« ជំនាញ ៖ ជួយសិស្សឲ្យសម្រេចចិត្តថា តើវិធីសាស្ត្រសិក្សាព្រះគម្ពីរមួយណាដែលត្រូវប្រើ ដោយផ្ដល់ឲ្យពួកគេនូវវិធីសាស្ត្រសិក្សាព្រះគម្ពីរជាច្រើនដើម្បីពិចារណា » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
គោលដៅនៃការសិក្សាព្រះគម្ពីរ
ជំនាញ ៖ ជួយសិស្សឲ្យសម្រេចចិត្តថា តើវិធីសាស្ត្រសិក្សាព្រះគម្ពីរមួយណាដែលត្រូវប្រើ ដោយផ្ដល់ឲ្យពួកគេនូវវិធីសាស្ត្រសិក្សាព្រះគម្ពីរជាច្រើនដើម្បីពិចារណា ។
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ ) ៖
តើអ្នកបានពិចារណាទេថា តើការសិក្សាព្រះគម្ពីរមានវិធីសាស្ត្រប៉ុន្មានផ្សេងៗគ្នា ? តើអ្នកគិតថា សិស្សរបស់អ្នកប៉ុន្មាននាក់ដែលស្គាល់វិធីសាស្រ្តទាំងនេះ ?
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ខ្ញុំសូមស្នើឲ្យបងប្អូនដុសខាត់របៀបនៃការសិក្សារបស់បងប្អូនឲ្យស័ក្តិសមនឹងបងប្អូន » ( រ័សុល អិម ណិលសុន « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ) ។ ពេលសិស្សជ្រើសរើសវិធីសាស្ត្រសិក្សាព្រះគម្ពីរ ដែលបំពេញតាមតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេទំនងជាមានការជម្រុញចិត្ត និងក្តីរំភើប ដើម្បីសម្រេចគោលដៅសិក្សាព្រះគម្ពីររបស់ពួកគេ ហើយទទួលអារម្មណ៍អំពីព្រះចេស្តានៃការសិក្សាព្រះបន្ទូលរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ ។ គ្រូបង្រៀនមិនគួរព្យាយាមដឹកនាំសិស្សទៅកាន់វិធីសាស្ត្រសិក្សាព្រះគម្ពីរជាក់លាក់មួយឡើយ ផ្ទុយទៅវិញនៅពេលពួកគាត់លើកទឹកចិត្តសិស្សឲ្យកំណត់គោលដៅសិក្សាផ្ទាល់ខ្លួន គ្រូបង្រៀនគួរតែជួយសិស្សឲ្យវាយតម្លៃថា តើវិធីសាស្ត្រណាមួយដែលល្អបំផុតសម្រាប់សិស្ស ។ វិធីមួយដែលអាចធ្វើការណ៍នេះបាន គឺដោយផ្ដល់ឲ្យសិស្សនូវវិធីសាស្ត្រសិក្សាព្រះគម្ពីរជាច្រើនដើម្បីជ្រើសរើស ។ វាក៏អាចមានប្រសិទ្ធិភាពខ្ពស់ក្នុងការអញ្ជើញសិស្សដែលបានរកឃើញវិធីសាស្ត្រសិក្សាព្រះគម្ពីរដែលមានប្រសិទ្ធិភាពរួចទៅហើយ ឲ្យឡើងចែកចាយវាជាមួយមិត្តរួមថ្នាក់របស់ពួកគេផងដែរ ។
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូ ) ៖
នៅពេលដែលបងប្រុស បិលលីង អញ្ជើញសិស្សរបស់គាត់ឲ្យចាប់ផ្ដើមពិចារណាពីគោលដៅសិក្សាព្រះគម្ពីររបស់ពួកគេ គាត់នឹងផ្តល់ឲ្យពួកគេនូវឯកសារ « សេចក្តីថ្លែងការណ៍អំពីវិធីសាស្ត្រសិក្សាព្រះគម្ពីរ និងជំនាញទាំងឡាយ » ( ខាងក្រោម ) ។ គាត់ឲ្យពេលសិស្សរបស់គាត់ប្រាំនាទីដើម្បីមើលឯកសារត្រួសៗ និងអានផ្នែកដែលលេចធ្លោចំពោះពួកគេដោយស្វែងរកអ្វីដែលពួកគេអាចនឹងចង់សាកល្បង ។ រយៈពេលប្រាំនាទីក្រោយមក គាត់បានសួរសំណួរដូចខាងក្រោម ៖
-
បន្ទាប់ពីពិនិត្យមើលបញ្ជីនេះ តើប្អូនគិតថានឹងប្រើវិធីសាស្ត្រមួយណាដែលមានប្រយោជន៍សម្រាប់ប្អូននៅពេលឥឡូវនេះ ?
