« ជំនាញ ៖ ការស្ដាប់សន្និសីទទូទៅដោយគិតដល់សិស្សក្នុងចិត្តថ្នាក់សិក្ខាសាលា » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
ផ្ដោតលើការបង្រៀនរបស់ព្យាការី
ជំនាញ ៖ ការស្ដាប់សន្និសីទទូទៅដោយគិតដល់សិស្សក្នុងចិត្ត ។
សេចក្តីផ្ដើម
ប្រធាន អាវរិង បានបង្រៀនថា « វាហាក់ដូចជាគ្មានទីបញ្ចប់ចំពោះបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះក្នុងការដឹកនាំយើងទៅកាន់សុវត្ថិភាពនោះទេ ។ ហើយវាមានភាពជាប់លាប់នៅក្នុងរបៀបដែលទ្រង់បង្ហាញផ្លូវដល់យើង ។ ទ្រង់ហៅតាមមធ្យោបាយច្រើនជាងមួយដើម្បីឲ្យវាទៅដល់អ្នកដែលចង់ទទួលយក ។ ហើយមធ្យោបាយទាំងនោះតែងតែរួមបញ្ចូលការផ្ញើសារតាមប្រសាសន៍របស់ព្យាការីទ្រង់នៅពេលណាដែលមនុស្សមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីមានព្យាការីរបស់ព្រះនៅក្នុងចំណោមពួកគេ ។ អ្នកបម្រើដែលមានសិទ្ធិអំណាចទាំងនោះតែងតែទទួលខុសត្រូវក្នុងការព្រមានប្រជាជន ដោយប្រាប់ផ្លូវទៅកាន់សុវត្ថិភាព » ( ហែនរី ប៊ី អាវរិង « Finding Safety in Counsel » Ensign ខែឧសភា ឆ្នាំ១៩៩៧ ទំព័រ ២៤ ) ។
អែលឌើរ គ្រីស្តូហ្វឺសិន បានបន្ថែមថា « នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ‹ យើងខ្ញុំជឿចំពោះការណ៍ទាំងអស់ ដែលទ្រង់បានបើកសម្ដែងមក និងការណ៍ទាំងអស់ដែលទ្រង់បើកសម្ដែងនៅពេលឥឡូវនេះ ហើយយើងខ្ញុំជឿថា ទ្រង់នឹងបើកសម្ដែងនូវការណ៍ដ៏ធំ និងសំខាន់ៗជាច្រើន ដែលទាក់ទងទៅនឹងនគរនៃព្រះ › ( មាត្រានៃសេចក្ដីជំនឿ ១:៩ ) ។ នេះមានន័យថា ខណៈដែលមានអ្វីជាច្រើនដែលយើងពុំទាន់ដឹងអស់នៅឡើយ នោះសេចក្ដីពិត និងគោលលទ្ធិ ដែលយើងទទួលនេះ បានមកដល់ ហើយវានឹងបន្ដមកតាមរយៈវិវរវណៈដ៏ទេវភាព ។ យើងឲ្យតម្លៃដល់អ្នកវិទូដែលពង្រីកការយល់ដឹង ប៉ុន្ដែនៅក្នុងសាសនាចក្រសព្វថ្ងៃ ក៏ដូចជាសាសនាចក្រពីបុរាណដែរ ការស្ថាបនាគោលលទ្ធិនៃព្រះគ្រីស្ទ ឬការកែតម្រូវលើការបង្វែរចេញពីគោលលទ្ធិ គឺជារឿងសំខាន់មួយនៃវិវរណៈដ៏ទេវភាព ចំពោះអ្នកទាំងឡាយ ដែលព្រះអម្ចាស់ប្រទានឲ្យនូវសិទ្ធិអំណាចជាសាវក » ( ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Christ: Elder Christofferson » ខែឧសភា ឆ្នាំ២០១២ ) ។
ដើម្បីបំពេញតាមគោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន គ្រូបង្រៀនគួរតែចំណាយពេលវេលាដើម្បីរៀនស្គាល់ប្រសាសន៍របស់ព្យាការីដែលនៅរស់ រហូតដល់ពួកគេអាចថ្លែងអំពីប្រសាសន៍របស់ពួកលោកចេញពីមាត់របស់ពួកគេទៅកាន់សិស្សបានយ៉ាងរលូន ។
ប្រសាសន៍របស់ព្យាការីគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ហើយព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទគឺជាប្រសាសន៍របស់ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៨ ) ។
នេះគឺជាសំណួរមួយចំនួនដែលគ្រូបង្រៀនអាចសួរពេញមួយឆ្នាំសិក្សា ៖
-
តើខ្ញុំមានទម្លាប់សិក្សាអ្វីខ្លះ ដែលវាទាក់ទងនឹងប្រសាសន៍របស់ពួកព្យាការីដែលនៅរស់ ?
-
តើខ្ញុំចំណាយពេលប៉ុន្មានក្នុងការសិក្សាប្រសាសន៍របស់ពួកលោក ?
