ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន


« ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ ២០២២ )

« ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

3:11

ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន

កិច្ចការ​គ្រប់​បែប​យ៉ាង​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ពេញ​ទាំង​ការងារ​បម្រើ​នៅ​លើ​ផែនដី​របស់​ទ្រង់​គឺ​ត្រូវបាន​ជំរុញ​ចិត្ត​មក​ពី​សេចក្តីស្រឡាញ់ ។ នៅពេល​យើង​ព្យាយាម​ធ្វើ​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​របស់​ព្រះគ្រីស្ទ នោះ​យើង​អាច​បាន​ពោរ​ពេញ​ដោយ​សេចក្តីស្រឡាញ់​ដូច​គ្នា​នោះ ( សូមមើល យ៉ូហាន ១៣:៣៤–៣៥; មរ៉ូណៃ ៧:៤៧–៤៨; ៨:២៦ ) ។ នៅពេល​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​មាន​នៅក្នុង​ចិត្ត​របស់​ពួកយើង នោះ​យើង​ព្យាយាម​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​បាន ដើម្បី​ជួយ​អ្នកដទៃ​រៀន​អំពី​ព្រះគ្រីស្ទ ហើយ​មក​រក​ទ្រង់ ។ សេចក្តីស្រឡាញ់​ក្លាយ​ជា​ការជំរុញចិត្ត​សម្រាប់​ការបង្រៀន​របស់​យើង ។

ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន

  • សូម​មើល​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ទៅ​លើ​ពួកគេ ។

  • ព្យាយាម​ស្គាល់​ពួកគេ—យល់​អំពី​កាលៈទេសៈ តម្រូវការ និង​កម្លាំង​របស់​ពួកគេ

  • អធិស្ឋាន​សម្រាប់​ពួកគេ​ដោយប្រើ​ឈ្មោះរបស់ពួកគេ ។

  • បង្កើត​បរិយាកាស​សុវត្ថិភាព​មួយ ជា​កន្លែង​ដែល​មនុស្ស​ទាំង​អស់​ត្រូវបាន​គេ​គោរព ហើយ​ដឹង​ថា ការរួម​ចំណែក​របស់ពួកគេ​ត្រូវបាន​ឲ្យ​តម្លៃ ។

  • ស្វែងរក​របៀប​សមរម្យ​នានា​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​របស់​អ្នក ។

ព្រះអង្គ​សង្គ្រោះ​បាន​ទត​ឃើញ​សក្តានុពល​ដ៏​ទេវភាព​នៅក្នុង​បុគ្គល​គ្រប់​រូប​ដែល​ទ្រង់​បាន​បង្រៀន

