ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
យោបល់​នានា​សម្រាប់​មជ្ឈដ្ឋាន​បង្រៀន​ផ្សេងៗ និង​សិស្ស​ចម្រុះ


« យោបល់​នានា​សម្រាប់​មជ្ឈដ្ឋាន​បង្រៀន​ផ្សេងៗ និង​សិស្ស​ចម្រុះ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ ២០២២ )

« យោបល់​នានា​សម្រាប់​មជ្ឈដ្ឋាន​បង្រៀន​ផ្សេងៗ និង​សិស្ស​ចម្រុះ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ

បុរស​កំពុង​បង្រៀនគ្រួសារ

យោបល់​នានា​សម្រាប់​មជ្ឈដ្ឋាន​បង្រៀន​ផ្សេងៗ និង​សិស្ស​ចម្រុះ

គោលការណ៍​នៃ​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ​អាច​អនុវត្ត​បាន​ចំពោះ​ឱកាស​បង្រៀន​ណា​ក៏​បាន—នៅ​គេហដ្ឋាន នៅ​សាសនាចក្រ និង​កន្លែង​ផ្សេង​ទៀត ។ ប៉ុន្តែ​ឱកាស​នីមួយៗ​មាន​នូវ​កាលៈទេសៈ​ពិសេស​ផ្ទាល់​របស់​វា ។ វគ្គ​នេះ​ផ្តល់​យោបល់​បន្ថែម​ដែល​មាន​លក្ខណៈ​ជាក់លាក់​ចំពោះ​សិស្ស​ចម្រុះ និង​មជ្ឈដ្ឋាន​បង្រៀន​ផ្សេងៗ ។

គេហដ្ឋាន និងគ្រួសារ

គេហដ្ឋាន​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ការបង្រៀន និង​ការរៀន​សូត្រ​ដំណឹងល្អ

ប្រធាន រ័សុលអិម ណិលសុន បាន​បង្រៀន​ថា គេហដ្ឋាន​គប្បី​ជា​ « មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ​ដំណឹងល្អ » ( « Becoming Exemplary Latter-day Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ) ។ ការបង្រៀន​ដែល​ធ្វើ​ឡើង​នៅ​សាសនាចក្រ ឬ​ក្នុង​ថ្នាក់​សិក្ខា​សាលា​គឺ​មាន​តម្លៃ និង​ចាំបាច់ ប៉ុន្តែ​វា​មាន​បំណង​គាំទ្រ​ដល់​ការបង្រៀន​ដែល​ធ្វើ​ឡើង​នៅ​ឯ​គេហដ្ឋាន ។ មជ្ឈដ្ឋាន​ចម្បង—និង​មជ្ឈដ្ឋាន​ល្អ​បំផុត—សម្រាប់​ការរៀនសូត្រ​ដំណឹង​ល្អ​ទាំង​សម្រាប់​ខ្លួន​យើង និង​គ្រួសារ​យើង​គឺ​នៅ​ឯ​គេហដ្ឋាន​តែ​ម្តង ។

ប៉ុន្តែ​វា​ពុំ​មែនមានន័យ​ថា ការរៀន​សូត្រ​ដំណឹងល្អ​ដែល​ល្អប្រពៃ​នោះ​កើត​មាន​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ឯ​គេហដ្ឋាន​នោះ​ទេ វា​តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ​ប្រកប​ដោយ​មនសិការ ។ ប្រធាន ណិលសុន បាន​ផ្តល់​យោបល់​ថា អ្នក​អាច​ត្រូវការ « ផ្លាស់ប្រែ » ឬ « រៀបចំ​គេហដ្ឋាន​របស់​អ្នក »—ពុំមែន​ដោយ​ការរុះរើ​ជញ្ជាំង ឬ​បន្ថែម​កម្រាល​ឥដ្ឋ​ថ្មី​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ការវាយ​តម្លៃ​លើ​ស្មារតី​នោះ​ទាំងស្រុង​នៅក្នុង​គេហដ្ឋាន​របស់​អ្នក រួម​ទាំង​ការរួម​ចំណែក​របស់​អ្នក​ចំពោះ​ស្មារតី​នោះ ( « Becoming Exemplary Latter-day Saints » ទំព័រ ១១៣ ) ។ ឧទាហរណ៍ សូម​ពិចារណា​អំពី​តន្ត្រី វីដេអូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​នៅក្នុង​គេហដ្ឋាន​របស់​អ្នក រូបភាព​ព្យួរ​លើ​ជញ្ជាំង និង​របៀប​ដែល​សមាជិក​ក្នុង​គ្រួសារ​របស់​អ្នក​និយាយ​រក​គ្នា និង​ប្រព្រឹត្ត​ចំពោះ​គ្នា ។ តើ​ការធ្វើ​កិច្ចការ​ទាំង​នេះ​អញ្ជើញ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ? តើ​អ្នក​បាន​ទុក​ពេល​សម្រាប់ការ​រៀន​ដំណឹងល្អ​ដោយ​ផ្ទាល់ខ្លួន និង​ជាគ្រួសារ​ដែរ​ឬ​ទេ ? តើ​សមាជិក​គ្រួសារ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ សុវត្ថិភាព និង​ខិត​ជិត​ព្រះ​ដែរ​ឬ​ទេ នៅពេល​ពួកគេ​នៅក្នុង​គេហដ្ឋាន​របស់​អ្នក ?

អ្នក​អាច​គ្មាន​អារម្មណ៍​ថា អ្នក​បាន​គ្រប់​គ្រង​លើ​បរិយាកាស​ខាង​វិញ្ញាណ​នៅក្នុង​គេហដ្ឋាន​របស់​អ្នក ។ ប្រសិនបើ​នោះ​ជា​ករណី​របស់​អ្នក សូម​ធ្វើ​ជា​ឥទ្ធិពល​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​តាម និង​សូម​ជំនួយ​ពី​ព្រះអម្ចាស់ ។ ទ្រង់​នឹង​ទទួល​យក​កិច្ចខិតខំ​ដ៏​សុចរិត​របស់​អ្នក ។ នៅពេល​យើង​ព្យាយាម​បង្រៀន និង​រៀនសូត្រ​ដំណឹងល្អ ទោះបី​យើង​ពុំ​ឃើញ​មាន​លទ្ធផល​ដែលយើង​ចង់​បាន​ភ្លាមៗ​ក្តី ក៏​អ្នក កំពុង ទទួល​ជោគជ័យ​ដែរ ។