-
តើមានវិធីសាស្ត្រណាមួយដែលមិនមានក្នុងបញ្ជីនេះ ដែលប្អូនចង់សាកល្បង ឬចង់បន្តធ្វើទេ ?
កាលសិស្សបានលើកឡើងពីអ្វីដែលមិនមាននៅក្នុងបញ្ជីក្នុងសំណៅចែក នោះបងប្រុស បិលលីង បានសរសេរវាបន្ថែមដាក់នៅលើក្ដារខៀន ។ បន្ទាប់ពីការពិភាក្សារបស់ពួកគេ គាត់លើកទឹកចិត្តសិស្សរបស់គាត់ឲ្យសម្រេចចិត្តថា តើវិធីសាស្ត្រមួយណា ដែលនឹងល្អបំផុតសម្រាប់គោលដៅសិក្សាព្រះគម្ពីររបស់ពួកគេ ហើយគាំទ្រគោលដៅដែលពួកគេបានកំណត់ ។
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត ) ៖
សូមពិនិត្យមើល « សេចក្តីថ្លែងការណ៍អំពីវិធីសាស្ត្រសិក្សាព្រះគម្ពីរ និងជំនាញទាំងឡាយ » ( ខាងក្រោម ) ទំព័រធនធាន ហើយបង្កើតសំណួរយ៉ាងហោចណាស់មួយ ដែលអ្នកអាចសួរសិស្សរបស់អ្នកដែលនឹងលើកទឹកចិត្តពួកគេឲ្យស្វែងយល់វិធីសាស្ត្រសិក្សាព្រះគម្ពីរដែលមានប្រសិទ្ធភាពសម្រាប់ពួកគេ ។
ជញ្ជឹងគិត ឬពិភាក្សា ៖
តើអ្នកគិតថា វិធីសាស្ត្រសិក្សាព្រះគម្ពីររបស់សិស្សមានឥទ្ធិពលលើរបៀបដែលពួកគេរៀនមកពីព្រះគម្ពីរយ៉ាងដូចម្ដេច ?
តើខ្ញុំនឹងរួមបញ្ចូលចំណុចនេះនៅពេលណា និងដោយរបៀបណា ?
សូមកំណត់ពីរបៀបដែលអ្នកនឹងផ្តល់ឲ្យសិស្សរបស់អ្នកនូវជម្រើសនៃវិធីសាស្រ្តសិក្សា និងជំនាញដែលពួកគេអាចប្រើ ។ សូមសម្រេចចិត្តអំពីសំណួរនេះ ឬសំណួរទាំងឡាយណា ដែលអ្នកនឹងប្រើដើម្បីជួយពួកគេឲ្យស្វែងយល់ពីវិធីសាស្រ្តដែលនឹងបំពេញតាមតម្រូវការរបស់ពួកគេបានល្អបំផុត ។ ( អ្នកអាចនឹងពិចារណាអំពីការប្រើវារួមបញ្ចូលគ្នាជាមួយនឹងជំនាញកំណត់គោលដៅព្រះគម្ពីរផ្សេងទៀត ដូចជាការកំណត់ពីពរជ័យនៃការសិក្សាព្រះគម្ពីរ ការលើកទឹកចិត្តពួកគេឲ្យអធិស្ឋានក្នុងការកំណត់គោលដៅសិក្សាព្រះគម្ពីរ ឬការសម្រេចចិត្តថាតើត្រូវសិក្សានៅពេលណា និងនៅកន្លែងណាជាដើម ) ។
សូមកត់ចំណាំ ៖ សិស្សមួយចំនួននឹងត្រៀមខ្លួនជាស្រេចដើម្បីសម្រេចចិត្តក្នុងអំឡុងពេលរៀនថា តើវិធីសាស្ត្រសិក្សាព្រះគម្ពីរមួយណាដែលពួកគេចង់ប្រើ ។ អ្នកផ្សេងទៀតប្រហែលជាត្រូវជញ្ជឹងគិតសិន ហើយអធិស្ឋានបន្តិច មុនពេលពួកគេសម្រេចចិត្ត ។ វានឹងមានប្រយោជន៍ក្នុងការតាមដានជាទៀងទាត់ជាមួយសិស្ស និងជួយពួកគេស្របតាមនោះ ។
សេចក្តីថ្លែងការណ៍អំពីវិធីសាស្ត្រសិក្សាព្រះគម្ពីរ និងជំនាញទាំងឡាយ
មើលទៅព្រះអម្ចាស់ និងការបង្រៀនរបស់ទ្រង់ ។ |
