ជំពូកទី ១១
ស្ដេចណូអេគ្រប់គ្រងដោយអំពើទុច្ចរិត — ទ្រង់សប្បាយនៅក្នុងជីវភាពដ៏ពោរពេញទៅដោយអបាយមុខ ដោយមានភរិយា និងស្នំជាច្រើន — អ័ប៊ីណាដៃព្យាករថា ប្រជាជននឹងត្រូវនាំយកទៅក្នុងសេវកភាព — ស្ដេចណូអេរកប្រហារជីវិតលោកចោល។ ប្រមាណ ជាឆ្នាំ ១៦០–១៥០ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ស៊ីនិព្វបានប្រគល់នគរឲ្យទៅណូអេ ជាបុត្ររបស់ទ្រង់ម្នាក់ ហេតុដូច្នេះហើយ ណូអេ បានចាប់ផ្ដើមសោយរាជ្យជំនួសទ្រង់ ណូអេ មិនបានដើរតាមដានរបស់បិតាខ្លួនឡើយ។
២ត្បិតមើលចុះ ទ្រង់មិនបានកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះនោះទេ តែទ្រង់បានដើរតាមសេចក្ដីប៉ងប្រាថ្នានៃចិត្តរបស់ខ្លួនផ្ទាល់ទៅវិញ។ ហើយទ្រង់មានភរិយា និងស្នំជាច្រើន។ ហើយទ្រង់បាននាំឲ្យប្រជាជនរបស់ទ្រង់ប្រព្រឹត្តអំពើបាប ហើយប្រព្រឹត្តនូវអ្វីៗដែលគួរខ្ពើមឆ្អើម ចំពោះព្រះនេត្រនៃព្រះអម្ចាស់។ មែនហើយ ហើយពួកគេបានប្រព្រឹត្តអំពើសហាយស្មន់ និងអំពើទុច្ចរិតគ្រប់បែបយ៉ាង។
៣ហើយទ្រង់បានដកពន្ធចំនួនមួយប្រាំនៃអ្វីៗ ដែលប្រជាជនទ្រង់មាន គឺមួយប្រាំនៃមាសរបស់ពួកគេ និងប្រាក់របស់ពួកគេ និងមួយប្រាំនៃស៊ីព្វរបស់ពួកគេ និងស្ពាន់របស់ពួកគេ និងលង្ហិនរបស់ពួកគេ និងដែករបស់គេ ហើយមួយប្រាំនៃសត្វធាត់ៗរបស់ពួកគេ ហើយមួយប្រាំនៃអស់ទាំងធញ្ញជាតិរបស់គេផង។
៤ហើយពន្ធដារទាំងអស់នេះ គឺទ្រង់យកមកចំណាយសម្រាប់ខ្លួនទ្រង់ និងភរិយាទាំងឡាយទ្រង់ និងស្នំទាំងឡាយរបស់ទ្រង់ ហើយព្រមទាំងពួកសង្ឃទាំងឡាយរបស់ទ្រង់ និងភរិយាទាំងឡាយរបស់គេ និងស្នំទាំងឡាយរបស់គេផង ម្ល៉ោះហើយ ទ្រង់បានកែប្រែកិច្ចការរបស់នគរ។
៥ព្រោះទ្រង់បានទម្លាក់ពួកសង្ឃ ដែលបិតាទ្រង់បានតែងតាំងពីមុន ហើយបានតែងតាំងអ្នកថ្មីជំនួសវិញ ពួកនេះបានលើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃនៃចិត្តរបស់គេ។
៦មែនហើយ ម្ល៉ោះហើយ ពួកគេបានទទួលការគាំទ្រក្នុងការខ្ជិលច្រអូសរបស់គេ និងការថ្វាយបង្គំរូបព្រះ និងអំពើសហាយស្មន់ទាំងឡាយរបស់គេ ដោយពន្ធដារដែលស្ដេចណូអេបានដកយកពីប្រជាជនរបស់ទ្រង់ ម្ល៉ោះហើយ ប្រជាជនបានធ្វើការយ៉ាងខ្លាំងក្លាដើម្បីចិញ្ចឹមអំពើទុច្ចរិត។
៧មែនហើយ ពួកគេក៏បានក្លាយទៅជាអ្នកថ្វាយបង្គំរូបព្រះដែរ ពីព្រោះពួកគេត្រូវបានបញ្ឆោតដោយសម្ដីផ្អែមល្ហែមឥតប្រយោជន៍ បញ្ចើចបញ្ចើរបស់ស្ដេច និងពួកសង្ឃ ព្រោះពួកនេះបានពោលពាក្យបញ្ចើចបញ្ចើទៅកាន់គេ។
