង្រៀន ដ្បិត « មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​តើ » ( ម៉ាកុស ១៣:១១ ) ។

ព្រះវិញ្ញាណបរិសុទ្ធ​គឺជាគ្រូបង្រៀនពិតប្រាកដ ។ គ្មាន​គ្រូបង្រៀន​ណា​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ទោះ​បី​គ្រូបង្រៀន​នោះ​មាន​ជំនាញ ​ឬ​បទពិសោធន៍ខ្លាំង​ប៉ុនណា​ក្តី ក៏​ពុំ​អាច​ជំនួស​តួនាទី​របស់​ទ្រង់​នៅក្នុង​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្តី​ពិត ការថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ និង​ការផ្លាស់ប្តូរ​ដួង​ចិត្តបាន​ឡើយ ។​ ប៉ុន្តែ​គ្រូបង្រៀន​ទាំងអស់​អាច​ធ្វើ​ជា​ឧបករណ៍​ក្នុង​ការជួយ​បុត្រាបុត្រី​របស់​ព្រះ​ឲ្យ​រៀន​សូត្រ​ដោយ​ព្រះវិញ្ញាណ ។

ដើម្បី​បង្រៀន​ដោយ​ព្រះវិញ្ញាណ

  • រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ ។

  • ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​ សេចក្តីត្រូវការ​របស់​សិស្ស ។

  • បង្កើត​បរិយាកាស និង​ឱកាសសម្រាប់​សិស្ស​ដើម្បី​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ ។

  • ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​អនុវត្ត​តាម​វិវរណៈ​ផ្ទាល់​ខ្លួន ។

  • ថ្លែង​ទីបន្ទាល់​ជារឿយៗ ហើយអញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។

ព្រះ​អង្គ​សង្រ្គោះ​បាន​រៀបចំ​ព្រះកាយ​ទ្រង់​ខាង​វិញ្ញាណ​ដើម្បី​បង្រៀន

ដើម្បី​រៀបចំ​សម្រាប់​ការងារ​បម្រើ​របស់​ទ្រង់ ព្រះ​អង្គសង្គ្រោះ​បាន​ចំណាយ​ពេល​អស់ ៤០ ថ្ងៃ​នៅក្នុង​ទីរហោស្ថាន « ដើម្បី​នៅ​ជាមួយ​ព្រះ » ( ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ ម៉ាថាយ ៤:១ [ នៅក្នុង ម៉ាថាយ ៤:១  ] ) ។ ប៉ុន្តែ​ការរៀបចំ​ព្រះកាយ​ទ្រង់​ខាង​វិញ្ញាណបាន​ចាប់ផ្តើម​ពីមុន​យូរ​មក​ហើយ ។ ពេល​សាតាំង​បាន​ល្បួង​ទ្រង់ នោះ​ទ្រង់​អាច​ទាញ​យក « ព្រះបន្ទូលទាំងឡាយ​ខាង​ជីវិត » ដែល​ទ្រង់​បាន​រក្សា​ទុក​សម្រាប់ « ចំម៉ោង​នោះ​ឯង » ពេលទ្រង់នឹង​ត្រូវ​ការ​ព្រះបន្ទូល​ទាំង​នោះ​ ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៨៥ ) ។ សូម​គិត​អំពី​ការប្រឹងប្រែង​ផ្ទាល់​របស់​អ្នក​ដើម្បី​រៀបចំ​ខ្លួន​របស់​អ្នក​ខាង​វិញ្ញាណ​ដើម្បី​បង្រៀន ។ តើ​អ្នក​រៀន​អ្វី​ខ្លះ​ចេញពី ម៉ាថាយ ៤:១–១១ អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ការរៀបចំ​ខ្លួន​ខាង​វិញ្ញាណ​របស់​អ្នក ?

