ព្រះគម្ពីរ
នីហ្វៃ ទី ៣ 8


ជំពូក​ទី ៨

ព្យុះសង្ឃរា ផែនដី​រញ្ជួយ ភ្លើង ខ្យល់​កួច និង​ចលាចល​ទាំង​ឡាយ បញ្ជាក់​នូវ​ការ​ឆ្កាង​ព្រះ​គ្រីស្ទ — មនុស្ស​ជាច្រើន​ត្រូវ​បំផ្លាញ​ចោល — ភាព​ងងឹត​គ្រប​ដណ្ដប់​លើ​ដែនដី​អស់​រយៈ​ពេល​បី​ថ្ងៃ — ពួក​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​សោកស្ដាយ​ដល់​វាសនា​របស់​ខ្លួន។ ប្រមាណ​ជា​ឆ្នាំ ៣៣–៣៤ គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ស្រប​តាម​បញ្ជី​របស់​យើង ហើយ​យើង​ដឹង​ថា បញ្ជី​របស់​យើង​ពិត ត្បិត​មើល​ចុះ គឺជា​មនុស្ស​សុចរិត​ម្នាក់ ដែល​បាន​កត់​បញ្ជី​នោះ — ព្រោះ​លោក​ពិតជា​បាន​សម្ដែង​នូវ​អព្ភូតហេតុ​ជាច្រើន ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ដែល​អាច​សម្ដែង​នូវ​អព្ភូតហេតុ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​បាន​លាង​ជ្រះស្រឡះ​ពី​ភាព​ទុច្ចរិត​គ្រប់មុខ​របស់​ខ្លួន។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បើ​សិន​ជា​អ្នក​នោះ​ពុំ​បាន​ភាន់ច្រឡំ​នូវ​ក្នុង​ការ​គិត​ពេល​វេលា​របស់​ពួក​យើង​ទេ គឺ​សាមសិប​បី​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ

ហើយ​ប្រជាជន​បាន​ចាប់​ផ្ដើម​ទន្ទឹង​ចាំ​ដោយ​ម៉ឺងម៉ាត់​នូវ​ទី​សម្គាល់​ដែល​បាន​ប្រាប់​ដោយ​ព្យាការី​សាំយូអែល​ជា​សាសន៍​លេមិន មែន​ហើយ គេ​ទន្ទឹង​ដល់​ពេល​ដែល​នឹង​មាន​ភាព​ងងឹត​អស់​រយៈ​ពេល​បី​ថ្ងៃ​នៅ​លើ​ផ្ទៃ​ដែនដី។

ហើយ​ចាប់​ផ្ដើម​មាន​ការ​សង្ស័យ និង​ការ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​ប្រជាជន ទោះ​បី​មាន​ទី​សម្គាល់​ជាច្រើន​បាន​កើត​ឡើង​ហើយ​ក៏​ដោយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​សាមសិប​បួន​ក្នុង​ខែ​ដំបូង ក្នុង​ថ្ងៃ​ទី​បួន​នៃ​ខែ នោះ​មាន​ព្យុះ​មួយ​បាន​កើត​ឡើង គឺជា​ព្យុះ​ដ៏​ធំ​មួយ​ដែល​ពុំ​ធ្លាប់​ដែល​មាន​នៅ​លើ​ដែនដី​សោះ។

ហើយ​មាន​ព្យុះសង្ឃរា​ដ៏​ធំ និង​កំណាច​មួយ​បាន​កើត​ឡើង ហើយ​មាន​រន្ទះ​ដ៏​កំណាច រហូត​ដល់​ធ្វើ​ឲ្យ​កក្រើក​ផែនដី​ទាំង​មូល ហាក់​បី​ដូច​ចង់​ប្រេះ​ចេញ​ពី​គ្នា។

ហើយ​មាន​ផ្លេកបន្ទោរ​ដ៏​ភ្លឺ​អស្ចារ្យ ដែល​ពុំ​ដែល​ធ្លាប់​បាន​ស្គាល់​នៅ​លើ​អស់​ទាំង​ដែនដី​ឡើយ។

ហើយ​ទី​ក្រុង​សារ៉ាហិមឡា​ត្រូវ​ឆេះ​ទៅ។

ហើយ​ទី​ក្រុង​មរ៉ូណៃ ត្រូវ​លិច​ទៅ​ក្នុង​ជម្រៅ​សមុទ្រ ឯ​បណ្ដា​ជន​នៅ​ទី​នោះ ក៏​ត្រូវ​លង់ទឹក​ស្លាប់។

១០ហើយ​ដី​ត្រូវ​ពូន​ឡើង​ទៅ​លើ​ទី​ក្រុង​មរ៉ូណៃហា ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​ដ៏​ធំ។

