ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ជំនាញ ៖ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​ការបង្រៀន​របស់​ព្យាការី​សម័យ​ទំនើប​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន


« ជំនាញ ៖ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​ការបង្រៀន​របស់​ព្យាការី​សម័យ​ទំនើប​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

ផ្ដោត​លើ​ការបង្រៀន​របស់​ព្យាការី

ជំនាញ ៖ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​ការបង្រៀន​របស់​ព្យាការី​សម័យ​ទំនើប​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន ។

គ្រូបង្រៀន​ជាមួយ​សិស្ស

សេចក្តីផ្ដើម

ប្រធាន អាវរិង បាន​បង្រៀន​ថា « វា​ហាក់​ដូចជា​គ្មាន​ទីបញ្ចប់​ចំពោះ​បំណង​ប្រាថ្នា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការដឹកនាំ​យើង​ទៅ​កាន់​សុវត្ថិភាព​នោះ​ទេ ។ ហើយ​វា​មាន​ភាព​ជាប់លាប់​នៅក្នុង​របៀប​ដែល​ទ្រង់​បង្ហាញ​ផ្លូវ​ដល់​យើង ។ ទ្រង់​ហៅ​តាម​មធ្យោបាយ​ច្រើន​ជាង​មួយ​ដើម្បី​ឲ្យ​វា​ទៅ​ដល់​អ្នក​ដែល​ចង់​ទទួល​យក ។ ហើយ​មធ្យោបាយ​ទាំង​នោះ​តែងតែ​រួម​បញ្ចូល​ការផ្ញើ​សារ​តាម​ប្រសាសន៍​របស់​ព្យាការី​ទ្រង់​នៅពេល​ណា​ដែល​មនុស្ស​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​មាន​ព្យាការី​របស់​ព្រះ​នៅក្នុង​ចំណោម​ពួកគេ ។ អ្នក​បម្រើ​ដែល​មាន​សិទ្ធិអំណាច​ទាំងនោះ​តែងតែ​ទទួល​ខុសត្រូវ​ក្នុង​ការព្រមាន​ប្រជាជន ដោយ​ប្រាប់​ផ្លូវ​ទៅ​កាន់​សុវត្ថិភាព » ( ហែនរី ប៊ី អាវរិង « Finding Safety in Counsel » Ensign, ខែ​ឧសភា ឆ្នាំ​១៩៩៧ ទំព័រ ២៤ ) ។

អែលឌើរ គ្រីស្តូហ្វឺសិន បាន​បន្ថែម​ថា « នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ‹ យើង​ខ្ញុំ​ជឿ​ចំពោះ​ការណ៍​ទាំង​អស់ ដែល​ទ្រង់​បាន​បើក​សម្ដែង​មក និង​ការណ៍​ទាំង​អស់​ដែល​ទ្រង់​បើក​សម្ដែង​នៅ​ពេល​ឥឡូវ​នេះ ហើយ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​បើក​សម្ដែង​នូវ​ការណ៍​ដ៏​ធំ និង​សំខាន់ៗ​ជា​ច្រើន ដែល​ទាក់​ទង​ទៅ​នឹង​នគរ​នៃ​ព្រះ › ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩ ) ។ នេះ​មាន​ន័យ​ថា ខណៈ​ដែល​មាន​អ្វី​ជាច្រើន​ដែល​យើង​ពុំ​ទាន់​ដឹង​អស់​នៅឡើយ នោះ​សេចក្ដីពិត និង​គោលលទ្ធិ ដែល​យើង​ទទួល​នេះ បាន​មក​ដល់ ហើយ​វា​នឹង​បន្ដ​មក​តាមរយៈ​វិវរវណៈដ៏​ទេវភាព ។ យើង​ឲ្យ​តម្លៃ​ដល់​អ្នកវិទូ​ដែល​ពង្រីក​ការយល់​ដឹង ប៉ុន្ដែ​នៅក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ ក៏​ដូចជា​សាសនាចក្រ​ពី​បុរាណ​ដែរ ការស្ថាបនា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ឬ​ការកែតម្រូវ​លើ​ការបង្វែរ​ចេញ​ពី​គោលលទ្ធិ គឺ​ជា​រឿង​សំខាន់​មួយ​នៃ​វិវរណៈ​ដ៏ទេវភាព ចំពោះ​អ្នក​ទាំងឡាយ​ ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​នូវ​សិទ្ធិ​អំណាច​ជា​សាវក » ( ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Christ: Elder Christofferson » ខែ​ឧសភា ឆ្នាំ​២០១២ ) ។