« ទីពីរ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យអានព្រះគម្ពីរមរមនចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ។ … នៅពេលបងប្អូនសិក្សាប្រកបដោយការអធិស្ឋាន ខ្ញុំសូមសន្យាថា ស្ថានសួគ៌នឹងបើកទ្វារសម្រាប់បងប្អូន ។ ព្រះអម្ចាស់នឹងប្រទានពរដល់បងប្អូននូវការបំផុសគំនិតនិងវិវរណៈដ៏ច្រើន ។ នៅពេលបងប្អូនអាន ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យគូសចំណាំខគម្ពីរនីមួយៗដែលលើកឡើង ឬនិយាយពីព្រះអង្គសង្គ្រោះ ។ បន្ទាប់មក ត្រូវមានបំណងនិយាយអំពីព្រះគ្រីស្ទ អររីករាយក្នុងព្រះគ្រីស្ទ និងផ្សាយអំពីព្រះគ្រីស្ទជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្ដិរបស់បងប្អូន ។ បងប្អូន ព្រមទាំងពួកគេនឹងបានខិតទៅជិតព្រះអង្គសង្គ្រោះតាមរយៈដំណើរការនេះ ។ ហើយការផ្លាស់ប្ដូរ សូម្បីអព្ភូតហេតុ នឹងចាប់ផ្ដើមកើតមានឡើង » ( រ័សុល អិម ណិលសុន « Sisters’ Participation in the Gathering of Israel » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ៦៩–៧០ ) ។ « នៅពេលយើងឆ្លើយតបចំពោះការអញ្ជើញដ៏ទន់ភ្លន់របស់ព្រះអម្ចាស់ ‹ រៀននឹងខ្ញុំចុះ › យើងក្លាយជាអ្នកទទួលយកនូវព្រះចេស្ដាជាព្រះរបស់ទ្រង់ » ( ថូម៉ាស អេស ម៉នសុន « Learn of Me » Liahona ខែមីនា ឆ្នាំ២០១៦ ទំព័រ ៦ ) ។ « ចូររៀនអំពីយើង ហើយស្ដាប់តាមព្រះបន្ទូលទាំងឡាយរបស់យើងចុះ ចូរដើរក្នុងភាពស្លូតបូតនៃព្រះវិញ្ញាណរបស់យើង នោះអ្នកនឹងបានសេចក្ដីសុខសាន្តក្នុងយើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:២៣ ) ។ |
---|---|
កំណត់អំពីពរជ័យដែលបានសន្យាដែលកើតមានមកពីការសិក្សាព្រះគម្ពីរ ។ |
« បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនជញ្ជឹងគិតនូវអ្វីដែលបងប្អូនសិក្សា នោះបង្អួចស្ថានសួគ៌នឹងបើកឡើង ហើយបងប្អូននឹងទទួលចម្លើយចំពោះសំណួរផ្ទាល់ខ្លួន និងការដឹកនាំសម្រាប់ជីវិតបងប្អូនផ្ទាល់ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមនរាល់ថ្ងៃ បងប្អូនអាចត្រូវបានការពារឲ្យផុតពីអំពើអាក្រក់នៃថ្ងៃនោះ ជំងឺដ៏ធំនៃរូបអាសគ្រាម និងការញៀនផ្សេងទៀតដែលធ្វើឲ្យគំនិតស្ពឹក » ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៦២–៦៣ ) ។ « ការពិចារណាអំពីវគ្គបទគម្ពីរអាចជាគន្លឹះមួយ ដើម្បីបើកឲ្យមានវិវរណៈ និងការណែនាំ និងការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ។ បទគម្ពីរអាចរម្ងាប់ព្រលឹងដែលរំជើបរំជួល ផ្តល់នូវសេចក្តីសុខសាន្ត សេចក្តីសង្ឃឹម និងការស្ដារទំនុកចិត្តនៅលើសមត្ថភាពរបស់មនុស្សម្នាក់ឡើងវិញ ដើម្បីយកឈ្នះលើឧបសគ្គនៃជីវិតបាន ។ បទគម្ពីរទាំងនោះមានអំណាចយ៉ាងខ្លាំងដើម្បីព្យាបាលបញ្ហាផ្លូវចិត្ត