ព្រះវិញ្ញាណ​គឺ​ជា​គ្រូបង្រៀន​ដ៏​ពិត ហើយ​ជា​ប្រភព​ដ៏ពិត​នៃ​ការប្រែចិត្ត​ជឿ ។ ការបង្រៀន​ដំណឹងល្អ​ប្រកប​ដោយ​អានុភាព​ពុំ​គ្រាន់តែ​ជា​ការរៀបចំ​មេរៀន​មួយតែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​រៀបចំ​ខ្លួន​របស់​អ្នក​ខាង​វិញ្ញាណ​ឲ្យ​បាន​ល្អ ពីមុន​អ្នក​ចាប់ផ្តើម​បង្រៀន ។ បើសិន​អ្នក​បាន​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ជា​ស្រេច នោះ​អ្នក​នឹង​អាច​ស្តាប់​ឮ និង​ធ្វើ​តាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​បាន​កាន់តែ​ប្រសើរ នៅពេល​អ្នក​បង្រៀន ។ របៀប​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​មក​ក្នុង​ការបង្រៀន​របស់​អ្នក គឺ​ដើម្បី​អញ្ជើញទ្រង់​ចូល​មក​ក្នុងជីវិត​របស់​អ្នក ។ ការណ៍​នេះ​រួមទាំង​ការព្យាយាម​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ឧស្សាហ៍​ព្យាយាម និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់​ដោយ​អស់​ពី​ចិត្ត​របស់​អ្នក ។ ហើយ​ដោយសារ​គ្មាន​ពួកយើង​ណា​ម្នាក់​អាច​ធ្វើកិច្ចការ​នេះ​បាន​ល្អ​ឥត​ខ្ចោះ នោះ​វា​ក៏​មាន​ន័យ​ថា យើង​ត្រូវ​ប្រែចិត្ត​រៀងរាល់​ថ្ងៃដែរ ។

សំណួរ​ពិចារណា ៖ តើ​ការរៀបចំ​ខ្លួន​របស់​អ្នក​ខាង​វិញ្ញាណ ដើម្បី​បង្រៀន​មានន័យ​ដូចម្តេច​ចំពោះ​អ្នក ? តើ​អ្នក​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​កែលម្អ​របៀប​ដែល​អ្នក​រៀបចំ​ខ្លួន​របស់​អ្នក​ខាង​វិញ្ញាណ ? តើ​អ្នក​គិត​ថា ការរៀបចំ​ខ្លួន​ខាង​វិញ្ញាណ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ​នៅ​ក្នុង​ការបង្រៀន​របស់​អ្នក​ដូចម្តេច ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ អែសរ៉ា ៧:១០; លូកា ៦:១២; អាលម៉ា ១៧:២–៣, ៩; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១:២១; ៤២:១៣–១៤

ព្រះអង្គសង្គ្រោះ​ត្រៀម​ព្រះកាយ​រួច​ស្រេច​ជានិច្ច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ដទៃ

យ៉ៃរ៉ុស​ជា​មេ​សាលា​ប្រជុំ​បាន​ទម្លាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះបាទ​ព្រះយេស៊ូវ សូម​អង្វរ​ទ្រង់​ឲ្យ​ជួយ​កូនស្រី​ដែល​ស្លាប់​របស់​គាត់ ។ ព្រះយេស៊ូវ និង​ពួកសិស្ស​របស់​ទ្រង់​បានកំពុង​ប្រជ្រៀត​ធ្វើ​ដំណើរតាម​ផ្លូវ​កាត់​ហ្វូង​មនុស្ស ដើម្បី​ទៅ​ផ្ទះ​របស់​យ៉ៃរ៉ុស រំពេច​នោះ​ព្រះយេស៊ូវ​បាន​ឈប់ ។ « អ្នកណា​ពាល់​អាវ​ខ្ញុំ ? » ទ្រង់​បាន​ទូល​សួរ ។ វា​ហាក់​ដូច​ជា​សំណួរ​ចម្លែក​មួយ—នៅក្នុង​ការប្រជ្រៀត​គ្នា​បែប​នេះ តើ​នរណា មិន បាន​ពាល់​ទ្រង់​នោះ ? ប៉ុន្តែ​ព្រះអង្គសង្គ្រោះ​បាន​ជ្រាប​ដឹង​ថា នៅក្នុង​បណ្តា​ជន​នោះ មាន​នរណា​ម្នាក់​បាន​ពាល់​ទ្រង់​ដោយ​មាន​តម្រូវការ​ពិសេស​មួយ និង​មាន​សេចក្តីជំនឿ ដើម្បី​ទទួល​បាន​ការព្យាបាល​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ។ នៅ​មាន​ពេលដែល​ត្រូវ​ទៅ​ជួប​កូន​ស្រី​របស់​យ៉ៃរ៉ុស ។ ប៉ុន្តែ​ដំបូង​ទ្រង់​បាន​មាន​បន្ទូល​ទៅ​ស្ត្រី​ដែល​បាន​ពាល់​ព្រះពស្ត្រ​ទ្រង់​ថា « ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ដ្បិត​សេចក្តី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត​ចុះ » ( សូមមើល លូកា ៨:៤១–៤៨ ) ។