ដើម្បី​បំពេញ​តាម​គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន គ្រូបង្រៀន​គួរតែ​ចំណាយ​ពេលវេលា​ដើម្បី​រៀន​ស្គាល់​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅ​រស់ រហូត​ដល់​ពួកគេ​អាច​ថ្លែង​អំពី​ប្រសាសន៍​របស់​ពួកលោក​ចេញពី​មាត់​របស់​ពួកគេ​ទៅកាន់​សិស្ស​បាន​យ៉ាង​រលូន ។

ប្រសាសន៍​របស់​ព្យាការី​គឺជា​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ប្រសាសន៍​របស់​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១:៣៨ ) ។

នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដែល​គ្រូបង្រៀន​អាច​សួរ​ពេញ​មួយ​ឆ្នាំ​សិក្សា ៖

  1. តើ​ខ្ញុំ​មាន​ទម្លាប់​សិក្សា​អ្វីខ្លះ ដែល​វា​ទាក់ទង​នឹង​ប្រសាសន៍​របស់​ពួកព្យាការី​ដែល​នៅរស់ ?

  2. តើ​ខ្ញុំ​ចំណាយ​ពេល​ប៉ុន្មាន​ក្នុង​ការសិក្សា​ប្រសាសន៍​របស់​ពួកលោក ?

  3. តើ​ខ្ញុំ​ដកស្រង់​ប្រសាសន៍​របស់​ពួកលោក ឬ​ប្រើ​ប្រសាសន៍​របស់​ពួកលោក​ញឹកញាប់​ប៉ុនណា​ដែរ នៅ​ក្នុង​គេហដ្ឋាន​របស់​ខ្ញុំ នៅ​កន្លែង​ធ្វើការ នៅ​សាលារៀន ឬ​នៅ​កន្លែង​កម្សាន្ដ ?

  4. តើ​ខ្ញុំ​ស្គាល់​អ្វី​ដែល​ប្រធាន ណិលសុន កំពុង​មាន​ប្រសាសន៍​នៅ​សប្តាហ៍​នេះ​ឬទេ ?

  5. តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​បាន ដើម្បី​ខិតខំ​ធ្វើ​គ្រប់យ៉ាង ដើម្បី​បាន​យល់ពី​ប្រសាសន៍​របស់​ព្យាការី និង​អាទិភាព​នៃ​ប្រសាសន៍​របស់​ពួកលោក ?

នេះ​គឺ​ជា​វគ្គ​សិក្សា​ដែល​បាន​រៀបចំ​ឡើង​សម្រាប់​ការបំពាក់បំប៉ន​តិចតួច​មួយ​ក្នុង​ចំណោម​ការបំពាក់បំប៉ន​ទាំងបួន ដែល​បង្កើត​ឡើង​ដើម្បី​ជួយ​គ្រូបង្រៀន និង​សិស្ស​ឲ្យ​រៀនសូត្រ និង​ប្រើប្រាស់​ប្រសាសន៍​របស់​ពួក​ព្យាការី ។ នេះ​គឺជា​ដំណើរការ​មួយ​ដែល​នឹង​ចំណាយ​ពេល​ដើម្បី​អភិវឌ្ឍ ។ នៅពេល​គ្រូបង្រៀន និង​សិស្ស​ចាប់ផ្ដើម នោះ​ពួកគេ​នឹង​កាន់តែ​យល់ពី​ប្រសាសន៍​របស់​ពួក​ព្យាការី មួយ​បន្ទាត់​ម្តងៗ ហើយ​ពួកគេ​នឹង​រៀន​កាន់តែ​ឆាប់ចេះ​នូវ​មាតិកា និង​បរិបទ​នៃ​ការបង្រៀន​របស់​ព្យាការី ។ ពួកគេ​ក៏​នឹង​ក្លាយ​ជា​អ្នកជំនាញ​ក្នុង​ការរកឃើញ​ការបង្រៀន​ទាំងនេះ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ និង​កន្លែង​ផ្សេង​ទៀត​ដែល​ពួកគេ​អាច​រក​ឃើញ​ផងដែរ ។ នៅ​ពេល​មួយ ពួកគេ​នឹង​អាច​ទទួល​បាន​ការសន្យា​នៅក្នុង ចោទិយកថា ៦:៦ ៖ « សេចក្តី​ទាំងនេះ​ដែល​យើង​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃនេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ » ។