-
តើខ្ញុំដកស្រង់ប្រសាសន៍របស់ពួកលោក ឬប្រើប្រសាសន៍របស់ពួកលោកញឹកញាប់ប៉ុនណាដែរ នៅក្នុងគេហដ្ឋានរបស់ខ្ញុំ នៅកន្លែងធ្វើការ នៅសាលារៀន ឬនៅកន្លែងកម្សាន្ដ ?
-
តើខ្ញុំស្គាល់អ្វីដែលប្រធាន ណិលសុន កំពុងមានប្រសាសន៍នៅសប្តាហ៍នេះឬទេ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះបាន ដើម្បីខិតខំធ្វើគ្រប់យ៉ាង ដើម្បីបានយល់ពីប្រសាសន៍របស់ព្យាការី និងអាទិភាពនៃប្រសាសន៍របស់ពួកលោក ?
នេះគឺជាវគ្គសិក្សាដែលបានរៀបចំឡើងសម្រាប់ការបំពាក់បំប៉នមីក្រូមួយក្នុងចំណោមការបំពាក់បំប៉នទាំងបួន ដែលបង្កើតឡើងដើម្បីជួយគ្រូបង្រៀន និងសិស្សឲ្យរៀនសូត្រ និងប្រើប្រាស់ប្រសាសន៍របស់ពួកព្យាការី ។ នេះគឺជាដំណើរការមួយដែលនឹងចំណាយពេលដើម្បីអភិវឌ្ឍ ។ នៅពេលគ្រូបង្រៀន និងសិស្សចាប់ផ្ដើម នោះពួកគេនឹងកាន់តែយល់ពីប្រសាសន៍របស់ពួកព្យាការី មួយបន្ទាត់ម្តងៗ ហើយពួកគេនឹងរៀនកាន់តែឆាប់ចេះនូវមាតិកា និងបរិបទនៃការបង្រៀនរបស់ព្យាការី ។ ពួកគេក៏នឹងក្លាយជាអ្នកជំនាញក្នុងការរកឃើញការបង្រៀនទាំងនេះនៅក្នុងបណ្ណាល័យដំណឹងល្អ និងកន្លែងផ្សេងទៀតដែលពួកគេអាចរកឃើញផងដែរ ។ នៅពេលមួយ ពួកគេនឹងអាចទទួលបានការសន្យានៅក្នុង ចោទិយកថា ៦:៦ ៖ « សេចក្តីទាំងនេះដែលយើងបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ » ។
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ )
« តើការស្តាប់ ឬការសិក្សាសុន្ទរកថានៃសន្និសីទទូទៅដោយគិតដល់សិស្សក្នុងចិត្ត បានធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងការបង្រៀនរបស់អ្នកយ៉ាងដូចម្ដេច ? »
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
គ្រូបង្រៀនម្នាក់អាចស្តាប់សន្និសីទទូទៅសម្រាប់ខ្លួនគាត់ និងសម្រាប់សិស្សរបស់គាត់ ។ ពេលគ្រូបង្រៀនម្នាក់ស្តាប់សន្និសីទទូទៅសម្រាប់សិស្សរបស់គាត់ នោះគឺគាត់កំពុងគិតអំពីឧបសគ្គ កង្វល់ ឬសំណួរដែលសិស្សរបស់គាត់មាន ឬការសាកល្បងដែលពួកគេកំពុងប្រឈមមុខ ។ គាត់ប្រហែលជាកំពុងគិតអំពីសិស្សម្នាក់ ឬសិស្សទូទៅ ។ គ្រូបង្រៀនម្នាក់ដែលធ្វើបែបនេះ ស្តាប់សន្និសីទទូទៅដោយមានសំណួរដ៏សាមញ្ញបែបនេះ ៖ « តើខ្ញុំនឹងរៀនអ្វីនៅថ្ងៃនេះមកពីពួកព្យាការីដែលនឹងជួយដល់ [ ឈ្មោះសិស្ស ] ឬសិស្សក្នុងថ្នាក់របស់ខ្ញុំ ? » ពេលគ្រូបង្រៀនកត់ត្រាមេរៀន និងចំណាប់អារម្មណ៍សម្រាប់សិស្សរបស់គាត់ នោះសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះពួកគេនឹងកើនឡើង ហើយសមត្ថភាពរបស់គាត់ក្នុងការណែនាំពួកគេឲ្យឆ្ពោះទៅរកព្រះអង្គសង្គ្រោះ ក៏នឹងកើនឡើងផងដែរ ។
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូ ) ៖
ក្នុងការរៀបចំសម្រាប់សន្និសីទទូទៅ គ្រូបង្រៀនម្នាក់បានសម្រេចចិត្តមើលដោយស្វែងរកចម្លើយ ដើម្បីដោះស្រាយកង្វល់របស់សិស្សនៅក្នុងថ្នាក់របស់គាត់ ។ អារម្មណ៍ទូទៅក្នុងថ្នាក់របស់គាត់គឺថា សិស្សមានការភ័យខ្លាចចំពោះអនាគត ។ នៅពេលដែលគាត់បានមើលសន្និសីទទូទៅ គាត់បានស្វែងរក និងកត់ត្រាចំណាប់អារម្មណ៍ដែលគាត់ទទួលបាន ទាក់ទងនឹងកង្វល់នេះប្រកបដោយការអធិស្ឋាន ។ នៅក្នុងការសិក្សាសុន្ទរកថាជាបន្តបន្ទាប់របស់គាត់នៅក្នុង លីអាហូណា, គាត់បានបន្តស្វែងរកចម្លើយដែលនឹងជួយគាត់ឲ្យចង្អុលបង្ហាញដល់សិស្សរបស់គាត់ក្នុងទិសដៅដ៏ត្រឹមត្រូវ នៅពេលដែលពួកគេបានចែកចាយកង្វល់របស់ពួកគេដោយក្លាហាននៅក្នុងថ្នាក់ ។