នៅពេលដែលមានសេចក្តីជំនឿទៅលើព្រះអង្គសង្គ្រោះ ។ វាអាចពន្លឿនការព្យាបាលខាងរាងកាយបាន » ( រីឆាដ ជី ស្កត « The Power of Scripture » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ៦ ) ។ « ហើយខ្ញុំបាននិយាយទៅពួកគេថា នោះគឺជាព្រះបន្ទូលនៃព្រះ ហើយអស់អ្នកណាដែលប្រុងស្ដាប់តាមព្រះបន្ទូលនៃព្រះ ហើយតោងជាប់តាមព្រះបន្ទូលនៃព្រះ នោះនឹងមិនត្រូវវិនាសឡើយ សូម្បីតែការល្បួងទាំងឡាយ និងព្រួញភ្លើងទាំងឡាយរបស់មារសត្រូវ ក៏មិនអាចឈ្នះលើគេដល់ទៅធ្វើឲ្យគេខ្វាក់ ដើម្បីនាំគេទៅឯសេចក្ដីបំផ្លិចបំផ្លាញបានដែរ » ( នីហ្វៃទី១ ១៥:២៤ ) ។ |
ជួយសិស្សឲ្យសម្រេចចិត្តថា តើវិធីសាស្ត្រសិក្សាព្រះគម្ពីរមួយណាដែលត្រូវប្រើ ឬប្រើវិធីសាស្រ្តផ្សេងៗ ។ |
« ខ្ញុំសូមស្នើឲ្យបងប្អូនដុសខាត់របៀបនៃការសិក្សារបស់បងប្អូន ដើម្បីឲ្យស័ក្តិសមនឹងបងប្អូន ។ របៀបមួយគឺត្រូវអានគម្ពីរនៅក្នុងព្រះគម្ពីរចាប់ពីទំព័រទីមួយរហូតទៅទំព័រចុងក្រោយ ។ វិធីសាស្ត្រនេះផ្ដល់នូវទស្សនវិស័យទាំងស្រុងមួយដ៏ល្អ ។ ប៉ុន្តែវិធីសាស្ត្រផ្សេងទៀតក៏មានគុណតម្លៃផងដែរ ។ ការយកចិត្តទុកដាក់ទៅលើប្រធានបទជាក់លាក់មួយ ឬបាវចនាជាក់លាក់មួយ ដែលបន្ថែមដោយការប្រើប្រាស់លេខយោងនៃសេចក្តីយោងបទគម្ពីរ និងមគ្គទេសក៍សិក្សា អាចជួយបើកភ្លើងនៃការយល់ដឹងអំពីគោលលទ្ធិ » ( រ័សុល អិម ណិលសុន « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ) ។ « បងប្អូនគួរខ្វល់ខ្វាយច្រើនអំពីពេលវេលាដែលបងប្អូនចំណាយក្នុងព្រះគម្ពីរ ជាជាងអំពីចំនួនដែលបងប្អូនអាននៅពេលនោះ ។ ខ្ញុំឃើញថា ពេលខ្លះបងប្អូនអានពីរបីខគម្ពីរ ឈប់ដើម្បីជញ្ជឹងគិតអំពីខគម្ពីរទាំងនោះ អានខគម្ពីរនេះម្តងទៀតដោយយកចិត្តទុកដាក់ ហើយនៅពេលបងប្អូនគិតអំពីអត្ថន័យរបស់វា សូមអធិស្ឋានដើម្បីទទួលបានការយល់ដឹង ដោយសួរសំណួរនៅក្នុងគំនិតរបស់បងប្អូន រង់ចាំការបំផុសគំនិតខាងវិញ្ញាណ រួចសរសេរទុកនូវការបំផុសគំនិត និងការយល់ដឹងដែលនឹងកើតមានដើម្បីឲ្យបងប្អូនអាចចងចាំ ហើយរៀនសូត្របានកាន់តែប្រសើរឡើង ។ ពេលសិក្សាតាមរបៀបនេះ បងប្អូនប្រហែលជានឹងមិនអានបានច្រើនជំពូក ឬច្រើនខគម្ពីរនោះទេនៅក្នុងរយៈពេលកន្លះម៉ោង ប៉ុន្ដែបងប្អូននឹងទុកកន្លែងមួយនៅក្នុងដួងចិត្តរបស់បងប្អូនសម្រាប់ព្រះបន្ទូលនៃព្រះហើយទ្រង់នឹងមានព្រះបន្ទូលមកកាន់បងប្អូន » ( ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted » Liahona ខែឧសភា ឆ្នាំ២០០៤ ទំព័រ ១១ ) ។ « ហើយចូរឲ្យឃើញថា គ្រប់ការណ៍ទាំងនេះត្រូវបានប្រព្រឹត្តឡើងក្នុងប្រាជ្ញា និងរបៀបរៀបរយ ដ្បិតមិនត្រូវឲ្យអ្នកណារត់លឿនជាងកម្លាំងដែលគេមាននោះឡើយ ។ ហើយមួយទៀតជាការចាំបាច់ឲ្យអ្នកនោះត្រូវព្យាយាមដើម្បីគេអាចបានរង្វាន់ ហេតុដូច្នេះហើយគ្រប់ការណ៍ទាំងអស់ត្រូវបានប្រព្រឹត្តឡើងតាមរបៀបរៀបរយ » ( ម៉ូសាយ ៤:២៧ ) ។ |
