« ជំនាញ ៖ ការប្រើសំណួរដើម្បីនាំទៅរកការបង្រៀនរបស់ព្យាការីក្នុងអំឡុងពេលនៃការសួរសំណួរ » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
ផ្ដោតលើការបង្រៀនរបស់ព្យាការី
ជំនាញ ៖ ការប្រើសំណួរដើម្បីនាំទៅរកការបង្រៀនរបស់ព្យាការីក្នុងអំឡុងពេលនៃការសួរសំណួរ ។
សេចក្តីផ្ដើម
ប្រធាន អាវរិង បានបង្រៀនថា « វាហាក់ដូចជាគ្មានទីបញ្ចប់ចំពោះបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះក្នុងការដឹកនាំយើងទៅកាន់សុវត្ថិភាពនោះទេ ។ ហើយវាមានភាពជាប់លាប់នៅក្នុងរបៀបដែលទ្រង់បង្ហាញផ្លូវដល់យើង ។ ទ្រង់ហៅតាមមធ្យោបាយច្រើនជាងមួយដើម្បីឲ្យវាទៅដល់អ្នកដែលចង់ទទួលយក ។ ហើយមធ្យោបាយទាំងនោះតែងតែរួមបញ្ចូលការផ្ញើសារតាមប្រសាសន៍របស់ព្យាការីទ្រង់នៅពេលណាដែលមនុស្សមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីមានព្យាការីរបស់ព្រះនៅក្នុងចំណោមពួកគេ ។ អ្នកបម្រើដែលមានសិទ្ធិអំណាចទាំងនោះតែងតែទទួលខុសត្រូវក្នុងការព្រមានប្រជាជន ដោយប្រាប់ផ្លូវទៅកាន់សុវត្ថិភាព » ( ហែនរី ប៊ី អាវរិង « Finding Safety in Counsel » Ensign, ខែឧសភា ឆ្នាំ១៩៩៧ ទំព័រ ២៤ ) ។
អែលឌើរ គ្រីស្តូហ្វឺសិន បានបន្ថែមថា « នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ‹ យើងខ្ញុំជឿចំពោះការណ៍ទាំងអស់ ដែលទ្រង់បានបើកសម្ដែងមក និងការណ៍ទាំងអស់ដែលទ្រង់បើកសម្ដែងនៅពេលឥឡូវនេះ ហើយយើងខ្ញុំជឿថា ទ្រង់នឹងបើកសម្ដែងនូវការណ៍ដ៏ធំ និងសំខាន់ៗជាច្រើន ដែលទាក់ទងទៅនឹងនគរនៃព្រះ › ( មាត្រានៃសេចក្ដីជំនឿ ១:៩ ) ។ នេះមានន័យថា ខណៈដែលមានអ្វីជាច្រើនដែលយើងពុំទាន់ដឹងអស់នៅឡើយ នោះសេចក្ដីពិត និងគោលលទ្ធិ ដែលយើងទទួលនេះ បានមកដល់ ហើយវានឹងបន្ដមកតាមរយៈវិវរវណៈដ៏ទេវភាព ។ យើងឲ្យតម្លៃដល់អ្នកវិទូដែលពង្រីកការយល់ដឹង ប៉ុន្ដែនៅក្នុងសាសនាចក្រសព្វថ្ងៃ ក៏ដូចជាសាសនាចក្រពីបុរាណដែរ ការស្ថាបនាគោលលទ្ធិនៃព្រះគ្រីស្ទ ឬការកែតម្រូវលើការបង្វែរចេញពីគោលលទ្ធិ គឺជារឿងសំខាន់មួយនៃវិវរណៈដ៏ទេវភាព ចំពោះអ្នកទាំងឡាយ ដែលព្រះអម្ចាស់ប្រទានឲ្យនូវសិទ្ធិអំណាចជាសាវក » ( ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Christ: Elder Christofferson » ខែឧសភា ឆ្នាំ២០១២ ) ។
ដើម្បីបំពេញតាមគោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន គ្រូបង្រៀនគួរតែចំណាយពេលវេលាដើម្បីរៀនស្គាល់ប្រសាសន៍របស់ព្យាការីដែលនៅរស់ រហូតដល់ពួកគេអាចថ្លែងអំពីប្រសាសន៍របស់ពួកលោកចេញពីមាត់របស់ពួកគេទៅកាន់សិស្សបានយ៉ាងរលូន ។
ប្រសាសន៍របស់ព្យាការីគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ហើយព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទគឺជាប្រសាសន៍របស់ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៨ ) ។
នេះគឺជាសំណួរមួយចំនួនដែលគ្រូបង្រៀនអាចសួរពេញមួយឆ្នាំសិក្សា ៖
-
តើខ្ញុំមានទម្លាប់សិក្សាអ្វីខ្លះ ដែលវាទាក់ទងនឹងប្រសាសន៍របស់ពួកព្យាការីដែលនៅរស់ ?