ការរៀនសូត្រ​នៅ​គេហដ្ឋាន​គឺ​ស្ថាបនា​ឡើង​នៅ​លើ​ទំនាក់ទំនង

« ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន » អនុវត្ត​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​សម្រាប់​ការបង្រៀន​ដំណឹងល្អ ប៉ុន្តែនៅក្នុង​គេហដ្ឋាន សេចក្តីស្រឡាញ់​គួរតែ​កើត​ឡើង​ដោយ​ធម្មជាតិ​ទាំងស្រុង ហើយ​សេចក្តីស្រឡាញ់​នោះ​ត្រូវបាន​ទទួល​យ៉ាង​ជ្រាលជ្រៅ​បំផុត ។ ទោះបី​ជា​គេហដ្ឋាន​របស់​អ្នក​មិនល្អ​ឥតខ្ចោះ​ក្តី ក៏​វា​ត្រូវ​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​ការបង្រៀន​ដំណឹងល្អ​ដែរ ដោយសារ​គេហដ្ឋាន​នោះហើយ ដែល​ទំនាក់ទំនង​យូរ​អង្វែង​បំផុត​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង ។ គ្រូបង្រៀន​នៅ​ខាង​ក្រៅ​គេហដ្ឋាន​អាច​មាន​បទពិសោធន៍ ឬ​ការបំពាក់បំប៉ន​យ៉ាង​ច្រើន​ក្នុង​នាម​ជា​គ្រូបង្រៀន ប៉ុន្តែ​ពួកគេ​មិន​អាច​ចម្លង​សក្តានុពល​សម្រាប់​ទំនាក់ទំនង​ដ៏​អស់​កល្ប​នៃ​សេចក្តីស្រឡាញ់​ដែល​មាន​នៅក្នុង​គេហដ្ឋាន​នោះបាន​ទេ ។ ដូច្នេះ​សូម​ចិញ្ចឹម​បីបាច់​ទំនាក់ទំនង​ទាំង​នោះ ។ សូម​ចំណាយ​ពេល​វេលា និង​ការខិតខំ​ដ៏​ចាំបាច់ ដើម្បី​ស្តាប់​សមាជិក​គ្រួសារ​របស់​អ្នក ហើយ​បង្កើត​ទំនុក​ចិត្ត និង​ការយល់​ដឹង​ជាមួយ​គ្នា ។ ការណ៍​នេះ​នឹង​ជួយ​បង្កើត​គ្រឹះ​ដ៏​រឹង​មាំ​មួយ​សម្រាប់​ការ​ប្រឹងប្រែង​របស់​អ្នក ដើម្បី​បង្រៀន និង​រៀនសូត្រ​ដំណឹងល្អ​នៅ​គេហដ្ឋាន ។

ការរៀនសូត្រ​នៅ​គេហដ្ឋាន​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដាក់​ផែនការ ប៉ុន្តែ​ក៏​អាចធ្វើឡើង​ដោយ​ចៃដន្យ​ផងដែរ

ថ្នាក់​រៀន​ភាគច្រើន​នៅ​សាសនាចក្រ​មាន​តែ​ម្តង​គត់​ក្នុង​មួយ​សប្តាហ៍ ដោយ​មាន​កាលវិភាគ​ចាប់ផ្តើម និង​បញ្ចប់ ប៉ុន្តែ​រឿង​នេះ​មិនមែន​ជា​ករណី​ដែល​កើត​មាន​នៅ​គេហដ្ឋាន​ជានិច្ច​នោះ​ទេ ។ អ្នក​អាច​មាន​កាលវិភាគ​បង្រៀន​មេរៀន​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ប៉ុន្តែ​ឱកាស​បង្រៀន​នៅក្នុង​គ្រួសារ កើត​ឡើង​ជា​រឿយៗ​ក្នុង​របៀប​មួយ​ក្រៅ​ផ្លូវការ​ក្នុង​គ្រា​នានា​ប្រចាំ​ថ្ងៃ—ដូច​ជា​ពេល​ទទួល​ទាន​អាហារ ធ្វើ​កិច្ចការ​កំប៉ិចកំប៉ុក​នៅ​ផ្ទះ លេង​ល្បែង​កម្សាន្ត ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ ឬ​សាលា​រៀន អាន​សៀវភៅ ឬ​មើល​ខ្សែ​ភាព​យន្ត​ជាមួយ​គ្នា ។ ខ្យល់ព្យុះ​អាច​ក្លាយ​ជា​ឱកាស​មួយ​ដើម្បី​ជជែក​គ្នា​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ ផ្តល់​ជម្រក​ដល់​យើង​ពី​ព្យុះ​ខាង​វិញ្ញាណ ។ ក្មេង​ជំទង់​ម្នាក់​ដែល​មាន​ការលំបាក​ក្នុង​ការសម្រេច​ចិត្ត អាច​ត្រៀម​ខ្លួន​រួច​ជា​ស្រេចច​ដើម្បី​រៀន​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន ។ កុមារ​ម្នាក់​ដែល​មាន​ការភ័យ​ខ្លាច អាច​ទទួល​បាន​ប្រយោជន៍​ពី​ទីបន្ទាល់​របស់​អ្នក​អំពី​អង្គ​លួងលោម ។ កូនៗ​ដែល​មាន​ឥរិយាបថ​មិន​សមរម្យ ឬ​ធ្វើ​បាប​គ្នា​ទៅ​វិញ​ទៅ​មក អាច​ត្រូវ​បាន​បង្រៀន​អំពី​ការប្រែចិត្ត និង​ការអភ័យទោស ។

ដោយសារ​តែ​គ្រា​បែប​នោះ​គឺ​ពុំ​បាន​គ្រោង​ទុក​ នោះ​អ្នក​ពុំ​អាច​រៀបចំ​ខ្លួន​សម្រាប់​គ្រា​ទាំង​នោះ តាមរបៀបដែល​អ្នក​ចង់​រៀបចំ​សម្រាប់​មេរៀន​ដូច​ធម្មតា​នោះ​ឡើយ ។ ប៉ុន្តែ​អ្នក​អាច​រៀបចំ​ ខ្លួន​របស់​អ្នក តាមរយៈ​ការងាយ​ស្តាប់​តាម​ព្រះវិញ្ញាណ ហើយ​ព្យាយាម​ដើម្បី « ប្រុងប្រៀប​ជានិច្ច » ( ពេត្រុស​ទី ១ ៣:១៥ ) ។ គ្រា​ណា​ក៏​ដោយ​ក៏​អាច​ក្លាយ​ជា​គ្រា​មួយ​ដើម្បី​បង្រៀន ឬ​រៀន​សូត្រ​ដែរ ។