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត ) ៖
-
សូមមើលសុន្ទរកថាសន្និសីទទូទៅឡើងវិញមកពីប្រធាន រ័សុល អិម ណិលសុន ដោយគិតដល់កង្វល់ទូទៅរបស់សិស្សក្នុងថ្នាក់របស់អ្នក ។ សូមសួរសំណួរថា « តើខ្ញុំនឹងរៀនអ្វីនៅថ្ងៃនេះមកពីព្យាការីដែលនឹងជួយដល់សិស្សក្នុងថ្នាក់របស់ខ្ញុំ ? » សូមកត់ត្រាចំណាប់អារម្មណ៍ណាមួយដែលទទួលបាន កាលអ្នកពិចារណាអំពីវិធីដើម្បីជួយដល់ពួកគេ ។
-
សូមសាកល្បងរឿងនេះម្ដងទៀត ពេលនេះជ្រើសរើសសុន្ទរកថាផ្សេងទៀត ជាមួយនឹងកង្វល់របស់សិស្សជាក់លាក់ម្នាក់នៅក្នុងចិត្ត ។ សូមសួរសំណួរថា « តើខ្ញុំនឹងរៀនអ្វីនៅថ្ងៃនេះមកពីព្យាការីដែលនឹងជួយដល់ [ ឈ្មោះសិស្ស ] ? » សូមកត់ត្រាចំណាប់អារម្មណ៍ដែលអ្នកទទួលបាន ។
ជញ្ជឹងគិត ឬពិភាក្សា ៖
តើអ្នកបានរៀន ឬទទួលបទពិសោធន៍អ្វីខ្លះកាលអ្នកបានធ្វើបែបនេះ ? ហេតុអ្វីបានជាការធ្វើបែបនេះគឺជាការអនុវត្តដ៏ល្អមួយ នៅពេលអ្នកខិតខំជួយសិស្សរបស់អ្នកឲ្យប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំង ?
រួមបញ្ចូល ៖
នៅពេលអ្នកស្តាប់សម័យប្រជុំនៃសន្និសីទទូទៅនាពេលអនាគត សូមស្វែងរករបៀបដើម្បីប្រើជំនាញនេះ ។ សូមគិតអំពីសិស្សទូទៅរបស់អ្នក ឬគិតដល់សិស្សម្នាក់ៗ នៅពេលដែលអ្នកស្តាប់ ឬមើលសុន្ទរកថាសន្និសីទឡើងវិញ ។ សូមកត់ត្រាចំណាប់អារម្មណ៍របស់អ្នក ហើយប្រើចំណាប់អារម្មណ៍ទាំងនោះពេលបង្រៀនក្នុងថ្នាក់តាមកាលៈទេសៈអនុញ្ញាត ។
តើចង់បានបន្ថែមទៀតទេ ?
គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៨ ៖ « គង់តែពាក្យរបស់យើងនឹងមិនកន្លងបាត់ដែរ ប៉ុន្តែពាក្យទាំងអស់នឹងបានសម្រេច ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » ។
« កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្រៀន គឺមិនបានចាប់ផ្ដើមជាមួយការរៀបចំមេរៀនមួយ ឬការជញ្ជឹងគិតអំពីរបៀបដែលត្រូវបង្រៀន ឬសូម្បីតែការមើលកម្មវិធីសិក្សាឡើងវិញនោះទេ ។ កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការបង្រៀនចាប់ផ្តើមនៅឯ ad fontes,ឬ ‹ ប្រភពដើម › ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី បានថ្លែងថា គ្មានការរៀបចំការបង្រៀនណាប្រសើរជាង ការផឹកទឹកឲ្យច្រើនពីប្រភពដែលទឹកនោះចេញមកនោះទេ ។ បើសិនយើងចង់បង្រៀនព្រះគម្ពីរដោយព្រះចេស្តា ប្រសិនបើយើងចង់ឲ្យសិស្សយើងយល់សេចក្តីពិត និងសារៈសំខាន់នៃវគ្គបទគម្ពីរ វាត្រូវចាប់ផ្តើមជាមួយនឹងអារម្មណ៍ស្រស់ស្រាយ រំភើបនៅក្នុងខ្លួនយើងសិន » ( អ័រ ឃែលី ហស៍ « First Seek to Obtain My Word » [ ស.&វ. ការចាក់ផ្សាយការបំពាក់បំប៉នប្រចាំឆ្នាំ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ] ) ។