ព្រះគម្ពីរ
អាលម៉ា 37


ជំពូក​ទី ៣៧

ផ្ទាំង​លង្ហិន និង​គម្ពីរ​ផ្សេងៗ​ទៀត​បាន​ត្រូវ​រក្សាទុក ដើម្បី​នាំ​មនុស្ស​ទៅ​កាន់​សេចក្ដី​សង្គ្រោះ — ពួក​សាសន៍​យ៉ារេឌ​ត្រូវ​បំផ្លាញ​បង់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​គេ — ពាក្យ​សម្បថ និង​សេចក្ដី​សញ្ញា​សម្ងាត់ៗ​របស់​គេ​ត្រូវ​បាន​លាក់​មិន​ឲ្យ​ប្រជាជន​ដឹង — ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះ​អម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​របស់​អ្នក — ដូច​ជា​លីអាហូណា (ត្រីវិស័យ) ដែល​បាន​ដឹកនាំ​ពួក​សាសន៍​នីហ្វៃ រីឯ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ក៏​នឹង​ដឹកនាំ​មនុស្ស​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែរ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ឱ​ហេលេមិន កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​បញ្ជា​កូន​ឲ្យ​យក​បញ្ជី​ទាំង​ឡាយ ដែល​បាន​ប្រគល់​ដល់​ឪពុក។

ហើយ​ឪពុក​ក៏​បញ្ជា​ឲ្យ​កូន​កត់​បញ្ជី​អំពី​ប្រជាជន​នេះ ដូចដែល​ឪពុក​បាន​ធ្វើ​មក នៅ​លើ​ផ្ទាំង​នីហ្វៃ ហើយ​ចូរ​រក្សា​វត្ថុ​អស់​ទាំង​នេះ​ឲ្យ​បាន​ពិសិដ្ឋ​ដែល​ឪពុក​បាន​រក្សា​មក គឺ​ដូច​ជា​ឪពុក​បាន​រក្សា​មក ព្រោះ​នេះ​គឺ​នៅ​ក្នុង​ប្រយោជន៍​ដ៏​វាងវៃ​មួយ ដែល​វត្ថុ​ទាំង​នេះ​ត្រូវ​បាន​រក្សាទុក។

ហើយ​ផ្ទាំង​លង្ហិន​មាន​ចំណារ​ទាំង​នេះ គឺ​មាន​បញ្ជី​អំពី​បទគម្ពីរ​ដ៏​បរិសុទ្ធ​ទាំង​ឡាយ គឺ​មាន​ពង្ស​សាវតារ​នៃ​ពួក​អយ្យកោ​របស់​យើង ចាប់​តាំង​ពី​ដើមដំបូង​មក —

មើល​ចុះ ការណ៍​នេះ​បាន​ព្យាករ​ដោយ​ពួក​អយ្យកោ​របស់​យើង​ថា វត្ថុ​ទាំង​នេះ​ត្រូវ​បាន​រក្សាទុក ហើយ​ប្រគល់​បន្ត​ពី​តំណ​មួយ​ទៅ​តំណ​មួយ ហើយ​ត្រូវ​រក្សា និង​ថែទាំ​ឲ្យ​គង់​វង់ ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ រហូត​ដល់​វត្ថុ​ទាំង​នេះ​បាន​ផ្សព្វផ្សាយ​ទៅ​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ដើម្បី​ឲ្យ​គេ​ដឹង​នូវ​ការ​អាថ៌កំបាំង​ទាំង​ឡាយ​នៅ​ក្នុង​នោះ។

ហើយ​ឥឡូវ​នេះ មើល​ចុះ បើ​សិន​ជា​វត្ថុ​ទាំង​នេះ​បាន​រក្សាទុក វា​រក្សា​នូវ​ភាព​ភ្លឺ​ចិញ្ចែង​របស់​វា មែន​ហើយ វា​នឹង​រក្សា​ភាព​ភ្លឺ​ចិញ្ចែង​របស់​វា មែន​ហើយ ឯ​ផ្ទាំង​ទាំង​អស់ ដែល​មាន​កត់​នូវ​ព្រះ​បញ្ញត្តិ​ដ៏​បរិសុទ្ធ ក៏​នឹង​បាន​ដូច្នោះ​ដែរ។

