ជំពូកទី ៤៤
មរ៉ូណៃបញ្ជាឲ្យពួកលេមិនចុះសេចក្ដីសញ្ញាសន្តិភាព បើពុំនោះសោតទេ នឹងត្រូវបំផ្លាញចោល — សេរ៉ាហិមណាបដិសេធសេចក្ដីស្នើ ហើយចម្បាំងក៏បន្តទៅទៀត — ពលទ័ពរបស់មរ៉ូណៃ វាយពួកលេមិនឲ្យបរាជ័យ។ ប្រមាណជាឆ្នាំ ៧៤–៧៣ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានឈប់ ហើយបានថយចេញមួយរយៈពីពួកគេ។ ហើយមរ៉ូណៃនិយាយទៅកាន់សេរ៉ាហិមណាថា ៖ មើលចុះ សេរ៉ាហិមណា យើងមិនចង់ធ្វើជាអ្នកចូលចិត្តកំចាយឈាមទេ។ អ្នកដឹងថា អ្នកនៅក្នុងកណ្ដាប់ដៃរបស់យើងហើយ តែយើងមិនចង់សម្លាប់អ្នកទេ។
២មើលចុះ យើងមិនបានមកធ្វើចម្បាំងនឹងអ្នក ដើម្បីយើងអាចកំចាយឈាមអ្នក ដើម្បីអំណាចនោះទេ ហើយយើងក៏មិនចង់យកអ្នកណាម្នាក់ទៅដាក់ក្នុងនឹមនៃសេវកភាពឡើយ។ ប៉ុន្តែនេះគឺជាហេតុដែលនាំឲ្យអ្នករាល់គ្នាមកប្រឆាំងនឹងយើង មែនហើយ អ្នករាល់គ្នាខឹងនឹងយើង ដោយសារសាសនារបស់យើងទេតើ។
៣ប៉ុន្តែឥឡូវនេះ អ្នកឃើញថា ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងយើង ហើយអ្នកឃើញថា ទ្រង់បានប្រគល់អ្នកមកក្នុងកណ្ដាប់ដៃយើងហើយ។ ហើយឥឡូវនេះ ខ្ញុំចង់ឲ្យអ្នកយល់ថា ការណ៍ដែលយើងបានមកយ៉ាងនេះ ក៏ដោយសារសាសនារបស់យើង និងសេចក្ដីជំនឿរបស់យើងនៅក្នុងព្រះគ្រីស្ទ។ ហើយឥឡូវនេះ អ្នកឃើញថា អ្នកមិនអាចបំផ្លាញសេចក្ដីជំនឿរបស់យើងនេះបានទេ។
៤ឥឡូវនេះ អ្នកឃើញថា នេះគឺជាសេចក្ដីជំនឿពិតដល់ព្រះ មែនហើយ អ្នកឃើញថា ព្រះទ្រង់នឹងទ្រទ្រង់ ហើយនឹងថែរក្សាយើងឲ្យគង់វង់ ដរាបណាយើងមានចិត្តស្មោះត្រង់ចំពោះទ្រង់ចំពោះសេចក្ដីជំនឿរបស់យើង និងសាសនារបស់យើង ហើយព្រះអម្ចាស់ទ្រង់ នឹងពុំទុកឲ្យយើងត្រូវបំផ្លាញឡើយ លើកលែងតែយើងធ្លាក់ទៅក្នុងអំពើរំលង ហើយបដិសេធសេចក្ដីជំនឿរបស់យើងប៉ុណ្ណោះ។
៥ហើយឥឡូវនេះ សេរ៉ាហិមណា ខ្ញុំបញ្ជាអ្នកថា ដោយនូវព្រះនាមនៃព្រះដ៏ប្រកបដោយគ្រប់ទាំងព្រះចេស្ដានោះ ដែលទ្រង់បានចម្រើនកម្លាំងដល់ដៃរបស់យើង ដើម្បីឲ្យយើងមានអំណាចលើអ្នក ដោយសេចក្ដីជំនឿរបស់យើង ដោយសាសនារបស់យើង ដោយពិធីថ្វាយបង្គំ ដោយសាសនាចក្ររបស់យើង ដោយការគាំទ្រដ៏ពិសិដ្ឋអំពីសំណាក់ប្រពន្ធកូនយើង ដោយឥស្សរភាពដែលភ្ជាប់យើងទៅនឹងដែនដី និងប្រទេសរបស់យើង មែនហើយ ព្រមទាំងដោយការរក្សានូវព្រះបន្ទូលដ៏ពិសិដ្ឋនៃព្រះ ដោយសារការណ៍ទាំងនោះហើយដែលយើងទាំងអស់គ្នាមានសុភមង្គល ហើយដោយអ្វីៗទាំងអស់ដែលមានតម្លៃបំផុតចំពោះយើង —