មនុស្ស​ភាគច្រើន​នៅក្នុង​ទីក្រុង យេរីខូរ បាន​គិត​ថា ពួកគេ​បាន​ស្គាល់​សព្វ​គ្រប់​អស់ ហើយ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវ​ស្គាល់​អំពី សាខេ ។ គាត់​គឺ​ជា​អ្នក​យក​ពន្ធ និង​ជាអ្នក​ប្រមូល​ពន្ធ—ពិត​ណាស់ ជា​មេ​លើ​អ្នក​យក​ពន្ធ—ហើយ​គាត់​ជា​អ្នក​មាន ។ ប្រាកដ​ណាស់​ពួកគេ​បាន​គិត​ថា គាត់ពិត​ជា​មនុស្ស​គ្មាន​ភាព​ស្មោះត្រង់ និង​ពុករលួយ ។ ប៉ុន្តែ​ព្រះយេស៊ូវបាន​ទត​មើល​ចិត្ត​របស់​សាខេ ហើយ​បាន​ឃើញ​ថា គាត់​ជា « ពូជ​លោក​អ័ប្រាហាំ » ដ៏​សុចរិត​ទៀងត្រង់​ម្នាក់ ( សូមមើល លូកា ១៩:១–១០ ) ។ ព្រះអង្គសង្គ្រោះ​មិន​ទត​មើល​មនុស្ស​តែ​សម្បក​ក្រៅ​នោះ​ទេ ប៉ុន្តែ​ទ្រង់​ទត​មើលពី​ភាពពិត​ប្រាកដ​របស់​ពួកគេ—និង​អ្វី​ដែល​ពួកគេ​អាច​ប្រែក្លាយ ។ ចំពោះ​ពួកអ្នក​នេសាទ​ត្រី​ដែល​ដូច​ពេជ្រ​មិន​ទាន់​ច្នៃ​មានដូចជា ស៊ីម៉ូន, អនទ្រេ, យ៉ាកុប និង យ៉ូហាន នោះ​ទ្រង់​បាន​ទត​ឃើញ​ពួកគេ​ថា ជា​អ្នក​ដឹកនាំ​សាសនាចក្រ​នា​ពេល​អនាគត​ទៅ​វិញ ។ ចំពោះ​ប៉ុល​ដែល​ជា​អ្នក​បៀតបៀន​ដ៏​គួរ​ឲ្យ​ខ្លាច​រអា នោះ​ទ្រង់​បាន​ទត​ឃើញ​ថា ជា « ប្រដាប់រើស​តាំង » ដែល​នឹង​ផ្សាយ​ដំណឹងល្អ​របស់​ទ្រង់​នៅ​ចំពោះ​ពួកស្តេច និង​ប្រជាជាតិ​ជា​ច្រើន​វិញ ( សូមមើល កិច្ចការ ៩:១០–១៥ ) ។ ចំណែក​ឯ​អ្នក និង​មនុស្ស​ម្នាក់ៗ​ដែល​អ្នក​បង្រៀន​វិញ នោះ​ព្រះអង្គសង្គ្រោះ​ទត​ឃើញ​ថា ជា​បុត្រា ឬ​បុត្រី​ម្នាក់​របស់​ព្រះ​ដែល​មាន​សក្ដានុពល​គ្មាន​ដែនកំណត់ ។

នៅក្នុង​ចំណោម​មនុស្ស​ដែល​អ្នក​បង្រៀន អ្នក​ទំនង​ជា​មាន​បុគ្គល​ខ្លះ​ដែល​ហាក់ដូច​ជា​ស្មោះត្រង់ និង​បាន​ប្រែចិត្ត​ជឿ ហើយ​មាន​បុគ្គល​ខ្លះ​ទៀត​ហាក់​ដូច​ជា​ពុំ​ចាប់អារម្មណ៍ ឬ​ថែមទាំង​បះបោរ​ទៀត​ផង ។ សូម​ប្រុងប្រយ័ត្ន​កុំ​ធ្វើការ​ប៉ាន់ស្មាន​ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​ឃើញ​ឡើយ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​នៅក្នុង​មនុស្ស​ម្នាក់ៗ​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ទត​ឃើញ—ហើយ​ជួយ​អ្នក​ឲ្យ​ចាប់ផ្តើម​ស្រឡាញ់​ពួកគេ​ដូច​ទ្រង់​ស្រឡាញ់​ពួកគេ​ដែរ ។

សំណួរ​ពិចារណា ៖ សូម​គិត​អំពី​បុគ្គល​ម្នាក់ៗ​ដែល​អ្នក​បង្រៀន ហើយ​ជញ្ជឹងគិតថា ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​មាន​ចំពោះ​ពួកគេ​ម្នាក់ៗ​បែប​ណា ។ តើ​ទ្រង់​ទាំង​ទ្វេ​អាច​ទត​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ពួកគេ ? តើ​គំនិត​ទាំង​នេះ​នឹង​ជះឥទ្ធិពល​មកលើ​របៀប​ដែល​អ្នក​បង្រៀន​ពួកគេ​យ៉ាង​ដូចម្តេច ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ សាំយូអែល​ទី១ ១៦:៧; ទំនុកតម្កើង ៨:៤–៥; រ៉ូម ៨:១៦–១៧; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:១០–១៤

ព្រះអង្គ​សង្គ្រោះ​ស្គាល់​ពួកយើង ហើយ​យល់​ពី​កាលៈទេសៈ តម្រូវការ និង​កម្លាំង​របស់​ពួកយើង