១១ហើយ​មាន​ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ និង​ឃោរឃៅ​មួយ​នៅ​ដែនដី​ផ្នែក​ខាង​ត្បូង។

១២ប៉ុន្តែ​មើល​ចុះ នៅ​លើ​ដែនដី​ភាគ​ខាង​ជើង មាន​ការ​បំផ្លិចបំផ្លាញ​រឹតតែ​ធំ និង​ឃោរឃៅ​ជាង​នេះ​ទៅ​ទៀត ត្បិត​មើល​ចុះ ផ្ទៃ​ដី​ទាំង​មូល​ត្រូវ​ប្រែប្រួល​អស់​ដោយ​មក​ពី​ព្យុះសង្ឃរា និង​ខ្យល់កួច និង​រន្ទះ និង​ផ្លេកបន្ទោរ និង​ការ​រញ្ជួយ​ផែនដី​ទាំង​មូល​ដ៏​ខ្លាំង​មហិមា។

១៣ហើយ​ផ្លូវ​ធំ​ទាំង​ឡាយ​ត្រូវ​បាក់បែក ឯ​ផ្ទៃ​ផ្លូវ​ដែល​រាបស្មើ​ត្រូវ​ខូចខាត ហើយ​កន្លែង​រាបស្មើ​ជាច្រើន ត្រូវ​ក្លាយ​ជា​ក្រហេង​ក្រហូង។

១៤ហើយ​ទី​ក្រុង​ដ៏​ធំ និង​ល្បីឈ្មោះ​ជាច្រើន​ត្រូវ​លិច​ចុះ ទី​ក្រុង​ជាច្រើន​ទៀត​ត្រូវ​ឆេះ​ចោល មាន​ទី​ក្រុង​ជាច្រើន​ត្រូវ​កក្រើក​ញ័រ រហូត​ដល់​អគារ​ទាំង​ឡាយ​រលំ​មក​លើ​ដី ឯ​បណ្ដា​ជន​នៅ​ក្នុង​នោះ​ត្រូវ​ស្លាប់ ហើយ​ទីកន្លែង​នោះ​ត្រូវ​បោះបង់​ចោល​ស្ងាត់ឈឹង។

១៥ហើយ​មាន​ទី​ក្រុង​ខ្លះ​នៅ​សល់ ប៉ុន្តែ​ទទួល​ការ​ខូចខាត​យ៉ាង​សែន​ដំណំ ហើយ​មាន​បណ្ដា​ជន​ជាច្រើន​ត្រូវ​ស្លាប់។

១៦ហើយ​មាន​មនុស្ស​ខ្លះ ត្រូវ​ខ្យល់កួច​យក​ទៅ ហើយ​គ្មាន​នរណា​ដឹង​ថា ទៅ​ឯណា​ទេ គេ​គ្រាន់តែ​ដឹង​ថា មនុស្ស​ទាំង​នោះ​ត្រូវ​ខ្យល់កួច​យក​ទៅ​ប៉ុណ្ណោះ។

១៧ម្ល៉ោះ​ហើយ ផ្ទៃ​ដែនដី​ទាំង​មូល​បាន​ក្លាយ​ទៅ​ជា​ខូចខាត ពី​ព្រោះ​មក​ពី​ព្យុះសង្ឃរា រន្ទះ ផ្លេកបន្ទោរ និង​ការ​រញ្ជួយ​ផែនដី។

១៨ហើយ​មើល​ចុះ ថ្ម​ទាំង​ឡាយ​ត្រូវ​ប្រេះ​បែក​ជា​ពីរ ហើយ​ត្រូវ​បែក​នៅ​ពាសពេញ​លើ​ផ្ទៃ​ដែនដី​ទាំង​មូល ដរាប​ដល់​បែក​ទៅ​ជា​ដុំ​តូចៗ ហើយ​មាន​ស្នាម​បែក​ប្រេះ​នៅ​ពេញ​លើ​ផ្ទៃ​ដែនដី​ទាំង​អស់។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​រន្ទះ ផ្លេកបន្ទោរ ខ្យល់ព្យុះ ព្យុះសង្ឃរា និង​ផែនដី​រញ្ជួយ​បាន​ចប់​ទៅ — ត្បិត​មើល​ចុះ ការណ៍​ទាំង​នេះ​បាន​កើត​ឡើង អស់​រយៈ​ពេល​ប្រហែល​បី​ម៉ោង​ប៉ុណ្ណោះ ហើយ​មាន​មនុស្ស​ខ្លះ​បាន​និយាយ​ថា អស់​ពេល​យូរ​ជាង​នេះ​ទៅ​ទៀត ទោះ​យ៉ាង​ណា​ក៏​ដោយ គង់តែ​ការណ៍​ដ៏​មហិមា និង​កំណាច​ទាំង​អស់​នេះ បាន​កើត​ឡើង​អស់​រយៈ​ពេល​ប្រហែល តែ​បី​ម៉ោង​ទេ — ហើយ​បន្ទាប់​មក មើល​ចុះ មាន​ភាព​ងងឹត​មក​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដែនដី។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ភាព​ងងឹត​យ៉ាង​ក្រាស់​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដែនដី ដរាប​ដល់​បណ្ដា​ជន​នៅ​ទី​នោះ​ដែល​ពុំ​ទាន់​ដួល អាច​ចាប់​អារម្មណ៍​នូវ​ចំហាយ​នៃ​សេចក្ដី​ងងឹត​នេះ

