ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ជំនាញ ៖ អញ្ជើញ​សិស្ស​ថ្នាក់​វិទ្យាស្ថាន​បច្ចុប្បន្ន​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ពួកគេ​ទទួល​បាន​រួច​ហើយ​នូវ​ពរជ័យ​ដែល​បាន​សន្យា​ដោយ​ប្រធាន ណិលសុន


« ជំនាញ ៖ អញ្ជើញ​សិស្ស​ថ្នាក់​វិទ្យាស្ថាន​បច្ចុប្បន្ន​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ពួកគេ​ទទួល​បាន​រួច​ហើយ​នូវ​ពរជ័យ​ដែល​បាន​សន្យា​ដោយ​ប្រធាន ណិលសុន » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

ផ្ដោត​លើ​ការបង្រៀន​របស់​ព្យាការី

ជំនាញ ៖ អញ្ជើញ​សិស្ស​ថ្នាក់​វិទ្យាស្ថាន​បច្ចុប្បន្ន​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ពួកគេ​ទទួល​បាន​រួច​ហើយ​នូវ​ពរជ័យ​ដែល​បាន​សន្យា​ដោយ​ប្រធាន ណិលសុន ។

អែលឌើរ ណិលសុន កំពុង​ចាប់​ដៃ​ស្វាគមន៍

តើ​អ្វី​ជា​ការយល់ដឹង ឬ​សមត្ថភាព​ដំបូង​របស់​ខ្ញុំ ? ( ការវាយតម្លៃ ) ៖

តើ​អ្នក​ជួយ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​ពរជ័យ​ដែល​ពួកគេ​ទទួល​បាន​ពី​ការចូលរៀន​ថ្នាក់​វិទ្យាស្ថាន​ញឹកញាប់​ប៉ុនណា​ដែរ ?

តើ​វា​គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ? ( កំណត់​និយមន័យ ) ៖

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​ថត​សារលិខិត​ពិសេស​មួយ​សម្រាប់​យុវមជ្ឈិមវ័យ​របស់​យើង​ដោយ​សន្យាថា ពួកគេ​នឹង​ទទួលបាន​ពរជ័យ​ដ៏​អស្ចារ្យ ប្រសិនបើ​ពួកគេ​ចូល​រៀន​ក្នុង​ថ្នាក់​វិទ្យាស្ថាន​ឲ្យ​បាន​ញឹកញាប់​នោះ ( រ័សុល អិម ណិលសុន « ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ វិធីសាស្រ្ត​មួយ​ដែល​គ្រូបង្រៀន​អាច​ប្រើ​សារលិខិត​នេះ​ដើម្បី​បំពេញ​គោលបំណង​របស់ ស.&វ. និង​បង្កើន​ការចុះឈ្មោះ គឺ​ត្រូវ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ការសន្យា​របស់​ប្រធាន ណិលសុន បាន​បំពេញ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ បន្ទាប់​ពី​ពួកគេ​បាន​មើល​វីដេអូ​នេះ​ហើយ ។ ដើម្បី​ធ្វើ​បែប​នេះ​បាន គ្រូបង្រៀន​អាច​ចែកចាយ​ការសន្យា​មួយ​ចំនួន ឬ​ទាំងអស់​ដែល​ប្រធាន ណិលសុន បាន​លើកឡើង ( សូមមើល​បញ្ជី​ខាង​ក្រោម ) ឬ​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការសន្យា​ទាំងនោះ នៅពេល​ពួកគេ​មើល​វីដេអូ​នេះ ហើយ​សួរថា « តើ​ពរជ័យ​ណាមួយ​ក្នុង​ចំណោម​ពរជ័យ​ទាំងនេះ​ដែល​ប្អូន​បាន​ទទួល ពេល​ប្អូន​បាន​ចូលរួម​ក្នុង​ថ្នាក់​វិទ្យាស្ថាន ? » បន្ទាប់​ពី​ផ្តល់​ពេលវេលាឲ្យ​សិស្ស​ជញ្ជឹងគិត​ហើយ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​បន្ត​ទទួល​បាន​ពរជ័យ​ទាំងនេះ ឬ​នរណា​ដែល​ពួកគេ​អាច​អញ្ជើញ​ឲ្យ​ចូលរួម​ថ្នាក់​វិទ្យាស្ថាន​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ​ផងដែរ ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​មិត្ត​រួម​ថ្នាក់​នូវ​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល និង​របៀប​ដែល​ពរជ័យ​ទាំង​នោះ​បាន​ភ្ជាប់​ពួកគេ​ទៅ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