ការរៀនសូត្រ​នៅ​គេហដ្ឋាន​រួមមាន​នូវ​កិច្ចខិតខំ​តិចតួច សាមញ្ញ ខ្ជាប់ខ្ជួន

ជួនកាល​មាតាបិតា​បាន​បាក់​ទឹកចិត្ត ពេល​ការព្យាយាម​របស់ពួកគេ​ដើម្បី​បង្រៀន​ដំណឹងល្អ​នៅ​គេហដ្ឋាន​ហាក់​ដូច​ជា​ពុំ​ទទួល​បាន​ជោគជ័យ​សោះ ។ ការធ្វើ​កិច្ចការ​នេះ​តែ​មួយ​មុខ ការធ្វើតែ​រាត្រីជួបជុំ​ក្រុមគ្រួសារ ការ​សិក្សា​តែ​ព្រះគម្ពីរ ឬ​ការគ្រាន់តែសន្ទនា​អំពី​ដំណឹង​ល្អ ហាក់​ដូច​ជា​មិន​សូវ​សម្រេច​បាន​លទ្ធផល​ច្រើន​ទេ ។ ប៉ុន្តែ​ការប្រមែប្រមូល​នូវ​កិច្ច​ខិតខំ​តិចតួច សាមញ្ញ​ទាំង​នេះ ដោយ​ធ្វើ​វា​ដដែលៗ​យ៉ាង​ខ្ជាប់ខ្ជួន អាច​ក្លាយ​ជា​មាន​អនុភាព និង​រឹងមាំ​ខ្លាំង​ជាង​គ្រា​ដ៏​ធំ ឬ​មេរៀន​ដ៏​សំខាន់​យូរៗ​ម្តង​ទៅ​ទៀត ។ ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា « គ្រប់​ទាំងអស់​ត្រូវតែ​កើតឡើង​តាម​ពេល​របស់​វា » ។ « ចូរ​កុំ​ណាយ​ចិត្ត​នឹង​ធ្វើការ​ល្អ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​តែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូច​តាច នោះ​បណ្ដាល​ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:៣២–៣៣ សូមមើល​ផងដែរ អាលម៉ា ៣៧:៦–៧ ) ។ ដូច្នេះ​សូម​កុំ​ចុះចាញ់​ឡើយ ហើយ​សូម​កុំ​បារម្ភ​អំពី​ការសម្រេច​បាន​នូវ​អ្វី​ដែល​ធំធេង​គ្រប់​ពេល​វេលា​នោះ ។ គ្រាន់តែ​អ្នក​ខិតខំធ្វើ​កិច្ចការ​នេះ​ឲ្យ​ខ្ជាប់ខ្ជួន​ប៉ុណ្ណោះ ។

នៅ​ក្នុង​គេហដ្ឋាន ការរៀន​សូត្រ និង​ការរស់នៅ​ពុំ​អាច​បំបែក​គ្នា​បាន​ឡើយ

ដំណឹង​ល្អ​ទាក់ទង​យ៉ាង​ជិតស្និទ្ធិ​នឹង​ទំនាក់ទំនង​នៅក្នុង​គេហដ្ឋាន ។ នៅក្នុង​គេហដ្ឋាន​មនុស្ស​ដែល​អ្នក​កំពុង​រៀន​សូត្រ​ដំណឹងល្អ​ជាមួយ គឺ​ជា​មនុស្ស​ដែល​អ្នក​នឹង​រស់នៅ​តាម​ដំណឹង​ល្អ​ជាមួយ​—ជារៀងរាល់​ថ្ងៃ​ផងដែរ ។ ប្រាកដ​ណាស់ ភាគច្រើន​ការរស់នៅតាម​ដំណឹង​ល្អ​គឺ​ជា របៀប ដែល​យើង​រៀន​ដំណឹងល្អ ។ ដូច្នេះ​នៅពេល​អ្នក​រៀន និង​បង្រៀន​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន សូម​រកមើល​របៀប​ផ្សារភ្ជាប់​អ្វី​ដែល​អ្នក​កំពុង​រៀន​ជាមួយ​នឹង​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ។ សូម​ឲ្យ​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន​របស់​អ្នក ក្លាយ​ជា​អ្វី​មួយ​ដែល​អ្នក​ព្យាយាម​រស់នៅ​តាម ពុំមែន​គ្រាន់តែ​ជា​អ្វី​មួយ​ដែល​អ្នក​និយាយ​ពីវា​នោះ​ទេ ។

ស្ដ្រី​បង្រៀន​កុមារ

ជារឿយៗ​ឱកាស​បង្រៀន​នៅក្នុង​គ្រួសារ​កើត​មាន​ក្នុង​របៀប​មួយ​ក្រៅ​ផ្លូវការ និង​គ្រប់​ពេលវេលា ។

ការ​បង្រៀន​កុមារ

កុមារ​ត្រូវ​ការ​ភាពចម្រុះ

កុមារ​ទាំងអស់​មាន​ភាព​ខុសគ្នាៗ ហើយ​នៅពេល​ពួកគេ​ចម្រើន​វ័យ​ឡើង នោះ​តម្រូវការ​របស់​ពួកគេ​នឹង​ផ្លាស់ប្តូរ ។ ការធ្វើ​ឲ្យ​វិធីសាស្ត្រ​បង្រៀន​របស់​អ្នក​មាន​ភាព​ចម្រុះ​នឹង​ជួយ​អ្នក​ឲ្យ​បំពេញ​តម្រូវការ​ផ្សេងៗ​របស់​ពួកគេ ។ ឧទាហរណ៍​សូម​ពិចារណា​ប្រើ​អ្វីៗ​ដូច​តទៅ​នេះ ៖

  • រឿង ។ រឿង​ជួយ​កុមារ​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែល​ដំណឹងល្អ​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ​រឿង​ចេញ​មក​ពី​ព្រះគម្ពីរ ចេញ​មកពី​ជីវិត​របស់​អ្នក ចេញ​មកពី​ពង្សប្រវត្តិ​របស់​អ្នក ឬ​មកពី​ទស្សនាវដ្តី​សាសនាចក្រ ជាពិសេស​រឿងអំពី​ព្រះអង្គសង្គ្រោះ ។ សូម​ដាក់ផែនការ​ដើម្បី​ឲ្យ​កុមារ​ចូលរួម​នៅក្នុង​រឿង​នោះ—តាមរយៈការកាន់​រូបភាព ការនិយាយ​ឃ្លា​ផ្សេងៗ​ឡើង​វិញ ឬ​សម្តែង​ផ្នែក​នៃ​រឿង​នោះ ។

