ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
បង្រៀន​គោលលទ្ធិ


« បង្រៀន​គោលលទ្ធិ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ ២០២២ )

« បង្រៀន​គោលលទ្ធិ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ កាល​ទ្រង់​មាន​ព្រះជន្ម ១២ ព្រះវស្សា

ព្រះគ្រីស្ទ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ដោយ ហែនរិច ហូហ្វម៉ាន់

បង្រៀន​គោលលទ្ធិ

ទោះបី​ជា​ព្រះយេស៊ូវ​បាន​រីកចម្រើន​នៅក្នុង​ប្រាជ្ញា និង​ចំណេះ​ដឹង​ពេញ​មួយ​ព្រះ​ជន្ម​របស់​ទ្រង់​ក្តី ក៏​ទ្រង់​មិន​បាន​ទទួល​ការអប់រំ​ជា​ផ្លូវការ​ដូច​អ្នក​ដឹកនាំសាសនា​ដទៃ​ទៀតនៅក្នុង​សម័យ​របស់​ទ្រង់​ឡើយ ។​ ប៉ុន្តែ​នៅពេល​ទ្រង់​បាន​បង្រៀន នោះ​មនុស្ស​បាន​ស្ងើច​សរសើរ​ដោយ​និយាយ​ថា « ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​នេះ​ចេះ​គម្ពីរ​ដូច្នេះ ពីព្រោះ​គាត់​មិន​ដែល​រៀនសូត្រ​សោះ ? » ហេតុអ្វី​ការបង្រៀន​របស់​ទ្រង់​មាន​ឥទ្ធិពល​ខ្លាំង​ម៉្លេះ ? ព្រះអង្គសង្គ្រោះ​បាន​ពន្យល់​ថា « សេចក្តី​ដែល​ខ្ញុំ​បង្រៀន​នេះ​មិនមែន​ជា​របស់ខ្ញុំ​ទេ គឺជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ » ( យ៉ូហាន ៧:១៥–១៦ ) ។ គោលលទ្ធិ​គឺ​ជា​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច—ដែល​មាន​នៅក្នុង​ព្រះគម្ពីរ និង​ប្រសាសន៍​នៃ​ពួកព្យាការី​ថ្ងៃ​ចុង​ក្រោយ—ដែល​បង្ហាញ​យើង​អំពី​របៀប ដើម្បី​ប្រែក្លាយ​ដូច​ជា​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌​របស់​យើង ហើយ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។ ដោយ​មិន​គិត​ពី​បទពិសោធន៍​ដែល​អ្នក​មាន​ក្នុង​នាម​ជា​គ្រូបង្រៀន នោះ​អ្នក​អាច​បង្រៀន​ដោយ​អនុភាព ដូច​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន តាមរយៈ​ការបង្រៀន​គោលលទ្ធិ​របស់​ព្រះវរបិតា ។ អ្នក និង​អស់​អ្នក​ដែល​អ្នក​បង្រៀន​នឹង​ស្ងើច​ចំពោះ​ពរជ័យ​ដែល​ព្រះ​បាន​ប្រទាន​មក នៅពេល​ការបង្រៀន និង​ការរៀន​សូត្រ​របស់​អ្នក​ផ្អែក​ទៅលើ​ព្រះបន្ទូល​របស់​ទ្រង់ ។

ដើម្បី​បង្រៀន​គោលលទ្ធិ

  • រៀន​គោលលទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ខ្លួន​ឯង ។

  • បង្រៀន​ចេញ​មក​ពី​ព្រះគម្ពីរ និង​ប្រសាសន៍​នៃ​ព្យាការី​ថ្ងៃ​ចុងក្រោយ ។

  • ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​យល់​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ ។

  • ផ្តោត​លើ​សេចក្តីពិត​ដែល​ដឹកនាំ​ទៅ​រក​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • ជួយ​សិស្ស​ឲ្យ​ស្វែងរក​ភាពជាប់​ទាក់ទង​ផ្ទាល់​ខ្លួន​នៅក្នុង​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។

