ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ជំនាញ ៖ ប្រើ​គោលបំណង​មេរៀន​ក្នុង​កម្មវិធី​សិក្សា​ដើម្បី​ធ្វើឲ្យ​ការរៀបចំ​មេរៀន​របស់​អ្នក​សាមញ្ញ និង​ផ្ដល់​ការណែនាំ​អំពី​ការជ្រើសរើស​បទពិសោធន៍​រៀនសូត្រ​សម្រាប់​សិស្ស​របស់​អ្នក


« ជំនាញ ៖ ប្រើ​គោលបំណង​មេរៀន​ក្នុង​កម្មវិធី​សិក្សា​ដើម្បី​ធ្វើឲ្យ​ការរៀបចំ​មេរៀន​របស់​អ្នក​សាមញ្ញ និង​ផ្ដល់​ការណែនាំ​អំពី​ការជ្រើសរើស​បទពិសោធន៍​រៀនសូត្រ​សម្រាប់​សិស្ស​របស់​អ្នក » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

ការរៀបចំ​មេរៀន

ជំនាញ ៖ ប្រើ​គោលបំណង​មេរៀន​ក្នុង​កម្មវិធី​សិក្សា​ដើម្បី​ធ្វើឲ្យ​ការរៀបចំ​មេរៀន​របស់​អ្នក​សាមញ្ញ និង​ផ្ដល់​ការណែនាំ​អំពី​ការជ្រើសរើស​បទពិសោធន៍​រៀនសូត្រ​សម្រាប់​សិស្ស​របស់​អ្នក ។

យុវនារី​កំពុង​សិក្សា

តើ​អ្វី​ជា​ការយល់ដឹង ឬ​សមត្ថភាព​ដំបូង​របស់​ខ្ញុំ ? ( ការវាយតម្លៃ ) ៖

ជាមួយ​នឹង​គោលបំណង​មេរៀន​ដែលបាន​ផ្ដល់​ឲ្យ​សម្រាប់​មេរៀន​នីមួយៗ​នៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា តើ​ចំណុច​ណាមួយខាងក្រោម​នេះ​ដែល​តំណាង​ល្អបំផុត​ឲ្យ​បទពិសោធន៍​របស់​អ្នក​ ?

  1. ខ្ញុំ​មិន​ប្រាកដថា​ត្រូវស្វែង​រក​គោលបំណង​នៃ​មេរៀន​នៅ​កន្លែងណា​ទេ ។

  2. ខ្ញុំ​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ស្វែងរក​គោលបំណង​មេរៀន ប៉ុន្តែ​មិន​ប្រាកដ​ពី​របៀប​ប្រើប្រាស់​គោលបំណង​​មេរៀន​ឲ្យ​បាន​ល្អ​នៅក្នុង​ការរៀបចំ​របស់​ខ្ញុំ​ទេ ។

  3. ខ្ញុំ​ប្រើ​គោលបំណង​មេរៀន​ជា​ទៀងទាត់​ដើម្បី​ជួយ​ខ្ញុំ​ក្នុង​ការរៀបចំ​មេរៀន​របស់​ខ្ញុំ ។

តើ​វា​គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ? ( កំណត់​និយមន័យ ) ៖

វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ធ្វើ​ឲ្យ​ការរៀបចំ​មេរៀន​សាមញ្ញ និង​ផ្ដល់​នូវ​បទពិសោធន៍​ដែល​ផ្តោត​ទៅ​លើ​ព្រះគ្រីស្ទ មាន​មូលដ្ឋាន​លើ​ព្រះគម្ពីរ និង​ផ្តោតលើ​បទពិសោធន៍​របស់​សិស្ស​សម្រាប់​សិស្ស​របស់​អ្នក គឺ​ត្រូវ​ប្រើ​គោលបំណង​មេរៀន​ដើម្បី​ណែនាំ​អ្នក​នៅ​ពេល​អ្នក​រៀបចំ ។ ការប្រើ​គោលបំណង​មេរៀន​ក៏​អាច​ជួយ​ឲ្យ​អ្នក​មាន​ភាពជឿជាក់​ជាងមុន​ក្នុង​ការសម្របសម្រួល​នូវ​អ្វី​ដែល​អ្នក​ដាក់​បញ្ចូល ធ្វើ​ឲ្យ​សាមញ្ញ ឬ​មិន​រួមបញ្ចូល​ពីក្នុង​កម្មវិធី​សិក្សា​ផងដែរ ។ មេរៀន​នីមួយៗ​នៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​រួមមាន​នូវ​គោលបំណង​មេរៀន ។ គោលបំណង​មេរៀន​មាន​នៅ​ក្នុង​ទិដ្ឋភាព​ទូទៅ​ប្រចាំ​សប្តាហ៍ និង​កថាខណ្ឌ​ទី​មួយ​នៃ​មេរៀន​នីមួយៗ ។ គោលបំណង​មេរៀន​ទាំង​នេះ​ផ្អែកលើ​ការសិក្សា​ដោយ​យកចិត្ត​ទុកដាក់​ពី​បណ្តុំ​បទគម្ពីរ ហើយ​លូតលាស់​ចេញពី​សេចក្ដីពិត​ដែល​មាន​អក្សរ​ដិត​ខ្មៅ​ដែល​បាន​ពន្យល់​នៅក្នុង​មេរៀន​នេះ ។ ពេល​អ្នក​សិក្សា​ព្រះគម្ពីរ និង​ឯកសារ​មេរៀន សូម​ផ្តោត​សំខាន់​ទៅ​លើ​គោលបំណង​មេរៀន​មួយ​នៅ​ក្នុង​ការរៀបចំ​របស់​អ្នក ដើម្បី​ស្វែងរក​នូវ​អ្វី​ដែល​នឹង​ជួយ​បំពេញ​តាម​គោលបំណង​នោះ​សម្រាប់​សិស្ស​របស់​អ្នក ។ នេះ​គឺជា​របៀប​មួយ​ដែល​អ្នក​អាចធ្វើ​ការណ៍​នេះ​បាន ៖