  • ជំនួយចក្ខុ ។ រូបភាព វីដេអូ និង​វត្ថុនានា​អាច​ជួយ​កុមារ​ឲ្យ​យល់ និង​ចងចាំ​គោលការណ៍​នៃ​ដំណឹងល្អ ។ រូបភាព និង​វីដេអូ​ជា​ច្រើន​អាច​រក​បាននៅ​ក្នុង បណ្ណាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តន្ត្រី ។ ទំនុកតម្កើង និង​ចម្រៀង​ពិសិដ្ឋ​ដទៃផ្សេង​ទៀត អាច​ជួយ​កុមារ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ និង​រៀន​សេចក្តីពិត​នៃ​ដំណឹងល្អ ។ ទំនុក ពាក្យ​ជួន និង​ចង្វាក់​សាមញ្ញៗ អាច​ជួយ​កុមារ​តូចៗ​ឲ្យ​ចងចាំ​សេចក្ដីពិត​នៃ​ដំណឹងល្អ​អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ​ទៅមុខ ។ នៅពេល​អ្នក​ច្រៀង​ជាមួយ​កុមារ​តូចៗ សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ និង​យល់​ពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​បទចម្រៀង​ទាំងនោះ ។

កុមារ​ភាគច្រើន​រៀនសូត្រ​ឆាប់​ចេះ នៅ​ពេល​មាន​ការដាក់​បញ្ចូល​ញាណ​ទាំងឡាយ ។ សូម​ស្វែងរក​របៀប​ដើម្បី​ជួយ​កុមារ​តូចៗ​ឲ្យ​ប្រើ​ចក្ខុ​វិញ្ញាណ សោត​វិញ្ញាណ និង​កាយ​វិញ្ញាណ​របស់​ពួកគេ​នៅពេល​ពួកគេ​រៀន ។ នៅ​ក្នុង​ស្ថានភាព​ខ្លះ អ្នក​អាច​នឹង​រកឃើញ​របៀប​ដើម្បី​ដាក់បញ្ចូល​ឃានវិញ្ញាណ និង​ជីវ្ហាវិញ្ញាណ​របស់​ពួកគេ !

កុមារ​មាន​ភាព​ច្នៃ​ប្រឌិត

នៅពេល​អ្នក​អញ្ជើញ​កុមារ​ឲ្យ​គូរ បង្កើត ផាត់ពណ៌ ឬ​សរសេរ​អ្វី​មួយ​ដែល​ទាក់ទង​នឹង​គោលការណ៍​ដំណឹងល្អ នោះ​អ្នក​ជួយ​ពួកគេ​ឲ្យ​យល់​គោលការណ៍​នោះ​បាន​កាន់​តែ​ល្អ​ប្រសើរ ហើយ​អ្នក​ផ្តល់​ការរំឭក​យ៉ាង​ច្បាស់​ជាក់​ស្តែង​ដល់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ពួកគេ​ក៏អាច​ប្រើប្រាស់​អ្វី​ដែល​ពួកគេ​បានបង្កើត​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​ជាមួយ​អ្នកដទៃ​ផងដែរ ។ ច្បាប់​ចេញផ្សាយ​នីមួយៗ​នៃទស្សនាវដ្តី ប្រិយមិត្ត មាន​ដាក់​បញ្ចូល​នូវ​សកម្មភាព​ច្នៃ​ប្រឌិត​ទាំងឡាយ​សម្រាប់​កុមារ ។

កុមារ​មាន​ចិត្ត​ចង់​ចេះ​ចង់​ដឹង

នៅពេល​កុមារ​សួរ​សំណួរ សូម​យក​គ្រា​នោះ​ជា​ឱកាស មិន​មែន​ជា​ការរំខាន​ទេ ។ សំណួរ​របស់​កុមារ​គឺ​ជា​បង្ហាញ​ថា ពួកគេ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រៀន ហើយ​សំណួរ​របស់​ពួកគេ​ផ្តល់​ឲ្យ​អ្នក​នូវ​ការយល់ដឹង​ដ៏​មាន​តម្លៃ​ចំពោះ​អ្វី​ដែល​ពួកគេ​កំពុង​គិត និង​ទទួល​អារម្មណ៍ ។ សូម​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ​របស់​ពួកគេ​អាច​រក​បាន​នៅក្នុង​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​នៅរស់ ។

កុមារ​ត្រូវការ​សេចក្តីស្រឡាញ់ ទោះបី​ពួកគេ​រំខាន​ក្តី

ជួនកាល​កុមារ​ធ្វើ​សកម្មភាព​ក្នុង​លក្ខណៈមួយ​ដែល​រំខានដល់​ការរៀន​សូត្រ​របស់​អ្នកដទៃ ។ ភាគច្រើន​ឥរិយាបថ​រំខាន​នោះ​កើត​ឡើង​ដោយសារ​ការ​មិន​បំពេញ​នូវ​តម្រូវការ​ណាមួយ ។ នៅពេល​រឿង​នេះ​កើតឡើង សូម​អត់ធ្មត់ ស្រឡាញ់ ហើយ​យល់​អំពី​ឧបសគ្គ​នានា​ដែល​កុមារ​នោះ​កំពុង​ប្រឈមមុខ ។ ពួកគេ​អាច​គ្រាន់តែ​ត្រូវ​ការ​ឱកាស​ថែម​ទៀត​ដើម្បី​ចូល​រួម​នៅក្នុង​មេរៀន​ក្នុង​របៀប​វិជ្ជមាន​មួយ—ឧទាហរណ៍ តាមរយៈ​ការ​កាន់​រូបភាព គូរ​រូបភាព​ផ្សេងៗ ឬ​អាន​ខគម្ពីរ ។

ប្រសិនបើ​កុមារ​នោះ​បន្ត​រំខាន វា​អាច​មាន​ប្រយោជន៍​ដើម្បី​និយាយ​ជាមួយ​ពួកគេ ។ នៅក្នុង​ស្មារតី​នៃ​សេចក្តីស្រឡាញ់ និង​ការអត់​ធ្មត់ សូម​ពន្យល់​អំពី​ការរំពឹង​ទុក​របស់​អ្នក និង​ទំនុក​ចិត្ត​របស់​អ្នក ដែល​ពួកគេ​អាច​បំពេញ​នូវ​ចំណុច​ទាំង​នោះ​បាន ។ សូម​សរសើរ​កុមារ នៅពេល​ពួកគេ​ធ្វើ​ការជ្រើសរើស​បាន​ប្រសើរ​ឡើង ។