ព្រះអង្គ​សង្គ្រោះ​បាន​រៀន​គោលលទ្ធិ

វា​ហាក់​ដូចជា​ច្បាស់​ថា ព្រះអង្គសង្គ្រោះ​បាន​រៀន​មក​ពី​ព្រះគម្ពីរ​នៅក្នុង​យុវវ័យ​របស់​ទ្រង់ នៅពេល​ទ្រង់​បាន​កាន់​តែ​ធំ « ប្រកប​ដោយ​ប្រាជ្ញា … ​ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ » ( លូកា ២:៥២ ) ។ ការយល់ដឹង​ដ៏​ជ្រាលជ្រៅ​របស់​ទ្រង់​អំពី​គោលលទ្ធិ​របស់​ព្រះវរបិតា​បាន​ប្រែ​ជា​ជាក់ស្តែង នៅពេល​មាតាបិតា​របស់​ទ្រង់​បាន​រក​ទ្រង់​ឃើញ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​តាំងពី​ទ្រង់​នៅ​ក្មេង កំពុង​បង្រៀន​ពួក​គ្រូ​សាសន៍​យូដា និង​ឆ្លើយ​សំណួរ​របស់​ពួកគេ ( សូមមើល ការបកប្រែ​យ៉ូសែប ស៊្មីធ លូកា ២:៤៦ [ នៅក្នុង លូកា ២:៤៦  ] ) ។ ក្រោយ​មក ពេល​សាតាំង​បាន​បង្ហាញ​ទ្រង់​នូវ​ការល្បួង​ដ៏​ខ្លាំង​ក្លា​នៅក្នុង​ទីរហោស្ថាន នោះ​ចំណេះ​ដឹង​របស់​ព្រះយេស៊ូវ​អំពី​គោលលទ្ធិ​នៅក្នុង​ព្រះគម្ពីរ បាន​ជួយ​ទ្រង់​ឲ្យ​ទប់ទល់​នឹង​ការល្បួង​នោះ​ ( សូមមើល លូកា ៤:៣–១២ ) ។

អ្នក​ក៏​អាច​ស្វែងរក​ការរៀន​សូត្រ​អំពី​គោលលទ្ធិ​ពិត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ផងដែរ ពីមុន​អ្នក​បង្រៀន​គោលលទ្ធិនោះ ។ នៅពេល​អ្នក​រៀបចំ​ខ្លួន​ដើម្បី​បង្រៀន និង​រៀន​ជាមួយ​អ្នកដទៃ សូម​រក​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល អំពី​សេចក្តីពិត​ដែល​អ្នក​កំពុង​បង្រៀន ។​ សូម​ស្រាវជ្រាវ​ខគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​នៅរស់​សម្រាប់​ការពន្យល់ និង​ការទូន្មាន ។ ការរស់នៅ និង​ការអនុវត្ត​សេចក្តីពិត​ដែលអ្នក​សិក្សា​នឹង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​បង្រៀន​អ្នក​នូវ​គោលលទ្ធិ ក្នុង​របៀប​មួយ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ និង​ដើម្បី​បញ្ជាក់​ពី​ភាព​ពោរពេញ​នៃ​សេចក្តី​ពិត​របស់​គោលលទ្ធិ នៅក្នុង​ចិត្ត​នៃ​អស់​អ្នក​ដែល​អ្នក​បង្រៀន ។

សំណួរ​ពិចារណា ៖ ហេតុអ្វី​វា​សំខាន់​ដើម្បី​យល់​សេចក្តីពិត​នៃ​ដំណឹងល្អ​សម្រាប់​ខ្លួន​ឯង ? តើ​អ្នក​បាន​ទទួល​ការយល់​ដឹង​កាន់តែស៊ីជម្រៅ​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អតាម​របៀប​ណា ? តើ​អ្នក​ទទួល​បាន​ការបំផុសគំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដើម្បី​កែលម្អ​ការសិក្សាព្រះ​គម្ពីរ​របស់​អ្នក និង​ប្រសាសន៍​របស់​ពួក​ព្យាការី​នៅរស់ ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ សុភាសិត ៧:១–៣; នីហ្វៃ​ទី ២ ៤:១៥–១៦; គោលលទ្ធិ និង​សេចក្តីសញ្ញា ១១:២១; ៨៨:១១៨

