ជំពូកទី ៣៧
ផ្ទាំងលង្ហិន និងគម្ពីរផ្សេងៗទៀតបានត្រូវរក្សាទុក ដើម្បីនាំមនុស្សទៅកាន់សេចក្ដីសង្គ្រោះ — ពួកសាសន៍យ៉ារេឌត្រូវបំផ្លាញបង់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់គេ — ពាក្យសម្បថ និងសេចក្ដីសញ្ញាសម្ងាត់ៗរបស់គេត្រូវបានលាក់មិនឲ្យប្រជាជនដឹង — ចូរប្រឹក្សាជាមួយនឹងព្រះអម្ចាស់ក្នុងគ្រប់កិច្ចការទាំងអស់របស់អ្នក — ដូចជាលីអាហូណា (ត្រីវិស័យ) ដែលបានដឹកនាំពួកសាសន៍នីហ្វៃ រីឯព្រះបន្ទូលនៃព្រះគ្រីស្ទ ក៏នឹងដឹកនាំមនុស្សទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ចដែរ។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ហើយឥឡូវនេះ ឱហេលេមិន កូនប្រុសរបស់ឪពុកអើយ ឪពុកបញ្ជាកូនឲ្យយកបញ្ជីទាំងឡាយ ដែលបានប្រគល់ដល់ឪពុក។
២ហើយឪពុកក៏បញ្ជាឲ្យកូនកត់បញ្ជីអំពីប្រជាជននេះ ដូចដែលឪពុកបានធ្វើមក នៅលើផ្ទាំងនីហ្វៃ ហើយចូររក្សាវត្ថុអស់ទាំងនេះឲ្យបានពិសិដ្ឋដែលឪពុកបានរក្សាមក គឺដូចជាឪពុកបានរក្សាមក ព្រោះនេះគឺនៅក្នុងប្រយោជន៍ដ៏វាងវៃមួយ ដែលវត្ថុទាំងនេះត្រូវបានរក្សាទុក។
៣ហើយផ្ទាំងលង្ហិនមានចំណារទាំងនេះ គឺមានបញ្ជីអំពីបទគម្ពីរដ៏បរិសុទ្ធទាំងឡាយ គឺមានពង្សសាវតារនៃពួកអយ្យកោរបស់យើង ចាប់តាំងពីដើមដំបូងមក —
៤មើលចុះ ការណ៍នេះបានព្យាករដោយពួកអយ្យកោរបស់យើងថា វត្ថុទាំងនេះត្រូវបានរក្សាទុក ហើយប្រគល់បន្តពីតំណមួយទៅតំណមួយ ហើយត្រូវរក្សា និងថែទាំឲ្យគង់វង់ ដោយព្រះហស្តនៃព្រះអម្ចាស់ រហូតដល់វត្ថុទាំងនេះបានផ្សព្វផ្សាយទៅគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន ដើម្បីឲ្យគេដឹងនូវការអាថ៌កំបាំងទាំងឡាយនៅក្នុងនោះ។
៥ហើយឥឡូវនេះ មើលចុះ បើសិនជាវត្ថុទាំងនេះបានរក្សាទុក វារក្សានូវភាពភ្លឺចិញ្ចែងរបស់វា មែនហើយ វានឹងរក្សាភាពភ្លឺចិញ្ចែងរបស់វា មែនហើយ ឯផ្ទាំងទាំងអស់ ដែលមានកត់នូវព្រះបញ្ញត្តិដ៏បរិសុទ្ធ ក៏នឹងបានដូច្នោះដែរ។
៦ឥឡូវនេះ កូនអាចសន្និដ្ឋានថា នេះគឺការឆ្កួតវង្វេងរបស់ឪពុកហើយ ប៉ុន្តែមើលចុះ ឪពុកប្រាប់កូនថា ដោយកិច្ចការតូចតាច និងងាយ ទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន ហើយនៅក្នុងករណីជាច្រើន មធ្យោបាយដ៏តូចតាចធ្វើឲ្យពួកអ្នកប្រាជ្ញជ្រប់មុខ។