កុមារ​មាន​អ្វី​ជា​ច្រើន​ដើម្បី​ចែកចាយ

នៅពេល​កុមារ​តូចៗ​រៀន​អ្វីមួយ​ថ្មី នោះ​ពួកគេ​ចង់​ចែកចាយ​ជាមួយ​នឹង​អ្នក​ដទៃ ។ សូម​លើក​ទឹកចិត្ត​ដល់​បំណង​ប្រាថ្នា​នេះ​ ដោយ​ការ​ផ្ដល់​ឱកាស​ដល់កុមារ​តូចៗ​ឲ្យ​បង្រៀន​គោលការណ៍​ដំណឹងល្អ​ដល់គ្នា​ទៅវិញទៅមក ដល់​សមាជិក​គ្រួសារ​ពួកគេ និង​ដល់​មិត្ត​របស់​ពួកគេ ។ សូម​ឲ្យពួកគេ​ចែកចាយ​ជាមួយ​អ្នក​អំពី​គំនិត​ អារម្មណ៍ និង​បទពិសោធន៍​របស់​ពួកគេ ទាក់ទង​នឹង​គោលការណ៍​ដែល​អ្នក​កំពុង​បង្រៀន​ផងដែរ ។ អ្នក​នឹងឃើញ​ថា ពួកគេ​មានគំនិត​យោបល់​សាមញ្ញៗ បរិសុទ្ធ និង​ប្រកប​ដោយ​អានុភាព ។

កុមារ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ប៉ុន្តែ​អាច​ត្រូវការ​ជំនួយ​ដើម្បី​ទទួល​ស្គាល់​ឥទ្ធិពល​របស់​ទ្រង់

សូម្បី​តែ​កុមារ​ដែល​ពុំ​ទាន់​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្តី ក៏​អាច​ទទួល​អារម្មណ៍​នៃ​ឥទ្ធិពល​របស់​ទ្រង់​បាន​ដែរ ជាពិសេស​នៅពេល​ពួកគេ​កំពុង​សិក្សា​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ នៅពេល​ពួកគេ​បាន​ជ្រើស​រើស​សុចរិត នោះ​ពួកគេ​អាចទទួល​អារម្មណ៍​នៃ​ការទទួល​ស្គាល់​របស់​ព្រះអង្គសង្គ្រោះ​តាមរយៈ​ព្រះវិញ្ញាណ ។ សូម​បង្រៀន​កុមារ​អំពី​វិធី​ខុសៗ​គ្នា​ដែល​ព្រះវិញ្ញាណ​ទាក់ទង​ជាមួយ​ពួកគេ ។ សូម​ជួយ​ពួកគេ​ឲ្យ​ទទួល​ស្គាល់​ព្រះសូរសៀង​របស់​ទ្រង់ នៅពេល​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួកគេ ។ ការណ៍​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​ទម្លាប់​មួយ​នៃ​ការស្វែងរក និង​ការអនុវត្ត​តាម​វិវរណៈ​ផ្ទាល់​ខ្លួន​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

ការបង្រៀន​យុវវ័យ

យុវវ័យ​មាន​សក្តានុពល​ដ៏​មហិមា

យុវវ័យ​មាន​សក្តានុពល​ដើម្បី​ធ្វើ​អ្វីៗ​ដ៏​អស្ចារ្យ​នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់ ។ បទពិសោធន៍​ជា​ច្រើន​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​បង្ហាញ​ថា ព្រះ​មាន​ទំនុកព្រះទ័យ​លើ​សមត្ថភាព​ខាង​វិញ្ញាណ​របស់​យុវវ័យ ។ ប្រសិន​បើ​យុវវ័យ​ទទួល​អារម្មណ៍​ថា អ្នក​ទុក​ចិត្ត​ពួកគេ ភាព​ជឿជាក់​របស់​ពួកគេ​លើ​សក្ដានុពល​ដ៏​ទេវភាព​របស់​ពួកគេ​នឹង​ចម្រើន​ឡើង ហើយ​ពួកគេ​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​អ្វី​ដែល​ពួកគេ​អាច​សម្រេច​បាន ។ សូម​ជួយ​ពួកគេ​ដោយ​សេចក្តីស្រឡាញ់​ឲ្យ​ដឹង​ថា ព្រះ​វរ​បិតា​សួគ៌​ជ្រាប​ដឹង​ថា​អ្វី​ដែល​ពួកគេ​អាច​ប្រែក្លាយ ។ សូម​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ តាម​រយៈ​ការបន្ត​ស្រឡាញ់ និង​លើក​ទឹកចិត្ត​ពួកគេ ធ្វើ​ការ​ជាមួយ​ពួកគេ​ដោយ​អត់​ធ្មត់ ហើយ​កុំ​បោះ​បង់​ពួកគេ​ឡើយ ។

យុវវ័យ​កំពុង​រៀន​អំពី​ខ្លួន​ពួកគេ

យុវវ័យ​ដែល​អ្នក​បង្រៀន​កំពុង​បង្កើត​មូលដ្ឋាន​គ្រឹះ​នៃ​ទីបន្ទាល់​របស់​ពួកគេ ។ ពួកគេ​កំពុង​ស្ថិតក្នុង​ដំណើរការ​នៃ​ការស្វែងរក​ជំនឿ និង​ការជឿស៊ប់​របស់​ពួកគេ ។ ពួកគេ​កំពុង​ធ្វើ​ការសម្រេច​ចិត្ត​ដែល​នឹង​ជះ​ឥទ្ធិពល​ពេញ​មួយជីវិត​របស់​ពួកគេ ។ ដើម្បី​រស់រាន​ខាង​វិញ្ញាណ​នៅក្នុង​គ្រា​ដ៏​គ្រោះថ្នាក់​នេះ និង​ដើម្បី​បំពេញ​បេសកកម្ម​របស់​ព្រះអម្ចាស់​សម្រាប់​ពួកគេ នោះ​យុវវ័យ​ដែល​អ្នក​បង្រៀន​ត្រូវ​ស្គាល់​របៀប​ស្វែងរក​កម្លាំង​អំឡុង​ពេល​សាកល្បង​របស់​ពួកគេ ឆ្លើយ​សំណួរ​ពួកគេ និង​ក្លាហាន​ដើម្បី « ​ឈរ​ជា​សាក្សី​ដល់​ព្រះ » ( ម៉ូសាយ ១៨:៩ ) ។

