« អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ៖ សម្រាប់អ្នកទាំងអស់ដែលបង្រៀននៅគេហដ្ឋាន និងសាសនាចក្រ ( ឆ្នាំ ២០២២ )
« អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍
វាជារឿងមួយដែលបំផុសឲ្យស្ងើចអស្ចារ្យ ដើម្បីមើលព្រះអង្គសង្គ្រោះយាងនៅលើទឹក ។ ប៉ុន្តែរឿងនោះមិនទាន់គ្រប់គ្រាន់សម្រាប់ពេត្រុសទេ ។ លោកចង់ធ្វើអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ ទៅកន្លែងណាដែលទ្រង់បានយាងទៅ និងមានបទពិសោធន៍ដូចគ្នាផ្ទាល់ខ្លួនលោកតែម្តង ។ លោកបានមានប្រសាសន៍ថា « សូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង » ។ ព្រះអង្គសង្គ្រោះបានឆ្លើយតបដោយការអញ្ជើញដ៏សាមញ្ញថា ៖ « ចូលមកចុះ » ។ ជាមួយនឹងការអញ្ជើញនោះ ពេត្រុសបានចុះចេញពីទូកដែលមានសុវត្ថិភាពនោះ ហើយបង្ហាញពួកយើងថា ភាពជាសិស្សគឺពុំមែនជាបទពិសោធន៍អសកម្មនោះទេ ( សូមមើល ម៉ាថាយ ១៤:២៤–៣៣ ) ។ វាតម្រូវឲ្យមានសេចក្តីជំនឿលើព្រះគ្រីស្ទ និងកិច្ចខិតខំដោយឧស្សាហ៍ ។ ប៉ុន្តែវាក៏នាំមកនូវរង្វាន់ដ៏ច្រើនដោយព្រោះការដើរជាមួយព្រះអង្គសង្គ្រោះផងដែរ ។
« ចូលមកចុះ » ។ « ចូរតាមខ្ញុំទៅមើល » ។ « ចូរមកតាមខ្ញុំ » ។ « ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ » ( ម៉ាថាយ ១៤:២៩; យ៉ូហាន ១:៣៩; លួកា ១៨:២២; ១០:៣៧ ) ។ តាំងពីការចាប់ផ្តើមដំបូងនៃការងារបម្រើរបស់ទ្រង់ម៉្លេះ ព្រះអង្គសង្គ្រោះបានអញ្ជើញពួកអ្នកដើរតាមរបស់ទ្រង់ឲ្យដកពិសោធន៍សេចក្តីពិត អនុភាព និងសេចក្តីស្រឡាញ់ដែលទ្រង់បានប្រទានឲ្យ ។ ទ្រង់បានធ្វើបែបនេះ ដោយសារនេះជាអ្វីដែលការរៀនសូត្រ បានបង្រៀន ។ វាមិនមែនគ្រាន់តែជាការស្តាប់ ឬការអានប៉ុណ្ណោះទេ វាក៏ជាការផ្លាស់ប្តូរ ការប្រែចិត្ត និងការរីកចម្រើនផងដែរ ។ នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ការរៀនសូត្រកើតឡើង « ដោយសារការសិក្សា និងដោយសារ សេចក្តីជំនឿផង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ ការគូសបញ្ជាក់ត្រូវបានបន្ថែម ) ។ ហើយសេចក្តីជំនឿរួមមានការធ្វើសកម្មភាពដោយខ្លួនឯង មិនមែនគ្រាន់តែទទួលសកម្មភាពនោះទេ ( សូមមើល នីហ្វៃទី ២ ២:២៦ ) ។
នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នោះយើងអញ្ជើញអស់អ្នកដែលយើងបង្រៀនឲ្យសូមរក និងគោះ—នោះនឹងឃើញ ( សូមមើល ម៉ាថាយ ៧:៧–៨ ) ។ ហើយយើងក៏ទទួលយកការអញ្ជើញនោះផងដែរ ។ តាមរយៈសេចក្តីជំនឿផ្ទាល់របស់យើងលើព្រះគ្រីស្ទ និងកិច្ចខិតខំដោយឧស្សាហ៍ នោះយើងទាំងអស់គ្នានឹងស្គាល់ដោយខ្លួនយើងផ្ទាល់នូវអត្ថន័យនៃការដើរជាមួយទ្រង់ ។
ព្រះអង្គសង្គ្រោះបានជួយអ្នកដទៃឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ
ការសាងសង់ភេត្រាឲ្យមានសុវត្ថិភាពដើម្បីធ្វើដំណើរឆ្លងកាត់មហាសមុទ្រគឺជាកិច្ចការលំបាកមួយសម្រាប់មនុស្សគ្រប់គ្នា ។ បងរបស់យ៉ារេឌត្រូវបាន « ដឹកនាំជានិច្ចដោយព្រះហស្តនៃព្រះអម្ចាស់ » ( អេធើរ ២:៦ ) ដោយបានទទួលសេចក្តីណែនាំអំពីរាងរៅនៃភេត្រានោះ និងរបៀបដែលពួកគេមានខ្យល់ដកដង្ហើម ។ ប៉ុន្តែតើអ្នកបានកត់សម្គាល់ឃើញអ្វីខ្លះអំពីរបៀបដែលព្រះអម្ចាស់ឆ្លើយតប នៅពេលបងរបស់យ៉ារេឌបានសួរអំពីការផ្តល់ពន្លឺនៅក្នុងភេត្រាទាំងនោះ ( សូមមើល អេធើរ ២:២២–២៥ ) ។ តើបងរបស់យ៉ារេឌបានទទួលពរដូចម្តេច តាមរយៈការអញ្ជើញឲ្យអនុវត្តសេចក្តីជំនឿរបស់គាត់តាមរបៀបនេះ ? ( សូមមើល អេធើរ ៣:១–១៦ ) ។
វាអាចងាយស្រួលជាងដោយគ្រាន់តែប្រាប់សិស្សនូវអ្វីៗទាំងអស់ដែលអ្នកគិតថា ពួកគេគួរតែដឹង ។ ទោះជាយ៉ាងណាក៏ដោយ អែលឌើរ ដេវីឌ អេ បែដណា បានទូន្មាន ៖ « បំណងរបស់យើងពុំគួរថា ‹ តើខ្ញុំត្រូវប្រាប់ពួកគេអ្វីខ្លះនោះទេ ? › ។ ផ្ទុយទៅវិញ សំណួរដើម្បីសួរខ្លួនយើងគឺ ‹ តើខ្ញុំអាចអញ្ជើញពួកគេឲ្យធ្វើអ្វីខ្លះ ? តើខ្ញុំអាចសួរសំណួរបំផុសគំនិតអ្វីខ្លះ ដែលនឹងចាប់ផ្ដើមយាងព្រះវិញ្ញាណបរិសុទ្ធឲ្យមកក្នុងជីវិតរបស់ពួកគេ ? › » ( evening with a General Authority ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២០ គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។