៨ហើយហេតុការណ៍បានកើតឡើងថា ស្ដេចណូអេបានសង់អគារដ៏ធំ ហើយល្អជាច្រើន ហើយទ្រង់បានតុបតែងអគារទាំងនោះ ដោយវត្ថុសិល្បៈដ៏ល្អៗធ្វើពីឈើ និងដោយវត្ថុដ៏មានតម្លៃគ្រប់បែបយ៉ាង ធ្វើពីមាស ពីប្រាក់ ពីដែក ពីលង្ហិន ពីស៊ីព្វ និងពីស្ពាន់។
៩ហើយទ្រង់ក៏បានសង់សម្រាប់ខ្លួនទ្រង់នូវរាជវាំងមួយដ៏ធំ ហើយមានបល្ល័ង្កមួយនៅចំកណ្ដាល គឺរបស់ទាំងអស់សុទ្ធតែធ្វើពីឈើល្អ ហើយតុបតែងដោយមាស និងប្រាក់ និងដោយវត្ថុមានតម្លៃផ្សេងៗទៀត។
១០ហើយទ្រង់ក៏បានបញ្ជាឲ្យជាងធ្វើគ្រឿងប្រដាប់ដ៏ល្អៗគ្រប់បែបយ៉ាងនៅខាងក្នុងព្រះវិហារបរិសុទ្ធ គឺធ្វើពីឈើល្អ និងស្ពាន់ និងលង្ហិន។
១១ឯកៅអីទាំងឡាយដែលចាត់ទុកសម្រាប់ពួកសង្ឃជាន់ខ្ពស់ ដែលខ្ពស់ជាងកៅអីឯទៀតៗនោះ ទ្រង់បានតុបតែងដោយមាសសុទ្ធ ហើយទ្រង់ឲ្យធ្វើបង្អែកនៅខាងមុខកៅអីទាំងនោះ ដើម្បីទុកឲ្យពួកសង្ឃជាន់ខ្ពស់ទាំងនោះផ្អែកខ្លួនហើយដាក់ដៃ នៅពេលគេនិយាយពាក្យភូតភរ និងឥតប្រយោជន៍ទៅកាន់ប្រជាជន។
១២ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានសង់ប៉មមួយ នៅជិតព្រះវិហារបរិសុទ្ធ មែនហើយ គឺជាប៉មមួយសែនខ្ពស់ គឺខ្ពស់ រហូតដល់ទ្រង់ឈរនៅលើប៉មនោះ ហើយអាចទតមើលឃើញដែនដីសៃឡោម និងដែនដីសេមឡុន ដែលមានពួកសាសន៍លេមិនរស់នៅ ហើយទ្រង់ថែមទាំងអាចទតមើលឃើញដែនដី ដែលនៅព័ទ្ធជុំវិញនោះផង។
១៣ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានឲ្យសង់អគារជាច្រើននៅដែនដីសៃឡោម ហើយទ្រង់បានបញ្ជាឲ្យគេសង់ប៉មមួយដ៏ធំនៅលើទួលខាងជើងដែនដីសៃឡោម ដែលធ្លាប់ជាកន្លែងសំណាក់របស់កូនចៅនីហ្វៃ នៅពេលគេរត់គេចចេញពីដែនដី ម្ល៉ោះហើយ កិច្ចការទាំងនេះទ្រង់បានធ្វើដោយទ្រព្យសម្បត្តិ ដែលទ្រង់បានមកពីដកពន្ធរបស់ប្រជាជនទ្រង់។
១៤ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានដាក់ព្រះទ័យរបស់ទ្រង់ទៅលើទ្រព្យសម្បត្តិរបស់ទ្រង់ ហើយទ្រង់បានចំណាយពេលរបស់ទ្រង់ទៅលើការរស់នៅដោយអបាយមុខ ជាមួយនឹងភរិយាទាំងឡាយរបស់ទ្រង់ និងស្នំទាំងឡាយរបស់ទ្រង់ ឯពួកសង្ឃរបស់ទ្រង់ក៏បានចំណាយពេលរបស់គេ ជាមួយនឹងពួកស្រីពេស្យាដែរ។
១៥ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានដាំចម្ការទំពាំងបាយជូរនៅជុំវិញដែនដី ហើយទ្រង់បានធ្វើប្រដាប់ចម្រាញ់ស្រា ហើយបានធ្វើស្រាទំពាំងបាយជូរជាបរិបូរ ហេតុដូច្នេះហើយ ទ្រង់បានក្លាយទៅជាអ្នកប្រមឹកម្នាក់ ហើយប្រជាជនរបស់ទ្រង់ក៏ដូច្នោះដែរ។