ប្រដូចបទគម្ពីរទៅនឹងជីវិតផ្ទាល់ខ្លួនរបស់បងប្អូន ។ |
« យើងចាប់ផ្តើមដោយការប្តេជ្ញាចិត្ត ‹ ប្រៀបធៀបបទព្រះគម្ពីរទាំងអស់ទៅនឹងខ្លួនយើង … ដើម្បីទុកជាប្រយោជន៍ និងការចេះដឹងដល់យើង › [ នីហ្វៃទី១ ១៩:២៣ ] ។ បើយើង ‹ ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត … [ យើង ] នឹងមានជីវិតដ៏នៅអស់កល្បជានិច្ច › [ នីហ្វៃទី២ ៣១:២០ ] ។… នៅពេលបងប្អូនពិចារណា និងអធិស្ឋានអំពីគោលការណ៍ខាងគោលលទ្ធិ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមានបន្ទូលទៅកាន់គំនិត និងចិត្តរបស់បងប្អូន [ គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២ ] ។ ចេញពីព្រឹត្តិការណ៍នានាដែលបានបង្ហាញនៅក្នុងព្រះគម្ពីរ នោះចំណេះដឹងថ្មីនឹងកើតឡើង ហើយគោលការណ៍ដែលទាក់ទងនឹងស្ថានភាពរបស់បងប្អូននឹងដូចជាសន្សើមធ្លាក់ទៅលើដួងចិត្តរបស់បងប្អូន ។ បងប្អូនបណ្ដុះបទពិសោធន៍វិវរណៈដូច្នេះ ដោយការរស់នៅតាមពន្លឺដែលបានផ្ដល់ឲ្យបងប្អូនរួចហើយ និងដោយការស្វែងរកព្រះគម្ពីរជាមួយនឹងការជំរុញចិត្តដ៏បរិសុទ្ធ—ដោយមានចេតនាពិតប្រាកដដើម្បី ‹ មករកព្រះគ្រីស្ទ › [ យ៉ាកុប ១:៧ ] ។ កាលដែលបងប្អូនធ្វើដូច្នេះ ទំនុកចិត្តរបស់បងប្អូននឹង ‹ មានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ › ហើយព្រះវិញ្ញាណបរិសុទ្ធនឹងទៅជាគូកនបងប្អូនជានិច្ច [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៤៥–៤៦ ] » ( រ័សុល អិម ណិលសុន « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ) ។ « សូមយល់មេរៀនទាំងឡាយដែលព្រះគម្ពីរបង្រៀន ។ សូមរៀនពីសាវតារឿង និងមជ្ឈដ្ឋាននៃរឿងប្រៀបប្រដូចរបស់លោកចៅហ្វាយ និងការដាស់តឿនរបស់ព្យាការី ។ សូមសិក្សាមេរៀននីមួយៗឲ្យដូចជាមេរៀននោះនិយាយទៅកាន់អ្នក ព្រោះនេះគឺជាការពិត » ( ថូម៉ាស អេស ម៉នសុន « A Time to Choose » Ensign ខែឧសភា ឆ្នាំ១៩៩៥ ) ។ |
ញែកពេលវេលាសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃឲ្យបានទៀងទាត់ ។ |