ក្នុងនាម​ជា​គ្រូបង្រៀន​ម្នាក់ ជួនកាល​អ្នក​អាច​ឃើញ​ថា ខ្លួន​ឯង​មាន​ការ​ប្រញាប់ប្រញាល់​ដើម្បី​បង្រៀន​អ្វីៗ​ទាំងអស់​ដែល​អ្នក​បាន​រៀបចំ​ដើម្បី​បង្រៀន ។ ទោះបី​ការធ្វើ​បែប​នោះ​សំខាន់​ក្តី សូម​ប្រាកដ​ថា នៅក្នុង​ការ​ប្រញាប់​ប្រញាល់​របស់​អ្នក នោះ​អ្នក​មិន​ប្រញាប់​រហូត​ដល់​មើល​រំលង​ពី​តម្រូវការ​ចាំបាច់​របស់​នរណា​ម្នាក់ ដែល​អ្នក​កំពុង​បង្រៀន​ដោយ​អចេតនា​នោះ​ឡើយ ។ ក្រៅ​ពី​ការណែនាំ​ខាង​វិញ្ញាណ​ដែល​អ្នក​បាន​ស្វែងរក នៅពេល​អ្នក បាន​រៀបចំ​ខ្លួន ដើម្បី​បង្រៀន នោះ​សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ខណៈ អ្នក​កំពុង​បង្រៀន ។ សូម​ព្យាយាម​ស្គាល់​ពី​តម្រូវការ សំណួរ និង​ចំណាប់​អារម្មណ៍​របស់​សិស្ស ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ញែក​ដឹង​របៀប​ដែល​សិស្ស​ម្នាក់​កំពុង​ទទួល ឬ​យល់​ដឹង​អ្វី​មួយ​ដែល​អ្នក​បាន​បង្រៀន ។ ទ្រង់​អាច​បំផុស​គំនិត​អ្នក​ជា​ច្រើន​លើក​ច្រើន​គ្រា ដើម្បី​កែសម្រួល​ផែនការ​របស់​អ្នក ។ ឧទាហរណ៍ អ្នក​អាច​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ចំណាយ​ពេល​ច្រើន​ជាង​អ្វី​ដែល​អ្នក​មាន​បំណង​ចង់​ធ្វើ​ទៅលើ​ប្រធាន​បទ​មួយ ឬ​ទុក​ការពិភាក្សា​មួយ​ចំនួន​ទៅ​ពេល​ក្រោយ​ទៀត ដើម្បី​ជា​គុណ​ប្រយោជន៍​ដល់​អ្វី​មួយ​ដែល​សំខាន់​ជាង​ដល់​សិស្ស​ក្នុង​គ្រាឥឡូវ​នេះ ។