១៦ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍លេមិនបានចាប់ផ្ដើមវាយមកលើប្រជាជនទ្រង់ គឺទៅលើក្រុមដែលមានគ្នាតិច ហើយបានសម្លាប់ពួកគេនៅលើស្រែ និងនៅពេលដែលពួកគេកំពុងឃ្វាលហ្វូងចៀមគេ។
១៧ហើយស្ដេចណូអេបានចាត់ទាហានឲ្យយាមជុំវិញដែនដី ដើម្បីការពារកុំឲ្យពួកសាសន៍លេមិនចូលមក តែទ្រង់មិនបានចាត់ឲ្យមានចំនួនគ្រប់គ្រាន់សោះ ហើយពួកសាសន៍លេមិនបានវាយមកលើពួកគេ ហើយបានសម្លាប់គេបង់ ហើយបានដេញហ្វូងចៀមរបស់គេចេញពីដែនដី ម្ល៉ោះហើយ ពួកសាសន៍លេមិនបានចាប់ផ្ដើមបំផ្លាញពួកគេ ហើយបានអនុវត្តការសម្អប់ទៅលើពួកគេ។
១៨ហើយហេតុការណ៍បានកើតឡើងថា ស្ដេចណូអេបានចាត់ឲ្យពលទ័ពរបស់ទ្រង់ទៅប្រឆាំងនឹងពួកគេ ហើយពួកគេត្រូវបានដេញថយក្រោយវិញ ឬក៏ថា ពួកគេបានដេញពួកលេមិនថយក្រោយបានមួយរយៈ ហេតុដូច្នេះហើយ ពួកគេក៏ត្រឡប់មកវិញដោយអររីករាយនឹងរបស់របរ ដែលគេដណ្ដើមបានមកវិញ។
១៩ហើយឥឡូវនេះ ដោយសារជ័យជម្នះដ៏ធំនេះ ពួកគេបានលើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃនៃចិត្តរបស់គេ ពួកគេអួតអាងអំពីកម្លាំងរបស់គេផ្ទាល់ ដោយនិយាយថា ពួកគេចំនួនហាសិបនាក់ តែអាចតតាំងឈ្នះលើពួកសាសន៍លេមិនរាប់ពាន់នាក់បាន ម្ល៉ោះហើយ ពួកគេបានអួត ហើយបានពេញចិត្តនឹងឈាម និងការខ្ចាយឈាមបងប្អូនគេ ហើយការណ៍នេះក៏មកពីអំពើទុច្ចរិតរបស់ស្ដេច និងពួកសង្ឃរបស់គេ។
២០ហើយហេតុការណ៍បានកើតឡើងថា មានបុរសម្នាក់ក្នុងចំណោមពួកគេ មានឈ្មោះថា អ័ប៊ីណាដៃ ហើយលោកចេញទៅក្នុងចំណោមពួកគេ ហើយបានចាប់ផ្ដើមព្យាករថា ៖ មើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល ហើយទ្រង់បានបញ្ជាមកខ្ញុំដូច្នេះថា ចូរទៅនិយាយនឹងប្រជាជននេះថា ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា — វេទនានឹងកើតមានដល់ប្រជាជននេះ ព្រោះយើងបានឃើញអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ និងអំពើទុច្ចរិតរបស់គេ និងអំពើសហាយស្មន់ទាំងឡាយរបស់គេហើយ ហើយបើសិនជាពួកគេមិនប្រែចិត្តទេ យើងនឹងមកពិនិត្យពិច័យពួកគេក្នុងសេចក្ដីពិរោធរបស់យើង។
២១ហើយលើកលែងតែពួកគេប្រែចិត្ត ហើយត្រឡប់មករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ មើលចុះ យើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ មែនហើយ ហើយពួកគេនឹងត្រូវធ្លាក់ទៅក្នុងសេវកភាព ហើយពួកគេនឹងត្រូវរងទុក្ខវេទនាដោយដៃនៃពួកខ្មាំងសត្រូវរបស់គេ។
