« ជំនាញ ៖ អញ្ជើញសិស្សថ្នាក់សិក្ខាសាលាបច្ចុប្បន្នឲ្យជញ្ជឹងគិតអំពីរបៀបដែលពួកគេទទួលបានរួចហើយនូវពរជ័យដែលបានសន្យាដោយប្រធាន ណិលសុន » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
ផ្ដោតលើការបង្រៀនរបស់ព្យាការី
ជំនាញ ៖ អញ្ជើញសិស្សថ្នាក់សិក្ខាសាលាបច្ចុប្បន្នឲ្យជញ្ជឹងគិតអំពីរបៀបដែលពួកគេទទួលបានរួចហើយនូវពរជ័យដែលបានសន្យាដោយប្រធាន ណិលសុន ។
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ ) ៖
តើអ្នកជួយសិស្សឲ្យជញ្ជឹងគិតពីពរជ័យដែលពួកគេទទួលបានពីការចូលរៀនសិក្ខាសាលាញឹកញាប់ប៉ុនណាដែរ ?
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
កាលពីពេលថ្មីៗនេះ ប្រធាន រ័សុល អិម ណិលសុន បានថតសារលិខិតពិសេសមួយសម្រាប់យុវវ័យរបស់យើង ដោយសន្យាថាពួកគេនឹងទទួលបានពរជ័យដ៏អស្ចារ្យ ប្រសិនបើពួកគេចូលរៀនក្នុងសិក្ខាសាលាឲ្យបានញឹកញាប់នោះ ( រ័សុល អិម ណិលសុន « ការអញ្ជើញផ្ទាល់ខ្លួនឲ្យចូលរៀនថ្នាក់សិក្ខាសាលា » នៅលើគេហទំព័រ ChurchofJesusChrist.org) ។ វិធីសាស្រ្តមួយដែលគ្រូបង្រៀនអាចប្រើសារលិខិតនេះដើម្បីបំពេញគោលបំណងរបស់ ស.&វ. និងបង្កើនការចុះឈ្មោះ គឺត្រូវអញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលការសន្យារបស់ប្រធាន ណិលសុន បានបំពេញក្នុងជីវិតរបស់ពួកគេផ្ទាល់ បន្ទាប់ពីពួកគេបានមើលវីដេអូនេះហើយ ។ ដើម្បីធ្វើបែបនេះបាន គ្រូបង្រៀនអាចចែកចាយការសន្យាមួយចំនួន ឬទាំងអស់ដែលប្រធាន ណិលសុន បានលើកឡើង ( សូមមើលបញ្ជីខាងក្រោម ) ឬអញ្ជើញសិស្សឲ្យស្វែងរកការសន្យាទាំងនោះ នៅពេលពួកគេមើលវីដេអូនេះ ហើយសួរថា « តើពរជ័យណាមួយក្នុងចំណោមពរជ័យទាំងនេះដែលប្អូនបានទទួល ពេលប្អូនបានចូលរួមក្នុងថ្នាក់សិក្ខាសាលា ? » បន្ទាប់ពីផ្តល់ពេលវេលាឲ្យសិស្សជញ្ជឹងគិតហើយ អ្នកអាចអញ្ជើញពួកគេឲ្យពិចារណាអំពីអ្វីដែលពួកគេនឹងធ្វើ ដើម្បីបន្តទទួលបានពរជ័យទាំងនេះ ឬនរណាដែលពួកគេអាចអញ្ជើញឲ្យចូលរួមថ្នាក់សិក្ខាសាលាដើម្បីទទួលបានពរជ័យទាំងនេះផងដែរ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យចែកចាយជាមួយមិត្តរួមថ្នាក់នូវពរជ័យទាំងឡាយដែលពួកគេបានទទួល និងរបៀបដែលពរជ័យទាំងនោះបានភ្ជាប់ពួកគេទៅនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទផងដែរ ។
ការសន្យាមួយចំនួនដែលប្រធាន ណិលសុន បានសន្យានឹងយុវវ័យដែលចូលរួមថ្នាក់សិក្ខាសាលា រួមមានដូចខាងក្រោមនេះ ៖
-
ថ្នាក់សិក្ខាសាលាអាចផ្លាស់ប្តូរគន្លងជីវិតចៅៗបាន ។
-
ថ្នាក់សិក្ខាសាលាអាចជួយចៅៗឲ្យរៀនស្រឡាញ់ និងយល់ព្រះគម្ពីរ ។
-
ចៅៗអាចរៀនពីរបៀបប្រើព្រះគម្ពីរដើម្បីជួយដោះស្រាយបញ្ហាក្នុងជីវិត ហើយស្វែងរកចម្លើយចំពោះសំណួររបស់ចៅៗ ។
-
ចៅៗនឹងទទួលអារម្មណ៍ចុះសម្រុង ។
-
ចៅៗនឹងរៀនជាមួយមិត្តភក្តិដែលមានជំនឿដូចគ្នា និងគ្រូបង្រៀនដ៏បំផុសគំនិតជាច្រើន ។
-
ថ្នាក់សិក្ខាសាលានឹងជួយចៅៗឲ្យស្គាល់ព្រះអង្គសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ ហើយធ្វើឲ្យការប្រែចិត្តជឿរបស់ចៅៗទៅលើទ្រង់ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់មានកាន់តែស៊ីជម្រៅ ។
-
ចៅៗអាចចាប់ផ្តើមរៀនពីរបៀបទទួលបានវិវរណៈផ្ទាល់ខ្លួន ។