សំណួរ​ពិចារណា ៖ តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា មាតា​បិតា ឬ​គ្រូបង្រៀន​ផ្សេង​ទៀត​បាន​ដឹង​ពី​តម្រូវការ​របស់​អ្នក​ក្នុង​នាម​ជា​សិស្ស​ម្នាក់ ? តើ​អស់​អ្នក​ដែល​អ្នក​បង្រៀន​ដឹង​ទេ​ថា អ្នក​ចាប់​អារម្មណ៍​លើ​ការរៀន​សូត្រ​របស់​ពួកគេ ជាជាង​ការ​ខំ​បញ្ចប់​តែ​មេរៀន​ដែរ​ឬ​ទេ ? តើ​អ្នក​អាច​បង្ហាញចំណាប់​អារម្មណ៍​របស់​អ្នក​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​តាម​របៀប​ណា ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ ពេត្រុស​ទី ១ ៣:១៥; អាលម៉ា ៣២:១–៩; ៤០:១; ៤១:១; ៤២:១

ព្រះ​អង្គសង្គ្រោះ​បាន​ប្រទាន​ឱកាស​នានា​ដល់​មនុស្ស​ដើម្បី​ឲ្យ​ព្រះ​វិញ្ញាណ​បង្រៀន​ពួកគេ

វា​មាន​ការលំបាក​ណាស់​សម្រាប់​មនុស្ស​ជាច្រើន​នៅ​សម័យ​ព្រះយេស៊ូវ ដើម្បីយល់​ថា ទ្រង់​គឺ​ជា​នរណា​ឲ្យ​ពិតប្រាកដ ប៉ុន្តែ​មាន​គំនិតជា​ច្រើន​អំពី​រឿង​នេះ ។ ពួកសិស្ស​ទ្រង់​បាន​រាយការណ៍​ថា « ខ្លះ​ថា​ជា យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា យេរេមា ឬ​ហោរា​ណា​មួយ » ។ ប៉ុន្តែ​ក្រោយ​មក​ព្រះយេស៊ូវ​បាន​សួរ​សំណួរមួយ ដែល​បាន​អញ្ជើញ​ពួកសិស្ស​របស់​ទ្រង់ ដើម្បី​ដាក់​គំនិត​របស់​អ្នកដទៃ​មួយ​អន្លើសិន ហើយ​មើល​ទៅ​ក្នុង​ចិត្ត​របស់​ពួកគេ​ផ្ទាល់​ថា ៖ « ចុះឯ​អ្នក​រាល់​គ្នា​វិញ ​តើ​ថា​ខ្ញុំ​ជា​អ្នក​ណា ? » ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ស្វែងរក​ចម្លើយ​របស់​ពួកគេ មិនមែន​មក​ពី « សាច់​ឈាម » ទេ ប៉ុន្តែ​មក​ដោយ​ផ្ទាល់​ពី « ព្រះវរបិតា​នៃ​ខ្ញុំ​ដែល​គង់​នៅស្ថានសួគ៌​វិញ » ។ វា​ជា​ទីបន្ទាល់​បែប​នេះ—វិវរណៈ​ផ្ទាល់​ខ្លួន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ—ដែល​ឲ្យ​ពេត្រុស​ប្រកាស​ថា « ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្មរស់ » ( សូមមើល ម៉ាថាយ ១៦:១៣–១៧ ) ។