ឥឡូវ​នេះ កូន​អាច​សន្និដ្ឋាន​ថា នេះ​គឺ​ការ​ឆ្កួត​វង្វេង​របស់​ឪពុក​ហើយ ប៉ុន្តែ​មើល​ចុះ ឪពុក​ប្រាប់​កូន​ថា ដោយ​កិច្ចការ​តូចតាច និង​ងាយ ទើប​នាំ​ឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន ហើយ​នៅ​ក្នុង​ករណី​ជា​ច្រើន មធ្យោបាយ​ដ៏​តូចតាច​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រាជ្ញ​ជ្រប់​មុខ។

ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ប្រើ​មធ្យោបាយ​ទាំង​ឡាយ ដើម្បី​សម្រេច​គោលបំណង​ទាំង​ឡាយ​ដ៏​មហិមា និង​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​របស់​ទ្រង់ ហើយ​ដោយ​មធ្យោបាយ​ដ៏​សែន​តូច នោះ​ព្រះ​អម្ចាស់ ទ្រង់​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​ជ្រប់​មុខ ហើយ​នាំ​មក​នូវ​ការ​សង្គ្រោះ​ដល់​មនុស្ស​ជា​ច្រើន។

ហើយ​ឥឡូវ​នេះ គឺ​ដោយ​សារ​ប្រាជ្ញា​ដែល​នៅ​ក្នុង​ព្រះ ទើប​វត្ថុ​ទាំង​នេះ​ត្រូវ​បាន​ថែរក្សា​ទុក ត្បិត​មើល​ចុះ វត្ថុ​ទាំង​នេះ​បាន​ពង្រីក​ស្មារតី​របស់​ប្រជាជន​នេះ មែន​ហើយ បាន​បរិវត្ត​មនុស្ស​ជា​ច្រើន​អំពី​កំហុស​នៃ​ផ្លូវ​របស់​ខ្លួន ហើយ​បាន​នាំ​គេ​ឲ្យ​ស្គាល់​ព្រះ​របស់​គេ ដើម្បី​ឲ្យ​បាន​ការ​សង្គ្រោះ​ដល់​ព្រលឹង​គេ។

មែន​ហើយ ឪពុក​ប្រាប់​កូន​ថា បើ​ពុំ​មែន​សម្រាប់​ការណ៍​ទាំង​នេះ ដែល​មាន​ចែង​នៅ​ក្នុង​បញ្ជី​ទាំង​នេះ ដែល​នៅ​លើ​ផ្ទាំង​ទាំង​នេះ​ទេ នោះ​អាំម៉ូន និង​បង​ប្អូន​លោក ក៏​មិន​អាច​បរិវត្ត​ពួក​លេមិន​ជា​ច្រើន​ពាន់​នាក់​អំពី​សណ្ដាប់​ដ៏​ខុសឆ្គង នៃ​ពួក​អយ្យកោ​របស់​គេ​ដែរ មែន​ហើយ បញ្ជី​ទាំង​នេះ និង​ពាក្យ​នៅ​ក្នុង​នោះ បាន​នាំ​ពួក​គេ​ទៅ​កាន់​ការ​ប្រែ​ចិត្ត បាន​ន័យ​ថា គេ​បាន​នាំ​អ្នក​ទាំង​នោះ​ឲ្យ​ស្គាល់ ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ ហើយ​ដើម្បី​អរ​រីករាយ​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ។

១០ហើយ​តើន​រណា​ដឹង​ថា​តើ​របស់​ទាំង​នេះ នឹង​ទៅ​ជា​មធ្យោបាយ​ទាំង​ឡាយ​ក្នុង​ការ​នាំ​ពួក​គេ​ជា​ច្រើន​ពាន់​នាក់ មែន​ហើយ ព្រម​ទាំង​មនុស្ស​ច្រើន​ពាន់​នាក់​នៅ​ក្នុង​ចំណោម​បង​ប្អូន​យើង គឺ​ពួក​សាសន៍​នីហ្វៃ​ដែល​រឹងក្បាល ប៉ុន្តែ​ឥឡូវ​នេះ កំពុងតែ​ធ្វើ​ចិត្ត​រឹងរូស​នៅ​ក្នុង​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាំង​ឡាយ​ឲ្យ​ស្គាល់​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ?

