ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
សម្រាប់​ថ្នាក់​ដឹកនាំ—ការជួយ​គ្រូបង្រៀន​ឲ្យ​ទទួល​ជោគជ័យ


« សម្រាប់​ថ្នាក់ដឹកនាំ—ការជួយ​គ្រូបង្រៀន​ឲ្យ​ទទួល​ជោគជ័យ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ ២០២២ )

« សម្រាប់​ថ្នាក់​ដឹកនាំ—ការជួយ​គ្រូបង្រៀន​ឲ្យ​ទទួល​ជោគជ័យ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

សម្រាប់​ថ្នាក់​ដឹកនាំ—ការជួយ​គ្រូបង្រៀន​ឲ្យ​ទទួល​ជោគជ័យ

ទំនាក់ទំនង​ផ្ទាល់​មួយ​ទល់​មួយ

ជារឿយៗ​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​បំពេញ​តម្រូវការ​ពិសេស​របស់​គ្រូបង្រៀន គឺ​តាមរយៈ​ទំនាក់ទំនង​ផ្ទាល់​មួយ​ទល់​មួយ ។ ឧទាហរណ៍ ក្នុង​នាម​ជា​អ្នក​ដឹកនាំ អ្នក​អាច​មាន​ការពិភាក្សា​ខ្លី​មួយ​ជាមួយ​គ្រូបង្រៀន​ពីមុន និង​ក្រោយ​ការបង្រៀន ដើម្បី​ពិភាក្សា​អំពី​គោលការណ៍​នៃ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។ អ្នក​អាច​រៀបចំ​សម្រាប់​ការពិភាក្សា​នេះ ដោយ​ការមើល​គ្រូបង្រៀន​បង្រៀន ។ សូម​ព្យាយាមស្វែងយល់​ពី​ភាព​ខ្លាំង​របស់​គ្រូបង្រៀន​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ស្វែងរក​វិធី​នានា​ដែល​អ្នក​អាច​ផ្តល់​ការគាំទ្រ​ដល់​ពួកគេ ។

ការស្ថាបនា​ភាព​ខ្លាំង​របស់​គ្រូបង្រៀន​គឺ​វា​សំខាន់​ដូច​ការស្វែងរក​ឱកាស​សម្រាប់​ការកែលម្អ​ឲ្យ​បាន​ប្រសើរ​ផងដែរ ។ វា​មានប្រយោជន៍​ដើម្បី​ចាប់ផ្តើមការពិភាក្សា​ជាមួយ​គ្រូបង្រៀន តាមរយៈ​ការ​សូម ឲ្យ​ពួកគេ​ពិចារណា​សម្រាប់​ខ្លួន​ពួកគេ​នូវ​អ្វី​ដែល​កំពុង​ធ្វើ​បានល្អ​ហើយ និង​ចំណុច​នានា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា គួរកែលម្អ​ឲ្យ​បាន​ប្រសើរ​ឡើង ។

នៅពេល​អ្នក​ជួប​ជាមួយ​គ្រូបង្រៀន សូម​ពិចារណា​អំពី​របៀប​នានា​ដើម្បី​ពង្រឹង និង​លើក​ទឹកចិត្ត​ពួកគេ​ដោយ​សន្តាន​ចិត្ត​ល្អ និង​មាន​អំណរគុណ​សម្រាប់​ការបម្រើ​ដែល​ពួកគេ​បាន​ធ្វើ ។

ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន

វួដ​នីមួយៗ​គួរ​ធ្វើ​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូ​បង្រៀន​ប្រចាំ​ត្រីមាស ដើម្បី​ឲ្យ​គ្រូ​បង្រៀន​អាច​ប្រឹក្សា​ជាមួយ​គ្នា​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ការ​បង្រៀន​ដូចជា​ព្រះគ្រីស្ទ ។ ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ក៏​អាច​ធ្វើឡើង​សម្រាប់​មាតាបិតា​ផងដែរ​ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ១៣.៥, ChurchofJesusChrist.org) ។

តើ​ការប្រជុំ​ទាំងនេះ​គួរ​ធ្វើ​ឡើង​នៅពេល​ណា ?

