ព្រះគម្ពីរ
អាលម៉ា 38


បញ្ជា​ទាំង​ឡាយ​នៃ​អាលម៉ា ដល់​ស៊ិបឡុន ជា​កូន​ប្រុស​របស់​លោក។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៣៨។

ជំពូក​ទី ៣៨

ស៊ិបឡុន​ត្រូវ​គេ​បៀតបៀន ដោយ​សារ​សេចក្ដី​សុចរិត — សេចក្ដី​សង្គ្រោះ​គឺ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដែល​ជា​ជីវិត និង​ជា​ពន្លឺ​នៃ​មនុស្ស​លោក — ចូរ​ទប់​តណ្ហា​ទាំង​អស់​របស់​ខ្លួន។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​តាម​ពាក្យ​សម្ដី​របស់​ឪពុក ព្រោះ​ឪពុក​ប្រាប់​កូន ដូច​ជា​ឪពុក​បាន​ប្រាប់​ទៅ​ហេលេមិន​ដែរ​ថា ដរាបណា​កូន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ នោះ​កូន​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី ហើយ​ដរាបណា​កូន​មិន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​ទេ នោះ​កូន​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​របស់​ទ្រង់។

ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ជឿ​ថា ឪពុក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា ដោយ​សារ​កូន ដោយ​ព្រោះ​ចិត្ត​នឹង​ន និង​ចិត្ត​ស្មោះត្រង់​របស់​កូន​ចំពោះ​ព្រះ ព្រោះ​ដូច​ជា​កូន​បាន​ចាប់​ផ្ដើម​រំពឹង​ទៅ​រក​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​កូន នៅ​ក្នុង​យុវវ័យ​ជា យ៉ាង​ណា នោះ​ឪពុក​សង្ឃឹម​ថា កូន​នឹង​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​រហូត​ត​ទៅ​ជា​យ៉ាង​នោះ​ដែរ ព្រោះ​មាន​ពរ​ហើយ ដល់​អស់​អ្នក​ណា ដែល​កាន់ខ្ជាប់ ដរាប​ដល់​ចុង​បំផុត។

ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ប្រាប់​កូន​ថា ឪពុក​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​មក​ហើយ ដោយ​សារ​កូន ដោយ​ព្រោះ​សេចក្ដី​ស្មោះត្រង់ និង​សេចក្ដី​ព្យាយាម​របស់​កូន និង​សេចក្ដី​អត់ធន់​របស់​កូន និង​សេចក្ដី​អត់ធ្មត់​របស់​កូន ក្នុង​ចំណោម​ប្រជាជន​នៃ​សាសន៍​សូរាំ។

ព្រោះ​ឪពុក​ដឹង​ថា កូន​ធ្លាប់​ជាប់​ចំណង មែន​ហើយ ឪពុក​ក៏​ដឹង​ដែរ​ថា កូន​ត្រូវ​គេ​ចោល​នឹង​ថ្ម ដោយ​សារ​ព្រះ​បន្ទូល ហើយ​កូន បាន​រង​នូវ​ការណ៍​អស់​ទាំង​នេះ ដោយ​សេចក្ដី​អត់ធន់ ពី​ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​គង់នៅ​ជាមួយ​នឹង​កូន ហើយ​ឥឡូវ​នេះ កូន​ដឹង​ថា ព្រះ​អម្ចាស់ ទ្រង់​បាន​ដោះ​លែង​កូន​ហើយ។