៧ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់ប្រើមធ្យោបាយទាំងឡាយ ដើម្បីសម្រេចគោលបំណងទាំងឡាយដ៏មហិមា និងដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ ហើយដោយមធ្យោបាយដ៏សែនតូច នោះព្រះអម្ចាស់ ទ្រង់ធ្វើឲ្យអ្នកប្រាជ្ញជ្រប់មុខ ហើយនាំមកនូវការសង្គ្រោះដល់មនុស្សជាច្រើន។
៨ហើយឥឡូវនេះ គឺដោយសារប្រាជ្ញាដែលនៅក្នុងព្រះ ទើបវត្ថុទាំងនេះត្រូវបានថែរក្សាទុក ត្បិតមើលចុះ វត្ថុទាំងនេះបានពង្រីកស្មារតីរបស់ប្រជាជននេះ មែនហើយ បានបរិវត្តមនុស្សជាច្រើនអំពីកំហុសនៃផ្លូវរបស់ខ្លួន ហើយបាននាំគេឲ្យស្គាល់ព្រះរបស់គេ ដើម្បីឲ្យបានការសង្គ្រោះដល់ព្រលឹងគេ។
៩មែនហើយ ឪពុកប្រាប់កូនថា បើពុំមែនសម្រាប់ការណ៍ទាំងនេះ ដែលមានចែងនៅក្នុងបញ្ជីទាំងនេះ ដែលនៅលើផ្ទាំងទាំងនេះទេ នោះអាំម៉ូន និងបងប្អូនលោក ក៏មិនអាចបរិវត្តពួកលេមិនជាច្រើនពាន់នាក់អំពីសណ្ដាប់ដ៏ខុសឆ្គង នៃពួកអយ្យកោរបស់គេដែរ មែនហើយ បញ្ជីទាំងនេះ និងពាក្យនៅក្នុងនោះ បាននាំពួកគេទៅកាន់ការប្រែចិត្ត បានន័យថា គេបាននាំអ្នកទាំងនោះឲ្យស្គាល់ ព្រះអម្ចាស់ជាព្រះរបស់គេ ហើយដើម្បីអររីករាយនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏ប្រោសលោះរបស់គេ។
១០ហើយតើនរណាដឹងថាតើរបស់ទាំងនេះ នឹងទៅជាមធ្យោបាយទាំងឡាយក្នុងការនាំពួកគេជាច្រើនពាន់នាក់ មែនហើយ ព្រមទាំងមនុស្សច្រើនពាន់នាក់នៅក្នុងចំណោមបងប្អូនយើង គឺពួកសាសន៍នីហ្វៃដែលរឹងក្បាល ប៉ុន្តែឥឡូវនេះ កំពុងតែធ្វើចិត្តរឹងរូសនៅក្នុងអំពើបាប និងអំពើទុច្ចរិតទាំងឡាយឲ្យស្គាល់ព្រះដ៏ប្រោសលោះរបស់គេ?
១១ឥឡូវនេះ សេចក្ដីអាថ៌កំបាំងទាំងនេះ មិនទាន់ធ្វើឲ្យឪពុកបានស្គាល់គ្រប់យ៉ាងនៅឡើយទេ ហេតុដូច្នេះហើយ ឪពុកនឹងអត់ធ្មត់រង់ចាំ។
១២ហើយឪពុកគ្រាន់តែនិយាយថា របស់ទាំងនេះបានថែរក្សាទុក ដើម្បីប្រយោជន៍ដ៏វាងវៃមួយ គឺជាប្រយោជន៍ដែលព្រះទ្រង់ជ្រាប ព្រោះទ្រង់ទូន្មាននៅក្នុងប្រាជ្ញាទៅលើអស់ទាំងកិច្ចការរបស់ទ្រង់ ហើយផ្លូវរបស់ទ្រង់ត្រង់ រីឯដំណើររបស់ទ្រង់ គឺជាវង់មួយដ៏នៅអស់កល្បជានិច្ច។
១៣ឱហេលេមិន កូនប្រុសរបស់ឪពុកអើយ ចូរចងចាំ ចូរចងចាំថា តើព្រះបញ្ញត្តិទាំងឡាយនៃព្រះ តឹងរឹងយ៉ាងណាទៅ។ ហើយទ្រង់មានព្រះបន្ទូលថា ៖ បើសិនជាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងបានចម្រើនឡើងនៅលើដែនដី — ប៉ុន្តែ បើសិនជាអ្នករាល់គ្នាមិនកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ទេ នោះអ្នករាល់គ្នានឹងត្រូវកាត់ចេញពីវត្តមានរបស់ទ្រង់។