១១ឥឡូវ​នេះ សេចក្ដី​អាថ៌កំបាំង​ទាំង​នេះ មិនទាន់​ធ្វើ​ឲ្យ​ឪពុក​បាន​ស្គាល់​គ្រប់​យ៉ាង​នៅ​ឡើយ​ទេ ហេតុ​ដូច្នេះ​ហើយ ឪពុក​នឹង​អត់ធ្មត់​រង់ចាំ។

១២ហើយ​ឪពុក​គ្រាន់តែ​និយាយ​ថា របស់​ទាំង​នេះ​បាន​ថែរក្សា​ទុក ដើម្បី​ប្រយោជន៍​ដ៏​វាងវៃ​មួយ គឺជា​ប្រយោជន៍​ដែល​ព្រះ​ទ្រង់​ជ្រាប ព្រោះ​ទ្រង់​ទូន្មាន​នៅ​ក្នុង​ប្រាជ្ញា​ទៅ​លើ​អស់​ទាំង​កិច្ចការ​របស់​ទ្រង់ ហើយ​ផ្លូវ​របស់​ទ្រង់​ត្រង់ រីឯ​ដំណើរ​របស់​ទ្រង់ គឺជា​វង់​មួយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

១៣ឱ​ហេលេមិន កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​ចងចាំ ចូរ​ចងចាំ​ថា តើ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ តឹង​រឹង​យ៉ាង​ណា​ទៅ។ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ បើ​សិន​ជា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី — ប៉ុន្តែ បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​របស់​ទ្រង់។

១៤ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​ចាំ​ថា ព្រះ​ទ្រង់​បាន​ទុកដាក់​មក​លើ​កូន នូវ​វត្ថុ​ទាំង​នេះ​ដែល​ពិសិដ្ឋ ដែល​ទ្រង់​បាន​រក្សាទុក​ឲ្យ​បាន​ពិសិដ្ឋ ហើយ​ដែល​ទ្រង់​នឹង​ថែរក្សា​ទុក​ឲ្យ​បាន​គង់​វង់ ដើម្បី​ប្រយោជន៍​ដ៏​វាងវៃ​មួយ​ដែល​នៅ​ក្នុង​ទ្រង់ ដើម្បី​ទ្រង់​អាច​បង្ហាញ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដល់​ពួក​ជំនាន់​ក្រោយ។

១៥ហើយ​ឥឡូវ​នេះ មើល​ចុះ ឪពុក​ប្រាប់​កូន​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍​ថា បើ​សិន​ជា​កូន​រំលង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ មើល​ចុះ វត្ថុ​ពិសិដ្ឋ​ទាំង​នេះ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​កូន​ទៅ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ហើយ​កូន​នឹង​ត្រូវ​ប្រគល់​ឲ្យ​ទៅ​អារក្ស​សាតាំង ដើម្បី​វា​នឹង​អុំ​កូន​ដូច​ជា​អង្កាម ដែល​នៅ​ខាង​មុខ​ខ្យល់។

១៦ប៉ុន្តែ បើ​សិន​ជា​កូន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​ថែ​វត្ថុ​ពិសិដ្ឋ​ទាំង​នេះ ស្រប​តាម​ការ​ដែល​ព្រះ​ទ្រង់​បាន​បញ្ជា​កូន (ព្រោះ​កូន​ត្រូវ​សូម​ដល់​ព្រះ​អម្ចាស់​នូវ​អស់​ទាំង​វត្ថុ​ណា ដែល​កូន​ត្រូវ​ការ​ប្រើ) មើល​ចុះ គ្មាន​អំណាច​នៃ​ផែនដី ឬ​ស្ថាន​នរក​អាច​ដក​យក​វត្ថុ​ទាំង​នោះ​ពី​កូន​បាន​ឡើយ ព្រោះ​ព្រះ​ទ្រង់​ប្រកប​ដោយ​ព្រះ​ចេស្ដា​ក្នុង​ការ​ធ្វើ​ឲ្យ​ព្រះ​បន្ទូល​ទាំង​អស់​របស់​ទ្រង់​បាន​បំពេញ។

១៧ព្រោះ​ទ្រង់​នឹង​បំពេញ​អស់​ទាំង​ពាក្យ​សន្យា​របស់​ទ្រង់ ដែល​ទ្រង់​នឹង​ធ្វើ​ជាមួយ​នឹង​កូន ត្បិត​ទ្រង់​បាន​បំពេញ​ពាក្យ​សន្យា​ទាំង​ឡាយ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ពួក​អយ្យកោ​របស់​យើង​ដែរ។