ព្រះអម្ចាស់​បាន​បង្រៀន​ចេញ​ពី​ព្រះគម្ពីរ

បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​សុគត សិស្ស​របស់​ទ្រង់​ពីរ​នាក់​បាន​ដើរ​បណ្តើរ និង​ជជែក​គ្នា​បណ្តើរ​ដោយ​មាន​លាយ​ឡំ​ជាមួយ​ការ​កើត​ទុក្ខ និង​ក្តី​ភ្ញាក់​ផ្អើល​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ។ តើ​ពួកគេ​អាច​យល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច ? ព្រះយេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ជា​មនុស្ស​ដែល​ពួកគេ​បាន​ទុកចិត្ត ដើម្បី​ធ្វើ​ជា​អង្គ​ប្រោសលោះ​របស់​ពួកគេ បាន​សុគត​អស់​រយៈពេល​បីថ្ងៃ​ហើយ​មក​ទល់​ពេលនេះ ។ ហើយ​ក្រោយ​មក​មាន​គេ​រាយការណ៍​ថា ផ្នូរ​របស់​ទ្រង់​នៅ​ទទេ​ស្អាត ដោយ​មាន​ទេវតា​បាន​ប្រកាស​ថា ទ្រង់​បាន​មាន​ព្រះជន្មរស់​ឡើង​វិញ​ហើយ ។ នៅ​គ្រា​ដ៏​សំខាន់នេះ​នៅក្នុង​សេចក្តីជំនឿ​របស់​ពួក​សិស្ស​ទាំង​នេះ នោះ​មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​បានចូលរួម​ធ្វើ​ដំណើរ​ជា​មួយ​ពួក​គេ ។ ទ្រង់​បាន​ទូន្មាន​ពួក​គេ​ដោយ « ​ស្រាយ​ន័យ [ សេចក្តី ] ​ដែល​តម្រូវ​ដល់ [ ព្រះអង្គសង្គ្រោះ ] ពី​ក្នុង​គម្ពីរ​ទាំងឡាយ​ឲ្យ​គេ​ស្តាប់ » ។ ទីបំផុត​អ្នក​ធ្វើ​ដំណើរ​នោះ​បាន​ដឹង​ថា គ្រូបង្រៀន​របស់​ពួកគេ​គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ​ផ្ទាល់ ហើយ​ទ្រង់​ពិតជា​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន ។ តើ​ពួកគេ​បាន​ស្គាល់​ទ្រង់​ដោយ​របៀបណា ? ក្រោយ​មក​ពួកគេ​បាន​សញ្ជឹង​គិត​ថា « តើ​យើង​មិន​មាន​សេចក្តី​ខ្មួលខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល​នឹង​យើង ហើយ​សម្តែង​ពី​គម្ពីរ​តាម​ផ្លូវ​នោះ​ទេ​ឬ​អី ? » ( លូកា ២៤:២៧, ៣២ ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « គោលបំណង​សំខាន់​នៃ​ព្រះគម្ពីរ​ទាំងអស់​គឺ​ដើម្បីបំពេញ​ព្រលឹង​របស់​យើង​ជាមួយ​នឹង​សេចក្តីជំនឿ​លើ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ » ( « The Blessing of Scripture » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ ) ។ ពេញក្នុង​ការងារ​បម្រើ​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រើ​បទគម្ពីរ​ដើម្បី​បង្រៀន កែប្រែ និង​បំផុស​គំនិត​អ្នក​ដទៃ​ទៀត ។ សូម​ប្រាកដ​ថា ការបង្រៀន​របស់​អ្នក​មិន​ងាក​ចេញ​ឆ្ងាយ​ពី​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ឡើយ ។ នៅពេលអ្នក​ពឹង​ផ្អែក​លើ​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ស្មោះត្រង់​ក្នុង​ការបង្រៀន​របស់​អ្នក នោះ​អ្នក​អាច​ធ្វើ​នូវ​អ្វីៗ​សម្រាប់​អ្នកដទៃ ដូច​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដែរ ។ អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ស្គាល់ទ្រង់ ដ្បិត​យើង​ទាំងអស់​គ្នា​ត្រូវ​ការសេចក្តីជំនឿ​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ ។ សេចក្តីស្រឡាញ់​របស់​អ្នក​សម្រាប់​បទគម្ពីរ​នឹងក្លាយ​ជា​ភស្តុតាង​ជាក់​ស្តែង​ដល់​អស់​អ្នក​ដែល​អ្នក​បង្រៀន ហើយ​ការបង្រៀន​របស់​អ្នក​នឹង​អញ្ជើញ​ព្រះវិញ្ញាណ មក​បណ្តាល​ឲ្យ​ដួង​ចិត្ត​របស់​ពួកគេ​ខ្មួលខ្មាញ់​ជាមួយ​នឹង​ទីបន្ទាល់​មួយ​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ។

សំណួរ​ពិចារណា ៖ តើ​អ្នក​ធ្លាប់​បាន​ទទួល​ឥទ្ធិពល​ពី​គ្រូបង្រៀន​ដែល​ប្រើ​បទ​គម្ពីរ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះអង្គសង្គ្រោះ​កាន់តែ​ច្បាស់​យ៉ាង​ដូចម្តេច ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ពឹង​ផ្អែក​កាន់តែ​ខ្លាំង​លើ​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​នៅពេល​អ្នក​បង្រៀន​នោះ ? តើ​អ្នក​អាច​ជួយ​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​ស្គាល់ និង​ស្រឡាញ់​ព្រះបន្ទូល​របស់​ព្រះ​ដោយ​របៀប​ណា ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ លូកា ៤:១៤–២១; អាលម៉ា ៣១:៥; ហេលេមិន ៣:២៩–៣០;នីហ្វៃ​ទី ៣ ២៣

ព្រះអង្គសង្គ្រោះ​បាន​ជួយ​មនុស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​យល់​សេចក្តីពិត