សូមពិចារណាពីរបៀបដែលអ្នកអាចអញ្ជើញសិស្សឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ ។ ឧទាហរណ៍ អ្នកអាចអញ្ជើញពួកគេឲ្យសួរសំណួរផ្ទាល់ខ្លួនពួកគេ ស្រាវជ្រាវរកចម្លើយ ពិចារណា និងចែកចាយ ឬកត់ត្រាគំនិត និងអារម្មណ៍របស់ពួកគេ ។ ពេលពួកគេធ្វើដូច្នេះ នោះពួកគេនឹងពង្រឹងសេចក្តីជំនឿរបស់ពួកគេ រកឃើញសេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះ និងមានបទពិសោធន៍ផ្ទាល់ខ្លួនពួកគេជាមួយសេចក្តីពិតទាំងនេះ ។ នៅពេលយើងទទួលខុសត្រូវលើការរៀនសូត្រផ្ទាល់ខ្លួនរបស់យើង នោះយើងអាចនិយាយដូចដែល យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ដែរថា « ខ្ញុំបានចេះដឹងដោយផ្ទាល់ខ្លួនខ្ញុំ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០ ) ។
សំណួរពិចារណា ៖ ហេតុអ្វីវាសំខាន់សម្រាប់សិស្សឲ្យសកម្មជាជាងអសកម្មនៅក្នុងការរៀនសូត្ររបស់ពួកគេ ? តើអ្នកអាចជួយពួកគេឲ្យទទួលយកការទទួលខុសត្រូវសម្រាប់ការរៀនសូត្ររបស់ខ្លួនគេដោយរបៀបណា ? តើគ្រូបង្រៀនបានជួយអ្នកធ្វើបែបនេះយ៉ាងដូចម្តេច ? តើមានគំរូអ្វីខ្លះមកពីព្រះគម្ពីរដែលអ្នកអាចគិតឃើញ អំពីមនុស្សដែលត្រូវបានអញ្ជើញឲ្យរៀនសូត្រដោយខ្លួនឯងនោះ ? តើគំរូទាំងនេះជះឥទ្ធិពលដល់របៀបដែលអ្នកបង្រៀនយ៉ាងដូចម្តេច ?
ចេញមកពីព្រះគម្ពីរ ៖ នីហ្វៃទី ១ ១១; គោលលទ្ធិ និងសេចក្តីសញ្ញា ៩:៧–៨; ៥៨:២៦–២៨; ៨៨:១១៨–១២៥; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–២០
ព្រះអង្គសង្គ្រោះបានលើកទឹកចិត្តអ្នកដទៃឲ្យមកស្គាល់ទ្រង់តាមរយៈការសិក្សាព្រះបន្ទូលរបស់ទ្រង់
នៅពេលដល់គ្រាដែលព្រះអង្គសង្គ្រោះត្រូវរៀបចំសាសនាចក្ររបស់ទ្រង់ជាផ្លូវការនៅថ្ងៃចុងក្រោយ នោះទ្រង់បានប្រាប់អ្នកបម្រើទ្រង់ឲ្យ « ពឹងទៅលើការណ៍ទាំងនោះ ដែលបានសរសេរទុក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:៣ ) ។ ប្រាកដណាស់ ព្រះគម្ពីរមរមនដែលពួកគេហៀបនឹងបញ្ចប់ការបកប្រែនោះ មាននូវការណែនាំដ៏មានប្រយោជន៍សម្រាប់កិច្ចការនោះ រួមមានទាំងរបៀបដើម្បីធ្វើបុណ្យជ្រមុជទឹក របៀបបម្រើសាក្រាម៉ង់ និងព័ត៌មានលម្អិតដ៏មានតម្លៃផ្សេងទៀត ។ ប៉ុន្តែព្រះអង្គសង្គ្រោះក៏មានព្រះទ័យចង់ឲ្យអ្នកបម្រើរបស់ទ្រង់ ឃើញវិវរណៈរបស់ទ្រង់ថាជាឱកាសមួយដើម្បីស្តាប់ទ្រង់ និងស្គាល់ទ្រង់កាន់តែច្បាស់ ។ នៅក្នុងវិវរណៈដូចគ្នានេះ ទ្រង់បានមានបន្ទូលប្រាប់ពួកគេថា « ដ្បិតជាសំឡេងរបស់យើងនេះហើយ ដែលមានបន្ទូល [ ពាក្យទាំងនេះ ] មកកាន់អ្នក … ហេតុដូច្នេះហើយអ្នករាល់គ្នាអាចធ្វើទីបន្ទាល់ថា អ្នកបានឮសំឡេងរបស់យើង ហើយស្គាល់ព្រះបន្ទូលទាំងឡាយរបស់យើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:៣៥–៣៦ ) ។