៦មែនហើយ នេះពុំទាន់អស់នៅឡើយទេ ខ្ញុំបញ្ជាអ្នក ដោយនូវអស់ទាំងបំណងរបស់អ្នក សម្រាប់ជីវិត ឲ្យអ្នកប្រគល់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមមកយើង ហើយយើងនឹងពុំកំចាយឈាមអ្នកទេ តែយើងនឹងលើកលែងជីវិតឲ្យអ្នក បើសិនជាអ្នកចេញទៅ ហើយឈប់មកធ្វើសង្គ្រាមនឹងយើងទៀត។
៧ហើយឥឡូវនេះ បើសិនជាអ្នកមិនធ្វើយ៉ាងនេះទេ មើលចុះ អ្នកនៅក្នុងកណ្ដាប់ដៃរបស់យើងហើយ ហើយខ្ញុំនឹងបញ្ជាទ័ពរបស់ខ្ញុំឲ្យវាយមកលើអ្នក ហើយធ្វើឲ្យអ្នកមានរបួសដល់ស្លាប់ ដើម្បីធ្វើឲ្យអ្នកវិនាសសូន្យអស់រលីង ហើយពេលនោះ យើងនឹងឃើញថា តើនរណានឹងមានអំណាចមកលើប្រជាជននេះ មែនហើយ យើងនឹងឃើញថា តើនរណានឹងត្រូវនាំឲ្យធ្លាក់ទៅក្នុងសេវកភាព។
៨ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលសេរ៉ាហិមណាបានឮពាក្យទាំងនេះហើយ នោះគាត់ក៏ចេញមក ហើយប្រគល់ដាវរបស់គាត់ និងសាបរបស់គាត់ និងធ្នូរបស់គាត់ដល់ដៃមរ៉ូណៃ ហើយបាននិយាយទៅលោកថា ៖ មើលចុះ នេះគឺជាគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើង យើងនឹងប្រគល់ឲ្យអ្នករាល់គ្នា ប៉ុន្តែយើងមិនស៊ូទ្រាំធ្វើកិច្ចសច្ចាដល់អ្នកទេ ព្រោះយើងដឹងថា យើងនឹងបំពានលើកិច្ចសច្ចានោះ ហើយកូនចៅយើងក៏ដូច្នោះដែរ ប៉ុន្តែ ចូរអ្នកយកគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងចុះ ហើយទុកឲ្យយើងចូលទៅក្នុងទីរហោស្ថានវិញ បើពុំនោះសោតទេ យើងនឹងទុកដាវរបស់យើង ហើយយើងនឹងវិនាស ឬក៏យើងឈ្នះ។
៩មើលចុះ យើងមិននៅក្នុងសេចក្ដីជំនឿអ្នកទេ យើងមិនជឿថា គឺព្រះដែលបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃអ្នកនោះទេ តែយើងជឿថា គឺជាកលល្បិចរបស់អ្នកវិញទេតើ ដែលបានថែរក្សាអ្នកឲ្យរួចផុតពីដាវទាំងឡាយរបស់យើង។ មើលចុះ គឺអាវក្រោះទាំងឡាយរបស់អ្នក និងខែលទាំងឡាយរបស់អ្នក ដែលបានថែរក្សាអ្នកឲ្យគង់នៅ។
១០ហើយឥឡូវនេះ កាលសេរ៉ាហិមណាបានបញ្ចប់នូវការនិយាយពាក្យទាំងនេះហើយ នោះមរ៉ូណៃបានឲ្យដាវ និងគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមទាំងឡាយ ដែលលោកបានទទួលទៅសេរ៉ាហិមណាវិញ ដោយនិយាយថា ៖ មើលចុះ យើងនឹងបញ្ចប់ចម្បាំងនេះ។