មាន​គ្រា​មួយ​អ្នក​ច្បាប់​ម្នាក់​បាន​សួរ​ព្រះយេស៊ូវ​ថា « ឱ​លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្តេច​ឲ្យ​បាន​ជីវិត​រស់​អស់​កល្ប​ជានិច្ច ? » នៅក្នុង​ការឆ្លើយ​តប​ ព្រះអង្គសង្គ្រោះ​បាន​ណែនាំ​អ្នក​សួរ​សំណួរ​នោះ​ទៅ​រក​បទគម្ពីរ ៖ « ក្នុង​ក្រឹត្យវិន័យ​តើ​មាន​កត់​ទុក​យ៉ាង​ដូចម្តេច​ខ្លះ ? តើ​អ្នក​មើល​យល់​ដូចម្តេច ? » ការណ៍​នេះ​មិន​គ្រាន់តែ​បាន​នាំ​បុរស​នោះឲ្យ​ទទួល​ចម្លើយ​របស់គាត់​គឺ—« ត្រូវ​ស្រឡាញ់​ដល់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង … អ្នក​ជិត​ខាង » នោះ​ទេ—ប៉ុន្តែ​ក៏​បាន​ដឹកនាំ​គាត់​ទៅ​ដល់​សំណួរ​តាមដានថា ៖ « ហើយ​តើ​នរណា​ខ្លះ​ជា​អ្នក​ជិតខាង​របស់​ខ្ញុំ ? » ផងដែរ ។ ព្រះអង្គសង្គ្រោះ​បាន​ឆ្លើយ​សំណួរ​នេះ​ជាមួយ​រឿង​ប្រៀប​ប្រដូច​មួយ អំពី​បុរស​បី​នាក់​ដែល​បាន​ឃើញ​អ្នក​ធ្វើ​ដំណើរ​ដូច​គ្នា​ម្នាក់​ត្រូវការ​ជំនួយ ។ មាន​តែ​បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងបី​នាក់​នោះ​ប៉ុណ្ណោះ​គឺ​សាសន៍​សាម៉ារី ដែល​ពួកសាសន៍​យូដា​ស្អប់​ខ្ពើម ដោយ​សារ​មក​ពី​កន្លែង​ដែល​គាត់​ចេញ​មក​នោះ បាន​ឈប់​ហើយ​ជួយ ។ បន្ទាប់​មក​ព្រះយេស៊ូវ​បាន​អញ្ជើញ​អ្នក​ច្បាប់​នោះ​ឲ្យ​ឆ្លើយ​សំណួរ​ផ្ទាល់​ខ្លួន​គាត់ ដោយ​សួរ​ថា ៖ « ដូច្នេះ​ក្នុង​បី​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស​នោះ ? » ( សូមមើល លូកា ១០:២៥–៣៧ ) ។

ហេតុអ្វី​អ្នកគិតថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​តាម​របៀប​នេះ—ឆ្លើយ​តប​សំណួរ​ដោយ​មាន​ការអញ្ជើញ​ឲ្យ​ស្រាវជ្រាវ ពិចារណា និង​ស្វែងរក ? ផ្នែក​នៃ​ចម្លើយ​នោះ​គឺថា ព្រះអម្ចាស់​ឲ្យ​តម្លៃលើ​កិច្ចខិតខំ​នៃ​ការស្វែងរក​សេចក្តីពិត ។ ទ្រង់​បាន​អញ្ជើញ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ « ចូរ​រក នោះតែង​នឹង​ឃើញ » ( សូមមើល​ឧទាហរណ៍ ម៉ាថាយ ៧:៧; លូកា ១១:៩; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤:៧ ) ។ ទ្រង់​ប្រទាន​រង្វាន់​ដល់​សកម្មភាព​នៃ​សេចក្តីជំនឿ និង​ភាពអត់ធ្មត់​របស់​អ្នក​ស្វែងរក ។

ដូច​ជា​ព្រះអង្គសង្គ្រោះដែរ អ្នក​អាច​ជួយ​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​ទទួល​ស្គាល់ និង​យល់​ពី​សេចក្តីពិត ។ ឧទាហរណ៍​ព្រះគម្ពីរ​មាន​ពេញ​ដោយ​សេចក្តីពិត​នៃ​ដំណឹងល្អ ប៉ុន្តែ​ជួនកាល​វាតម្រូវ​ឲ្យ​មាន​ការខិតខំ​ប្រកប​ដោយ​ស្មារតី​ស្វែងរក​សេចក្តីពិត​នោះ ។ នៅពេល​អ្នក​កំពុង​រៀន​ជាមួយ​គ្នា​ពី​បទគម្ពីរ សូម​ឈប់ ហើយ​សួរ​អស់​អ្នក​ដែល​អ្នក​បង្រៀន​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ​អ្វី​ខ្លះដែល​ពួកគេ​កត់សម្គាល់​ឃើញ ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញពី​របៀប​ដែល​សេចក្តីពិត​ទាំង​នេះ​ជាប់​ទាក់ទង​នឹង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។ ជួនកាល​សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច​បាន​ចែង​នៅក្នុង​បទគម្ពីរ ហើយ​ជួនកាល​វា​បាន​បង្ហាញ​នៅក្នុង​រឿង និង​ជីវិត​មនុស្ស​ដែល​យើង​បាន​អាន ។ វា​អាច​មាន​ប្រយោជន៍ ដើម្បី​ឈ្វេងយល់​ជាមួយ​គ្នា​អំពី​ប្រវត្តិសាស្ត្រ​នៃ​ខគម្ពីរ​ដែល​អ្នក​កំពុង​អាន ព្រម​ទាំង​អត្ថន័យ​នៃ​ខគម្ពីរ​ទាំង​នោះ និង​របៀប​ដែល​វា​អនុវត្ត​ចំពោះ​ពួកយើង ។