ដើម្បី​រស់រាន​មាន​ជីវិត​ខាង​វិញ្ញាណ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ មនុស្ស​ដែល​អ្នក​បង្រៀន​នឹង​ត្រូវការ​ទីបន្ទាល់​ខាង​វិញ្ញាណ​មួយ​អំពី​សេចក្តីពិត ។ អ្នក​ពុំ​អាច​ឲ្យ​វា​ទៅ​ពួកគេ​បាន​ទេ ប៉ុន្តែ​អ្នក​អាច​អញ្ជើញ លើក​ទឹកចិត្ត បំផុសគំនិត និង​បង្រៀន​ពួកគេ​ឲ្យ​ស្វែងរក​វា ។ អ្នក​អាច​ធ្វើ​ឲ្យ​មាន​ភាព​ច្បាស់​លាស់—តាម​រយៈ​ពាក្យ​សម្តី និង​ទង្វើ​របស់​អ្នក—ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ភាព​ចាំបាច់​ខ្លាំង​ប៉ុនណា​ចំពោះ​ការរៀនសូត្រ​ដំណឹងល្អ ។ ឧទាហរណ៍ សូម​ពិចារណា​ពី​បរិយាកាស​រៀនសូត្រ​មួយ​ដែល អ្នក​បង្កើត និង​លើក​ទឹកចិត្ត​ឲ្យ​មាន ។ ជា​អ្វី​ដែល​មាន​លក្ខណៈ​សាមញ្ញៗ​ដូច​ជា​ការរៀបចំ​កៅអី​អង្គុយ​នៅក្នុង​ថ្នាក់​រៀន ឬ​របៀប​ដែល​អ្នក​ស្វាគមន៍ និង​ទំនាក់ទំនង​ជាមួយ​សិស្ស ដែល​បង្កើត​នូវ​អារម្មណ៍​ខាង​វិញ្ញាណ​សម្រាប់​បទពិសោធន៍​ដែល​សិស្ស​នឹង​មាន ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ពួកគេ​ខាង​វិញ្ញាណ​ដើម្បី​រៀន គឺ​ដូច​ជា​អ្នក​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ដើម្បី​បង្រៀន​អ៊ីចឹង​ដែរ ។ សូម​ឲ្យ​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​ស្មារតី​ដែល​ពួកគេ​នាំឲ្យ​មាន ។ ហើយ​អ្នក​អាច​ផ្តល់​ឱកាស​នានា​ដល់​ពួកគេ ឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ ទីបន្ទាល់​នោះ​នឹង​ក្លាយ​ជា « ថ្ម​ដា » សម្រាប់​ពួកគេ « ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នឹង​មិន​ដែល​ឈ្នះ [ ពួកគេ ] ឡើយ » ( ម៉ាថាយ ១៦:១៨ ) ។

សំណួរ​ពិចារណា ៖ តើ​អ្នក​បាន​អង្កេត​មើល​ឃើញ​អ្វី​ខ្លះ​ដែល​រួម​ចំណែក​ដល់​បរិយាកាស​ខាង​វិញ្ញាណ​សម្រាប់​ការរៀន​សូត្រ​ដំណឹងល្អ ?​ តើ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​វា​ចុះ​ខ្សោយ ? តើ​មាន​អ្វី​ខ្លះ​ដែល​ជួយ​មនុស្ស​ដែល​អ្នក​បង្រៀន​រៀន​ពី​ព្រះវិញ្ញាណ ? សូម​គិត​អំពី​បរិយាកាស​នៃទីកន្លែង​ដែល​ជារឿយៗ​អ្នក​បង្រៀន​ច្រើន​បំផុត ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​អ្នក​បាន​ទៅដល់កន្លែង​នោះ ? តើ​អ្នក​អាច​អញ្ជើញព្រះវិញ្ញាណ​ឲ្យ​មាន​វត្តមាន​នៅកន្លែង​នោះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​យ៉ាង​ដូចម្តេច ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ លូកា ២៤:៣១–៣២; យ៉ូហាន ១៤:២៦; ១៦:១៣–១៥; មរ៉ូណៃ ១០:៤–៥; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២:១៦–១៧; ៥០:១៣–២៤

រូបភាព
ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុងបង្រៀន​គ្រួសារមួយ

ពេល​យើង​បង្រៀន យើង​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ទីបន្ទាល់​ខាង​វិញ្ញាណ​របស់​ពួកគេ​អំពី​សេចក្តីពិត ។

ព្រះអង្គសង្គ្រោះ​បាន​ជួយ​អ្នក​ដទៃ​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​អនុវត្ត​តាម​វិវរណៈ​ផ្ទាល់​ខ្លួន