  • ចាប់ផ្ដើម​ដោយ​ការអាន​គោលបំណង​មេរៀន​សម្រាប់​មេរៀន​ដែល​អ្នក​នឹង​បង្រៀន ។

  • អាន​មេរៀន​នៅ​ក្នុង​កម្មវិធី​សិក្សា​ដោយ​ចងចាំ​ពី​គោលបំណង​មេរៀន​ក្នុង​ចិត្ត ហើយ​ធ្វើ​ការវាយតម្លៃ​ថា តើ​អ្នក​មាន​អារម្មណ៍​ល្អ​យ៉ាង​ណា ចំពោះ​សកម្មភាព​នីមួយៗ​ដែល​នឹង​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​បំពេញ​តាម​គោលបំណង​នោះ ។

  • បន្ទាប់​ពី​អាន​មេរៀន​នេះ​ហើយ ចូរ​កំណត់​ថា​តើ​សកម្មភាព​ណា​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​ជួយ​សិស្ស​របស់​អ្នក​បាន​ល្អ​បំផុត​ឲ្យ​សម្រេច​បាន​គោលបំណង​មេរៀន​នេះ ។ សូម​ធ្វើ​ឲ្យ​សកម្មភាព​ទាំង​នោះ​ទៅ​ជា​អាទិភាព​របស់​អ្នក​ចំពោះ​អ្វី​ដែល​អ្នក​រៀបចំ ហើយ​នឹង​ធ្វើ​ឲ្យ​សិស្ស​ទទួល​បាន​បទពិសោធន៍​នោះ​នៅក្នុង​ថ្នាក់ ។

តើ​នរណា ឬ​តើ​អ្វី​ទៅ​ដែល​ផ្ដល់​នូវ​ការពន្យល់​ដ៏ល្អ​មួយ​អំពី​ការណ៍​នេះ ? ( គំរូ ) ៖

បងស្រី ហល ចាប់ផ្តើម​រៀបចំ​មេរៀន គោលលទ្ធិ និង​សេចក្តីសញ្ញា ១ ។ គាត់​ចាប់ផ្ដើម​ដោយ​ការអាន​កថាខណ្ឌ​ទីមួយ​នៃ​មេរៀន​ដោយ​ស្វែងរក​គោលបំណង​របស់វា ។ នៅ​ផ្នែក​ខាងក្រោម​នៃ​កថាខណ្ឌ​នោះ គាត់​ឃើញ​ឃ្លា​មួយ​និយាយ​ថា « មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ប្រទាន​ការព្រមាន​ដល់​លោកិយ » ។ ពេល​គាត់​កំពុង​អាន​សកម្មភាព​រៀនសូត្រ ដែល​អាច​មាន​សម្រាប់​មេរៀន​នោះ គាត់​ចងចាំ​ពី​គោលបំណង​មេរៀន​ក្នុង​ចិត្ត ហើយ​ធ្វើ​ការសម្រេចចិត្ត​អំពី​អ្វី​ដែល​ត្រូវ​ប្រើ ធ្វើឲ្យ​សាមញ្ញ ឬ​អ្វី​ដែល​មិន​ប្រើ​មក​ពី​កម្មវិធី​សិក្សា​នៅក្នុង​មេរៀន​របស់​គាត់ ។ នៅពេល​គាត់​រៀបចំ គាត់​រកឃើញ​ផ្នែក​ខ្លះៗ​នៃ​មេរៀន​ដែល​គាត់​ពិតជា​ចង់​រួមបញ្ចូល ។ ឧទាហរណ៍ ស្វ័យ​វាយតម្លៃ​ដែល​ជា​បរិបទ​សម្រាប់ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១ សកម្មភាព​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​ដែល​មាន​អក្សរ​ដិត​ខ្មៅ និង​សកម្មភាព​ចុងក្រោយ​ដែល​សិស្ស​ស្រាយបំភ្លឺ​អំពី​ការរៀនសូត្រ​របស់​ពួកគេ គឺជា​សកម្មភាព​ទាំងអស់​ដែល​គាត់​ពិត​ជាចង់​រួមបញ្ចូល​ណាស់ ។ ផ្នែក​ដែល​នៅ​សល់​នៃ​មេរៀន ដែល​គាត់​សម្រេចចិត្ត​កាត់ចេញ ឬ​ធ្វើ​ឲ្យ​សាមញ្ញ អាស្រ័យ​លើ​ពេលវេលា​ក្នុង​ថ្នាក់​ដែល​គាត់​មាន ។