សូមគិតពីមនុស្សដែលអ្នកបង្រៀន ។ តើពួកគេយល់យ៉ាងណាដែរអំពីការសិក្សាព្រះគម្ពីរ ? ចំពោះបញ្ហានោះ តើអ្នកយល់យ៉ាងណាដែរ ? តើការសិក្សាព្រះគម្ពីរវាលើសពីកាតព្វកិច្ចប្រចាំថ្ងៃទៅទៀតមែនទេ ? នៅពេលអ្នកសិក្សាព្រះគម្ពីរ តើអ្នកយល់ព្រះបន្ទូលដែលព្រះអង្គសង្គ្រោះមានបន្ទូលផ្ទាល់មកកាន់អ្នកដែរឬទេ ? ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « តើយើង អាច ទៅស្ដាប់ទ្រង់នៅទីណា ? យើងអាចទៅរកបទគម្ពីរទាំងឡាយ ។ … ការជ្រមុជទៅក្នុងព្រះបន្ទូលនៃព្រះជាប្រចាំថ្ងៃ គឺសំខាន់សម្រាប់ជីវិតខាងវិញ្ញាណ ជាពិសេសនៅក្នុងគ្រាដែលមានចលាចលកាន់តែខ្លាំងនេះ ។ នៅពេលយើងសិក្សាព្រះបន្ទូលនៃព្រះគ្រីស្ទប្រចាំថ្ងៃ នោះព្រះបន្ទូលនៃព្រះគ្រីស្ទនឹងប្រាប់យើងអំពីរបៀបដើម្បីឆ្លើយតបទៅនឹងការលំបាក ដែលយើងពុំធ្លាប់គិតថាយើងនឹងជួប » ( « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨៩ ) ។ នៅពេលអ្នកបង្រៀន សូមលើកទឹកចិត្តសិស្សឲ្យសិក្សាព្រះគម្ពីរជាមួយនឹងគោលបំណងនៃការស្វែងរកព្រះអង្គសង្គ្រោះ—ពុំមែនគ្រាន់តែស្វែងរកខគម្ពីរ ឬភាពពិតអំពីទ្រង់នោះទេ ប៉ុន្តែស្វែងរក ទ្រង់វិញ ។ ការស្តាប់ឮសំឡេងព្រះអម្ចាស់រៀងរាល់ថ្ងៃនៅក្នុងព្រះគម្ពីរ គឺជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកភាពឧស្សាហ៍ពេញមួយជីវិត និងការរៀនសូត្រដំណឹងល្អយ៉ាងឯករាជ្យ ។
សំណួរពិចារណា ៖ សូមពិចារណាពីទម្លាប់សិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ។ តើការសិក្សាព្រះបន្ទូលរបស់ព្រះបានពង្រឹងទំនាក់ទំនងរវាងអ្នកជាមួយទ្រង់យ៉ាងដូចម្ដេច ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីកែលម្អការសិក្សារបស់អ្នក ? តើអ្នកអាចបំផុសគំនិតដល់មនុស្សដទៃ ឲ្យសិក្សាព្រះបន្ទូលរបស់ព្រះដោយឧស្សាហ៍ព្យាយាម និងទៀងទាត់ដោយរបៀបណា ? តើមានពរជ័យអ្វីខ្លះដែលពួកគេនឹងទទួលបាននៅពេលពួកគេធ្វើដូច្នេះ ?