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ទាក់ទង​ជាមួយ​ពួក​យើង—ហើយ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ដឹង​ថា ទ្រង់​កំពុង​ទាក់ទង​ជាមួយ​យើង ។ នៅ​ក្នុង​ឆ្នាំ ១៨២៩ គ្រូបង្រៀន​នៅ​សាលា​ម្នាក់​ដែល​មាន​អាយុ ២២ ឆ្នាំ​ឈ្មោះ អូលីវើរ ខៅឌើរី កំពុង​រៀន​អំពី​ភាព​អង់អាច​ក្លាហាន ជា​គោលលទ្ធិ​ដ៏​រំភើប​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ។ ប៉ុន្តែ​គាត់​មាន​សំណួរ​ស្រដៀង​ទៅ​នឹងពួកយើង​ជា​ច្រើន​នាក់​បាន​សួរ​ផងដែរ​គឺ ៖ « តើ​ព្រះអម្ចាស់​ពិត​ជា​ព្យាយាម​មាន​ព្រះបន្ទូល​មក​កាន់​ខ្ញុំ​ឬ ? ហើយ​តើ​ខ្ញុំ​អាច​ដឹង​នូវ​អ្វី​ដែល​ទ្រង់​កំពុង​មាន​ព្រះបន្ទូល​ដោយ​របៀប​ណា ? » ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ ព្រះយេស៊ូវគ្រីស្ទ​បាន​អញ្ជើញ អូលីវើរ ឲ្យ​គិត​ត្រឡប់​ក្រោយ​វិញ​ពី​គ្រា​នៃ​ការ​ស្រាវជ្រាវ​ខាង​វិញ្ញាណ​ពេល​លោក​នៅ​តែឯង ។ « តើ​យើង​ពុំ​បាន​និយាយ​ដោយ​ភាពសុខសាន្ត​ដល់​គំនិត​របស់​អ្នក​ទេ​ឬ​អី ? » ទ្រង់​បាន​សួរ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:២១–២៤ ) ។ ក្រោយ​មក​ទ្រង់​បាន​បង្រៀន អូលីវើរ អំពី​របៀប​ផ្សេង​ទៀត​ដែល​ព្រះវិញ្ញាណ​អាច​មាន​បន្ទូល​ទៅ​កាន់​លោក ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៨:២–៣; ៩:៧–៩ សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ១១:១២–១៤ ) ។

ការរស់នៅ​ក្នុង​ពិភពលោក​ដែល​ជារឿយៗ​មិន​ខ្វល់ខ្វាយ​នឹង​រឿង​ខាង​វិញ្ញាណ នោះ​យើង​ទាំង​អស់គ្នា​ត្រូវការ​ជំនួយ​ដើម្បី​ទទួល​ស្គាល់​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ ។ យើង​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ដោយ​ពុំ​ដឹង​ថា​ជា​ព្រះវិញ្ញាណ​ផង​ក៏​មាន ។ ហើយ​យើង​ទាំងអស់​គ្នា​អាច​រៀន​កាន់តែ​ច្រើន​អំពី​របៀប​ស្វែងរក​ព្រះវិញ្ញាណ ទទួល​ស្គាល់​ឥទ្ធិពល​របស់​ទ្រង់ និង​អនុវត្ត​តាម​ការបំផុស​គំនិត​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកយើង ។ ពេល​អ្នក​បង្រៀន សូម​ជួយ​សិស្ស​ឲ្យ​ស្វែងរក​របៀប​នានា​ដែល​ព្រះវិញ្ញាណ​អាច​ទាក់ទង​មក​ពួកគេ—និង​របៀប​ដែល​ទ្រង់​បាន​ទាក់ទង​ជាមួយ​ពួកគេ ។ « អំណោយ​ទាន​ដ៏​មហិមា​បំផុត​មួយ ដែល​អ្នក​អាច​ផ្តល់​ឲ្យ​ក្នុង​នាមជា​គ្រូបង្រៀន គឺ​ជួយ​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​រីកចម្រើន នៅក្នុង​ការស្វែងរក​វិវរណៈផ្ទាល់​ខ្លួន​ពេញ​មួយ​ជីវិត ។

សំណួរ​ពិចារណា ៖ ហេតុអ្វី​វា​សំខាន់​ដើម្បី​រៀន​ទទួលវិវរណៈ​ផ្ទាល់​ខ្លួន ? តើ​ធ្លាប់​មាន​នរណា​ម្នាក់​បាន​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ស្វែងរក និង​ទទួល​ស្គាល់​វិវរណៈ​ដែរ​ឬ​ទេ ? តើ​អ្នក​អាច​លើក​ទឹកចិត្ត​ដល់​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​អនុវត្ត​តាម​វិវរណៈ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ កាឡាទី ៥:២២–២៣; អាលម៉ា ៥:៤៥–៤៧; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២:៦១; ១២១:៣៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–២០

