« បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនដោយព្រះវិញ្ញាណ ( ឆ្នាំ២០២៣ )
« បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនដោយព្រះវិញ្ញាណ
គោលការណ៍នៃការបង្រៀនដូចជាព្រះគ្រីស្ទ ៖ បង្រៀនដោយព្រះវិញ្ញាណ
បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ ។
ជំនាញ
បង្កើតស្វ័យវាយតម្លៃសម្រាប់សិស្សអំពីគោលលទ្ធិ សេចក្តីពិត ឬគោលការណ៍មួយ ។
កំណត់និយមន័យ
ការបង្រៀនដោយព្រះវិញ្ញាណរួមមានការជួយសិស្សឲ្យពិចារណាអំពីទស្សនវិស័យ អារម្មណ៍ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដែលទាក់ទងនឹងសេចក្តីពិតជាក់លាក់ ។ វិចារណញាណ និងការវាយតម្លៃខ្លួនឯងនេះអាចយាងព្រះវិញ្ញាណបរិសុទ្ធឲ្យជួយសិស្សម្នាក់ៗមើលឃើញរឿងទាំងឡាយ « តាមដែលមាននៅពេលនេះ ហើយ … តាមដែលនឹងមាននៅពេលខាងមុខ » ( យ៉ាកុប ៤:១៣ ) នៅក្នុងជីវិតរបស់ពួកគេ ។ ស្វ័យវាយតម្លៃប្រកបដោយប្រសិទ្ធភាពជួយសិស្សឲ្យពិចារណាអំពី ( ១ ) ការយល់ដឹងផ្ទាល់ខ្លួននាពេលបច្ចុប្បន្នរបស់ពួកគេអំពីសេចក្តីពិតមួយជាក់លាក់ ( ២ ) មូលហេតុដែលសេចក្តីពិតទាំងនេះទាក់ទងនឹងជីវិត និងស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ និង ( ៣ ) របៀបរស់នៅតាមសេចក្តីពិតនេះឲ្យបានកាន់តែប្រសើរឡើង ។ អ្នកអាចអញ្ជើញឲ្យមានស្វ័យវាយតម្លៃនេះនៅគ្រប់ពេលអំឡុងពេលបង្រៀន តាមរយៈមធ្យោបាយផ្សេងៗរួមមាន សកម្មភាពសរសេរ សំណួរពិភាក្សា និងការអញ្ជើញឲ្យអនុវត្តគោលលទ្ធិ និងគោលការណ៍ ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
នេះជាឧទាហរណ៍ពីរបីនៃរបៀបដែលអ្នកអាចបង្កើតស្វ័យវាយតម្លៃសម្រាប់សិស្ស ៖
-
នៅពេលចាប់ផ្តើមថ្នាក់រៀន អ្នកអាចអញ្ជើញសិស្សឲ្យកត់ត្រាដោយសង្ខេបនៅក្នុងសៀវភៅកំណត់ត្រារបស់ពួកគេ អំពីការយល់ដឹងបច្ចុប្បន្នរបស់ពួកគេអំពីច្បាប់នៃដង្វាយមួយភាគក្នុងដប់ ។
-
នៅពេលបញ្ចប់ថ្នាក់រៀន អ្នកអាចអញ្ជើញសិស្សឲ្យជញ្ជឹងគិតថា « តើការយល់ដឹងរបស់ប្អូនអំពីច្បាប់នៃដង្វាយមួយភាគក្នុងដប់ បានផ្លាស់ប្តូរខុសពីពេលចាប់ផ្តើមថ្នាក់រៀនយ៉ាងដូចម្តេចខ្លះ ? »
-
បន្ទាប់ពីរកឃើញគោលការណ៍ផ្សេងៗជាមួយគ្នាមកពីបណ្តុំបទគម្ពីរហើយ អ្នកអាចសួរសិស្សថា « តើប្អូនចាត់ចំណាត់ថ្នាក់អំពីលំដាប់នៃសារៈសំខាន់របស់គោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់ប្អូនដោយរបៀបណា ? »
-