ចេញមកពីព្រះគម្ពីរ ៖ យ៉ូស្វេ ១:៨; ធីម៉ូថេទី ២ ៣:១៥–១៧; នីហ្វៃទី ២ ៣២:៣; យ៉ាកុប ២:៨; ៤:៦; គោលលទ្ធិ និងសេចក្តីសញ្ញា ៣៣:១៦
ព្រះអង្គសង្គ្រោះបានអញ្ជើញអ្នកដទៃឲ្យរៀបចំខ្លួនដើម្បីរៀន
សូម្បីតែគ្រាប់ពូជដែលល្អបំផុតក៏ពុំអាចដុះលើដីរឹង ថ្ម ឬបន្លាឡើយ ។ ស្រដៀងគ្នានេះផងដែរ សូម្បីតែគោលលទ្ធិដែលជំរុញឲ្យមានសេចក្តីជំនឿដ៏មានតម្លៃបំផុត ទំនងជាមិនអាចផ្លាស់ប្តូរដួងចិត្តដែលមិនបានរៀបចំខ្លួនដើម្បីទទួលវាឡើយ ។ នោះគឺជាផ្នែកនៃសារលិខិតអំពីរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះអំពីអ្នកសាបព្រោះ គ្រាប់ពូជ និងដីដែលមានលក្ខណៈច្រើនប្រភេទ ។ មានតែនៅក្នុង « ដីល្អ »—គឺដួងចិត្តដែលត្រូវបានបន្ទន់ និងជម្រះចេញអស់នូវថ្ម និងបន្លាខាងវិញ្ញាណប៉ុណ្ណោះ—ដែលព្រះបន្ទូលរបស់ព្រះផ្តល់ផលផ្លែឲ្យមានជីវិតរស់ ( សូមមើល ម៉ាថាយ ១៣:១–៩, ១៨–២៣ ) ។
ការរៀបចំខ្លួនខាងវិញ្ញាណសំខាន់ណាស់—សម្រាប់អ្នក និងសម្រាប់មនុស្សដែលអ្នកបង្រៀន ។ ដូច្នេះតើយើងជួយរៀបចំដួងចិត្តរបស់យើងដូចម្តេច ដើម្បីឲ្យវាក្លាយជា « ដីល្អ » សម្រាប់ព្រះបន្ទូលរបស់ព្រះ ? សូមពិចារណាគោលការណ៍ដូចតទៅនេះអំពីការរៀបចំខ្លួន ដែលអ្នកអាចអនុវត្តនៅក្នុងជីវិតរបស់អ្នក ហើយលើកទឹកចិត្តនៅក្នុងជីវិតនៃអស់អ្នកដែលអ្នកបង្រៀន ។ អធិស្ឋានដើម្បីស្វែងរកអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នករៀនសូត្រ ។ រស់នៅក្នុងរបៀបមួយដែលអញ្ជើញវត្តមានរបស់ទ្រង់មកក្នុងជីវិតរបស់អ្នក ។ ប្រែចិត្តជារៀងរាល់ថ្ងៃ ។ ចិញ្ចឹមបីបាច់បំណងប្រាថ្នារបស់អ្នកឲ្យរៀនសូត្រតាមរយៈការសួរសំណួរដោយស្មោះសរ ។ សិក្សាព្រះបន្ទូលរបស់ព្រះដោយសេចក្តីជំនឿថា ទ្រង់នឹងដឹកនាំអ្នកទៅរកចម្លើយ ។ បើកដួងចិត្តរបស់អ្នកទៅរកអ្វីដែលទ្រង់នឹងបង្រៀនអ្នក ។
នៅពេលសិស្សរៀបចំខ្លួនរៀនសូត្រតាមរបៀបនេះ នោះពួកគេនឹងមានកែវភ្នែកខាងវិញ្ញាណដើម្បីមើលឃើញ និងត្រចៀកដើម្បីស្តាប់ឮអ្វីដែលព្រះអម្ចាស់នឹងឲ្យពួកគេដឹង ( សូមមើល ម៉ាថាយ ១៣:១៦ ) ។
សំណួរពិចារណា ៖ តើអ្នកធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនរបស់អ្នកដើម្បីរៀនសូត្រ ? តើការរៀបចំខ្លួនរបស់អ្នកជះឥទ្ធិពលលើរបៀបដែលអ្នកមើលឃើញ ស្តាប់ឮ និងយល់ពីព្រះបន្ទូលរបស់ព្រះដូចម្តេច ? តើអ្នកអាចបំផុសគំនិតដល់មនុស្សដទៃឲ្យរៀបចំខ្លួនដើម្បីរៀនសូត្រដោយរបៀបណា ? តើភាពខុសគ្នាអ្វីខ្លះដែលអាចមាន នៅក្នុងរបៀបដែលពួកគេទទួលយកសេចក្តីពិតនៃដំណឹងល្អ ?