-
ចៅៗអាចរៀនពីរបៀបដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ចៅៗ ។
-
ចៅៗនឹងមានទំនុកចិត្តកាន់តែខ្លាំងឡើង ដើម្បីចែកចាយដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
បំណងប្រាថ្នារបស់ចៅៗដើម្បីក្លាយជាផ្នែកដ៏សកម្មមួយក្នុងកងពលតូចយុវវ័យរបស់ព្រះអម្ចាស់ដើម្បីប្រមូលផ្ដុំអ៊ីស្រាអែល នឹងកើនឡើង ។
-
ចៅៗនឹងចេះទទួលខុសត្រូវលើការពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួន ។
-
សេចក្ដីជំនឿរបស់ចៅៗអាចក្លាយជាថ្មដាដ៏រឹងមាំ ។
-
ចៅៗនឹងមានមិត្តភក្តិដែលអាចទុកចិត្តបាន ។
-
ចៅៗនឹងក្លាយជាសិស្សដ៏ពិតរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូ ) ៖
-
បងស្រី ធីលមេន បញ្ចាំងវីដេអូរបស់ប្រធាន ណិលសុន ដល់សិស្សក្នុងថ្នាក់សិក្ខាសាលារបស់គាត់ ហើយពួកគេពិភាក្សាគ្នាពីការសន្យាមួយចំនួនដែលលោកបានលើកឡើង ។ បន្ទាប់មក គាត់បានសួរសិស្សរបស់គាត់ថា « សូមប្អូនពិចារណាបានទេថា តើពរជ័យណាមួយក្នុងចំណោមពរជ័យទាំងនេះ ដែលប្អូនបានទទួលរួចមកហើយតាមរយៈការចូលរួមថ្នាក់សិក្ខាសាលា ហើយតើពរជ័យទាំងនេះបានភ្ជាប់ប្អូនទៅនឹងព្រះអង្គសង្គ្រោះដោយរបៀបណា ? គាត់បានទុកពេលឲ្យសិស្សរបស់គាត់ពិចារណា ហើយបន្ទាប់មកគាត់បានអញ្ជើញពួកគេបីនាក់ឲ្យចែកចាយគំនិត និងអារម្មណ៍របស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
-
បងប្រុស ធ័រកូនូ បញ្ចាំងវីដេអូរបស់ប្រធាន ណិលសុន ទៅកាន់សិស្សក្នុងថ្នាក់សិក្ខាសាលារបស់គាត់ និងផ្តល់ឲ្យពួកគេនូវច្បាប់ចម្លងបោះពុម្ពនៃការសន្យាដែលប្រធាន ណិលសុន បានលើកឡើង ។ បន្ទាប់មក គាត់សួរសិស្សរបស់គាត់ថា « តើពរជ័យមួយណាក្នុងចំណោមពរជ័យទាំងនេះដែលប្អូនបានទទួលដោយសារការចូលរួមថ្នាក់សិក្ខាសាលា ? » បន្ទាប់ពីបានទុកពេលឲ្យពួកគេគិតរួចហើយ បងប្រុស ធ័រកូនូ សុំឲ្យសិស្សរបស់គាត់ពិចារណាអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលពួកគេអាចអញ្ជើញឲ្យមកថ្នាក់សិក្ខាសាលា ដើម្បីទទួលបានពរជ័យស្រដៀងគ្នានេះដែរ ។
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត ) ៖
-
សូមសរសេរពីរបៀបដែលអ្នកនឹងអញ្ជើញសិស្សក្នុងថ្នាក់សិក្ខាសាលារបស់អ្នក ឲ្យពិចារណាពីរបៀបដែលពួកគេទទួលបានរួចទៅហើយនូវពរជ័យដែលបានលើកឡើងដោយប្រធាន ណិលសុន ។
-
សូមសរសេរពីរបៀបដែលអ្នកនឹងអញ្ជើញសិស្សក្នុងថ្នាក់សិក្ខាសាលារបស់អ្នកឲ្យពិចារណាអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលពួកគេអាចអញ្ជើញឲ្យមកថ្នាក់សិក្ខាសាលាដើម្បីទទួលបានពរជ័យស្រដៀងគ្នានេះដែរ ។
ជញ្ជឹងគិត ឬពិភាក្សា ៖
តើការពិចារណាអំពីពរជ័យដែលពួកគេបានទទួលរួចហើយតាមរយៈការចូលរួមក្នុងថ្នាក់សិក្ខាសាលា អាចនឹងបំផុសគំនិតសិស្សរបស់អ្នកយ៉ាងដូចម្ដេច ?
តើខ្ញុំនឹងរួមបញ្ចូលចំណុចនេះនៅពេលណា និងដោយរបៀបណា ?
សូមរៀបចំផែនការមួយក្នុងរយៈពេលឆាប់ៗនេះដើម្បីចែកចាយវីដេអូរបស់ប្រធាន ណិលសុន និងអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេទទួលបានរួចហើយនូវពរជ័យដែលបានសន្យាដោយប្រធាន ណិលសុន ឬនរណាដែលពួកគេស្គាល់ ដែលអាចបានទទួលប្រយោជន៍ពីពរជ័យទាំងនេះ ។