អំឡុងពេលការពិភាក្សាក្នុងថ្នាក់ អ្នកអាចសូមឲ្យសិស្សគិតអំពីរបៀបដែលដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ជះឥទ្ធិពលលើជីវិតរបស់ពួកគេមកដល់ត្រឹមចំណុចនេះ ។
-
អ្នកអាចអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេអាចអនុវត្តអ្វីដែលពួកគេបានរៀន ៖ « សូមពិចារណាអំពីសភាពបច្ចុប្បន្នដែលប្អូនកំពុងមើល ‹ មកឯ [ ព្រះគ្រីស្ទ ] ដោយនូវគ្រប់ទាំងគំនិត › ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ) ។ សូមកត់ត្រាអំពីអារម្មណ៍ដែលប្អូនគិតថាជាជំហានបន្ទាប់ ដើម្បីឲ្យប្អូនកែលម្អទំនាក់ទំនងរបស់ប្អូនជាមួយទ្រង់ទាក់ទងនឹងបញ្ហានេះ » ។
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមប្រើការអនុវត្តមួយ ឬច្រើននៃការអនុវត្តខាងក្រោមនេះ ដើម្បីកែលម្អសមត្ថភាពរបស់អ្នកដើម្បីបង្កើតស្វ័យវាយតម្លៃសម្រាប់សិស្សរបស់អ្នក ៖
-
សូមមើលផែនការមេរៀនបន្ទាប់ ។ សូមជ្រើសរើសគោលលទ្ធិមួយដែលអ្នកកំពុងគ្រោងផ្តោតលើ ។ សូមហាត់សរសេរស្វ័យវាយតម្លៃសាមញ្ញពីរ ឬបីឃ្លាដែលសិស្សអាចប្រើ ដើម្បីពិចារណាអំពីការយល់ដឹងបច្ចុប្បន្នរបស់ពួកគេអំពីគោលលទ្ធិនេះ ឬរបៀបដែលការយល់ដឹងរបស់ពួកគេបានផ្លាស់ប្តូរដោយសារតែអ្វីដែលពួកគេបានរៀន ។
-
សូមជ្រើសរើសគ្រាណាមួយនៅក្នុងមេរៀនបន្ទាប់ ជាពេលដែលគ្រោងធ្វើការពិភាក្សាក្នុងថ្នាក់ ។ សូមហាត់សរសេរសំណួរពីរ ឬបីដែលជួយសិស្សឲ្យវាយតម្លៃទស្សនវិស័យ និងបទពិសោធន៍របស់ពួកគេផ្ទាល់ ទាក់ទងនឹងគោលការណ៍ដែលនឹងរកឃើញ ។
-
សូមស្វែងរកកន្លែងមួយនៅក្នុងផែនការមេរៀនបន្ទាប់ ជាកន្លែងដែលអ្នកនឹងផ្តោតលើការអនុវត្ត ។ ជាជាងគ្រាន់តែការអញ្ជើញសិស្សឲ្យអនុវត្តគោលលទ្ធិ ឬគោលការណ៍ជាក់លាក់ណាមួយ សូមហាត់សរសេរការអញ្ជើញពីរ ឬបីដែលជួយពួកគេឲ្យវាយតម្លៃការអនុវត្តបច្ចុប្បន្នរបស់ពួកគេ និងរបៀបដើម្បីបន្តកែលម្អ ។
ពិភាក្សា ឬជញ្ជឹងគិត
សូមពិចារណាអំពីអ្វីដែលអ្នកបានរៀនចេញមកពីបទពិសោធន៍នេះ ។ ប្រហែលអ្នកអាចកត់ត្រាគំនិតមួយចំនួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សាបាន ។ សូមពិចារណាអំពីសំណួរខាងក្រោម ៖
-
តើខ្ញុំបានធ្វើអ្វីខ្លះកាលពីមុន ដើម្បីជួយសិស្សឲ្យធ្វើស្វ័យវាយតម្លៃ ?
-
តើខ្ញុំបានរៀនអ្វីខ្លះនៅក្នុងបទពិសោធន៍នេះ ដែលអាចកែលម្អសមត្ថភាពរបស់ខ្ញុំ ដើម្បីជួយសិស្សឲ្យធ្វើស្វ័យវាយតម្លៃ ?
-
តើខ្ញុំនឹងធ្វើអ្វីខ្លះដើម្បីបន្តកែលម្អ ?