ចេញមកពីព្រះគម្ពីរ ៖ អេណុស ១:១–៨; អាលម៉ា ១៦:១៦–១៧; ៣២:៦, ២៧–៤៣; នីហ្វៃទី ៣ ១៧:៣
ព្រះអង្គសង្គ្រោះបានលើកទឹកចិត្តអ្នកដទៃឲ្យចែកចាយសេចក្តីពិតដែលពួកគេកំពុងរៀន
នៅពេលព្រះអម្ចាស់បានហៅលោកឲ្យប្រកាសដំណឹងល្អ ហេណុកបានទួញយំថា « ទូលបង្គំមានមាត់រឹង » ។ ប៉ុន្តែការពូកែវោហារពុំមែនជាតម្រូវការសម្រាប់អ្នកបម្រើរបស់ព្រះអម្ចាស់ឡើយ ។ ផ្ទុយទៅវិញ ព្រះអម្ចាស់បានសន្យានឹងហេណុកថា ប្រសិនបើគាត់មានសេចក្តីជំនឿគ្រប់គ្រាន់ដើម្បីបើកមាត់របស់គាត់ នោះពាក្យសម្តីនឹងថ្លែងចេញមក ។ ទ្រង់មានព្រះបន្ទូលថា « យើងនឹងប្រទានសម្តីដល់អ្នក » ( ម៉ូសេ ៦:៣១–៣២ ) ។ ហេណុកបានអនុវត្តសេចក្តីជំនឿរបស់លោក ហើយព្រះអម្ចាស់ពិតជាបានមានព្រះបន្ទូលតាមរយៈលោកមែន ជាមួយនឹងពាក្យសម្តីដ៏មានអនុភាពដែលបានបណ្តាលឲ្យមនុស្សញ័ររន្ធត់ ( សូមមើល ម៉ូសេ ៦:៤៧ ) ។ ពិតណាស់ ពាក្យទាំងនោះបានធ្វើឲ្យផែនដីញ័ររញ្ជួយ ។ ភ្នំទាំងឡាយរត់ចេញ ទន្លេទាំងប៉ុន្មានត្រូវបានបែរចេញពីដំណើរវា ហើយសាសន៍ទាំងអស់បានភ័យខ្លាចរាស្ត្ររបស់ព្រះ « ព្រោះពាក្យសម្តីរបស់ហេណុកមានអនុភាពណាស់ ហើយអំណាចខាងភាសាដែលព្រះទ្រង់បានប្រទានដល់គាត់នោះធំដ៏ក្រៃលែង » ( ម៉ូសេ ៧:១៣ ) ។
ព្រះអម្ចាស់មានព្រះទ័យឲ្យយើងទាំងអស់គ្នា—មានអំណាចដើម្បីថ្លែងពីព្រះបន្ទូលរបស់ទ្រង់—មិនមែនត្រឹមតែពួកព្យាការីរបស់ទ្រង់ឡើយ ។ ទ្រង់សព្វព្រះទ័យឲ្យអំណាចនោះមានដល់ពួកយើងទាំងអស់គ្នា រួមទាំងមនុស្សដែលអ្នកបង្រៀនផងដែរ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១:២០–២១ ) ។ ពាក្យសម្តីរបស់យើងអាចមិនរំកិលភ្នំ ឬប្តូរទិសដៅរបស់ទន្លេបានទេ ប៉ុន្តែពាក្យសម្តីរបស់យើងអាចជួយផ្លាស់ប្តូរដួងចិត្តបាន ។ ហេតុដូច្នេះហើយវាសំខាន់ណាស់ដើម្បីផ្តល់ឱកាសដល់សិស្ស ឲ្យចែកចាយជាមួយគ្នានូវអ្វីដែលពួកគេកំពុងរៀនអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។ ការធ្វើបែបនេះនឹងជួយពួកគេក្នុងការបញ្ចូលសេចក្តីពិតដែលពួកគេបានបង្រៀន និងបញ្ចាក់ពីសេចក្តីពិតនោះ ។ វាក៏នឹងជួយពួកគេឲ្យទទួលបានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេដើម្បីចែកចាយសេចក្តីពិតនៅក្នុងបរិយាកាសផ្សេងទៀតផងដែរ ។