ស្ត្រី​សាសន៍​សាម៉ារី​ពុំ​បាន​មក​ឯ​អណ្តូង​ទឹក​ដើម្បី​ស្តាប់​សារលិខិត​នៃ​ដំណឹងល្អ​នោះ​ទេ ។ គាត់​គ្រាន់តែ​មក​ដង​ទឹក​ប៉ុណ្ណោះ ។ ប៉ុន្តែ​ព្រះអង្គសង្គ្រោះ​អាច​ជ្រាប​ដឹង​ថា ស្ត្រី​នោះ​ស្រេក​ទឹក​លើស​ពី​ការស្រេក​ទឹក​ខាង​រូបកាយ​ទៅ​ទៀត ។ ទ្រង់​បានជ្រាប​ដឹង​ថា ស្ត្រី​នោះមាន​អតីតកាល​ដ៏​អំពល់​ចិត្ត​មួយ​គឺ​ទំនាក់ទំនង​មិន​ឋិតថេរ ។ ដូច្នេះ​ព្រះយេស៊ូវ​បាន​យក​តម្រូវការ​ខាង​សាច់​ឈាម—គឺ​ទឹក​ដែល​ទ្រទ្រង់​ជីវិត​ឲ្យ​រស់—​ដែល​បាន​ធ្វើ​ឲ្យ​ស្ត្រី​នោះចាប់​អារម្មណ៍​ភ្លាម ហើយ​បាន​ផ្សារភ្ជាប់​វា​ទៅ​នឹង​តម្រូវការ​ខាង​វិញ្ញាណ​ដ៏​ស៊ីជម្រៅ​របស់​គាត់​គឺ « ទឹក​រស់ » និង « ជីវិត​អស់កល្ប​ជានិច្ច » ។ នៅ​ចុង​បញ្ចប់​នៃ​ការសន្ទនា ស្ត្រី​នោះ​បាន​មាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​មួយ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ដែល​បានបំផុស​គំនិត​ដល់​នាង​ដោយ​របៀប​ដែល ទ្រង់​ស្គាល់​គាត់​ច្បាស់ ។ គាត់​បាន​ថ្លែង​ថា « [ ទ្រង់ ] ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំងអស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត » ។ « តើ​អ្នក​នោះ​មិនមែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី ? » ( សូមមើល យ៉ូហាន ៤:៦–២៩ ) ។

ការ​ធ្វើ​ជា​គ្រូបង្រៀន​ដូចជា​ព្រះគ្រីស្ទ​ រួម​មានការ​ស្គាល់​មនុស្ស​ដែល​អ្នក​បង្រៀន និង​ការ​ព្យាយាម​ស្វែងយល់​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ។ អ្នក​អាច​ចាប់​អារម្មណ៍​លើ​ជីវិត​របស់​ពួកគេ ហើយ​បង្ហាញ​សេចក្តីអាណិត​អាសូរ ។ អ្នក​អាច​ស្វែងរក​វិធី​នានា​ដើម្បី​ស្វែង​យល់​ពី​ប្រវត្តិ ទេពកោសល្យ ចំណាប់​អារម្មណ៍ និង​តម្រូវការ​របស់​ពួកគេ ។ អ្នក​អាច​ឈ្វេង​យល់​ពី​របៀប​ដែល​ពួកគេ​រៀន​បាន​ល្អ​បំផុត ។ អ្នក​អាច​សួរសំណួរ ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់ និង​អង្កេត ។ សំខាន់​ជាង​អ្វីៗ​ទាំងអស់​គឺ​អ្នក​អាច​អធិស្ឋាន​សូម​ការយល់​ដឹង​ដែល មាន​តែ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ការណ៍​នេះបាន ។ កាល​ណា​អ្នក​ស្គាល់​មនុស្ស​ម្នាក់​បាន​ច្បាស់ នោះ​អ្នក​អាចជួយ​ពួកគាត់​ឲ្យ​រក​ឃើញ​អត្ថន័យ និង​អំណាច​ផ្ទាល់​ខ្លួន​នៅក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ​ឡើង ។ នៅពេល​អ្នក​យល់​ពី​ការស្រេក​ឃ្លាន​របស់​មនុស្ស​ម្នាក់ នោះ​ព្រះវិញ្ញាណ​អាច​បង្រៀន​អ្នក​នូវ​របៀប​ជួយ​បំបាត់​ការ​ស្រេក​ឃ្លាន​នោះ ជាមួយ​នឹង​ទឹក​រស់​របស់​ព្រះអង្គសង្គ្រោះ ។

