ជំពូកទី ៦
សាសនាចក្រនៅដែនដីសារ៉ាហិមឡា ត្រូវបានជំរះឲ្យស្អាត ហើយបានរៀបចំឲ្យមានរបៀបរៀបរយ — អាលម៉ាធ្វើដំណើរទៅក្រុង គេឌាន ដើម្បីផ្សាយសាសនា។ ប្រមាណជាឆ្នាំ ៨៣ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអាលម៉ាបានបញ្ចប់នូវការនិយាយទៅកាន់ប្រជាជននៅក្នុងសាសនាចក្រ ដែលត្រូវបានតាំងឡើងនៅទីក្រុងសារ៉ាហិមឡាហើយ នោះលោកបានតែងតាំងពួកសង្ឃ និងពួកអែលឌើរ ដោយការដាក់ដៃរបស់លោក តាមរបៀបនៃព្រះ ដើម្បីឲ្យត្រួតត្រា ហើយមើលគន់លើសាសនាចក្រ។
២ហើយហេតុការណ៍បានកើតឡើងថា អស់អ្នកណាដែលមិននៅក្នុងសាសនាចក្រ ដែលបានប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន នោះបានទទួលបុណ្យជ្រមុជទឹក ចំពោះការប្រែចិត្ត ហើយបានទទួលឲ្យចូលរួមក្នុងសាសនាចក្រ។
៣ហើយហេតុការណ៍បានកើតឡើងដែរថា អស់អ្នកណាដែលនៅក្នុងសាសនាចក្រ តែពុំបានប្រែចិត្តចំពោះអំពើទុច្ចរិតរបស់ខ្លួន ហើយពុំបន្ទាបខ្លួនចំពោះព្រះទេ — គឺខ្ញុំនិយាយពីពួកអ្នកដែលលើកខ្លួនឡើង ក្នុងការឆ្មើងឆ្មៃនៃចិត្តរបស់ខ្លួន — គឺអ្នកអស់ទាំងនោះ ហើយដែលត្រូវបានបដិសេធ ហើយឈ្មោះរបស់គេត្រូវបានលុបចោល ដើម្បីកុំឲ្យឈ្មោះគេត្រូវបានរាប់ក្នុងចំណោមពួកអ្នកដែលសុចរិតឡើយ។
៤ហើយពួកគេបានចាប់ផ្ដើមតាំងរបៀបរៀបរយនៅក្នុងសាសនាចក្រ នៅក្នុងទីក្រុងសារ៉ាហិមឡាបែបដូច្នោះហើយ។
៥ឥឡូវនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាយល់ថា ព្រះបន្ទូលនៃព្រះ ទុកសម្រាប់មនុស្សទាំងអស់ដោយសេរីថា គ្មានអ្នកណាម្នាក់ខ្វះសិទ្ធិនឹងមករួមប្រជុំគ្នា ដើម្បីស្ដាប់ព្រះបន្ទូលនៃព្រះឡើយ។
៦ទោះជាយ៉ាងណាក៏ដោយ គង់តែកូនចៅនៃព្រះត្រូវបានបញ្ជាឲ្យមកជួបជុំគ្នាជាញឹកញាប់ ហើយរួមគ្នាតមអាហារ ហើយអធិស្ឋានឲ្យអស់ពីចិត្តដែរ ដើម្បីសុខុមាលភាពដល់ព្រលឹងនៃពួកអ្នកដែលពុំស្គាល់ព្រះ។
៧ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលអាលម៉ាបានធ្វើរបៀបចាត់ចែងទាំងនេះហើយ លោកបានចាកចេញពីពួកគេទៅ មែនហើយ គឺចេញពីសាសនាចក្រ ដែលនៅក្នុងទីក្រុងសារ៉ាហិមឡា ហើយបានធ្វើដំណើរទៅខាងកើតទន្លេស៊ីដូន នៅក្នុងច្រកភ្នំគេឌាន នៅទីនោះមានទីក្រុងមួយដែលបានសង់ឡើង ដែលបានហៅថា ទីក្រុងគេឌាន នៅក្នុងច្រកភ្នំដែលបានហៅថា គេឌាន ដែលបានហៅតាមឈ្មោះរបស់បុរសម្នាក់ ដែលត្រូវនីហូរសម្លាប់ដោយដាវ។
៨ហើយអាលម៉ាបានទៅ ហើយបានចាប់ផ្ដើមប្រកាសព្រះបន្ទូលនៃព្រះដល់សាសនាចក្រ ដែលបានតាំងឡើងនៅក្នុងច្រកភ្នំគេឌាន ស្របតាមវិវរណៈនៃសេចក្ដីពិតនៃព្រះបន្ទូល ដែលពួកអយ្យកោលោកបាននិយាយមក និងស្របតាមវិញ្ញាណនៃការព្យាករណ៍ ដែលនៅក្នុងខ្លួនលោក ស្របតាមទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលនឹងយាងមកប្រោសលោះរាស្ត្រទ្រង់ពីសេចក្ដីបាប និងស្របតាមរបៀបដ៏បរិសុទ្ធ ដែលបានប្រទានដល់លោក។ ហើយត្រូវបានសរសេរទុកយ៉ាងដូច្នោះហើយ។ អាម៉ែន៕