១៤ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ចូរចាំថា ព្រះទ្រង់បានទុកដាក់មកលើកូន នូវវត្ថុទាំងនេះដែលពិសិដ្ឋ ដែលទ្រង់បានរក្សាទុកឲ្យបានពិសិដ្ឋ ហើយដែលទ្រង់នឹងថែរក្សាទុកឲ្យបានគង់វង់ ដើម្បីប្រយោជន៍ដ៏វាងវៃមួយដែលនៅក្នុងទ្រង់ ដើម្បីទ្រង់អាចបង្ហាញព្រះចេស្ដារបស់ទ្រង់ដល់ពួកជំនាន់ក្រោយ។
១៥ហើយឥឡូវនេះ មើលចុះ ឪពុកប្រាប់កូនដោយវិញ្ញាណនៃការព្យាករណ៍ថា បើសិនជាកូនរំលងព្រះបញ្ញត្តិទាំងឡាយនៃព្រះ មើលចុះ វត្ថុពិសិដ្ឋទាំងនេះនឹងត្រូវដកយកចេញពីកូនទៅដោយព្រះចេស្ដានៃព្រះ ហើយកូននឹងត្រូវប្រគល់ឲ្យទៅអារក្សសាតាំង ដើម្បីវានឹងអុំកូនដូចជាអង្កាម ដែលនៅខាងមុខខ្យល់។
១៦ប៉ុន្តែ បើសិនជាកូនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយថែវត្ថុពិសិដ្ឋទាំងនេះ ស្របតាមការដែលព្រះទ្រង់បានបញ្ជាកូន (ព្រោះកូនត្រូវសូមដល់ព្រះអម្ចាស់នូវអស់ទាំងវត្ថុណា ដែលកូនត្រូវការប្រើ) មើលចុះ គ្មានអំណាចនៃផែនដី ឬស្ថាននរកអាចដកយកវត្ថុទាំងនោះពីកូនបានឡើយ ព្រោះព្រះទ្រង់ប្រកបដោយព្រះចេស្ដាក្នុងការធ្វើឲ្យព្រះបន្ទូលទាំងអស់របស់ទ្រង់បានបំពេញ។
១៧ព្រោះទ្រង់នឹងបំពេញអស់ទាំងពាក្យសន្យារបស់ទ្រង់ ដែលទ្រង់នឹងធ្វើជាមួយនឹងកូន ត្បិតទ្រង់បានបំពេញពាក្យសន្យាទាំងឡាយ ដែលទ្រង់បានធ្វើជាមួយនឹងពួកអយ្យកោរបស់យើងដែរ។
១៨ព្រោះទ្រង់បានសន្យានឹងគេថា ទ្រង់នឹងថែរក្សាវត្ថុទាំងនេះ សម្រាប់ប្រយោជន៍ដ៏វាងវៃមួយដែលនៅក្នុងទ្រង់ ដើម្បីទ្រង់អាចបង្ហាញព្រះចេស្ដារបស់ទ្រង់ដល់ពួកជំនាន់ក្រោយ។
១៩ហើយឥឡូវនេះ មើលចុះ ទ្រង់បានបំពេញប្រយោជន៍មួយរួចមកហើយ គឺការនាំពួកលេមិនជាច្រើនពាន់នាក់ឲ្យស្គាល់សេចក្ដីពិត ហើយទ្រង់បានបង្ហាញព្រះចេស្ដារបស់ទ្រង់ក្នុងពួកគេ ហើយទ្រង់នឹងនៅតែបង្ហាញព្រះចេស្ដារបស់ទ្រង់ក្នុងពួកគេ ទៅដល់ជំនាន់ក្រោយ ហេតុដូច្នេះហើយ វត្ថុទាំងនោះនឹងត្រូវបានថែរក្សាទុក។
២០ហេតុដូច្នេះហើយ ឱហេលេមិន កូនប្រុសរបស់ឪពុកអើយ ឪពុកបញ្ជាកូនថា កូនត្រូវព្យាយាមក្នុងការបំពេញពាក្យទាំងអស់របស់ឪពុក ហើយថា កូនត្រូវព្យាយាមក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ដូចដែលបានកត់មក។