២១ហើយ​ពុំ​អាច​មាន​ពន្លឺ​សោះ ពី​ព្រោះ​មក​ពី​ភាព​ងងឹត​នេះ ហើយ​គ្មាន​ទៀន ឬ​ចន្លុះ​ទេ ហើយ​គ្មាន​អ្វី​ដែល​អាច​បង្កាត់ភ្លើង​ដោយ​ឱ​ស​ដ៏​ស្ងួត និង​ល្អ​បាន​ឡើយ ម្ល៉ោះ​ហើយ ពុំ​អាច​មាន​ពន្លឺ​ទាល់តែសោះ

២២ហើយ​គ្មាន​ឃើញ​ពន្លឺ​អ្វី​បន្តិច​សោះ គ្មាន​ភ្លើង គ្មាន​រស្មី គ្មាន​ព្រះ​អាទិត្យ ឬ​ព្រះ​ចន្ទ ឬ​ផ្កាយ​ឡើយ ត្បិត​អ័ព្ទ​នៃ​សេចក្ដី​ងងឹត ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ផែនដី​នោះ​ក្រាស់​ណាស់។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ភាព​ងងឹត​នេះ​បាន​ស្ថិតនៅ​អស់​រយៈ​ពេល​បី​ថ្ងៃ ដែល​មិន​ឃើញ​មាន​ពន្លឺ​អ្វី​បន្តិច​សោះ ហើយ​មាន​ការ​ទួញ​យំ និង​ទ្រហោយំ និង​ខ្សឹកខ្សួល នៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់​ដោយ​ពុំ​ចេះ​ដាច់ មែន​ហើយ ប្រជាជន​យំ​ថ្ងូរ​គួរ​ឲ្យ​ខ្លោចផ្សា ពី​ព្រោះ​តែ​ភាព​ងងឹត និង​ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ ដែល​មាន​មក​លើ​ពួក​គេ។

២៤ហើយ​មាន​កន្លែង​មួយ​នោះ គេ​បា​ន​ឮ​សម្រែក​យំ​ថា ៖ ឱ​ប្រសិនបើ​យើង​បាន​ប្រែចិត្ត មុន​ថ្ងៃ​ដ៏​ធំ និង​កំណាច​នេះ​ទៅ ហើយ​ខណៈ​នោះ ប្រហែលជា​បងប្អូន​របស់​យើង​បាន​រួច​ជីវិត ហើយ​ប្រហែលជា​ពួក​គេ​ពុំ​ត្រូវ​ឆេះ​នៅ​ក្នុង​ទី​ក្រុង​សារ៉ាហិមឡា​ដ៏​ធំ​នោះ​ទេ។

២៥ហើយ​មាន​កន្លែង​មួយ​ទៀត គេ​បាន​ឮ​សម្រែក​យំ​ថ្ងូរ​ថា ៖ ឱ​ប្រសិនបើ​យើង​បាន​ប្រែចិត្ត មុន​ថ្ងៃ​ដ៏​ធំ និង​កំណាច​នេះ ប្រសិនបើ​យើង​ពុំ​បាន​សម្លាប់ ហើយ​ចោល​ដុំ​ថ្ម​ទៅ​លើ​ពួក​ព្យាការី​ទេ ហើយ​ពុំ​បាន​បណ្ដេញ​គេ​ចេញ​ទេ នោះ​ប្រហែលជា​ម្ដាយ​របស់​យើង និង​កូន​ស្រី​ដ៏​ស្រស់​ល្អៗ​របស់​យើង និង​កូន​ចៅ​របស់​យើង​បាន​រួច​ជីវិត ហើយ​ពុំ​ត្រូវ​កប់​នៅ​ក្នុង​ទី​ក្រុង​មរ៉ូណៃហា​ដ៏​ធំ​នោះ​ទេ។ ម្ល៉ោះ​ហើយ សម្រែក​ទ្រហោយំ​របស់​ប្រជាជន​គួរ​ឲ្យ​ខ្លោចផ្សា​ណាស់៕