សំណួរ​ពិចារណា ៖ តើ​អ្នក​បាន​ស្គាល់​អ្វី​ខ្លះ​ហើយ​អំពី​មនុស្ស​ដែល​អ្នក​បង្រៀន ? តើ​អ្វី​ដែល​សំខាន់​ចំពោះ​ពួកគេ ? តើ​អ្វី​ជា​ភាព​ខ្លាំង​របស់​ពួកគេ ? តើ​ពួកគេ​ជួប​បញ្ហា​លំបាក​អ្វី​ខ្លះ ? តើ​អ្នក​អាច​ធ្វើអ្វីខ្លះ​ដើម្បី​យល់​ពី​ពួកគេ​ឲ្យ​បាន​កាន់តែ​ច្បាស់ ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ ទំនុកតម្កើង ១៣៩:១–៥; ម៉ាថាយ ៦:២៥–៣២; ម៉ាកុស ១០:១៧–២១; យ៉ូហាន ១០:១៤; នីហ្វៃ​ទី ៣ ១៧:១–៩

ព្រះអង្គសង្គ្រោះ​បាន​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​ទ្រង់​បាន​បង្រៀន

សូម​គិត​ស្រមៃ​អំពី​អារម្មណ៍​ដែល ស៊ីម៉ូន ពេត្រុស មាន​ពេល​លោក​បាន​ស្តាប់​ឮ​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​មក​កាន់​លោក​ថា « ស៊ីម៉ូនៗ​អើយ មើល​សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា … ប៉ុន្តែ​ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ » ( លូកា ២២:៣១–៣២ ) ។ តើ​វា​នឹង​ជះឥទ្ធិពល​ដល់​អ្នក​ដូចម្តេច នៅពេល​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​សម្រាប់​អ្នក​នោះ ? ប្រជាជន​នៅ​អាមេរិក​កាល​ពីបុរាណ​បាន​មាន​បទពិសោធន៍​មួយ​ដូច​នេះ ហើយ​ពួកគេ​បាន​ពិពណ៌នា​ពី​បទពិសោធន៍​នោះ​បែប​នេះ​ថា « ហើយ​គ្មាន​អ្នក​ណា​មួយ​អាច​យល់​នូវ​សេចក្ដី​អំណរ​ដែល​ពោរពេញ​នៅ​ក្នុង​ព្រលឹង​នៃ​យើង នៅ​ពេល​យើង​បាន​ឮ [ ព្រះយេស៊ូវ ] អធិស្ឋាន​ដល់​ព្រះ​វរបិតា​សម្រាប់​យើង​នោះ​ទេ » ( នីហ្វៃទី៣ ១៧:១៧ ) ។

អ្នក​ក៏​អាច​គិត​ផងដែរ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅក្នុង​ចិត្ត​របស់​អ្នក ពេល អ្នក អធិស្ឋាន​សម្រាប់​នរណា​ម្នាក់—ដោយ​ខ្ជាប់​ខ្ជួន​ដោយ​ប្រើ​ឈ្មោះ​របស់​ពួកគេ ។ តើ​ការអធិស្ឋាន​របស់​អ្នក​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​មាន​អារម្មណ៍​ចំពោះ​បុគ្គល​នោះ​ដូចម្តេច ? តើ​វា​ជះឥទ្ធិពល​ដល់​សកម្មភាព​របស់​អ្នក​ដូចម្តេច ? ប្រាកដ​ណាស់​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​ព្រះសណ្តាប់ និង​ឆ្លើយ​តប​ការអធិស្ឋាន​ដ៏​ស្មោះសរ​របស់​គ្រូបង្រៀន​មួយ​រូប ដែល​មាន​បំណង​ជួយ​សិស្ស ។ ហើយ​នៅក្នុង​ការណ៍​ជា​ច្រើន របៀប​មួយ​ដែល​ទ្រង់​ឆ្លើយ​តប​ការអធិស្ឋាន​ទាំង​នោះ គឺ​តាមរយៈ​ការធ្វើ​ឲ្យ​មាន​ការរំជួល​ចិត្ត​ដល់​គ្រូបង្រៀន ហើយ​បំផុស​គំនិត​គាត់​ឲ្យ​ធ្វើ ឬ​និយាយ​អ្វី​ដែល​នឹង​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​នៃសេចក្តីស្រឡាញ់​របស់​ទ្រង់ ។