« ពេលវេលាសម្រាប់ការសិក្សាព្រះគម្ពីរតម្រូវឲ្យដាក់ពេលមួយដែលត្រូវគោរពតាម ។ បើមិនដូច្នោះទេ ពរជ័យដែលសំខាន់បំផុត វានឹងក្លាយទៅជាលែងសូវសំខាន់សម្រាប់យើងទៅវិញ » ( រ័សុល អិម ណិលសុន « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ) ។ « វគ្គសិក្សាខ្លីៗស្ទើរតែមិនទទួលបានប្រសិទ្ធភាពខ្លាំងដូចជាការអាន និងការអនុវត្តតាមព្រះគម្ពីរនៅក្នុងជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃនោះទេ » ( « Be Your Best Self » Liahona ខែឧសភា ឆ្នាំ២០០៩ ទំព័រ ៦៨ ) ។ « វិធីតែមួយគត់ដែលបងប្អូនអាចប្រាកដថា កាលវិភាគដែលរវល់មិនបានរំខានដល់ការសិក្សាព្រះគម្ពីរ គឺត្រូវបង្កើតពេលវេលាទៀងទាត់ដើម្បីសិក្សាអំពីព្រះគម្ពីរ ។ … នៅពេលដែលខ្ញុំស្ថិតក្នុងស្ថានភាពដែលឲ្យខ្ញុំចេញពីលំនាំនេះ វាធ្វើឲ្យខ្ញុំពិបាកខ្លាំងណាស់ ។ ពេលដែលបងប្អូនទម្លាប់នឹងការសិក្សាព្រះគម្ពីរជាទៀងទាត់ បងប្អូននឹងនៅមិនសុខទេ ពេលបងប្អូនមិនបានសិក្សា ។ វាដូចជាអាហារអ៊ីចឹងដែរ—ដែលបងប្អូនត្រូវតែបរិភោគ ។ ខ្ញុំដឹងថា ខ្ញុំត្រូវការព្រះគម្ពីរដូចដែលខ្ញុំត្រូវការអាហារដែរ ។ ខ្ញុំមិនខកខានក្នុងការបរិភោគអាហារជាទៀតទាត់ ហើយខ្ញុំក៏មិនខកខានក្នុងការសិក្សាព្រះគម្ពីរជាទៀងទាត់ដែរ » ( ហែនរី ប៊ី អាវរិង « A Discussion on Scripture Study » Liahona ខែកក្កដា ឆ្នាំ២០០៥ ទំព័រ ២៤ ) ។ « យើងប្រាប់ជាប្រាកដថា [ អ្នក ] ត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្ត [ របស់ខ្លួន ] ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២៧ ) ។ « ចូរឈប់មានចិត្តខ្ជិលច្រអូស ចូរឈប់មានចិត្តមិនស្អាត ចូរឈប់រកកំហុសពីគ្នាទៅវិញទៅមក ចូរឈប់ដេកយូរជាងដែលត្រូវការ ចូរឆាប់ចូលដំណេក ប្រយោជន៍កុំឲ្យអ្នករាល់គ្នាអស់កម្លាំង ចូរឆាប់ក្រោក ប្រយោជន៍ឲ្យរូបកាយរបស់អ្នករាល់គ្នា និងគំនិតរបស់អ្នករាល់គ្នាអាចមានកម្លាំងក្លៀវក្លា » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១២៤ ) ។ Scriptures: Ten Minutes a Day ( New Era ខែកញ្ញា ឆ្នាំ២០១៧ ទំព័រ ២៦–២៩ ) Daily Bread: Pattern ( វីដេអូ ២:៥១ ) |
អធិស្ឋានមុនពេល អំឡុងពេល ឬក្រោយពេលសិក្សាព្រះគម្ពីរ ហើយទូលសូមឲ្យព្រះវរបិតាសួគ៌បង្រៀនអ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ |
« ព្រោះសេចក្ដីពិតដែលត្រូវបានផ្តល់ឲ្យដោយវិវរណៈ អាចយល់បានតែតាមវិវរណៈប៉ុណ្ណោះ ដូច្នេះការសិក្សារបស់យើងចាំបាច់ត្រូវអធិស្ឋាន » ( រ័សុល អិម ណិលសុន « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ) ។ ដើម្បីទទួលបានវិវរណៈ យើងត្រូវរៀបចំខ្លួនរបស់យើង ។ ខ្ញុំបានរកឃើញនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ខ្ញុំថា ខ្ញុំគួរតែអធិស្ឋានជានិច្ចមុនពេលខ្ញុំអានព្រះគម្ពីរ ។ ហើយបន្ទាប់មកខ្ញុំអត់ធ្មត់ ។ ព្រះអម្ចាស់ទ្រង់ប្រទានឲ្យយើងនូវវិវរណៈ ទៅតាមពេលវេលារបស់ទ្រង់ ទៅតាមរបៀបរបស់ទ្រង់ ហើយស្របទៅតាមព្រះទ័យរបស់ទ្រង់ ។ ដូច្នេះ ពេលខ្លះយើងគ្រាន់តែត្រូវរង់ចាំប៉ុណ្ណោះ ។ មានរឿងមួយទៀតអំពីវិវរណៈផ្ទាល់ខ្លួនដែលយើងគួរចងចាំ ៖ ព្រះអម្ចាស់មិនដែលស្រែកទេ ទ្រង់ខ្សឹប ( សូមមើល ហេលេមិន ៥:៣០ ) ។ មនុស្សមួយចំនួនគិតថា ពួកគេមិនដែលទទួលបានវិវរណៈទេ ពីព្រោះពួកគេមិនដែលឮសំឡេងខ្លាំងៗ ឬបានឃើញទេវតានោះទេ ។ ប៉ុន្តែព្រះអម្ចាស់ខ្សឹប ។ ដូច្នេះ នៅពេលដែលអ្នកស្វែងរកវិវរណៈ សូមស្តាប់សំឡេងខ្សឹប » ( ដាល្លិន អេក អូក « You Can Do This » New Era ខែមេសា ឆ្នាំ២០២០ ទំព័រ ១៣ ) ។ « ខ្ញុំមិនដឹងពីវិធីដ៏ប្រសើរមួយដើម្បីចងចាំទ្រង់ជានិច្ច ជាជាងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃនោះទេ » ( ដេវីឌ អេ បែដណា « Understanding the Importance of Scripture Study » [ ការប្រជុំធម្មនិដ្ឋាននៃសាកលវិទ្យាល័យព្រិកហាំ យ៉ង់–អៃដាហូ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៩៨ ] នៅលើគេហទំព័រ byui.edu ) ។ « នៅពេលយើងចង់ទូលទៅព្រះ យើងអធិស្ឋាន ។ ហើយពេលយើងចង់ឲ្យទ្រង់មានបន្ទូលមកកាន់យើង យើងស្រាវជ្រាវបទគម្ពីរ ដ្បិតបន្ទូលទ្រង់ត្រូវបានថ្លែងតាមរយៈពួកព្យាការីទ្រង់ ។ បន្ទាប់មកទ្រង់នឹងបង្រៀនយើង នៅពេលយើងស្ដាប់តាមការបំផុសគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធ » ( រ៉ូបឺត ឌី ហែល « Holy Scriptures: The Power of God unto Our Salvation » Liahona ខែវិច្ឆិកា ឆ្នាំ២០០៦ ទំព័រ ២៦–២៧ ) ។ |
សួរសំណួរ ហើយស្រាវជ្រាវបទគម្ពីរដើម្បីទទួលបានចម្លើយចំពោះសំណួរនៃដំណឹងល្អរបស់អ្នក ។ |
ហេតុអ្វីបានជាថ្ងៃអាទិត្យគឺជាថ្ងៃសម្រាក ? តើក្នុងជីវិតរបស់ខ្ញុំត្រង់ណា ដែលដូចជាដំណើររឿងនេះ ? តើការគោរពដល់ឪពុកម្ដាយខ្ញុំធ្វើឲ្យមានភាពខុសគ្នាយ៉ាងដូចម្ដេច ? « ការសម្រេចបាននូវសេចក្តីណែនាំនៃបទគម្ពីរ គឺដោយការចោទសួរសំណួរដែលពាក់ព័ន្ធ [ នីហ្វៃទី១ ១០:១៩ ] ។ អ្នកអាចសួរថា ‹ តើមានគោលការណ៍អ្វីខ្លះដែលយើងអាចរៀនសូត្រពីការបង្រៀនទាំងនេះរបស់ព្រះអម្ចាស់ ? › » ( រ័សុល អិម ណិលសុន « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ) ។ « ដ្បិតអ្នកណាដែលព្យាយាមរកនឹងឃើញ ហើយការអាថ៌កំបាំងទាំងឡាយនៃព្រះ នឹងបានបើកបង្ហាញដល់គេ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ទោះនៅជំនាន់នេះ ក៏ដូចជានៅជំនាន់ដើមដែរ ហើយទោះជានៅជំនាន់ដើម ក៏ដូចជានៅជំនាន់ខាងមុខដែរ ហេតុដូច្នោះហើយដំណើរនៃព្រះអម្ចាស់ គឺជាវង់មួយដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី១ ១០:១៩ ) ។ |