រួមបញ្ចូល
-
សម្រាប់ផែនការមេរៀននីមួយៗនាសប្តាហ៍នេះ សូមប្រើស្វ័យវាយតម្លៃផ្សេងមួយទៀត ដើម្បីជួយសិស្សឲ្យរៀនមកពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមចំណាយពេលស្វែងរកអ្វីដែលអ្នកបានរៀនមកពីបទពិសោធន៍នេះ ហើយអនុវត្តម្តងទៀតនៅក្នុងការរៀបចំរបស់អ្នក និងនៅក្នុងថ្នាក់រៀនរបស់អ្នក ។ សូមបន្តអនុវត្ត រៀន និងធ្វើឲ្យកិច្ចខិតខំរបស់អ្នកបានប្រសើរឡើង ដើម្បីជួយកែលម្អបទពិសោធន៍សិស្សរបស់អ្នក និងលើកទឹកចិត្តឲ្យបន្តការលូតលាស់ និងការរីកចម្រើនរបស់ពួកគេ ។
តើចង់បានបន្ថែមទៀតទេ ?
-
ជែហ្វ្រី អ័រ ហូឡិន « Angels and Astonishment » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org
-
« អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០១៦ ) ទំព័រ២៩–៣០
-
« Invite Diligent Learning » ( ៣:៣៥ ) ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org
ជំនាញ
ប្រើតន្ដ្រីពិសិដ្ឋ ។ អញ្ជើញសិស្សឲ្យរកមើលវគ្គ និងឃ្លានានានៅក្នុងតន្ត្រីពិសិដ្ឋដែលភ្ជាប់ជាមួយសេចក្តីពិតដែលពួកគេកំពុងរៀន ។
កំណត់និយមន័យ
គណៈប្រធានទីមួយបានមានប្រសាសន៍ថា « ទំនុកតម្កើងយាងព្រះវិញ្ញាណនៃព្រះអម្ចាស់ បង្កើតឲ្យមានអារម្មណ៍គារវភាព ធ្វើឲ្យមានសាមគ្គីភាពក្នុងនាមជាសមាជិក ហើយផ្ដល់នូវរបៀបមួយដល់យើងដើម្បីថ្វាយការសរសើរតម្កើងដល់ព្រះអម្ចាស់ » ( ទំនុកតម្កើង ទំព័រ ix ) ។ តន្ត្រីពិសិដ្ឋអាចត្រូវបានប្រើនៅក្នុងការប្រជុំធម្មនិដ្ឋានដើម្បីចាប់ផ្តើមថ្នាក់បាន ។ វាក៏អាចត្រូវបានប្រើក្នុងថ្នាក់ជាមួយនឹងការសម្តែងពិសេសរបស់សិស្ស ដោយការច្រៀងទំនុកតម្កើងជាមួយគ្នា ឬដោយការអានទំនុកច្រៀងនៃបទចម្រៀងនោះដោយស្ងៀមស្ងាត់ផងដែរ។ នៅពេលណាដែលប្រើប្រាស់តន្ដ្រី នោះគ្រូបង្រៀនអាចអញ្ជើញសិស្សឲ្យស្គាល់សេចក្ដីពិតនៃដំណឹងល្អ ព្រមទាំងធ្វើឲ្យការយល់ដឹងរបស់ពួកគេបានកាន់តែស៊ីជម្រៅអំពីគោលការណ៍នៃដំណឹងល្អផងដែរ ។ ការណ៍នេះអាចធ្វើឡើងបាន ដោយការអញ្ជើញសិស្សឲ្យស្គាល់ពាក្យ និងឃ្លានៅក្នុងបទចម្រៀងដែលបង្រៀនពួកគេបន្ថែមទៀតអំពីព្រះអង្គសង្គ្រោះ និងសេចក្ដីពិតដែលកំពុងបង្រៀននៅក្នុងថ្នាក់ ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
ខាងក្រោមនេះគឺជាសំណួរគំរូមួយចំនួនដែលអ្នកអាចសុំឲ្យសិស្សជញ្ជឹងគិត ខណៈពេលកំពុងស្តាប់ ឬច្រៀងចម្រៀង ៖
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកចូលចិត្តនៅក្នុងទំនុកតម្កើងនេះ ? តើវាបានបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ?