ការសន្យា​មួយ​ចំនួន​ដែល​ប្រធាន ណិលសុន បាន​សន្យា​នឹង​យុវមជ្ឈិមវ័យ​ដែល​ចូលរួម​ថ្នាក់​វិទ្យាស្ថាន រួម​មាន​ដូច​ខាងក្រោម​នេះ ៖

  • ថ្នាក់វិទ្យាស្ថាន … នឹង​ជួយ​ក្មួយៗ​ធ្វើឲ្យ​ការប្រែចិត្ត​ជឿ​របស់​ក្មួយ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ស៊ីជម្រៅ ។

  • ការចូលរៀន​ថ្នាក់​វិទ្យាស្ថាន​នឹង​ជួយ​ក្មួយៗ​ឲ្យទទួល​អារម្មណ៍​កាន់តែ​ខ្លាំង​ពី​ក្ដីស្រឡាញ់​ដ៏ធំធេង​របស់​ព្រះវរបិតាសួគ៌​ចំពោះ​ក្មួយៗ ។

  • ថ្នាក់​វិទ្យាស្ថាន​នឹង​ផ្ដល់​ឲ្យ​ក្មួយ​នូវ​គ្រូបង្រៀន​ដ៏​បំផុស​គំនិត មិត្តភក្តិ​ស្មោះត្រង់ និង​អារម្មណ៍​នៃ​ការមាន​ចំណែក ។

  • ថ្នាក់វិទ្យាស្ថាន​នឹង​ជួយ​ក្មួយ​ឲ្យ​យល់ពី​មូលហេតុ​ដែល​ការរស់នៅ​តាម​ដំណឹងល្អ នាំ​ឲ្យ​មាន​សុភមង្គល​ដ៏​មិន​ចេះចប់​មិន​ចេះ​ហើយ ។

  • ការចូលរៀន​ថ្នាក់វិទ្យាស្ថាន​នឹង​ជួយ​ក្មួយៗ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ និង​មាន​អំណរ​កាន់តែ​ខ្លាំង​ឡើង​នាពេល​ឥឡូវ​នេះ ។

  • [ ថ្នាក់​វិទ្យាស្ថាន​នឹង​ជួយ​ក្មួយៗ​ឲ្យ ] ដឹង​សេចក្ដីពិត​ថា ក្មួយៗ​ជា​នរណា​ឲ្យ​ប្រាកដ ។

  • [ ថ្នាក់​វិទ្យាស្ថាន​នឹង​ជួយ​ក្មួយៗ​ឲ្យ ] ដឹង​ពី​គោលបំណង​នៃ​ជីវិត ។

  • [ ថ្នាក់​វិទ្យាស្ថាន​នឹង​ជួយ​ក្មួយៗ​ឲ្យ ] បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។

  • [ ថ្នាក់​វិទ្យាស្ថាន​នឹង​ជួយ​ក្មួយៗ​ឲ្យ ] រៀន​ពី​របៀប​ទុកឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​ក្មួយ ។

  • [ ថ្នាក់​វិទ្យាស្ថាន​នឹង​ជួយ​ក្មួយៗ​ឲ្យ ] ធ្វើជា​អ្នកផ្សះផ្សា​គេ ។

តើ​នរណា ឬ​តើ​អ្វី​ទៅ​ដែល​ផ្ដល់​នូវ​ការពន្យល់​ដ៏ល្អ​មួយ​អំពី​ការណ៍​នេះ ? ( គំរូ ) ៖

