គម្ពីរយ៉ាកុប
ប្អូនប្រុសរបស់នីហ្វៃ
ពាក្យពេចន៍ដែលលោកផ្សាយប្រាប់ដល់បងប្អូនរបស់លោក។ លោកធ្វើឲ្យបុរសម្នាក់ជ្រប់មុខ ដែលចង់រំលំគោលលទ្ធិនៃព្រះគ្រីស្ទ។ ពាក្យខ្លះៗស្ដីអំពីប្រវត្តិនៃប្រជាជននីហ្វៃ។
ជំពូកទី ១
យ៉ាកុប និងយ៉ូសែបខិតខំបញ្ចុះបញ្ចូលមនុស្សឲ្យជឿដល់ព្រះគ្រីស្ទ ហើយកាន់តាមបញ្ញត្តិរបស់ទ្រង់ — នីហ្វៃស្លាប់ — អំពើទុច្ចរិតកើតមានឡើងនៅក្នុងចំណោមពួកសាសន៍នីហ្វៃ។ ប្រមាណជាឆ្នាំ ៥៤៤–៤២១ ម.គ.ស.។
១ត្បិតមើលចុះ ហេតុការណ៍បានកើតឡើងថា រយៈពេលហាសិបប្រាំឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីពេលដែលលោកលីហៃ បានចាកចេញពីក្រុងយេរូសាឡិមមក ហេតុដូច្នោះហើយ នីហ្វៃបានប្រគល់មកខ្ញុំ គឺយ៉ាកុបនូវបញ្ញត្តិ១ស្ដីអំពីផ្ទាំងតូចទាំងឡាយ ដែលមានឆ្លាក់ត្រានូវការណ៍ទាំងឡាយនេះ។
២ហើយលោកបានឲ្យបញ្ញត្តិ១ដល់ខ្ញុំ យ៉ាកុប ថាខ្ញុំត្រូវកត់នៅលើផ្ទាំងទាំងនេះនូវរឿងបន្តិចបន្តួច ដែលខ្ញុំចាត់ទុកថាជារឿងដ៏ពិសេសបំផុត ថាខ្ញុំមិនត្រូវប៉ះពាល់ គឺគ្រាន់តែបន្តិចបន្តួច អំពីប្រវត្តិនៃប្រជាជននេះ ដែលហៅថា ប្រជាជននីហ្វៃឡើយ។
៣ត្បិតលោកបាននិយាយថា ប្រវត្តិនៃប្រជាជនរបស់លោក ត្រូវបានឆ្លាក់នៅលើផ្ទាំងឯទៀតរបស់លោកហើយ ហើយថាខ្ញុំត្រូវរក្សាផ្ទាំងទាំងនេះទុកឲ្យគង់វង់ ហើយប្រគល់ផ្ទាំងទាំងនេះដល់ពូជខ្ញុំពីតំណមួយទៅតំណមួយ។
៤ហើយបើសិនជាមានការផ្សាយណាដែលពិសិដ្ឋ ឬវិវរណៈណាមួយធំ ឬការព្យាករណ៍ នោះខ្ញុំត្រូវឆ្លាក់ការណ៍សំខាន់ៗ នៃកិច្ចការទាំងនោះនៅលើផ្ទាំងទាំងនេះ ហើយត្រូវនិយាយឲ្យបានក្បោះក្បាយអំពីរឿងទាំងនោះ តាមលទ្ធភាពដែលអាចធ្វើបាន ដោយយល់ដល់ព្រះគ្រីស្ទ ហើយដោយយល់ដល់ប្រជាជនរបស់យើង។
៥ត្បិតពីព្រោះមកពីសេចក្ដីជំនឿ និងសេចក្ដីបារម្ភដ៏ខ្លាំង ទើបរឿងនោះត្រូវបានសម្ដែងឲ្យយើងដឹងជាប្រាកដអំពីប្រជាជនយើង គឺអំពីអ្វីៗដែលនឹងកើតឡើងដល់ពួកគេ។
៦ហើយយើងក៏បានទទួលវិវរណៈទាំងឡាយ និងវិញ្ញាណនៃការព្យាករណ៍ជាច្រើន ហេតុដូច្នោះហើយ បានជាយើងដឹងអំពីព្រះគ្រីស្ទ និងនគររបស់ទ្រង់ដែលនឹងមកដល់។