សំណួរ​ពិចារណា ៖ តើ​អ្នក​រក​សេចក្តីពិត​អស់​កល្ប​ជានិច្ច​នៅក្នុង​ខគម្ពីរ ឬ​ប្រសាសន៍​របស់​ពួកព្យាការី​ដែល​កំពុង​នៅរស់​ដូចម្តេច ? តើ​សេចក្តីពិត​ទាំង​នោះ​កំពុង​ផ្តល់​ពរ​ដល់​ជីវិត​របស់​អ្នក​ដោយ​របៀបណា ? តើ​មាន​របៀប​ណា​ខ្លះ​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​ស្គាល់ និង​យល់​ពី​សេចក្តី​ពិត​ដែល​នឹង​ផ្តល់​អត្ថន័យ​ដល់​ពួកគេ ហើយ​នាំ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ យ៉ូហាន ៥:៣៩; នីហ្វៃ​ទី ១ ១៥:១៤; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២:១២

រូបភាព
កុមារី​កំពុង​សិក្សា

យើង​អាច​ជួយ​អស់​អ្នក​ដែល​យើង​បង្រៀន​ឲ្យ​ស្វែងរក និង​ទទួល​ស្គាល់​សេចក្តីពិត​សម្រាប់​ពួកគេ ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​សេចក្តីពិត​ដែល​នាំ​ទៅ​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្តី​ជំនឿ

នៅ​ថ្ងៃ​ឈប់​សម្រាក​មួយ ព្រះអង្គសង្គ្រោះ និង​ពួកសិស្ស​របស់​ទ្រង់​បាន​ដើរ​កាត់​វាល​ស្រែ ​ដោយឃ្លាន​អាហារ ហើយ​ពួក​សិស្ស​ទ្រង់​តាំង​ចាប់​បូត​គួរ​ស្រូវ​ហូប ។ ពួក​ផារិស៊ី​តែងតែ​ចង់​គូស​បញ្ជាក់​អំពី​ចំណុច​ពិសេស​នៃក្រឹត្យ​វិន័យ​ម៉ូសេ ដោយ​បាន​ចង្អុល​បង្ហាញ​ថា ការចាប់​បូត​គួរ​ស្រូវ​គឺ​តាម​លក្ខណៈ​បច្ចេកទេស​វា​ជា​ទម្រង់​មួយ​នៃ​ការធ្វើការងារ ដែល​វា​ត្រូវបាន​ហាម​ឃាត់​នៅ​ថ្ងៃ​ឈប់​សម្រាក ( សូមមើល ម៉ាកុស ២:២៣–២៤ ) ។ បើ​ប្រើ​ឃ្លា​របស់​ព្យាការី​យ៉ាកុប​នៅក្នុង​ព្រះគម្ពីរ​មរមន នោះ​ពួកផារិស៊ីគឺ « មើល​ហួស​ទីដៅ » ( យ៉ាកុប ៤:១៤ ) ។ ម្យ៉ាង​វិញ​ទៀត ពួកគេ​ផ្តោត​ចិត្ត​ទុកដាក់​ខ្លាំង​ទៅ​លើការបកស្រាយ​តាម​ប្រពៃណី​អំពី​បទបញ្ញត្តិ​នានា ដែល​ពួកគេ​ភ្លេច​ពី​គោលបំណង​ដ៏​ទេវភាព​នៃ​បទបញ្ញត្តិ​ទាំង​នោះ—ដើម្បី​នាំ​យើង​ខិត​កាន់តែ​ជិត​ព្រះ ។ ប្រាកដ​ណាស់ ពួក​ផារិស៊ី​ពុំ​ទាំង​បាន​ដឹង​ថា អង្គ​ដែល​ប្រទាន​បទបញ្ញត្តិ​ឲ្យ​គោរព​ដល់​ថ្ងៃ​ឈប់​សម្រាក​នោះ កំពុង​គង់​នៅ​ចំពោះ​មុខ​ពួកគេ​ឡើយ ។