សំណួរពិចារណា ៖ សូមគិតអំពីគ្រាមួយដែលអ្នកបាននិយាយអំពីសេចក្តីពិតនៃដំណឹងល្អជាមួយនរណាម្នាក់ ។ តើអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នោះ ? តើមានគ្រាណាដែលអ្នកមានអំណរគុណដល់បុគ្គលម្នាក់ ដែលមានភាពក្លាហានក្នុងការចែកចាយអំពីគំនិត និងជំនឿរបស់ពួកគេឬទេ ? តើមនុស្សដែលអ្នកបង្រៀនបានទទួលប្រយោជន៍មកពីឱកាស ដើម្បីនិយាយអំពីអ្វីៗដែលពួកគេកំពុងរៀនដោយរបៀបណា ? តើមានឱកាសអ្វីខ្លះដែលអ្នកអាចបង្កើតវាឡើង ?
ចេញមកពីព្រះគម្ពីរ ៖ អាលម៉ា ១៧:២–៣; មរ៉ូណៃ ៦:៤–៦; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៨៥; ៨៨:១២២; ១០០:៥–៨
ព្រះអង្គសង្គ្រោះបានអញ្ជើញអ្នកដទៃឲ្យរស់នៅតាមអ្វីដែលទ្រង់បានបង្រៀន
« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក » ។ « ចូរស្រឡាញ់ពួកខ្មាំងសត្រូវរបស់អ្នក » ។ « ចូរសូម នោះតែងនឹងឲ្យមកអ្នក » ។ « ចូរឲ្យចូលតាមទ្វារចង្អៀត » ។ ( ម៉ាថាយ ៥:១៦, ៤៤; ៧:៧, ១៣ ) ។ ការអញ្ជើញមួយចំនួនដ៏ច្បាស់លាស់ និងគួរឲ្យចងចាំបំផុតនៅក្នុងការងារបម្រើទាំងមូលរបស់ព្រះអង្គសង្គ្រោះនៅលើផែនដី ត្រូវបានថ្លែងនៅពេលទ្រង់បានបង្រៀនពួកសិស្សរបស់ទ្រង់នៅតាមជើងភ្នំដែលស្ថិតនៅសមុទ្រកាលីឡេ ។ គោលបំណងរបស់ព្រះអង្គសង្គ្រោះគឺដើម្បីផ្លាស់ប្តូរជីវិតមនុស្ស ដែលបានធ្វើឡើងយ៉ាងជាក់ច្បាស់តាមរយៈការអញ្ជើញជារួមរបស់ទ្រង់ថា ៖ « អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយ ប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម » ( ម៉ាថាយ ៧:២៤ ការគូសបញ្ជាក់បានបន្ថែម ) ។