១១ឥឡូវនេះ ខ្ញុំមិនអាចដកយកវិញនូវពាក្យទាំងឡាយ ដែលខ្ញុំបាននិយាយនោះទេ ហេតុដូច្នេះហើយ ប្រាកដដូចជាព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់នៅ នោះអ្នករាល់គ្នាមិនអាចចេញទៅបានឡើយ លើកលែងតែអ្នកចេញទៅដោយពាក្យសច្ចាថា អ្នកនឹងមិនត្រឡប់មកធ្វើចម្បាំងនឹងយើងទៀតទេ។ ឥឡូវនេះ អ្នកនៅក្នុងកណ្ដាប់ដៃយើង យើងនឹងកំចាយឈាមអ្នកទៅលើដី ឬក៏អ្នកត្រូវធ្វើតាមលក្ខខណ្ឌទាំងឡាយដែលខ្ញុំបានស្នើ។
១២ហើយឥឡូវនេះ កាលមរ៉ូណៃបាននិយាយពាក្យទាំងនេះហើយ នោះសេរ៉ាហិមណាបានយកដាវរបស់គាត់វិញ ហើយគាត់ខឹងនឹងមរ៉ូណៃ ហើយគាត់បានស្ទុះមកបម្រុងនឹងសម្លាប់មរ៉ូណៃ ប៉ុន្តែពេលគាត់យាដាវឡើង មើលចុះ ទាហានម្នាក់របស់មរ៉ូណៃបានវាយធ្លាក់ដាវនោះទៅដល់ដី ហើយបាក់ចេញពីដង ហើយទាហាននោះក៏បានកាប់សេរ៉ាហិមណា ដាច់លលាក្បាលមួយដុំធ្លាក់ទៅលើដី។ ហើយសេរ៉ាហិមណាបានថយចេញពីពួកគេចូលទៅកណ្ដាលទាហានរបស់ខ្លួនវិញ។
១៣ហើយហេតុការណ៍បានកើតឡើងថា ទាហានដែលបានឈរនៅក្បែរនោះ ដែលបានកាប់ដាច់លលាក្បាលរបស់សេរ៉ាហិមណា នោះបានចាប់សក់រើសយកលលាក្បាលនោះឡើងពីដី ហើយដោតវានៅខាងចុងដាវរបស់ខ្លួន ហើយលើកបង្ហាញពួកគេ ដោយនិយាយសំឡេងខ្លាំងទៅកាន់ពួកគេថា ៖
១៤ដូចជាលលាក្បាលនេះ ដែលជាលលាក្បាលរបស់មេបញ្ជាការអ្នករាល់គ្នា បានធ្លាក់ទៅដីយ៉ាងណា នោះអ្នករាល់គ្នាក៏នឹងដួលចុះ ទៅលើដីយ៉ាងនោះដែរ លើកលែងតែអ្នកប្រគល់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់អ្នក ហើយចេញទៅដោយធ្វើសេចក្ដីសញ្ញាសន្តិភាព។
១៥ឥឡូវនេះ មានមនុស្សជាច្រើន កាលគេបានឮពាក្យទាំងនេះ ហើយឃើញលលាក្បាលដែលនៅចុងដាវ ក៏កើតសេចក្ដីភិតភ័យ ហើយមានមនុស្សជាច្រើនបានចេញមក ហើយបានបោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេនៅក្បែរជើងមរ៉ូណៃ ហើយបានចូលក្នុងសេចក្ដីសញ្ញាសន្តិភាពមួយ។ ហើយអស់អ្នកណាដែលបានចូលសេចក្ដីសញ្ញាមួយ នោះពួកគេត្រូវបានអនុញ្ញាតឲ្យចេញទៅក្នុងទីរហោស្ថាន។
១៦ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា សេរ៉ាហិមណាខឹងជាខ្លាំង ហើយគាត់បានចាក់រុកពួកទាហានរបស់គាត់ ដែលនៅសល់ទាំងប៉ុន្មានឲ្យខឹង ដើម្បីតតាំងឲ្យខ្លាំងជាងមុនប្រឆាំងនឹងពួកនីហ្វៃ។