-
យើងទើបតែបានពិភាក្សាគ្នាអំពីគោលការណ៍នៅក្នុង យ៉ូហាន ១៥ ដែលថា យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវគ្រីស្ទ តាមរយៈការគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ សូមស្វែងរកវគ្គមួយក្នុងទំនុកតម្កើង ដែលបង្រៀនអ្នកថែមទៀតអំពីគោលការណ៍នេះ ។ អ្នកអាចពិចារណារកមើលពាក្យ « សេចក្តីស្រឡាញ់ » នៅក្នុងផ្នែក « ប្រធានបទ » នៃសៀវភៅទំនុកតម្កើងបាន ។
-
តើបទចម្រៀងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើបទចម្រៀងនេះជួយអ្នកឲ្យយល់បន្ថែមទៀត និងដឹងគុណចំពោះសេចក្តីពិតដែលយើងកំពុងពិភាក្សាក្នុងថ្នាក់យ៉ាងដូចម្ដេច ?
-
តើអ្នកស្គាល់នរណាដែលត្រូវការស្តាប់បទចម្រៀងនេះនៅថ្ងៃនេះដែរឬទេ ? តើសេចក្តីពិតអ្វីដែលបានបង្រៀនក្នុងបទចម្រៀងនេះ ដែលអ្នកចង់ឲ្យបុគ្គលនោះដឹង ?
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
-
សូមបើកទៅមេរៀនខាងមុខនៅក្នុងកម្មវិធីសិក្សា ហើយស្វែងរកគោលការណ៍មួយដែលអ្នកនឹងបង្រៀន ។ សូមជ្រើសរើសសំណួរមួយ ឬពីរមកពីគំរូខាងលើ ឬបង្កើតសំណួរមួយរបស់អ្នកផ្ទាល់ ដើម្បីអញ្ជើញសិស្សឲ្យភ្ជាប់ទំនុកតម្កើងទៅនឹងគោលការណ៍នេះ ។
ពិភាក្សា ឬជញ្ជឹងគិត
-
សូមពិចារណានូវអ្វីដែលអ្នកបានធ្វើកាលពីមុន ដើម្បីបញ្ចូលតន្ត្រីពិសិដ្ឋទៅក្នុងមេរៀនរបស់អ្នក ។ តើអ្នកប្រើតន្ត្រីពិសិដ្ឋក្នុងថ្នាក់ញឹកញាប់ប៉ុនណាដែរ ? តើអ្នកអាចប្រើវាឲ្យកាន់តែច្រើនដោយរបៀបណា ?
-
តើអ្នកធ្លាប់មានបទពិសោធន៍មួយដ៏មានឥទ្ធិពលជាមួយតន្ត្រីពិសិដ្ឋក្នុងថ្នាក់នៅពេលណាដែរ ?
-
សូមពិចារណាអំពីរបៀបដែលការបន្តកែលម្អការប្រើប្រាស់តន្ត្រីពិសិដ្ឋរបស់អ្នកនៅក្នុងថ្នាក់នឹងផ្ដល់ពរជ័យដល់សិស្សរបស់អ្នក ។ តើគំនិតអ្វីខ្លះដែលកើតមាននៅក្នុងចិត្តអ្នក ?
រួមបញ្ចូល
-
សូមអញ្ជើញសិស្សម្នាក់ឲ្យជ្រើសរើសទំនុកតម្កើងមួយប្រកបដោយការអធិស្ឋានសម្រាប់ការប្រជុំធម្មនិដ្ឋានលើកក្រោយ ដែលភ្ជាប់ទៅនឹងសេចក្តីពិតដែលពួកគេចង់បង្រៀន ។
-
សូមពិចារណានូវវិធីផ្សេងទៀតដែលអ្នកអាចប្រើតន្ដ្រីពិសិដ្ឋ ដើម្បីបង្រៀនគោលការណ៍ដំណឹងល្អបាន ។
តើចង់បានបន្ថែមទៀតទេ ?
-
សូមរុករកកម្មវិធីតន្ត្រីពិសិដ្ឋដើម្បីមើលធនធានដែលអាចប្រើបានក្នុងថ្នាក់ ។ ឧទាហរណ៍មួយចំនួនគឺ អាល់ប៊ុមយុវវ័យ តន្ត្រីបន្ដផ្ទាល់ តន្ត្រីមកពីសន្និសីទទូទៅ និងតន្ត្រីមកពីដើម្បីកម្លាំងនៃយុវជន ។
-
ដាល្លិន អេក អូក « Worship through Music » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៤ ទំព័រ៩–១២