  • បងស្រី យ៉ាកូ បាន​បញ្ចាំង​វីដេអូ​របស់​ប្រធាន ណិលសុន ដល់​សិស្ស​ក្នុង​ថ្នាក់​វិទ្យាស្ថាន​របស់​គាត់ ហើយ​ពួកគេ​ពិភាក្សា​អំពី​ការសន្យា​មួយ​ចំនួន​ដែល​លោក​បាន​លើក​ឡើង ។ បន្ទាប់មក គាត់​បាន​សួរ​សិស្ស​របស់​គាត់​ថា « សូម​ប្អូន​ពិចារណា​បាន​ទេ​ថា តើ​ពរជ័យ​ណាមួយ​ក្នុង​ចំណោម​ពរជ័យ​ទាំងនេះ ដែល​ប្អូន​បាន​ទទួល​រួចមក​ហើយ​តាមរយៈ​ការចូលរួម​ថ្នាក់​វិទ្យាស្ថាន ហើយ​តើ​ពរជ័យ​ទាំងនេះ​បាន​ភ្ជាប់​ប្អូន​ទៅ​នឹង​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? គាត់​បាន​ទុក​ពេល​ឲ្យ​សិស្ស​របស់​គាត់​ពិចារណា ហើយ​បន្ទាប់មក​គាត់​បានអញ្ជើញ​ពួកគេ​បីនាក់​ឲ្យ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

  • បងប្រុស អឺឃែលឡែន បញ្ចាំង​វីដេអូ​របស់​ប្រធាន ណិលសុន ទៅកាន់​សិស្ស​ក្នុង​ថ្នាក់​វិទ្យាស្ថាន​របស់​គាត់ និង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ច្បាប់​ចម្លង​បោះពុម្ព​នៃ​ការសន្យា​ដែល​ប្រធាន ណិលសុន បាន​លើក​ឡើង ។ បន្ទាប់មក គាត់​សួរ​សិស្ស​របស់​គាត់​ថា « តើ​ពរជ័យ​មួយ​ណា​ក្នុង​ចំណោម​ពរជ័យ​ទាំងនេះ​ដែល​ប្អូន​បាន​ទទួល​ដោយសារ​ការចូលរួម​ថ្នាក់​វិទ្យាស្ថាន ? » បន្ទាប់ពី​បាន​ទុក​ពេល​ឲ្យ​ពួកគេ​គិត​រួចហើយ បងប្រុស អឺឃែលឡែន សុំ​ឲ្យ​សិស្ស​របស់​គាត់​ពិចារណា​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​ពួកគេ​អាច​អញ្ជើញ​ឲ្យ​មក​ថ្នាក់​វិទ្យាស្ថាន ដើម្បី​ទទួល​បាន​ពរជ័យ​ស្រដៀង​គ្នា​នេះ​ដែរ ។

តើ​ខ្ញុំ​អាច​ហាត់រៀន​ប្រើ​ជំនាញ​នេះ ឬ​អនុវត្ត​តាម​គោលការណ៍​នេះ​ដោយ​របៀប​ណា ? ( អនុវត្ត ) ៖

  • សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​វិទ្យាស្ថាន​របស់​អ្នក ឲ្យ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​ទទួល​បាន​រួច​ទៅ​ហើយ​នូវ​ពរជ័យ​ដែល​បាន​លើក​ឡើង​ដោយ​ប្រធាន ណិលសុន ។

  • សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​វិទ្យាស្ថាន​របស់​អ្នក​ឲ្យ​ពិចារណា​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​ពួកគេ​អាច​អញ្ជើញ​ឲ្យ​មក​ថ្នាក់​វិទ្យាស្ថាន​ដើម្បី​ទទួល​បាន​ពរជ័យ​ស្រដៀង​គ្នា​នេះ​ដែរ ។

ជញ្ជឹងគិត ឬ​ពិភាក្សា ៖

តើ​ការពិចារណា​អំពី​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល​រួច​ហើយ​តាមរយៈ​ការចូលរួម​ក្នុង​ថ្នាក់​វិទ្យាស្ថាន អាចនឹង​បំផុស​គំនិត​សិស្ស​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

តើ​ខ្ញុំ​នឹង​រួមបញ្ចូល​ចំណុច​នេះ​នៅពេលណា និង​ដោយ​របៀបណា ?

សូម​រៀបចំ​ផែនការ​មួយ​ក្នុង​រយៈពេល​ឆាប់ៗ​នេះ​ដើម្បី​ចែកចាយ​វីដេអូ​របស់​ប្រធាន ណិលសុន និង​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​ទទួល​បាន​រួច​ហើយ​នូវ​ពរជ័យ​ដែល​បាន​សន្យា​ដោយ​ប្រធាន ណិលសុន ឬ​នរណា​ដែលពួកគេ​ស្គាល់ ដែល​អាច​បាន​ទទួល​ប្រយោជន៍​ពី​ពរជ័យ​ទាំងនេះ ។