២១ហើយឥឡូវនេះ ឪពុកនឹងប្រាប់កូនអំពីផ្ទាំងទាំងម្ភៃបួនសន្លឹក ដែលកូនត្រូវថែរក្សានោះ ដើម្បីឲ្យការអាថ៌កំបាំងទាំងឡាយ និងកិច្ចការទាំងឡាយដែលនៅក្នុងទីងងឹត និងកិច្ចការសម្ងាត់ទាំងឡាយរបស់គេ ឬកិច្ចការសម្ងាត់របស់ពួកមនុស្សដែលត្រូវបំផ្លាញទាំងនោះ អាចបានសម្ដែងដល់ប្រជាជននេះ មែនហើយ អស់ទាំងអំពើឃាតកម្មរបស់គេ និងអំពើលួចរបស់គេ និងអំពើប្លន់របស់គេ និងអស់ទាំងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ អាចបានសម្ដែងដល់ប្រជាជននេះ មែនហើយ ហើយចូរកូនថែរក្សាប្រដាប់បកប្រែទាំងនេះទុក។
២២ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់បានទតឃើញថា រាស្ត្ររបស់ទ្រង់បានចាប់ផ្ដើមធ្វើការនៅក្នុងទីងងឹត មែនហើយ ធ្វើអំពើឃាតកម្ម និងអំពើគួរខ្ពើមឆ្អើមទាំងឡាយដោយសម្ងាត់ ហេតុដូច្នេះហើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា បើសិនជាគេមិនប្រែចិត្តទេ នោះគេនឹងត្រូវបំផ្លាញឲ្យអស់ពីលើផ្ទៃផែនដីទៅ។
២៣ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងរៀបចំសម្រាប់អ្នកបម្រើរបស់យើង គឺកាសេឡិម នូវត្បូងមួយដែលនឹងបំភ្លឺក្នុងទីងងឹតឲ្យទៅជាពន្លឺ ដើម្បីយើងអាចបង្ហាញដល់រាស្ត្រយើងដែលជាអ្នកបម្រើយើង ដើម្បីយើងអាចបង្ហាញគេនូវកិច្ចការរបស់បងប្អូនគេ មែនហើយ កិច្ចការសម្ងាត់ទាំងឡាយរបស់គេ កិច្ចការទាំងឡាយនៃសេចក្ដីងងឹតរបស់គេ និងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ។
២៤ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ប្រដាប់សម្រាប់បកប្រែទាំងនេះបានរៀបចំឡើង ដើម្បីព្រះបន្ទូលនៃព្រះនឹងបានបំពេញ គឺទ្រង់មានព្រះបន្ទូលថា ៖
២៥យើងនឹងយកចេញពីទីងងឹតទៅកាន់ពន្លឺ នូវកិច្ចការសម្ងាត់ទាំងអស់របស់គេ និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ ហើយលើកលែងតែគេមិនប្រែចិត្ត បើពុំនោះសោតទេ យើងនឹងបំផ្លាញពួកគេឲ្យផុតពីលើផ្ទៃផែនដី ហើយយើងនឹងនាំទៅកាន់ពន្លឺនូវអំពើស្ងាត់កំបាំង និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ បង្ហាញដល់គ្រប់ទាំងសាសន៍ ដែលនឹងមកយកដែនដីនេះនៅថ្ងៃមុខ។
២៦ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ យើងឃើញថា ពួកគេពុំបានប្រែចិត្តទេ ហេតុដូច្នេះហើយ ទើបគេត្រូវបំផ្លាញចោល ម្ល៉ោះហើយរហូតមកដល់ពេលនេះ ព្រះបន្ទូលនៃព្រះត្រូវបានបំពេញ មែនហើយ អំពើគួរខ្ពើមឆ្អើមដ៏សម្ងាត់ទាំងឡាយរបស់គេ ត្រូវបាននាំចេញពីទីងងឹត ហើយធ្វើឲ្យយើងដឹង។