តើ​អ្វី​ជា​ការយល់ដឹង ឬ​សមត្ថភាព​ដំបូង​របស់​ខ្ញុំ ? ( ការវាយតម្លៃ )

តើ​មាន​វិធី​អ្វី​ខ្លះ ដែល​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក​បាន​កាន់​តែ​ប្រសើរ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ដំបូន្មាន​របស់​ពួក​ព្យាការី​សម័យ​ទំនើប​នៅ​ក្នុង​ថ្នាក់ ?

តើ​វា​គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ? ( កំណត់​និយមន័យ ) ៖

គ្រូបង្រៀន​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​កាន់​តែ​ច្បាស់​អំពី​ប្រសាសន៍​របស់​ពួក​ព្យាការី​សម័យ​ទំនើប​ដោយ​ការលើក​ទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ប្រសាសន៏​របស់​ពួក​លោក ជា​ផ្នែក​មួយ​នៃ​ការប្រជុំធម្មនិដ្ឋាន​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​ថ្នាក់ ។ គ្រូបង្រៀន​ដែល​មាន​បំណងប្រាថ្នា​បែបនេះ​អាច​សួរ​យ៉ាង​សាមញ្ញ​ទៅកាន់​សិស្ស​ដែល​បាន​ចាត់តាំង ឬ​គណៈប្រធាន​ថ្នាក់​នូវ​សំណួរ​មួយ ដែល​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ផ្តោត​លើ​ការបង្រៀន​របស់​ព្យាការី​សម័យ​ទំនើប ។ ឧទាហរណ៍ អ្នក​អាច​សួរ​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ខាងក្រោម​នេះ​បាន ៖

  1. « នៅពេល​ដែល​ប្អូន​រៀបចំ​ចែកចាយ​គំនិត​ខាង​វិញ្ញាណ សូម​ប្អូន​ជ្រើសរើស​អ្វីមួយ​មកពី​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅ​រស់​ម្នាក់ ដែល​បំផុស​គំនិត​ដល់​ប្អូន ឬ​ជា​អ្វីមួយ​ដែល​ប្អូន​គិត​ថា​នឹង​ផ្ដល់​ពរជ័យ​ដល់​សិស្ស​ក្នុង​ថ្នាក់​បាន​ទេ ? »

  2. « ចំពោះ​គំនិត​ដែល​ប្អូន​នឹង​ចែកចាយ​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ខាងមុខ សូម​ប្អូន​ជ្រើសរើស​អ្វីមួយ​មកពី​ប្រសាសន៍​ដកស្រង់​របស់​ព្យាការី​នៅរស់​ម្នាក់ ដើម្បី​បន្ថែម​ទៅលើ​អ្វី​ដែល​ប្អូន​បាន​ដាក់​ផែនការ​ដើម្បី​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​បាន​ទេ ? »

ការជួយ​សិស្ស​ឲ្យ​ផ្តោត​ទៅលើ​ការបង្រៀន​របស់​ព្យាការី​សម័យ​ទំនើប​ក្នុង​អំឡុង​ពេល​នៃ​ការប្រជុំ​ធម្មនិដ្ឋាន អាច​ជួយ​ឲ្យ​ថ្នាក់​របស់​ពួកគេ​ផ្តោត​សំខាន់​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពួកគេ​នឹង​កាន់តែ​ស៊ាំ​ជាមួយ​ព្រះបន្ទូល​របស់​ទ្រង់​នៅ​អំឡុង​ពេល​ពួកគេ​សិក្សា​ជាមួយ​គ្នា ។