២២ហើយហេតុការណ៍នឹងកើតឡើងថា ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់ ជាព្រះរបស់គេ ហើយជាព្រះដែលមានសេចក្ដីប្រច័ណ្ឌនឹងមកពិនិត្យពិច័យអំពើទុច្ចរិតនៃរាស្ត្រយើង។
២៣ហើយហេតុការណ៍នឹងកើតឡើងថា លើកលែងតែប្រជាជននេះប្រែចិត្ត ហើយត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់គេវិញ នោះពួកគេនឹងត្រូវធ្លាក់ទៅក្នុងសេវកភាព ហើយគ្មាននរណានឹងដោះលែងគេឡើយ លើកលែងតែព្រះអម្ចាស់ជាព្រះដ៏មានមហិទ្ធិឫទ្ធិប៉ុណ្ណោះ។
២៤មែនហើយ ហើយហេតុការណ៍នឹងកើតឡើងថា កាលណាពួកគេនឹងអំពាវនាវដល់យើង នោះយើងក្រឮសូរសម្រែករបស់គេណាស់ មែនហើយ យើងនឹងទុកឲ្យគេត្រូវវាយដោយពួកខ្មាំងសត្រូវរបស់គេវិញ។
២៥ហើយលើកលែងតែពួកគេប្រែចិត្ត ដោយស្លៀកពាក់សំពត់ធ្មៃ និងផេះ ហើយស្រែកអំពាវនាវយ៉ាងខ្លាំងទៅព្រះអម្ចាស់ជាព្រះរបស់គេ នោះយើងនឹងពុំឮពាក្យអធិស្ឋានរបស់គេឡើយ ហើយយើងក៏មិនដោះលែងគេឲ្យរួចផុតពីសេចក្ដីវេទនាទាំងឡាយរបស់គេដែរ ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយទ្រង់បានបញ្ជាមកខ្ញុំថាដូច្នោះ។
២៦ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលដែលអ័ប៊ីណាដៃបាននិយាយពាក្យទាំងនេះទៅកាន់ពួកគេហើយ ស្រាប់តែពួកគេខឹងនឹងលោក ហើយបានស្វែងរកផ្ដាច់ជីវិតលោកចោល ប៉ុន្តែព្រះអម្ចាស់ ទ្រង់បានដោះលែងលោកឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកគេវិញ។
២៧ឥឡូវនេះ កាលស្ដេចណូអេបានឮពាក្យដែលអ័ប៊ីណាដៃបាននិយាយទៅកាន់ប្រជាជនហើយ ទ្រង់ក៏ខ្ញាល់ដែរ ហើយមានបន្ទូលថា ៖ តើអ័ប៊ីណាដៃ ជាអ្នកណាដែលមកជំនុំជំរះយើង និងប្រជាជនយើង ឬនរណាទៅជាព្រះ ដែលនឹងនាំមកនូវសេចក្ដីវេទនាដ៏ធំដល់ប្រជាជនយើងយ៉ាងនេះ?
២៨យើងបញ្ជាឲ្យអ្នកទៅហៅអ័ប៊ីណាដៃមកទីនេះ ដើម្បីយើងនឹងសម្លាប់គាត់ចោល ព្រោះគាត់បាននិយាយនូវពាក្យទាំងនេះ ដើម្បីគាត់អាចបានចាក់រុកឲ្យប្រជាជនយើងខឹងគ្នាទៅវិញទៅមក ហើយធ្វើឲ្យមានការទាស់ទែងគ្នានៅក្នុងចំណោមប្រជាជនយើង ហេតុដូច្នេះហើយ យើងនឹងសម្លាប់គាត់ចោល។
២៩ឥឡូវនេះ ភ្នែករបស់ប្រជាជនខ្វាក់ ហេតុដូច្នេះហើយ បានជាពួកគេធ្វើចិត្តរឹងរូសទាស់នឹងពាក្យរបស់អ័ប៊ីណាដៃ ហើយចាប់ពីពេលនោះមក ពួកគេរកចាប់លោក ឯស្ដេចណូអេបានធ្វើចិត្តរឹងរូសទាស់នឹងព្រះបន្ទូលនៃព្រះអម្ចាស់ដែរ ហើយពុំប្រែចិត្តចំពោះអំពើអាក្រក់ទាំងឡាយរបស់ទ្រង់ឡើយ៕