២៧ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកបញ្ជាទៅកូនថា កូនត្រូវរក្សាទុកនូវពាក្យសម្បថទាំងឡាយរបស់គេ និងសេចក្ដីសញ្ញា និងការរួមព្រមនៅក្នុងអំពើគួរខ្ពើមឆ្អើមដ៏សម្ងាត់ទាំងឡាយរបស់គេ មែនហើយ និងទីសម្គាល់ និងការចម្លែកទាំងអស់របស់គេ កូនត្រូវរក្សាកុំឲ្យប្រជាជននេះដឹង ព្រោះខ្លាចក្រែងពួកគេនឹងត្រូវធ្លាក់ទៅក្នុងភាពងងឹតដែរ ហើយនឹងត្រូវបំផ្លាញចោល។
២៨ត្បិតមើលចុះ មានពាក្យបណ្ដាសាមួយដាក់មកលើដែនដីនេះ ថាការបំផ្លិចបំផ្លាញនឹងកើតមានឡើងដល់អស់អ្នកណាដែលធ្វើកិច្ចការនៃសេចក្ដីងងឹត ស្របតាមព្រះចេស្ដានៃព្រះ គឺកាលណាពួកគេទុំសុស ហេតុដូច្នេះហើយ ឪពុកមិនចង់ឲ្យប្រជាជននេះ ត្រូវបំផ្លាញបង់ទេ។
២៩ហេតុដូច្នេះហើយ កូនត្រូវរក្សាផែនការសម្ងាត់នៃពាក្យសម្បថរបស់គេ និងសេចក្ដីសញ្ញាទាំងឡាយរបស់គេពីប្រជាជននេះ គឺគ្រាន់តែអំពើទុច្ចរិតរបស់គេ និងអំពើឃាតកម្មរបស់គេ និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេតែប៉ុណ្ណោះដែលកូនត្រូវឲ្យគេដឹង ហើយកូនត្រូវបង្រៀនគេឲ្យស្អប់អំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយ និងអំពើឃាតកម្មបែបនេះ ហើយកូនក៏ត្រូវបង្រៀនគេដែរថា ប្រជាជនទាំងនោះត្រូវបានបំផ្លាញចោល ដោយមកពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយ និងអំពើឃាតកម្មទាំងឡាយរបស់គេ។
៣០ត្បិតមើលចុះ ពួកគេបានធ្វើឃាតដល់អស់ទាំងពួកព្យាការីនៃព្រះអម្ចាស់ ដែលបានមកក្នុងចំណោមគេ ដើម្បីប្រកាសដល់គេអំពីសេចក្ដីទុច្ចរិតទាំងឡាយរបស់គេ ហើយឈាមរបស់អស់អ្នកដែលត្រូវគេធ្វើឃាតនោះ បានអំពាវនាវដល់ព្រះអម្ចាស់ ជាព្រះរបស់គេ សូមឲ្យសងសឹកដល់អស់អ្នកណាដែលជាឃាតករលើរូបគេ ម្ល៉ោះហើយ សេចក្ដីជំនុំជំរះទាំងឡាយនៃព្រះ ក៏បានធ្លាក់មកលើ ពួកអ្នកដែលធ្វើកិច្ចការនៃសេចក្ដីងងឹត និងបក្សព័ន្ធសម្ងាត់។
៣១មែនហើយ ហើយត្រូវបណ្ដាសាដល់ដែនដីនោះជារៀងរហូតតទៅ ដល់ពួកអ្នកដែលធ្វើកិច្ចការនៃសេចក្ដីងងឹត និងបក្សព័ន្ធសម្ងាត់ គឺរហូតដល់ការបំផ្លិចបំផ្លាញចោល លើកលែតែគេប្រែចិត្តមុនពេលគេទុំសុស។
៣២ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ចូរកូនចាំពាក្យដែលឪពុកបាននិយាយទៅកូនចុះ ចូរកុំឲ្យផែនការសម្ងាត់ទាំងនោះដល់ប្រជាជននេះឡើយ តែចូរបង្រៀនគេឲ្យមានការស្អប់ដ៏អស់កល្បជានិច្ចទាស់នឹងអំពើបាប និងអំពើទុច្ចរិត។