ហើយ​ឥឡូវ​នេះ ឱ​ស៊ិបឡុន កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ចង់​ឲ្យ​កូន​ចាំ​ថា ដរាបណា​កូន​ដាក់​ទី​ទុក​ចិត្ត​របស់​កូន​នៅ​លើ​ព្រះ នោះ​កូន​នឹង​បាន​ដោះ​លែង​ឲ្យ​រួច​ផុត ពី​ការ​សាកល្បង​ទាំង​ឡាយ​របស់​កូន និង​ពី​សេចក្ដី​អំពល់​របស់​កូន និង​ពី​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​កូន ហើយ​កូន​នឹង​ត្រូវ​បាន​លើក​ឡើង នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​មិន​ចង់​ឲ្យ​កូន​គិត​ថា ឪពុក​ដឹង​ការណ៍​អស់​ទាំង​នេះ ដោយ​ខ្លួន​ឯង​ទេ ប៉ុន្តែ គឺ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ដែល​គង់នៅ​ក្នុង​ឪពុក​ទេតើ ដែល​បាន​ធ្វើ​ឲ្យ​ឪពុក​ដឹង​ការណ៍​ទាំង​នេះ ព្រោះ​បើ​ឪពុក​ពុំ​បាន​កើត​មក​អំពី​ព្រះ​ទេ នោះ​ឪពុក ក៏​ពុំ​បាន​ដឹង​ការណ៍​ទាំង​នេះ​ដែរ។

ប៉ុន្តែ​មើល​ចុះ ដោយ​សេចក្ដី​មេត្តាករុណា​ដ៏​មហិមា​របស់​ទ្រង់ នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​ចាត់​ឲ្យ​ទេវតា​របស់​ទ្រង់​មួយ មក​ប្រកាស ប្រាប់​ឪពុក​ថា ឪពុក​ត្រូវ​បញ្ឈប់​ការ​បំផ្លិចបំផ្លាញ​ក្នុង​ចំណោម​រាស្ត្រ​ទ្រង់ មែន​ហើយ ឪពុក​បាន​ឃើញ​ទេវតា​មួយ ផ្ទាល់​នឹង​មុខ ហើយ ទេវតា​នោះ​បាន​និយាយ​ជាមួយ​នឹង​ឪពុក ហើយ​សំឡេង​លោក​ហាក់​បី​ដូច​ជា​ផ្គរលាន់ ហើយ​វា​ធ្វើ​ឲ្យ​ញ័រ​ផែនដី​ទាំង​មូល។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​មាន​ការ​ឈឺ​ចាប់​ដ៏​ជូរចត់ និង​ការ​បារម្ភ​នៅ​ក្នុង​ព្រលឹង អស់​រយៈ​ពេល​បី​យប់​បី​ថ្ងៃ ហើយ រហូត​ដល់​ឪពុក​បាន​អំពាវនាវ ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​សេចក្ដី​មេត្តាករុណា ទើប​ឪពុក​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​ឪពុក។ ប៉ុន្តែ​មើល​ចុះ ឪពុក​បាន​អំពាវនាវ​ដល់​ទ្រង់ ហើយ​ឪពុក​បាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​ឪពុក។

ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​បាន​ប្រាប់​កូន​នូវ​ការណ៍​នេះ ដើម្បី​ឲ្យ​កូន​អាច​រៀន​នូវ​ប្រាជ្ញា ដើម្បី​ឲ្យ​កូន​អាច​រៀន អំពី​ឪពុក​ថា គ្មាន​ផ្លូវ ឬ​មធ្យោបាយ​ឯណា​ផ្សេង​ទៀត​ទេ ដែល​នាំ​ឲ្យ​មនុស្ស​បាន​សង្គ្រោះ មាន​តែ​ដោយ និង​តាម​រយៈ​ព្រះ​គ្រីស្ទ​មួយ ប៉ុណ្ណោះ។ មើល​ចុះ ទ្រង់​គឺជា​ជីវិត ហើយ​ជា​ពន្លឺ​នៃ​ពិភពលោក។ មើល​ចុះ ទ្រង់​គឺជា​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត។