ព្រះអង្គសង្គ្រោះ​បាន​យក​ឱកាស​នោះ​ថ្លែង​ទីបន្ទាល់​អំពី​អត្តសញ្ញាណ​នៃ​ភាព​ជា​ព្រះ​របស់​ទ្រង់ ហើយ​បង្រៀន​អំពី មូលហេតុ ដែល​ថ្ងៃ​ឈប់​សម្រាក​សំខាន់ ។ ថ្ងៃ​ឈប់​សម្រាក​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​យើង ទុក​ជា​ថ្ងៃ​មួយ​ដើម្បី​ថ្វាយ​បង្គំ​ព្រះអម្ចាស់​នៃ​ថ្ងៃ​ឈប់​សម្រាក​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់​តែ​ម្តង ( សូមមើល ម៉ាកុស ២:២៧–២៨ ) ។ សេចក្តីពិត​បែប​នោះ​ជួយ​យើង​ឲ្យ​យល់​ថា បទបញ្ញត្តិ​របស់​ព្រះ​គឺ​វា​លើស​ពី​ឥរិយាបថ​ខាង​ក្រៅ​របស់​យើង​ទៅ​ទៀត ។ បទបញ្ញត្តិ​គឺ​ជួយ​យើង​ផ្លាស់ប្តូរ​ដួងចិត្ត​យើង ហើយប្រែជា​កាន់តែ​ប្រែចិត្ត​ជឿ​ពេញលេញ ។

សូម​ពិចារណា​ដោយ​យកចិត្ត​ទុកដាក់​អំពី​គោលលទ្ធិ និង​គោលការណ៍​ដែល​អ្នក​សម្រេច​ចិត្ត​ផ្តោត​លើ ។ ខណៈ​ដែល​មាន​សេចក្តីពិត​ជា​ច្រើន​នៅក្នុង​ខគម្ពីរ​ដែល​អាច​យក​មកពិភាក្សា​ក្តី វា​ជា​ការល្អ​បំផុត​ដើម្បី​ផ្តោត​លើ​សេចក្តីពិត​នៃ​ដំណឹងល្អ​ដែល​ដឹកនាំ​ទៅរក​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីពិត​សាមញ្ញ សេចក្តីពិត​ជា​មូលដ្ឋាន​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន និង​ធ្វើ​ជា​គំរូ​ដ៏​មាន​អនុភាព​ខ្លាំង​ក្លា​បំផុត​ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកយើង—គឺ​ជា​សេចក្តីពិត​អំពី​ដង្វាយធួន​របស់​ទ្រង់ ផែនការ​នៃ​សេចក្តី​សង្គ្រោះ បទបញ្ញត្តិ​ដើម្បី​ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង​ជាដើម ។ អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​ទាំងនេះ ដោយ​ការជួយ​ឲ្យ​សេចក្តី​ពិត​ទាំងឡាយ​នោះ​ចូល​ទៅកាន់​ដួងចិត្ត​នៃ​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​កាន់តែ​ស៊ីជម្រៅ ។

សំណួរ​ពិចារណា ៖ តើ​មាន​សេចក្តីពិត​ណា​ខ្លះ​នៃ​ដំណឹង​ល្អ​ដែល​បាន​ជួយ​អ្នក​ឲ្យ​កាន់តែ​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​សេចក្តីជំនឿ​លើ​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ? តើ​គ្រូបង្រៀន​ម្នាក់​បានជួយ​អ្នក​ឲ្យ​ផ្តោត​លើ​សេចក្តីពិត​ដ៏​ចាំបាច់​បំផុត​នៃ​ដំណឹងល្អ​យ៉ាង​ដូចម្តេច ? តើ​អ្នក​អាច​បង្រៀន​អ្វី​ខ្លះ ដែល​នឹង​ជួយ​អ្នក​ដទៃ​កាន់តែ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ នីហ្វៃ​ទី ២ ២៥:២៦; នីហ្វៃ​ទី ៣ ១១:៣៤–៤១; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:៣១–៣២; ៦៨:២៥–២៨; ១៣៣:៥៧; ម៉ូសេ ៦:៥៧–៦២

ព្រះអង្គសង្គ្រោះ​បាន​ជួយ​មនុស្ស​ឲ្យ​ស្វែងរក​គារវភាព​ផ្ទាល់​ខ្លួន​នៅ​ក្នុង​គោលលទ្ធិ​របស់​ទ្រង់

នោះ​ពួក​ផារិស៊ី​បាន​ឌុកដាន់​អំពី​ព្រះយេស៊ូវ​ថា « អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង »—ដោយ​ថ្លែង​បញ្ឆិតបញ្ឆៀង​ថា ឥរិយាបថ​នេះ​មិន​សមរម្យ​សម្រាប់​គ្រូ​បង្រៀន​ខាង​វិញ្ញាណ​ទេ ( លូកា ១៥:២ ) ។ ព្រះយេស៊ូវ​បាន​ឃើញថា នេះ​គឺ​ជា​ឱកាស​មួយ​ដើម្បី​បង្រៀនពួកគេ​នូវ​សេចក្តីពិត​ខាង​វិញ្ញាណ​មួយ​ចំនួន​ឲ្យ​កាន់តែ​ស៊ីជម្រៅ ។ តើទ្រង់​ធ្វើ​បែប​នេះ​ដោយ​របៀបណា ? តើ​ទ្រង់​បាន​ជួយ​ពួកផារិស៊ី​ឲ្យ​ឃើញ​ថា នោះ​គឺ​មក​ពី​ចិត្ត​របស់​ពួកគេ—មិន​មែន​ព្រះទ័យ​របស់​ទ្រង់​ទេ—ដែល​មិន​បរិសុទ្ធ ហើយ​ត្រូវការ​ការព្យាបាល​ដោយ​របៀប​ណា ? តើ​ទ្រង់​បាន​ប្រើ​គោលលទ្ធិ​របស់​ទ្រង់ ដើម្បី​បង្ហាញ​ពួកគេ​ថា គំនិត និង​ឥរិយាបថ​របស់​ពួកគេ​ត្រូវតែ​ផ្លាស់ប្តូរ​ដោយ​របៀប​ណា ?