៣៣ចូរផ្សាយប្រាប់ពួកគេអំពីការប្រែចិត្ត និងសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ចូរបង្រៀនពួកគេឲ្យបន្ទាបខ្លួន និងស្លូតបូត ហើយមានចិត្តសុភាព ចូរបង្រៀនពួកគេឲ្យទប់ទល់នឹងគ្រប់ការល្បួងនៃអារក្ស ដោយសេចក្ដីជំនឿរបស់គេ ជឿដល់ព្រះអម្ចាស់យេស៊ូវ គ្រីស្ទ។
៣៤ចូរបង្រៀនពួកគេ កុំឲ្យនឿយហត់ឲ្យសោះក្នុងកិច្ចការល្អ តែឲ្យស្លូតបូត ហើយមានចិត្តសុភាពវិញ ព្រោះអ្នកដែលធ្វើដូច្នេះ នឹងបានសេចក្ដីសម្រាកដល់ព្រលឹងខ្លួន។
៣៥ឱកូនប្រុសរបស់ឪពុកអើយ ចូរចងចាំ ហើយឲ្យចេះមានប្រាជ្ញា នៅក្នុងយុវវ័យរបស់កូនចុះ មែនហើយ ចូររៀននៅក្នុងយុវវ័យរបស់កូនឲ្យចេះកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ។
៣៦មែនហើយ ចូរអំពាវនាវដល់ព្រះនូវអស់ទាំងការគាំទ្ររបស់កូន មែនហើយ ចូរធ្វើអ្វីៗទាំងអស់ចំពោះព្រះអម្ចាស់ ហើយទោះជាទីណាដែលកូនទៅ គឺកូនទៅក្នុងព្រះអម្ចាស់ មែនហើយ ចូរបំបែរមនោសញ្ចេតនាទាំងអស់របស់កូន ឆ្ពោះទៅរកព្រះអម្ចាស់វិញ មែនហើយ ចូរដាក់ចិត្តមេត្រីរបស់កូនទៅលើព្រះអម្ចាស់ដរាបតទៅ។
៣៧ចូរប្រឹក្សាជាមួយនឹងព្រះអម្ចាស់នូវគ្រប់កិច្ចការរបស់កូន ហើយទ្រង់នឹងដឹកនាំកូនទៅរកការល្អ មែនហើយ កាលណាកូនដេកចុះនៅពេលយប់ ចូរដេកនៅក្នុងព្រះអម្ចាស់ ដើម្បីឲ្យទ្រង់មើលថែទាំកូនពេលកូនដេក ហើយពេលកូនក្រោកឡើងនៅពេលព្រឹក ចូរចិត្តកូនពោរពេញទៅដោយអំណរគុណដល់ព្រះ ហើយបើសិនជាកូនធ្វើការទាំងនេះ នោះកូននឹងត្រូវបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់។
៣៨ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកត្រូវនិយាយខ្លះ អំពីវត្ថុដែលពួកអយ្យកោយើងបានហៅថា ដុំមូល ឬប្រដាប់នាំផ្លូវ — ឬដែលពួកអយ្យកោយើងបានហៅវាថា លីអាហូណា គឺបកប្រែមកថា ត្រីវិស័យ ហើយព្រះអម្ចាស់ទ្រង់បានរៀបចំវត្ថុនោះឡើង។
៣៩ហើយមើលចុះ មិនអាចមានមនុស្សណាធ្វើបាននូវវត្ថុដ៏ចម្លែកយ៉ាងនេះបានឡើយ។ ហើយមើលចុះ វត្ថុនោះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញដល់ពួកអយ្យកោយើងនូវផ្លូវដែលគេត្រូវធ្វើដំណើរនៅក្នុងទីរហោស្ថាន។
៤០ហើយវាបានធ្វើការឲ្យគេ ស្របតាមសេចក្ដីជំនឿរបស់គេនៅក្នុងព្រះ ហេតុដូច្នេះហើយ បើសិនជាពួកគេមានសេចក្ដីជំនឿ ជឿថាព្រះទ្រង់អាចធ្វើឲ្យទ្រនិចទាំងនោះចង្អុលប្រាប់ផ្លូវ ដែលគេត្រូវទៅ មើលចុះ ការណ៍នោះក៏ត្រូវបានសម្រេច ហេតុដូច្នេះហើយ ពួកគេមានអព្ភូតហេតុនេះ និងអព្ភូតហេតុឯទៀតជាច្រើនផង ដែលបានមកដោយព្រះចេស្ដានៃព្រះពីថ្ងៃមួយទៅថ្ងៃមួយ។