ការ​ប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ម៉ោង​រៀន​រយៈ​ពេល ៥០ នាទី​នៅ​ថ្ងៃ​អាទិត្យ ។

  • គ្រូបង្រៀន​បព្វជិតភាព សមាគម​សង្គ្រោះ និង​យុវនារី​អាច​ចូល​រួម​នៅ​អាទិត្យទី​មួយ ឬ​អាទិត្យ​ទី​បី តាម​ការ​កំណត់​របស់​ថ្នាក់​ដឹកនាំ​ក្នុង​មូល​ដ្ឋាន ។

  • គ្រូបង្រៀន​សាលា​ថ្ងៃ​អាទិត្យ​អាច​ចូល​រួម​នៅ​អាទិត្យ​ទីពីរ ឬ​អាទិត្យ​ទីបួន តាម​ការ​កំណត់​របស់​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន ។

  • គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា​អាច​ចូលរួម​នៅ​ថ្ងៃ​អាទិត្យ​ណា​ក៏​បាន ដូច​បាន​កំណត់​ដោយ​គណៈប្រធាន​ថ្នាក់​អង្គការ​បឋម​សិក្សា និង​គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ ។ ប្រសិនបើ​មាន​បំណង នោះ​គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា​អាច​ជួប​​ពេល​ផ្សេង​ដាច់​ដោយ​ឡែក​ពី​គ្រូបង្រៀន​ដទៃ​ទៀត ដើម្បី​ប្រឹក្សា​អំពី​ចំណុចពិសេស​នានា​អំពី​ការបង្រៀន​កុមារ ។ ការប្រជុំ​នេះ​អាចធ្វើ​ឡើង​នៅក្នុង​ម៉ោង​ច្រៀង​ចម្រៀង​រយៈពេល ២០ នាទី ពីមុន ឬ​ក្រោយ​ការប្រជុំ​ថ្ងៃ​អាទិត្យ​តាម​ធម្មតា ឬ​នៅ​ថ្ងៃ​មួយ​ទៀត​អំឡុង​សប្ដាហ៍ ។ ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​លើស​ពី​ម្តង​អាច​ធ្វើ​ឡើង​ជាប្រចាំ​ត្រីមាស សម្រាប់​គ្រូបង្រៀន​អង្គការ​បឋម​សិក្សា ដើម្បីកុំ​ឲ្យ​ពួកគេ​ទាំងអស់​គ្នា​អវត្តមាន​ពី​ថ្នាក់​អង្គការ​បឋម​សិក្សា​ក្នុង​សប្តាហ៍​ដដែល​នោះ ។ ( កំណត់​ចំណាំ ៖ បើ​ចាំបាច់ គណៈប្រធាន​អង្គការ​បឋម​សិក្សា​ចាត់តាំង​គ្រូបង្រៀន​ជំនួស បញ្ចូល​ថ្នាក់​រៀន ឬ​ធ្វើ​ការរៀបចំ​ផ្សេង​ទៀត ដើម្បី​ឲ្យ​គ្រូបង្រៀន​ថ្នាក់​បឋម​សិក្សា​ចូលរួម​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន ) ។

  • ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​សម្រាប់​មាតាបិតា​អាច​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ដូច​បាន​កំណត់​ដោយ​ក្រុមប្រឹក្សា​វួដ ។

តើ​នរណា​ខ្លះ​គួរតែ​ចូលរួម ?

បុគ្គល​គ្រប់​រូប​ដែល​បង្រៀន​កូរ៉ុម ឬ​ថ្នាក់​រៀន​នៅក្នុង​វួដ​គួរតែ​ចូលរួម យ៉ាង​ហោច​ណាស់​មាន​អ្នកដឹកនាំ​ម្នាក់​នៃ​បព្វជិតភាព ឬ​អង្គការ​ដែល​ទទួល​ខុសត្រូវ​លើ​កូរ៉ុម ឬ​ថ្នាក់​រៀន​ទាំង​នោះ ។​ បើចាំបាច់ អ្នក​ចូលរួម​អាច​បែងចែក​ជា​ក្រុម​ទៅ​តាម​តម្រូវការ​នៃ​អស់​អ្នក​ដែល​ពួកគេ​បង្រៀន ។ ឧទាហរណ៍ គ្រូបង្រៀន​យុវវ័យ ឬ​កុមារ​អាច​ទទួល​ប្រយោជន៍​ពី​ការប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា​យូរៗ​ម្តង ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជាក់លាក់​ចំពោះ​ការបង្រៀន​យុវវ័យ ឬ​កុមារ ។

សម្រាប់​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​សម្រាប់​មាតា​បិតា នោះក្រុម​ប្រឹក្សា​វួដ​កំណត់​ថា តើគួរ​អញ្ជើញ​មាតាបិតា​ជាក់លាក់​ណា​ម្នាក់ ឬ​ធ្វើ​ការ​បើក​ទូលាយ​ដល់​អស់​អ្នក​ដែល​ចង់​ចូលរួម​គ្រប់​គ្នា ។

តើ​នរណា​ដឹកនាំ​ការប្រជុំ​ទាំងនេះ ?