តើ​នរណា ឬ​តើ​អ្វី​ទៅ​ដែល​ផ្ដល់​នូវ​ការពន្យល់​ដ៏ល្អ​មួយ​អំពី​ការណ៍​នេះ ? ( គំរូ ) ៖

បន្ទាប់ពី​រៀន​ចប់ បងស្រី ចូនស៍ ជួប​ជាមួយ ជេមី ដែល​ជា​សិស្ស​ម្នាក់​នៅក្នុង​ថ្នាក់​របស់​គាត់ ។ ជេមី នឹង​ដឹកនាំ​ការប្រជុំ​ធម្មនិដ្ឋាន​ក្នុង​រយៈពេល​ពីរថ្ងៃ​ទៀត ។ បងស្រី ចូនស៍ បាន​រំឭក ជេមី អំពី​ការចាត់តាំង​របស់​នាង ហើយ​បាន​សួរ​ថា « កាល​ប្អូន​ត្រៀម​ខ្លួន​ចែកចាយ​គំនិត​ខាង​វិញ្ញាណ​នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ទៀត សូម​ប្អូន​ជ្រើសរើស​អ្វីមួយ​មកពី​ប្រសាសន៍​របស់​ព្យាការី​នៅរស់​ម្នាក់​បាន​ទេ ? »

តើ​ខ្ញុំ​អាច​ហាត់រៀន​ប្រើ​ជំនាញ​នេះ ឬ​អនុវត្ត​តាម​គោលការណ៍​នេះ​ដោយ​របៀប​ណា ? ( អនុវត្ត ) ៖

សូម​គិត​ដល់​សិស្ស​ដែល​ត្រូវបាន​ចាត់តាំង​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ក្នុង​រយៈពេល​ពីរបី​ថ្ងៃ​ខាងមុខ​នេះ ។ សូម​សរសេរ​សំណួរ​ដែល​អ្នក​នឹង​សួរ​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ទាំង​នេះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ផ្តោត​លើ​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប ។

ជញ្ជឹងគិត ឬ​ពិភាក្សា ៖

តើ​អ្នក​គិត​ថា ពរជ័យ​អ្វី​ខ្លះ​នឹង​កើត​មាន​ដល់​សិស្ស​របស់​អ្នក នៅពេល​ដែល​ពួកគេ​ផ្ដោត​លើ​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប​ម្ដង​ហើយ​ម្តង​ទៀត​នោះ ?

រួមបញ្ចូល ៖

សូម​ចំណាយ​ពេល​ដើម្បី​ធ្វើ​តាម​ការអនុវត្ត​នេះ​ជា​រៀង​រាល់​សប្តាហ៍ ។ សូម​បង្កើត​វប្បធម៌​ថ្នាក់​រៀន​មួយ ឲ្យ​ចេះ​ធ្វើ​ការស្វែងរក និង​ការប្រើ​ប្រសាសន៍​របស់​ពួក​ព្យាការី ។

សូម​យក​ពេល​មួយ​ក្នុង​អំឡុង​ឆ្នាំ​នេះ ដើម្បី​ស្វែងរក​វិធី​ផ្សេង​ទៀត​ដែល​អ្នក​អាច​រួមបញ្ចូល​ប្រសាសន៍​របស់​ពួក​ព្យាការី​ជា​បទពិសោធន៍​ក្នុង​ថ្នាក់​រៀន​របស់​អ្នក​បាន ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

ម៉ូសាយ ១៨:១៩ ៖ « … កុំ​ឲ្យ​បង្រៀន​នូវ​អ្វី​ផ្សេងៗ​ក្រៅ​ពី​អ្វី​ដែល​លោក​បាន​បង្រៀន និង​អ្វី​ដែល​បាន​និយាយ​ចេញ​មក​ពី​មាត់​នៃ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​ប៉ុណ្ណោះ » ។

ក្លាក ជី ហ្គីលប៊ឺត « ‘A Prophet in the Land: Current Prophetic Emphases to Young Adults’ S&I Annual Broadcast 2023 » ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៣ ។