៤១ទោះជាយ៉ាងណាក៏ដោយ ពីព្រោះអព្ភូតហេតុទាំងនោះត្រូវបានធ្វើឡើងដោយមធ្យោបាយដ៏តូចតាច នោះវាបានបង្ហាញពួកគេនូវកិច្ចការដ៏អស្ចារ្យទាំងឡាយ។ ពួកគេខ្ជិលច្រអូស ហើយភ្លេចអនុវត្តសេចក្ដីជំនឿ និងសេចក្ដីព្យាយាមរបស់គេ ហើយបន្ទាប់មក ការណ៍ដ៏អស្ចារ្យទាំងនោះក៏ឈប់មាន ហើយពួកគេពុំអាចធ្វើដំណើរទៅមុខទៀតបានទេ។
៤២ហេតុដូច្នេះហើយ ពួកគេនៅក្នុងទីរហោស្ថាន ឬពុំបានធ្វើដំណើរតាមផ្លូវត្រង់ ហើយត្រូវរងទុក្ខដោយការស្រេកឃ្លាន ដោយព្រោះអំពើរំលងទាំងឡាយរបស់គេ។
៤៣ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកចង់ឲ្យកូនយល់ថា ការណ៍ទាំងនេះពុំមែនគ្មានស្រមោលនោះទេ ត្បិតដូចជា ពួកអយ្យកោយើងខ្ជិលច្រអូស ក្នុងការស្ដាប់បង្គាប់តាមត្រីវិស័យនេះយ៉ាងណា (ឥឡូវនេះ វត្ថុទាំងនេះជាវត្ថុខាងសាច់ឈាម) នោះពួកគេមិនបានចម្រើនឡើងឡើយ ឯកិច្ចការទាំងឡាយខាងផ្លូវវិញ្ញាណក៏ដូច្នោះដែរ។
៤៤ត្បិតមើលចុះ ដូចជាងាយស្ដាប់បង្គាប់តាមព្រះបន្ទូលនៃព្រះគ្រីស្ទ ដែលនឹងចង្អុលបង្ហាញកូននូវផ្លូវមួយដ៏ត្រង់ទៅកាន់សុភមង្គលដ៏នៅអស់កល្បជានិច្ចយ៉ាងណា ក៏ដូចជាករណីដែលពួកអយ្យកោយើងស្ដាប់បង្គាប់តាមត្រីវិស័យនេះ ដែលនឹងចង្អុលប្រាប់គេនូវផ្លូវត្រង់មួយទៅកាន់ដែនដីសន្យាដែរ។
៤៥ហើយឥឡូវនេះ ឪពុកប្រាប់ថា តើគ្មានគំរូមួយនៅក្នុងការណ៍នេះទេឬអី? ព្រោះប្រាកដដូចជាប្រដាប់នាំផ្លូវនេះ បាននាំពួកអយ្យកោយើងឲ្យដើរតាមទិសដែលវាបង្ហាញទៅកាន់ដែនដីសន្យាយ៉ាងណា ឯព្រះបន្ទូលនៃព្រះគ្រីស្ទក៏ដូច្នោះដែរ បើសិនជាយើងដើរតាមផ្លូវដែលពាក្យទាំងនោះបង្ហាញ នោះវានឹងនាំយើងឲ្យផុតច្រកភ្នំនៃការសោកសៅនេះ ទៅដល់ដែនដីសន្យាមួយដ៏សែនល្អជាងនេះដែរ។
៤៦ឱកូនប្រុសរបស់ឪពុកអើយ ចូរយើងកុំខ្ជិលច្រអូស ដោយព្រោះផ្លូវងាយឡើយ ព្រោះនោះគឺជាករណីនៃពួកអយ្យកោយើងដែរ ព្រោះវាត្រូវបានរៀបចំឡើងសម្រាប់ពួកគេ ថាបើសិនជាគេក្រឡេកមើល នោះគេអាចរស់នៅ ឯយើងក៏ដូច្នោះដែរ។ ផ្លូវនោះត្រូវបានរៀបចំជាស្រេច ហើយបើសិនជាយើងនឹងមើល នោះយើងអាចរស់នៅរហូតតទៅ។
៤៧ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ចូរឲ្យឃើញថា កូនថែរក្សាវត្ថុពិសិដ្ឋទាំងនេះ មែនហើយ ចូរឲ្យឃើញថា កូនមើល ទៅព្រះ ហើយរស់នៅ។ ចូរកូនទៅក្នុងចំណោមប្រជាជននេះ ហើយប្រកាសប្រាប់ព្រះបន្ទូល ហើយមានចិត្តរឹងប៉ឹង។ កូនប្រុសរបស់ឪពុកអើយ ឪពុកលាសិនហើយ៕