៧ហេតុដូច្នោះហើយ យើងបានឧស្សាហ៍ធ្វើការនៅក្នុងចំណោមប្រជាជនយីង ក្រែងយើងអាចបញ្ចុះបញ្ចូលពួកគេឲ្យមករកព្រះគ្រីស្ទ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសនៃព្រះ ដើម្បីឲ្យពួកគេអាចចូលទៅក្នុងទីសម្រាករបស់ទ្រង់បាន ក្រែងតាមមាគ៌ាណាមួយទ្រង់នឹងស្បថនៅក្នុងព្រះពិរោធថា ពួកគេមិនត្រូវចូលទៅក្នុងទីនោះទេ ដូចជាការបង្ករឿងនៅក្នុងគ្រាដែលមានការល្បួង កាលដែលកូនចៅនៃអ៊ីស្រាអែលនៅក្នុងទីរហោស្ថាននោះ។
៨ហេតុដូច្នោះហើយ ទើបយើងសូមដល់ព្រះ ដើម្បីឲ្យយើងអាចបញ្ចុះបញ្ចូលមនុស្សទាំងអស់ កុំឲ្យគេបះបោរទាស់នឹងព្រះ កុំធ្វើឲ្យទ្រង់កើតក្ដីពិរោធ តែសូមឲ្យមនុស្សទាំងអស់ជឿដល់ព្រះគ្រីស្ទ យល់ដល់សារប្រយោជន៍នៃការសុគតរបស់ទ្រង់ ហើយលីឈើឆ្កាងទ្រង់ ព្រមទាំងស៊ូរងនូវការអាម៉ាស់នៃមនុស្សលោក ហេតុដូច្នោះហើយ ខ្ញុំ យ៉ាកុប ទទួលភារកិច្ចដើម្បីបំពេញនូវបញ្ញត្តិរបស់បងខ្ញុំ គឺនីហ្វៃ។
៩ឥឡូវនេះ នីហ្វៃបានចាប់ផ្ដើមមានវ័យចំណាស់ហើយ ហើយលោកបានឃើញថា លោកនឹងស្លាប់ក្នុងពេលដ៏ខ្លីនេះ ហេតុដូច្នោះហើយ ទើបលោកចាក់ប្រេងតែងតាំងឲ្យបុរសម្នាក់ធ្វើជាស្ដេច ហើយជាអ្នកគ្រប់គ្រងលើប្រជាជនលោកនៅពេលឥឡូវនេះ តាមការគ្រងរាជ្យ នៃស្ដេចទាំងឡាយ។
១០ដោយមកពីប្រជាជនស្រឡាញ់នីហ្វៃជាខ្លាំង ដោយមកពីលោកបានធ្វើជាអ្នកការពារដ៏ឆ្នើមដល់ពួកគេ គឺដោយបានប្រើដាវឡាបាន់ ដើម្បីការពារពួកគេ ហើយដោយបានធ្វើការយ៉ាងនឿយហត់អស់មួយជីវិតលោក ដើម្បីសុខុមាលភាពដល់ពួកគេ —
១១ហេតុដូច្នោះហើយ បានជាប្រជាជនចង់រក្សាឈ្មោះលោកទុកជាអនុស្សាវរីយ៍។ ហើយអ្នកណាដែលនឹងសោយរាជ្យតពីលោកទៅ ប្រជាជននឹងហៅថា នីហ្វៃទីពីរ នីហ្វៃទីបី ជារៀងរហូតតទៅ ស្របតាមការគ្រងរាជ្យនៃស្ដេចទាំងឡាយ ម្ល៉ោះហើយ ទើបពួកគេត្រូវបានហៅដោយប្រជាជនយ៉ាងដូច្នោះហើយ ទោះជាពួកគេមានឈ្មោះណាក៏ដោយ។
១២ហើយហេតុការណ៍បានកើតឡើងថា នីហ្វៃក៏ស្លាប់ទៅ។