១៨ព្រោះ​ទ្រង់​បាន​សន្យា​នឹង​គេ​ថា ទ្រង់​នឹង​ថែ​រក្សា​វត្ថុ​ទាំង​នេះ សម្រាប់​ប្រយោជន៍​ដ៏​វាងវៃ​មួយ​ដែល​នៅ​ក្នុង​ទ្រង់ ដើម្បី​ទ្រង់​អាច​បង្ហាញ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដល់​ពួក​ជំនាន់​ក្រោយ។

១៩ហើយ​ឥឡូវ​នេះ មើល​ចុះ ទ្រង់​បាន​បំពេញ​ប្រយោជន៍​មួយ​រួច​មក​ហើយ គឺ​ការ​នាំ​ពួក​លេមិន​ជា​ច្រើន​ពាន់​នាក់​ឲ្យ​ស្គាល់​សេចក្ដី​ពិត ហើយ​ទ្រង់​បាន​បង្ហាញ​ព្រះ​ចេស្ដា​របស់​ទ្រង់​ក្នុង​ពួក​គេ ហើយ​ទ្រង់​នឹង​នៅ​តែ​បង្ហាញ​ព្រះ​ចេស្ដា​របស់​ទ្រង់​ក្នុង​ពួក​គេ ទៅ​ដល់​ជំនាន់​ក្រោយ ហេតុ​ដូច្នេះ​ហើយ វត្ថុ​ទាំង​នោះ​នឹង​ត្រូវ​បាន​ថែរក្សា​ទុក។

២០ហេតុ​ដូច្នេះ​ហើយ ឱ​ហេលេមិន កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​បញ្ជា​កូន​ថា កូន​ត្រូវ​ព្យាយាម​ក្នុង​ការ​បំពេញ​ពាក្យ​ទាំង​អស់​របស់​ឪពុក ហើយ​ថា កូន​ត្រូវ​ព្យាយាម​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ដូចដែល​បាន​កត់​មក។

២១ហើយ​ឥឡូវ​នេះ ឪពុក​នឹង​ប្រាប់​កូន​អំពី​ផ្ទាំង​ទាំង​ម្ភៃ​បួន​សន្លឹក ដែល​កូន​ត្រូវ​ថែរក្សា​នោះ ដើម្បី​ឲ្យ​ការ​អាថ៌កំបាំង​ទាំង​ឡាយ និង​កិច្ចការ​ទាំង​ឡាយ​ដែល​នៅ​ក្នុង​ទី​ងងឹត និង​កិច្ចការ​សម្ងាត់​ទាំង​ឡាយ​របស់​គេ ឬ​កិច្ចការ​សម្ងាត់​របស់​ពួក​មនុស្ស​ដែល​ត្រូវ​បំផ្លាញ​ទាំង​នោះ អាច​បាន​សម្ដែង​ដល់​ប្រជាជន​នេះ មែន​ហើយ អស់​ទាំង​អំពើ​ឃាតកម្ម​របស់​គេ និង​អំពើ​លួច​របស់​គេ និង​អំពើ​ប្លន់​របស់​គេ និង​អស់​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ អាច​បាន​សម្ដែង​ដល់​ប្រជាជន​នេះ មែន​ហើយ ហើយ​ចូរ​កូន​ថែ​រក្សា​ប្រដាប់​បកប្រែ​ទាំង​នេះ​ទុក។

២២ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​ទត​ឃើញ​ថា រាស្ត្រ​របស់​ទ្រង់​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ក្នុង​ទី​ងងឹត មែន​ហើយ ធ្វើ​អំពើ​ឃាតកម្ម និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​ដោយ​សម្ងាត់ ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា បើ​សិន​ជា​គេ​មិន​ប្រែ​ចិត្ត​ទេ នោះ​គេ​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​អស់​ពីលើ​ផ្ទៃ​ផែនដី​ទៅ។

២៣ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​រៀបចំ​សម្រាប់​អ្នក​បម្រើ​របស់​យើង គឺ​កាសេឡិម នូវ​ត្បូង​មួយ​ដែល​នឹង​បំភ្លឺ​ក្នុង​ទី​ងងឹត​ឲ្យ​ទៅ​ជា​ពន្លឺ ដើម្បី​យើង​អាច​បង្ហាញ​ដល់​រាស្ត្រ​យើង​ដែល​ជា​អ្នក​បម្រើ​យើង ដើម្បី​យើង​អាច​បង្ហាញ​គេ​នូវ​កិច្ចការ​របស់​បង​ប្អូន​គេ មែន​ហើយ កិច្ចការ​សម្ងាត់​ទាំង​ឡាយ​របស់​គេ កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត​របស់​គេ និង​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ។