ទ្រង់​ធ្វើ​ដូច​នេះ​តាម​រយៈ​ការមាន​ព្រះបន្ទូល​ទៅ​កាន់​ពួកគេ​អំពី​ចៀម​មួយ​ដែល​វង្វេង​ចេញ​ពី​ហ្វូង​ចៀម និង​ប្រាក់​កាក់​មួយ​ដែល​បាន​បាត់ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​អំពី​កូនប្រុស​បះបោរ​ម្នាក់​ដែល​បាន​ស្វែងរក​ការអភ័យ​ទោស និង​បាន​ថ្លែង​អំពី​បងប្រុស​ដែល​បដិសេធ​មិន​ទទួល​ប្អូន​ប្រុស​ខ្លួន ឬ​បរិភោគ​ជាមួយ​គាត់ ។ រឿង​ប្រៀប​ប្រដូច​នីមួយៗ​ទាំង​នេះ​មាននូវ​សេចក្តីពិត​ដែល​ទាក់ទង​នឹង​របៀប​ដែល​ពួកផារិស៊ី​មាន​ទស្សនៈ​ចំពោះ​មនុស្ស​ដទៃ ដោយ​បង្រៀន​ពួកគេ​ថា គ្រប់​ព្រលឹង​ទាំងអស់​គឺ​មាន​តម្លៃ​មហិមា​ណាស់ ( សូមមើល លូកា ១៥ ) ។ ព្រះអង្គសង្គ្រោះ​ពុំ​បាន​ប្រាប់​ពួក​ផារិស៊ី​—ឬ​ពួកយើង​ណា​ម្នាក់—អំពី​បុគ្គល​ដែល​ត្រូវ​កំណត់​អត្តសញ្ញាណ​នៅក្នុង​រឿង​ប្រៀប​ប្រដូច​របស់ទ្រង់​ឡើយ ។ ជួនកាលយើង​គឺ​ជា​ឪពុក​ដែល​យកចិត្ត​ទុកដាក់​នោះ ។ ជួនកាល​យើង​គឺ​ជា​បងប្អូន​ដែល​មានចិត្ត​ច្រណែន​នោះ ។ ជារឿយៗ​ពួកយើង​គឺ​ជា​ចៀម​ដែល​វង្វេង ​ឬ​កូន​ប្រុស​ល្ងីល្ងើ​នោះ ។ ប៉ុន្តែ​មិន​ថា​កាលៈទេសៈ​យើង​មាន​ស្ថានភាព​បែប​ណា​នោះ​ទេ តាមរយៈ​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​អញ្ជើញ​ពួកយើង​ឲ្យ​ស្វែងរក​ភាព​ជាប់​ទាក់ទង​នៅក្នុង​ការបង្រៀន​របស់​ទ្រង់—ដើម្បី​ស្វែងរក​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ពួកយើង​រៀន និង​អ្វី​ដែល​យើង​អាច​ត្រូវ​តែ​ផ្លាស់ប្តូរ​នៅក្នុង​គំនិត និង​ឥរិយា​បថ​ផ្ទាល់​របស់​យើង ។