ភ្លៀងធ្លាក់ចុះ ហើយទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះជីវិតរបស់មនុស្សគ្រប់រូប ។ ការរៀនសូត្រ អំពីដំណឹងល្អពុំគ្រប់គ្រាន់ឡើយ ប្រសិនបើសិស្សចង់ទប់ទល់នឹងការសាកល្បងទាំងអស់ដែលពួកគេនឹងប្រឈមមុខ ។ នេះហើយជាមូលហេតុដែលយើងពុំត្រូវរុញរាក្នុងការអញ្ជើញសិស្សឲ្យពិចារណាពី របៀបដែលពួកគេអាច រស់នៅ តាមអ្វីដែលពួកគេកំពុងរៀននោះទេ ។ ដោយការគោរពដល់សិទ្ធិជ្រើសរើសរបស់អ្នកដទៃ នោះការអញ្ជើញជាច្រើនរបស់ពួកយើងនឹងមានលក្ខណៈជាទូទៅ ៖ « តើអ្នកទទួលអារម្មណ៍ដ៏បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ? » យូរៗម្តង ការអញ្ជើញរបស់យើងត្រូវតែមានលក្ខណៈកាន់តែជាក់លាក់ ៖ « តើអ្នកនឹងជ្រើសរើសយកគុណលក្ខណៈមួយរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកចង់អភិវឌ្ឍដែរឬទេ ? » នៅពេលអ្នកផ្តល់ឱកាសឲ្យសិស្សស្តាប់ ទទួលស្គាល់ និងចែកចាយការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ នោះទ្រង់នឹងបង្រៀនពួកគេអំពីសកម្មភាពផ្ទាល់ខ្លួនដែលពួកគេគួរតែធ្វើ ។ ជួយសិស្សឲ្យពិចារណាអំពីពរជ័យដែលនឹងកើតមានឡើង នៅពេលពួកគេអនុវត្តតាមអ្វីដែលពួកគេរៀន ហើយលើកទឹកចិត្តពួកគេឲ្យតស៊ូនៅពេលដែលជួបការលំបាក ។ ការរស់នៅតាមសេចក្តីពិតគឺជាផ្លូវមួយដ៏លឿនបំផុតឆ្ពោះទៅរកសេចក្តីជំនឿ ទីបន្ទាល់ និងការប្រែចិត្តជឿដ៏ប្រសើរថ្លៃថ្លា ។ ដូចព្រះអង្គសង្គ្រោះបានមានបន្ទូល ការរស់នៅតាមគោលលទ្ធិរបស់ព្រះវរបិតាគឺជាផ្លូវមួយដែលពួកយើងទាំងអស់ដើរឆ្ពោះទៅរកការដឹងថា គោលលទ្ធិនោះគឺពិត ( សូមមើល យ៉ូហាន ៧:១៧ ) ។
សំណួរពិចារណា ៖ តើមានគ្រាណាដែលអ្នកត្រូវបានបំផុសគំនិតឲ្យធ្វើសកម្មភាពដោយសារនរណាម្នាក់បានផ្តល់ការអញ្ជើញដល់អ្នកនោះ ? តើជាលទ្ធផលជីវិតរបស់អ្នកមានពរយ៉ាងណាដែរ ? សូមកត់សម្គាល់ពីការអញ្ជើញដែលបានផ្តល់ឲ្យនៅក្នុងព្រះគម្ពីរ និងតាមរយៈថ្នាក់ដឹកនាំសាសនាចក្រ ។ តើអ្នករៀនអ្វីខ្លះដែលអាចជួយអ្នកនៅពេលអញ្ជើញនរណាម្នាក់ឲ្យធ្វើសកម្មភាពនោះ ? តើអ្នកអាចតាមដានការអញ្ជើញរបស់អ្នកតាមរបៀបណាខ្លះ ?
ចេញមកពីព្រះគម្ពីរ ៖ លូកា ១០:៣៦–៣៧; យ៉ូហាន ៧:១៧; យ៉ាកុប ១:២២; ម៉ូសាយ ៤:៩–១០; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៣:៨–១០; ៨២:១០