-
តើខ្ញុំចំណាយពេលប៉ុន្មានក្នុងការសិក្សាប្រសាសន៍របស់ពួកលោក ?
-
តើខ្ញុំដកស្រង់ប្រសាសន៍របស់ពួកលោក ឬប្រើប្រសាសន៍របស់ពួកលោកញឹកញាប់ប៉ុនណាដែរ នៅក្នុងគេហដ្ឋានរបស់ខ្ញុំ នៅកន្លែងធ្វើការ នៅសាលារៀន ឬនៅកន្លែងកម្សាន្ដ ?
-
តើខ្ញុំស្គាល់អ្វីដែលប្រធាន ណិលសុន កំពុងមានប្រសាសន៍នៅសប្តាហ៍នេះឬទេ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះបាន ដើម្បីខិតខំធ្វើគ្រប់យ៉ាង ដើម្បីបានយល់ពីប្រសាសន៍របស់ព្យាការី និងអាទិភាពនៃប្រសាសន៍របស់ពួកលោក ?
នេះគឺជាវគ្គសិក្សាដែលបានរៀបចំឡើងសម្រាប់ការបំពាក់បំប៉នមីក្រូមួយក្នុងចំណោមការបំពាក់បំប៉នទាំងបួន ដែលបង្កើតឡើងដើម្បីជួយគ្រូបង្រៀន និងសិស្សឲ្យរៀនសូត្រ និងប្រើប្រាស់ប្រសាសន៍របស់ពួកព្យាការី ។ នេះគឺជាដំណើរការមួយដែលនឹងចំណាយពេលដើម្បីអភិវឌ្ឍ ។ នៅពេលគ្រូបង្រៀន និងសិស្សចាប់ផ្ដើម នោះពួកគេនឹងកាន់តែយល់ពីប្រសាសន៍របស់ពួកព្យាការី មួយបន្ទាត់ម្តងៗ ហើយពួកគេនឹងរៀនកាន់តែឆាប់ចេះនូវមាតិកា និងបរិបទនៃការបង្រៀនរបស់ព្យាការី ។ ពួកគេក៏នឹងក្លាយជាអ្នកជំនាញក្នុងការរកឃើញការបង្រៀនទាំងនេះនៅក្នុងបណ្ណាល័យដំណឹងល្អ និងកន្លែងផ្សេងទៀតដែលពួកគេអាចរកឃើញផងដែរ ។ នៅពេលមួយ ពួកគេនឹងអាចទទួលបានការសន្យានៅក្នុង ចោទិយកថា ៦:៦ ៖ « សេចក្តីទាំងនេះដែលយើងបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ » ។
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ )
-
តើខ្ញុំប្រើប្រសាសន៍របស់ព្យាការីដែលនៅរស់ញឹកញាប់ប៉ុនណា ក្នុងអំឡុងពេលនៃការសួរសំណួរក្នុងថ្នាក់រៀន ?
-
តើខ្ញុំព្យាយាមប្រើការបង្រៀនរបស់ព្យាការីញឹកញាប់ប៉ុនណាដែរ ដើម្បីជួយដោះស្រាយកង្វល់ ឬឆ្លើយសំណួររបស់សិស្សរបស់ខ្ញុំ ?