អ្នក​អាច​កត់​សម្គាល់​ឃើញ​ថា សិស្ស​ខ្លះ​ពុំ​បាន​យល់​ឃើញ​ថា ហេតុអ្វី​សេចក្តីពិត​មួយ​ចំនួន​សំខាន់​ចំពោះ​ពួកគេ​ទេ ។ នៅពេលអ្នក​ពិចារណា​អំពី​តម្រូវការ​នៃ​អស់​អ្នក​ដែល​អ្នក​បង្រៀន សូម​គិត​អំពី​របៀប​ដែល​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ​អាច​មាន​អត្ថន័យ និង​ប្រយោជន៍​នៅ​ក្នុង​កាលៈទេសៈ​របស់​ពួកគេ ។ របៀប​មួយ​ដែល​អ្នកអាច​ជួយ​សិស្ស​ឲ្យ​ឃើញ​ភាព​ជាប់ទាក់ទង​គ្នា អំពី​សេចក្តីពិត​ដែល​ពួកគេ​កំពុង​ស្វែងរក​នោះ គឺ​តាមរយៈ​ការសួរ​សំណួរ​ដូចជា « តើ​សេចក្តីពិត​នេះ​អាច​ជួយ​អ្នក​ជាមួយ​អ្វី​ដែល​អ្នក​កំពុង​ដក​ពិសោធ​ឥឡូវ​នេះ​យ៉ាង​ដូចម្តេច ? » « ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​អ្នក​ដើម្បី​ដឹង​រឿង​នេះ ? » « តើ​សេចក្តីពិត​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​អ្វី​ខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក ? » ស្ដាប់​ដល់​អស់​អ្នក​ដែល​អ្នក​បង្រៀន ។ អនុញ្ញាត​ឲ្យ​ពួកគេ​សួរ​សំណួរ ។ លើក​ទឹកចិត្ត​ពួកគេឲ្យ​ភ្ជាប់​ទំនាក់ទំនង​រវាង​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ និង​ជីវិត​ផ្ទាល់​របស់​ពួកគេ ។ អ្នក​ក៏​អាច​ចែក​ចាយ​អំពី​របៀប​ដែល​អ្នក​បាន​រកឃើញ​ភាព​ជាប់ទាក់ទង​គ្នា ទៅ​នឹង​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅក្នុង​អ្វី​ដែល​អ្នក​កំពុង​បង្រៀន​ផង​ដែរ ។ ការធ្វើ​បែប​នេះ​អាច​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​បង្រៀន​សិស្ស​ម្នាក់ៗ​ផ្ទាល់​ខ្លួន នូវ​របៀប​ដែល​គោលលទ្ធិ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សំណួរ​ពិចារណា ៖ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​សេចក្តីពិត​នៃ​ដំណឹងល្អ​មាន​អត្ថន័យ និង​មាន​ប្រយោជន៍​ចំពោះ​អ្នក ? តើ​មាន​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​រកឃើញ​ភាព​ជាប់​ទាក់ទង​ផ្ទាល់​ខ្លួន នៅពេល​អ្នក​សិក្សា​ដំណឹងល្អ​នោះ ? តើ​អ្នក​កំពុង​ធ្វើ​អ្វី​ដើម្បី​ផ្តោតយកចិត្ត​ទុកដាក់​លើ​សេចក្តីពិត​ដែល​ទាក់ទង​នឹង​អស់​អ្នក​ដែល​អ្នក​បង្រៀន ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ នីហ្វៃ​ទី ១ ១៩:២៣; នីហ្វៃ​ទី ២ ៣២:៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៣:៧–៩

របៀប​មួយ​ចំនួន​ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​កំពុង​រៀន

  • វាយតម្លៃ​អំពី​អ្វី​ដែល​អ្នក​កំពុង​បង្រៀន​ដើម្បី​ប្រាកដ​ថា អ្នក​កំពុង​បង្រៀន​គោលលទ្ធិ​ពិត ។ សំណួរ​ទាំង​នេះ​អាច​ជួយ​បាន ៖

    • តើ​អ្វី​ដែល​ខ្ញុំ​កំពុង​ដាក់​ផែនការ​បង្រៀន​មាន​នៅក្នុង​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ថ្ងៃ​ចុងក្រោយ​ដែរ​ឬទេ ?

    • តើ​មាន​ព្យាការី​ច្រើន​រូប​ទេ​ដែល​បាន​បង្រៀន​សេចក្តីពិត​នេះ ? តើ​ថ្នាក់ដឹកនាំ​សាសនាចក្រ​បច្ចុប្បន្ន​នេះកំពុង​បង្រៀន​អ្វីខ្លះ​អំពី​សេចក្តីពិតនេះ ?

    • តើ​សេចក្តីពិត​នេះ​នឹង​ជួយ​អ្នកដទៃ​ទៀត​ឲ្យ​ស្ថាបនា​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត និង​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ដូចម្តេច ?

    • តើ​សេចក្តីពិត​នេះ​ស្រប​ទៅ​នឹង​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ឬ​ក៏​ខ្ញុំមាន​អារម្មណ៍​ទាស់​ចិត្ត​ខាងវិញ្ញាណ​អំពី​សេចក្តីពិត​នេះ ?

  • សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​រាល់​ថ្ងៃ ដើម្បី​រៀន​អំពី​គោលលទ្ធិ​ពិត​សម្រាប់​ខ្លួន​ឯង ។

  • សូម​ឲ្យ​សិស្ស​អាន​ព្រះ​គម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប​នៅពេល​អ្នក​បង្រៀន ។

  • បង្រៀន​សិស្ស​អំពី​របៀប​ប្រើ​លេខ​យោង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ និង​ធនធាន​ផ្សេង​ទៀត នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ ។

  • អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​សេចក្តីពិត​នៅក្នុង​វគ្គ​បទគម្ពីរ ឬ​រឿង​ណាមួយ ។

  • ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល​អ្នក​បាន​ស្គាល់​គោលលទ្ធិ​នោះ​ថា​ពិត ។

  • ប្រើ​រឿង ឬ​រឿង​ប្រៀបធៀប ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​ការ​យល់​ដឹង​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ។

បោះពុម្ព