ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
ជួយ​សិស្ស​ឲ្យ​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ


« ជួយ​សិស្ស​ឲ្យ​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ ២០២២ )

« ជួយ​សិស្ស​ឲ្យ​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

រូបភាព
ព្រះ​យេស៊ូវគង់​ជាមួយ​កុមារ

ក្នុង​នាម​ជា​គ្រូបង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ជួយ​អ្នក​ដទៃ​ឲ្យ​យល់ និង​ពឹង​ផ្អែក​លើ​ការបង្រៀន ព្រះចេស្តា និង​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

ជួយ​សិស្ស​ឲ្យ​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ

គ្មាន​អ្វី​មួយ​ដែល​អ្នក​ធ្វើ​ក្នុង​នាម​ជា​គ្រូបង្រៀន​ដែល​នឹង​ផ្តល់​ពរ​ដល់​សិស្ស ច្រើន​ជាង​ការជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ទាំង​ទ្វេ​នោះ​ឡើយ ( សូមមើល យ៉ូហាន ១៧:៣ ) ។ សូម​គិត​ពី​បទពិសោធន៍​ដែល​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់ និង​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​រៀន​អំពី​បុគ្គលិក​លក្ខណៈ ព្រះចេស្តា និង​សេចក្តីស្រឡាញ់​របស់​ទ្រង់​ទាំង​ទ្វេ ? តើ​សេចក្តីស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទបាន​នាំ​សេចក្តី​អំណរ​មក​កាន់​អ្នក​ដោយ​របៀប​ណា ? បន្ទាប់​មក​សូម​គិត​ពី​អ្វី​ដែល​សេចក្តីស្រឡាញ់ និង​ព្រះចេស្តា​របស់​ទ្រង់​ទាំង​ទ្វេ អាច​ធ្វើ​បាន​សម្រាប់​បុគ្គល​ម្នាក់ៗ​ដែល​អ្នក​បង្រៀន ។ ( សូមមើល អាលម៉ា ២៦:១៦; ម៉ូសេ ៥:១១ ) ។

គោលបំណង​ដ៏​ធំធេង​បំផុត​របស់​យើង​នៅក្នុង​ជីវិត​នេះ គឺ​ការប្រែ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​វិល​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។ របៀប​ដែល​យើង​សម្រេច​បាន​នូវ​គោលបំណង​នោះ គឺ​តាមរយៈ​ការ​មកកាន់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ១៤:៦ ) ។ នេះ​ជា​មូលហេតុ​ដែល « យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ » ដូច​ព្យាការី​នីហ្វៃ​បាន​បង្រៀន ( នីហ្វៃ​ទី ២ ២៥:២៦ ) ។

បុត្រ​គ្រប់​រូប​របស់​ព្រះ​ត្រូវការ​ពន្លឺ និង​សេចក្តីពិត ដែល​កើត​មក​ពី​ព្រះអង្គសង្គ្រោះ ហើយ​អាច​ជ្រើសរើស​ដើម្បី​ឆ្លើយ​តប​ចំពោះ​រឿង​នោះ ។ ដើម្បី​ធ្វើ​ជា​គ្រូបង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មានន័យ​ថា ​ជួយ​អ្នក​ដទៃ​ឲ្យ​យល់ និង​ពឹង​ផ្អែក​លើ​ការបង្រៀន ព្រះចេស្តា​ប្រោសលោះ និង​សេចក្តីស្រឡាញ់​ដ៏​ឥត​ខ្ចោះ​របស់​ទ្រង់ ។ សូម​ពិចារណា​អំពីរបៀប​ដែល​យោបល់​ដូច​តទៅនេះ អាច​ជួយ​អ្នក​បំផុស​គំនិត​អ្នកដទៃឲ្យ​ស្គាល់​ព្រះ​យេស៊ូវគ្រីស្ទ​បាន​ច្បាស់ និង​ធ្វើ​តាម​ទ្រង់ ។