២៤ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ប្រដាប់​សម្រាប់​បកប្រែ​ទាំង​នេះ​បាន​រៀបចំ​ឡើង ដើម្បី​ព្រះ​បន្ទូល​នៃ​ព្រះ​នឹង​បាន​បំពេញ គឺ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖

២៥យើង​នឹង​យក​ចេញ​ពី​ទី​ងងឹត​ទៅ​កាន់​ពន្លឺ នូវ​កិច្ចការ​សម្ងាត់​ទាំង​អស់​របស់​គេ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ ហើយ​លើកលែងតែ​គេ​មិន​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ យើង​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​ផុត​ពីលើ​ផ្ទៃ​ផែនដី ហើយ​យើង​នឹង​នាំ​ទៅ​កាន់​ពន្លឺ​នូវ​អំពើ​ស្ងាត់កំបាំង និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ បង្ហាញ​ដល់​គ្រប់​ទាំង​សាសន៍ ដែល​នឹង​មក​យក​ដែនដី​នេះ​នៅ​ថ្ងៃ​មុខ។

២៦ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ យើង​ឃើញ​ថា ពួក​គេ​ពុំ​បាន​ប្រែ​ចិត្ត​ទេ ហេតុ​ដូច្នេះ​ហើយ ទើប​គេ​ត្រូវ​បំផ្លាញ​ចោល ម្ល៉ោះ​ហើយ​រហូត​មក​ដល់​ពេល​នេះ ព្រះ​បន្ទូល​នៃ​ព្រះ​ត្រូវ​បាន​បំពេញ មែន​ហើយ អំពើ​គួរ​ខ្ពើម​ឆ្អើម​ដ៏​សម្ងាត់​ទាំង​ឡាយ​របស់​គេ ត្រូវ​បាន​នាំ​ចេញ​ពី​ទី​ងងឹត ហើយ​ធ្វើ​ឲ្យ​យើង​ដឹង។

២៧ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​បញ្ជា​ទៅ​កូន​ថា កូន​ត្រូវ​រក្សាទុក​នូវ​ពាក្យ​សម្បថ​ទាំង​ឡាយ​របស់​គេ និង​សេចក្ដី​សញ្ញា និង​ការ​រួម​ព្រម​នៅ​ក្នុង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ដ៏​សម្ងាត់​ទាំង​ឡាយ​របស់​គេ មែន​ហើយ និង​ទី​សម្គាល់ និង​ការ​ចម្លែក​ទាំង​អស់​របស់​គេ កូន​ត្រូវ​រក្សា​កុំ​ឲ្យ​ប្រជាជន​នេះ​ដឹង ព្រោះ​ខ្លាចក្រែង​ពួក​គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភាព​ងងឹត​ដែរ ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល។

២៨ត្បិត​មើល​ចុះ មាន​ពាក្យ​បណ្ដា​សា​មួយ​ដាក់​មក​លើ​ដែនដី​នេះ ថា​ការ​បំផ្លិចបំផ្លាញ​នឹង​កើត​មាន​ឡើង​ដល់​អស់​អ្នក​ណា​ដែល​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​ងងឹត ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ព្រះ គឺ​កាលណា​ពួក​គេ​ទុំ​សុស ហេតុ​ដូច្នេះ​ហើយ ឪពុក​មិន​ចង់​ឲ្យ​ប្រជាជន​នេះ ត្រូវ​បំផ្លាញ​បង់​ទេ។

២៩ហេតុ​ដូច្នេះ​ហើយ កូន​ត្រូវ​រក្សា​ផែនការ​សម្ងាត់​នៃ​ពាក្យ​សម្បថ​របស់​គេ និង​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់​គេ​ពី​ប្រជាជន​នេះ គឺ​គ្រាន់តែ​អំពើ​ទុច្ចរិត​របស់​គេ និង​អំពើ​ឃាតកម្ម​របស់​គេ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ​តែប៉ុណ្ណោះ​ដែល​កូន​ត្រូវ​ឲ្យ​គេ​ដឹង ហើយ​កូន​ត្រូវ​បង្រៀន​គេ​ឲ្យ​ស្អប់​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ និង​អំពើ​ឃាតកម្ម​បែប​នេះ ហើយ​កូន​ក៏​ត្រូវ​បង្រៀន​គេ​ដែរ​ថា ប្រជាជន​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល ដោយ​មក​ពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ និង​អំពើ​ឃាតកម្ម​ទាំង​ឡាយ​របស់​គេ។