សំណួរ​ពិចារណា ៖ នៅពេល​អ្នក​គិត​ពី​មនុស្ស​ដែល​អ្នក​បង្រៀន តើ​មាន​នរណា​ម្នាក់​ដែល​អ្នក​ទទួល​អារម្មណ៍​ថា មាន​តម្រូវការ​ពិសេស​មួយ​ដែល​ត្រូវការ​ការអធិស្ឋាន​របស់​អ្នក​ដែរ​ឬទេ ? តើ​អ្នក​ទទួល​អារម្មណ៍​បំផុស​គំនិតឲ្យ​អធិស្ឋាន​អ្វី​ខ្លះ​ជំនួស​ពួកគេ ? តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​កើត​មាន ពេល​អ្នក​អញ្ជើញ​សិស្ស​ឲ្យ​អធិស្ឋាន​សម្រាប់​គ្នា​ទៅវិញ​ទៅមក​នោះ ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ យ៉ូហាន ១៧; អាលម៉ា ៣១:២៤–៣៦; នីហ្វៃ​ទី ៣ ១៨:១៥–២៤; ១៩:១៩–២៣, ២៧–៣៤

ព្រះអង្គសង្គ្រោះ​បាន​ធ្វើឲ្យ​ប្រាកដ​ថា មនុស្ស​ទាំងអស់​ទទួល​អារម្មណ៍​ថា ពួកគេ​ត្រូវបាន​គេ​គោរព និង​ផ្តល់​តម្លៃ​ឲ្យ

ឥរិយាបថ​ទូទៅ​ក្នុង​ចំណោម​អ្នកដឹកនាំ​សាសនា​នៅ​សម័យ​ព្រះយេស៊ូវ​គឺ​ថា ត្រូវចៀស​ចេញ​ពី​មនុស្ស​មាន​បាប ។ ដោយសារ​រឿង​នេះ ពេល​អ្នកដឹកនាំ​ទាំង​នេះ​បាន​ឃើញ​ព្រះយេស៊ូវ​ទាក់ទង​មនុស្ស​មាន​បាប នោះ​ពួកគេ​បាន​ស្រឡាំងកាំង ។ តើ​បុគ្គល​ម្នាក់​ដែល​ជាប់​ទាក់ទង​ជាមួយ​មនុស្ស​បែប​នេះ អាច​ធ្វើ​ជា​គ្រូបង្រៀន​ខាង​វិញ្ញាណ​បាន​ដូចម្តេច ?

ប្រាកដណាស់​ព្រះយេស៊ូវ​បាន​ប្រើ​វិធីសាស្ត្រ​មួយ​ផ្សេង ។ ទ្រង់​បាន​ព្យាយាម​ព្យាបាល​អស់​អ្នក​ដែល​ឈឺ​ខាង​វិញ្ញាណ ( សូមមើល ម៉ាកុស ២:១៥–១៧; លូកា ៤:១៧–១៨ ) ។ ទ្រង់​បាន​ឈោង​ទៅ​ជួយ​អស់​អ្នក​ដែល​មាន​លក្ខណៈ​ខុស​ពី​អស់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន ឬ​អ្នក​ដែល​មាន​អតីតកាល​ដ៏​អំពល់​ចិត្ត ហើយ​ទ្រង់​បាន​ទាក់ទង​ជាមួយ​អស់​អ្នក​ដែល​មាន​អំពើ​បាបជា​ប្រចាំ ។ ទ្រង់​បាន​ស្ងើច​សរសើរ​ដល់​សេចក្តីជំនឿ​របស់​ពួកទាហាន​រ៉ូម ( សូមមើល ម៉ាថាយ ៨:៥–១៣ ) ។ ទ្រង់​បាន​ហៅ​អ្នក​ប្រមូល​ពន្ធ​ដែល​គ្មាន​ទំនុក​ចិត្ត ឲ្យ​ធ្វើ​ជា​សិស្ស​ដ៏​មាន​ទំនុកចិត្ត​ម្នាក់​របស់​ទ្រង់ ( សូមមើល ម៉ាកុស ២:១៤ ) ។ នៅពេល​ស្ត្រី​ម្នាក់​ត្រូវបាន​ចោទ​ប្រកាន់​អំពី​ការសាហយ​ស្មន់ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​សុវត្ថិភាព ហើយ​បាន​បំផុស​គំនិត​នាង​ឲ្យ​ប្រែចិត្ត និង​រស់នៅ​ក្នុង​ជីវិត​ដ៏​ប្រសើរ​ឡើង ( សូមមើល យ៉ូហាន ៨:១–១១ ) ។