១៣ឥឡូវនេះ ប្រជាជនណាដែលមិនមែនជាសាសន៍លេមិន គឺជាសាសន៍នីហ្វៃទាំងអស់ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេត្រូវបានហៅថា ពួកសាសន៍នីហ្វៃ ពួកសាសន៍យ៉ាកុប ពួកសាសន៍យ៉ូសែប ពួកសាសន៍សូរាំ ពួកសាសន៍លេមិន ពួកសាសន៍លេមយួល និងពួកសាសន៍អ៊ីសម៉ាអែលផងដែរ។
១៤ប៉ុន្តែខ្ញុំ យ៉ាកុប ចាប់ពីអំណឹះតទៅ នឹងពុំញែកពួកគេចេញដោយឈ្មោះទាំងនេះទេ តែខ្ញុំនឹងហៅពួកណាដែលចង់បំផ្លាញប្រជាជននីហ្វៃ ទុកជាពួកសាសន៍លេមិនវិញ ឯពួកណាដែលស្រុះស្រួលនឹងនីហ្វៃ នោះខ្ញុំនឹងហៅគេថា ពួកសាសន៍នីហ្វៃ ឬប្រជាជននីហ្វៃ ស្របតាមការគ្រងរាជ្យនៃស្ដេចទាំងឡាយ។
១៥ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ក្រោមរជ្ជកាលស្ដេចទីពីរ នោះប្រជាជននីហ្វៃបានចាប់ផ្ដើមធ្វើចិត្តរឹងរូស ហើយបណ្ដោយខ្លួនឲ្យប្រព្រឹត្តអំពើទុច្ចរិត ដូចជាហ្លួងដាវីឌជំនាន់ដើម ដែលប្រាថ្នាចង់បានភរិយា និងស្រីស្នំជាច្រើន ព្រមទាំងសាឡូម៉ូន ជាបុត្ររបស់ទ្រង់ក៏ដូច្នោះដែរ។
១៦មែនហើយ ហើយពួកគេក៏ចាប់ផ្ដើមស្វែងរកមាសប្រាក់ឲ្យបានច្រើន ហើយបានចាប់ផ្ដើមតម្កើងខ្លួនក្នុងការឆ្មើងឆ្មៃខ្លះៗ។
១៧ហេតុដូច្នោះហើយ ខ្ញុំ យ៉ាកុប បានឲ្យពាក្យទាំងនេះទៅពួកគេ នៅពេលខ្ញុំបង្រៀនពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ដោយខ្ញុំបានទទួលភារកិច្ចជាមុនមកពីព្រះអម្ចាស់។
១៨ត្បិតខ្ញុំ យ៉ាកុប និងប្អូនប្រុសខ្ញុំ គឺយ៉ូសែប ត្រូវបានតែងតាំងឡើងជាសង្ឃ ហើយជាគ្រូបង្រៀនដល់ប្រជាជននេះដោយដៃរបស់នីហ្វៃ។
១៩ហើយយើងបានតម្កើងការងាររបស់យើងថ្វាយព្រះអម្ចាស់ ដោយបានទទួលការខុសត្រូវ ទទួលអំពើបាបទាំងឡាយរបស់ប្រជាជនមកលើក្បាលខ្លួន បើសិនជាយើងមិនបានបង្រៀនពួកគេនូវព្រះបន្ទូលនៃព្រះឲ្យអស់ពីសេចក្ដីព្យាយាមនោះ ហេតុដូច្នោះហើយ ដោយបានខិតខំធ្វើការដោយសមត្ថភាពរបស់យើង ទើបឈាមរបស់ពួកគេ មិនអាចប្រឡាក់មកលើសំលៀកបំពាក់យើងបានសោះ បើពុំនោះសោតទេ ឈាមរបស់ពួកគេនឹងប្រឡាក់មកលើសំលៀកបំពាក់យើង ហើយយើងនឹងពុំបានឃើញថា ឥតទោសនៅថ្ងៃចុងក្រោយបង្អស់ឡើយ៕