យុវវ័យ​មាន​បំណង​ប្រាថ្នា​កើន​ឡើង​ដើម្បី​រៀននូវ​រឿង​នានា​ដោយ​ការមាន​ហេតុផល និង​បទពិសោធន៍ ជាជាង​ដោយ​ការ​ត្រូវបាន​គេ​ប្រាប់​រឿង​យ៉ាង​សាមញ្ញ ។ នេះ​មាន​ន័យ​ថា ការបង្រៀន​យុវវ័យ​តម្រូវ​ឲ្យ​មាន​ជំនាញ​ល្អ​ក្នុង​ការស្តាប់ ។ នៅពេល​យុវវ័យ​ទទួល​អារម្មណ៍​ថា​បាន​យល់ នោះ​ពួកគេ​នឹង​មាន​អារម្មណ៍​ក្នុង​ការបើក​ដួង​ចិត្ត​ស្តាប់​តាម​ការ​ទូន្មាន និង​ការណែនាំ ។ សូម​អះអាង​នឹង​ពួកគេ​ថា ព្រះ​អម្ចាស់​ស្គាល់ ហើយ​នឹង​ជួយ​ពួកគេ នៅពេល​ពួកគេ​ជួប​នឹង​សំណួរ និង​ការសាកល្បង ។ ពួកគេ​អាច​អនុវត្ត​សេចក្តីជំនឿ​របស់​ខ្លួន​លើ​ទ្រង់ តាមរយៈ​ការអភិវឌ្ឍ​ទម្លាប់​អធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ និង​តាមរយៈ​ការបម្រើ​អ្នកដទៃ ។ ការលើក​ទឹកចិត្ត​យុវវ័យ​ឲ្យ​ចូលរួម​នៅក្នុង​ថ្នាក់​រៀន​នៃ​សាសនា​ចក្រ និង​សិក្សា​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ អាច​ជួយ​ពួកគេ​ឲ្យ​មាន​បទពិសោធន៍​ផ្ទាល់​ខ្លួន ដែល​នឹង​ស្ថាបនា​ទីបន្ទាល់​អំពី​កេរដំណែល​ដ៏​ទេវភាព​របស់​ពួកគេ ។

យុវវ័យ​ជា​ច្រើន​ចូលចិត្ត​ប្រើប្រាស់​បច្ចេកវិទ្យា

ប្រសិនបើ​យុវវ័យ​ដែល​អ្នក​បង្រៀន​ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិច​ផ្ទាល់​ខ្លួន​របស់​ពួកគេ សូម​ចាំ​ថា ឧបករណ៍​ទាំង​នេះ​គឺ​ជា​ឧបករណ៍​ដើម្បី​ពង្រីក​ដល់​ការរៀន​សូត្រ ។ សូម​បង្រៀន​ពួកគេ​អំពី​របៀប​ប្រើព្រះគម្ពីរ និង​ធនធាន​ផ្សេង​ទៀត​ដែល​មាន​នៅក្នុង​បណ្ណាល័យ​ដំណឹង​ល្អ ជាទម្រង់​អេឡិចត្រូនិច ។ អ្នក​ក៏​អាច​ផ្ញើ​សារ និង​តំណ​ភ្ជាប់​ទៅ​យុវវ័យ ដើម្បី​ជួយ​ពួកគេ​រៀបចំ​សម្រាប់​មេរៀន​បន្ទាប់ ។

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​

យុវវ័យ​ត្រូវ​យល់​នូវ​អ្វី​ដែល​ព្រះ​វរ​បិតា​សួគ៌​ជ្រាប​ដឹង​ថា​ពួកគេ​អាច​ប្រែក្លាយ ។

ការបង្រៀន​មជ្ឈិមវ័យ

មជ្ឈិមវ័យ​អាច​ទទួល​ខុសត្រូវ​លើ​ការរៀនសូត្រ​របស់​ពួកគេ

សិស្ស​មជ្ឈិមវ័យ​មាន​សមត្ថភាព​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួន​ពួកគេ នៅក្នុង​មជ្ឈដ្ឋាន​នៃ​ការរៀនសូត្រ​ដំណឹង​ល្អ ( សូមមើល នីហ្វៃ​ទី ២ ២:២៦ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រៀបចំ​សម្រាប់​ការពិភាក្សា​ដំណឹងល្អ ដោយ​ការសិក្សា​អ្វី​មួយ​មុន​ពេលរៀន និង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​ក៏អាចសួរ​ពួកគេ​អំពី​គោលការណ៍​នៃ​ដំណឹង​ល្អ​ណាមួយ ដែល​ពួកគេ​ចង់​ចំណាយ​ពេល​រៀន​ជាមួយ​គ្នា​ផង​ដែរ ។

មជ្ឈិមវ័យ​ប្រើប្រាស់​បទពិសោធន៍​របស់​ពួកគេ​នៅពេល​រៀនសូត្រ

យ៉ូប​បាន​ថ្លែង​ថា « មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺន​ទើប​មាន​យោបល់ » (យ៉ូប ១២:១២) ។ ជាទូទៅ​ប្រាជ្ញា និងការយល់​ដឹង​ខាង​វិញ្ញាណ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ។ នៅពេល​អ្នក​បង្រៀន​មជ្ឈិមវ័យ សូម​អញ្ជើញ​ពួកគេឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​បាន​ស្ថាបនា​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ការណ៍​នេះ​នឹង​ផ្តល់​ឱកាស​ដល់​ពួកគេ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល​ពួកគេបាន​ដឹង​ថា គោលការណ៍​នៃ​ដំណឹង​ល្អ​ដែល​ពួកគេ​កំពុង​សិក្សា​គឺ​ពិត ។ ការចែកចាយ​បទពិសោធន៍​ក៏​នឹង​ស្ថាបនា​ទំនាក់ទំនង​រវាង​អស់​អ្នក​ដែល​អ្នក​បង្រៀន ដោយ​ជួយ « ទាំង​អស់ … ត្រូវ​បាន​ស្អាង​ឡើង​ទាំង​អស់​គ្នា » (គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:១២២) ។

មជ្ឈិមវ័យ​ស្វែងរក​ការអនុវត្ត​ជាក់ស្តែង

មជ្ឈិមវ័យ​ដែល​អ្នក​បង្រៀន​អាច​មាន​តួនាទី និង​ការទទួលខុសត្រូវ​ច្រើន​នៅក្នុង​អាជីព​ការងារ សហគមន៍ ការហៅ​បម្រើ​ក្នុង​សាសនាចក្រ និង​ក្រុមគ្រួសារ ។ នៅពេល​ពួកគេ​សិក្សា​ដំណឹងល្អ ជារឿយៗ​ពួកគេ​កំពុង​គិត​អំពី​របៀប ដែល​អ្វី​ពួកគេ​កំពុងរៀន​អាច​ជួយ​ពួកគេ​នៅក្នុង​តួនាទី​ទាំងនោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែល​ព្រះបន្ទូល​ព្រះ​ជាប់​ទាក់ទង​នឹង​កាលៈទេសៈ​ជាក់លាក់​របស់​ពួកគេ ។ អ្នក​អាច​ធ្វើ​បែប​នេះ​ដោយ​ការសួរ​ពួកគេ​អំពី​របៀប​ដែល​គោលការណ៍​នៃ​ដំណឹងល្អ​មាន​អត្ថន័យ និង​អនុវត្ត​ចំពោះ​ជីវិត​របស់​ពួកគេ ។