ប៉ុន្តែ​ព្រះយេស៊ូវគ្រីស្ទ​បានធ្វើ​ច្រើន​លើសពី​នោះទៅទៀត ។ ទ្រង់​បាន​បណ្តុះ​ឥរិយា​បថ​នៃ​ការទទួលយក និង​សេចក្តីស្រឡាញ់​នេះ​នៅក្នុង​ចំណោម​អ្នកដើរ​តាម​របស់​ទ្រង់ ។ គំរូ​របស់​ទ្រង់បាន​ចាក់​ឫស​យ៉ាង​មាំនៅក្នុង​ចិត្ត​របស់​ពួក​សាវក​របស់​ទ្រង់ នៅពេល​ដល់​គ្រា​ដែល​ពួកលោក​ត្រូវ​យក​ដំណឹងល្អ​ទៅ​កាន់​មនុស្ស​ទាំងអស់ ។ ការណ៍​នេះ​ឆ្លុះ​បញ្ចាំង​នៅក្នុង​ពាក្យ​សម្តី​របស់​ពេត្រុស ៖ « ប្រាកដមែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ( កិច្ចការ ១០:៣៤ ) ។

មាន​ឱកាស​ដ៏​ល្អ​មួយដែល​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ដែល​អ្នក​ត្រូវបាន​ហៅ​ឲ្យ​បង្រៀន កំពុង​ជួប​បញ្ហា​តាម​របៀប​ណាមួយ ដើម្បី​ទទួល​អារម្មណ៍​ថា មាន​គេ​គោរព និង​ផ្តល់​តម្លៃ​ឲ្យ ។​ តាមរយៈ​របៀប​ដែល​អ្នក​ស្រឡាញ់ និង​គោរព​ពួកគេ នោះ​អ្នក​អាច​ទាក់ទង​នឹង​ពួកគេ ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួលអារម្មណ៍​ថា យើង​មិន​គ្រាន់តែ​ស្វាគមន៍​ពួកគេ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវការពួកគេ​ទៀត​ផង ។ អ្នក​អាច​ឈោង​ទៅ​ជួយ​អស់​អ្នក​ដែល​ពុំ​បាន​ចូល​រៀន អ្នក​ដែល​ជួប​បញ្ហា ឬ​អ្នក​ដែល​ហាក់​ដូចជា​មិន​ចាប់​អារម្មណ៍ សូម​មាន​ចិត្ត​អត់ធ្មត់ ប្រសិនបើ​កិច្ចការ​នោះ​មិន​សូវ​មាន​ការរីកចម្រើន ។ អ្នក​អាច​ជួយ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ទទួល​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​ឥតភ័យ​បារម្ភ​ក្នុង​ការចែកចាយ​កង្វល់​របស់​ពួកគេ​ជាមួយ​អ្នក​ដែល​ជឿ​ដូច​គ្នា ។ ហើយ​អ្នក​អាច​ធ្វើ​ច្រើន​លើស​ពី​នេះ​ទៀត ។ អ្នក​អាច​បំផុស​គំនិត​ដល់​សិស្ស​ទាំងអស់​ឲ្យ​ជួយ​អ្នក​បង្កើត​បរិយាកាស​មួយ ជា​កន្លែង​ដែល​គោលលទ្ធិ​ត្រូវបាន​បង្រៀន​ក្នុង​ស្មារតី​មួយ​នៃ​ការគោរព ការរួមចំណែក និង​សេចក្តីស្រឡាញ់ ។