៣០ត្បិត​មើល​ចុះ ពួក​គេ​បាន​ធ្វើ​ឃាត​ដល់​អស់​ទាំង​ពួក​ព្យាការី​នៃ​ព្រះ​អម្ចាស់ ដែល​បាន​មក​ក្នុង​ចំណោម​គេ ដើម្បី​ប្រកាស​ដល់​គេ​អំពី​សេចក្ដី​ទុច្ចរិត​ទាំង​ឡាយ​របស់​គេ ហើយ​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​នោះ បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ សូម​ឲ្យ​សងសឹក​ដល់​អស់​អ្នក​ណា​ដែល​ជា​ឃាតករ​លើ​រូបគេ ម្ល៉ោះ​ហើយ សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​នៃ​ព្រះ ក៏​បាន​ធ្លាក់​មក​លើ ពួក​អ្នក​ដែល​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​ងងឹត និង​បក្សព័ន្ធ​សម្ងាត់។

៣១មែន​ហើយ ហើយ​ត្រូវ​បណ្ដា​សា​ដល់​ដែនដី​នោះ​ជា​រៀង​រហូត​ត​ទៅ ដល់​ពួក​អ្នក​ដែល​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​ងងឹត និង​បក្សព័ន្ធ​សម្ងាត់ គឺ​រហូត​ដល់​ការ​បំផ្លិច​បំផ្លាញ​ចោល លើក​លែ​តែ​គេ​ប្រែ​ចិត្ត​មុន​ពេល​គេ​ទុំ​សុស។

៣២ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​កូន​ចាំ​ពាក្យ​ដែល​ឪពុក​បាន​និយាយ​ទៅ​កូន​ចុះ ចូរ​កុំ​ឲ្យ​ផែន​ការ​សម្ងាត់​ទាំង​នោះ​ដល់​ប្រជាជន​នេះ​ឡើយ តែ​ចូរ​បង្រៀន​គេ​ឲ្យ​មាន​ការ​ស្អប់​ដ៏​អស់​កល្ប​ជានិច្ច​ទាស់​នឹង​អំពើ​បាប និង​អំពើ​ទុច្ចរិត។

៣៣ចូរ​ផ្សាយ​ប្រាប់​ពួក​គេ​អំពី​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ចូរ​បង្រៀន​ពួក​គេ​ឲ្យ​បន្ទាប​ខ្លួន និង​ស្លូតបូត ហើយ​មាន​ចិត្ត​សុ​ភាព ចូរ​បង្រៀន​ពួក​គេ​ឲ្យ​ទប់​ទល់​នឹង​គ្រប់​ការ​ល្បួង​នៃ​អារក្ស ដោយ​សេចក្ដី​ជំនឿ​របស់​គេ ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ គ្រីស្ទ។

៣៤ចូរ​បង្រៀន​ពួក​គេ កុំ​ឲ្យ​នឿយហត់​ឲ្យ​សោះ​ក្នុង​កិច្ច​ការ​ល្អ តែ​ឲ្យ​ស្លូតបូត ហើយ​មាន​ចិត្ត​សុ​ភាព​វិញ ព្រោះ​អ្នក​ដែល​ធ្វើ​ដូច្នេះ នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង​ខ្លួន។

៣៥ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​ចងចាំ ហើយ​ឲ្យ​ចេះ​មាន​ប្រាជ្ញា នៅ​ក្នុង​យុវវ័យ​របស់​កូន​ចុះ មែន​ហើយ ចូរ​រៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន​ឲ្យ​ចេះ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ។

៣៦មែន​ហើយ ចូរ​អំពាវនាវ​ដល់​ព្រះ​នូវ​អស់​ទាំង​ការ​គាំទ្រ​របស់​កូន មែន​ហើយ ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​ចំពោះ​ព្រះ​អម្ចាស់ ហើយ​ទោះ​ជាទី​ណា​ដែល​កូន​ទៅ គឺ​កូន​ទៅ​ក្នុង​ព្រះ​អម្ចាស់ មែន​ហើយ ចូរ​បំបែរ​មនោសញ្ចេតនា​ទាំង​អស់​របស់​កូន ឆ្ពោះ​ទៅ​រក​ព្រះ​អម្ចាស់​វិញ មែន​ហើយ ចូរ​ដាក់​ចិត្ត​មេត្រី​របស់​កូន​ទៅ​លើ​ព្រះ​អម្ចាស់​ដរាប​ត​ទៅ។