ព្រះអង្គសង្គ្រោះ​បាន​ថ្លែង​ទីបន្ទាល់ទៅ​កាន់​អស់​អ្នក​ដែល​ទ្រង់​បាន​បង្រៀន

អំឡុង​គ្រា​ដ៏ទន់ភ្លន់ និង​ពិសេស​មួយ​នៃ​ការបង្រៀន និងការផ្តល់​ការងារ​បម្រើ នោះព្រះយេស៊ូវ​បាន​ព្យាយាម​លួង​លោម​មិត្ត​របស់​ទ្រង់​គឺ ម៉ាថា ដែល​ប្អូន​ប្រុស​របស់​គាត់​បាន​ស្លាប់ ។​ ទ្រង់​បាន​ចែកចាយ​ជាមួយ​គាត់​នូវ​ទីបន្ទាល់​ដ៏​សាមញ្ញ​មួយ​អំពី​សេចក្តីពិត​ដ៏​នៅ​អស់កល្បជានិច្ច ៖ « ប្អូន​នាង​នឹង​រស់​ឡើង​វិញ » ( យ៉ូហាន ១១:២៣ ) ។ ទីបន្ទាល់​របស់​ទ្រង់​បាន​បំផុស​គំនិត​ដល់​ម៉ាថា ឲ្យ​ចែកចាយ​ទីបន្ទាល់​ផ្ទាល់​របស់​គាត់​ថា ៖ « ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​វិញ​ដែរ » ( យ៉ូហាន ១១:២៤ ) ។ សូម​កត់សម្គាល់​អំពី​របៀប​ដែលលំនាំ​នេះ​មាន​ជា​ថ្មី​ម្តង​ទៀត​នៅក្នុង យ៉ូហាន ១១:២៥–២៧ ។ តើ​មាន​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​អំពី​គំរូរបស់​ព្រះអង្គសង្គ្រោះ ? ហេតុអ្វី​ការចែកចាយ​ទីបន្ទាល់​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ គឺ​ជា​ផ្នែក​មួយ​សំខាន់​យ៉ាង​នេះ​ក្នុង​ការ​ការបង្រៀន ?

ទីបន្ទាល់​របស់​អ្នក​អាច​មាន​ឥទ្ធិពល​ដ៏មាន​អានុភាព​មួយ​ទៅលើ​អស់​អ្នក​ដែល​អ្នក​បង្រៀន ។ វា​ពុំ​ត្រូវការ​ឲ្យ​មាន​ពេលវេលា​ច្រើន ឬ​ការស្ទាត់ជំនាញ​ទេ ។ វា​មិន​ចាំបាច់​ចាប់ផ្ដើម​ដោយ​ឃ្លា​ថា « ខ្ញុំ​ចង់​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ » នោះ​ឡើយ ។ សូម​ចែកចាយ​យ៉ាង​សាមញ្ញ​អំពីអ្វី​ដែល​អ្នក​ដឹង​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទីបន្ទាល់​នៃ​សេចក្តីពិត​មាន​អានុភាព​បំផុត នៅពេល​វា​មាន​លក្ខណៈចំៗ និង​ចេញពី​ចិត្ត ។ សូម​ថ្លែង​ទីបន្ទាល់​ជារឿយៗ​អំពី​ព្រះអង្គសង្គ្រោះ ដំណឹងល្អ​របស់​ទ្រង់ និង​ព្រះចេស្តា​របស់​ទ្រង់​ក្នុង​ជីវិត​របស់​អ្នក ហើយ​លើក​ទឹកចិត្ត​ដល់​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យធ្វើ​ដូច្នោះ​ផងដែរ ។ ហើយ​សូម​ចាំ​ថា ជួនកាល​ទីបន្ទាល់​ដ៏​មាន​អនុភាព​បំផុត​នោះ គឺ​មិនមែន​ត្រូវ​បាន​ថ្លែង​ឡើង​ដោយ​គ្រូបង្រៀន​ទេ ប៉ុន្តែ​ត្រូវបាន​ថ្លែង​ឡើង​ដោយសិស្ស​គ្នា​ឯង​វិញ ។