សំណួរ​ពិចារណា ៖ តើ​មាន​អ្វី​ដែលជួយ​ឲ្យ​បុគ្គល​ម្នាក់​ទទួល​អារម្មណ៍​ថា​ត្រូវបាន គេ​គោរព និង​ផ្តល់​តម្លៃ​ឲ្យ ? តើ​មាន​អ្វី​ដែល​បំផុស​គំនិត​បុគ្គល​ម្នាក់​ឲ្យ​គោរព និង​ផ្តល់​តម្លៃ​ដល់​អ្នក​ដទៃ ? នៅពេល​អ្នក​គិត​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​មនុស្ស​ដែល​អ្នក​បង្រៀន តើ​មាន​ការបំផុស​គំនិត​ឲ្យ​អ្នក​ធ្វើ​អ្វី​ខ្លះ ដើម្បី​ពួកគេ​ទាំងអស់គ្នា​អាច​ទទួល​អារម្មណ៍​ស្វាគមន៍ និង​ត្រូវការ ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ យ៉ូហាន ៤; នីហ្វៃ​ទី ២ ២៦:២៧–២៨, ៣៣; អាលម៉ា ១:២៦; នីហ្វៃ​ទី ៣ ១៨:២២–២៥

ឪពុក​បង្រៀន​កូនៗ

គ្រូបង្រៀន​អាច​ជួយ​អស់​អ្នក​ដែល​ពួកគេ​បង្រៀន​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ ។

ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដល់​អស់​អ្នក​ដែល​ទ្រង់​បាន​បង្រៀន

នៅចុង​បញ្ចប់​នៃ​ការបង្រៀន និង​ការផ្តល់​ការងារ​បម្រើ​ដ៏​អស្ចារ្យ និង​លើក​ស្ទួយ​នៅក្នុង​ចំណោម​សាសន៍​នីហ្វៃ នោះ​ព្រះយេស៊ូវ​បាន​អង្កេត​ឃើញ​ថា វា​ដល់​ពេល​ដែល​ទ្រង់​ត្រូវ​យាង​ទៅ​ហើយ ។ មាន​មនុស្ស​ផ្សេង​ទៀត​ដែល​ទ្រង់​ត្រូវ​ទៅ​ជួប ។ ទ្រង់​បាន​ព្រះបន្ទូល​ថា « ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ផ្ទះ​អ្នក​វិញ​ចុះ ហើយ​ប្រុងប្រៀប​ចិត្ត​គំនិត​របស់​អ្នក​ចាំ​ថ្ងៃ​ស្អែក ។ » ប៉ុន្តែ​ប្រជាជន​នៅតែ​អង្គុយ​នៅ​ទីនោះ « ស្រក់​ទឹក​ភ្នែក » សម្លឹង « ព្រះ​អង្គ​យ៉ាង​ខ្ជាប់ ហាក់​បី​ដូច​ជា​ពួក​គេ​សូម​ឲ្យ​ទ្រង់​ទ្រាំ​នៅ​ជាមួយ​នឹង​គេ​បន្តិច​ទៀត ។ » ដោយ​ដឹង​ពី​តម្រូវការ​ដែល​ពុំ​បាន​និយាយ​របស់​ពួកគេ និង « ពោរពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​មេត្តា » នោះ​ព្រះយេស៊ូវ​បាន​គង់​នៅ​យូរ​បន្តិច​ទៀត ( នីហ្វៃ​ទី ៣ ១៧:៣, ៥–៦ ) ។ ទ្រង់​ប្រសិទ្ធពរ​អ្នក​ឈឺ និង​អ្នក​រង​ទុក្ខ​របស់​ពួកគេ ។ ទ្រង់​បាន​លុត​ជង្គង់ ហើយ​អធិស្ឋាន​ជាមួយ​ពួកគេ ។ ទ្រង់​បាន​ព្រះកន្សែង​ជាមួយ​ពួកគេ ហើយ​ទ្រង់​បាន​អររីករាយ​ជាមួយ​ពួកគេ ។