តើ​ខ្ញុំ​អាច​ហាត់រៀន​ប្រើ​ជំនាញ​នេះ ឬ​អនុវត្ត​តាម​គោលការណ៍​នេះ​ដោយ​របៀប​ណា ? ( អនុវត្ត ) ៖

  • ចូលទៅ​កាន់​កម្មវិធី​សិក្សា​សម្រាប់​មេរៀន​បន្ទាប់​ដែល​អ្នក​ត្រូវ​រៀបចំ ។

  • ស្វែងរក​គោលបំណង​មេរៀន​នៅក្នុង​កថាខណ្ឌ​ទី​មួយ ។

  • មើល​ត្រួសៗ​អំពី​សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន ដោយ​ចងចាំ​ពី​គោលបំណង​មេរៀន​ក្នុង​ចិត្ត ហើយ​ធ្វើ​ការវាយតម្លៃ​ថា តើ​អ្នក​មាន​អារម្មណ៍​ល្អ​យ៉ាង​ណា ចំពោះ​សកម្មភាព​នីមួយៗ​ដែល​នឹង​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​បំពេញ​តាម​គោលបំណង​នោះ ។

  • សម្រេច​ចិត្ត​ថា តើ​សកម្មភាព​ណា​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​ជួយ​សិស្ស​របស់​អ្នក​បាន​ល្អ​បំផុត​ឲ្យ​សម្រេច​បាន​គោលបំណង​មេរៀន​នេះ និង​ជា​អាទិភាព​របស់​អ្នក ។

ជញ្ជឹងគិត ឬ​ពិភាក្សា ៖

  • តើ​អ្នក​កំពុង​រៀន​អ្វី​ខ្លះ​អំពី​សារៈសំខាន់​នៃ​ការចងចាំ​ពី​គោលបំណង​មេរៀន​ក្នុង​ចិត្ត នៅពេល​អ្នក​រៀបចំ​មេរៀន​របស់​អ្នក ?

  • តើ​អ្នក​គិតថា ការរក្សា​គោលបំណង​មេរៀន​នៅក្នុង​ចិត្ត​អាច​បង្កើន​បទពិសោធន៍​រៀនសូត្រ​សម្រាប់​សិស្ស​របស់​អ្នក​យ៉ាង​ដូចម្តេច ?

តើ​ខ្ញុំ​នឹង​រួមបញ្ចូល​ចំណុច​នេះ​នៅពេលណា និង​ដោយ​របៀបណា ?

សម្រាប់​មេរៀន​នីមួយៗ​ដែល​អ្នក​រៀបចំ​នៅ​សប្តាហ៍​បន្ទាប់​នេះ សូម​ចាប់ផ្ដើម​ការរៀបចំ​របស់​អ្នក​ដោយ​ការអាន​គោលបំណង​មេរៀន ។ នៅពេល​អ្នក​អាន​កម្មវិធី​សិក្សា សូម​ចងចាំ​ពី​គោលបំណង​មេរៀន​ក្នុង​ចិត្ត ហើយ​ធ្វើ​ការវាយតម្លៃ​ថា តើ​អ្នក​មាន​អារម្មណ៍​ល្អ​យ៉ាង​ណា ចំពោះ​សកម្មភាព​នីមួយៗ​ដែល​នឹង​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​បំពេញ​តាម​គោលបំណង​នោះ ។ សូម​ដាក់​អាទិភាព​លើ​សកម្មភាព​ដែល​វា​ផ្តោត​សំខាន់​បំផុត​អំពី​គោលបំណង​មេរៀន​សម្រាប់​សិស្ស​របស់​អ្នក ។