បង្កើតបញ្ជីមួយនៃបទគម្ពីរដែលមានអត្ថន័យជាពិសេសចំពោះអ្នក ។ |
អ្នកអាចចាប់ផ្ដើមដោយចំណេះចំណានខគម្ពីរ ឬខគម្ពីរដែលអ្នកពេញចិត្តដោយផ្ទាល់ដែលបានបំផុសគំនិតអ្នកកាលពីមុន ។ ប្រហែលជាអ្នកអាចរៀនទន្ទេញខគម្ពីរមួយចំនួន ។ ពេលអ្នកអានបទគម្ពីរពិសេសទាំងនេះ សូមសាកល្បងធ្វើតាមសេចក្តីយោងបទគម្ពីរ ដែលបានផ្ដល់ឲ្យនៅផ្នែកខាងក្រោមនៃទំព័រ ហើយមើលថា តើវានាំអ្នកទៅកន្លែងណាក្នុងការសិក្សារបស់អ្នក ។ |
ចាប់ផ្ដើមកំណត់ហេតុព្រះគម្ពីរមួយ ។ |
នៅពេលអ្នកអាន ហើយពិចារណាអំពីព្រះគម្ពីរ សូមត្រៀមសៀវភៅកំណត់ហេតុ និងខ្មៅដៃ ឬប៊ិចឲ្យរួចរាល់ ។ អ្នកអាចចម្លងខគម្ពីរណាក៏បានដែលបំផុសគំនិតដល់អ្នក ធ្វើកំណត់ចំណាំអំពីអ្វីដែលអ្នករៀន ឬកត់ត្រានូវការបំផុសខាងវិញ្ញាណណាក៏បាន ។ អ្នកក៏អាចសរសេរគំនិតសម្រាប់ការសិក្សានាពេលខាងមុខផងដែរ ។ |
រៀនពីបរិបទ ។ |
« សូមរៀនអំពីផ្ទៃរឿង និងទិដ្ឋភាពនៃរឿងប្រៀបធៀបរបស់លោកចៅហ្វាយ និងការដាស់តឿនរបស់ពួកព្យាការី » ( ថូម៉ាស អេស ម៉នសុន « Be Your Best Self » Liahona ខែឧសភា ឆ្នាំ២០០៩ ទំព័រ ៦៨ ) ។ |
ចាប់ផ្តើមនៅថ្ងៃនេះ ! |
មិនថាអ្នកជ្រើសរើសសិក្សាបទគម្ពីរតាមរបៀបណានោះទេ ការសិក្សារបស់អ្នកនឹងជួយពង្រឹងទីបន្ទាល់របស់អ្នក និងបង្កើនការយល់ដឹងរបស់អ្នកអំពីដំណឹងល្អ ។ និយាយម្យ៉ាងទៀត គ្មានវិធីណាដែលត្រឹមត្រូវដើម្បីសិក្សាព្រះគម្ពីរទេ ដូច្នេះកុំខ្លាចនិយាយចេញ ហើយសាកល្បងវិធីថ្មីមួយចំនួនចំពោះរបៀបដែលអ្នកអានឡើយ ។ |
ធនធានបន្ថែមទាំងឡាយ |
រ័សុល អិម ណិលសុន « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ហែនរី ប៊ី អាវរិង « A Discussion on Scripture Study » Liahona ខែកក្កដា ឆ្នាំ២០០៥ ទំព័រ ២២–២៦ ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » Liahona ខែឧសភា ឆ្នាំ២០១០ ទំព័រ ៣២–៣៥ The Blessing of Scripture ( វីដេអូ ៣:០៣ ) « Ten Scripture Study Tools » Ensign ខែកញ្ញា ឆ្នាំ២០១០ ទំព័រ ៣១ Teachings of Latter-day Prophets on the Blessings of Scripture Study រីឆាត ជី ស្កត « The Power of Scripture » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ៦–៨ |