មជ្ឈិមវ័យ​អាច​គិត​ក្នុង​របៀប​ដ៏​ស្មុគស្មាញ

ដោយសារ​តែ​បទពិសោធន៍ និង​ចំណេះ​ដឹង​របស់​ពួកគេ មជ្ឈិមវ័យ​ដឹង​ថា គ្មាន​ចម្លើយ​ងាយស្រួល​ជានិច្ច​សម្រាប់​សំណួរ​អំពី​ដំណឹងល្អ​ឡើយ ។ ពួកគេ​អាច​មាន​អំណរគុណ​ថា វគ្គបទគម្ពីរ​អាច​មាន​អត្ថន័យ​ច្រើន​យ៉ាង ហើយ​ពួកគេ​អាច​អនុវត្ត​គោលការណ៍​នៃ​ដំណឹងល្អ​មួយ​ចំពោះ​ស្ថានភាព​ផ្សេងៗ​ក្នុង​ជីវិត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​គោលការណ៍​នៃ​ដំណឹងល្អ​ជាប់​ទាក់ទងគ្នា ហើយ​ទាក់ទង​នឹង​អ្វី​ដែល​កើតឡើង​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការចូលរួម និង​ការពិភាក្សា ដើម្បី​ឲ្យ​ពួកគេ​អាច​រៀន​ពី​ទស្សនវិស័យ​រៀងៗខ្លួន​របស់​ពួកគេ​ទៅវិញ​ទៅមក ។

ស្ត្រី​កំពុង​បង្រៀន​សិស្ស

មជ្ឈិមវ័យ​អាច​ចែកចាយ​បទពិសោធន៍​ជាច្រើន​ដែល​បាន​ស្ថាបនា​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ការ​បង្រៀន​មនុស្ស​ដែល​មាន​ពិការភាព

ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​រីកលូតលាស់ និង​រីកចម្រើន

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « គ្រប់​ទាំង​គំនិត និង​វិញ្ញាណ​ដែល​ព្រះ​ធ្លាប់​បាន​បញ្ជូន​មក​ក្នុង​ពិភពលោក​នេះ គឺ​ងាយ​នឹង​ពង្រីក​បាន » ( ការ​បង្រៀន​នៃ​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២១០ ) ។ សូម​សន្មត់​ថា បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ​មាន​លទ្ធភាព​ក្នុង​ការបង្កើន​ចំណេះ​ដឹង និង​ការរីកចម្រើន ។ សូម​ទូលសួរ​ព្រះអម្ចាស់​ឲ្យ​ជួយ​អ្នក​ដឹង​ពី​របៀប​ជួយបុគ្គល​ម្នាក់ៗ ។

រៀន​អំពី​សេចក្ដី​ត្រូវការ​ជាក់លាក់

សូម​និយាយ​ជាមួយ​សិស្ស ឬ​មាតាបិតា ឬ​អ្នក​មើល​ថែ​ពួកគេ ។ សូម​ឈ្វេង​យល់​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​រៀន​បាន​ល្អ​បំផុត និង​យុទ្ធសាស្ត្រ​នានា​ដែល​មាន​គុណប្រយោជន៍​បំផុត ។ អ្នក​ក៏​អាច​ប្រឹក្សា​ជាមួយ​ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន​ផ្សេង​ទៀត​ដែល​មាន​បទពិសោធន៍ និង​ការយល់​ដឹង​ឲ្យ​ចែកចាយ​ជាមួយ​អ្នក​ផង​ដែរ ។ សម្រាប់​យុទ្ធសាស្ត្រ​ការបង្រៀន​ដ៏​មាន​ប្រយោជន៍ សូមមើល​គេហទំព័រ disabilities.ChurchofJesusChrist.org ។

បង្កើត​ឲ្យ​មាន​បរិយាកាស​វិជ្ជមាន

បង្កើត​ឲ្យ​មាន​បរិយាកាស​វិជ្ជមាន​មួយ ជា​ទី​ដែល​មនុស្ស​គ្រប់​គ្នា​ទទួលអារម្មណ៍​ថា​មាន​សុវត្ថិភាព និង​មាន​គេ​ស្រឡាញ់ ។ សូម​កុំ​សន្មត់​ថា សិស្ស​ទាំងអស់​ដែល​ពិការ​គឺ​ដូច​គ្នា​ឡើយ ហើយ​សូម​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ម្នាក់ៗ​ដោយ​សេចក្តីស្រឡាញ់ និង​ការគោរព ។ សូម​លើក​ទឹកចិត្ត​អ្នកដទៃ​ឲ្យ​មាន​ចិត្ត​ល្អ និង​មាន​ការទទួល​យក ។

ប្រាកដ​ថា​មនុស្ស​ទាំងអស់​អាច​ចូលរួម​បាន

ការផ្លាស់ប្តូរ​តិចតួច​អាច​កើត​មាន​ក្នុង​សកម្មភាព​នានា ដើម្បី​ប្រាកដ​ថា សិស្ស​ទាំងអស់​អាច​រៀន​រួមគ្នា​ រួម​ទាំង​សិស្ស​ដែល​ពិការ ឬ​មាន​ការពិបាក​ក្នុង​ការ​រៀន ។ ឧទាហរណ៍ ប្រសិនបើ​សកម្មភាព​មួយ​ដែល​សុំ​ឲ្យ​បង្ហាញ​រូបភាព នោះ​អ្នក​អាច​ច្រៀង​ចម្រៀង​មួយ​ដែល​ទាក់ទង​ជំនួស​វិញ ដើម្បី​ឲ្យសិស្ស​ដែល​មាន​បញ្ហា​ភ្នែក​អាច​ចូលរួមដែរ ។

បង្កើត​ទម្លាប់ និង​រចនាសម្ព័ន្ធឲ្យ​បាន​ជាប់លាប់

វិធី​មួយ​ដើម្បី​បង្កើត​ទម្លាប់​មួយ​គឺ​ត្រូវ​បង្កើត​ប័ណ្ណ​ប្រកាស​មួយ​ដោយ​មាន​កាលវិភាគ ។ កាលវិភាគ​របស់​អ្នក​អាច​រួមមាន ការអធិស្ឋាន ម៉ោង​បង្រៀន និង​ម៉ោងធ្វើ​សកម្មភាព ។ ការធ្វើ​តាម​កាលវិភាគ​អាច​ជួយ​កាត់បន្ថយ​អារម្មណ៍​មិន​ប្រាកដ​ប្រជា និង​ភាព​តាន​តឹង​ចិត្ត​សម្រាប់​សិស្ស​មួយ​ចំនួន ។