៣៧ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះ​អម្ចាស់​នូវ​គ្រប់​កិច្ចការ​របស់​កូន ហើយ​ទ្រង់​នឹង​ដឹកនាំ​កូន​ទៅ​រក​ការ​ល្អ មែន​ហើយ កាលណា​កូន​ដេក​ចុះ​នៅ​ពេល​យប់ ចូរ​ដេក​នៅ​ក្នុង​ព្រះ​អម្ចាស់ ដើម្បី​ឲ្យ​ទ្រង់​មើល​ថែទាំ​កូន​ពេល​កូន​ដេក ហើយ​ពេល​កូន​ក្រោក​ឡើង​នៅ​ពេល​ព្រឹក ចូរ​ចិត្ត​កូន​ពោរពេញ​ទៅ​ដោយ​អំណរគុណ​ដល់​ព្រះ ហើយ​បើ​សិន​ជា​កូន​ធ្វើ​ការ​ទាំង​នេះ នោះ​កូន​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

៣៨ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ត្រូវ​និយាយ​ខ្លះ អំពី​វត្ថុ​ដែល​ពួក​អយ្យកោ​យើង​បាន​ហៅ​ថា ដុំ​មូល ឬ​ប្រដាប់​នាំ​ផ្លូវ — ឬ​ដែល​ពួក​អយ្យកោ​យើង​បាន​ហៅ​វា​ថា លីអាហូណា គឺ​បកប្រែ​មក​ថា ត្រីវិស័យ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​រៀបចំ​វត្ថុ​នោះ​ឡើង។

៣៩ហើយ​មើល​ចុះ មិន​អាច​មាន​មនុស្ស​ណា​ធ្វើ​បាន​នូវ​វត្ថុ​ដ៏​ចម្លែក​យ៉ាង​នេះ​បាន​ឡើយ។ ហើយ​មើល​ចុះ វត្ថុ​នោះ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​បង្ហាញ​ដល់​ពួក​អយ្យកោ​យើង​នូវ​ផ្លូវ​ដែល​គេ​ត្រូវ​ធ្វើ​ដំណើរ​នៅ​ក្នុង​ទី​រហោស្ថាន។

៤០ហើយ​វា​បាន​ធ្វើ​ការ​ឲ្យ​គេ ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គេ​នៅ​ក្នុង​ព្រះ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​ពួក​គេ​មាន​សេចក្ដី​ជំនឿ ជឿ​ថា​ព្រះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ទ្រនិច​ទាំង​នោះ​ចង្អុល​ប្រាប់​ផ្លូវ ដែល​គេ​ត្រូវ​ទៅ មើល​ចុះ ការណ៍​នោះ​ក៏​ត្រូវ​បាន​សម្រេច ហេតុ​ដូច្នេះ​ហើយ ពួក​គេ​មាន​អព្ភូត​ហេតុ​នេះ និង​អព្ភូតហេតុ​ឯ​ទៀត​ជា​ច្រើន​ផង ដែល​បាន​មក​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​ពី​ថ្ងៃ​មួយ​ទៅ​ថ្ងៃ​មួយ។

៤១ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពី​ព្រោះ​អព្ភូតហេតុ​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មធ្យោបាយ​ដ៏​តូចតាច នោះ​វា​បាន​បង្ហាញ​ពួក​គេ​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ។ ពួក​គេ​ខ្ជិលច្រអូស ហើយ​ភ្លេច​អនុវត្ត​សេចក្ដី​ជំនឿ និង​សេចក្ដី​ព្យាយាម​របស់​គេ ហើយ​បន្ទាប់​មក ការណ៍​ដ៏​អស្ចារ្យ​ទាំង​នោះ​ក៏​ឈប់​មាន ហើយ​ពួក​គេ​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​បាន​ទេ។

៤២ហេតុ​ដូច្នេះ​ហើយ ពួក​គេ​នៅ​ក្នុង​ទី​រហោស្ថាន ឬ​ពុំ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រង់ ហើយ​ត្រូវ​រង​ទុក្ខ​ដោយ​ការ​ស្រេកឃ្លាន ដោយ​ព្រោះ​អំពើ​រំលង​ទាំង​ឡាយ​របស់​គេ។