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
ការប្រើសំណួរដើម្បីនាំទៅរកការបង្រៀនរបស់ព្យាការីក្នុងអំឡុងពេលនៃការសួរសំណួរ អាចកើតឡើងបាននៅក្នុងអំឡុងពេលសិក្សាក្នុងថ្នាក់ ។ នៅពេលសិស្សសួរសំណួរ គ្រូបង្រៀនឆ្លើយតប ដោយសួរសំណួរដែលជួយសិស្សឲ្យគិត ឬស្វែងរកការបង្រៀនរបស់ព្យាការីដែលជួយឆ្លើយសំណួរនោះ ។ នេះជាឧទាហរណ៍នៃប្រភេទសំណួរទាំងនេះ ៖
-
តើប្អូនអាចគិតថា ប្រធាន ណិលសុន ឆ្លើយតបនឹងសំណួរនេះដោយរបៀបណា ?
-
តើព្យាការីបានបង្រៀនអ្វីខ្លះដែលអាចជួយដល់យើងក្នុងរឿងនេះ ?
-
សូមចូលទៅកាន់បណ្ណាល័យដំណឹងល្អ ហើយវាយបញ្ចូលពាក្យគន្លឹះពីសំណួររបស់ប្អូន—សូមសាកមើល ប្រសិនបើមានព្យាការីម្នាក់របស់យើងបានបង្រៀនអ្វីមួយដែលទាក់ទងនឹងរឿងនេះ ។ តើអ្នកបានរកឃើញអ្វីខ្លះ ?
-
គ្រូបង្រៀនម្នាក់អាចនឹងចង្អុលបង្ហាញសិស្សនូវសុន្ទរកថាជាក់លាក់មួយ ហើយអញ្ជើញសិស្សឲ្យមើលពីរបៀបដែលព្យាការីបានឆ្លើយសំណួរនេះ ។
ការធ្វើបែបនេះនឹងជួយសិស្សរបស់យើងឲ្យយល់កាន់តែច្បាស់ពីសារៈសំខាន់ និងតួនាទីរបស់ព្យាការីដែលនៅរស់ ។ ការយល់ដឹងរបស់ពួកគេអំពីប្រសាសន៍របស់ពួកលោកនឹងកើនឡើង នៅពេលដែលពួកគេប្រើប្រសាសន៍ទាំងនោះនៅក្នុងបរិបទនៃជីវិតរបស់ពួកគេ ។ ប្រសាសន៍ទាំងនោះនឹងក្លាយជាធនធានមួយ ដែលមានអ្វីគ្រប់យ៉ាងដើម្បីឆ្លើយចំពោះសំណួរទាក់ទងទៅនឹងបទគម្ពីរ និងជីវិតរស់នៅរបស់ពួកគេ ។
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូ ) ៖
ខណៈសិស្សកំពុងសិក្សាខគម្ពីរក្នុង កូរិនថូស ទី១ ១៤ ខេធី បានសួរសំណួរនេះក្នុងអំឡុងពេលរៀន ៖ « ហេតុអ្វីពេលខ្លះមានអារម្មណ៍ថា មនុស្សស្រីពុំសូវមានសិទ្ធិអំណាចនៅក្នុងនគររបស់ព្រះអម្ចាស់ដូច្នេះ ? » បន្ទាប់មក គ្រូបង្រៀនបានសួរ ខេធី និងសិស្សផ្សេងទៀតនូវសំណួរដូចតទៅនេះ ៖ « សិស្សទាំងអស់ សូមមើលសុន្ទរកថាមួយដែលប្រធាន ណិលសុន បានថ្លែងដែលមានចំណងជើងថា ‹ ទ្រព្យសម្បត្តិខាងវិញ្ញាណ › ក្នុងរយៈពេលប៉ុន្មាននាទីទៀតនេះ ។ កាលប្អូនអាន តើប្រធាន ណិលសុន ជួយឆ្លើយសំណួររបស់ ខេធី នៅកន្លែងណា និងដោយរបៀបណា ? »
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត ) ៖