ឈ្វេងយល់​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ខាង​ឥរិយាបថ​កើតឡើង

សូម​រៀន​អំពី​ពិការភាព ឬ​កាលៈទេសៈ​នានា ដែល​អាច​ជះឥទ្ធិពលលើ​បុគ្គល​ម្នាក់​ឲ្យ​ធ្វើ​ទង្វើ​មិន​សមរម្យ ។ សូម​យកចិត្ត​ទុកដាក់​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង នៅពេល​ឧបសគ្គ​ខាង​ឥរិយាបថ​កើត​មាន​ឡើង ។ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពីរបៀប​ដើម្បីកែច្នៃ​ស្ថានភាព​នោះ ដើម្បី​គាំទ្រ​ដល់​សិស្ស​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការបង្រៀន​មនុស្ស​ពិការ សូមមើល​គេហទំព័រ disabilities.ChurchofJesusChrist.org ។

ថ្នាក់​យុវនារី

គ្រូបង្រៀន​អាច​បង្កើត​ឲ្យ​មាន​បរិយាកាសរៀន​សូត្រ​វិជ្ជមាន​មួយ ជា​ទី​ដែល​មនុស្ស​គ្រប់​គ្នា​ទទួលអារម្មណ៍​ថា​ មានគេ​ទទួល​យក និង​មាន​គេ​ស្រឡាញ់ ។

ការបង្រៀន​តាម​អនឡាញ

ស្គាល់​បច្ចេកវិទ្យា

ពីមុនថ្នាក់ ឬ​ការប្រជុំ​របស់​អ្នក​ចាប់ផ្តើម សូមចំណាយ​ពេល​សិក្សា​អំពី​បច្ចេក​វិទ្យា​ដែល​អ្នក​នឹង​ប្រើ​ប្រាស់ ។ សូម​ស្រាវជ្រាវ​អំពី​លក្ខណៈ​ពិសេស​របស់​វា ដូចជា​របៀប​ចែកចាយ​វីដេអូ ​ឬ​រូបភាព​ជាដើម ។ សូម​ពិចារណា​ពី​ការប្រជុំ​ថ្នាក់ « សាកល្បង » ជាមួយ​នឹង​សមាជិក​គ្រួសារ ឬ​មិត្ត​ភក្តិ ។

វួដ និង​ស្ដេក​ភាគច្រើន​មាន​អ្នក​ជំនាញ​បច្ចេកវិទ្យា​ម្នាក់ ។ អ្នក​ប្រហែល​ជា​អាច​ស្គាល់​អ្នកដទៃ​ទៀត​ដែល​មាន​បទពិសោធន៍​ជាមួយ​នឹង​ការប្រជុំ​តាម​អនឡាញ​នេះ ។ សុំ​ដំបូន្មាន​ ឬ​សេចក្តីណែនាំពី​ពួកគេ ។

កម្ចាត់​ការរំខាន​ដែល​អាច​កើត​មាន

ប្រសិន​បើអាច សូម​ស្វែង​រកកន្លែង​ស្ងាត់​ដើម្បី​ចូលរួម​ការ​ប្រជុំ​ថ្នាក់​របស់​អ្នក ។ សំឡេង​អ៊ូអរ​នៅ​ជុំ​វិញ​អាច​ជា​ការរំខាន ។ សូមលើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​ដូចគ្នា ឬ​បិទ​សំឡេង​​មីក្រូ ប្រសិន​បើ​ពួកគេ​មិន​និយាយ ។

ប្រើ​កាំម៉ារ៉ា

ប្រសិន​បើអាច សូម​បើក​កាំម៉ារ៉ា​របស់​អ្នក​ដើម្បី​ឲ្យ​សិស្ស​អាច​មើល​ឃើញ​មុខ​អ្នក ។ សូម​អញ្ជើញ (ប៉ុន្តែ​មិន​ទាមទារ) ឲ្យ​សិស្ស​បើក​កាំម៉ារ៉ា​របស់​ពួកគេ​ដែរ ។ ចំណុច​នេះអាច​ជួយ​បង្កើត​ស្មារតី​នៃ​សាមគ្គីភាព និង​ការ​គាំទ្រ​ទៅវិញ​ទៅមក ។

ប្រើ​លក្ខណៈ​ពិសេស​នៃ​កម្មវិធី​ឆាត​តាម​អនឡាញ

ក្នុងកម្ម​វិធី​ប្រជុំ​ពី​ចម្ងាយ​ជាច្រើន អនុញ្ញាត​ឲ្យ​អ្នកចូលរួម​សរសេរ​សំណួរ ​ឬមតិ​របស់​ពួកគេ នៅក្នុង​ផ្ទាំង​កម្មវិធី​ឆាត​នោះ ។ កម្មវិធី​មួយ​ចំនួន​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​លើក​ដៃ​របស់​ពួកគេ​តាម​អនឡាញ​ផង​ដែរ ។ សូម​ឲ្យ​សិស្ស​ដឹង​អំពី​លក្ខណៈពិសេស​ទាំងនេះ ។ អ្នក​អាច​ចាត់តាំង​ឲ្យ​នរណា​ម្នាក់​ចាំមើល​ការលើក​ដៃ ឬ​មតិ​យោបល់​នៅក្នុង​ផ្ទាំង​ឆាត​នោះ ដើម្បី​អ្នក​អាច​ផ្តោត​យកចិត្ត​ទុកដាក់​ទៅលើ​ការដឹកនាំ​ការពិភាក្សា ។

ស្វែងរក​វិធី​ផ្សេងៗ​ដើម្បី​ឲ្យ​សិស្ស​មាន​ការចូលរួម

ជួនកាល​មជ្ឈដ្ឋាន​នៃ​ការរៀនសូត្រ​តាម​អនឡាញ មាន​ការលំបាក​សម្រាប់​ឲ្យ​មនុស្ស​មើល​ឃើញ និង​ស្តាប់​ឮ ។ សូម​ធ្វើ​ការខិតខំ​ដោយ​មនសិការ​ដើម្បី​ដាក់​អស់​អ្នក​ដែល​ចង់​ទាក់ទង​នោះ​ឲ្យ​មាន​ការចូលរួម ។ ជួនកាល​ការណ៍​នេះ​មានន័យ​ថា ត្រូវ​បង្កើត​ក្រុម​តូចៗ ( ឧទាហរណ៍ ការបំបែក​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ដែល​មាន​ទំហំ​ធំ ) ។ ជួនកាល​វា​មាន​ន័យ​ថា ជាការសុំ​សិស្ស​ជាមុន​ឲ្យ​ចូលរួម​នៅក្នុង​របៀប​ជាក់លាក់​មួយ ។ សូម​កុំ​ទុក​ឲ្យ​ដែនកំណត់​នៃ​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​អ្នក​ភ្លេច ឬ​មើល​រំលង​មនុស្ស​ដែល​មាន​ចិត្ត និង​ឆន្ទៈ​ចង់​រៀន​សូត្រ​ឡើយ ។