សូម​ពិចារណា​ពី​ការសិក្សា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​ព្រះបន្ទូល និង​សកម្មភាព​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃ​ទី ៣ ១៧ ។ សូម​ត្រិះរិះ​គិត​ពី​សេចក្តីស្រឡាញ់​ដែល​ទ្រង់​បាន​បង្ហាញ​ដល់​អស់​អ្នក​ដែល​ទ្រង់​បាន​បង្រៀន ។ សូម​រកមើល​ការបង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ព្រះគម្ពីរ ។ បន្ទាប់​មក​សូម​គិត​ពី​មនុស្ស​ដែល​អ្នក​បង្រៀន ។ តើ​អ្នក​បង្ហាញ​សេចក្តី​ស្រឡាញ់​ដោយ​សមរម្យ​ចំពោះ​ពួកគេ​តាម​របៀប​ណា ? សូម​​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក ។ ប្រសិនបើ​អ្នក​ឃើញ​ថា វា​ពិបាក​ដើម្បី​បង្ហាញ​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ដល់​អស់​អ្នក​ដែល​អ្នក​បង្រៀន នោះ​សូម​ចាប់ផ្តើម​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។ បន្ទាប់​មក « អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នករាល់​គ្នា​បាន​ពោរពេញ​ដោយ [ សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ] ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នកណា​ដែល​ជា​អ្នកដើរតាម​ដ៏ពិត នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ( មរ៉ូណៃ ៧:៤៨ ) ។ ហើយ​សូម​ចងចាំ​ថា កង្វល់​របស់​អ្នក​ចំពោះ​ការបង្រៀន​មេរៀន​គួរតែ​ពុំ​មែន​ជា​ការរំខាន​ដល់​អ្នក​ក្នុង​ការបង្ហាញ​សេចក្តីស្រឡាញ់​តាមរយៈ​ពាក្យ​សម្តី និង​សកម្មភាព​របស់​អ្នក​នោះ​ទេ ។ ជារឿយៗ របៀប​ដែល​អ្នក​ប្រព្រឹត្ត​នឹង​មនុស្ស​គឺ​សំខាន់​ដូចជា​អ្វី​ដែល​អ្នក​បង្រៀន​ដល់​ពួកគេ​ដែរ ។

សំណួរ​ពិចារណា ៖ តើ​ព្រះអង្គសង្គ្រោះ​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ពី​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ? តើ​មាតា​បិតា ឬ​គ្រូបង្រៀន​ផ្សេង​ទៀត​បាន​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដូចម្តេច ? តើ​មនុស្ស​ដែល​អ្នក​បង្រៀន​ដឹង​ថា អ្នក​ស្រឡាញ់​ពួកគេ​ដែរ​ឬ​ទេ ?​ តើ​ពួកគេ​ដឹង​ថា​ព្រះអង្គសង្គ្រោះ​ស្រឡាញ់​ពួកគេ​ដែរ​ឬ​ទេ ?

ចេញ​មក​ពី​ព្រះគម្ពីរ ៖ ម៉ាកុស ៦:៣១–៤២; យ៉ូហាន ១៣:៣–១៦, ៣៤–៣៥; ១៥:១២–១៣; កូរិនថូស​ទី ១ ១៣:១–៧; យ៉ូហាន​ទី ១ ៤:៧–១១

របៀប​មួយ​ចំនួន​ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​កំពុង​រៀន

  • ប្រសិនបើ​អ្នក​កំពុង​បង្រៀន​ថ្នាក់​មួយ សូម​រៀន​ស្គាល់​ឈ្មោះ​សិស្ស ហើយ​ហៅ​ឈ្មោះ​ទាំង​នោះ​ពេល​អ្នក​បង្រៀន ។

  • សូម​បង្ហាញ​អំណរគុណ​របស់​អ្នក ពេល​សិស្ស​ចូលរួម​ចំណែក ។

  • សូម​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សិស្ស​ពីមុន និង​ក្រោយ​ពេល​អ្នក​បង្រៀន ។

  • សូម​ជួយ​សិស្ស​ឲ្យ​បង្កើត​បរិយាកាស​នៃ​សេចក្តីស្រឡាញ់ និង​ការគោរព​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។

  • សូម​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់—ពេល​អ្នកកំពុង​បង្រៀន និង​ពេល​ផ្សេងៗ​ទៀត ។

  • សូមផ្តល់​ការបម្រើ​ដល់​អស់​អ្នក​ទាំងឡាយ​ដែល​អ្នក​បង្រៀន ។

  • សូម​មាន​ឆន្ទៈ​ក្នុង​ការកែសម្រួល​ផែនការ​បង្រៀន​របស់​អ្នក ដើម្បី​ចំណាយ​ពេល​ឲ្យ​កាន់តែ​ច្រើន​លើ​គោលការណ៍​ទាំងឡាយ​ដែល​មាន​អត្ថន័យ​ចំពោះ​អស់​អ្នក​ដែល​អ្នក​បង្រៀន ។