១០ហើយ​ឥឡូវ​នេះ ដូច​ជា​កូន​បាន​ចាប់​ផ្ដើម​បង្រៀន​ព្រះ​បន្ទូល​យ៉ាង​ណា នោះ​ឪពុក​សង្ឃឹម​ថា កូន​ក៏​នឹង​បង្រៀន​យ៉ាង​នេះ​ត​ទៅ ហើយ​ឪពុក​សង្ឃឹម​ថា កូន​នឹង​មាន​ការ​ព្យាយាម ហើយ​ចេះ​ទប់​ចិត្ត​ក្នុង​គ្រប់​ការណ៍​ទាំង​អស់។

១១ចូរ​កូន​ប្រយ័ត្ន​កុំ​លើក​ខ្លួន​ឡើង​ទៅ​ជា​ឆ្មើងឆ្មៃ មែន​ហើយ ចូរ​ឲ្យ​ឃើញ​ថា កូន​មិន​អួតអាង​ក្នុង​ប្រាជ្ញា​ផ្ទាល់​របស់​កូន ឬ​ក្នុង​កម្លាំង ដ៏​ច្រើន​របស់​កូន​ឡើយ។

១២ចូរ​ប្រើ​សេចក្ដី​ក្លាហាន ប៉ុន្តែ​កុំ​កោងកាច ហើយ​ចូរ​ឲ្យ​ឃើញ​ថា កូន​ទប់​អស់​ទាំង​តណ្ហា​របស់​កូន ដើម្បី​ឲ្យ​កូន​អាច​បាន​ពោរពេញ ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ចូរ​ឲ្យ​ឃើញ​ថា កូន​ទប់​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ខ្ជិលច្រអូស។

១៣ចូរ​កុំ​អធិស្ឋាន​ដូច​ពួក​សាសន៍​សូរាំ​ធ្វើ ព្រោះ​កូន​បាន​ឃើញ​ថា ពួក​គេ​អធិស្ឋាន​ដើម្បី​ឲ្យ​មនុស្ស​ស្ដាប់ ហើយ​ដើម្បី​ឲ្យ​គេ​កោត សរសើរ​ប្រាជ្ញា​របស់​គេ។

១៤ចូរ​កុំ​ទូល​ថា ៖ ឱ​ព្រះ​អង្គ​អើយ ទូលបង្គំ​សូម​ថ្លែង​អំណរគុណ​ដល់​ព្រះ​អង្គ ដោយ​យើង​ខ្ញុំ​ល្អ​ប្រសើរ​ជាង​បង​ប្អូន​របស់​យើង​ខ្ញុំ តែ​ត្រូវ ទូល​យ៉ាង​នេះ​វិញ​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ សូម​អភ័យទោស​ដល់​ភាព​មិន​សក្ដិសម​របស់​ទូលបង្គំ​ផង ហើយ​សូម​ព្រះ​អង្គ​ចងចាំ​ដល់​បង​ប្អូន របស់​ទូលបង្គំ ដោយ​សេចក្ដី​មេត្តាករុណា — មែន​ហើយ ចូរ​ទទួល​ស្គាល់​ភាព​មិន​សក្ដិសម​របស់​កូន នៅ​ចំពោះ​ព្រះ នៅ​គ្រប់​ពេល វេលា។

១៥ហើយ​សូម​ឲ្យ​ព្រះ​អម្ចាស់ ទ្រង់​ប្រទាន​ពរ​ដល់​ព្រលឹង​កូន ហើយ​ទទួល​យក​កូន​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ឲ្យ​ចូល​ទៅ​ក្នុង​នគរ​របស់​ទ្រង់ ឲ្យ​កូន​អង្គុយ​នៅ​ក្នុង​សេចក្ដី​សុខសាន្ត​ចុះ។ ឥឡូវ​នេះ ទៅ​ចុះ​កូន​ប្រុស​របស់​ឪពុក ហើយ​បង្រៀន​ព្រះ​បន្ទូល​ទៅ​ដល់​ប្រជាជន​នេះ។ ចូរ​មាន​ចិត្ត​រឹងប៉ឹង។ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​លា​សិន​ហើយ៕