ដោយ​មាន​ជំនួយ​ពី​គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ ក្រុម​ប្រឹក្សា​វួដ​មើល​ការខុសត្រូវ​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន ។ ពួកគេ​ប្រឹក្សា​ជាមួយ​គ្នា​អំពី​សេចក្ដី​ត្រូវការ​របស់​គ្រូបង្រៀន និង​សិស្ស ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​បាន​អង្កេត​ឃើញ​នៅក្នុង​ថ្នាក់ និង​ការប្រជុំ ។ ពួកគេ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​កំណត់​ថា គោលការណ៍ និង​ការអនុវត្តន៍​ណា​មួយ​មក​ពី ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ដែល​នឹង​បំពេញ​សេចក្តីត្រូវការ​ខ្លាំង​បំផុត ដែល​ពួកគេ​បាន​រក​ឃើញ ។

ជាធម្មតា សមាជិក​នៃគណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ដឹកនាំ​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន ។ ទោះជា​យ៉ាង​ណា​ក្តី​សមាជិក​ផ្សេង​ទៀត​ក្នុង​វួដ​អាច​ត្រូវ​បាន​ចាត់​ឲ្យ​ដឹកនាំ​ការ​ប្រជុំ​ម្ដង​ម្កាល ។ គណៈប្រធាន​កូរ៉ុម និង​គណៈ​ប្រធាន​អង្គការ​នានា​ពង្រឹង​គ្រូបង្រៀន​របស់​ពួកគេ នូវ​គោលការណ៍ និង​ការអនុវត្តន៍​ដែល​បាន​ពិភាក្សា​នៅក្នុង​ការប្រជុំ ។

តើ​មាន​អ្វី​ខ្លះ​គួរ​ធ្វើ​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន ?

ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​គួរតែ​ធ្វើ​តាម​ទម្រង់​ដូច​តទៅ​នេះ ៖

  • ចែកចាយ និង​ប្រឹក្សា​ជាមួយគ្នា ។ អញ្ជើញ​គ្រូបង្រៀន​ឲ្យ​ចែកចាយ​បទពិសោធន៍​ការ​បង្រៀន​ថ្មីៗ សួរ​សំណួរ​ដែលទាក់​ទង​នឹង​ការ​បង្រៀន ហើយ​ចែកចាយ​គំនិត​យោបល់​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នានា ។ ក្នុងការ​ប្រជុំ​ផ្នែក​នេះអាច​រួមបញ្ចូល​នូវ​ការ​រំឭក​អំពី​គោលការណ៍​នានា​ដែល​បាន​ពិភាក្សា​នៅក្នុង​ការ​ប្រជុំ​លើក​មុន​ផង​ដែរ ។

  • រៀន​ជាមួយគ្នា ។ សូម​អញ្ជើញ​គ្រូបង្រៀន​ឲ្យ​ពិភាក្សា​អំពី​គោលការណ៍​មួយ​នៃ​គោលការណ៍​ដូច​ត​ទៅ​នេះ ដែលមាន​នៅក្នុង​ធនធាន​នេះ ៖ ផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន បង្រៀន​ដោយ​ព្រះវិញ្ញាណ បង្រៀន​គោលលទ្ធិ និង អញ្ជើញ​ឲ្យ​រៀន​សូត្រ​ដោយ​ឧស្សាហ៍ ។ គោលការណ៍​ទាំង​នេះ​អាច​ត្រូវបាន​ដោះស្រាយ​តាម​លំដាប់​លំដោយ​ណា​ក៏​បាន ហើយ​លើកលែង​តែ​មាន​ការដឹកនាំ​ដោយ​ក្រុមប្រឹក្សា​វួដ នោះ​អ្នក​ចូលរួម​នៅក្នុង​ការប្រជុំ​អាច​ជ្រើសរើស​គោលការណ៍​បន្ទាប់​ដើម្បី​ពិភាក្សា​ក៏​បាន ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​ចំណាយ​ពេលប្រជុំ​ច្រើន​ជាង​ម្តង​ដើម្បី​ពិភាក្សា​លើ​គោលការណ៍​មួយ ។

  • ដាក់​ផែនការ និង​អញ្ជើញ ។ សូម​ជួយ​គ្រូបង្រៀន​ដាក់​ផែនការ​អំពី​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​គោលការណ៍ ដែល​ពួកគេ​បាន​ពិភាក្សា ។ ប្រសិនបើ​សមរម្យ អ្នក​ក៏​អាច​អនុវត្ត​ជាមួយ​គ្នា​នូវ​ជំនាញ​ដែល​អ្នក​បាន​ពិភាក្សា​គ្នា​ដែរ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា ហើយ​ធ្វើ​សកម្មភាព​ទៅ​លើ​ចំណាប់​អារម្មណ៍​នានា​ដែល​ពួកគេ​ទទួលបាន អំពី​របៀប​អនុវត្ត​គោលការណ៍​នៅ​ក្នុង​ការ​បង្រៀន​របស់​ពួកគេ—រួមមាន​ទាំង​ការខិតខំ​របស់​ពួកគេ​ដើម្បី​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន​របស់​ពួកគេ​ផងដែរ ។ សូមលើក​ទឹកចិត្ត​ពួកគេ​ឲ្យចាប់​ផ្ដើម​សិក្សា​គោលការណ៍​ដែល​នឹង​ត្រូវ​យក​មក​ពិភាក្សា​បន្ទាប់ ។