សូមចង្អុលបង្ហាញទៅកាន់សិស្សនូវប្រសាសន៍របស់ព្យាការី ដោយការសួរសំណួរដែលផ្អែកទៅលើឧទាហរណ៍ខាងលើ ឬសរសេរឧទាហរណ៍មួយដោយខ្លួនឯង ។
-
សិស្សម្នាក់សួរថា « តើមានអ្វីកើតឡើងក្នុងពិភពវិញ្ញាណ ? តើពួកគេមើលឃើញយើងឬទេ ? តើពួកគេដឹងថា យើងកំពុងធ្វើអ្វីឬទេ ? »
-
សិស្សម្នាក់សួរថា « ហេតុអ្វីបានជាព្រះអម្ចាស់ប្រទានអារម្មណ៍ដល់មនុស្សមួយចំនួន ដែលផ្ទុយទៅនឹងផែនការរបស់ទ្រង់ ? »
ជញ្ជឹងគិត ឬពិភាក្សា ៖
-
ហេតុអ្វីបានជាវាប្រសើរជាងក្នុងការចង្អុលបង្ហាញសិស្សទៅកាន់ប្រសាសន៍របស់ព្យាការីនៅគ្រាដែលពួកគេសួរសំណួរមួយ ជាជាងផ្តល់ចម្លើយដល់ពួកគេចេញពីការចងចាំ ឬចំណេះដឹងផ្ទាល់ខ្លួនរបស់យើង ?
-
តើអ្នកកំពុងរៀនអ្វីខ្លះអំពីការចង្អុលបង្ហាញប្រសាសន៍របស់ព្យាការីទៅកាន់សិស្ស ?
រួមបញ្ចូល ៖
សូមហាត់ប្រើសំណួរមួយខាងលើ ឬសំណួរស្រដៀងគ្នារបស់អ្នកផ្ទាល់នៅក្នុងថ្នាក់ជាប្រចាំសម្រាប់ខែក្រោយ ។ សូមកំណត់អ្វីដែលបានកើតឡើង ។ ចូរអត់ធ្មត់ជាមួយសិស្ស និងខ្លួនឯង ។ សូមមើលពីរបៀបដែលអ្វីៗបានប្រសើរឡើង នៅពេលដែលអ្នកជួយពួកគេឲ្យកាន់តែចេះស្វែងរកចម្លើយត្រឹមត្រូវនៅក្នុងប្រសាសន៍ដែលបានថ្លែងនេះ ។
សម្រាប់កិច្ចប្រជុំបន្ទាប់ជាមួយអ្នកគ្រប់គ្រងកម្មវិធីរបស់អ្នក សូមចែកចាយអំពីរបៀបដែលអ្វីៗកំពុងរីកចម្រើន ។
តើចង់បានបន្ថែមទៀតទេ ?
អែលឌើរ ម៉ាខន់ឃី បានចែកចាយដូចតទៅនេះថា « នៅគ្រប់ជំនាន់ ព្រះអម្ចាស់ប្រទានដល់រាស្ត្រទ្រង់នូវការដឹកនាំ ដែលពួកគេត្រូវការក្នុងគ្រាមហន្តរាយ និងគ្រោះថ្នាក់របស់ពួកគេ ។ ប្រាកដណាស់ នៅជំនាន់ក្រោយ នឹងមានគ្រាជាច្រើនដែលគ្មានអ្វីសោះក្រៅពីប្រាជ្ញានៃព្រះ ដែលចុះមកពីស្ថានសួគ៌ និងចេញមកពីបបូរមាត់របស់ព្យាការី ទើបអាចសង្គ្រោះដល់រាស្ត្ររបស់ទ្រង់បាន » ( នៅក្នុង ខារ៉ុល អេហ្វ ម៉ាកខន់ឃី « Live according to the Words of the Prophets » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ៧៩ ) ។
ឧទាហរណ៍មួយអំពីរបៀបដែលចម្លើយរបស់ព្យាការីអាចជាការណ៍ដ៏ច្បាស់ ៖
ដាល្លិន អេក អូក « Trust in the Lord » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