១៧ហើយឥឡូវនេះ មរ៉ូណៃខឹង ដោយព្រោះការរឹងក្បាលរបស់ពួកសាសន៍លេមិន ហេតុដូច្នេះហើយ លោកបានបញ្ជាឲ្យទ័ពរបស់លោកវាយសម្រុកទៅលើពួកគេ ហើយសម្លាប់ពួកគេចោល។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចាប់ផ្ដើមសម្លាប់ពួកនោះចោល មែនហើយ ឯពួកលេមិនបានតតាំងដោយដាវទាំងឡាយរបស់គេ និងដោយសមត្ថភាពរបស់គេ។
១៨ប៉ុន្តែមើលចុះ ស្បែកទទេ និងក្បាលទទេរបស់គេ ត្រូវរងមុខដាវដ៏មុតរបស់ពួកនីហ្វៃ មែនហើយ មើលចុះ ពួកគេត្រូវចាក់ទម្លុះ ហើយត្រូវកាប់ មែនហើយ ហើយបានដួលចុះយ៉ាងឆាប់រហ័សចំពោះដាវទាំងឡាយរបស់ពួកនីហ្វៃ ហើយពួកគេត្រូវបានចាប់ផ្ដើម បោសឲ្យរាបចុះ ដូចពាក្យរបស់ទាហានម្នាក់របស់មរ៉ូណៃបានព្យាករមក។
១៩ឥឡូវនេះ សេរ៉ាហិមណា កាលគាត់បានឃើញថា ពួកគេជិតត្រូវបំផ្លាញបង់អស់ ក៏ស្រែកយ៉ាងខ្លាំងទៅកាន់មរ៉ូណៃ ដោយសន្យាថា គាត់នឹងធ្វើសេចក្ដីសញ្ញា ព្រមទាំងទ័ពរបស់គាត់ក៏ដូច្នោះដែរ បើសិនជាគេលើកលែងជីវិតឲ្យពួកគេ ដែលនៅសល់ទាំងប៉ុន្មានថា ពួកគេនឹងពុំមកធ្វើសង្គ្រាមនឹងគេទៀតឡើយ។
២០ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃបានបញ្ជាឲ្យឈប់ធ្វើការកាប់សម្លាប់ នៅក្នុងចំណោមពួកមនុស្សទាំងនេះ។ ហើយលោកបានយកគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមពីពួកលេមិន ហើយបន្ទាប់ពីពួកគេបានធ្វើសេចក្ដីសញ្ញាសន្តិភាពជាមួយនឹងលោក ហើយ នោះពួកគេត្រូវបានទុកឲ្យចេញទៅក្នុងទីរហោស្ថាន។
២១ឥឡូវនេះ ចំនួនពួកគេដែលស្លាប់ នោះពុំបានរាប់ឡើយ ដោយព្រោះមានចំនួននោះច្រើនពេក មែនហើយ ពួកគេដែលស្លាប់មានចំនួនច្រើនលើសលប់ ទាំងខាងពួកនីហ្វៃ និងខាងពួកលេមិនដែរ។
២២ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានបោះអ្នកស្លាប់ចុះក្នុងទឹកទន្លេស៊ីដូន ហើយសាកសពទាំងនោះអណ្ដែតទៅ ហើយត្រូវកប់ទៅក្នុងទីជម្រៅនៃសមុទ្រ។
២៣ហើយពលទ័ពសាសន៍នីហ្វៃ ឬរបស់មរ៉ូណៃក៏ត្រឡប់ទៅផ្ទះរបស់គេ និងដែនដីរបស់គេវិញ។
២៤ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីដប់ប្រាំបីក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ។ ម្ល៉ោះហើយ ក៏ចប់បញ្ជីរបស់អាលម៉ា ដែលបានសរសេរទុកនៅលើផ្ទាំងនីហ្វៃ៕