ជួយ​សិស្សឲ្យ​ទទួល​ស្គាល់​សេចក្តីស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ

វា​ជា​រឿង​ល្អ​ដើម្បី ស្គាល់ សេចក្តីស្រឡាញ់ ព្រះចេស្តា និង​សេចក្តីមេតាករុណា​របស់​ព្រះអង្គសង្គ្រោះ ប៉ុន្តែ​យើង​ក៏​ត្រូវ ដក​ពិសោធ នូវ​រឿង​ទាំង​នោះ​ផងដែរ ។ ការមើល​ឃើញ​របៀប​ដែល​ទ្រង់​បាន​ប្រសិទ្ធពរ និង​ព្យាបាល​មនុស្ស​នៅក្នុង​ព្រះគម្ពីរ ជួយ​យើង​ឲ្យ​អភិវឌ្ឍ​សេចក្តីជំនឿ​កាន់តែ​ខ្លាំង​ឡើង​ថា ទ្រង់​អាច​ប្រសិទ្ធពរ និង​ព្យាបាល​ពួកយើង​បាន ។ ឧទាហរណ៍ ការរៀន​អំពី​បទពិសោធន៍​នានា​របស់ ដានីយ៉ែល មិន​បាន​ពេញលេញ​ឡើយ ប្រសិនបើ​វា​ពុំ​បាន​បំផុសគំនិត​យើង​ឲ្យ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ពេល​យើង​ជួបនឹង​ការសាកល្បង និង​ទុក្ខលំបាក​ផ្ទាល់​ខ្លួន​របស់​យើង​នោះ ។

ពេល​អ្នក​ជួយ​សិស្ស​ឲ្យ​ទទួល​ស្គាល់ « សេចក្តីមេត្តា​ករុណា​ដ៏​ទន់ភ្ល់ន » របស់​ព្រះអម្ចាស់ ( នីហ្វៃ​ទី ១ ១:២០ ) ទាំង​នៅក្នុង​ព្រះគម្ពីរ និង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ នោះ​ពួកគេ​នឹង​ទទួល​អារម្មណ៍ និង​ដឹង​ថា​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​ពួកគេ ហើយ​នឹងមាន​ព្រះ​ឆន្ទៈគង់នៅ​ក្បែរ​ពួកគេដោយ​សេចក្តីស្រឡាញ់ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញ ៦៨:៦ ) ។ ពួកគេ​នឹង​មើល​ឃើញ ហើយ​ទទួល​អារម្មណ៍អំពី​ភាពពិតប្រាកដ​នៃ​សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះអម្ចាស់ នៅក្នុង​តម្រូវការ និង​កាលៈទេសៈផ្ទាល់​ខ្លួន​របស់​ពួកគេ ។​

រូបភាព
ព្រះយេស៊ូវ​កំពុង​ផ្តល់​ទេសនាកថា​នៅ​លើ​ភ្នំ

គ្រូបង្រៀន​អាច​ជួយ​សិស្ស​ដក​ពិសោធ​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ​សង្រ្គោះ ។

ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ

គោលបំណង​នៃ​ការបង្រៀន និង​ការរៀន​សូត្រ​អំពី​ព្រះយេស៊ូវគ្រីស្ទ គឺ​ដើម្បី​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​យើង ។ សូម​ជួយ​មនុស្ស​ដែល​អ្នក​បង្រៀន​កុំ​ឲ្យ​ភ្លេច​ពី​គោលបំណង​នោះ​ឲ្យ​សោះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ ការ​បន្ត​ប្រែចិត្ត ការទូល​ទៅកាន់​ព្រះវរបិតា​នៅក្នុង​ការអធិស្ឋាន និង​ការថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ។ សូម​បង្រៀន​សិស្ស​តាម​រយៈ​ពាក្យ​សម្តី និង​គំរូ​អំពី​ការ​ចុះ និង​ការរក្សា​សេចក្តីសញ្ញា ដែល​ភ្ជាប់​ពួកយើង​ជាមួយ​នឹង​ទ្រង់​ទាំង​ទ្វេ ។ សូម​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ពួកយើងមាន​តម្លៃ និង​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ប៉ុន​ណា​ចំពោះ​ទ្រង់​ទាំង​ទ្វេ ។ សូម​ពង្រឹង​សេចក្តីជំនឿ​របស់​ពួកគេ​ថា តាមរយៈគុណធម៌​នៃ​ដង្វាយធួន​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់ នោះ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​មធ្យោ​បាយ​តែ​មួយ​គត់​ដើម្បី​ត្រឡប់​ទៅ​កាន់​ព្រះវរបិតា​វិញ ។ សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ទទួល​ទីបន្ទាល់​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល « ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា និង​អំពី​ព្រះរាជបុត្រា » ( ម៉ូសេ ៥:៩ ) ។

ជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ខិតខំ​ប្រែក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ

ទីបំផុត ការរៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​បំផុស​គំនិត​យើង​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូច​ទ្រង់ ។ ប៉ុន្តែ​ការប្រែក្លាយ​ដូច​ជា​ទ្រង់​អាច​កើត​ឡើង​បាន លុះត្រា​តែ​យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ទាំង​នៅក្នុង និង​នៅ​ក្រៅ​ថ្នាក់​រៀន ធ្វើ​ការជ្រើសរើស​ដោយ​ចេតនា ដើម្បី​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​ទទួល​ព្រះគុណ​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រក​ឲ្យ​ឃើញ​របៀប​នានា​ដែល​ពួកគេ​អាច​ប្រែក្លាយ​កាន់តែ​ដូច​ព្រះអង្គសង្គ្រោះ ។ សូម​ផ្តល់​ការណែនាំ និង​ការ​ជួយ​ជ្រោមជ្រែង ពេល​សិស្សព្យាយាម​ប្រែក្លាយ​ដូច​ជា​ទ្រង់​នៅក្នុងការ​ព្យាយាម​ធ្វើ​តាម​ពេញ​មួយ​ជីវិត ។

យ៉ាកុប​បាន​បង្រៀន​ថា « អស់​ទាំង​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ចាប់តាំង​ពី​កំណើត​លោកិយ​មក » អាច​បង្រៀន​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ( នីហ្វៃ​ទី ២ ១១:៤ ) ។ ការបង្រៀន​របស់​អ្នក​អាច​ជា​អ្វី​មួយ​ក្នុង​ចំណោម​អ្វីៗ​ទាំង​អស់​នោះ ។ សូម​ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ​ជា​ចំណុច​សំខាន់​នៃ​បទពិសោធន៍​ក្នុង​ការបង្រៀន និង​ការរៀនសូត្រ​នីមួយៗ ។ នៅពេល​អ្នក និង​សិស្ស « និយាយ​អំពី​ព្រះគ្រីស្ទ … អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ … ផ្សាយ​អំពី​ព្រះគ្រីស្ទ » ( នីហ្វៃ​ទី ២ ២៥:២៦ ) នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បណ្តុះ​ទីបន្ទាល់​មួយ​អំពី​ព្រះអង្គសង្គ្រោះចូល​ជ្រៅ​ទៅក្នុង​គំនិត និង​ដួងចិត្ត​របស់​បុគ្គល​ម្នាក់ៗ ។ នៅពេល​អ្នក​ជួយ​សិស្ស​ឲ្យ​មក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ខ្លួន​ពួកគេ នោះ​ពួកគេ​ទំនង​នឹង​ងាក​ទៅ​រក​ទ្រង់​ទាំង​ទ្វេ​សម្រាប់​ជំនួយ សេចក្តីសង្ឃឹម និង​ការព្យាបាល​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

បោះពុម្ព