សំណួរ​ពិចារណា ៖ សូមរក​មើល​គំរូ​នានា​នៅក្នុង​ព្រះគម្ពីរ​ដែល​បង្ហាញ​អំពី​ឥទ្ធិពល​ដ៏​មាន​អនុភាព​របស់​បុគ្គល​ម្នាក់​ដែល​ថ្លែង​ទីបន្ទាល់ ។ តើ​អ្នក​រៀន​អ្វី​ខ្លះ​ពី​គំរូ​ទាំងនោះ ? តើ​ពេលណា​ដែល​អ្នក​ត្រូវ​បាន​ប្រទានពរ​តាមរយៈ​ទីបន្ទាល់​របស់​បុគ្គល​ម្នាក់​នោះ ? តើ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​បាន​ជះ​ឥទ្ធិពល​ដល់​អស់​អ្នក​ដែល​អ្នក​បង្រៀន​ដូចម្តេច ? តើ​វា​បាន​ជះ​ឥទ្ធិពល​ដល់​អ្នក​យ៉ាង​ដូចម្តេច ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ កិច្ចការ ២:៣២–៣៨; ម៉ូសាយ ៥:១–៣; អាលម៉ា ៥:៤៥–៤៨; ១៨:២៤–៤២; ២២:១២–១៨; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:១៣–១៤; ៦២:៣

របៀប​មួយ​ចំនួន​ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​កំពុង​រៀន

  • សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​ពួកគេ នៅពេល​ពួកគេ​បាន​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ។

  • សូម​រៀបចំ​ខ្លួន​ជាមុន​ដើម្បី​ទទួល​ការបំផុសគំនិត​ខាង​វិញ្ញាណ​អំឡុង​ពេល​បង្រៀន ។

  • សូម​កត់ត្រា​ទុក​នូវ​ការបំផុស​គំនិត​ខាង​វិញ្ញាណ​ដែល​បាន​ទទួល ពេល​អ្នក​រៀបចំ​ខ្លួន ។

  • យូរៗ​ម្តង​សូម​ផ្តល់​ឱកាស​ដល់​សមាជិក​ថ្នាក់ ឲ្យ​ពិចារណា​ដោយ​ស្ងាត់ស្ងៀម​អំពី​អ្វី​ដែល​ព្រះវិញ្ញាណ​កំពុង​បង្រៀន​ពួកគេ ។

  • សូម​ប្រើ​តន្ត្រី​ពិសិដ្ឋ និង​រូបភាព​ដើម្បី​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​នៃព្រះវិញ្ញាណ ។

  • សូម​ស្តាប់​រក​ការបំផុសគំនិត ពេល​អ្នក​ដាក់​ផែនការ និង​បង្រៀន ហើយ​មាន​ឆន្ទៈ​កែសម្រួល​ផែនការ​របស់​អ្នក ។

  • សូម​ផ្តល់​ឱកាស​ដល់​សិស្ស​ទាំងអស់​ឲ្យ​ថ្លែងទីបន្ទាល់ អំពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

  • សូម​ជួយ​អ្នក​ដទៃ​ទៀត​ឲ្យ​ទទួល​ស្គាល់ នៅពេល​មាន​វត្តមាន​របស់​ព្រះវិញ្ញាណ ។

  • សូម​រស់នៅ​តាម​សេចក្តីពិត​ដែល​អ្នក​កំពុង​បង្រៀន ដើម្បី​អ្នក​អាច​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​ទាំង​នោះ ។

  • សូម​ធ្វើ​តាម​ការបំផុសគំនិត​ដើម្បី​បង្រៀន​ក្នុង​គ្រា​ចៃដន្យ គ្រា​ក្រៅ​ផ្លូវការ​ជាដើម ។

បោះពុម្ព