៤៣ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ចង់​ឲ្យ​កូន​យល់​ថា ការណ៍​ទាំង​នេះ​ពុំ​មែន​គ្មាន​ស្រមោល​នោះ​ទេ ត្បិត​ដូច​ជា ពួក​អយ្យកោ​យើង​ខ្ជិលច្រអូស ក្នុង​ការ​ស្ដាប់​បង្គាប់​តាម​ត្រី​វិស័យ​នេះ​យ៉ាង​ណា (ឥឡូវ​នេះ វត្ថុ​ទាំង​នេះ​ជា​វត្ថុ​ខាង​សាច់ឈាម) នោះ​ពួក​គេ​មិន​បាន​ចម្រើន​ឡើង​ឡើយ ឯ​កិច្ចការ​ទាំង​ឡាយ​ខាង​ផ្លូវ​វិញ្ញាណ​ក៏​ដូច្នោះ​ដែរ។

៤៤ត្បិត​មើល​ចុះ ដូច​ជា​ងាយ​ស្ដាប់​បង្គាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ដែល​នឹង​ចង្អុល​បង្ហាញ​កូន​នូវ​ផ្លូវ​មួយ​ដ៏​ត្រង់​ទៅ​កាន់​សុភមង្គល​ដ៏​នៅ​អស់​កល្ប​ជានិច្ច​យ៉ាង​ណា ក៏​ដូច​ជា​ករណី​ដែល​ពួក​អយ្យកោ​យើង​ស្ដាប់​បង្គាប់​តាម​ត្រី​វិស័យ​នេះ ដែល​នឹង​ចង្អុល​ប្រាប់​គេ​នូវ​ផ្លូវ​ត្រង់​មួយ​ទៅ​កាន់​ដែនដី​សន្យា​ដែរ។

៤៥ហើយ​ឥឡូវ​នេះ ឪពុក​ប្រាប់​ថា តើ​គ្មាន​គំរូ​មួយ​នៅ​ក្នុង​ការណ៍​នេះ​ទេ​ឬ​អី? ព្រោះ​ប្រាកដ​ដូច​ជា​ប្រដាប់​នាំ​ផ្លូវ​នេះ បាន​នាំ​ពួក​អយ្យកោ​យើង​ឲ្យ​ដើរ​តាម​ទិស​ដែល​វា​បង្ហាញ​ទៅ​កាន់​ដែនដី​សន្យា​យ៉ាង​ណា ឯ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ​ក៏​ដូច្នោះ​ដែរ បើ​សិន​ជា​យើង​ដើរ​តាម​ផ្លូវ​ដែល​ពាក្យ​ទាំង​នោះ​បង្ហាញ នោះ​វា​នឹង​នាំ​យើង​ឲ្យ​ផុត​ច្រក​ភ្នំ​នៃ​ការ​សោកសៅ​នេះ ទៅ​ដល់​ដែនដី​សន្យា​មួយ​ដ៏​សែន​ល្អ​ជាង​នេះ​ដែរ។

៤៦ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​យើង​កុំ​ខ្ជិលច្រអូស ដោយ​ព្រោះ​ផ្លូវ​ងាយ​ឡើយ ព្រោះ​នោះ​គឺជា​ករណី​នៃ​ពួក​អយ្យកោ​យើង​ដែរ ព្រោះ​វា​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ពួក​គេ ថា​បើ​សិន​ជា​គេ​ក្រឡេក​មើល នោះ​គេ​អាច​រស់នៅ ឯ​យើង​ក៏​ដូច្នោះ​ដែរ។ ផ្លូវ​នោះ​ត្រូវ​បាន​រៀបចំ​ជាស្រេច ហើយ​បើ​សិន​ជា​យើង​នឹង​មើល នោះ​យើង​អាច​រស់នៅ​រហូត​ត​ទៅ។

៤៧ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​ឲ្យ​ឃើញ​ថា កូន​ថែរក្សា​វត្ថុ​ពិសិដ្ឋ​ទាំង​នេះ មែន​ហើយ ចូរ​ឲ្យ​ឃើញ​ថា កូន​មើល ទៅ​ព្រះ ហើយ​រស់នៅ។ ចូរ​កូន​ទៅ​ក្នុង​ចំណោម​ប្រជាជន​នេះ ហើយ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល ហើយ​មាន​ចិត្ត​រឹងប៉ឹង។ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​លា​សិន​ហើយ៕