ការ​ប្រជុំ​ក្រុមប្រឹក្សា​គ្រូ​បង្រៀន​គួរតែ​យក​គំរូ​តាម​គោលការណ៍​នានា​ដែល​បាន​ពិភាក្សា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។

យុវនារី​ឱប​គ្នា

ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​អាច​ជួយ​គ្រូបង្រៀន​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​អនុវត្ត​តាម​គោលការណ៍​ទាំងឡាយ​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ។

ការ​ណែនាំ​ដល់​គ្រូ​បង្រៀន​ដែល​បាន​ហៅ​ថ្មី

ក្នុង​នាម​ជា​អ្នក​ដឹកនាំ អ្នក​មាន​ការទទួល​ខុសត្រូវ​ដើម្បី « ជួប​ជាមួយ​គ្រូបង្រៀន​ដែល​ទើប​នឹង​ហៅ​ថ្មី » នៅក្នុង​អង្គការ​របស់​អ្នក និង « ជួយ​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​ការហៅ​បម្រើ​របស់​ពួកគេ » (ក្បួន​ខ្នាត​ទូទៅ, ១៧.៣, ChurchofJesusChrist.org) ។ ការប្រជុំ​ទាំង​នេះ​គឺ​ជា​ឱកាស​ដើម្បី​ណែនាំ​គ្រូបង្រៀន​ថ្មី​អំពី​ការហៅ​បម្រើ​ដ៏​ពិសិដ្ឋ​នេះ និង​បំផុស​គំនិត​ពួកគេ​ជាមួយ​នឹង​ទស្សនវិស័យ​មួយ​អំពីអត្ថន័យ​នៃ​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។ ក្នុង​នាម​ជា​អ្នកដឹកនាំ អ្នក​អាច​ជួយ​គ្រូបង្រៀន​ថ្មី​ៗ​ឲ្យ​រៀបចំ​ខ្លួន​បម្រើ​ដោយ​ធ្វើ​កិច្ចការ​ដូច​ត​ទៅ​នេះ ៖

  • សូម​បង្ហាញ​ទំនុកចិត្ត​ថា ព្រះអង្គសង្គ្រោះ​នឹង​ជួយ​ពួកគេ​នៅក្នុង​ការហៅ​បម្រើ​របស់​ពួកគេ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:៧៨ ) ។

  • សូម​ជូន​សំណៅ​ចម្លង​នៃ​ធនធាន​នេះ​ទៅ​គ្រូបង្រៀន​ថ្មី ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​វិធី​នានា​ដើម្បី អនុវត្ត​គោលការណ៍​ដែល​មាន​នៅក្នុង​ធនធាន​នេះ នៅក្នុង​ការបង្រៀន​របស់​ពួកគេ ។

  • សូម​ចែកចាយ​អ្វី​គ្រប់​យ៉ាង​អំពី​អង្គការ​របស់​អ្នក​ជាមួយ​គ្រូបង្រៀន​ថ្មី ដែល​នឹង​មាន​ប្រយោជន៍​ឲ្យ​ពួកគេ​ដឹង ។

  • បើ​ចាំបាច់ សូម​ប្រាប់​គ្រូបង្រៀន​ថ្មី​អំពី​បន្ទប់​បង្រៀន និង​មេរៀន​ដែល​ចាប់ផ្តើម​បង្រៀន ។ សូម​ផ្តល់​ព័ត៌មាន​គ្រប់​យ៉ាង​ដែល​ពួកគេ​ត្រូវការ​អំពី​ថ្នាក់​រៀន និង​សមាជិក​ថ្នាក់​របស់​ពួកគេ ។

  • សូម​ពន្យល់​គ្រូបង្រៀន​ថ្មី​ថា អ្នក​អាច​ជួយ​ពួកគេ​ក្នុងការ​ហៅ​បម្រើ​របស់​ពួកគេ ។ បើចាំបាច់ សូម​ផ្តល់​ការគាំទ្រ​នៅក្នុង​ថ្នាក់​រៀន ហើយ​ផ្តល់​សិទ្ធិ​ចូលទៅ​កាន់​ធនធាន​បង្រៀន​នានា​ ។

  • យូរៗ​ម្តង​សូម​អង្កេត​មើលថ្នាក់​រៀន​របស់​គ្រូបង្រៀន​នោះ ហើយ​ផ្តល់​មតិ​កែលម្អ​ដូច​បាន​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ ។

  • សូមអញ្ជើញ​គ្រូ​បង្រៀន​ឱ្យ​ចូលរួម​នៅក្នុង​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ប្រចាំ​ត្រី​មាស ។